២០១៦
ព្រះបន្ទូល​ដែល​បាន​ព្យាករ​នៅ​កន្លែង​ដែល​មិន​បាន​រំពឹង​ទុក
October 2016


ព្រះបន្ទូល​ដែល​បាន​ព្យាករ នៅ កន្លែង​ដែល​មិន​បាន​រំពឹង​ទុក

អ្នក​និពន្ធ​បាន​រស់នៅ​ប្រទេស​អាហ្សង់ទីន ខណៈ​ដែល​ស្វាមី​របស់​គាត់​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម ។

ទស្សនាវដ្តី​ដែល​បាន​បោះចោល​បាន​ផ្លាស់ប្តូរ​ជីវិត​របស់ អូស្កា ខាសត្រូ ជា​រៀងរហូត ។

រូបភាព
abandoned Church magazines

អូស្កា ខាសត្រូ បាន​ជ្រមុជទឹក និង បញ្ជាក់ បន្ទាប់​ពី​បាន​ឃើញ​ការចេញ​ផ្សាយ​នៃ​សន្និសីទ​ទូទៅ​ក្នុង លីអាហូណា នៅក្នុង​ផ្ទះ​ដែល​គាត់​បាន​ប្តូរ​ទៅ​នៅ ។

រចនា​រូបភាព​ដោយ ដាន់ ប៊ើរ រូបថត បាន​ផ្តល់​ឲ្យ​ដោយ​អ្នក​និពន្ធ

នៅ​ថ្ងៃ​ដែល​ភរិយា​របស់ អូស្កា បាន​ចាកចោល​គាត់ និង កូន​តូច​ពីរ​នាក់​របស់​គាត់ គឺ​ជា​ថ្ងៃ​មួយ​ដ៏​សែន​លំបាក​នៅក្នុង​ជីវិត​របស់​គាត់ ។ មាន​ការសម្រេច​ចិត្ត​មួយ​ចំនួន ដែល​ចាំបាច់​ត្រូវ​ធ្វើ​ឡើង ។ គាត់​បាន​ព្យាយាម​ស្វែងរក​ការងារ ហើយ​ឥឡូវ​នេះ​គាត់​ត្រូវការ​កន្លែង​ថ្មី​មួយ​ដើម្បី​រស់នៅ ។ វា​ហាក់បី​ដូច​ជា​ជីវិត​គាត់​ស្ថិត​ក្នុង​ភាពច្របូកច្របល់ ។ គាត់​បាន​គិត​ពី​ការ​បោះបង់​ចោល​អ្វីៗ​ទាំងអស់ ហើយ​គាត់​ប្រហែល​ជា​អាច​បោះបង់​វា​មែន ប្រសិនបើ​គាត់​គ្មាន​កូន​ដ៏​ស្រស់​ស្អាត​ទាំង​ពីរ​នាក់​នោះ ។

នៅ​ទីក្រុង សាំង ហ្សង់ ប្រទេស អាហ្សង់ទីន គ្មាន​ផ្ទះ​ច្រើន​ដែល​ឲ្យ អូស្កា​ជួល​ក្នុង​តម្លៃ​ប្រាក់​ដែល​គាត់​អាច​រត់​រួច​ឡើយ ។ ប៉ុន្តែ​មាន​ផ្ទះ​តូច​មួយ​នៅក្នុង​ភូមិ​តូច​ដ៏​មាន​សុវត្ថិភាព​មួយ ដែល​យុវជន​មួយ​ក្រុម​ទើប​តែ​ចេញ នោះ​អូស្កា​បាន​ជួល​ផ្ទះ​នោះ ហើយ​រៀបចំ​វា​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​ជាមួយ​នឹង​កូនៗ​របស់​គាត់ ។

នៅក្នុង​ផ្ទះ​ថ្មី​របស់​គាត់ មាន​ទស្សនាវដ្តី និង សៀវភៅ​មួយ​ចំនួន​ដែល​បាន​បន្សល់​ទុក​នៅលើ​កម្រាល​ឥដ្ឋ ហើយ​បន្ទាប់​ពី​ធ្វើ​ការសម្អាត ហើយរៀបចំ​របស់របរ​ឲ្យ​មាន​សណ្តាប់ធ្នាប់​វិញ នោះ​អូស្កា​បាន​អង្គុយ ហើយ​បាន​មើល​ទស្សនាវដ្តី​មួយ​ក្បាល ។ គម្រប​ទស្សនាវដ្តី​នោះ​បាន​ទាក់ទាញ​អារម្មណ៍​របស់​គាត់​ដោយ​ហេតុ​ផល​មួយ​ចំនួន ។ នៅក្រោម​ចំណង​ជើង លីអាហូណា មាន​រូបភាព​របស់​បុរស​ចំណាស់​ម្នាក់​ឈរ​នៅលើ​ប៉ម​មួយ​និយាយ​ទៅ​កាន់​មនុស្ស ។ រូប​បុរស​នោះ​បាន​ធ្វើ​ឲ្យ​គាត់​នឹកចាំ​ពី​រូប​មួយ​របស់​ព្យាការី​ក្នុង​ព្រះគម្ពីរ​ប៊ីប ។

អូស្កា បាន​បើក​ទស្សនាវដ្តី ហើយ​ចាប់​ផ្តើម​អាន « យើង​ម្នាក់​ៗ​ដឹង​រួច​ហើយ​ថា យើង​ត្រូវ​តែ​ប្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ថា​យើង​ស្រឡាញ់​ពួកគេ ។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​ពុំ​តែង​តែ​សម្តែង​នូវ​អ្វី​ដែល​យើង​ធ្វើ​នោះ​ទេ » ។ អូស្កា បាន​គិត​ដល់​ពាក្យ​សម្តី​ខ្លាំងៗ ដែល​គាត់ និង ភរិយា​គាត់​ធ្លាប់​បាន​និយាយ​ជា​ច្រើន​ដង ។ ទ្រង់​មាន​ព្រះទ័យ​ចង់​បង្រៀន​កូនចៅ​ទ្រង់ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នោះ ។ អូស្កា​បាន​បន្ត​អាន​ទស្សនាវដ្តី ហើយ​គាត់​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​សង្ឃឹម​កើន​ឡើង​នៅក្នុង​ខ្លួន​គាត់ ។ ពីមុន​អាទិត្យ​នោះ​ចប់ គាត់​បាន​អាន​គ្រប់​អត្ថបទ ហើយ​ចង់​ដឹង​បន្ថែម​ទៀត ។

មួយ​ខែ​ក្រោយ​មក មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​បាន​ដើរ​នៅក្នុង​ភូមិ​តូច​របស់ អូស្កា ។ អូស្កា បាន​ទៅ​ជួប​ពួកគេ ហើយ​សួរ​ប្រសិនបើ​ពួកគេ​គឺ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ថា​តើ​គាត់​ត្រូវ​បង់​ប្រាក់​ប៉ុន្មាន​ដើម្បី​ទទួល​បាន​ទស្សនាវដ្តី​សាសនាចក្រ​ថែម​ទៀត ។ អែលឌើរ​បាន​ប្រាប់​គាត់​ថា វា​នឹង​ត្រូវការ​ពេល​វេលា​របស់​អ្នក​តែ ២០ នាទី​ប៉ុណ្ណោះ ។

លុះ​ថ្ងៃ​ស្អែក​ឡើង អ្នកផ្សព្វផ្សាយសាសនា​ទាំងពីរ​នាក់​នោះ​បាន​មក​ជួប អូស្កា នៅ​ផ្ទះ​របស់​គាត់ ។ អូស្កា​បាន​ប្រាប់​ពួកគេ​អំពី​ការប្តូរ​មក​នៅ​ទីនោះ ហើយ​ឃើញ​សៀវភៅ ទស្សនាវដ្តី​ចាស់ៗ ដែល​នាំ​ឲ្យ​គាត់​ស្គាល់​ពី​សាសនាចក្រ ។ គាត់​បាន​ពន្យល់​ថា​អត្ថបទ​ដំបូង​ដែល​គាត់​បាន​អាន គឺ​ទាក់ទង​ផ្ទាល់​ទៅនឹង​ជីវិត​របស់​គាត់​នា​គ្រា​នោះ ។ គាត់​បាន​ដឹង​ជា​ស្រេច​អំពី​សារៈសំខាន់​នៃ​គ្រួសារ ហើយ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ និង ការអធិស្ឋាន​ជា​គ្រួសារ ។ គាត់​បាន​ប្រាប់​ពួកអែលឌើរ​ពី​អ្វីៗ​ផ្សេង​ទៀត​ដែល​គាត់​បាន​អាន​អំពី​សាសនាចក្រ រួម​ទាំង​អំពី​យ៉ូសែប ស្ម៊ីធ និង ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។

គាត់​បាន​សម្លឹង​ភ្នែក​របស់​ពួក​អែលឌើរ​ចំៗ ហើយ​និយាយ​ពាក្យ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប​ចង់​ឮ ៖ « យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ » ។ ពួកអែលឌើរ​បាន​អញ្ជើញ​គាត់​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​អូស្កា​បាន​ទទួល​យល់​ព្រម​ទាំង​យំ ។ ពីរបី​សប្តាហ៍​ក្រោយ​មក អូស្កា ខាសត្រូ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ។

ព្រះអម្ចាស់​បាន​រៀបចំ អូស្កា ហើយ​គាត់​មាន​វិញ្ញាណ​ទន់ទាប ព្រមទាំង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀន និង រីកចម្រើន ។ នៅ​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន និង ដ៏​រំភើប​នោះ ខ្លឹមសារ​នៃ​សារលិខិត​នៅក្នុង​សន្និសីទ​ទូទៅ​ដែល​បាន​ចេញ​ផ្សាយ​នៅក្នុង លីអាហូណា បាន​រំជួល​ដួងចិត្ត​របស់ អូស្កា ។ ម្ចាស់​ផ្ទះ​មុន​ពុំ​ដឹង​ពី​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​បាន​កើត​ឡើង ដោយសារ​ការបន្សល់​ទុក​ទស្សនាវដ្តី​សាសនាចក្រ​មួយ​ចំនួន​នោះ​ឡើយ ប៉ុន្តែ​សារលិខិត​ដំណឹង​ល្អ​នៅក្នុង​ទស្សនាវដ្តី​នោះ​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅក្នុង​ការនាំ​គាត់​ឲ្យ​ស្គាល់​សេចក្តីពិត ដែល​គាត់​បាន​ស្វែងរក នោះ​វា​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​អូស្កា​ជា​រៀង​រហូត ។

កំណត់​ចំណាំ

  1. ដាវីឌ អេ បែដណា « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧ ។