២០១៦
ការបម្រើ​ដ៏​មមាញឹក​របស់​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ
October 2016


ការបម្រើ​នៅក្នុង​សាសនាចក្រ

ការបម្រើ​ដ៏​មមាញឹក​របស់​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

ខ្ញុំ​មាន​ភាពមមាញឹក​បម្រើ​ពេញ​មួយ​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​អាច​បម្រើ​ដោយ​គ្មាន​ជួប​នូវ​សេចក្តី​លំបាក​វេទនា​ដូច អែលឌើរ ប៉ាលី ភី ប្រាត្ត ដែល​ជា​អ្នកដឹកនាំ​សាសនាចក្រ​ពី​ជំនាន់​ដើម​ឡើយ ។

រូបភាព
Parley P. Pratt in the snow

រចនា​រូបភាព​ដោយ ជិនឌី វ៉េនី

វា​ជា​ព្រឹក​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​មាន​កាលវិភាគ​ជួប​ប្រជុំ សម្ភាស ធ្វើ​ពិធី​បញ្ជាក់ និង តែងតាំង ដែល​មាន​រយៈពេល ១២ ម៉ោង​នៅ​ចំពោះ​មុខ​ខ្ញុំ ។ ខ្ញុំ​នឹង​ចាប់ផ្តើម​កាលវិភាគ​នោះ​នៅក្នុង​មជ្ឈមណ្ឌល​ស្តេក ហើយ​បញ្ចប់​វា​នៅក្នុង​សាលាប្រជុំ​មួយ​ផ្សេង​ទៀត​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទីក្រុង—វា​ជា​ថ្ងៃ​ដ៏​ក្តៅ​ខ្លាំង​ណាស់ ។

ខ្ញុំ​ទន្ទឹង​រង់ចាំ​ការប្រជុំ សម្ភាស ធ្វើ​ពិធីបញ្ជាក់ និង ពិធី​តែងតាំង​នីមួយៗ ។ ប៉ុន្តែ​កាល​ពី​ម្សិលមិញ នៅពេល​ខ្ញុំ​បាន​គិត​អំពី​ភាព​មមាញឹក​ដ៏​ច្រើន​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​អារម្មណ៍​អាណិត​ខ្លួន​ឯង​—រហូត​ដល់​ខ្ញុំ​បាន​បើក​មើល ជីវប្រវត្តិ​របស់ ប៉ាលី ភី ប្រាត្ត ហើយ​បាន​ចាប់ផ្តើម​អាន​វា​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ផ្អាក​អាន​កាល​ពី​មុន ។ អែលឌើរ ប្រាត្ត ត្រូវបាន​ចាប់​ជា​ទណ្ឌិត រួមជាមួយ​នឹង យ៉ូសែប ព្រមទាំង ហៃរុម ស៊្មីធ និង អ្នក​ដទៃ​ផ្សេង​ទៀត អំឡុង​គ្រា​ដ៏​លំបាក​នៅ​ក្នុង​រដ្ឋ មិសសួរី ។ បន្ទាប់​ពី​ត្រូវបាន​នាំ​ខ្លួន​ទៅ​ទីក្រុង អ៊ីនឌីពែនឌែនស៍ បងប្អូនប្រុស​ទាំង​នោះ​ត្រូវបាន​ដាក់​ឃុំ​នៅក្នុង​សណ្ឋាគារ​មួយ ឲ្យ​ដេក​នៅលើ​កម្រាល​ឥដ្ឋ​ដោយ​យក​ដុំ​ឈើ​កល់​ក្បាល​ជា​ខ្នើយ ។

នា​ព្រឹក​ដ៏​សែន​រងារ​ដែល​មាន​ធ្លាក់​ព្រិល​មួយ អែលឌើរ ប្រាត្ត​បាន​ក្រោក​ពី​ដេក​ឡើង ហើយ​បាន​ចាកចេញ​ពី​សណ្ឋាគារ​នោះ​ដោយ​ស្ងាត់ៗ ។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​កើត​ឆ្លង​កាត់​ទី​ក្រុង ហើយ​បាន​ចូល​ទៅ​ទីវាល​ដែល​នៅ​ជាប់​នោះ ។ បន្ទាប់​ពី​ដើរ​បាន​ប្រហែល​ជា ១.៦ គីឡូម៉ែត្រ អែលឌើរ ប្រាត្ត បាន​ចូល​ទៅក្នុង​ព្រៃ ព្រិល​បាន​ធ្លាក់​គ្រប​លើ​ដាន​ជើង​លោក ហើយ​ដើមឈើ​បាន​បំបាំង​វត្តមាន​របស់​លោក ។

លោក​បាន​គិត​អំពី​ស្ថានភាព​ដ៏​លំបាក​របស់​លោក ។ ការបន្ត​ដំណើរ​ទៅ​ទិស​ខាង​កើត​នោះ​គឺ​មាន​ន័យ​ថា គាត់​រត់គេច​ចូល​ទៅក្នុង​រដ្ឋ​មួយ​ផ្សេង​ទៀត ដែល​នៅ​ទីនោះ​លោក​អាច​ផ្តល់​ជា​សារ​មួយ​ឲ្យ​គ្រួសារ​លោក ហើយ​ឲ្យ​ពួកគេ​មក​ចូលរួម​នឹង​លោក​ដែរ ។ ការត្រឡប់​មក​សណ្ឋាគារ​វិញ​មាន​ន័យ​ថា ត្រូវ​គេ​ចាប់​បញ្ចូល​ក្នុង​ពន្ធនាគារ ហើយ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​កាន់តែ​ធ្ងន់​ឡើង ។ ទោះបី​ជា​លោក​បាន​ល្បួង​ឲ្យ​រត់​គេច​ខ្លួន​ក្តី អែលឌើរ ប្រាត្ដ​បាន​គិត​អំពី « ក្តីអំពល់​ដ៏​ធំ ឬ សេចក្តីស្លាប់ » ដែល​លោក​បាន​បណ្តាល​ឲ្យ​កើត​មាន​ឡើង​លើ​ទណ្ឌិត​ផ្សេង​ទៀត ។

ខណៈ​ដែល​លោក​មាន​ភាព​អល់អែក​នោះ​លោក​បាន​ចាំ​ពី​ខគម្ពីរ​មួយ ៖ « អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​ត្រូវបាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( សូមមើល ម៉ាកុស ៨:៣៥, គ. និង ស. ៩៨:១៣ ) ។

អែលឌើរ ប្រាត្ត បាន​ត្រឡប់​មក​កាន់​សណ្ឋាគារ​វិញ ។ លោក​ត្រូវបាន​គេ​ដាក់​ក្នុង​ពន្ធនាគារ​យ៉ាង​សាហាវ​ឃោរឃៅ​អស់​ជា​ច្រើន​ខែ—ដោយ​គ្មាន​គ្រួសារ គ្មាន​ការរាប់អាន​ពី​ពួកបរិសុទ្ធ ឬ ពុំ​មាន​លទ្ធភាព​បម្រើ​នៅក្នុង​ការហៅ​ជា​សាវក​របស់​លោក​ឡើយ ។

បន្ទាប់​ពី​ខ្ញុំ​បាន​បិទ​សៀវភៅ​នោះ ខ្ញុំ​បាន​ពិចារណា​អំពី​ការរងទុក្ខ​របស់​ពួក​បរិសុទ្ធ​ពី​ជំនាន់​ដើម—ពួកគាត់​មួយ​ចំនួន​គឺ​ជា​ជីដូនជីតា​ខ្ញុំ ។ ដោយសារ​ទីបន្ទាល់​របស់​ពួកគាត់​អំពី​ដំណឹងល្អ និង សេចក្តី​ជំនឿ​របស់​ពួកគាត់​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគាត់​បាន​ស៊ូទ្រាំ​នឹង​ភាព​សាហាវ​ឃោរឃៅ និង ការបៀតបៀន​នោះ ។ ដោយសារ​ការស៊ូទ្រាំ​របស់​ពួកគាត់ សព្វថ្ងៃ​នេះ​ខ្ញុំ​អាច​បម្រើ និង ថ្វាយ​បង្គំ​ដោយ​សេរី ហើយ​រួម​សាមគ្គី​នឹង​ពួកគាត់​នៅក្នុង​សេចក្តី​ជំនឿ និង ទីបន្ទាល់ ។

កាល​ខ្ញុំ​រៀបចំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​នេះ គ្រួសារ​ខ្ញុំ​មាន​សុវត្ថិភាព ទន្ទឹងរង់ចាំ​ថ្ងៃ​នៃ​ការថ្វាយបង្គំ​នៅក្នុង​សាលាប្រជុំ​ដ៏​មាន​ផាសុកភាព ។ ការរាប់អាន​របស់​ពួកបរិសុទ្ធ​នឹង​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​មាន​ភាព​ស្រស់​ថ្លា ។ យើង​នឹង​រីករាយ​ជាមួយ​ពួកគាត់​នៅក្នុង​ការធ្វើ​ពិធី​បញ្ជាក់ និង ពិធីតែងតាំង បំពេញ​ទំនួលខុសត្រូវ និង ពង្រឹង​សេចក្តី​ជំនឿ ។ យើង​នឹង​ទទួលទាន​សាក្រាម៉ង់ ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ និង ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ហើយ​យប់​នេះ​យើង​នឹង​ជួបជុំ​គ្នា​នៅក្នុង​ផ្ទះ​របស់​យើង អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ជាមួយ​គ្នា ពីមុន​ពួកយើង​ចូលដេក​លើ​គ្រែ​ដ៏​ស្រណុកសុខស្រួល ហើយ​កល់​ក្បាល​យើង​លើ​ខ្នើយ​ដ៏​ទន់​ល្មឿយ ។

ខ្ញុំ​មាន​ភាពមមាញឹក​បម្រើ​ពេញ​មួយ​ថ្ងៃ​អាទិត្យ ។ ដោយសារ​ការណ៍​នោះ​ខ្ញុំ​ពិតជា​មាន​អំណរគុណ និង មាន​ពរ​ណាស់ ។

កំណត់​ចំណាំ

  1. សូម​មើល ប៉ាលី ភី ប្រាត្ត Autobiography of Parley P. Pratt ការបោះពុម្ព ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ ( ឆ្នាំ ១៩៧៩ ) ទំព័រ ១៩៤-៩៧ ។