២០១៦
មេរៀន​មក​ពី​អ្នក​ម្តាយ
October 2016


មេរៀន មក​ពី​អ្នក​ម្តាយ

រូបភាព
lessons from mother

កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ពេលណា​ដែល​យើង​មាន​ប្រាក់ នោះ​ម្តាយ​របស់​ខ្ញុំ​នឹង​យក​ក្រដាស​ប្រាក់​ដែល​ស្អាត​ខ្លាំង​បំផុត—ជា​ក្រដាស​ប្រាក់​ដែល​មិន​រួញ ឬ កខ្វក់—ហើយ​ជូន​វា​ទៅ​អ្នក​បម្រើ​នៅ​ព្រះវិហារ​ដែល​យើង​ទៅ​ចូលរួម ។ គាត់​បាន​ធ្វើ​បែប​នេះ​ពេញ​មួយ​ជីវិត​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « ប្រាក់នេះ​ជារបស់​ផង​ព្រះ » ។ ពាក្យ​ទាំងនេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​តាំង​ពីនោះ​មក ។ នៅពេល​ខ្ញុំ​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ កាល​ខ្ញុំ​ពេញ​វ័យ ការបង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គ្មាន​ការលំបាក​ចំពោះ​ខ្ញុំ​ឡើយ ដោយសារ​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​គោរព​តាម​ច្បាប់​នេះ ។

ម្តាយ​របស់​ខ្ញុំ​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​មាន​ភាព​ទៀងត្រង់ ទោះបី​ជា​ធ្វើ​កិច្ចការ​លំបាកៗ​ក្តី ។ អ្នក​ជិតខាង​របស់​យើង​បាន​ដាំ​ផ្លែឈើ និង បន្លែ​គ្រប់​មុខ ។ ជួនកាល​ផ្លែឈើ​របស់​គាត់​បាន​ដុះ​ចូល​មក​ក្នុង​របង​របស់​យើង ។ ពេល​ខ្ញុំ​បាន​បេះ​ផ្លែឈើ​នោះ​ខ្លះ ហើយ​យក​វា​ទៅ​ឲ្យ​ម្តាយ​ខ្ញុំ ។ គាត់​បាន​មើល​មុខ​ខ្ញុំ ហើយ​និយាយ​ថា « ផ្លែឈើ​នោះ​មិនមែន​ជា​របស់​យើង​ទេ » ។ ខ្ញុំ​មិន​អាច​ជឿ​វា​ឡើយ ។ ខ្ញុំ​បាន​និយាយ​ថា « តើ​ម៉ាក់​ចង់​មាន​ប្រសាសន៍​ថា​ដូចម្តេច ? ផ្លែឈើ​នេះ​នៅ​ក្នុង​របង​របស់​យើង ! » គាត់​បាន​និយាយ​ម្តង​ទៀត​ថា « ផ្លែឈើ​នោះ​មិនមែន​ជា​របស់​យើង​ទេ » ។ បន្ទាប់​មក​គាត់​ដឹក​ដៃ​ខ្ញុំ ហើយ​យើង​បាន​ដើរ​ទៅ​ផ្ទះ​របស់​អ្នក​ជិត​ខាង​របស់​យើង​នោះ ។ ពួកយើង​បាន​សុំ​ការអភ័យ​ទោស​ដោយ​បាន​បេះ​ផ្លែឈើ​របស់​គាត់ ។ ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ថា ប្រសិនបើ​ពួកយើង​ចង់​បាន​អ្វី​មួយ នោះ​យើង​ត្រូវតែ​បាន​វា​ដោយ​ភាព​ទៀងត្រង់ ។

ប្រហែល​ជា​ឪពុក​ម្ដាយ​របស់​អ្នក​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ឬ អ្នក​ពុំ​យល់​ស្រប​ជាមួយ​ជម្រើស​របស់​ពួកគេ​រហូត​នោះ​ទេ ។ អ្នក​នៅតែ​អាច​រៀន​ពី​គោលការណ៍​ពិត​ពី​ពួកគេ ដូច​ជា​ភាពទៀងត្រង់ ការទទួល​ខុស​ត្រូវ ភាព​ខ្លួន​ទី​ពឹង​ខ្លួន និង ការឧស្សាហ៍​ព្យាយាម ។ គោលការណ៍​ទាំង​នោះ​នឹង​ក្លាយ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​អ្នក ។