២០១៦
ការអង្វរករ​សុំ​នូវ​សេចក្តី​មេត្តា​ករុណា
October 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការអង្វរករ​សុំ​នូវ​សេចក្តី​មេត្តា​ករុណា

រូបភាព
begging for mercy

រចនា​រូបភាព​ដោយ ស្ទេន ហ្វែឡូ

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្បែរ​ទីក្រុង​មួយ​នៅ​ក្នុង​ប្រទេស អេស្តូនី ខ្ញុំ​បាន​ឃើញ​បុរស​សុំ​ទាន​ម្នាក់ ។ គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់ ខ្ញុំ​បាន​ស្គាល់​គាត់​កាល​ពី​ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ទីក្រុង​នោះ​កាល​ពី ១០ ឆ្នាំ​មុន ។ គាត់​បាន​ស្ពាយ​ស្បោង​ធំ​មួយ​ដែល​មាន​ដាក់​ដប​ជ័រ​ជា​ច្រើន គឺ​ដូច​កាល​ពី​មុន​ដែរ ដើម្បី​ប្រមូល​អេតចាយ​លក់​យក​លុយ ។ ខ្ញុំ​ចាំ​ថា​គាត់​តែងតែ​សុំ​លុយ​អាប់​ពី​គេ ហើយ​ប្រសិនបើ​អ្នក​ឲ្យ​លុយ​ខ្លះ​ឲ្យ​គាត់ នោះ​គាត់​នឹង​សុំ​ប្រសិនបើ​អ្នក​មាន​លុយ​ថែម​ទៀត​ឬ​ទេ ។

ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់​ដែល​បាន​ជួប​គាត់ ។ អស់​រយៈពេល ១០ ឆ្នាំ ហើយ​គាត់​នៅ​តែ​ដដែល––មាន​សក់​ស្កូវ​ថែម​បន្តិច ប៉ុន្តែ​ហាក់​បី​ដូច​ជា​គាត់​បាន​រស់នៅ​ក្នុង​ជីវិត​ដដែល​នោះ ដោយ​សុំ​ទាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ខ្ញុំ​បាន​គិត​អំពី​រយៈពេល ១០ ឆ្នាំ​ដ៏​អស្ចារ្យ​នេះ ដែល​ខ្ញុំ​បាន​រស់នៅ ដែល​រួម​មាន​ទាំង​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ទទួល​ការអប់រំ រកបាន​ការងារ​ល្អ ហើយ​រីករាយ​នឹង​សុខភាព​ល្អ ។

ខ្ញុំ​បាន​គិត​ថា ប្រហែល​នេះ​ជា​ពេល​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ឃើញ​គាត់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ឲ្យ​អ្វី​មួយ​ទៅ​គាត់ ។ បញ្ហា​នោះ​គឺ​ថា​ខ្ញុំ​មាន​តែ​ក្រដាស​ប្រាក់​មួយ​ចំនួន ដែល​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​គាត់ ។ ខ្ញុំ​បាន​អន់​ចិត្ត​ចំពោះ​ជម្រើស​ដែល​ខ្ញុំ​បាន​គិត––គឺ​មិន​ឲ្យ​គាត់​អ្វី​សោះ ឬ ឲ្យ​ប្រាក់​នោះ​ទៅ​គាត់​ដែល​វា​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​គាត់ ។ ប្រាក់​នោះ​វា​មិន​ច្រើន​ទេ​សម្រាប់​ខ្ញុំ ហើយ​វា​នឹង​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ដូច្នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ឲ្យ​ប្រាក់​នោះ​ទៅ​គាត់ ។

មិន​ទាន់​បាន​ពីរ​ថ្ងៃ​ផង ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ស្រដៀង​នោះ​ដែរ ប៉ុន្តែ​លើក​នេះ​គឺ​ខ្ញុំ​ជា​អ្នក​អង្វរករ​សុំ​នូវ​សេចក្តី​មេត្តា​ករុណា ។ ខ្ញុំ​បាន​ច្រឡំ​កាល​បរិច្ឆេទ​សម្រាប់​ការស្នើសុំ​អាហារូបករណ៍​ដ៏​សំខាន់​មួយ ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ផ្ញើ​ពាក្យ​ស្នើសុំ​នោះ​បាន​ពីរ​សប្តាហ៍​មុន ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​រន្ធត់ នៅពេល​ខ្ញុំ​បាន​ពិនិត្យ​មើល​ម្តង​ទៀត​ពី​កាលបរិច្ឆេទ​នោះ ហើយ​ឃើញ​ថា​ខ្ញុំ​បាន​ផ្ញើ​វា​យឺត​មួយ​ថ្ងៃ ។

ចំនួន​ទឹក​ប្រាក់​នៃ​អាហារូបករណ៍​នោះ​មាន​តម្លៃ​ច្រើន​ជាង ១០០ ដង​នៃ​ប្រាក់​ដែល​ខ្ញុំ​បាន​ឲ្យ​ទៅ​អ្នក​សុំ​ទាន​នោះ ហើយ​ខ្ញុំ​ពុំ​ជឿ​សោះ​ថា​វា​ជា​រឿង​ចៃដន្យ ។ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​អង្វរករ​សុំ​សេចក្តី​មេត្តា​ករុណា ទាំង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង តាមរយៈ​ការអ៊ីម៉ែល​ទៅ​ការិយាល័យ​សាកលវិទ្យាល័យ ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​នឹង​ដាក់​បញ្ចូល​ពាក្យ​ស្នើសុំ​នោះ ប៉ុន្តែ​កត់​ចំណាំ​ថា​វា​យឺត​ពេល ។

ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ទទួល​ចម្លើយ ហើយ​ខ្ញុំ​បាន​ប្រទាន​ពរ​ឲ្យ​ទទួល​បាន​អាហារូបករណ៍​នោះ ដែល​វា​ជួយ​ភរិយា​របស់​ខ្ញុំ និង ខ្ញុំ​យ៉ាង​ច្រើន​ផ្នែក​ហិរញ្ញវត្ថុ ។ ប៉ុន្តែ​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ពី​មេរៀន​ដ៏​មាន​តម្លៃ​មួយ ៖ តើ​យើង​ទាំងអស់​គ្នា​មិនមែន​ជា​អ្នក​សុំ​ទាន​ទេ​ឬ​អី ? ( សូមមើល ម៉ូសាយ ៤:១៩ ) ។