២០១៦
កុមារ​តូចៗ និង​ពិធី​សាក្រាម៉ង់
October 2016


កុមារ​តូចៗ និងពិធី​សាក្រាម៉ង់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

កូន​តូចៗ​របស់​យើង​បាន​យល់​ថា​ពិធីសាក្រាម៉ង់​សំខាន់​សម្រាប់​ពួកយើង ។ យើង​អាច​ធ្វើ​កិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ពិធី​នេះ​ក៏​សំខាន់​ចំពោះ​ពួកគេ​ផងដែរ ។

រូបភាព
family partaking of the sacrament

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​យើង​អនុញ្ញាត​ឲ្យ​កុមារ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជទឹក​ទទួលទាន​សាក្រាម៉ង់ ? តើ​យើង​ធ្វើ​បែប​នេះ ដើម្បី​ចៀសវាង​ពី​សម្រែក និង ភាព​រញ៉េរញ៉ៃ នៅពេល​ពួកគេ​ចង់​បាន​ចំណិត​នំបុ័ង​ឬ ? តើ​វា​គ្រាន់តែ​ជា​ការធ្វើ​ឲ្យ​ពិធី​បរិសុទ្ធ​នេះ​កាន់តែ​មាន​ភាពងាយស្រួល​ដើម្បី​ចាត់​ចែង ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​ឬ ?

ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ ។ ខ្ញុំ​ជឿ​ថាមាន​ហេតុផល​ដ៏​ស៊ីជម្រៅ​ជាង​នេះ ។ ខ្ញុំ​ជឿ​ថា នេះ​គឺ​ដោយសារ​ខ្ញុំ​ជឿ​ថា​នៅពេល​ព្រះយេស៊ូវគ្រីស្ទ​មាន​បន្ទូល​ថា « ទាំងអស់ » នោះ​ទ្រង់​សំដៅ​លើ​មនុស្ស​ទាំងអស់ ។ ហើយ​នៅពេល​ទ្រង់​មាន​បន្ទូល​ទៅកាន់​ហ្វូង​មនុស្ស នោះ​ទ្រង់​ពុំ​បាន​ដក​នរណា​ចេញ​ឡើយ ។

នៅពេល​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​ណែនាំ​ពិធីសាក្រាម៉ង់​ដល់​រាស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទ្វីប​អាមេរិក នោះ​ទ្រង់​បាន​សង្កត់​ធ្ងន់​ថា ពិធីបរិសុទ្ធ​នេះ មាន​អត្ថន័យ​ពិសេស​សម្រាប់​អស់​អ្នក​ដែល​បាន​ជ្រមុជទឹក​ហើយ ។ ហេតុដូច្នេះ​ហើយ ទ្រង់​បាន​ត្រាស់​បង្គាប់​ដល់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ « ចែក [ សាក្រាម៉ង់ ] ដល់ ហ្វូង​មនុស្ស » ។ ហ្វូងមនុស្ស​នោះ​រួមមាន « កូន​តូចៗ » ។

នៅពេល​អ្នក​កាន់​បព្វជិតភាព​បច្ចុប្បន្ន​នេះ​អាន​ការអធិស្ឋាន​សាក្រាម៉ង់ នោះ​ពួកគេ​សុំ​ឲ្យ​ព្រះវរបិតាសួគ៌ ប្រទាន​ពរ ហើយ​ញែក​នំបុ័ង ឬ ញែក​ទឹក « ដល់​ព្រលឹង​នៃ​ជន ទាំងអស់ ណា » ដែល​ទទួលទាន​វា ។ ទាំងអស់ ។ មនុស្ស​ម្នាក់ៗ​ដែល​ទទួល​ទាន—រួមមាន​ទាំង​កុមារ​តូចៗ​ផងដែរ ។

ប្រសិនបើ​ការទទួលទាន​នំបុ័ង និង ទឹក ធ្វើ​ឲ្យ​កុមារ​ទទួល​នូវ​និមិត្តរូប​ទាំង​នេះ​ថា​ជា​ពរជ័យ​ចំពោះ​ព្រលឹង​ដ៏​បរិសុទ្ធ​របស់​ពួកគេ នោះ​ត្រូវតែ​មាន​វិធីមួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​អត្ថន័យ​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នេះ ។

ជាមួយ​នឹង​ការយល់​បែប​នេះ ខ្ញុំ​បាន​ក្រឡេក​ទៅ​មើល​កាល​គ្រា​ដែល​កូនៗ​ខ្ញុំ​នៅ​តូច ។ ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​ធ្វើ​យ៉ាង​ល្អ​ក្នុង​ការ​រក្សា​ពួកគេ​ឲ្យ​ស្ងាត់ស្ងៀម អំឡុង​ពេល​បម្រើ​ពិធីសាក្រាម៉ង់​នោះ ។ ខ្ញុំ​គិត​ថា​ពួកគេ​បាន​យល់​ថា​ពិធីបរិសុទ្ធ​នេះ​សំខាន់​សម្រាប់​ពួកយើង ។ ដូច្នេះ​យើង​អាច​ធ្វើ​កិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ពិធី​នេះ​ក៏​សំខាន់​ចំពោះ ពួកគេផងដែរ ។

តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ? យើង​អាច​ចងចាំ​ថា កុមារ​តូចៗ​មាន​លទ្ធភាព​រក្សា​ការសន្យា​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់ ។ ពួកគេ​អាច​យល់​នៅក្នុង​របៀប​ផ្ទាល់​ខ្លួន​មួយ​តិចតួច ប៉ុន្តែ​មាន​អំណាច អំពី​អត្ថន័យ​ដែល​ថា « ចងចាំ​ជានិច្ច » ដល់​ព្រះយេស៊ូវ ។ ពួកគេ​អាច​សន្យា​ដើម្បី « រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ » ។ ពួកគេ​អាច​បង្ហាញ​ថា​ពួកគេ « មាន​ឆន្ទៈ​លើក​ដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម » នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ដឹង​ថា មិនយូរ​មិន​ឆាប់​ពួកគេ​នឹង​មាន​ឯកសិទ្ធិ​នោះ កាល​ពួកគេ​បាន​ជ្រមុជទឹក និង បញ្ជាក់ ។

ចុះ​ការរំឭក​សេចក្តីសញ្ញា​វិញ​នោះ ? ពួកអ្នក​ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ថា នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​រំឭក​សេចក្តីសញ្ញា​ទាំងអស់ ដែល​យើង​បាន​ចុះ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ កុមារ​តូចៗ​គ្មាន​សេចក្តីសញ្ញា​អ្វី​ដែល​ត្រូវ​រំឭក​នោះ​ទេ ។

ខ្ញុំ​បាន​គិត​ម្តង​ទៀត​កាល​គ្រា​ដែល​កូនៗ​របស់​យើង​នៅ​តូច ។ យើង​ពុំ​អាច​ជួយ​ពួកគេ​ឲ្យ​គិត​ពី​សេចក្តីសញ្ញា​ទាំង​នោះ​ឡើយ ប៉ុន្តែ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​បន្ត​សេចក្តីសញ្ញា​ទាំង​នោះ​ឆ្ពោះ​ទៅមុខ​ទៀត​បាន ។ ខ្ញុំ​គិត​ស្រមៃ​ពី​ខ្លួន​ខ្ញុំ​ជាមួយ​កូនប្រុស ឬ កូនស្រី​ខ្ញុំ​នៅ​ព្រឹក​ថ្ងៃ​ឈប់សម្រាក ៖

ខ្ញុំ​និយាយ​ថា « នៅពេល​កូន​អាយុ​ប្រាំបី​ឆ្នាំ កូន​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ កូន​នឹង​ចុះ​សេចក្តី​សញ្ញា ។ សេចក្តី​សញ្ញា​ដែល​កូន​ចុះ នោះ នឹង​ក្លាយ​ជា​ការសន្យា​ដែលកូន​បាន​ធ្វើ នា​ពេល​ឥឡូវ​នេះ នៅពេល​កូន​ទទួល​ទាន​សាក្រាម៉ង់ ។

នៅពេល​ប៉ា​ទទួលទាន​សាក្រាម៉ង់​ថ្ងៃ​នេះ ប៉ា​នឹង​រំឭក​ចាំ​ពី​សេចក្តីសញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​ប៉ា ដូច​ជា​ប៉ា​កំពុង​ធ្វើ​ការសន្យា​នោះ​ម្តង​ទៀត​ផងដែរ ។ កូន​នឹង​នៅ​ទីនោះ​ជាមួយ​ប៉ា​ផងដែរ ប៉ុន្តែ​កូន​មិន​រំឭក​សេចក្តីសញ្ញា​ឡើយ ។ កូន​ពុំ​ទាន់​បាន​ចុះ​សេចក្តី​ណា​មួយ​នៅ​ឡើយ ។ ប៉ុន្តែ​កូន​អាច ហាត់​សម ចុះ​សេចក្តីសញ្ញា ។ គ្រប់​ពេល​ដែល​កូន​ទទួលទានសាក្រាម៉ង់ កូន​អាច​រៀបចំ​ខ្លួន​ដើម្បី​ជ្រមុជទឹក និង បញ្ជាក់ ។ តាម​របៀប​នេះ កូន​អាច​ត្រៀម​ខ្លួន​រួច​ជាស្រេច​នៅពេល​កូន​ឈាន​ដល់​អាយុ​ប្រាំបី​ឆ្នាំ » ។

ប្រសិនបើ​វា​ហាក់​បីដូច​ជា​ចម្លែក​ក្នុង​ការប្រើ​ពាក្យ ហាត់​សម នៅក្នុង​របៀប​នេះ​សូម​គិត​អំពី​ការណ៍​នេះ ៖ នៅក្នុង​ស្មារតី​នៃ​គាវរភាព ឪពុក​អាច​ជួយ​កូនៗ​របស់​ខ្លួន​ត្រៀម​ខ្លួន សម្រាប់​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក ដោយ​ការបង្ហាញ​ពួកគេ​ពី​របៀប​ដើម្បី​ពួកគេ​អាច​ឈរ​ជាមួយ​គ្នា​នៅក្នុង​ទឹក និង តាមរយៈ​ការចែកចាយ​នូវ​ពាក្យ​ពេចន៍​អធិស្ថាន​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ គាត់​ពុំ​ធ្វើ​ពិធីបរិសុទ្ធ​នោះ​តាម​របៀប​នោះ​ឡើយ ។ តែ​ក្នុង​ស្មារតី​នេះ គាត់​ជួយ​កូនៗ​របស់​គាត់​ហាត់​សម ។ តាម​របៀប​នេះ ពួកគាត់​នឹង​មិន​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង នៅពេល​កូនៗ​របស់​ពួកគាត់​ចុះ​ទៅក្នុង​ទឹក​នៃ​ពិធី​ជ្រមុជទឹក ។ ខ្ញុំ​ជឿ​ថា ម្តាយ និង ឪពុក​ក៏​អាច​ជួយ​កូនៗ​របស់​ខ្លួន​ហាត់​សម​ចុះ និង រក្សា​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ រៀងរាល់​ការប្រជុំ​សាក្រាម៉ង់ អាច​ក្លាយ​ជា​ឱកាស​ហាត់​សម​ដ៏​ពិសិដ្ឋ សម្រាប់​កុមារ​តូចៗ នៅពេល​ពួកគេ​ទទួលទាន​និមិត្ត​រូប​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

ដូច្នោះ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​សំណួរ​ដដែល​របស់​ខ្ញុំ​វិញ ។ ហេតុអ្វី​យើង​អនុញ្ញាត​ឲ្យ​កុមារ​តូចៗ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជទឹក​ទទួលទាន​សាក្រាម៉ង់ ? តើ​វា​គ្រាន់តែ​ជា​ការធ្វើ​ឲ្យ​ពិធី​នេះ « មាន​ភាពស្ងប់ស្ងាត់​ឬ » ? ប្រាកដ​ជា​ពុំ​មែន​ទេ ។ យើង​ជួយ​កូន​តូចៗ​របស់​យើង​ទទួលទាន​សាក្រាម៉ង់ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ចងចាំ​ពី​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ និង រក្សា​ភាពសុខសាន្ត​របស់​ទ្រង់—ជា​ភាពសុខសាន្ត​ដែល​មិន​ដូច​ពិភពលោក​នេះ​អាច​ផ្តល់​ឲ្យ​ឡើយ ។ យើង​ជួយ​ពួកគេ​ត្រៀម​ខ្លួន​ទទួល​នូវ​ភាពសុខសាន្ត​នោះ​តាម​របៀប​មួយ​ឲ្យ​កាន់តែ​ច្រើន​បរិបូរ​ឡើង​នា​ពេល​អនាគត នៅពេល​ពួកគេ​នឹង​ចុះ និង រក្សា​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ។