២០១៦
ការតមអាហារ និង ការអធិស្ឋាន​សម្រាប់ អិមម៉ា
October 2016


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

ការតមអាហារ និង ការអធិស្ឋាន​សម្រាប់ អិមម៉ា

អ្នក​និពន្ធ​រស់នៅ​ក្នុង​តំបន់​រដ្ឋធានី​នៃ​ប្រទេស​ដាណឺម៉ាក ។

បន្ទាប់​ពី​កូនស្រី​របស់​ខ្ញុំ​ធ្លាក់​តាម​មាត់​បង្អួច​មក ខ្ញុំ​បាន​គិត​ថា ការភ័យខ្លាច​ដ៏​ខ្លាំង​របស់​យើង​បាន​ក្លាយ​ជា​ការពិត ។

រូបភាព
windows in Denmark

រូប​ថត © iStock/Thinkstock

គ្រួសារ​ខ្ញុំ​ទើប​ត្រឡប់​មក​ពី​វិស្សមកាល​មួយ​ដ៏​រីករាយ ។ បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​ហើយ ខ្ញុំ​បាន​ទុក​កូន​ពីរ​នាក់​របស់​យើង ម្នាក់​អាយុ​បួន​ឆ្នាំ ម៉ាឃើស ហើយ​ម្នាក់​ទៀត​អាយុ​បី​ឆ្នាំ អិមម៉ា ឲ្យ​លេង​នៅ​គ្រែ​ដេក​ជាន់​ខាង​លើ​នៅ​ជាន់​ទី​បួន​ក្នុង​ផ្ទះ​យើង ។ នៅក្នុង​ប្រទេស​ដាណឺម៉ាក គេ​បើក​បង្អួច​ដូច​ជា​បង្ហា ។ ជាទូទៅ​បង្អួច​ត្រូវបាន​ចាក់​គន្លឹះ ប៉ុន្តែ​យើង​បាន​ទុក​វា​ឲ្យ​ហើប​បន្តិច​អំឡុង​ពេល​វិស្សមកាល​របស់​យើង ប្រយោជន៍​ឲ្យ​ផ្ទះ​របស់​យើង​មាន​ខ្យល់​ចេញ​ចូល​អំឡុង​ពេល​ដំណើរ​កម្សាន្ត​របស់​យើង​នោះ ។

ខណៈ​ដែល​ខ្ញុំ​កំពុង​លាង​ចាន ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​អាក្រក់​បាន​កើត​ឡើង ។ ខ្ញុំ​បាន​រត់ចូល​ទៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ នៅពេល​ម៉ាឃើស កំពុង​រត់​ចុះ​ជណ្តើរ ។ គាត់​បាន​ស្រែក​ដោយ​ភិតភ័យ ដោយ​និយាយ​ថា អិមម៉ា​បាន​ធ្លាក់​តាម​បង្អួច—បង្អួច​នោះ​មាន​កម្ពស់​ប្រហែល ១២ ម៉ែត្រ​ពី​លើ​ផ្លូវ​ដើរ​ដែល​មាន​ក្រាល​ស៊ីម៉ង់ ។ ខ្ញុំ​បាន​រត់​ចុះ​ជណ្តើរ​ដោយ​ស្រែក​ហៅ​ឈ្មោះ​អិមម៉ា​ម្តង​ហើយ​ម្តង​ទៀត ។ ខ្ញុំ​បាន​ឃើញ​កូនស្រី​តូច​របស់​ខ្ញុំ ដេក​លើ​កម្រាល​ស៊ីម៉ង់​នោះ ដូច​ជា​ស្លាប់ ។ នាង​បាន​ទន់ខ្លួន​ទាំងស្រុង កាល​ខ្ញុំ​បាន​លើក​នាង​ឡើង ហើយ​ខ្ញុំ​បាន​គិត​ថា នាង​ស្លាប់​ហើយ ។ ស្វាមី​របស់​ខ្ញុំ​ដែល​រត់​តាម​ខ្ញុំ​ពី​ក្រោយ​មក​ក្រៅ​ផ្ទះ​នោះ បាន​លើក​បី​នាង​ឡើង ហើយ​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​នាង ។

ភ្លាម​នោះ​ឡាន​ពេទ្យ​បាន​មក ហើយ​ម៉ាឃើស និង ខ្ញុំ​បាន​អធិស្ឋាន​ខណៈ​ដែល​ជំនួយការ​វេជ្ជបណ្ឌិត​កំពុង​ជួយ​អិមម៉ា ។ មិន​យូរ​ប៉ុន្មាន យើង​ទាំងអស់​គ្នា​បាន​ជិះ​ក្នុង​ឡាន​ពេទ្យ​ហើយ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ ។

នៅ​ឯ​បន្ទប់​សង្គ្រោះ​បន្ទាន់ យើង​បាន​ជួប​នឹង​សមាជិក​គ្រួសារ​យើង​ដែល​បាន​មក​ជួយ​ពួកយើង ។ ម៉ាឃើស បាន​ទៅផ្ទះ​វិញ​ជាមួយ​បងប្អូន​ជីដូន​មួយ​គាត់ ហើយ​ស្វាមី​ខ្ញុំ និង ខ្ញុំ​បន្ត​នៅ​ទីនោះ ដោយ​ពុំ​ទាន់​ដឹង​ពី​ស្ថានភាព​របស់​អិមម៉ា​នៅ​ឡើយ ។

បន្ទាប់​ពី​រង់ចាំ​អស់​ពេល​ជា​យូរ​មក វេជ្ជបណ្ឌិត​មួយ​រូប​បាន​ចេញ​មក ហើយ​បាន​សាកសួរ​ព័ត៌មាន​លម្អិត​ពី​គ្រោះថ្នាក់​នោះ ។ ពួកគាត់​បាន​និយាយ​ថា ជា​ធម្មតា​ការធ្លាក់​ពី​កម្ពស់​បែប​នោះ​នឹង​ធ្វើ​ឲ្យ​មាន​របួស​គ្រាំ​ក្នុង ហើយ​មាន​ឱកាស​នៅ​រស់​តិចតួច​ណាស់ ។ អិមម៉ា​បាក់​ឆ្អឹង​ត្រគាក ហើយ​ក្រឡក​ខួរក្បាល ប៉ុន្តែ​ស្នាម​រលាត់​នោះ​គឺ​នៅ​សើៗ​ខាង​លើ​ប៉ុណ្ណោះ ។ វេជ្ជបណ្ឌិត​នោះ​បាន​និយាយ​ថា ទេវតា​បាន​ទ្រ​នាង ។

ទោះបី​ការនៅ​រស់រាន​មាន​ជីវិត​របស់​អិមម៉ា​ជា​អព្ភូតហេតុ​ក្តី នាង​នៅ​តែ​សន្លប់​បាត់​ស្មារតី ដោយសារ​ការប៉ះទង្គិច​ក្បាល ។ ស្វាមី​ខ្ញុំ និង មិត្តភក្តិ​ជិតស្និទ្ធ​ពីរ​នាក់​ទៀត​បាន​ប្រសិទ្ធពរ​ដល់​អិមម៉ា​ម្តង​ទៀត ។ នៅក្នុង​ការប្រសិទ្ធពរ​នោះ នាង​ត្រូវបាន​សន្យា​ថា នឹង​បាន​ជា​សះស្បើយ​ទាំងស្រុង ដោយ​គ្មាន​បញ្ហា​អ្វី​នៅ​សល់​ទៀត​ឡើយ ហើយ​ថា​ការណ៍​នេះ​នឹង​ក្លាយ​ជា​បទពិសោធន៍​វិជ្ជមាន​មួយ​នៅ​ក្នុង​ជីវិត​របស់​នាង ។ ខ្ញុំ​មាន​អារម្មណ៍​អរគុណ​ជា​ខ្លាំង ដល់​ព្រះចេស្តា​នៃ​បព្វជិតភាព ។ ការទូលអង្វរ​ពេញ​មួយ​យប់​របស់​ខ្ញុំ​បាន​ទទួល​ចម្លើយ ។

បួន​ថ្ងៃ​ក្រោយ​មក អិមម៉ា​បាន​ដឹង​ខ្លួន​ឡើង​វិញ ។ អំឡុង​ពេល​បួន​ថ្ងៃ​នោះ មិត្តភក្តិ សមាជិក​សាសនាចក្រ និង អ្នក​ដទៃ​ទៀត​បាន​តម​អាហារ និង អធិស្ឋាន​សម្រាប់​នាង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​ពួកបរិសុទ្ធ​ស្មោះត្រង់​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ គាំទ្រ​គ្រួសារ​ខ្ញុំ និង ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​បាន​ឱប​ខ្ញុំ ហើយ​លួងលោម​ចិត្ត​ខ្ញុំ ។

ស្តេក​របស់​យើង​បាន​ធ្វើ​ការតម​អាហារ​នៅ​មួយ​ថ្ងៃ​មុន​នាង​បាន​ដឹង​ខ្លួន​ឡើង​វិញ ។ យើង​ជឿ​ថា​ព្រះវរបិតាសួគ៌​បាន​ស្តាប់​ការអធិស្ឋាន​របស់​យើង ហើយ​ថា​ការដឹង​ខ្លួន​របស់​អិមម៉ា​គឺ​ជា​លទ្ធផល​ផ្ទាល់​ដែល​កើត​មក​ពី​ការតម​នេះ ។ ចាប់តាំង​ពី​នោះ​មក​អិមម៉ា​បាន​ជា​សះស្បើយ​ទាំងស្រុង ។ ចាប់តាំង​ពី​គ្រោះថ្នាក់​នោះ​មក​បាន​ប្រាំ​ថ្ងៃ​នាង​អាច​និយាយ​បាន​វិញ ហើយ​ប្រាំបួន​ថ្ងៃ​ក្រោយមក​នាង​បាន​ចេញ​ពី​មន្ទីរពេទ្យ ។ នាង​បាន​នៅ​លើ​កៅអី​រុញ​អស់​រយៈពេល​ប្រាំ​សប្តាហ៍ ហើយ​ក្រោយ​មក​បាន​ចាប់ផ្តើម​ទទួល​ការព្យាបាល​ដោយ​ចលនា ។

ប្រហែល​មួយ​ខែ បន្ទាប់​ពី​គ្រោះថ្នាក់​នោះ​មក ខ្នង​របស់​ខ្ញុំ​បាន​ឈឺ​ដោយសារ​តែ​ការលើក​អិមម៉ា ។ អារម្មណ៍​នៃ​ភាពទន់ខ្សោយ​ទាំង​ខាង​រូបកាយ និង ខាង​វិញ្ញាណ​បាន​សន្ធប់​លើ​រូប​ខ្ញុំ ។ តើ​ខ្ញុំ​អាច​បន្ត​មើល​ថែ​នាង​យ៉ាង​ដូចម្តេច ?

នា​យប់​មួយ​អារម្មណ៍​បន្ទោស​ខ្លួន​ឯង​ដែល​មាន​ភាពទន់ខ្សោយ​នោះ បាន​ប្រែ​កាន់តែ​ធ្ងន់​ឡើង​ដែល​មិន​អាច​ទ្រាំទ្រ​បាន ។ ខ្ញុំ​បាន​ចេញ​ពី​ផ្ទះ ហើយ​បាន​ឃើញ​កៅអី​វែង​មួយ​នៅ​សួន​ឧទ្យាន ជា​កន្លែង​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​អស់​ប្រហែល​ជា​មួយ​ម៉ោង ។ នោះ​ជា​គ្រា​ដំបូង​នៅ​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​ទទួល​អំណាច​ដ៏​មហិមា​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​លើ​រូប​ខ្ញុំ ។ គ្រប់​ការឈឺចាប់ និង ទុក្ខព្រួយ​ដែល​ខ្ញុំ​បាន​រែក​ពន់​ត្រូវបាន​ដក​ចេញ​ពី​រូប​ខ្ញុំ បន្ទុក​ទាំងអស់​របស់​ខ្ញុំ​ត្រូវបាន​សម្រាល​ពី​ស្មា​របស់​ខ្ញុំ បន្ទាប់​ពី​ការអធិស្ឋាន​នោះ ។ អិមម៉ា​បន្ត​ជិះ​រទេះ​រុញ ហើយ​ខ្ញុំ​បាន​ទទួល​ការព្យាបាល​ខ្នង​របស់​ខ្ញុំ​ជាទៀងទាត់ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​ពង្រឹង​ឲ្យ​បន្ត​ឆ្ពោះ​ទៅ​មុខ​ទៀត ។

មួយ​ឆ្នាំ​ក្រោយ​មក អិមម៉ា​អាច​រត់ សើច និទាន​រឿង ហើយ​គិតគូរ​ដូច​ជា​កូន​ក្មេង​អាយុ​បួន​ឆ្នាំ ។

យើង​ដឹង​ថា​មាន​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ដែល​ពេញ​ដោយ​សេចក្តីស្រឡាញ់ ដែល​មាន​ព្រះទ័យ​ខ្វាយខ្វល់​ចំពោះ​ពួកយើង ហើយ​ស្គាល់​យើង​ម្នាក់ៗ ។ ទ្រង់​ជ្រាប​ពី​ឧបសគ្គ​នានា​ដែល​យើង​ឆ្លង​កាត់ ។ ខ្ញុំ​នឹង​គ្មាន​មន្ទិលសង្ស័យ​អំពី​អព្ភូតហេតុ​នានា ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកយើង​តាមរយៈ​ការអធិស្ឋាន តមអាហារ និង ការប្រសិទ្ធពរ​បព្វជិតភាព​ឡើយ ។