សន្និសីទទូទៅ
ចូរ​កុំ​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ចូរ​កុំ​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

អំណរ​ដ៏ពិត​ប្រាកដ​គឺ​អាស្រ័យលើ​ឆន្ទៈ​របស់​យើង​ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ ហើយ​បាន​ឃើញ​ច្បាស់​ដោយ​ខ្លួន​យើង​ផ្ទាល់ ។

កាល​ពី​ប្រាំ​ឆ្នាំ​មុន យើង​បាន​លើក​ដៃ​គាំទ្រ​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ―ជា​អ្នក​ថ្លែង​របស់​ព្រះអម្ចាស់​សម្រាប់​ជំនាន់​ដ៏អស្ចារ្យ​នេះ ដែល​ពេញ​ដោយ​ការរីក​ចម្រើន និង​វិវរណៈ ។ តាមរយៈ​លោក យើង​បាន​ទទួល​ការអញ្ជើញ​រាប់​មិន​អស់ ហើយ​បាន​ទទួល​ការសន្យា​ថា​នឹង​ទទួល​បាន​ពរជ័យ​ដ៏​រុងរឿង បើ​យើង​នឹង​ផ្តោត​ជីវិត​របស់​យើង​ទៅលើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ឆ្នាំ ២០១១ ខណៈ​ពេល​ខ្ញុំ​កំពុង​បម្រើ​ជាមួយ​ស្វាមី​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម​នៅ​ទីក្រុង​គូរីទីបា ប្រទេស​ប្រេស៊ីល​ដ៏​ស្រស់ស្អាត នោះ​ទូរសព្ទ​របស់​ខ្ញុំ​បាន​រោទិ៍​អំឡុង​ពេល​ប្រជុំ​មួយ ។ ពេល​ខ្ញុំ​ហៀប​បិទ​សំឡេង​ទូរសព្ទ ខ្ញុំ​ឃើញ​ថា គឺ​ឪពុក​ខ្ញុំ​ទូរសព្ទ​មក ។ ខ្ញុំ​ចេញ​ពី​ការប្រជុំ​យ៉ាង​រហ័ស​ដើម្បី​លើក​ទូរសព្ទ ៖ « ជំរាបសួរ​ប៉ា ! »

ដោយ​មិន​រំពឹង​ទុក សំឡេង​គាត់​ពេញ​ដោយ​ភាពសោកសៅ ៖ « សួស្ដី បូនី ។ ប៉ា​ត្រូវ​ប្រាប់​កូន​រឿង​មួយ ។ ពេទ្យ​ពិនិត្យ​ឃើញ​ថា ប៉ា​កើត​ជំងឺ ALS » ។

ចិត្ត​ខ្ញុំ​ច្របូក​ច្របល់ « ចាំ​បន្តិច​ប៉ា ! តើ​ជំងឺ ALS ជា​ជំងឺ​អ្វី ? »

ប៉ា​បាន​ពន្យល់​ថា « ខួរក្បាល​ប៉ា​នឹង​នៅ​តែ​ដឹង​គ្រប់​សព្វ តែ​រូបកាយ​ប៉ា​នឹង​លែង​ដំណើរការ​បន្ដិចៗ​ម្ដង » ។

ខ្ញុំ​មាន​អារម្មណ៍​ថា ពិភពលោក​ទាំងមូល​កំពុង​ក្រឡាប់​ចាក់ នៅ​ពេល​ខ្ញុំ​ចាប់ផ្ដើម​ព្យាយាម​យល់​ពី​ព័ត៌មាន​ដ៏​សោកសៅ​នេះ ។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ ប្រយោគ​ចុងក្រោយ​របស់​គាត់​បាន​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​ខ្ញុំ​ជា​រៀង​រហូត ។ ឪពុក​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​និយាយ​ដោយ​ភាព​បន្ទាន់​ថា « បូនី កុំ​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ឲ្យ​សោះ » ។

ខ្ញុំ​បាន​ពិចារណា និង​អធិស្ឋាន​អំពី​ដំបូន្មាន​របស់​ប៉ា ។ ខ្ញុំ​ឧស្សាហ៍​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ដឹង​យ៉ាង​ពេញលេញ​ពី​អត្ថន័យ​នៃ​ការមិន​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ។

ដូច​ជា​បងប្អូន​ដែរ ជួនកាល ខ្ញុំ​ឡើង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​នៅ​ថ្ងៃ​អាទិត្យ​ទីមួយ​នៅ​ដើម​ខែ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជា​ផ្នែក​នៃ​មេរៀន​មួយ ។ ខ្ញុំ​បាន​បង្រៀនពី​សេចក្ដីពិត​យ៉ាង​ក្លាហាន ហើយ​បាន​ប្រកាស​អំពី​ទេវភាព​របស់​ព្រះគ្រីស្ទ​ក្នុងនាមជា​អ្នកផ្សព្វផ្សាយ​សាសនាម្នាក់ ។

ប៉ុន្តែ​ការអង្វរ​នេះ​មាន​អារម្មណ៍​ផ្ទាល់ខ្លួន​ចំពោះ​ខ្ញុំ​យ៉ាង​ខ្លាំង ! វា​ហាក់​ដូចជា​គាត់​បាន​និយាយ​ថា « បូនី ចូរ​កុំ​ឲ្យ​ពិភពលោក​នេះ​យក​ឈ្នះ​លើ​កូន​ឡើយ ! ចូរ​បន្ដ​នៅ​ស្មោះពិត​ចំពោះ​សេចក្ដីសញ្ញា​របស់​កូន​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ ចូរ​ខំ​ខ្នះខ្នែង​ដើម្បី​ទទួល​បាន​ពរជ័យ​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ហើយ​អាច​ថ្លែង​ទីបន្ទាល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​ព្រះចេស្ដា និង​វត្តមាន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​កូន ! »

យើង​រស់នៅ​ក្នុង​ពិភព​មួយ​ដែល​បាន​ធ្លាក់ ដោយ​មាន​ការរំខាន​នានា​ដែល​ល្បួង​យើង​ឲ្យ​ផ្ដោតលើ​រឿង​ខាង​លោកិយ ជាជាង​លើ​រឿង​ខាង​វិញ្ញាណ ។ ដូច​គ្នា​ខ្លាំង​នឹង​ពួកសាសន៍​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី​៣ ១១ ដែរ យើង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ខ្លួនឯង​នៅ​ទីនោះ ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ជួប​នូវ​ភាពវិកវរ និង​ការបំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​ដែរ​ឬ​ទេ ? តើ​ការស្តាប់​តាម​ការអញ្ជើញ​ផ្ទាល់​ខ្លួន​របស់​ព្រះអម្ចាស់​មាន​សភាព​យ៉ាងណា​ទៅ ៖

« ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ ដើម្បី​អ្នករាល់គ្នា​អាច លូក ដៃ​មកឯ​ចំហៀង​យើង និង​ដើម្បី​អ្នករាល់គ្នា​អាច​ស្ទាប​នូវ​ស្នាម​ដែកគោល​នៅ​ត្រង់​ដៃ និង​ជើង​យើង ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច ដឹង ថា យើង​គឺជា … ព្រះ​នៃ​ផែនដី​ទាំងមូល ហើយ​ត្រូវ​គេ​ធ្វើគុត​ជំនួស​អំពើបាប​ទាំងឡាយ​នៃ​មនុស្ស​លោក ។

« ហើយ … ហ្វូង​មនុស្ស​បាន​ដើរ​ទៅ​មុខ … ម្ដង​ម្នាក់ៗ … ហើយ​បាន​ឃើញ​ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ​បាន​ស្ទាប​ដោយ​ដៃ​គេ​ផ្ទាល់ និង​បាន​ដឹង​យ៉ាង​ជាក់ច្បាស់ … និង​បាន​ឃើញ​ច្បាស់​ដោយ​ខ្លួនគេ​ផ្ទាល់ » ។

ពួកសាសន៍​នីហ្វៃ​ទាំងនេះ​បាន​ខ្នះខ្នែង​ដើរ​ឆ្ពោះ​ទៅមុខ​ដើម្បី​លូកដៃ​គេ​ចូល​ទៅ​ចំហៀង​របស់​ទ្រង់ ហើយ​ស្ទាប​ស្នាម​ដែកគោល​នៅ​លើ​ព្រះហត្ថ និង​ព្រះបាទា​របស់​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ឃើញ​ច្បាស់​ដោយ​ខ្លួនគេ​ផ្ទាល់​ថា នេះ​គឺជា​ព្រះគ្រីស្ទ​ពិត​មែន ។ ស្រដៀង​គ្នា​នេះ​ដែរ មនុស្ស​ស្មោះត្រង់​ជា​ច្រើន​ដែល​យើង​បាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ បាន​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ការយាង​មក​របស់​ព្រះគ្រីស្ទ ។ បន្ទាប់​មក ពួកគេ​បាន​ឈាន​ជើង​ចេញ​ពី​វាលស្រែ កន្លែង​ការងារ និង​តុ​អាហារ​ពេល​ល្ងាច​របស់​គេ ហើយ​បាន​ដើរតាម​ទ្រង់ កកកុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ប្រជ្រៀត​គ្នា​លើ​ទ្រង់ ហើយ​អង្គុយ​ជាមួយ​ទ្រង់ ។ តើ​យើង​អន្ទះសា​ចង់​ឃើញ​ដោយ​ខ្លួនឯង ដូចជា​ហ្វូង​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​ដែរ​ឬ​ទេ ? តើ​ពរជ័យ​ដែល​យើង​ខំ​ស្វែងរក​ទាំង​ប៉ុន្មាន មិន​សូវ​ចាំបាច់​ដូច​ពរជ័យ​របស់​ពួកគេ​ទេ​ឬ ?

នៅពេល​ព្រះគ្រីស្ទ​បាន​យាង​ទៅជួប​ពួកសាសន៍​នីហ្វៃ​ដោយ​ផ្ទាល់​នៅឯ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ នោះ​ការអញ្ជើញ​របស់​ទ្រង់​គឺ​មិនមែន​ឲ្យ​ឈរ​នៅពី​ចម្ងាយ ហើយ​មើលទៅ​ទ្រង់​ទេ តែ​ឲ្យ​ប៉ះ​ទ្រង់ ឲ្យ​ដឹង​ដោយ​ខ្លួនគេ​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះកាយ​ពិត​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែរ ។ តើ​យើង​អាច​ខិតជិត​ឲ្យបាន​ល្មម​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? ការណ៍​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​ព្យាយាម​បង្រៀន​ខ្ញុំ ។ ខណៈ​យើង​មិន​អាច​រីករាយ​នឹង​ការបាន​នៅ​ក្បែរ​ទ្រង់​ខាង​សាច់ឈាម ដូច​អ្នក​ដែល​បាន​ដើរ​ជាមួយ​ព្រះគ្រីស្ទ អំឡុង​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី​ក៏​ពិតមែន តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ! បាន​ច្រើន​បំផុត​តាម​ដែល​យើង​ត្រូវការ !

យុវនារី​នៅ​ជុំវិញ​ពិភពលោក​បាន​បង្រៀន​ខ្ញុំ​យ៉ាង​ច្រើន​អំពី​ការស្វែងរក​ព្រះគ្រីស្ទ និង​ការទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ​អំពី​ទ្រង់ ។ ខ្ញុំ​សូម​ចែក​ចាយដំណើររឿង​នៃ​យុវនារី​​ចំនួន​ពីររូប ៖

លីវវី បាន​មើល​សន្និសីទ​ទូទៅ​ពេញ​មួយ​ជីវិត​របស់​នាង ។ តាម​ពិត​ទៅ នៅក្នុង​ផ្ទះ​របស់​នាង ពួកគេ​មាន​ទម្លាប់​មើល​សន្និសីទ​ទូទៅ​ជា​គ្រួសារ​ទាំង​ប្រាំ​សម័យ​ប្រជុំ ។ កាលពី​មុន សន្និសីទ​សម្រាប់ លីវវី មាន​ន័យ​ថា ការគូរ​រូប​លេង ឬ​ការលង់លក់​ម្ដងម្កាល​ដោយ​មិន​ដឹង​ខ្លួន ។ ប៉ុន្តែ សន្និសីទ​ទូទៅ​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ​គឺ​ខុសគ្នា ។ វា​បាន​ក្លាយជា​រឿង​ផ្ទាល់ខ្លួន ។

លើក​នេះ លីវវី បាន​សម្រេច​ចិត្ត​ធ្វើជា​អ្នកស្ដាប់​យ៉ាង​សកម្ម ។ នាង​បាន​បិទ​សំឡេង​ទូរសព្ទ ហើយ​បាន​កត់ត្រា​ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ ។ នាង​មាន​ការភ្ញាក់ផ្អើល ពេល​នាង​មាន​អារម្មណ៍​ដឹង​ពី​រឿង​ជាក់លាក់​ដែល​ព្រះ​ចង់ឲ្យ​នាង​ស្តាប់ និង​ធ្វើ ។ ការសម្រេច​ចិត្ត​នេះ​បាន​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ក្នុង​ជីវិត​របស់​នាង​ស្ទើរតែ​ភ្លាមៗ​តែម្ដង ។

គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក មិត្តភក្តិ​របស់​នាង​បាន​អញ្ជើញ​នាង​ឲ្យ​ចូលរួម​មើល​ភាពយន្ត​មិន​សមរម្យ​មួយ ។ នាង​បាន​ពិចារណា​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ពាក្យ​សម្ដី និង​ស្មារតី​នៃ​សន្និសីទ​បាន​ចូល​មកក្នុង​ដួងចិត្ត​ខ្ញុំ​ម្ដងទៀត ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គួរតែ​បដិសេធ​ការអញ្ជើញ​របស់​ពួកគេ » ។ នាង​ក៏​មាន​ភាព​ក្លាហាន​ចែកចាយ​ទីបន្ទាល់​របស់​នាង​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​វួដ​របស់​នាង​ផងដែរ ។

បន្ទាប់​ពី​ព្រឹត្តិការណ៍​ទាំងនេះ នាង​បាន​ថ្លែង​ថា « រឿង​ដ៏​អស្ចារ្យ​នោះ​គឺ នៅពេល​ដែល​ខ្ញុំ​ឮ​ខ្លួនឯង​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​វា​ម្ដងទៀត​មកកាន់​ខ្ញុំ » ។

លីវវី មិន​បាន​មើល​សន្និសីទ​នៅ​ចុងសប្ដាហ៍​លំៗ​នោះ​ទេ នាង​បាន​ជ្រមុជ​ក្នុង​សន្និសីទ​ទាំង​គំនិត និង​វិញ្ញាណ ហើយ​បាន​រកឃើញ​ព្រះអង្គ​សង្រ្គោះ​នៅ​ទីនោះ ។

ហើយ​បន្ទាប់​ទៀត គឺ មេតឌី ។ នៅ​ពេល​គ្រួសារ​របស់​នាង​ឈប់​មក​ព្រះវិហារ មេតឌី បាន​ច្របូក​ច្របល់ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ​ទេ ។ នាង​បាន​ដឹង​ថា​មាន​អ្វី​សំខាន់​មួយ​បាន​បាត់ ។ ដូច្នេះ នៅ​អាយុ ១៣ ឆ្នាំ មេតឌី​បាន​ចាប់ផ្ដើម​ទៅ​ព្រះវិហារ​តែ​ម្នាក់ឯង ។ ទោះ​បី​ជា​ពេល​ខ្លះ ការធ្វើជា​សមាជិក​តែឯង​ពិបាក និង​មិន​ស្រណុក​ចិត្ត​ក៏​ដោយ ក៏​នាង​បាន​ដឹង​ថា នាង​អាច​រកឃើញ​ព្រះអង្គ​សង្គ្រោះ​នៅ​ព្រះវិហារ ហើយ​នាង​ចង់​នៅ​កន្លែង​ដែល​ទ្រង់​គង់នៅ ។ នាង​បាន​និយាយ​ថា « នៅ​ឯ​ព្រះវិហារ ព្រលឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​បាន​នៅ​ផ្ទះ​ដូច្នោះដែរ » ។

មេតឌី បាន​ប្រកាន់​ខ្ជាប់​ទៅនឹង​ការពិត​ដែល​ថា គ្រួសារ​របស់​នាង​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ នាង​បាន​ចាប់ផ្ដើម​នាំ​ប្អូនប្រុស​របស់​នាង​មក​ព្រះវិហារ​ជាមួយ​នាង ហើយ​សិក្សា​បទគម្ពីរ​ជាមួយ​ពួកគេ​នៅ​ផ្ទះ ។ ទីបំផុត ម៉ាក់​របស់​នាង​បាន​ចាប់ផ្ដើម​ចូលរួម​ជាមួយ​ពួកគេ​ដែរ ។ មេតឌី បាន​ប្រាប់​ម៉ាក់​របស់​នាង​អំពី​បំណងប្រាថ្នា​របស់​នាង​ក្នុង​ការបម្រើ​បេសកកម្ម ហើយ​បាន​សួរ​ថា តើ​ម្តាយ​របស់​នាង​អាច​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជា​មួយ​នាង​បាន​ដែរ​ឬ​ទេ ។

សព្វថ្ងៃ​នេះ មេតឌី នៅក្នុង អិម.ធី.ស៊ី. ។ នាង​កំពុង​បម្រើ ។ នាង​កំពុង​ធ្វើជា​សាក្សី​អំពី​ព្រះគ្រីស្ទ ។ គំរូ​របស់​នាង​បាន​ជួយ​ដឹកនាំ ទាំង ឪពុក និង​ម្ដាយ​របស់​នាង​ឲ្យ​ត្រឡប់​មក​ព្រះវិហារ​បរិសុទ្ធ​វិញ ហើយ​ត្រឡប់​មកកាន់​ព្រះគ្រីស្ទ​វិញ ។

ដូច លីវវី និង មេតឌី ដែរ ពេល​យើង​ជ្រើសរើស​ស្វែងរក​ព្រះគ្រីស្ទ នោះ​ព្រះវិញ្ញាណ​នឹង​ធ្វើជា​សាក្សី​អំពី​ទ្រង់​នៅក្នុង​ស្ថានភាព​ផ្សេងៗ​ជាច្រើន ។ សាក្សី​នៃ​ព្រះវិញ្ញាណ​ទាំងនេះ​កើតឡើង នៅពេល​យើង​តម​អាហារ អធិស្ឋាន រង់ចាំ និង​បន្ត​ទៅមុខ​ទៀត ។ យើង​នឹង​មាន​ភាពជិតស្និទ្ធ​នឹង​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង តាមរយៈ​ការថ្វាយ​បង្គំ​ជា​ញឹកញាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ការសិក្សា​បទគម្ពីរ ការមក​ព្រះវិហារ និង​ចូលរៀន​ថ្នាក់​សិក្ខាសាលា ការពិចារណា​ពី​ពរ​របស់​លោក​អយ្យកោ​យើង ការទទួល​បាន​ពិធីបរិសុទ្ធ​ដោយ​មាន​ភាពស័ក្ដិសម និង​ការគោរព​តាម​សេចក្តី​សញ្ញា​ដ៏ពិសិដ្ឋ ។ ទាំងអស់​នេះ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បំភ្លឺ​គំនិត​របស់​យើង ហើយ​វា​នាំ​ឲ្យ​មាន សេចក្តីសុខសាន្ត និង​ការការពារ​បន្ថែម​ទៀត ។ ប៉ុន្ដែ តើ​យើង​ចាត់ទុក​ទង្វើ​ទាំងនេះ​ថាជា​ឱកាស​ដ៏​ពិសិដ្ឋ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ?

ខ្ញុំ​បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ដង ប៉ុន្តែ​ពេល​ខ្ញុំ ថ្វាយ​បង្គំ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ វា​ផ្លាស់ប្ដូរ​ខ្ញុំ ។ ពេលខ្លះ​នៅពេល​តម​អាហារ ខ្ញុំ​ឃើញ​ថា​ខ្លួនឯង​ឃ្លាន ហើយ​គ្មាន​បាន​អ្វី​ខាង​វិញ្ញាណ​ទេ តែ​ពេលខ្លះ​ទៀត​ខ្ញុំ រីករាយ ហើយ​ទទួល​បាន​ប្រយោជន៍​ខាង​វិញ្ញាណ​ដោយ​មាន​គោលបំណង ។ ពេល​ខ្លះ ខ្ញុំ​បាន​ពោលពាក្យ​អធិស្ឋាន​ដោយ​មិន​បាន​គិត​អ្វី​ទេ ជា​ការអធិស្ឋាន​ដដែលៗ​តាម​ទម្លាប់ ប៉ុន្តែ​ខ្ញុំ​ក៏​បាន ក៏​មាន​ចិត្ត​ចង់ទទួល​ឱវាទ​ពី​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន​ផងដែរ ។

មាន​អំណាច​ក្នុង​ការបង្កើត​ទម្លាប់​ដ៏បរិសុទ្ធ​ទាំងនេះ​ឲ្យ​ក្លាយជា​សាក្សី​អំពី​ព្រះ ហើយ​មិន​មែន​ជា​បញ្ជី​ដែល​ត្រូវ​ធ្វើ​នោះទេ ។ ដំណើរការ​នេះ​នឹង​មាន​បន្ដិច​ម្ដងៗ ប៉ុន្តែ​នឹង​រីក​ចម្រើន​ពេល​មាន​ការចូលរួម​យ៉ាង​សកម្ម​ជារៀង​រាល់ថ្ងៃ ហើយ​ដក​ពិសោធន៍​ប្រកប​ដោយ​គោលបំណង​ជាមួយ​ព្រះគ្រីស្ទ ។ នៅ​ពេល​យើង​ធ្វើ​សកម្មភាព​យ៉ាង​ខ្ជាប់ខ្ជួន​លើ​ការបង្រៀន​របស់​ទ្រង់ នោះ​យើង​នឹង​ទទួល​បាន​ទីបន្ទាល់​អំពី​ទ្រង់ យើង​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​ទ្រង់ និង​ជាមួយ​ព្រះវរបិតា​សួគ៌​របស់​យើង ។ យើង​ចាប់ផ្ដើម​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ។

ពួកមារ​សត្រូវ​បង្កើត​សំឡេង​រំខាន​យ៉ាង​ខ្លាំង ដែល​ធ្វើឲ្យ​យើង​អាច​ពិបាក​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់។ ពិភពលោក​របស់​យើង ឧបសគ្គ​របស់​យើង កាលៈទេសៈ​របស់​យើង​នឹង​មិន​មាន​ភាពស្ងប់ស្ងាត់​ជាងមុន​ទេ ប៉ុន្តែ​យើង​អាច ហើយ​យើង​ត្រូវតែ​មាន​បំណង​ប្រាថ្នា​ដ៏មោះមុត​ដើម្បី​ធ្វើតាម​កិច្ចការ​របស់​ព្រះគ្រីស្ទ ដើម្បី « ស្ដាប់​ទ្រង់ » ដោយ​ភាពច្បាស់លាស់ ។ យើង​ចង់​បង្កើត​ឲ្យ​មាន​ទម្លាប់​នៃ​ភាពជា​សិស្ស និង​ទីបន្ទាល់​ដែល​នឹង​នាំឲ្យ​យើង​ផ្តោត​ទៅលើ​ការពឹងផ្អែក​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ​ជារៀង​រាល់ថ្ងៃ ។

ឥឡូវ​នេះ ឪពុក​ខ្ញុំ​បាន​លា​ចាក​ទៅ​អស់​រយៈពេល​ជាង ១១ ឆ្នាំ​ហើយ ប៉ុន្តែ​ពាក្យសម្តី​របស់​គាត់​នៅរស់​ក្នុង​ចិត្ត​ខ្ញុំ ។ « បូនី កុំ​បោះបង់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ឲ្យសោះ » ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចូលរួម​ជាមួយ​ខ្ញុំ​ក្នុង​ការទទួល​យក​ការអញ្ជើញ​របស់​គាត់ ។ សូម​រកមើល​ព្រះគ្រីស្ទ​នៅ​គ្រប់​ទីកន្លែង―ខ្ញុំ​សន្យា​ថា ទ្រង់​គង់នៅ​ទីនោះ ! អំណរ​ដ៏ពិត​ប្រាកដ​គឺ​អាស្រ័យលើ​ឆន្ទៈ​របស់​យើង​ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ ហើយ​បាន​ឃើញ​ច្បាស់​ដោយ​ខ្លួន​យើង​ផ្ទាល់ ។

យើង​ដឹង​ថា នៅ​ថ្ងៃ​ចុងក្រោយ « គ្រប់​ជង្គង់​នឹង​លុតចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទទួល​ថ្លែង​ប្រាប់ »ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ខ្ញុំ​អធិស្ឋាន​ថា សាក្សី​នេះ​នឹង​ក្លាយជា​បទពិសោធន៍​ធម្មតា និង​តាម​ធម្មជាតិ​មួយ​សម្រាប់​យើង នៅពេល​ឥឡូវ​នេះ—ថា​យើង​នឹង​ចាប់​យក​គ្រប់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​ដោយ​អំណរ ៖ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ !

ខ្ញុំ​ពិត​ជាស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់ ។ ឱ យើង​មាន​អំណរគុណ​ណាស់​ចំពោះ​ដង្វាយ​ធួន​ដ៏​និរន្ដរ​របស់​ទ្រង់ ដែល​បាន « ធ្វើឲ្យ​ជីវិត​អស់កល្ប​ជានិច្ច និង​អតមភាព​អាច​កើត​មាន​ដល់ [ យើង ] គ្រប់​គ្នា » ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ល្អ​សប្បុរស និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕