២០១៦
សេចក្តីស្រឡាញ់​ទល់នឹង​តម្រេក​សម្រើប​
October 2016


សេចក្តីស្រឡាញ់ ទល់​នឹង តម្រេក​សម្រើប

ប្រសិន​បើ​យើង​អាច​យល់​កាន់តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​តម្រេក​សម្រើប នោះ​យើង​អាច​រៀន​ពី​របៀប​ដើម្បី​ចៀស​ផុត​ពី​វា និង​ធ្វើ​ការជ្រើសរើស​ដែល​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

រូបភាព
young couple

តម្រេក​សម្រើប ។

ពិតណាស់​វា​គឺ​ជា​ពាក្យ​មួយ​អសុរោះ ។ ពួកយើង​ភាគច្រើន​ពុំ​ចង់​គិត​ពី​ពាក្យ​នេះ​ឡើយ ហើយ​ក៏​មិន​ចង់​រៀន​ពី​ពាក្យ​នេះ​ដែរ ។ ពាក្យ​នេះ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ខ្ពើម​រអើម អាក្រក់—អារម្មណ៍​ស្រើបស្រាល​ដែល​ខុស​ឆ្គង ។

មាន​ហេតុផល​ល្អ​សម្រាប់​ការណ៍​នោះ ។ ប្រសិនបើ « ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » ( ធីម៉ូថេទី ១ ៦:១០ ) នោះ​ពាក្យ​តម្រេក​សម្រើប​ពិតជា​ទាក់ទង​យ៉ាង​សម្ងាត់​នឹង​ឃ្លា​នេះ ។ វា​មិន​សមរម្យ ហើយ​ថោកទាប ។ តម្រេក​សម្រើប​បង្វែរ​មនុស្ស វត្ថុ និង គំនិត​ឲ្យ​ទៅ​ជា​គោលបំណង​មួយ​ដើម្បី​ធ្វើ​ជា​ម្ចាស់ ឬ ទទួល​បាន​អ្វី​មួយ ដើម្បី​បំពេញ​តាម​បំណង​ប្រាថ្នា​នោះ ។ ប៉ុន្តែ​ប្រសិន​បើ​យើង​ដឹង​ពី​រឿង​នោះ​ហើយ ហេតុអ្វី​យើង​ត្រូវការ​ដឹង​ពី​រឿង​នោះ​ថែម​ទៀត​ដូច្នោះ ?

ដោយសារ​ប្រសិនបើ​យើង​អាច​យល់​បាន​ច្បាស់​ជាង​អំពី​អត្ថន័យ​ពិត​របស់​ពាក្យ តម្រេក​សម្រើប នោះ​យើង​អាច​រៀន​ពី​របៀប​មាន​អំណាច​លើ​គំនិត អារម្មណ៍ និង ទង្វើ​របស់​យើង ប្រយោជន៍​ឲ្យ​យើង​ចៀសផុត និង យក​ឈ្នះលើ​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​តម្រេក​សម្រើប​នោះ ។ ការណ៍​នេះ​នឹង​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បន្សុទ្ធ​គំនិត និង បំណង​ចិត្ត​របស់​យើង ហើយ​ពង្រឹង​យើង ។ ហើយ​វា​នឹង​នាំ​ឲ្យ​មាន​ជីវិត​ដែល​កាន់តែ​សប្បាយ សុខសាន្ត និង អំណរ​ជាង​មុន ។

និយមន័យ​នៃ​ពាក្យ​តម្រេកសម្រើប

យើង​មាន​ទំនោរ​គិត​ថា តម្រេកសម្រើប​គឺ​ការ​មាន​អារម្មណ៍​មិន​សមរម្យ អារម្មណ៍​ទាក់ទាញ​ខាង​រូបកាយ​លើ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​យើង​អាច​មាន​តម្រេក​សម្រើប ឬ លោភ​ចង់​បាន​អ្វីៗ​គ្រប់​យ៉ាង ៖ ប្រាក់​កាក់ ទ្រព្យ​សម្បត្តិ វត្ថុ ប្រាកដ​ណាស់ មនុស្ស​ផ្សេង​ទៀត ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សម្រេក​ស្រើប » ) ។

តម្រេក​សម្រើប​ជំរុញ​មនុស្ស​ឲ្យ​ព្យាយាម​ទទួល​បាន​អ្វី​ដែល​ផ្ទុយ​ទៅ​នឹង​ព្រះឆន្ទៈ​របស់​ព្រះ ។ វា​រួម​មាន​ទាំង​អារម្មណ៍ ឬ ក្តី​ប្រាថ្នា​ដែល​បណ្តាល​ឲ្យ​បុគ្គល​នោះ ផ្តោត​លើ​ទ្រព្យ​សម្បត្តិ​នៃ​លោកិយ ឬ ទម្លាប់​អត្មានិយម—ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន បំណង​ប្រាថ្នា តណ្ហា និង ការស្រែកឃ្លាន—ជា​ជាង​គោរព​តាម​បទបញ្ញតិ​ព្រះ ។

ម្យ៉ាង​ទៀត ការចង់​បាន​នូវ​អ្វីៗ​ដែល​ផ្ទុយ​នឹង​ព្រះទ័យ​របស់​ព្រះ ឬ ការចង់​មាន​បាន​ក្នុង​របៀប​មួយ ដែល​ផ្ទុយ​នឹង​ព្រះទ័យ​ទ្រង់​គឺ​ជា​តម្រេកសម្រើប ហើយ​វា​នាំ​ទៅ​រក​ភាពអពមង្គល ។

រូបភាព
man looking at fancy car

គ្រោះថ្នាក់​នៃ​តម្រេកសម្រើប​ផ្លូវ​ភេទ

ទោះបី​យើង​ត្រូវបាន​ព្រមាន​ទាស់​នឹង​តម្រេកសម្រើប​ក្នុង​លក្ខណៈ​មួយ​ដែល​លោភចង់​បាន​ក្តី តម្រេកសម្រើប​នៅក្នុង​បរិបទ​ខាង​ផ្លូវភេទ​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ ព្រះអង្គសង្គ្រោះ​បាន​ព្រមាន ៖ « អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ » ( ម៉ាថាយ ៥:២៨ ) ។

សាវក​បុរាណ​បាន​ព្រមាន​យ៉ាង​ខ្លាំង​ទាស់​នឹង​តម្រេក​សម្រើប​នៅក្នុង​បរិបទ​នេះ ។ ឧទាហរណ៍ សាវក​យ៉ូហាន​បាន​មាន​ប្រសាសន៍ « ដ្បិត​អស់​ទាំង​សេចក្តី ដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់​ឈាម និង​សេចក្តី​ប៉ងប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្តី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ៍​នេះ​វិញ » ( យ៉ូហានទី ១ ២:១៦ សូមមើល​ផងដែរ ខ​ទី ១៧, រ៉ូម ១៣:១៤, ពេត្រុសទី ១ ២:១១ ) ។

ហើយ​ការព្រមាន​នេះ​បន្ត​មក​ដល់​សព្វថ្ងៃ​នេះ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖ « ហេតុអ្វី​តម្រេកសម្រើប​បែប​នោះ​គឺ​ជា​អំពើ​បាប​ធ្ងន់ធ្ងរ​នោះ ? មែនហើយ បន្ថែម​ពី​លើ​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណទាំងស្រុង ដែល​វាមាន​មក​លើ​ព្រលឹង​របស់យើង នោះ​ខ្ញុំ​គិត​ថា វាគឺជា​អំពើបាប​មួយ ដោយសារ​តែ​វា​បាន​បង្ខូច​ទំនាក់ទំនង​ដ៏​ខ្ពស់ និង បរិសុទ្ធ​បំផុត ដែល​ព្រះបាន​ប្រទាន​មក​ឲ្យ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ—ជា​សេចក្ដី​ស្រឡាញ់​ដែល​បុរស និង ស្រ្តី មាន​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក និង បំណង​ប្រាថ្នា​ដែល​គូស្វាមី​ភរិយា​នោះ ត្រូវ​បង្កើត​កូនចៅ​ក្នុង​គ្រួសារ​មួយ ដែល​ប្រាថ្នា​ចង់​បាន​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។

ការអនុញ្ញាត​ឲ្យ​ក្តីប្រាថ្នា​នៃ​តម្រេកសម្រើប​កើន​ឡើង គឺ​ជា​ឫស​គល់​នៃ​ទង្វើ​ជាច្រើន​ដែល​ពោរពេញ​ដោយ​អំពើបាប ។ អ្វីៗ​ដែល​ទំនង​ជា​សមរម្យ​នៅពេល​ចាប់​ផ្តើម អាច​កើត​ទៅ​ជា​ការផិត​ក្បត់​ដែល​អសីលធម៌ ដែល​មាន​នូវ​លទ្ធផល​ខូចខាត​ជា​ដំណំ ។ នោះ​ក៏​ដោយសារ​តម្រេកសម្រើប​បណ្តេញ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បណ្តាល​ឲ្យ​យើង​ងាយ​ទទួល​ឥទ្ធិពល​នៃ​ការល្បួង​ផ្សេងៗ​ទៀត និង អំពើ​អបាយ​មុខ ព្រមទាំង​ការបញ្ឆោត​នៃ​មាសត្រូវ ។

ជម្រើស​របស់​ស្តេច ដាវីឌ គឺ​ជា​គំរូ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នៃ​ឥទ្ធិពល និង អារម្មណ៍​ឈឺ​ចាប់​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​កើត​ឡើង ។ ដាវីឌ បាន​ជួប​បាតសេបា ងូត​ទឹក​ដោយ​ចៃដន្យ ហើយ​មាន​តម្រេកសម្រើប​ចង់​បាន​នាង ។ តម្រេកសម្រើប​នាំ​ឲ្យ​ធ្វើ​សកម្មភាព ហើយ​ទ្រង់​បាន​ឲ្យ​គេ​នាំ​នាង​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ផ្ទំ​ជាមួយ​នាង ។ ក្រោយ​មក នៅក្នុង​ភាពឆោតល្ងង់ ដើម្បី​ព្យាយាម​លាក់​បាំង​កំហុស​ទ្រង់ នោះ​ដាវីឌ បាន​បញ្ជា​ឲ្យ​ស្វាមី​របស់​បាតសេបា ទៅក្នុង​សមរភូមិ ជា​កន្លែង​ស្វាមី​របស់​នាង​បាន​ស្លាប់ ( សូមមើល សាំយូអែលទី ២ ១១ ) ។ ជា​លទ្ធផល ដាវីឌ បាន​បាត់បង់​ភាពតម្កើងឡើង​របស់​ទ្រង់ ( សូមមើល គ. និង ស. ១៣២:៨–៩ ) ។

ស្ថានភាព​របស់​ដាវីឌ​អាច​ជ្រុល​ហួសហេតុ​ពេក ប៉ុន្តែ​វា​ពិត​ជា​បង្ហាញ​ពី​ចំណុច​នេះ ៖ តម្រេក​សម្រើប​គឺ​ជា​ការល្បួង​មួយ​ដ៏​មាន​ឥទ្ធិពល ។ ការធ្លាក់​លង់​ទៅក្នុង​ឥទ្ធិពល​នេះ​អាច​បណ្តាល​ឲ្យ​យើង​ពាក់ព័ន្ធ​នៅក្នុង​រឿង​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ថា​ពួកគេ​នឹង​ធ្វើ ។ ការពិត​នោះ​គឺ​ថា វា​គ្រោះថ្នាក់ ងាយ​នឹង​ដាស់​អារម្មណ៍​ឡើង ហើយ​មាន​ប្រសិទ្ធភាព​នៅក្នុង​ការល្បួង​យើង​ឲ្យ​ងាកចេញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​នាំ​ឆន្ទៈ​របស់​យើង​ទៅ​រក​អ្វី​ដែល​ហាម​ឃាត់ ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​គ្រោះថ្នាក់​ឡើង ។ វា​អាច​ជំរុញ​ឲ្យ​មើល​ការណ៍​អាសគ្រាម ស្តាប់​ទំនុកបទ​មិន​សមរម្យ ឬ ពាក់ព័ន្ធ​នឹង​ភាពស្និទ្ធស្នាល​ដែល​មិន​សមរម្យ ។ នៅ​ក្នុង​ពេល​ដំណាល​គ្នា​នេះ អារម្មណ៍​ដែល​ពោរពេញ​ដោយ​តម្រេកសម្រើប​អាច​ជំរុញ​ឲ្យ​បុគ្គល​នោះ​ស្វែងរក​ការណ៍​អាសគ្រាម ។ វដ្ត​នៃ​ទំនាក់​ទំនង​នេះ​មាន​ឥទ្ធិពល និង គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

តម្រេកសម្រើប​ខាង​ផ្លូវ​ភេទ​បន្ទាបបន្ថោក និង ធ្វើ​ឲ្យ​ទំនាក់ទំនង​ទាំងអស់​ចុះ​ខ្សោយ ហើយ​ទំនាក់ទំនង​ដ៏​សំខាន់​នោះ​គឺ​ជា​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​ជាមួយ​នឹង​ព្រះ ។ « ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ ដូច​ជា​យើង​បាន​ប្រាប់​ពី​មុន​ថា អ្នក​ណា​ដែល​គ្រាន់តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន ឬ​បើ​សិន​ជា​អ្នក​ណា​មួយ​ប្រព្រឹត្ត​អំពើ​កំផិត​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន នោះ​នឹង​មិន​មាន​ព្រះ​វិញ្ញាណ​ឡើយ ប៉ុន្តែ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​ខ្លាច​ទៅ​វិញ » ( គ. និង ស. ៦៣:១៦ ) ។

ដូច​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ​បង្កើត​ជា​របាំង​មួយ​ទាស់​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាមួយ​នឹង​សមត្ថភាព​លើក​តម្កើង ការបំភ្លឺ និង បង្កើន​កម្លាំង​ទាំងអស់ ។ វា​ភ្ញោច​ឲ្យ​មាន​ការរំភើប​ខាង​រាងកាយ និង ខាង​អារម្មណ៍​យ៉ាង​ខ្លាំងក្លា ។ ពេលនោះ​វា​បង្កើត​អារម្មណ៍​ដែល​មិន​អាច​រម្ងាប់​បាន ដែល​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​ល្មើស​ទៅកាន់​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ជាង​នេះកាន់​តែ​ខ្លាំង » ។

អ្វីៗ​ដែល​មិនមែន​ជា​តម្រេកសម្រើប

រូបភាព
couple walking on the beach

ដោយ​បាន​ពិចារណា​អំពី​អ្វីៗ​ដែល ជា តម្រេកសម្រើប នោះ​វា​សំខាន់​ផងដែរ ដែល​ត្រូវ​យល់​ពី​អ្វី​ដែល មិនមែន ជា​តម្រេកសម្រើប និង ប្រយ័ត្ន​កុំ​ចាត់​ទុក​ថា​គំនិត អារម្មណ៍ និង បំណង​ប្រាថ្នា​សមរម្យ​ថា​ជា​តម្រេកសម្រើប ។ តម្រេកសម្រើក​គឺ​ជា​បំណង​ប្រាថ្នា​មួយ បែប ប៉ុន្តែ​វា​ក៏​មាន​បំណង​ប្រាថ្នា​នានា​ដែល​សុចរិត​ផងដែរ ។ ឧទាហរណ៍ យើង​អាច​មាន​បំណង​ល្អ ហើយ​មាន​អ្វីៗ​សមរម្យ​ដែល​នឹង​ជួយ ឲ្យ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សូម​គិត​ពី​ការណ៍​នេះ ៖

  • បំណង​ប្រាថ្នា​ដើម្បី​មាន​ប្រាក់ ។ នៅក្នុង​បំណង និង ការមាន​ប្រាក់​គឺ​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ។ ប៉ុល ពុំ​បាន​មាន​ប្រសាសន៍​ថា ប្រាក់ ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង​ឡើយ ។ លោក​មាន​ប្រសាសន៍​ថា « ការដែល ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » ( ធីម៉ូថេទី ១ ៦:១០ ការគូសបញ្ជាក់​បាន​បន្ថែម ) ។ ការបង្រៀន​របស់​យ៉ាកុប បន្ថែម​ការគូស​បញ្ជាក់​យ៉ាង​ច្បាស់ ៖ « មុន​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រព្យសម្បត្តិ សូម​អ្នករាល់គ្នា​ស្វែងរក​នគរ​នៃព្រះ​សិន ។ ហើយ​បន្ទាប់ពី​អ្នក​រាល់គ្នា​បាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ នោះអ្នករាល់គ្នា​នឹង​បាន​ទ្រព្យ​សម្បត្តិ បើសិនជា​អ្នក​រាល់គ្នា ស្វែងរក​របស់​ទាំងនោះ ហើយ​អ្នករាល់គ្នា​នឹង​ស្វែងរក​ទ្រព្យ​សម្បត្តិ ដោយ​មាន​បំណង​ចង់ធ្វើ​ល្អ—គឺ​ដើម្បី​បំពាក់​ពួក​អ្នក​អាក្រាត ហើយ​ចិញ្ចឹម​ពួក​អ្នកដែល​អត់ឃ្លាន ហើយ​រំដោះ​ពួក​អ្នកដែល​ត្រូវ​ជាប់​ឃុំឃាំង ហើយ​ជួយសង្គ្រោះ​ដល់ពួក​អ្នកឈឺ និង​ពួក​អ្នក​កំសត់​ទុរគត៌ » ( យ៉ាកុប ២:១៨–១៩ ) ។

  • ការ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ត្រឹមត្រូវ​ចំពោះ​ស្វាមី ឬ ភរិយា​របស់​អ្នក ។ អារម្មណ៍​ទាំង​នេះ​ដែល​បាន​ទទួល​មក​ពី​ព្រះ ជួយ​ពង្រឹង ធ្វើ​ឲ្យ​រឹងមាំ និង ផ្តល់​ភាព​សាមគ្គី​ដល់​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ​វា​អាច មាន អារម្មណ៍​មិន​ត្រឹមត្រូវ​ចំពោះ​ស្វាមី ឬ​ភរិយា​ផងដែរ ។ ប្រសិនបើ​យើង​ព្យាយាម​បំពេញ​តែ​បំណង​ខ្លួនឯង ឬ គ្រាន់តែ​ចម្អែត​ចំណង់ ឬ អារម្មណ៍​របស់​យើង​ផ្ទាល់ នោះ​យើង​អាច​បន្ទន់​ទៅ​តាម​ចំណង់​នៃ​តម្រេកសម្រើប ហើយ​ថា​វា​អាច​បំផ្លាញ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ ។ គន្លឹះ​ដើម្បី​ស្វែងរក និង រក្សា​ភាព​ស្និទ្ធស្នាល​ខាង​រូបកាយ​សមរម្យ​នៅក្នុង​អាពាហ៍ពិពាហ៍ គឺ​ការ​មាន​ចេតនា​បរិសុទ្ធ និង ដោយ​ក្តីស្រឡាញ់ ។

គោលការណ៍​សំខាន់​នោះ​គឺ​ថា ត្រូវ​ស្វែងរក​អ្វីៗ​ក្នុង​គោលបំណង​សុចរិត—ដើម្បី​ស្ថាបនា​នគរ​ព្រះ ហើយ​បង្កើន​ភាព​ល្អ​នៅក្នុង​ពិភពលោក ។ ផ្ទុយ​ទៅ​វិញ តម្រេកសម្រើប​ជំរុញ​យើង​ឲ្យ​ឈាន​ជើង​ចេញ​ពី​ព្រំដែន​ដែល​សមរម្យ​នោះ ជា​ទី​ដែល​បំណង​ប្រាថ្នា​របស់​យើង​អាច​បន្ទាប​តម្លៃ​ព្រះ បដិសេធ​មនុស្ស ហើយ​ផ្លាស់ប្តូរ​វត្ថុ​បំណង ទ្រព្យ​សម្បត្តិ ហើយ​សូម្បី​តែ​អំណាច​ទៅ​ជា​អាក្រក់ ដែល​នាំ​ឲ្យ​អារម្មណ៍​របស់​យើង​ប្រែ​ជា​ខុស ហើយ​បំផ្លាញ​ទំនាក់ទំនង​យើង ។

មូលហេតុ​ដែល​យើង​ទោរទន់​ជា​ញយៗ​ទៅ​តាម​តម្រេកសម្រើប

ដោយ​មាន​ការខូចខាត និង មាន​គ្រោះថ្នាក់​យ៉ាង​ដំណំ​ដែល​កើត​មក​ពី​តម្រេកសម្រើប ហេតុអ្វី​វា​មាន​ការល្បួង និង មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដូច្នេះ ? ជា​ញយៗ​ហេតុអ្វី​យើង​អនុញ្ញាត​ឲ្យ​វា​យក​ឈ្នះ​លើ​យើង​បាន ? តាម​ការប្រមើលមើល វា​ទំនង​ថា ភាព​អាត្មានិយម ឬ ការខ្វះ​នូវ​ការគ្រប់គ្រង​ខ្លួន​ឯង​គឺ​ជា​មូលហេតុ​សំខាន់​នៃ​តម្រេកសម្រើប ។ ទាំង​នោះ​គឺ​ជា​កត្តា​រួម​ចំណែក ប៉ុន្តែ​ជា​ញឹកញាប់​មេ​ឫស​គល់​នៃ​តម្រេកសម្រើប​នោះ​គឺ​ជា​ភាព​ឥតន័យ ។ បុគ្គល​ម្នាក់ៗ​អាច​ទោរទន់​ទៅ​រក​តម្រេកសម្រើប​ដោយ​ការប៉ុនប៉ង​ឥត​ប្រយោជន៍ ដើម្បី​បំពេញ​ភាព​ទំនេរ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ តម្រេកសម្រើប​គឺ​ជា​អារម្មណ៍​ខុសឆ្គង​មួយ ជា​អារម្មណ៍​ជំនួស​ក្តីស្រឡាញ់​បរិសុទ្ធ តម្លៃ​ពិតប្រាកដ និង ភាព​ស៊ូទ្រាំ​ក្នុង​ភាព​ជា​សិស្ស ។

ការគ្រប់គ្រង​អារម្មណ៍​ដោយ​ត្រឹមត្រូវ​ក្នុង​ស្មារតីនេះ គឺ​ជា​ស្ថានភាព​មួយ​នៃ​ដួងចិត្ត ។ « ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ » ( សុភាសិត ២៣:៧ ) ។ ទីណា​ក៏​ដោយ​ដែល​យើង​ដាក់​ចិត្ត និង វិញ្ញាណ​របស់​យើង​ផ្តោតលើ​វា យូរៗ​ទៅ​ក្លាយ​ជា​កម្លាំង​ជំរុញ​មួយ​បង្កប់​ពី​ក្រោយ​គំនិត អារម្មណ៍ និង ទង្វើ​នានា ។ នៅពេល​ណា​ក៏​ដោយ ដែល​យើង​មាន​អារម្មណ៍​ថា​ខ្លួន​យើង​បាន​ល្បួង​ឲ្យ​មាន​តម្រេកសម្រើប នោះ​យើង​ត្រូវតែ​ជំនួស​ការ​ល្បួង​នោះ​ជាមួយ​អ្វី​ដែល​សមរម្យ​ជាង​នោះ ។

ភាព​ខ្ជិល​ច្រអូស​ក៏​អាច​បណ្តាល​ឲ្យ​មាន​គំនិត​តម្រេកសម្រើប​ផងដែរ ។ នៅពេល​យើង​ពុំ​សូវ​មាន​កិច្ចការ​ធ្វើ​នៅក្នុង​ជីវិត​របស់​យើង យើង​មាន​ទំនោរ​កាន់តែ​ងាយ​ទទួល​ឥទ្ធិពល​អាក្រក់ ។ នៅពេល​យើង​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ( សូមមើល គ. និង ស. ៥៨:២៧ ) ហើយ​ព្យាយាម​ប្រើ​ពេលវេលា​របស់​យើង​ឲ្យ​មាន​ប្រយោជន៍ នោះ​យើង​នឹង​មាន​គំនិត​តម្រេកសម្រើប ឬ ឥទ្ធិពល​អវិជ្ជមាន​ផ្សេងៗ​ទៀត​កាន់តែ​តិចតួច ។

ដូច​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ពន្យល់​ថា បំណងប្រាថ្នា​ដែល​យើង​ជ្រើសរើស​ដើម្បី​ធ្វើ​វា​ជះឥទ្ធិពល​មិន​ត្រឹមតែ​លើ​ទង្វើ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​យើង​ប្រែ​ក្លាយ​ផងដែរ ៖ « បំណង​ប្រាថ្នា​បញ្ជា​អាទិភាព​របស់​យើង អាទិភាព​ជះឥទ្ធិពល​លើ​ជម្រើស​របស់​យើង ហើយ​ជម្រើស​កំណត់​ពី​ទង្វើ​របស់​យើង ។ បំណង​ប្រាថ្នា​នានា​ដែល​យើង​ធ្វើ​តាម​កំណត់​ពី​ការផ្លាស់ប្តូរ ស្នាដៃ និង ការប្រែក្លាយ​របស់យើង​ទៅ​ជា​មនុស្ស​បែប​ណា​មួយ​នោះ » ។

ម្យ៉ាង​វិញ​ទៀត យើង​មិន​ត្រឹមតែ​ត្រូវ​ការពារ​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​យើង​ជាប់​ពាក់ព័ន្ធ​នឹង​វា​នោះ​ទេ ប៉ុន្តែ​ត្រូវ​ការពារ​គំនិត​ដែល​ធ្វើ​ឲ្យ​ឆាប់​កើត​ឡើង ឬ បណ្តាល​មក​ពី​អារម្មណ៍​ទាំង​នោះ​ផងដែរ ។ ដូច​អាលម៉ា​បង្រៀន​ថា ប្រសិនបើ​គំនិត​របស់​យើង​ពុំ​បរិសុទ្ធ « គំនិត​របស់​យើង ក៏​នឹង​កាត់ទោស​យើង​ដែរ » ( អាលម៉ា ១២:១៤ ) ។

ថ្នាំ​បន្សាប ៖ សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ

រូបភាព
young married couple

តម្រេកសម្រើប​មិនមែន​ជា​រឿង​ដែល​ចៀស​មិន​បាន​នោះ​ទេ ។ ដោយសារ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​យើង នោះ​យើង​មាន​អំណាច​គ្រប់គ្រង​លើ​គំនិត អារម្មណ៍ និង ទង្វើ​របស់​យើង ។ យើង​ពុំ​ត្រូវ​ស្វែងរក​គំនិត និង អារម្មណ៍​តម្រេកសម្រើប​ឡើយ ។ នៅពេល​មាន​ការល្បួង​កើត​ឡើង យើង​អាច​ជ្រើស​កុំ​ធ្វើ​តាម​អារម្មណ៍​សម្រើប​ទាំង​នោះ ។

តើ​យើង​អាច​យក​ឈ្នះ​លើ​ការល្បួង​នៃ​តម្រេកសម្រើប​ដោយ​របៀប​ណា ? យើង​ចាប់ផ្តើម​ដោយ​បង្កើន​ទំនាក់ទំនង​សមរម្យ​មួយ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង និង ជ្រើស​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។ ហើយ​យើង​ចុះ​ប្រឡូក​ជា​ប្រចាំ​ថ្ងៃ​ទៅក្នុង​ឥរិយាបថ​នៃ​សាសនា រួមមាន​ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ ដែល​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង ។ ចុង​បំផុត គ្រឿង​ផ្សំ​ដ៏​ពិសិដ្ឋ​នោះ​គឺ សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ—បរិសុទ្ធ ស្មោះសរ ស្រឡាញ់​ដោយ​ស្មោះ ដោយ​មាន​បំណង​ស្ថាបនា​នគរ​ព្រះ ហើយ​ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ទ្រង់ ។ សេចក្តីស្រឡាញ់​នោះ​អាច​កើត​មាន​បាន​តែ​នៅពេល​យើង​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។

ការដក​ចេញ​នូវ​តម្រេកសម្រើប​តម្រូវ​ឲ្យ​មាន ការអធិស្ឋាន​ដោយ​អស់​ពី​កម្លាំង​ចិត្ត ជា​ពេល​ដែល​យើង​ទូល​សូម​ដល់​ព្រះ​ឲ្យ​ដក​អារម្មណ៍​ទាំង​នោះ​ចេញ ហើយ​ផ្តល់​ជំនួស​កន្លែង​នោះ​វិញ​នូវ​សេចក្តីស្រឡាញ់​ដ៏​សប្បុរស ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន ដូច​ជា​ការប្រែចិត្ត​ផ្សេងៗ​ទៀត តាម​រយៈ​ព្រះគុណ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារ​ទ្រង់ នោះ​យើង​អាច​រៀន​ស្រឡាញ់​តាម​របៀប​ដែល​ទ្រង់ និង ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​ពួកយើង ។

នៅពេល​យើង​បន្ត​ផ្តោត​ចិត្ត​ទុកដាក់​លើ​ព្រះវរបិតាសួគ៌​របស់​យើង នៅពេល​យើង​រស់នៅ​ស្រប​តាម​បទបញ្ញតិ​ធំៗ​ទាំង​ទី​មួយ និង ទី​ពីរ—ស្រឡាញ់​ព្រះអម្ចាស់ និង អ្នក​ជិតខាង​ខ្លួន​ឲ្យ​ដូច​ខ្លួន​ឯង ( សូមមើល ម៉ាថាយ ២២:៣៦–៣៩ )—ហើយ​នៅពេល​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​រស់នៅ​ដូច​ដែល​ទ្រង់​បាន​បង្រៀន នោះ​បំណង​ចិត្ត​បរិសុទ្ធ និង ស្មោះត្រង់​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ជីវិត​របស់​យើង ។ នៅពេល​រួបរួម​ឆន្ទៈ​របស់​យើង​ជាមួយ​នឹង​ព្រះឆន្ទៈ​របស់​ព្រះវរបិតា នោះ​ការល្បួង និង ឥទ្ធិពល​នៃ​តម្រេកសម្រើប​ត្រូវបាន​កាត់បន្ថយ ហើយ​ជំនួស​ដោយ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ នោះ​យើង​នឹង​ពោរពេញ ដោយ​សេចក្តីស្រឡាញ់​របស់​ព្រះ ដែល​ជំនួស​បំណង​អាក្រក់​នៃ​លោកិយ​ដោយ​សម្រស់​នៃ​ការស្ថាបនា​នគរ​ព្រះ ។

កំណត់​ចំណាំ

  1. សូមមើល ដាល្លិន អេក អូក « Joy and Mercy » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៧៥ និង ថូម៉ាស អេស ម៉នសុន « Finishers Wanted » Ensign ខែ កក្កដា ឆ្នាំ ១៩៧២ ទំព័រ ៦៩ ។

  2. សម្រាប់​ឧទាហរណ៍​មួយ​ចំនួន​ទៀត សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២១, ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « President Kimball Speaks Out on Morality » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨០ ទំព័រ ៩៤–៩៨ នែល អេ ម៉ាក់ស្វែល « The Seventh Commandment: A Shield » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៧៨–៨០ រ័សុល អិម ណិលសុន « Where Is Wisdom ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៦–៨ ។ សម្រាប់​ការព្រមាន​បន្ថែម​ទៀត​មក​ពី​ព្រះគម្ពីរ​ទាស់​នឹង​តម្រេកសម្រើប សូម​មើល​ប្រធានបទ​ដូចតទៅ​នេះ​នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ អំពើ​សហាយស្មន់, អំពើ​កាមរាគ, ព្រហ្មចារីភាព, លោភលន់, សេចក្តីកំផិត, ការរួមភេទដូចគ្នា, តម្រេកសម្រើប, កាម​រាគ, ខាង​កាមរាគ​, ភាព​មិន​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។

  3. ជែហ្វ្រី អ័រ ហូឡិន « Place No More for the Enemy of My Soul » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៤–៤៥ ។

  4. សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រធាន​បទ​នេះ សូមមើល ដាល្លិន អេក អូក « Recovering from the Trap of Pornography » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៥០ ។

  5. រីឆាដ ជី ស្កត « Making the Right Choices » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៣៨ ។

  6. ដាល្លិន អេក អូក « Desire » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤២ ។

  7. សូមមើល ឧទាហរណ៍ ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨–៤១ ។