២០១៦
ភាព​ប៉ិនប្រសប់​របស់​ព្រះ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់
October 2016


លុះត្រា​ជួប​ទៀត

ភាព​ប៉ិនប្រសប់​របស់​ព្រះ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់

ដកស្រង់​ចេញ​ពី « He Slumbers Not, nor Sleeps » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៥–៨ ។ ការដាក់វណ្ណយុត្តិ និង អក្សរធំ​បាន​អនុលោម​តាម​បទដ្ឋាន ។

ព្រះ​សម្រេច​កិច្ចការ​ទ្រង់​ស្របតាម​ព្រះហឫទ័យ​របស់​ទ្រង់ផ្ទាល់ ។

រូបភាព
tapestry of prophets

រូបថត​ដោយ ម៉ារី អូស្សូនៀន ដោយ​បាន​ការអនុញ្ញាតជា​ផ្លូវការ​ពី​សារមន្ទីរ​​ប្រវត្តិសាស្ត្រ​សាសនាចក្រ

ភាពប៉ិនប្រសប់​របស់​ព្រះ​ក្នុង​ការរៀបចំ​កិច្ចការ​នេះ និង ការហៅ​មនុស្ស​ឲ្យ​បម្រើ​ក្នុង​ថ្នាក់​ដឹកនាំ​គឺ​មាន​ភាព​ជាក់ស្តែង​ណាស់ ។ ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​គឺ​បុគ្គល​ម្នាក់ៗ​ដែល​មាន​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន ។ ពួកលោក​ម្នាក់ៗ​នាំ​មក​នូវ​បទពិសោធន៍ និង មាន​ប្រវត្តិ​ផ្សេងៗ​ពី​គ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ការបំពេញ​ការទទួលខុសត្រូវ​របស់​ពួកលោក ។ នៅពេល​ពិភាក្សា​បញ្ហា​នានា​នៅក្នុង​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​នៃ​សាសនាចក្រ ពួកលោក​ម្នាក់ៗ​បញ្ចេញ​ទស្សនៈ​ខ្លួន​បាន​ដោយ​សេរី ។ នៅពេល​បុគ្គល​ម្នាក់​អង្កេត​មើល​ពី​ដំណើរ​ការ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ នោះ​វា​គួរ​ឲ្យ​ទាក់ចិត្ត​ណាស់​ដែល​មើល​ឃើញ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​លើ​បុរស​ទាំង​នេះ ។ ពួកលោក​មាន​យោបល់​ខុសៗ​គ្នា ប៉ុន្តែ​ពុំ​ធ្លាប់​បញ្ចេញ​វា​ដោយ​ឃោរឃៅ​ឡើយ តែ​ដោយ​ទន់ភ្លន់ ព្រមទាំង​រួម​សាមគ្គី​គ្នា ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ដំណាក់​យើង គឺជា​ដំណាក់​នៃ​របៀបរៀបរយ » ( សូមមើល គ. និង ស. ១៣២:៨ ) ។ ដោយ​បាន​ឃើញ​ដំណើរ​ការ​នេះ នោះ​ខ្ញុំ​ដក​បទពិសោធន៍​នូវ​ការរំឭក​ជា​ថ្មី​ជានិច្ច​នៃ​សេចក្តី​ជំនឿ ។ …

អ្នក​ខ្លះ​បង្ហាញ​កង្វល់​ថា​ប្រធាន​សាសនាចក្រ​ភាគច្រើន​គឺ​ជា​មនុស្ស​ចាស់ៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ថា « នោះ​គឺ​ជា​ពរជ័យ​អ្វីម៉្លេះ ! » កិច្ចការ​នៅក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ ដំបូង​ត្រូវបាន​ផ្ទុកផ្តាក់​លើ​ព្យាការី យ៉ូសែប ដែល​ជា​ឧបករណ៍​របស់​ទ្រង់ ។ កាល​គ្រា​នោះ​លោក​នៅក្មេង ហើយ​មាន​កម្លាំង ជា​មនុស្ស​ម្នាក់​ដែល​ចិត្ត​គំនិត​របស់​លោក​មិន​ជាប់​ជំពាក់​នឹង​សណ្តាប់​ទាំង​ឡាយ​នៅក្នុង​ជំនាន់​របស់​លោក​ឡើយ ។ លោក​មាន​ចិត្ត​ទន់ភ្លន់ ដែល​ព្រះអម្ចាស់​អាច​សូន​ដូច​ជា​ដី​ឥដ្ឋ​សើម​ដែល​អាច​បត់បែន នៅ​ពេល​ទ្រង់​បាន​ចាប់ផ្តើម​កិច្ចការ​របស់​ទ្រង់ ។

អ្នក​បន្ត​វេន​ពី​យ៉ូសែប ជា​មនុស្ស​វ័យ​ក្មេង ដែល​គាត់​បាន​ប្រឈម​មុខ​នឹង​ការទទួលខុសត្រូវ​ដ៏​ធំធេង ក្នុង​ការដឹកនាំ​ប្រជាជន​ទាំងអស់​ឆ្លង​កាត់​ទីរហោស្ថាន​ដើម្បី​ត្រួសត្រាយ​ទៅទឹក​ដី​ថ្មី ។

ប៉ុន្តែ​គោលការណ៍​គ្រឹះ​របស់​យើង​ឥឡូវ​នេះ​វា​ដំណើរការ​បាន​ប្រសើរ​ឡើង ហើយ​យើង​បាន​បង្កើត​មនុស្ស​ដែល​មាន​ភាព​រឹងប៉ឹង យ៉ាង​ហោច​ណាស់​រហូត​ដល់​ពេល​ដែល​ព្រះអម្ចាស់​ត្រាស់​បញ្ជា​ឲ្យ​យើង​ផ្លាស់ប្តូរ​ទៀត ។ យើង​ពុំ​ត្រូវការ​ផ្លាស់ប្តូរ​ការធ្វើ​កិច្ចការ​ទាំងនោះ​ឡើយ ។ យើង​ត្រូវតែ​លះបង់ និង គោរព​ប្រតិបត្តិ​ទៅនឹង​គោលការណ៍​របស់​ព្រះ​ដែល​បាន​មាន​បន្ទូល​ហើយ ។ យើង​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ថ្នាក់​ដឹកនាំ​យើង ដែល​ព្រះ​បាន​រើសតាំង​ឡើង ។ លោក​គឺ​ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ​របស់​យើង ។ យើង​នឹង​មិន​ខ្វះ​ព្យាការី​ឡើយ ប្រសិនបើ​យើង​រស់នៅ​សក្ដិសម​ដើម្បី​មាន​ព្យាការី​ម្នាក់​នោះ ។ លោក​ពុំ​ចាំបាច់​ថា​ត្រូវ​តែ​មាន​ភាពក្មេង​វ័យ​នោះទេ ។ លោក​បាន​ណែនាំ និង បន្ត​ណែនាំ​បុរស​វ័យ​ក្មេងឲ្យ​ធ្វើការងារ​បម្រើ​នៅ​លើ​ផែនដី​នេះ ។ លោក​គឺ​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី ជា​ឃ្លាំង​នៃ​កូនសោ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ហើយ​បាន​ទទួល​វិវរណៈ​ពី​ព្រះ​មក​កាន់​ប្រជារាស្ត្រ​របស់​ទ្រង់ ។

មាន​សុភាសិត​បុរាណ​មួយ​ដែល​និយាយ​ថា « យុវភាព​ជា​ពេល​ត្រូវ​ធ្វើ​ការ ។ កាន់​តែ​ចាស់​កាន់តែ​មាន​ប្រាជ្ញា » ។

ចំពោះ​គំនិត​ខ្ញុំ មាន​អ្វី​មួយ​ដែល​បញ្ជាក់​យ៉ាង​ខ្លាំង​ក្នុង​ការដឹង​ពី​អនាគត​ដ៏​វែងឆ្ងាយ​ថា យើង​នឹង​មាន​ប្រធាន​ម្នាក់​ដែល​ត្រូវបាន​ពុតលត់ដំ​ខ្លួន និង ត្រូវបាន​បង្រៀន ល្បង​ល និង សាកល្បង ជា​អ្នក​ដែល​មាន​ចិត្ត​ស្មោះត្រង់​ដើម្បី​ធ្វើការ ហើយ​ដែល​មាន​ភាពថ្លៃថ្នូរ​ក្នុង​ការបំពេញ​កិច្ចការ ដោយ​អត់ធ្មត់​នៅក្នុង​ការបម្រើ ជា​មនុស្ស​ដែល​មាន​សេចក្តីជំនឿ​មុតមាំ ហើយ​ជា​បុគ្គល​នៅ​ជិត​ព្រះ ដែល​បាន​បណ្តុះបណ្តាល​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។ …

យើង​មិន​ត្រូវ​ភ័យខ្លាច​ពី​អនាគត​ឡើយ ប្រសិនបើ​យើង​តោង​ជាប់​នឹង​គោលការណ៍​ដែល​បាន​បើក​សម្តែង​នោះ ។