២០១៦
ភ្លើង និង មេរៀន​នៃ​ការគោរព​ប្រតិបត្តិ
October 2016


យុវវ័យ

ភ្លើង និង មេរៀន​នៃ​ការគោរព​ប្រតិបត្តិ

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​តំណាល​ប្រាប់​ពី​គ្រា​មួយ កាល​លោក​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ។ កាល​លោក​អាយុ​ប្រាំបី​ឆ្នាំ ក្រុម​គ្រួសារ​របស់​លោក​បាន​ទៅ​លេង​ផ្ទះ​ឈើ​សម្រាប់​លំហែ​របស់​ពួកលោក​នៅ​ឯ​តំបន់​ភ្នំ ។ លោក និង មិត្ត​ភក្ដិ​របស់​លោក​ម្នាក់​ចង់​សម្អាត​វាល​មួយ​ដែល​មាន​សុទ្ធ​តែ​ស្មៅ​សម្រាប់​ធ្វើ​ជា​កន្លែង​ដុត​ភ្លើង​បោះជំរុំ ។ ពួកលោក​បាន​ព្យាយាម​សម្អាត​ស្មៅ​នោះ​ដោយ​ប្រើ​ដៃ ដោយ​ដក និង កន្ត្រាក់​វា​ខ្លាំងៗ​តាម​កម្លាំង​របស់​ពួកលោក ប៉ុន្តែ​ពួកលោក​គ្រាន់តែ​អាច​ដក​បាន​ស្មៅ​ពេញៗ​ក្តាប់​ដៃ​ប៉ុណ្ណោះ ។ ប្រធាន ម៉នសុន បាន​ពន្យល់​ថា « ហើយ​អ្វី​ដែល​ខ្ញុំ​បាន​គិត​គឺ​ជា​ដំណោះ​ស្រាយ​យ៉ាង​ល្អ ដែល​វា​បាន​ផុស​ឡើង​ក្នុង​គំនិត​របស់​ក្មេង​អាយុ​ប្រាំ​បី​ឆ្នាំ​ដូច​រូប​ខ្ញុំ​នេះ ។ ខ្ញុំ​បាន​និយាយ​ទៅ ដានី ថា ‹ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ដុត​ស្មៅ​នេះ​ចោល ។ យើង​គ្រាន់​តែ ដុត ស្មៅ​នោះ​ជា​រង្វង់​ប៉ុណ្ណោះ ! › »

ទោះបី​លោក​បាន​ដឹង​ថា លោក​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​ឈើគូស​ក្តី លោក​បាន​រត់​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​វិញ​ដើម្បី​យក​ឈើ​គូស​មួយ​ចំនួន​មក ហើយ​លោក និង ដានី​បាន​បង្កាត់​ភ្លើង​បន្តិច​ដុត​ស្មៅ​នៅ​តំបន់​នោះ ។ ពួកលោក​រំពឹង​ថា​ភ្លើង​នោះ​នឹង​រលត់​វិញ​ដោយ​ខ្លួន​វា ប៉ុន្តែ​ផ្ទុយ​ទៅវិញ​វា​ឆេះ​កាន់តែ​ខ្លាំង​ឡើង ហើយ​មាន​គ្រោះ​ថ្នាក់ ។ លោក និង ដានី​បាន​រត់​ទៅ​រក​ជំនួយ ហើយ​រំពេច​នោះ​មនុស្ស​ពេញ​វ័យ​បាន​ប្រញាប់ប្រញាល់​រត់​មក​ពន្លត់​ភ្លើង ពី​មុន​ឆេះ​ដល់​ដើមឈើ​ទាំងឡាយ ។

ប្រធាន ម៉នសុន បាន​បន្ត​ទៀត​ថា « ដានី និង ខ្ញុំ​បាន​រៀន​មេរៀន​ពិបាកៗ​មួយ​ចំនួន ប៉ុន្តែ​ជា​មេរៀន​ដ៏​សំខាន់​នា​ថ្ងៃ​នោះ—ផ្នែក​ដែល​សំខាន់​គឺ​សារៈសំខាន់​នៃ​ការ​គោរព​ប្រតិបត្តិ » ។ ( សូមមើល « Obedience Brings Blessings » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩–៩០ ) ។

ដូច​ប្រធាន ម៉នសុន ដែរ តើ​អ្នក​ធ្លាប់​បាន​រៀន​មេរៀន​មួយ​នៅក្នុង​ការគោរព​ប្រតិបត្តិ​តាម​របៀប​មួយ​ដ៏​លំបាក​ដែរ​ឬ​ទេ ? តើ​មាន​គោលដៅ​ណា​ខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​រក្សា​ខ្លួន​អ្នក​ឲ្យ​មាន​សុវត្ថិភាព តាមរយៈ​ការគោរព​ប្រតិបត្តិ​នា​ពេល​អនាគត​នោះ ?