២០១៦
មេទ័ព​មរ៉ូណៃ​បាន​ជួយ​ខ្ញុំ​បង្រៀន​ថ្នាក់​អនុវិទ្យាល័យ
October 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

មេទ័ព​មរ៉ូណៃ​បាន​ជួយ​ខ្ញុំ​បង្រៀន​ថ្នាក់​អនុវិទ្យាល័យ

រូបភាព
captain Moroni helped me teach middle school

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​មាន​ការលំបាក​ក្នុង​ការបង្រៀន​សិស្ស​អាយុ​ពី ១៣ និង ១៤ ឆ្នាំ ។ ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ពី​ការប្រជុំ​ដ៏​ស្មុគស្មាញ​មួយ ជាមួយ​ជំនួយ​ការ​នាយក​សាលា ដែល​ប្រជុំ​ទាក់ទង​នឹង​ការវាយ​តម្លៃ​ក្នុង​ពេល​ថ្មីៗ​នេះ ។ ការធ្វើ​ជា​គ្រូបង្រៀន​ថ្មោងថ្មី ហើយ​ចាំបាច់​ត្រូវ​បង្កើត​មេរៀន​ជាច្រើន​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​មាន​ការលំបាក​ក្នុង​ការផ្តោត​អារម្មណ៍ និង រក្សា​ចំណាប់​អារម្មណ៍​សិស្ស ។ សរុបមក ការសុន្ទនា​ក្នុង​ការប្រជុំ​នោះ​បាន​ផ្ដល់​យោបល់​ថា​ឲ្យ​ខ្ញុំ​បង្ខំ​សិស្ស​ធ្វើ​ការជ្រើសរើស—ធ្វើ​កិច្ចការ ឬ ក៏​មាន​បញ្ហា—ហើយ​ធ្វើ​តាម​ការព្រមាន​ដាស់តឿន​របស់​ខ្ញុំ ។

ខ្ញុំ​មាន​អារម្មណ៍​កើត​ទុក និង ស្មុគស្មាញ​ពេល​ចេញ​ពី​ប្រជុំ ។ ខ្ញុំ​បាន​យក​ការប្រជុំ​នេះ​ទុក​ជា​សំណួរ​ប្រចាំ​ថ្ងៃ​នោះ កាល​ដែល​ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​នោះ ។ អស្ចារ្យ​ណាស់ ខ្ញុំ​បាន​ទទួល​ចម្លើយ​កាល​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​រៀន​ពី​ព្រះគម្ពីរ​នា​ព្រឹក​នោះ អំពី​របៀប​ដើម្បី​ធ្វើ​ជា​គ្រូបង្រៀន​កាន់តែ​ប្រសើរ​ឡើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ខ្ញុំ កាល​ខ្ញុំ​បាន​អាន​អំពី​មេទ័ព​មរ៉ូណៃ​នៅក្នុង អាលម៉ា ៤៤ ។ ក្នុង​រឿង​ត្រង់​ចំណុច​នេះ មេទ័ព​មរ៉ូណៃ និង ពួកសាសន៍​នីហ្វៃ​បាន​ឡោម​ព័ទ្ធ​សាសន៍​លេមិន​នៅ​ទន្លេ ស៊ីដូន ហើយ​បាន​បន្លាច​ពួកគេ ដែល​ធ្វើ​ឲ្យ​ពួកសាសន៍​លេមិន​បាន​ទម្លាក់​អាវុធ​ខ្លួន​ចុះ ។ ខ្ញុំ​បាន​បន្ត​អាន​ទៀត ដោយ​គិត​អំពី​របៀប​ដែល​ខ្ញុំ​ចង់​ក្លាយ​ដូច​ជា​មេទ័ព​មរ៉ូណៃ​នៅក្នុង​ថ្នាក់​រៀន ៖ បញ្ជា មាន​ទំនុកចិត្ត និង មាន​ជោគជ័យ ។

ខ្ញុំ​បាន​អាន​ការសុន្ទនា​នោះ ហើយ​កត់សម្គាល់​ឃើញ​ថា មរ៉ូណៃ​បាន​ប្រាប់ សេរ៉ាហិមណា និង សាសន៍​លេមិន​ថា ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​ជ្រើសរើស ៖ « ឲ្យ​អ្នក​ប្រគល់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​មក​យើង … យើង​នឹង​លើកលែង​ជីវិត​ឲ្យ​អ្នក បើ​សិន​ជា​អ្នក​ចេញ​ទៅ ហើយ​ឈប់​មក​ធ្វើ​សង្គ្រាម​នឹង​យើង​ទៀត » ឬ « បើ​សិន​ជា​អ្នក​មិន​ធ្វើ​យ៉ាង​នេះ​ទេ…ខ្ញុំ​នឹង​បញ្ជា​ទ័ព​របស់​ខ្ញុំ​ឲ្យ​វាយ​មក​លើ​អ្នក » ( អាលម៉ា ៤៤:៦, ៧ ) ។ ខ្ញុំ​បាន​ដឹង​ថា គាត់​កំពុង​ធ្វើ​អ្វី​ដែល​អ្នក​គ្រប់គ្រង​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ ! គាត់​បាន​និយាយ​ថា « ចូរ​ឲ្យ​ជម្រើស​ពីរ​ដល់​ពួកគេ ហើយ​ធ្វើ​ការតាមដាន » ។ ដោយ​មាន​គំនិត​នោះ​ក្នុង​ចិត្ត ខ្ញុំ​បាន​អនុវត្ត​តាម​បាវចនា​របស់​មរ៉ូណៃ « មើល​ចុះ យើង​នឹង​បញ្ចប់​ចម្បាំង​នេះ » ( អាលម៉ា ៤៤:១០ ) ។

ដោយ​មាន​គោលការណ៍​នេះ​ជា​អាវុធ​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ព្រះគម្ពីរ​មក​ពី​វីរជន​ម្នាក់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ថ្នាក់​រៀន​វិញ ដោយ​មាន​ទំនុកចិត្ត​ជាមួយ​នឹង​ផែនការ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​រូប​ចម្លាក់​មេទ័ព​មរ៉ូណៃ ហើយ​ខ្ញុំ​ដាក់​រូបនោះ​នៅក្នុង​ហោប៉ៅ​អាវ​របស់​ខ្ញុំ រហូត​ដល់​ចុង​ឆ្នាំ​ដែល​ខ្ញុំ​បង្រៀន ដើម្បី​ជា​ការរំឭក​ពី​របៀប​ដែល​មេទ័ព​មរ៉ូណៃ បាន​បង្រៀន​ខ្ញុំ​ឲ្យ​គ្រប់គ្រង​ថ្នាក់​អនុវិទ្យាល័យ​នោះ ។ នៅពេល​ខ្ញុំ​បាន​ផ្តល់​ជម្រើស​ពីរ​ដល់​សិស្ស​របស់​ខ្ញុំ​មក អាកប្បកិរិយា​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ហើយ​ពួកគេ​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន ហើយ​យើង​បាន​ស្រុះស្រួល​នឹង​គ្នា​បាន​ប្រសើរ​ឡើង ។ ឆ្នាំ​សិក្សា​បាន​បញ្ចប់ ហើយ​វា​នៅ​តែ​មាន​ការលំបាក ប៉ុន្តែ​ដោយ​មាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន និង ឥទ្ធិពល​នៃ​ព្រះគម្ពីរ នោះ​ខ្ញុំ​អាច « បញ្ចប់​ចម្បាំង​នេះ » ។