២០១៦
រូបមន្ត​សម្រាប់​ការ​រៀនសូត្រ
October 2016


រូបមន្ត​សម្រាប់ ការ​រៀនសូត្រ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

សូម​សាកល្បង​របៀប​បួន​យ៉ាង​នេះ ដើម្បី​ធ្វើ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះ​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ព្រលឹង​របស់​អ្នក ។

រូបភាព
recipe for learning

កាល​ពី​ក្មេង ខ្ញុំ​ចំណាយ​ពេល​ច្រើន​ម៉ោង​ដើម្បី​មើល​ម្តាយ​ខ្ញុំ​នៅ​ក្នុង​ផ្ទះបាយ ។ គាត់​ធ្វើ​អាហារ​ឆ្ងាញ់ៗ​បំផុត នំបុ័ង ឃុកឃី និង នំ​ផាយ​សម្រាប់​គ្រួសារ​យើង ។ ជួនកាល ខ្ញុំ​បាន​ចាប់ផ្តើម​អាន​រូបមន្ត​ធ្វើ​ម្ហូប​នោះ ធ្វើ​តាម​ការណែនាំ ហើយ​ចំអិន​អាហារ ។ ខ្ញុំ​មិន​ចាំបាច់​ពឹង​លើ​ម្តាយ​ខ្ញុំ​ឡើយ—ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ខ្ញុំ​បាន ។

ដូច​ជា​ការរៀន​ចំអិន​អាហារ​ដែរ យើង​រៀន​ដំណឹង​ល្អ ហើយ​អភិវឌ្ឍ​ទីបន្ទាល់​របស់​យើង​តាមរយៈ​ការធ្វើ ។ បន្ទាប់​ពី​លីហៃ​បាន​ប្រាប់​គ្រួសារ​របស់​លោក​អំពី​ការសុបិន​របស់​លោក​អំពី​ដើម​ឈើ​ជីវិត នោះ​នីហ្វៃ​បាន​និយាយ​ថា លោក​ចង់ « ឃើញ និង​ឮ និង​ដឹង​នូវ​រឿង​ទាំង​នេះ » ដោយ​ខ្លួន​លោក​ផ្ទាល់ ( នីហ្វៃទី ១ ១០:១៧ ) ។ ម្យ៉ាង​វិញ​ទៀត សម្រាប់​នីហ្វៃ​វា​មិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​ស្តាប់​ទីបន្ទាល់​របស់​ឪពុក​លោក​នោះ ។ លោក​ចង់​ដឹង​អំពី​អ្វី​ដែល​ឪពុក​របស់​លោក​បាន​ដឹង​រួច​មក​ហើយ ។

រូបមន្ត​សម្រាប់​ការរៀនសូត្រ​ដំណឹង​ល្អ​មាន​ជំហាន​សាមញ្ញៗ​មួយ​ចំនួន ។ អ្នក​អាច​ប្រើ​យោបល់​ទាំងបួន​ដូច​តទៅ​នេះ ដើម្បី​ជួយ​ឲ្យ​ការរៀនសូត្រ​ដំណឹង​ល្អ​របស់​អ្នក​ជាមួយ​គ្រួសារ នៅ​ព្រះវិហារ ឬ អំឡុង​ពេល​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក ។

១. រៀប​ចំ​ខ្លួន​រៀន

សូម​ចាប់​ផ្តើម​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​ជាមួយ​នឹង​ការ​អធិស្ឋាន ។ ទូល​សូម​ព្រះវរបិតា​សួគ៌ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​នូវ​អ្វី​ដែល​អ្នក​អាន ។ កត់​សំណួរ​មួយ ឬ ពីរ ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នោះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត នៅពេល​អ្នក​អាន ពិចារណា និង អធិស្ឋាន ( សូមមើល មរ៉ូណៃ ១០:៥ ) ។

ការរៀបចំ​ខ្លួន​ដើម្បី​រៀន​ដំណឹង​ល្អ​នៅ​ព្រះវិហារ ដោយ​ការអាន​មេរៀន​នោះ​ពីមុន​អ្នក​ទៅ​ព្រះវិហារ ។ មេរៀន Come Follow Me អាច​រកបាន​នៅលើ​គេហទំព័រ LDS.org នៅក្នុង​កម្មវិធី Gospel Library ។

២. ចូលរួម​នៅក្នុង​ការរៀន​សូត្រ​របស់​អ្នក

  • អាន​ដើម្បី​មាន​ការយល់​ដឹង ។ ចំនួន​ទំព័រ​ដែល​អ្នក​អាន ឬ ល្បឿន​ដែល​អ្នក​អាន​មិន​សំខាន់​ដូច​ការយល់​ដឹង​ដែល​អ្នក​បាន​អាន​ឡើយ ។ អ្នក​ត្រូវតែ​អាន​ប្រយោគ​មួយ​ចំនួន​បួន​ប្រាំ​ដង ។ សូម​ប្រើប្រាស់​វចនានុក្រម ដើម្បី​រកមើល​ពាក្យ​ដែល​អ្នក​មិន​ស្គាល់ ។ ឧទាហរណ៍ តើ​ពាក្យ សម័យ​កាន់កាប់ត្រួតត្រា មាន​ន័យ​ដូចម្តេច ? អ្នក​អាច​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ស្វែងយល់​ពី​វា ។

  • សួរ​សំណួរ​អំពី​អ្វី​ដែល​អ្នក​អាន ។ ប្រហែល​ជា​អ្នក​ឆ្ងល់​ថា « តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ក្រុង​យេរូសាឡិម​នៅ​គ្រា​ដែល​លីហៃ និង គ្រួសារ​របស់​លោក​បាន​ចាកចេញ​មក​នោះ ? ហេតុអ្វី​ប្រជាជន​មិន​ស្តាប់​តាម​លីហៃ ? »

  • សូម​ព្យាយាម​ឆ្លើយ​សំណួរ​ទាំង​បី​នេះ អំពី​ការបង្រៀន​ដំណឹង​ល្អ​នានា ៖ ហេតុអ្វី​រឿង​នេះ​សំខាន់​ចំពោះ​ប្រជាជន​នា​ជំនាន់​នោះ ? តើ​រឿង​នោះ​អនុវត្ត​ចំពោះ យើង សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ? តើ​វា​អនុវត្ត​ចំពោះ ខ្ញុំយ៉ាង​ដូចម្តេច ?

  • សូម​ស្វែងរក​លំនាំ និង ទំនាក់ទំនង ។ ឧទាហរណ៍ តើ​លំនាំ​អ្វី​ខ្លះ​ដែល​នីហ្វៃ​បាន​ឆ្លើយតប​ចំពោះ​សេចក្តីវេទនា​នោះ ? តើ​ការធ្វើ​ដំណើរ​របស់​គ្រួសារ​លោក​នៅក្នុង​ទីរហោស្ថាន​ដូច​ជា​ការធ្វើ​ដំណើរ​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​យ៉ាង​ដូចម្តេច​ខ្លះ ?

  • សូម​សរសេរ​អារម្មណ៍ និង ការបំផុស​គំនិត​របស់​អ្នក នៅក្នុង​ទិនានុប្បវត្តិ ។ « នៅ​ពេល​អ្នក​កត់​ការបំផុស​គំនិត​ដ៏​មាន​តម្លៃ​នោះ​ទុក នោះ​ការបំផុស​គំនិត​បន្ថែម​កើត​មាន​ជា​បន្តបន្ទាប់ ។ ទន្ទឹម​នឹង​នោះ​ដែរ ការចេះដឹង​ដែល​អ្នក​ទទួល នឹង​អាច​ប្រើប្រាស់​បាន​អស់​មួយ​ជីវិត​អ្នក » ( រីឆាដ ជី ស្កត « To Acquire Knowledge and the Strength to Use It Wisely » Liahona ខែ សីហា ឆ្នាំ ២០០២ ទំព័រ ១២, ១៤ ) ។ ជាពិសេស​សរសេរ​ពី​គំនិត​នានា​ដែល​មាន​ន័យ​ចំពោះ​ជីវិត​របស់​អ្នក ។

  • គូរ​រូបភាព ។ របៀប​មួយ​ទៀត​ដើម្បី​កត់​អ្វី​ដែល​អ្នក​កំពុង​រៀន​នោះ​គឺ​ការគូររូប ។ គ្រា​មួយ​កាល​ខ្ញុំ​ទៅ​សួរសុខទុក្ខ​មិត្ត​របស់​ខ្ញុំ​ក្នុង​កម្មវិធី​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ជីដូន​របស់​នាង​បាន​ចែកចាយ​រឿង​ផ្ទាល់ខ្លួន​របស់​គាត់​អំពី​សេចក្តីជំនឿ និង ការអធិស្ឋាន ។ មុន​ពេល​ចាប់ផ្តើម​បង្រៀន មិត្ត​របស់​ខ្ញុំ​បាន​ឲ្យ​ក្រដាស និង ខ្មៅដៃ​ផាត់​ពណ៌​ទៅ​កូនតូចៗ​របស់​នាង ដូច្នេះ​ពួកគេ​អាច​គូរ​រូប​អំពី​រឿង​នានា ខណៈ​ដែល​ជីដូន​តួត​របស់​ពួកគេ​និយាយ​រឿង​នោះ ។ ការគូរ​រូបភាព​បាន​ជួយ​ពួកគេ​យក​ចិត្ត​ទុកដាក់ ហើយ​ពួកគេ​សួរ​សំណួរ​ពេល​កំពុង​និយាយ​រឿង​នោះ ដើម្បី​បញ្ជាក់​ពី​សាច់​រឿង​នោះ​ឲ្យ​បាន​ច្បាស់លាស់ ។

៣. សូម​សិក្សា ហើយ​រស់នៅ​តាម​ដំណឹង​ល្អ​រៀងរាល់​ថ្ងៃ ។

ការសិក្សា​តម្រូវ​ឲ្យ​មាន​ការប្រឹងប្រែង យើង​ត្រូវតែ​អនុវត្ត​ការយល់ដឹង​នោះ ( សូមមើល ម៉ូសាយ ១២:២៧ ) ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ទូន្មាន​យើង​ថា « ចូរ​បង្កើត​ពេលវេលា និង កន្លែង​សិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ទោះបី​ជា​វា​ជា​ពេលវេលា​តិចតួច​ក្តី » ( « When Shall These Things Be ? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០ ) ។ នៅពេល​យើង​សិក្សា​ជា​ទៀងទាត់ ការរៀនសូត្រ​នឹង​មាន​ភាពងាយស្រួល ។ ឧទាហរណ៍ ខ្ញុំ​បាន​ឃើញ​ថា នៅពេល​ខ្ញុំ​អាន​ជំពូក​របស់​អេសាយ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ( ដោយ​មិន​រំលង​វា ) ខ្ញុំ​ចាប់ផ្តើម​យល់​ពី​ជំពូក​ទាំង​នោះ ។

នៅពេល​និយាយ​ពី​ការរៀនសូត្រ​ដំណឹង​ល្អ នោះ​វា​មិន​គ្រប់គ្រាន់​ឡើយ​ក្នុង​ការដែល​គ្រាន់តែ​ដឹង​ភាពពិត​នោះ ។ យើង​ចាំបាច់​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន ។ នៅពេល​យើង​អនុវត្ត​តាម​សេចក្តី​ពិត ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​វា​ដល់​យើង ហើយ​ទីបន្ទាល់​របស់​យើង​រីកចម្រើន ។ នៅពេល​យើង​រស់នៅតាម​សេចក្តីពិត​នោះ​ជាប់លាប់ យើង​ចាប់ផ្តើម​ផ្លាស់ប្តូរ ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

៤. ចែកចាយ​អ្វី​ដែល​អ្នក​កំពុង​រៀន ។

ការប្រាប់​មនុស្ស​ដទៃ​អំពី​គោលការណ៍​ដំណឹង​ល្អ ដោយ​ពាក្យ​សម្តី​ផ្ទាល់​របស់​យើង ជួយ​យើង​ឲ្យ​ចាំ​គោលការណ៍​នោះ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដែល​ពង្រឹង​ទីបន្ទាល់​របស់​យើង ។ ជាញយៗ ឱកាស​ដ៏​ល្អ​ដើម្បី​ចែកចាយ​នោះ​គឺ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ អ្នក​ក៏​អាច​ចែកចាយ​វា​នៅពេល​អ្នក​និយាយ​ជាមួយ​មិត្តភក្តិ​នៅ​សាលា ឬ ជាមួយ​សមាជិក​គ្រួសារ​នៅពេល​បរិភោគ​អាហារ ។

នៅពេល​យើង​ធ្វើ​តាម​ជំហាន​សាមញ្ញៗ​ទាំង​បួន​នេះ ហើយ​ស្វែងរក​ដោយ​ឧស្សាហ៍​ដើម្បី​ស្គាល់​ព្រះអង្គសង្គ្រោះ នោះ​យើង​ទទួល​បាន​ការ​សន្យា​ថា « ការណ៍​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ​នឹង​ត្រូវ​បាន​បើក​បង្ហាញ​ដល់ [ ពួកយើង ] ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ( នីហ្វៃទី ១ ១០:១៩ ) ។