២០១៦
អំណាច​ដើម្បី​ស៊ូ​ទ្រាំ
October 2016


អំណាច ដើម្បី​ស៊ូ​ទ្រាំ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ខ្ញុំ​ត្រូវការ​ការព្យាបាល​ពី​របួស​បាក់​ជើង និង ការខូច​ចិត្ត ។ សេចក្តីសង្ឃឹម​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​ស៊ូទ្រាំ ។

រូបភាព
crashed car

ប្រហែល​ជា​មួយ​ខែ​មុន​បុណ្យ​ខួប​កំណើត​អាយុ ១៦ ឆ្នាំ​របស់​ខ្ញុំ គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លង​កាត់​សហរដ្ឋ ដើម្បី​ទៅ​ទស្សនា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​របស់​សាសនាចក្រ ។ ខ្ញុំ​មិន​ត្អូញត្អែរ​ដោយ​នៅក្នុង​ឡាន​យូរ​នោះ​ទេ ដោយសារ​គ្រួសារ​របស់​ខ្ញុំ​មាន​ពេល​រីករាយ​ជាមួយ​គ្នា​ជានិច្ច ។ ខ្ញុំ​ចាំ​ពី​កាល​ឡើង​ជិះ​ឡាន​នៅ​ថ្ងៃ​មួយ​បន្ទាប់​ពី​ពួកយើង​បាន​ទស្សនា វិនទើរ ខ្វរទើរ្ស រដ្ឋ ណេប្រាស្កា ។ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង ។ ខ្ញុំ​អង្គុយ​នៅ​កៅ​អី​ក្រោយ ចាប់​យក​ភួយ​មួយ ហើយ​ដេក​មើល​ភ្លៀង​ធ្លាក់​ដោយ​សុខស្រួល ។

រឿង​បន្ទាប់​ទៀត​ដែល​ខ្ញុំ​ចាំ​នោះ​គឺ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវបាន​អ្វី​មួយ​បង្វិល​យ៉ាង​ខ្លាំង ។ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ឡាន​របស់​យើង​បាន​រអិល ហើយ​បុក​នឹង​របាំង​ស៊ីម៉ង់​នៅក្រោម​ស្ពាន​មួយ ។ ខ្ញុំ​ចាំ​ទាំង​ស្រពិច​ស្រពិល​ថា​មាន​នរណា​ម្នាក់​បាន​ប្រាប់​ខ្ញុំ ថា​ជើង​ខ្ញុំ​បាក់ ហើយ​ត្រូវ​យក​ទៅ​វះកាត់ ។

មិនយូរ​ប៉ុន្មាន​ក្រោយ​មក ខណៈ​ដែល​ខ្ញុំ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ប៉ា​របស់​ខ្ញុំ​បាន​ចូល​មក​បន្ទប់​ខ្ញុំ ។ គាត់​បាន​អង្គុយ​ក្បែរ​គ្រែ​ខ្ញុំ ហើយ​ដាក់​ដៃ​គាត់​លើ​ក្បាល​ខ្ញុំ ។ ទោះជា​យ៉ាង​ណា​ក្តី ខ្ញុំ​មាន​អារម្មណ៍​ដឹង​រួច​ទៅ​ហើយ​ពី​អ្វី​ដែល​គាត់​នឹង​និយាយ ។

គាត់​បាន​និយាយ​ថា « កូន​សំឡាញ់ តើ​កូន​ដឹង​ទេ​ថា​កូន​នៅ​ទីណា ? »

ខ្ញុំ​បាន​ឆ្លើយ « នៅក្នុង​មន្ទីរ​ពេទ្យ » ។

« តើ​កូន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ ?

យើង​មាន​គ្រោះថ្នាក់​ចររាចរណ៍ ។

តើ​មាន​នរណា​ប្រាប់​កូន​ពី​សមាជិក​គ្រួសារ​ទាំងអស់​ទៀត​ទេ ? »

ខ្ញុំ​បាន​នៅ​ស្ងៀម ហើយ​ក្រោយ​មក​ឆ្លើយ​ថា អត់​មាន​ទេ ។

គាត់​បាន​ប្រាប់​ខ្ញុំ​ថា គ្រប់គ្នា​បាន​សុខទេ—លើកលែង​តែ​ម្តាយ​ខ្ញុំ​ម្នាក់​គត់ ។ គាត់​បាន​ស្លាប់​បាត់​ហើយ ។

ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​អារម្មណ៍​កើត​ទុក្ខ​យ៉ាង​ខ្លាំង​នៅពេល​នោះ ប៉ុន្តែ​ខ្ញុំ​គ្មាន​អារម្មណ៍​នោះ​ឡើយ ។ ទោះជា​យ៉ាង​ណា ក្នុង​ក្តី​រន្ធត់​ដំបូង​របស់​ខ្ញុំ នោះ​ខ្ញុំ​មាន​ភាពសុខសាន្ត អារម្មណ៍​ផ្អែមល្ហែម​ដែល​ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះ​ថា រឿង​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​បាន​ល្អ ។

ដោយ​ដេក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ ខ្ញុំ​បាន​ចាំ​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ពិសេស​មួយ ដែល​យើង​បាន​ទៅលេង​ពីរ​ថ្ងៃ​ពីមុន​គ្រោះ​ថ្នាក់​នោះ ៖ ម៉ាទីន ខូវ នៅ​រដ្ឋ វាយអូមីង ។ មាន​ពួកអ្នក​ត្រួសត្រាយ​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​ទីនោះ ដោយ​ការស្រែក​ឃ្លាន នៅ​ផ្ទាល់​នឹង​ព្រិល និង អាកាសធាតុ​ត្រជាក់ ។ ខ្ញុំ​បាន​ចាំ​ថា​ខ្ញុំ​ឃើញ​គំនរ​ដុំ​ថ្ម​បាន​ដាក់​នៅលើ​ផ្នូរ ហើយ​ខ្ញុំ​នឹកគិត​ពី​សេចក្តីជំនឿ​ដ៏​ខ្លាំងក្លា​របស់​ពួក​អ្នក​ត្រួសត្រាយ​ដែល​នៅរស់​នោះ បន្ត​អូស​រទេះ​ទៅ​មុខ ហើយ​បន្ត​ដំណើរ​របស់​ពួកគេ ។ រឿង​នោះ​បាន​បំផុសគំនិត​ខ្ញុំ​ជា​ខ្លាំង ។ កាល​ខ្ញុំ​គិត​ពី​បទពិសោធន៍​នោះ ខ្ញុំ​បាន​ដឹងថា ពួក​អ្នក​ត្រួសត្រាយបាន​ស៊ូទ្រាំ ហើយ​ថា​ខ្ញុំ​ត្រូវតែ​ស៊ូទ្រាំ រួមទាំង​ការធ្វើ​ឲ្យ​ប្អូនៗ​របស់​ខ្ញុំ​រឹងមាំ​ផងដែរ ។

អារម្មណ៍​សុខសាន្ត​ដំបូង​ដែល​ខ្ញុំ​មាន​នោះ បាន​បន្ត​នៅ​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​អស់​រយៈពេល​មួយ​សប្តាហ៍​កន្លះ​ទៀត ។ ខ្ញុំ​កំពុង​អង្គុយ​លើ​កៅអី​រុញ មើល​កាំជ្រួច​តាម​បង្អួច​មន្ទីរពេទ្យ នា​ថ្ងៃ​ទី​បួន​ខែ កក្កដា នោះ​ខ្ញុំ​បាន​ភ្ញាក់​ខ្លួន​ព្រើត​ថា—ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់​ហើយ ។ គាត់​នឹង​មិន​អាច​ទៅ​ចូលរួម​ការទទួល​សញ្ញាបត្រ​ថា្នក់​វិទ្យាល័យ​របស់​ខ្ញុំ​ឡើយ ។ គាត់​នឹង​មិន​អាច​ទៅ​ចូលរួម​នៅពេល​ខ្ញុំ​ទទួល​អំណោយទានពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ គាត់​នឹង​មិន​អាច​ទៅ​ចូលរួម​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ឡើយ ។ គាត់​បាន​ស្លាប់​ហើយ ។

នោះ​ជា​ការ​ចាប់ផ្ដើម​ធ្វើ​ឲ្យ​រឿង​នានា​ប្រែ​ជា​ពិបាក​យ៉ាង​ខ្លាំង ។ ជើង​របស់​ខ្ញុំ​មាន​ការឈឺចាប់​ពន់ពេក ហើយ​ខ្ញុំ​ពុំ​ចង់​បរិភោគ​អ្វី​សោះ ។ ខ្ញុំ​បាន​មើល​ទូរទស្សន៍​តែ​អារម្មណ៍​របស់​ខ្ញុំ​មិន​នៅក្នុង​ខ្លួន​ឡើយ ហើយ​ភាគច្រើន​ខ្ញុំ​ដេក ។ គ្រួសារ​របស់​ខ្ញុំ​មាន​ក្តី​បារម្ភ​ចំពោះ​ខ្ញុំ ដោយសារ​ខ្ញុំ​ពុំ​យំ​ច្រើន​នោះ​ទេ ។

ខ្ញុំ​បាន​យំ​កាន់តែ​ច្រើន នៅពេល​យើង​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​រដ្ឋ អ័រហ្គិន ដែល​គ្មាន​មនុស្ស​នៅ ។ ភ្លាម​នោះ​ខ្ញុំ​ត្រូវ​ទទួល​យក​ការទទួលខុសត្រូវ​មួយ​ចំនួន​របស់​ម្តាយ​ខ្ញុំ ហើយ​ប្អូនៗ​របស់​ខ្ញុំ​បាន​មករក​ខ្ញុំ​ដើម្បី​ទទួល​ការលួងលោម ។ ខ្ញុំ​បាន​ព្យាយាម​មាន​ចិត្ត​រឹងមាំ​សម្រាប់​ពួកគេ ។ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ ។

ការត្រឡប់​ទៅ​រៀន​វិញ​វា​ពិត​ជា​ពិបាក​ណាស់ ។ មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ឮ​ពី​គ្រោះ​ថ្នាក់​នោះ ហើយ​ប្រសិនបើ​ពួកគេ​ពុំ​ដឹង​វិញ​នោះ ពួកគេ​នឹង​ដឹង​នៅពេល​គ្រូបង្រៀន​របស់​ខ្ញុំ​ណែនាំ​ខ្ញុំ​ថា​ជា​ក្មេង​ស្រី​ដែល​នៅក្នុង​គ្រោះថ្នាក់​នោះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ឯកោ ។

ជាពិសេស​ខ្ញុំ​កាន់តែ​ពិបាក នៅពេល​ប៉ា​របស់​ខ្ញុំ​បាន​រៀបការ​ម្តង​ទៀត ក្រោយ​ពី​ម្តាយ​របស់​ខ្ញុំ​ស្លាប់​បាន​ប្រាំបួន​ខែ​ក្រោយ​មក ។ ខ្ញុំ​ដឹង​ថា​ម្តាយ​ចុង​របស់​ខ្ញុំ​នឹង​ល្អ​ចំពោះ​គ្រួសារ​យើង ហើយ​ថា​ពួកយើង​ត្រូវការ​គាត់ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការផ្លាស់ប្តូរ​នេះ​ណាស់ ។

ទោះជា​យ៉ាង​ណា រឿង​គ្រប់​យ៉ាង​មិន​អាក្រក់​ទាំងអស់​ក្នុង​អំឡុង​ពេល​នេះ​ទេ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​យ៉ាង​ច្រើន​ពី​ព្រះវរបិតា​នៅ​ស្ថានសួគ៌ គ្រួសារ​ខ្ញុំ និង ថ្នាក់​ដឹកនាំ​របស់​ខ្ញុំ ។ អ្វី​ដែល​បាន​ជួយ​ព្យាបាល​ខ្ញុំ និង ជួយ​ខ្ញុំ​ឲ្យ​ឈាន​ទៅ​មុខ បន្ទាប់​ពី​គ្រោះថ្នាក់​នោះ​គឺ ការធ្វើ​កិច្ចការ​សាមញ្ញៗ​ដែល​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ ។ រៀងរាល់​ថ្ងៃ​ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​ម៉ោង​ពីមុន​ចូលដេក អាន​ព្រះគម្ពីរ អធិស្ឋាន និង សរសេរ​នៅក្នុង​ទិនានុប្បវត្តិ​នៅក្នុង​បន្ទប់​របស់​ខ្ញុំ ។ នៅក្នុង​បន្ទប់​ដេក​របស់​ខ្ញុំ ខ្ញុំ​ពុំ​ចាំបាច់​ធ្វើ​រឹងមាំ​សម្រាប់​ប្អូនៗ​ខ្ញុំ​ឡើយ ។ ខ្ញុំ​អាច​យំ​តាម​ចិត្ត​ខ្ញុំ​ចង់ ហើយ​ផ្តោត​ដួងចិត្ត​ខ្ញុំ​ទៅលើ​ព្រះ ។ ខ្ញុំ​បាន​ប្រាប់​ទ្រង់​ពី​អារម្មណ៍​ពិត​ដែល​ខ្ញុំ​មាន និង ក្តី​នឹក​រឭក​ជា​ខ្លាំង​ចំពោះ​ម្តាយ​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​ស្តាប់​ឮ​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីមេត្តាករុណា​ដ៏​ទន់ភ្លន់​ជា​ច្រើន ។ បរិវេណ​បន្ទប់​ដេក​នោះ​ក្លាយ​ជា​ទី​ពិសិដ្ឋ​សម្រាប់​ខ្ញុំ ។

ការធ្វើ​រឿង​សាមញ្ញៗ​ទាំង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ទាក់ទង​ជាមួយ​ព្រះ ជាជាង​ច្រាន​ទ្រង់​ចេញ ហើយ​មាន​ភាព​ល្វីងជូរចត់​ក្នុង​ចិត្ត ។ ខ្ញុំ​មិន​ជឿ​ថា ព្រះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​ឈឺ​ផ្សារ​ដោយសារ​គ្រោះថ្នាក់​នេះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​អំណាច​កាន់តែ​ច្រើន​ដើម្បី​អត់ធ្មត់ ហើយ​ចុះចូល​នឹង​ព្រះឆន្ទៈ​ទ្រង់ ហើយ​បន្ត​ឈាន​ទៅមុខ​នៅក្នុង​ការលំបាក​របស់​ខ្ញុំ ។ ហើយ​វា​ពិត​ជា​មាន​គ្រា លំបាក យ៉ាង​ខ្លាំង ។

បន្ទាប់​ពី​ប៉ា​របស់​ខ្ញុំ​បាន​រៀបការ​ម្តង​ទៀត ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ​ដល់​ប្អូនៗ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ពុំ​ចង់​មាន​ចិត្ត​អាក្រក់​ចំពោះ​ម្តាយ​ចុង​ខ្ញុំ​ឡើយ ដូច្នេះ​ខ្ញុំ​បាន​បន្ត​ការទុកចិត្ត​របស់​ខ្ញុំ​លើ​ព្រះ ។ មាន​សកម្មភាព​មួយ​នៅក្នុង​សៀវភៅ ការអភិវឌ្ឍន៍​ខ្លួន​របស់​ក្រុម​យុវនារី​របស់​ខ្ញុំ បាន​ផ្តោតលើ​ការធ្វើ​ឲ្យ​ជីវិត​នៅ​ផ្ទះ​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើង តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​សមាជិក​គ្រួសារ​រយៈពេល​ពីរ​សប្តាហ៍ ។ ប្រាកដ​ណាស់ គោលដៅ​នោះ​គឺ​ជា​ការព្យាយាម​ប្រែក្លាយ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ហើយ​បង្ហាញ​សេចក្តីស្រឡាញ់​តាមរយៈ​ទង្វើ​នានា ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​ធ្វើ​កិច្ចការ​នោះ ហើយ​បម្រើ​ម្តាយ​ចុង​របស់​ខ្ញុំ ។

រូបភាព
helping with the dishes

ដោយសារ​គ្រួសារ​ខ្ញុំ និង​គ្រួសារ​ម្ដាយ​ចុង​ខ្ញុំ​រួម​គ្នា​តែ​មួយ នោះ​យើង​មាន​ចាន​ប្រឡាក់​ច្រើន​ណាស់ ។ ហើយ​នោះ​គឺ​ជា​កិច្ចការ​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើ ។ នៅពេល​ខ្ញុំ​បាន​បម្រើ​គាត់​អស់រយៈ​ពីរ​សប្តាហ៍​បន្ទាប់​មក ខ្ញុំ​មាន​អារម្មណ៍​ស្រឡាញ់​ម្តាយ​ចុង​របស់​ខ្ញុំ ហើយ​មាន​ការអត់ធ្មត់ ទោះបី​ជា​ខ្ញុំ​ពុំ​សប្បាយ​រីករាយ​នឹង​ស្ថានភាព​នោះ​ក្តី ។ ការផ្តោតលើ​ការបម្រើ​គាត់​ក្នុង​កិច្ចការ​សាមញ្ញៗ បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​គ្រា​ដ៏​លំបាក​ទាំង​នោះ ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ខ្ញុំ ។

ខ្ញុំ​នៅតែ​ពុំ​ទាន់​យល់​អ្វី​គ្រប់​យ៉ាង​អំពី​មូលហេតុ​ដែល​គ្រោះថ្នាក់​នោះ​បាន​កើត​ឡើង​ចំពោះ​គ្រួសារ​ខ្ញុំ ហើយ​វា​នៅ​តែ​មាន​គ្រា​ដ៏​លំបាក​នៅ​ឡើយ ។ ប៉ុន្តែ​ដូច​ជា​ពួក​អ្នក​ត្រួសត្រាយ​ដែរ នោះ​ខ្ញុំ​បាន​ដាក់​ទី​ទុកចិត្ត​របស់​ខ្ញុំ​លើ​ព្រះ ហើយ​ទ្រង់​បាន​ប្រទាន​អំណាច​ដើម្បី​ស៊ូទ្រាំ ។