២០១៦
ដំណើរ​រឿង​អំពី​ស្តូរី
October 2016


កុមារ​ដែល​ឈរ​រឹងប៉ឹង

ដំណើរ​រឿង​អំពី ស្តូរី

រូបភាព
a story about Story

ជម្រាបសួរ​មិត្តភក្តិ​ទាំងអស់​គ្នា !

ខ្ញុំ​ឈ្មោះ ស្តូរី ។ ខ្ញុំ​រស់នៅ​តួកម៉េនីស្ថាន ។ វា​ជា​ប្រទេស​មួយ​នៅ​អាស៊ី​កណ្តាល ។ ខ្ញុំ​ចូលចិត្ត​អាន គូរគំនូរ និង ដេរប៉ាក់ ។ ខ្ញុំ​ចូលចិត្ត​មើល​ផ្កាយ​នា​ពេល​រាត្រី​ជាមួយ​ប៉ា​របស់​ខ្ញុំ ។ មាន​តែ​គ្រួសារ​ខ្ញុំ និង ខ្ញុំ​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​សាសនាចក្រ​ក្នុង​ប្រទេស​នេះ​ទាំង​មូល !

ការអធិស្ឋាន​សម្រាប់​មីស៊ី

ថ្ងៃ​មួយ​បន្ទាប់​ពី​មាន​ព្យុះ​មួយ​ដ៏​ខ្លាំង មិត្តភក្តិ​ខ្ញុំ​ឈ្មោះ មីស៊ី បាន​បាត់​ឆ្មា​របស់​នាង ។ យើង​បាន​រកមើល​វា​សព្វ​ទីកន្លែង ប៉ុន្តែ​ពុំ​អាច​រក​វា​ឃើញ​ឡើយ ។ ខ្ញុំ​បាន​និយាយ​ថា យើង​អាច​អធិស្ឋាន ។ មិត្តភក្ដិ​របស់​ខ្ញុំ​ពុំ​ចេះ​អធិស្ឋាន​ឡើយ ដូច្នេះ​ខ្ញុំ​បាន​បង្ហាញ​ពួកគេ ។ យើង​ទាំងអស់​គ្នា​បាន​លុត​ជង្គង់​ចុះ យើង​ម្នាក់ៗ​បាន​អធិស្ឋាន​រៀងៗ​ខ្លួន ។ បន្ទាប់មក ពួកយើង​បាន​ក្រោក​ឡើង ហើយ​ចាប់ផ្តើម​ក្រឡេក​មើល​ម្ដងទៀត។ មាន​ក្មេង​ស្រី​ម្នាក់​បាន​រត់​មក ហើយ​ប្រាប់​ថា​នាង​បាន​ឃើញ​មីស៊ី​ហើយ ! ខ្ញុំ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​អាច​ចែកចាយ​ផ្នែក​មួយ​នៃ​ដំណឹង​ល្អ​ជាមួយ​មិត្ត​របស់​ខ្ញុំ ។

យើង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក

បងស្រី​របស់​ខ្ញុំ សារ៉ាយ ហើយ​នឹង​ខ្ញុំ​បាន​ចូល​រៀន​ជាមួយ​ក្មេងៗ​ជាច្រើន​មក​ពី​ប្រទេស​ជាច្រើន ។ យើង​ចូលចិត្ត​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ភាព​សប្បាយ​រីករាយ ។

វត្ថុ​កែច្នៃ​ដោយ​ដៃ និង ភាព​រីករាយ

សារ៉ាយ និង ខ្ញុំ​បាន​អញ្ជើញ​មិត្តភក្តិ​របស់​យើង​មក​លេង​ជាមួយ​យើង ។ យើង​បាន​លាប​ថ្នាំ ធ្វើ​វត្ថុ​កែច្នៃ​ដោយ​ដៃ និង ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ។ នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ យើង​មាន​ការសម្តែង​ដ៏​ធំ​មួយ​ជាមួយ​មិត្តភក្តិ​ជិតខាង​របស់​យើង ។

ព្រះវិហារ​នៅ​ឯ​ផ្ទះ

ដោយសារ​មាន​តែ​គ្រួសារ​យើង​ជា​សមាជិក​សាសនាចក្រ នោះ​យើង​មាន​ព្រះវិហារ​នៅ​ផ្ទះ​របស់​យើង ។ យើង​មាន​ការប្រជុំ​សាក្រាម៉ង់ ច្រៀងចម្រៀង ពេលវេលា​ចែកចាយ និង មេរៀន​ថ្នាក់​បឋមសិក្សា ។ ខ្ញុំ​បាន​លេង​ព្យាណូ​ពេល​ច្រៀង​ចម្រៀង ។