២០១៦
ទេវតា​ឈ្មោះ​លោក និង អ្នក​ស្រី ដាន់
October 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ទេវតា​ឈ្មោះ​លោក និង អ្នក​ស្រី ដាន់

រូបភាព
angels named Mr. and Mrs. Dunn

រចនា​រូបភាព​ដោយ វិលសុន អ៊ុង

ខ្ញុំ​កំពុង​មើល​ទូរទស្សន៍ នៅពេល​ម្តាយ​ខ្ញុំ​បាន​ទូរសព្ទ​មក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា បងប្រុស​របស់​គាត់ ដែល​ត្រូវ​ជា​អ៊ំ​ប្រុស​របស់​ខ្ញុំ​ឈ្មោះ ហ្វ្ល័យ​ដែល​មាន​អាយុ ៩២ ឆ្នាំ ព្រមទាំង​ភរិយា​របស់​គាត់​ឈ្មោះ​អ៊ំ មីលី មាន​ជំងឺ​ផ្តាសសាយ ហើយ​គ្មាន​អាហារ​នៅក្នុង​ផ្ទះ​របស់​ពួកគាត់​ឡើយ ។ ហើយ​ពួកគាត់​ក៏​គ្មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ដើម្បី​ទៅ​ហាង​ទិញ​ទំនិញ​ដែរ ។ លោក​អ៊ំ ហ្វ្ល័យ និង អ៊ំ មីលី​គ្មាន​គ្រួសារ​ណា​ដែល​នៅ​ក្បែរ​ពួកគាត់​ឡើយ ដូច្នោះ​ពួកគាត់​គ្មាន​នរណា​ជួយ​ឡើយ ។

ម្តាយ​ខ្ញុំ​ឆ្ងល់ ប្រសិនបើ​ខ្ញុំ​អាច​ជួយ​បាន ។ ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​តែ​ម្នាក់​ឯង​គត់​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ជួយ​ក្នុង​ស្ថានភាព​ដូចគ្នា​នេះ​កាល​ពី​មុន​ផងដែរ ។ បញ្ហា​នោះ​គឺ​ថា ខ្ញុំ​រស់នៅ​រដ្ឋ យូថាហ៍ ស. រ. អា. ហើយ​អ៊ំ​ស្រី និង អ៊ំប្រុស​របស់​ខ្ញុំ​រស់នៅ​ទីក្រុង ហែមែត រដ្ឋ កាលីហ្វ័រញ៉ា ស. រ. អា. ។

ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ទុក​ពេល​ឲ្យ​ខ្ញុំ​គិត​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច ។ ខ្ញុំ​មាន​មិត្តភក្តិ​ម្នាក់​ដែល​បាន​រស់នៅ​ក្បែរ​ទីក្រុង ហែមែត ដូច្នោះ​ខ្ញុំ​បាន​ទូរសព្ទ ហើយ​សុំ​នាង ប្រសិន​បើ​នាង​បាន​ស្គាល់​នរណា​ម្នាក់​នៅក្នុង​ទីក្រុង ហែមែត ។ នាង​បាន​ប្រាប់​ខ្ញុំ​អំពី​ស្ត្រី​ម្នាក់​ដែល​នាង​បាន​បម្រើ​ជាមួយ​នៅ​ព្រះវិហារ​បរិសុទ្ធ រែតលែន កាលីហ្វូញ៉ា ឈ្មោះ​ស៊ិស្ទើរ ដាន់ ដែល​ជា​ប្រធាន​សមាគមន​ស្ត្រី​នៅ​ទីនោះ ។

នៅពេល​បងស្រី ដាន់​បាន​ឆ្លើយ​ទូរសព្ទ ខ្ញុំ​បាន​ចាប់ផ្តើម​និយាយ​ថា « ជម្រាប​សួរ បងស្រី ដាន់ ។ បងស្រី​មិន​ស្គាល់​ខ្ញុំ​ទេ តែ​ខ្ញុំ​ឈ្មោះ ណាន់​ស៊ី លីថល ហើយ​ខ្ញុំ​រស់នៅ​រដ្ឋ យូថាហ៍ ។ ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​អ៊ំស្រី និង អ៊ំប្រុស​របស់​ខ្ញុំ​ដែល​រស់នៅ​ទីក្រុង ហែមែត ពុំ​មែន​ជា​សមាជិក​ឡើយ ។ ពួកគាត់​ឈឺ ហើយ​គ្មាន​អាហារ​នៅក្នុង​ផ្ទះ​ឡើយ » ។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ទីតាំង​ដែល​ពួកគាត់​រស់នៅ ដែល​នៅ​ឆ្ងាយ​ពី​គាត់ ហើយ​រំពឹង​ថា​ខ្ញុំ​ចង់​បាន​ព័ត៌មាន​អំពី​ភោជនីដ្ឋាន​នៅ​ក្បែរ​ពួកគាត់ ដែល​អាច​ដឹក​ជញ្ជូន​អាហារ​ឲ្យ​ពួកគាត់​បាន ។

ផ្ទុយ​ទៅ​វិញ ស៊ិស្ទើរ ដាន់ ទទូច​ថា​គាត់ និង ស្វាមី​របស់​គាត់​ចង់​យក​អាហារ​ទៅ​ឲ្យ​អ៊ំប្រុស និង អ៊ំស្រី​របស់​ខ្ញុំ ។ ចៃដន្យ​ពួកគាត់​មាន​សម្លរ និង នំបុ័ង​ដែល​ធ្វើ​ដោយ​ដៃ​គាត់​ផ្ទាល់ ហើយ​ម្តាយ​របស់​គាត់​ទើប​តែ​ធ្វើ​នំ​ឃុកឃី ។ ខ្ញុំ​បាន​បដិសេធ ប៉ុន្តែ​គាត់​នៅ​តែ​ទទូច​សុំ​ធ្វើ​រឿង​នោះ ។

ពីរ​បី​ម៉ោង​ក្រោយ​មក បងស្រី ដាន់ បាន​ទូរសព្ទ​មក​ខ្ញុំ ហើយ​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា អ្វីៗ​ទាំងអស់​គឺ​បាន​ល្អ​ហើយ ។ ក្រោយ​មក​ម្តាយ​របស់​ខ្ញុំ​បាន​ទូរសព្ទ​មក​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​អ៊ំ ហ្វ្ល័យ​បាន​និយាយ​អំពី​ការទៅ​សួរសុខ​ទុក្ខ​របស់​បងប្រុស និង​បងស្រី ដាន់ ។ គាត់​បាន​និយាយ​ថា « ទេវតា​ឈ្មោះ​លោក និង អ្នក​ស្រី ដាន់ បាន​មក​ដល់​ផ្ទះ​របស់​បង ។ ពួកគាត់​បាន​មក​ដោយ​យក​អាហារ​ជា​ច្រើន​មក​ផងដែរ​មាន ៖ ផ្លែឈើ បន្លែ សម្ល នំបុ័ង និង នំ​ឃុកឃី ដែល​ធ្វើ​ដោយ​ផ្ទាល់​ដៃ ។ នោះ​ជា​នំ​ឃុកឃី​ដ៏​ឆ្ងាញ់ ដែល​បង​មិន​ធ្លាប់​ហូប​ពី​មុន​មក » ។ ការសួរសុខទុក្ខ​របស់​បងប្រុស និង បងស្រី ដាន់​ជាមួយ​អ៊ំ​ប្រុស​ខ្ញុំ បាន​ជួយ​បំពេញ​តម្រូវការ​ពួកគាត់ ហើយ​ក្រោយ​មក បងប្រុស ដាន់ បាន​បី​អ៊ំស្រី​មីលី​របស់​ខ្ញុំ​ដ៏​ខ្សោយ ដែល​គាត់​បាន​រងទុក្ខ​ដោយ​សារ​ជំងឺ​វង្វេង​ស្មារតី ទៅ​ដាក់​នៅ​លើ​កៅអី​នៅ​ផ្ទះបាយ ដើម្បី​ឲ្យ​បងស្រី ដាន់​បញ្ចុក​អាហារ​គាត់ ។

នៅពេល​អ៊ំ​ហ្វ្ល័យ​បាន​ទូរសព្ទ​មក​ម្តាយ​ខ្ញុំ ប្រាប់​គាត់​អំពី​រឿង​នោះ​គាត់​បាន​យំ ។ គាត់​បាន​និយាយ​ថា គាត់​ពុំ​ធ្លាប់​បាន​ជួប​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស និង មាន​ការខ្វាយខ្វល់​បែប​នេះ​ឡើយ ។ គាត់​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ថា ខ្ញុំ​មាន​សំណាង​ណាស់​ដែល​បាន​រស់នៅ​រដ្ឋ យូថាហ៍ ហើយ​មាន « ពួកមរមន​ទាំង​អស់​នោះ » នៅ​ជុំ​វិញ​ខ្លួន ។

បួន​ថ្ងៃ​ក្រោយ​ពី​ការ​ទៅ​សួរ​សុខទុក្ខ​មក អ៊ំ​ប្រុស ហ្វ្ល័យ​បាន​ដើរ​ទៅ​កាន់​ប្រអប់​សំបុត្រ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​បាន​រអិល​ជើង​ដួល ។ គាត់​បាន​ដួល​បោក​ក្បាល ហើយ​បួន​ថ្ងៃ​ក្រោយ​មក គាត់​បាន​ចែកឋាន​ទៅ ។ ក្រៅ​ពី​គិលានុប្បដ្ឋាយិកា​ដែល​ជា​អ្នក​មើល​ថែ​ពួកគាត់ បងប្រុស និង បងស្រី ដាន់ គឺ​ជា​អ្នក​ចុង​ក្រោយ​គេ​ដែល​អ៊ំ​ប្រុស​របស់​ខ្ញុំ​បាន​ឃើញ​មុន​ពេល​គាត់​ចែកឋាន​ទៅ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​គំរូ​ដូច​ជា​ព្រះគ្រីស្ទ​របស់​បងប្អូន​ស្ត្រី​នៅក្នុង​សមាគម​សង្គ្រោះ​របស់​ខ្ញុំ ដែល​បាន​រស់នៅ​រាប់រយ​គីឡូម៉ែត្រ ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប ដែល​បាន​ជួយ​អ៊ំស្រី និង អ៊ំប្រុស​ខ្ញុំ ។