២០១៦
ការបម្រើ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់
October 2016


ការបម្រើ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ព្រះអម្ចាស់​ត្រូវការ​អ្នក ។

រូបភាព
Amman Jordan

រូបថត © iStock/Thinkstock

ការត្រូវការ​នោះ​គឺ​សំខាន់​ណាស់ ។

កាល​ពី​ដើម​ឆ្នាំ ២០១៣ មាន​ជំងឺ​កញ្ជ្រិល​ផ្ទុះ​ឡើង​ប្រាំ​ករណី​នៅក្នុង​ជំរុំ​ជនភៀស​ខ្លួន ស្សា​អាតារី នៅ​មជ្ឈិមបូព៌ា​ប្រទេស​យ័រដាន់ ។ មាន​ជន​ភៀសខ្លួន ស៊ីរី ជាង ១០០០០០ នាក់ រស់​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ហ្វូង​មនុស្ស​កកកុញ ដែល​វា​ប្រថុយប្រថាន​យ៉ាង​ខ្លាំង​នឹង​ការឆ្លង​ជំងឺ​នេះ ដែល​ជា​វីរុស​ដ៏​កាច​សាហាវ ។ រដ្ឋាភិបាល​ប្រទេស​យ័រដាន់​បាន​គ្រោង​ធ្វើ​យុទ្ធនាការ​ដ៏​ធំ​មួយ​ដើម្បី​ចាក់​ថ្នាំ​បង្ការ កា រពារការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ។ គម្រោង​ចាក់​ថ្នាំ​បង្ការ​នោះ​គឺ​ធ្វើ​ឡើង​លើ​ជន​ភៀសខ្លួន ស៊ីរី យ៉ាង​ហោច​ណាស់ ៩០០០០ នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៦ ខែ ដល់ ៣០ ឆ្នាំ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ។

ប៉ុន្តែ​មាន​បញ្ហា​មួយ ។ មូលនិធិ​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ ( យូនីសែហ្វ ) មាន​សេរ៉ូម ។ ក្រួសួង​សុខាភិបាល​របស់​ប្រទេស​យ័រដាន់​មាន​គ្លីនិក ។ អ្វី​ដែល​ពួកគេ​គ្មាន​នោះ​គឺ​សម្ភារ​រក្សា​ឧបករណ៍​នានា​ឲ្យ​ត្រជាក់—ម្ជុល, ធុង​ដាក់​ឧបករណ៍​មុតស្រួច ធុងត្រជាក់​ដាក់​សេរ៉ូម—ហើយ​មាន​ពេល​ខ្លី ។

ពេល​នោះ រ៉ុន និង សានឌី ហាមមុន អ្នកផ្សព្វផ្សាយសាសនា​រៀម​ច្បង​ផ្នែក​សុខុមាលភាព បម្រើ​ជា​នាយក​ប្រចាំ​ប្រទេស​នៅក្នុង​ប្រទេស​យ័រដាន់​សម្រាប់​សប្បុរសធម៌ អិល. ឌី. អេស. បាន​ចូលរួម​ចំណែក ។ ដោយសារ រ៉ុន និង សានឌី មាន​ទំនាក់ទំនង​រួច​ជាស្រេច​ជាមួយ​នឹង អង្គការ យូនីសែហ្វ និង ក្រសួង​សុខាភិបាល នោះ​ពួកគាត់​បាន​ចូលរួម​ក្នុង​កិច្ច​សហការ​ភ្លាម​ជាមួយ​អង្គការ​ទាំង​នេះ ដើម្បី​កំណត់​ពី​របៀប​ដែល​អង្គការ​សប្បុរសធម៌ អិល. ឌី. អេស.​អាច​ជួយ​បាន ។

រ៉ុន​និយាយ​ថា « យើង​បាន​សួរ​អំពី​តម្លៃ​នៃ​សម្ភារ​រក្សា​ឧបករណ៍​នានា​ឲ្យ​ត្រជាក់​នោះ ។ នៅពេល​ពួកគេ​បាន​ប្រាប់​ពួកយើង យើង​និយាយ​ថា ‹ យើង​គិត​ថា អង្គការ​សប្បុរសធម៌ អិល. ឌី. អេស. អាច​ជួយ​បាន › ។ ពួកគេ​និយាយ​ថា ‹ តើ​វា​យូរ​ប៉ុណ្ណា​ទៅ ? យើង​ត្រូវតែ​រូតរះ​ធ្វើ​កិច្ចការ ! › »

អំឡុង​ពេល​តែ ២០ ម៉ោង​ប៉ុណ្ណោះ អង្គការ​សប្បុរសធម៌ អិល. ឌី. អេស. បាន​អនុមតិ​ការទិញ​សម្ភារ​រក្សា​ឧបករណ៍​នានា​ឲ្យ​ត្រជាក់​ដ៏​ចាំបាច់​នោះ ។ រ៉ុន​និយាយ​ថា « នៅពេល​យើង​ជូន​ដំណឹង​នេះ​ដល់​ក្រសួង​សុខាភិបាល និង អង្គការ យូនីសែហ្វ ពួកគេ​មាន​ក្តី​រំភើប​ជា​ខ្លាំង ។ តើ​អង្គការ អិន. ជី. អូ. [ អង្គការ​ក្រៅ​រដ្ឋាភិបាល ] ធ្វើ​កិច្ចការ​នេះ​យ៉ាង​លឿន​ដូចម្តេច ? វា​មិន​ត្រឹមតែ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នេះ​ដំណើរការ​ទៅមុខ​តាម​កាល​វិភាគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បំផុស​ឲ្យ​មាន​យុទ្ធនាការ​ទូទាំង​ប្រទេស ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ដល់​ប្រជាជន យ័រដាន់ និង ជនភៀស​ខ្លួន​ស៊ីរី​រាប់​រយ​ពាន់​នាក់​ផងដែរ » ។

រូបភាព
giving immunizations

ខាង​ឆ្វេង ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​សាមៀរ បាដរ៉ាន យូនីសែហ្វ យ័រដាន់ ម៉ូដ​នៃ​ផ្ទៃ​ខាង​ក្រោយ និង រូបថត​នៃ​ទីក្រុង អែមម៉ាន ប្រទេស យ័រដាន់ © iStock/Thinkstock

វិបត្តិ​នេះ​ត្រូវ​បាន​បង្ការ ។

លើស​ពី​នេះ​ទៀត លទ្ធផល​នៃ​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​អង្គការ យូនីសែហ្វ ក្រសួង​សុខាភិបាល​របស់​ប្រទេស​យ័រដាន់ និង អង្គការ​សប្បុរសធម៌ អិល. ឌី. អេស. បាន​បង្កើត​ឲ្យ​មាន​សក្តានុពល​សម្រាប់​កិច្ច​សហការ​នា​ពេល​អនាគត ។

ឱ វា​អស្ចារ្យអ្វីម៉្លេះ ដែល​រ៉ុន និង សានឌី ហាមមុន បាន​មក​ដល់​ចំ​គ្រា​ដ៏​សំខាន់​នេះ​នៅ​មជ្ឈិមបូព៌ា​ដែរ​ជា​សក្ខីបទ​មួយ​នៃ​សេចក្តីជំនឿ​របស់​អែលឌើរ និង ស៊ិស្ទើរ ហាមមុន និង ការបំផុស​គំនិត​ដែល​បង្កប់​នៅ​កម្មវិធី​អ្នកផ្សព្វផ្សាយ​សាសនា​រៀម​ច្បង​របស់​សាសនាចក្រ ។

ត្រូវការ ៖ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្ដី​ប្រពន្ធ

ក្នុង​ឆ្នាំ ២០១២ អែលឌើរ និង ស៊ិស្ទើរ ហាមមុន កំពុង​បម្រើ​ជា អ្នក​ធ្វើពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ រ៉េចប៊ើក អៃដាហូ ។ រ៉ុន​មាន​ភាពជោគជ័យ​នៅក្នុង​អាជីព​ជា​ទន្តបណ្ឌិត ហើយ​កំពុង​បង្រៀន​នៅ​ក្នុង​ការិយាល័យ​ផ្នែក​សាសនា​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ។ ប៉ុន្តែ​ទម្លាប់​រស់នៅ​ដ៏​សុខសាន្ត​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​ភ្លាម ជាមួយ​នឹង​ក្តី​រំភើប​ខាង​វិញ្ញាណ​យ៉ាង​អស្ចារ្យ ដើម្បី​ដាក់​ពាក្យ​បម្រើ​បេសកកម្ម​ភ្លាមៗ ។ ពេលវេលា​នោះ​បាន​ធ្វើ​ឲ្យ​ពួកគាត់​មាន​ក្តី​រំភើប​ជា​ខ្លាំង ។ កូនៗ​របស់​ពួកគាត់​ដែល​បាន​រៀបការ​ហើយ កំពុង​មាន​មុខរបរ​តាម​ឋានៈ​ផ្សេងៗ​ផ្លាស់ប្តូរ​ទីលំនៅ និង តាំង​លំនៅ​ថ្មី ហើយ​រ៉ុន​ពុំ​ទាន់​គិត​ពី​ការចូល​និវត្តន៍​នៅ​ឡើយ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​បាន​បញ្ជាក់​ពួកគាត់​ថា ព្រះ​ត្រូវការ​ពួកគាត់ ហើយ​អ្វីៗ​នឹង​បាន​ស្រួល​ទាំង​អស់ ។

ជាក់ស្ដែង ថ្នាក់​ដឹកនាំ​បព្វជិតភាព​នៅ​ទីស្នាក់​សាសនាចក្រ​បាន​តម​អាហារ និង អធិស្ឋាន ដើម្បី​ស្វែងរក​គូស្វាមី ភរិយា​ដែល​សមស្រប ដើម្បី​បម្រើ​ជា​នាយក​ប្រចាំ​ប្រទេស​ផ្នែក​សប្បុរសធម៌ អិល. ឌី. អេស. នៅ​ទីក្រុង អែមម៉ាន ប្រទេស យ័រដាន់ ។

សានឌី និយាយ​ថា « វា​បញ្ជាក់​ច្បាស់​ថា ព្រះអម្ចាស់​គង់​នៅ​ខាង​មុខ​យើង រៀបចំ​សេចក្ដី​លម្អិត​នៃ​ការចាត់តាំង​ជាក់លាក់​ដែល​ទ្រង់​មាន​សម្រាប់​ពួកយើង ។ យើង​ដឹង​ថា ទ្រង់​បាន​ធ្វើ​ការណ៍​នេះ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប​ដែល​បម្រើ ។ វា​ជា​ការលួងលោម​មួយ​ដែល​ដឹង​ថា ព្រះអង្គសង្គ្រោះ​កំពុង​រៀបចំ​កិច្ចការ​នានា​សម្រាប់​អ្នក ឲ្យ​បម្រើ​ពីមុន​អ្នក​ទៅ​បម្រើ​ទៅ​ទៀត » ។

រ៉ុន​និយាយ​ថា « ក្រឡេក​មើល​ទៅ​អតីតកាល​វិញ ពួកយើង​មាន​អំណរគុណ​ដែល​យើង​ពុំ​បាន​សូម​ពី​ទីកន្លែង​ជាក់លាក់ ឬ មាន​ចិត្ត​រឹងរូស​អំពី​កន្លែង​ដើម្បី​បម្រើ​ឡើយ ។ ការ​ទុក​បញ្ហា​នេះ​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ធ្វើ​ឲ្យ​ទ្រង់​ប្រទាន​បទពិសោធន៍​មួយ ដែល​យើង​ពុំ​ធ្លាប់​មាន » ។

បទពិសោធន៍​នោះ​រួម​មាន ការធ្វើការ​ជាមួយ​នឹង​ព្រះញាតិ​វង្សានុវង្ស​របស់​ប្រទេស​យ័រដាន់​ស្តី​ពី​គម្រោង​ជំនួយ​មនុស្ស​ធម៌ ដែល​ព្រះរាជវស្សានុវង្ស​មាន​ការចាប់​អារម្មណ៍​ជា​ខ្លាំង ។ អែលឌើរ និង ស៊ិស្ទើរ ហាមមុន​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ និង គ្លីនិក​ក្នុង​មូលដ្ឋាន ផ្តល់​ការបំពាក់បំប៉ន​ដល់​បុគ្គលិក​ពេទ្យ​នៃ​ប្រទេស​យ័រដាន់​ស្តី​ពី​ការ​ជួយ​សង្គ្រោះ​ជីវិត​ទារក​ជំនាញ​ប្រពោធនកម្ម ដែល​ជា​លទ្ធផល​មាន​ការកាត់បន្ថយ​បាន​ច្រើន​នូវ​អត្រា​មរណៈ​របស់​ទារក ។ តាមរយៈ​កិច្ចខិតខំ​របស់​ពួកគាត់ និង អ្នកផ្សព្វផ្សាយសាសនា​ស្វាមី​ភរិយា​ផ្សេង​ទៀត នោះ​អង្គការ​សប្បុរសធម៌ អិល. ឌី. អេស. បាន​ផ្តល់​ការបំពាក់បំប៉ន និង ឧបករណ៍​នានា​ទៅកាន់​គ្លីនិក​ព្យាបាល​ភ្នែក និង អង្គការ​នានា​ដែល​បម្រើ​ដល់​ជន​ពិការ ។ ក្នុង​កិច្ចប្រឹងប្រែង​ទាំង​នោះ​ដែល អែលឌើរ និង ស៊ិស្ទើរ ហាមមុន ព្រមទាំង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សុខុមាលភាព​ផ្សេង​ទៀត​បាន​គាំទ្រ​នោះ​គឺ មាន​មជ្ឈមណ្ឌល​មួយ​ដែល​បង្រៀន​ស្ត្រី​ពិការ អំពី​របៀប​ច្នៃម៉ូដ និង ផលិត​សម្លៀកបំពាក់ ព្រមទាំង​ឧបករណ៍​ហត្ថកម្ម​ពិសេសៗ ។ ជំនាញ​ទាំង​នេះ​ផ្តល់​ឱកាស​ដល់​និស្សិត ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ពួកគេ​ផ្ទាល់ និង ក្រុម​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ឡើង ។

រូបភាព
midwives practice neonatal resuscitation techniques

ខាង​ឆ្វេង ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​អង្គការ​សប្បុរសធម៌ អិល. ឌី. អេស., ខាង​ស្តាំ ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​អែលឌើរ និង ស៊ិស្ទើរ ហាមមុន

គម្រោង​ផ្សេង​ទៀត​រួម​មាន ការធ្វើការ​ជាមួយ អិន. ជី. អូ. ផ្សេង​ទៀត និង រដ្ឋាភិបាល​ប្រទេស​យ័រដាន់​ស្តី​ពី​ការឆ្លើយ​តប​បន្ទាន់ និង ការជ្រើសរើស​និស្សិត​យ័រដាន់​ឲ្យ​ទទួល​បាន​អាហារូបករណ៍​មួយ ឬ ពីរ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ជា​រៀងរាល់​ឆ្នាំ ។ បទពិសោធន៍​មួយ​ដ៏​ពេញចិត្ត​បំផុស​ដែល អែលឌើរ និង ស៊ិស្ទើរ ហាមមុន​បាន​ជួប គឺ​ការធ្វើ​ការ​ជាមួយ​នឹង​ព្រះវិហារ កាតូលិក ឡាទីន ដើម្បី​សាងសង់​បន្ទប់​សាលា​រៀន​ដល់​ពួក​គ្រិស្តសាសនិក​អ៊ីរ៉ាក់​ដែល​គ្មាន​ទីតាំង​ប្រជុំ ។

ជាមួយ​ព្រះអម្ចាស់​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ទ្រង់

អំឡុងពេល​នៅ​ប្រទេស​យ័រដាន់ អែលឌើរ និង ស៊ិស្ទើរ ហាមមុន បាន​រៀន​សេចក្តីពិត​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​បម្រើ​ទ្រង់ ៖ « យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

រ៉ុន​និយាយ​ថា « ព្រះ​បាន​យាង​ចុះ​ប្រឡូក​ក្នុង​កិច្ចការ​នេះ ។ ទ្រង់​យាង​ចុះ​មក​ក្នុង​ចម្ការទំពាំង​បាយ​ជូរ​ជាមួយ​នឹង​អ្នកបម្រើ​របស់​ទ្រង់ ។ គូស្វាមី​ភរិយា​ណា​ដែល​ទៅ​បម្រើ​បេសកកម្ម គឺ​បាន​ចូលរួម​នៅ​ក្នុង​ចម្ការ​ជាមួយ​ព្រះអម្ចាស់​ដែល​ជា​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ ។ យើង​ពិតជា​មិន​ជឿ​ពី​អព្ភូតហេតុ​នៅក្នុង​ប្រទេស​យ័រដាន់​ឡើយ យើង​បាន​រស់នៅ​ក្នុង​អព្ភូតហេតុ​ទាំង​នោះ » ។

ដោយ​មិន​អាច​ប្រកែក​បាន ពួកទេវតា​ដែល​ពួកគាត់​មាន​អារម្មណ៍​ថា « ព័ទ្ធ​ជុំ​វិញ » ពួកគាត់​នោះ រួម​មាន​ពួក​ស្ថានសួគ៌ និង មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត ជាពិសេស​កូនចៅ​របស់​ពួកគាត់ ដែល​គាំទ្រ​ការសម្រេច​ចិត្ត​របស់​ពួកគាត់​ដើម្បី​បម្រើ​បេសកកម្ម​ឆ្ងាយ​ពី​ផ្ទះ ។

ជាលទ្ធផល​គ្រួសារ​របស់​ពួកគាត់​ត្រូវបាន​ប្រទាន​ពរ ឲ្យ​មាន​ការការពារ​ពី​ព្រះអម្ចាស់ ដោយ​ព្រះចេស្តា​នៃ​ការគាំទ្រ ។ ការសម្រេច​ចិត្ត​ទាក់ទង​នឹង​អាជីព​សំខាន់ៗ និង ការតាំង​ទីលំនៅ​ថ្មី​ត្រូវបាន​ធ្វើ​ឡើង ហើយ​កង្វល់​នានា​ដែល​នឹង​អាច​កើត​មាន​ភាពស្មុគស្មាញ​ត្រូវបាន​ដោះស្រាយ នៅពេល​កូនៗ​របស់​ពួកគាត់​បាន​បែរ​ទៅ​រក​ព្រះអម្ចាស់ ប្រឹក្សា​ជាមួយ​គ្នា ហើយ​អធិស្ឋាន និង តម​អាហារ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។

ពរជ័យ​ដែល​កូនចៅ​របស់​ពួកគាត់​បាន​ទទួល​ពិត​ជា​អស្ចារ្យ​ណាស់​ថា នៅពេល​ដែល​បងប្រុស និង បងស្រី ហាមមុន ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ការពន្យាពេល​នៃ​ការហៅ​បម្រើ​របស់​ពួកគាត់​ពី​បេសកកម្ម​ពីរ​ឆ្នាំ ទៅ​បី​ឆ្នាំ វិញ នោះ​កូនៗ​របស់​ពួកគាត់​បាន​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញ​ចិត្ត ។ ពួកគេ​បាន​យល់​ថា ព្រះអម្ចាស់​បាន​ធ្វើ​អ្វី​មួយ​ដែល​ពិសេស​បំផុត​សម្រាប់​ពួកគេ ដែល​ជា​លទ្ធផល​ផ្ទាល់​មក​ពី​ការបម្រើ​របស់​ឪពុក​ម្តាយ​របស់​ពួកគេ ។

ទោះបី​ជា​យ៉ាង​ណា ការបែក​គ្នា​នេះ គ្រួសារ​ហាមមុន​មាន​អារម្មណ៍​ថា​ជា​ការបូជា​មួយ ។ ការនៅ​ឯ​ជ្រុង​ម្ខាង​ទៀត​នៃ​ផែនដី​នេះ ឆ្ងាយ​ពី​អស់​អ្នក​ដែល​ពួកគេ​ស្រឡាញ់​គឺ​មាន​ការលំបាក​ណាស់ ។ ប៉ុន្តែ​វា​មិន​លំបាក ដូច​កាល​ពី​ជំនាន់​មុន​ឡើយ ។ បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​គ្រួសារ​នេះ អាច​ទាក់ទង​គ្នា​ដឹង​ពី​សុខទុក្ខ​គ្នា តាម​ពេលវេលា​សមរម្យ ។ សានឌី និយាយ​ថា « អ្នក​ផ្សព្វផ្សាយ​សាសនា​ស្វាមី​ភរិយា ពុំ​បាត់​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​ពួកគេ​ឡើយ ។ យើង​បន្ត​ទាក់ទង​មក​កាន់​ក្រុមគ្រួសារ​របស់​កូនៗ​យើង​នៅ​ឯ​ផ្ទះ​ជា​ញឹកញាប់ ។ តាមរយៈ ហ្វេស ថាម និង អ៊ីម៉ែល ចៅ​ថ្មី​របស់​យើង​បួន​នាក់ បាន​កើត​អំឡុង​ពេល​យើង​បម្រើ ពួកគេ​បាន​ស្គាល់​ពួកយើង ហើយ​មាន​ភាពកក់ក្តៅ និង មាន​អារម្មណ៍​ស្វាគមន៍​នៅពេល​ពួកយើង​ត្រឡប់​មក​ផ្ទះ​វិញ » ។

ការបើក​ភ្នែក និង ដួងចិត្ត

រូបភាព
the Hammond family

ខាង​ឆ្វេង ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​អង្គការ​សប្បុរសធម៌ អិល. ឌី. អេស., ខាង​ស្តាំ ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​អែលឌើរ និង ស៊ិស្ទើរ ហាមមុន

ក្នុង​ចំណោម​ពរជ័យ​ជាច្រើន​ដែល​អែលឌើរ និង ស៊ិស្ទើរ ហាមមុន​មាន​អារម្មណ៍​ថា បាន​ទទួល​ពី​ព្រះអម្ចាស់​ពី​ការបម្រើ​របស់​ពួកគាត់​នោះ​គឺ​ថា ភ្នែក​របស់​ពួកគាត់​បាន​មើល​ឃើញ​ពី​ចិត្តសប្បុរស និង មិត្តភាព​នៃ​ប្រជាជន​យ័រដាន់ ។ នៅពេល​ដំបូង​ដែល​អែលឌើរ និង ស៊ិស្ទើរ ហាមមុន បាន​ទទួល​ការហៅ នោះ​ពួកគាត់​ពុំ​ប្រាកដ​ក្នុង​ចិត្ត​អំពី​មនុស្ស​ដែល​ពួកគាត់​នឹង​បម្រើ​ឡើយ ។

រ៉ុន បាន​និយាយ​ថា « ប៉ុន្តែ​យើង​បាន​ឃើញ​ថា​មិត្តភក្តិ​ពួក​ម៉ូស្លីម​របស់​យើង មាន​ចិត្ត​សុភាព និង សប្បុរស ហើយ​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ពួកគេ​បាន​ដឹង​ថា​យើង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ នោះ​ពួកគេ​នឹង​ចេញ​មក​ការពារ​ពួកយើង ។

សេចក្តីសប្បុរស​របស់​ពួកគេ​មាន​ភាព​អស្ចារ្យ​ណាស់ ។ ប្រជាជន​យ័រដាន់​ពុំ​ព្រងើយ​កន្តើយ​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឡើយ ប្រសិនបើ​ពួកគេ​អាច​ជួយ​បាន​នោះ ។ ពួកគេ​ធ្លាប់​បាន​ស្វាគមន៍​ជនភៀស​ខ្លួន​តាំងពី​ជំនាន់​មុន​ស្តេច​ដាវីឌ​ម៉្លេះ ។ ព្រះគម្ពីរ​ប៊ីប​មាន​ខគម្ពីរ​យោង​ជាច្រើន​អំពី ‹ ខាង​នាយ​ទន្លេ​យ័រដាន់ › ហើយ​ពួកយើង​បាន​ចាប់ផ្តើម​ច្រៀង ‹ ខាង​នាយ​ទន្លេ​យ័រដាន់ › ដែល​ទទួល​ស្គាល់​ពី​ការបម្រើ​ដោយ​សេចក្តីមេត្តា ដែល​យើង​មាន​ឯកសិទ្ធិ​ផ្តល់​ដល់​ប្រទេស​ដ៏​ពោរពេញ​ដោយ​ក្ដីអាណិតអាសូរ​ជា​ប្រវត្តិសាស្ត្រ​នេះ ។ ដ្បិត​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ យ័រដាន់​ជា​កន្លែង​មួយ​នៃ​សេចក្តី​សប្បុរស ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ប្រជាជន​ដោយសារ​តែ​សេចក្តីសប្បុរស​នោះ » ។

ដោយ​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​យ័រដាន់ ធ្វើ​ឲ្យ​អែលឌើរ និង ស៊ិស្ទើរ ហាមមុន​បង្កើន​មិត្តភាព​កាន់តែ​ខ្លាំង​ឡើង ។ សានឌី និយាយ​ថា « យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​បរិភោគ​អាហារ អ៊ីថា ជា​អាហារ​ឈ្មោះ រ៉ាម៉ាដាន ដែល​គេ​បរិភោគ​បញ្ចប់​ការតម​អាហារ​ប្រចាំ​ថ្ងៃ ។ មិត្តភក្តិ​ម៉ូស្លីម​របស់​យើង​ក៏​អញ្ជើញ​ពួកយើង​ឲ្យ​ចូលរួម​ពិធី​ភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និង កម្មវិធី​ផ្សេងៗ​ទៀត ដែល​ផ្តោត​ទៅលើ​គ្រួសារ » ។

សាសនាចក្រ​ពុំ​ផ្សព្វផ្សាយ ឬ អនុញ្ញាត​ឲ្យ​ពួក​ម៉ូស្លីម​នៅក្នុង​ប្រទេស​យ័រដាន់ ឬ នៅ​កន្លែង​ផ្សេង​ទៀត ដែល​មាន​ច្បាប់​ហាម​ឃាត់ ឲ្យ​ជ្រមុជទឹក​ឡើយ ដូច្នេះ​អែលឌើរ និង ស៊ិស្ទើរ ហាមមុន​ពុំ​ចែកចាយ​ព័ត៌មាន​អំពី​សាសនាចក្រ​ឡើយ ។ ផ្ទុយ​ទៅវិញ ពួកគេ​ផ្តោត​ចិត្ត​ទុកដាក់​លើ​ការស្ថាបនា និង ការរក្សា​នូវ​ទំនាក់ទំនង—ជាមួយ​ព្រះញាតិវង្សានុវង្ស ដៃគូ​ជំនួយ​សប្បុរសធម៌​ក្នុង​តំបន់ អ្នកផ្សព្វផ្សាយសាសនា​ស្វាមី ភរិយា​ផ្សេង​ទៀត​ដែល​បម្រើ​ជាមួយ​ពួកគាត់ និង ថ្នាក់​ដឹកនាំ​សាសនា និង រដ្ឋាភិបាល ។ នៅពេល​មាន​គេ​សួរ​ព័ត៌មាន​លម្អិត​អំពី​សាសនាចក្រ អែលឌើរ និង ស៊ិស្ទើរ ហាមមុន បាន​លើក​ទឹកចិត្ត​អ្នក​សួរ​ឲ្យ​មើល​គេហទំព័រ LDS.org ។

ការហៅ​ឲ្យ​បម្រើ

ដោយ​គិត​អំពី​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល រ៉ុន និង សានឌី​មាន នោះ​ពួកគាត់​មាន​អារម្មណ៍​ថា ពួកគាត់​មាន​បទពិសោធន៍​អស្ចារ្យ​ក្នុង​ចំណោម​គូស្វាមី​ភរិយា​ដែល​ត្រូវបាន​ហៅ​បម្រើ—ឬ ដែល​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ?

អែលឌើរ និង ស៊ិស្ទើរ ហាមមុន​និយាយ​ថា « ប្រាកដ​មែន—យើង​បាន​បម្រើ​នៅ​កន្លែង និង ពេលវេលា​ដែល​ព្រះអម្ចាស់​បាន​ត្រូវការ​គូស្វាមី​ភរិយា ដែល​មាន​ជំនាញ និង បទពិសោធន៍​នៃ​ជីវិត​ដ៏​ពិសេស​របស់​យើង ។ ប៉ុន្តែ​ការណ៍​នោះ ពិត​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ទាំងអស់ ។ ស្វាមី​ភរិយា​ដែល​មាន​លទ្ធភាព​បម្រើ​បេសកកម្ម ត្រូវបាន​រៀបចំ​ដើម្បី​បម្រើ​តាម​របៀប​ដ៏​ពិសេស​ចំពោះ​ពួកគេ ។ ពួកគេ​គ្រាន់តែ​អនុវត្ត​សេចក្តីជំនឿ​គ្រប់គ្រាន់ ដើម្បី​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់​ត្រូវការ​ពួកគេ ហើយ​ទ្រង់​នឹង​ប្រើ​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​ជាច្រើន » ។

អែលឌើរ រ៉ូបឺត ឌី ហ៊ែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ មាន​ប្រសាសន៍​ថា « គូស្វាមី​ភរិយា​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន ។ ស្វាមី​ភរិយា​អាច​សម្រេច​បាន​នូវ​កិច្ចការ​អស្ចារ្យ​នានា​ដែល​គ្មាន​នរណា​អាច​ធ្វើ​បាន ។…

… របៀប​នានា​ដែល​ស្វាមី​ភរិយា​អាច​បម្រើ​គឺ​គ្មាន​ដែន​កំណត់​ឡើយ ។ រាប់​តាំង​ពី​ការគាំទ្រ​មក​ពី​ការិយាល័យបេសកកម្ម និង ការបំពាក់បំប៉ន​ថ្នាក់ដឹកនាំ​រហូត​ដល់​ការបម្រើ​ផ្នែក​ពង្សប្រវត្តិ កិច្ចការព្រះវិហារបរិសុទ្ធ និង មនុស្ស​ធម៌—មាន​ឱកាស​មួយ​ដើម្បី​ប្រើ​ជំនាញ ឬ ទេពកោសល្យ​ស្ទើរតែ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក ។ …

… អ្នក​បាន​ទទួល​អ្វីៗ​ជា​ច្រើន​នៅក្នុង​ជីវិត​របស់​អ្នក ចូរ​ចេញ​ទៅ ហើយ​ផ្តល់​ឲ្យ​គេ​ដោយ​សេរី​នៅក្នុង​ការបម្រើរ​បស់​ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះ​របស់​អ្នក​ចុះ ។ ចូរ​មាន​ជំនឿ នោះ​ព្រះអម្ចាស់​ជ្រាបដឹង​ពី​ទីកន្លែង​ដែល​ទ្រង់​ត្រូវការ​អ្នក ។ បងប្អូនប្រុសស្រី តម្រូវការ​នោះ​មាន​ច្រើន​ណាស់ ហើយ​អ្នក​ធ្វើ​ការ​មាន​តិច​ទេ » ។

កំណត់​ចំណាំ

  1. សូមមើល « Mass Vaccination Campaigns in Syria, Jordan, Lebanon, Iraq and Turkey Amid Measles Outbreaks » ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០១៣ គេហទំព័រ unicef.org ។

  2. រ៉ូបឺត ឌី ហែល « Couple Missionaries: A Time to Serve » Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៣០, ៣១ ។