២០១៦
ពរជ័យ​នៃ​ការគោរព​ប្រតិបត្តិ
October 2016


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

ពរជ័យ​នៃ​ការគោរព​ប្រតិបត្តិ

រូបភាព
tree of life

រចនា​រូបភាព​ដោយ ជីម មេដសិន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « មេរៀន​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង អាច​រៀន​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​គឺ​ថា នៅពេល​ព្រះ​មាន​បន្ទូល ហើយ​យើង​គោរព​តាម នោះ​យើង​នឹង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​ជានិច្ច » ។

យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ ។ ដូច​ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​អំឡុង​ពេល​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ៖ « នៅពេល​យើង​រក្សា​បទបញ្ញត្តិ នោះ​ជីវិត​យើង​នឹង​កាន់តែ​រីករាយ កាន់តែ​ពេញលេញ ហើយ​មិន​សូវ​ស្មុគស្មាញ ។ យើង​នឹង​មាន​ភាពងាយ​ស្រួល​ក្នុង​ការទ្រាំទ្រ​បញ្ហា និង ឧបសគ្គ​របស់​យើង ហើយ​យើង​នឹង​ទទួល​បាន​ពរជ័យ​ [ របស់​ព្រះ ] ដែល​បាន​សន្យា » ។

នៅក្នុង​ការដកស្រង់​ដូចត​ទៅ​នេះ​មក​ពី​ការបង្រៀន​របស់​ប្រធាន ម៉នសុន ដែល​ជា​ប្រធាន​សាសនាចក្រ លោក​រំឭក​ដល់​យើង​ថា ព្រះបញ្ញត្តិ​ពិត​ជា​នាំ​ទៅ​រក​សុភមង្គល និង ភាព​សុខសាន្ត ។

សេចក្ដីណែនាំ​សម្រាប់​ដំណើរការ​នោះ

« បទបញ្ញត្តិ​របស់​ព្រះ​ពុំ​បាន​ប្រទាន​មក ដើម្បី​ធ្វើ​ឲ្យ​យើង​ស្មុគស្មាញ ឬ ក្លាយ​ជា​ឧបសគ្គ​ចំពោះ​សុភមង្គល​របស់​យើង​នោះ​ទេ ។ ការពិត​គឺ​វា​ផ្ទុយ​ពី​នោះ​វិញ ។ ទ្រង់​ដែល​បង្កើត​យើង​មក ហើយ​ស្រឡាញ់​យើង​ដ៏​ឥតខ្ចោះ បាន​ត្រាស់​ដឹង​ថា យើង​ចាំបាច់​ត្រូវ​រស់នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ណា ដើម្បី​ទទួល​បាន​សុភមង្គល​ដ៏​ធំ​បំផុត​នោះ ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ការ​ដឹកនាំ ប្រសិន​បើ​យើង​ធ្វើ​តាម នោះ​ទ្រង់​នឹងដឹក​នាំ​យើង​ដោយ​សុវត្ថិភាព​ឆ្លងកាត់​ដំណើរ​ជីវិត​រមែង​ស្លាប់​ដ៏​គ្រោះថ្នាក់​នេះ ។ យើង​ចងចាំ​ទំនុកបទ​នៃ​ទំនុកតម្កើង​មួយ ៖ ‹ ចូរ​រក្សា​បញ្ញត្តិ ! នាំ​ឲ្យ​មាន​សុវត្ថិភាព និង ក្ដី​សុខសាន្ត › [ សូមមើល « Keep the Commandments » ទំនុកតម្កើង លេខ ៣០៣ ] » ។

កម្លាំង និង ចំណេះ​ដឹង

« ការ​គោរព​ប្រតិបត្តិ​គឺ​ជា​ចរិតលក្ខណៈ​ទូទៅ​របស់​ពួក​ព្យាការី វា​ផ្ដល់​ជា​កម្លាំង និង ចំណេះ​ដឹង​ដល់​ពួកលោក​គ្រប់​ជំនាន់​ក្នុង​ប្រវត្តិសាស្ត្រ ។ វា​សំខាន់​ចំពោះ​យើង ដើម្បី​ដឹង​ថា យើង​ក៏​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ទទួល​បាន​ប្រភព​នៃ​កម្លាំង និង ចំណេះ​ដឹង​នេះ​ផង​ដែរ ។ វា​មាន​រួច​ជា​ស្រេច​សម្រាប់​យើង​ម្នាក់ៗ​នាពេល​បច្ចុប្បន្ន​នេះ នៅ​ពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ។ …

ចំណេះ​ដឹង​ដែល​យើង​ស្វែងរក ចម្លើយ​ដែល​យើង​ចង់​បាន និង​កម្លាំង​ដែល​យើង​ប្រាថ្នា​នា​សព្វ​ថ្ងៃ​នេះ ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​នៃ​ពិភពលោក​ដ៏ស្មុគស្មាញ និង ចេះតែ​ផ្លាស់ប្ដូរ​នេះ អាច​ជា​របស់​ផង​យើង នៅ​ពេល​ដែល​យើង​ស្ម័គ្រ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ » ។

ជ្រើសរើស​ដើម្បី​គោរព​តាម

« បែបបទ​នៃ​សម័យ​កាល​របស់​យើង​គឺ​មាន​ភាព​អនុញ្ញាត ។ ទស្សនាវដ្តី និង កម្មវិធី​សម្តែង​ក្នុង​ទូរទស្សន៍​បង្ហាញ​ពី​ឆុតឆាក​តារា​ភាពយន្ត វីរបុរស​នៃ​វិស័យ​អត្តពលកម្ម—ជា​អ្នក​ដែល​យុវវ័យ​ជា​ច្រើន​យក​ត្រាប់​តាម—ដែល​មិន​ខ្វល់​ពី​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​បង្អួត​ពី​ការអនុវត្ត​ដ៏​ពោរពេញ​ដោយ​អំពើ​បាប ដែល​ហាក់បី​ដូច​ជា​គ្មាន​ឥទ្ធិពល​អាក្រក់​អ្វី​សោះ ។ តើ​អ្នក​មិន​ជឿ​រឿង​នោះ​ទេ​ឬ​អី ! មាន​គ្រា​ដែល​នឹង​ទទួល​ផល—វា​ស្មើ​នឹង​បញ្ជី​ដែល​បាន​កត់​ចេញ​ចូល ។ មនុស្ស​គ្រប់​រូប​មាន​ពេលវេលា​កំណត់​រៀងៗ​ខ្លួន—ប្រសិនបើ​មិន​នៅក្នុង​ជីវិត​នេះ​ទេ ក៏​នៅក្នុង​ជីវិត​បន្ទាប់​ដែរ ។ ថ្ងៃ​នៃ​ការជំនុំជម្រះ​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប ។ …ខ្ញុំ​សូម​ទទូច​ឲ្យ​អ្នក​ជ្រើសរើស​គោរព​តាម » ។

អំណរ និង​ភាពសុខសាន្ត

ពេល​ខ្លះ​អ្នក​ឃើញ​ថា អស់​អ្នក​ដែល​នៅ​ក្នុង​លោកិយ​កំពុង​មាន​ភាពសប្បាយ​រីករាយ​ជាង​អ្នក​ទៅ​ទៀត ។ បងប្អូន​មួយ​ចំនួន​អាច​មាន​អារម្មណ៍​តានតឹង​ចំពោះ​បទដ្ឋាន​នៃ​ឥរិយាបថ​ដែល​យើង​មាន​ក្នុង​សាសនាចក្រ​នេះ ។ ប៉ុន្តែ​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រកាស​ប្រាប់​អ្នក​ថា គ្មាន អ្វី​ដែល​អាច​នាំ​មក​នូវ​អំណរ​ក្នុង​ជីវិត​យើង ឬ ភាពសុខសាន្ត​ក្នុង​ព្រលឹង​យើង​ជាង​ព្រះវិញ្ញាណ ដែល​កើត​មាន​ចំពោះ​យើង​ពេល​យើង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ និង គោរព​ព្រះបញ្ញត្តិ​នោះ​ទេ » ។

ដើរ​ដោយ​ទៀង​ត្រង់

« ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ដែល​បាន​សន្យា​របស់​យើង គឺ​ហួស​ពី​ការអាច​វាស់​វែង​បាន ។ ទោះ​ជា​ពពក​ខ្មៅ​ប្រមូល​ផ្ដុំ​គ្នា ទោះ​ជា​ភ្លៀង​ធ្លាក់​មក​លើ​យើង​ក្ដី ចំណេះ​ដឹង​របស់​យើង​អំពី​ដំណឹង​ល្អ និង សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ និង ព្រះ​អង្គ​សង្គ្រោះ​របស់​យើង នឹង​លួងលោម និង គ្រាំទ្រ​យើង ហើយ​នាំ​អំណរ​មក​កាន់​ដួង​ចិត្ត​យើង នៅពេល​យើង​ដើរ​ដោយ​សុចរិត និង​កាន់តាម​បទ​បញ្ញត្តិ​នានា ។ គ្មាន​អ្វី​នៅ​ក្នុង​ពិភពលោក​នេះ ដែល​អាច​រារាំង​យើង​បាន​ឡើយ » ។

ដើរ​តាម​ព្រះអង្គ​សង្គ្រោះ

« តើ​ទ្រង់​ដែល​មាន​សេចក្តី​សោក​សៅ និង​មាន​ទុក្ខ​ព្រួយ​នេះ​ជា​នរណា ? តើ​នរណា​ជា​ស្តេច​នៃ​សិរី​រុងរឿង ដែល​ជា​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ​នេះ ? ទ្រង់​ជា​លោក​ចៅហ្វាយ​យើង ។ ទ្រង់​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​យើង។ ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ទ្រង់​គឺ​ជា​អង្គ​និពន្ធ​នៃ​សេចក្តី​សង្រ្គោះ​យើង ។ ទ្រង់​មាន​បន្ទូល​ថា ‹ ចូរ​មក​ឯ​ខ្ញុំ › ។ ទ្រង់​បាន​ត្រាស់​បង្គាប់​ថា ‹ ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ › ។ ទ្រង់​អង្វរ​ថា ‹ ចូរ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចុះ › ។

ចូរ​យើង​ដើរ​តាម​ទ្រង់ ។ ចូរ​យើង​ត្រាប់​តាម​គំរូ​ទ្រង់ ។ ចូរ​យើង​គោរព​តាម​បន្ទូល​ទ្រង់ ។ តាមរយៈ​ការធ្វើ​បែប​នេះ នោះ​យើង​ថ្វាយ​អំណោយ​ទាន​នៃ​ការដឹងគុណ​ដ៏​ទេវភាព​ចំពោះ​ទ្រង់ » ។

កំណត់​ចំណាំ

  1. « They Marked the Path to Follow » Liahona ខែ តុលា ឆ្នាំ ២០០៧ ទំព័រ ៥ ។

  2. « Keep the Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៣ ។

  3. « Keep the Commandments » ទំព័រ ៨៣ ។

  4. « Obedience Brings Blessings » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩០, ៩២ ។

  5. « Believe, Obey, and Endure » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១២៩ ។

  6. « Stand in Holy Places » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៣ ។

  7. « Be of Good Cheer » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ។

  8. « Finding Joy in the Journey » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៨៨ ។