២០១៦
អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ​របស់​មេលវ៉ា
October 2016


ការគិត​ពិចារណា

អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ​របស់​មេលវ៉ា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​សួរ​ម្តាយ​របស់​ខ្ញុំ​ដែល​ហៀប​នឹង​ទទួល​មរណភាព​ថា « តើ​ម៉ាក់​ចង់​ព្យាយាម​ទទួលទាន​សាក្រាម៉ង់​ដែរ​ឬទេ ? »។

រូបភាព
sacrament with elderly woman

រចនារូបភាព​ដោយ គ្រីស្ទស្ទូហ្វើរ ថនណុក

ម្តាយ​របស់​ខ្ញុំ​បាន​រស់នៅ​រហូត​ដល់​អាយុ ៩២ ឆ្នាំ ហើយ​គាត់​ទើបតែ​ចែកឋាន​នា​ពេល​ថ្មីៗ​នេះ ។ គាត់​បាន​សម្រាក​នៅ​មន្ទីរពេទ្យ នៅពេល​វេជ្ជបណ្ឌិត​បាន​សម្រេច​ចិត្ត​ថា គ្មាន​អ្វី​ដែល​អាច​ធ្វើ​បាន​ទៀត​ឡើយ លើកលែង​តែ​ទុក​ឲ្យ​គាត់​នៅ​ឲ្យ​សុខស្រួល​បែប​នេះ​រហូត​ដល់​គាត់​ស្លាប់ ។

នៅពេល​រៀបចំ​យក​គាត់​មក​ផ្ទះ​វិញ បងប្អូនប្រុស​ពីរ​នាក់​មក​ពី​វួដ​ក្នុង​មូលដ្ឋាន បាន​ចូល​មក​ក្នុង​បន្ទប់ ហើយ​សួរ​ប្រសិនបើ​ម្តាយ​ខ្ញុំ​ចង់​ទទួល​ទាន​សាក្រាម៉ង់ ។ មុន​ដំបូង​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា « មិន​អី​ទេ សូម​អរគុណ » ។ ម៉ាក់​គាត់​ពិបាក​លេប​ណាស់ ។ បន្ទាប់​មក​ខ្ញុំ​បាន​និយាយ​ថា « ចាំ​មួយ​ភ្លែត ខ្ញុំ​នឹង​សួរ​គាត់​សិន » ។ ខ្ញុំ​បាន​ឈ្ងោក​ទៅ​ជិត​ត្រចៀក​គាត់ ហើយ​និយាយ​ថា « មាន​អ្នក​កាន់​បព្វជិតភាព​ពីរ​នាក់​នៅ​ទីនេះ ។ តើ​ម៉ាក់​ចង់​ព្យាយាម​ទទួលទាន​សាក្រាម៉ង់​ដែរ​ឬ​ទេ ? » នៅក្នុង​សភាព​សន្លប់​បាត់​ស្មារតី ប៉ុន្តែ​គាត់​បាន​ឆ្លើយ​ដោយ​សំឡេង​យ៉ាង​ច្បាស់​ថា « ចាស៎ ចង់ » ។

បន្ទាប់​ពី​ប្រសិទ្ធពរ​ហើយ ខ្ញុំ​បាន​ចាប់​យក​ចំណិត​នំបុ័ង​ចេញ​ពី​ថាស ហើយ​ហែក​ជា​ចំណិត​តូច ហើយ​ដាក់​វា​ថ្មមៗ​ទៅ​ក្នុង​មាត់​របស់​គាត់ ។ គាត់​បាន​ទំពារ​វា​បាន​បន្តិច ហើយ​ខ្ញុំ​បាន​និយាយ​សុំ​ទោស​ដោយ​ស្ងាត់ៗ​ទៅ​កាន់​បុរស​ទាំងនោះ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចាំ​យូរ ។ ពួកគេ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា មិន​ជា​ថ្វី​ទេ ។ បន្ទាប់​ពី​ការអធិស្ឋាន​លើក​ទី​ពីរ​បាន​បញ្ចប់ ខ្ញុំ​បាន​យក​កែវ​ទឹក​ជ័រ​តូច​មួយ ហើយ​ដាក់​វា​ផ្អឹប​នឹង​បបូរ​មាត់​របស់​គាត់ ។ គាត់​បាន​ផឹក​តែ​មួយ​ជិប ប៉ុន្តែ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​កាល​គាត់​លេប​ទឹក​នោះ​បាន​យ៉ាង​ស្រួល ។

ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ប្រុស​នោះ ហើយ​ពួកគេ​បាន​ចាកចេញ​ទៅ​បន្ទប់​បន្ទាប់​ទៀត ។ ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក ម្តាយ​ខ្ញុំ​បាន​ចែកឋាន​ដោយ​ស្ងប់សុខ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា វា​ជា​គ្រា​ដ៏​ពិសិដ្ឋ​ដែល​ខ្ញុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​ជាមួយ​ម្តាយ​ខ្ញុំ ។ កិច្ចការ​ចុងក្រោយ​ដែល​គាត់​បាន​ធ្វើ​នៅក្នុង​ជីវិត​នេះ​នោះ​គឺ​ទទួល​ទាន​សាក្រាម៉ង់ ។ សម្តី​ចុងក្រោយ​ដែល​គាត់​បាន​និយាយ​នោះ​គឺ « ចាស៎ ចង់ »—ជា​ពាក្យ​ចាស៎​ដើម្បី​ទទួល​សាក្រាម៉ង់ ចាស៎​ដើម្បី​ថ្វាយ​នូវ​ការលះបង់​របស់​គាត់​នៃ​ការមាន « ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប » (នីហ្វៃទី ៣ ៩:២០) ចាស៎ ដើម្បី​យក​ដាក់​លើ​ខ្លួន​គាត់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ការសន្យា​ដើម្បី​ចងចាំ​ទ្រង់​ជានិច្ច ចាស៎​ដើម្បី​ទទួល​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ អ្វី​មួយ​ចុង​ក្រោយ​ដែល​គាត់​បាន​បរិភោគ​នោះ​គឺ​និមិត្តរូប​នៃ​សាក្រាម៉ង់ ។

ឱ​អាហារ​យប់​ថ្ងៃ​ចុងក្រោយ​របស់​គាត់​ពិត​ជា​មាន​រសជាតិ​ផ្អែម​ចំពោះ​រូប​គាត់​ម៉្លេះ​ហ្ន៎ ! ឱ​ជីវិត​រស់នៅ​ក្នុង​ព្រះគ្រីស្ទ​ដែល​គាត់​បាន​ទទួល​អារម្មណ៍​ពី​វា​អស្ចារ្យ​អ្វី​ម៉្លេះ​ហ្ន៎ ទោះបី​ជា​គាត់​ខ្សោយ​ក្នុងការ​កម្រើក ឬ និយាយ​ក្តី ! គាត់​មាន​អំណរ​ខ្លាំង​អ្វី​ម៉្លេះ ចំពោះ​សេចក្តី​ប្រោសលោះ​របស់​ទ្រង់ និង ព្រះចេស្តា​ដែល​ទ្រង់​មាន ដែល​នាំ​ឲ្យ​ម្តាយ​ខ្ញុំ​ជួប​នូវ​ឱកាស​ចុងក្រោយ​នោះ ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​គាត់ ហើយ​បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​គាត់​នូវ​ជីវិត​អស់​កល្ប​ជានិច្ច ។

រៀងរាល់​សប្តាហ៍ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ សូម​ឲ្យ​យើង​មាន​អំណរគុណ​ចំពោះ​ឱកាស​ដែល​យើង​មាន​ដើម្បី​រំឭក​សេចក្តីសញ្ញា​របស់​យើង ហើយ​ទទួល​អារម្មណ៍​នៃ​ការអភ័យទោស ព្រមទាំង​ព្រះគុណ នៅពេល​យើង​ព្យាយាម​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នោះ​នំបុ័ង និង ទឹក​អាច​មាន​សម្រាប់​យើង គឺ​ដូច​ដែល​វា​មាន​សម្រាប់​ម្តាយ​ខ្ញុំ « ផ្អែម​ជាង​អ្វីៗ​ដែល​ផ្អែម​ទាំង​អស់ … ហើយ​សុទ្ធ​ជាង​អ្វីៗ​ដែល​សុទ្ធ​ទាំង​អស់ » (អាលម៉ា ៣២:៤២) ។