២០១៦
ពេលវេលា​សមស្រប​សម្រាប់​ពង្សប្រវត្តិ
October 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ពេលវេលា​សមស្រប​សម្រាប់​ពង្សប្រវត្តិ

រូបភាព
a season for family history

រចនា​រូបភាព​ដោយ វិលសុន អ៊ុង

ជា​ម្តាយ​ដែល​មាន​កូនស្រី​តូច​ពីរ​នាក់ ខ្ញុំ​តែងតែ​ដោះសារ​ថា ខ្ញុំ​ពុំ​អាច​ចូលរួម​ក្នុង​កិច្ចការ​នានា​ដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ ដោយសារ​វា​មិនមែន​ជា « ពេលវេលា​សមស្រប » ដើម្បី​ធ្វើ​វា​ឡើយ ។ កិច្ចការ​មួយ​នៃ​កិច្ចការ​ទាំង​នោះ​គឺ​ជា​កិច្ចការ​ពង្សប្រវត្តិ ។

ទោះបីជា​ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ការធ្វើ​លិបិក្រម ដែល​ជា​សកម្មភាព​ដ៏​មាន​អំណរ​មួយ​នា​ថ្ងៃ​ឈប់​សម្រាក​កាល​ពី​មុន​ក្តី ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​ដោះសារ​ថា ខ្ញុំ​គ្មាន​ពេល ហើយ​ក៏​មិន​ចេះ​កិច្ចការ​ដែល​ទាក់ទង​នឹង​ពង្សប្រវត្តិ​របស់​ខ្ញុំ​នៅ​គ្រា​នោះ​ឡើយ ។

នា​ព្រឹក​មួយ​កាល​ពី​ពីរបីខែ​កន្លង​មក​នេះ ចិត្ត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ពេល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ខ្ញុំ​ពិនិត្យ​មើល​ឈ្មោះ​នានា​របស់​មរណជន​នៅ​លើ​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ ដោយ​អធិស្ឋាន​ថា​ពួកគេ​នឹង​ទទួល​យក​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​ពួកគេ នោះ​ខ្ញុំ​បាន​គិត​ដោយ​ខ្លួន​ឯង​ថា « តើ​វា​ល្អ​ដែរ​ឬ​ទេ ប្រសិនបើ​ឈ្មោះ​ទាំង​នេះ​គឺ​ជា​សមាជិក​គ្រួសារ​ខ្ញុំ​ផ្ទាល់ ? ខ្ញុំ​ចង់​ធ្វើ​កិច្ចការ​នោះ​សម្រាប់​ពួកគេ » ។ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ខ្ញុំ​ថា ប្រសិនបើ​នេះ​គឺ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ នោះ​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​របស់​ខ្ញុំ ជាពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ទ្រង់​អាច​ជួយ​ខ្ញុំ​រក​ពេលវេលា និង ចំណេះដឹង​ដើម្បី​សម្រេច​ព្រះរាជ្យ​បំណង​របស់​ទ្រង់ ។

នៅ​ថ្ងៃ​អាទិត្យ​នោះ ខ្ញុំ​បាន​ទៅ​ផ្ទះ​ហើយ​ចុះ​ឈ្មោះ​ចូល​ក្នុង​គេហទំព័រ FamilySearch.org ។ ខ្ញុំ​បាន​យំ​ភ្លាម កាល​ខ្ញុំ​បាន​ឃើញ​ឈ្មោះ​ជីដូនជីតា​របស់​ខ្ញុំ ។ ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ពួកគាត់​ប្រែ​កាន់តែ​ខ្លាំង​ឡើង ។ អ្វី​មួយ​ដែល​បន្ថែម​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ពួកគាត់​នោះ​គឺ​រូបថត និង ឯកសារ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់ ដែល​ថ្មី​នេះៗ​បាន​បន្ថែម​ដោយ​ជីដូន​របស់​ខ្ញុំ ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ខ្ញុំ​ប្រែ​ជា​សំខាន់​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​ដែល​មាន​កូនស្រី​ខ្ញុំ​អាយុ​ពីរ​ឆ្នាំ ដែល​រៀន​រក​រូបភាព​ជីតាទួត និង ជីដូនលា ដោយ​ហៅ​ឈ្មោះ​ពួកគាត់​ម្នាក់ៗ ។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា ៖ « ថ្ងៃ​ឈប់​សម្រាក ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ ។ ប្រាកដ​ណាស់ ព្រះ​មាន​ព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ ដែល​ជា​កូនចៅ​ទ្រង់ ត្រឡប់​ទៅ​រក​ទ្រង់​វិញ ជា​ពួក​បរិសុទ្ធ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្រួសារ និង ជាមួយ​បុព្វការីជន និង សណ្ដាន​ក្រោយ​របស់​យើង » ( « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ) ។

ចាប់​តាំង​ពី​មាន​បទពិសោធន៍​នេះ​មក ខ្ញុំ​បាន​បន្ត​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ខ្ញុំ​មាន​ពរ​ដើម្បី​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​គ្រួសារ​ខ្ញុំ​ដែល​បាន​ចែក​ឋាន ។ ពរជ័យ​ពិសេស​មួយ​គឺ​ការរៀន​អំពី​សាច់​ញាតិ​របស់​ខ្ញុំ ហើយ​ទទួល​បាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ជីដូនជីតា​ខ្ញុំ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​របស់​យើង ។ វា​បាន​ពង្រឹង​ការតាំងចិត្ត​របស់​ខ្ញុំ ដើម្បី​រក្សា​សេចក្តី​សញ្ញា​ខ្ញុំ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​មាន​តំណ​រឹងមាំ​នៅក្នុង​គ្រួសារ​អស់កល្ប ។

ទោះបី​ជា​នៅ​មាន​កិច្ចការ​ជាច្រើន​ត្រូវ​ធ្វើ​ក្តី ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌ សម្រាប់​ការបង្កើន​សមត្ថភាព​របស់​ខ្ញុំ ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​ចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់ ជាពិសេស​ក្នុង​ជំនាន់​របស់​ទ្រង់ ។ ចំពោះ​ខ្ញុំ​ថ្ងៃ​ឈប់​សម្រាក គឺ​ពិត​ជា​ថ្ងៃ​ដ៏​រីករាយ​មួយ ។