សន្និសីទទូទៅ
ការងារ​បម្រើ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការងារ​បម្រើ

ចូរ​យើង​ឈោង​ទៅ​ជួយ ហើយ​យកចិត្ត​ទុកដាក់​ដូចជា​ព្រះអង្គ​សង្រ្គោះ​ធ្វើ ជា​ពិសេស​ដល់​អស់​អ្នក​ដែល​យើង​មាន​ឯកសិទ្ធិ​ផ្ដល់​ការងារ​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការចាត់តាំង ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ សូម​ស្វាគមន៍​មក​កាន់​សន្និសីទ​ទូទៅ !

បន្ទាប់ ពី សន្និសីទ​ទូទៅ​ខែ​តុលា ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​បាន​ដើរក្នុង​មជ្ឈមណ្ឌល​សន្និសីទ​និយាយ​រាក់ទាក់ និង​ស្តាប់​បទពិសោធន៍​ដំណឹងល្អ​របស់​បងប្អូន ។

សមាជិក​យើង​មក ពី​ម៉ិកស៊ិក​បាន​និយាយ​ថា « Hoy es el tiempo de Mexico » ( ឥឡូវ​នេះ​ជា​ពេល​សម្រាប់​ម៉ិកស៊ិក​ទទួល​ពរជ័យ ) ។​

រូបភាព
ហ្គីលី និង ម៉ារី ជួប​ជាមួយ​នឹង​អែលឌើរ និង ស៊ីស្ទើរ ហ្គង

យើង​បាន​ដឹង​ថា ហ្គីលី និង ម៉ារី ជា​មិត្តភក្ដិ​គ្នា​មកពី​ប្រទេស​អង់គ្លេស ។ នៅពេល ម៉ារី បាន​ចូលរួម​ក្នុង​សាសនាចក្រ នាង​បាន​បាត់បង់​កន្លែង​រស់នៅ ។ ហ្គីលី មាន​ចិត្តល្អ​អញ្ជើញ ម៉ារី ឲ្យ​ទៅ​រស់នៅ​ជាមួយ​នាង ។ ហ្គីលី ថ្លែង​ពេញ​ដោយ​សេចក្ដី​ជំនឿ​ថា « ព្រះអម្ចាស់​គង់នៅ​នឹង​ខ្ញុំ ខ្ញុំ​មិន​ដែល​សង្ស័យ​ទេ » ។ នៅឯ​សន្និសីទ ហ្គីលី ក៏​មាន​អំណរ​ដែល​បាន​ជួប​ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា ដែល​ជា​អ្នក​ជួយ​បង្រៀន​នាង​កាល​ពី ៤៧ ឆ្នាំ​មុន​ផងដែរ ។

រូបភាព
ជេហ្វ និង​មេលីសា​ជួប​ជាមួយ​នឹង​អែលឌើរ និង ស៊ីស្ទើរ ហ្គង

ជេហ្វ និង​ភរិយា​គាត់ មេលីសា បាន​ចូលរួម​សន្និសីទ​ទូទៅ​ជា​លើក​ដំបូង ។ ជេហ្វ ធ្លាប់​លេង​កីឡា​បេស្បល​អាជីព ( គាត់​ជា​អ្នកចាប់​បាល់ ) ហើយ​ឥឡូវ​នេះ គាត់​គឺជា​គ្រូពេទ្យ​ផ្នែក​ចាក់ថ្នាំ​សណ្ដំ ។ គាត់​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​ឆ្ពោះ​ទៅរក​បុណ្យ​ជ្រមុជ​ទឹក ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​គឺជា​របៀប​រស់នៅ​ដ៏ល្អ​ពិត និង​ស្មោះត្រង់​បំផុត » ។

មុន​នេះ មេលីសា បាន​សុំទោស​បងប្រុស​ដែល​បាន​ចាត់​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ដល់ ជេហ្វ ថា « ជេហ្វ មិន​ចង់​ឲ្យ ‹ អ្នកពាក់​អាវ​ស › នៅក្នុង​ផ្ទះ​របស់​យើង​ទេ » ។ បងប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​បាន​និយាយ​ថា « ខ្ញុំ​នឹង​រក​វិធី​មួយ » ។ ឥឡូវ​នេះ គាត់ និង ជេហ្វ គឺ​ជា​កល្យាណ​មិត្ត​នឹង​គ្នា ។ នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់ ជេហ្វ ខ្ញុំ​បាន​ជួប​ក្រុមជំនុំ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល ជេហ្វ មេលីសា និង​កូនស្រី​របស់​ពួកគេ​ឈ្មោះ ឆាឡុតធឹ ស្រឡាញ់ ។

ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​ខិតខំ​ព្យាយាម​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ដូច​ដែល​ទ្រង់​ធ្វើ​ដោយសារ​មាន​ជីវិត​ជាច្រើន​កំពុង​រង់ចាំ​ការផ្លាស់ប្ដូរ ។

ពេល ភេហ្គី ប្រាប់​ខ្ញុំ​ថា ស្វាមី​របស់​នាង ឈ្មោះ ចន នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្រោយពី​បាន​រៀបការ​អស់ ៣១ ឆ្នាំ ខ្ញុំ​បាន​សួរ​នាង​ថា តើ​មាន​អ្វី​បាន​ផ្លាស់ប្ដូរ​ទៅ ។

ភេហ្គី បាន​តប​ថា « ចន និង​ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ចូរ​មក​តាម​ខ្ញុំ ហើយ ចន បាន​សួរ​អំពី​គោលលទ្ធិ​របស់​សាសនាចក្រ » ។

ភេហ្គី បាន​និយាយ​ថា « ដូច្នេះ​ចូរ​យើង​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​មក » ។

ចន បាន​ថា « គ្មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទេ—លុះ​ត្រា​តែ​មិត្ត​របស់​ខ្ញុំ​អាច​មក​ដែរ » ។ ជាង ១០ ឆ្នាំ​ហើយ​ដែល​បងប្រុស​ផ្ដល់​ការងារ​បម្រើ​ដល់ ចន នោះ​បាន​ក្លាយជា​មិត្តភក្តិ​ដ៏​គួរឲ្យ​ទុកចិត្ត​របស់​គាត់ ។ ( ខ្ញុំ​គិត​ថា ចុះ​បើ​បងប្រុស​ដែល​ផ្ដល់​ការងារបម្រើ​របស់ ចន ឈប់​មក​បន្ទាប់​ពី​មួយ ពីរ ឬ​ប្រាំបួន​ឆ្នាំ​វិញ​នោះ ? )

ចន បាន​ស្តាប់ ។ គាត់​បាន​អាន​ព្រះគម្ពីរ​មរមន​ដោយ​ស្មោះ​អស់ពី​ចិត្ត ។ នៅពេល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​អញ្ជើញ ចន ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​គាត់​បាន​និយាយ​ថា បាទ ។ ភេហ្គី​បាន​និយាយ « ខ្ញុំ​ស្ទើរ​ធ្លាក់​ពី​លើ​កៅអី ហើយ​ចាប់ផ្ដើម​យំ » ។

ចន បាន​និយាយ​ថា « ខ្ញុំ​បាន​ផ្លាស់ប្ដូរ ពេល​ខ្ញុំ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ » ។ ក្រោយ​មក ចន និង ភេហ្គី បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ ។ កាល​ពី​ខែ​ធ្នូ ចន បាន​ទទួល​មរណភាព​នៅ​អាយុ ៩២ ឆ្នាំ ។ ភេហ្គី ពោល​ថា « ចន តែងតែ​ជា​មនុស្ស​ដ៏ល្អ​ម្នាក់ ប៉ុន្តែ​គាត់​បាន​ក្លាយជា​មនុស្ស​ខុស​ពីមុន​ តាម​របៀប​ដ៏​ស្រស់ស្អាត​មួយ ក្រោយពី​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក » ។

រូបភាព
ជេននី និង​ម៊ែប

ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​បាន​ជួប​ជាមួយ ម៊ែប និង ជេននី តាម​វីដេអូ ​នៅ​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ ។ ( យើង​បាន​ជួប​គូស្វាមី​ភរិយា និង​បុគ្គល​ដ៏អស្ចារ្យ​ជាច្រើន​នាក់​តាម​វីដេអូ​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ ដែល​ម្នាក់ៗ​ត្រូវ​បាន​ណែនាំ​ដោយ​ប្រធាន​ស្តេក​របស់​ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ) ។

ម៊ែប និង ជេននី បាន​ថ្លែង​យ៉ាង​រាបសា​ថា ការព្រួយ​បារម្ភ​នៅក្នុង​ជីវិត​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ពួកគេ​ឆ្ងល់​ថា តើ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​អាច​បាន​សង្គ្រោះ​ដែរ​ឬ​ទេ ហើយ​បើ​បាន​សង្គ្រោះ​មែន តើ​តាម​របៀប​ណា​ទៅ ។ ពួកគេ​ជឿ​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការតាំងចិត្ត​ចំពោះ​សេចក្តី​សញ្ញា​របស់​ពួកគេ​ អាច​ជួយ​ពួកគេ​បាន ។

សូម​ស្រមៃ​អំពី​អំណរ​របស់​ខ្ញុំ នៅពេល​ដែល ម៊ែប និង ជេននី បាន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី ហើយ​បាន​ត្រឡប់​ទៅកាន់​ដំណាក់​របស់​ព្រះអម្ចាស់​វិញ​ជាមួយ​គ្នា ។ ក្រោយ​មក ម៊ែប ស្ទើរតែ​បាត់បង់​ជីវិត ។ ជាពរជ័យ​ណាស់​ដែល ម៊ែប និង ជេននី បាន​ស្តារ​ទំនាក់ទំនង​សេចក្ដី​សញ្ញា​នឹង​ព្រះអម្ចាស់ និង​ជាមួយ​គ្នា ហើយ​ទទួល​បាន​អារម្មណ៍​ក្ដី​ស្រឡាញ់​មកពី​មនុស្ស​ដែល​ផ្ដល់​ការងារបម្រើ​នៅ​ជុំវិញ​ពួកគេ​ជាច្រើន ។

នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​រៀន​ពី​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ខ្វល់ខ្វាយ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​នឹង​ធ្វើ​ដែរ ។

រូបភាព
សាល់វ៉ាឌ័រ​ជួប​ជាមួយ​នឹង​អែលឌើរ និង ស៊ីស្ទើរ ហ្គង

នៅ​ប្រទេស​បេរ៉ូ ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​បាន​ជួប សាល់វ៉ាឌ័រ និង​បងប្អូន​របស់​គាត់ ។ សាល់វ៉ាឌ័រ និង​បងប្អូន​របស់​គាត់ គឺ​ជា​កូន​កំព្រា ។ វា​គឺជា​ថ្ងៃ​ខួប​កំណើត​របស់ សាល់វ៉ាឌ័រ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​សមាជិក​ដែល​ផ្ដល់​ការងារ​បម្រើ​យ៉ាង​ស្មោះត្រង់​ដល់​គ្រួសារ​នេះ​បំផុស​គំនិត​ដល់​ខ្ញុំ ។ « សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង »២គឺ​ដូច្នេះ—« គឺ​ឲ្យ​ទៅ​សួរ​ពួកកំព្រា និង​ពួក​មេម៉ាយ »ជួយ​អ្នកទន់ខ្សោយ ចូរ​លើក​ដៃ​ដែល​រោយ … ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ។

នៅ​ទីក្រុង​ហុងកុង ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់​បាន​ចែកចាយ​យ៉ាង​រម្យទម​ពី​របៀប​ដែល​កូរ៉ុម​របស់​គាត់​សម្ភាសពី​ការងារ​បម្រើ​បាន ១០០ ភាគរយ​ពេញ​យ៉ាង​ខ្ជាប់ខ្ជួន ។ គាត់​ថ្លែង​ថា « យើង​រៀបចំ​ដៃគូ​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ថែទាំ​មនុស្ស​ម្នាក់ ហើយ​មាន​គេ​ថែទាំ​គាត់​វិញ​ដែរ » ។ « យើង​សួរ​ដៃគូ​នីមួយៗ​អំពី​មនុស្ស​ដែល​ពួកគេ​ផ្ដល់​ការងារ​បម្រើ​ជាទៀងទាត់ ។ យើង​មិន​ធ្វើ​ដើម្បី​ឲ្យ​តែបាន​នោះ​ទេ យើង​ផ្ដល់​ការងារបម្រើ​ដល់​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ដែល​ខ្វល់ខ្វាយ​ពី​សមាជិក​យើង » ។

រូបភាព
គ្រួសារ​បូកូឡូ

នៅ​គីនស្សាសា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប្រធាន បូកូឡូ បាន​ចែក​ចាយ​ពី​របៀប​ដែល​គាត់ និង​គ្រួសារ​គាត់​បាន​ចូលក្នុង​សាសនាចក្រ​នៅ​ប្រទេស​បារាំង ។ ថ្ងៃ​មួយ ពេល​គាត់​កំពុង​អាន​ពរ​លោក​អយ្យកោ​របស់​គាត់ ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​ឲ្យ​បងប្រុស បូកូឡូ ត្រឡប់​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​វិញ​ជាមួយ​គ្រួសារ​គាត់ ។ បងប្រុស បូកូឡូ បាន​ដឹង​ថា ពួកគេ​នឹងជួប​ឧបសគ្គ​ជាច្រើន បើ​ពួកគេ​ត្រឡប់​ទៅ​វិញ ។ ហើយ​ព្រះវិហារ​របស់​ពួកគេ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ក៏​មិន​ទាន់​បាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​គីនស្សាសា​ដែរ ។

តែ​ដោយសារ​សេចក្ដី​ជំនឿ ដូចជា​មនុស្ស​ជា​ច្រើន​មាន​ដែរ គ្រួសារ​បូកូឡូ​បាន​ធ្វើតាម​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ នៅ​គីនស្សាសា ពួកគេ​បាន​ផ្ដល់​ការងារ​បម្រើ និង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ បាន​យកឈ្នះ​លើ​ឧបសគ្គ​នានា បាន​ទទួល​ពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ សព្វ​ថ្ងៃនេះ ពួកគេ​អរ​រីករាយ​ដែល​មាន​ដំណាក់​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ។​

អ្នកប្រែចិត្ត​ជឿ​ម្នាក់​ទទួល​បាន​ការងារ​បម្រើ​តាមរយៈ​គំរូ​ផ្ទាល់ខ្លួន ។ កាល​នៅ​ជា​យុវជន គាត់​បាន​និយាយ​ថា គាត់​បាន​ចំណាយ​ពេល​ជាច្រើន​ដើរ​តាម​ឆ្នេរ​ដោយឥត​ប្រយោជន៍ ។ គាត់​បាន​និយាយ​ថា មានថ្ងៃ​មួយ « ខ្ញុំ​បាន​ឃើញ​នារី​ដ៏ទាក់ទាញ​ម្នាក់​នៅក្នុង​ឈុត​ហែលទឹក​ដ៏រម្យទម​មួយ » ។ ដោយ​ស្ងើច​ក្នុង​ចិត្ត គាត់​បាន​ទៅ​សួរ​ថា ហេតុអ្វី​បានជា​នារី​ដ៏ទាក់ទាញ​ម្នាក់​នេះ​ពាក់​ឈុត​ហែលទឹក​ដ៏រម្យទម​បែបនេះ ។ នាង​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​បាន​សួរ​ដោយ​ស្នាម​ញញឹម​ថា « តើ​អ្នក​ចង់​មក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ដែរ​ឬ​ទេ ? » គាត់​បាន​និយាយ​ថា បាទ ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ អំឡុង​ពេល​យើង​បាន​ទទួល​ការចាត់តាំង​រួមគ្នា អែលឌើរ អិល ថម ភែរី បាន​ចែកចាយ​ពី​របៀប​ដែល​លោក និង​ដៃគូ​បាន​ផ្ដល់​ការងារ​បម្រើ​ជា​ទៀងទាត់​ដល់​បងស្រី​ម្នាក់ ដែល​រស់នៅ​តែម្នាក់​ឯង​នៅ​តំបន់​ដ៏​លំបាក​មួយ​ជិត​បូស្តុន ។ នៅពេល​អែលឌើរ ភែរី និង​ដៃគូ​បាន​មក​ដល់ បងស្រី​រូបនោះ​បាន​ណែនាំ​យ៉ាង​ប្រយ័ត្ន​ថា « ដាក់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​តាម​ក្រោម​ទ្វារ​មក » ។ ទាល់តែ​គាត់​បាន​ឃើញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សិន ទើប​គាត់​ចាក់សោ​ជាច្រើនជាន់ ហើយ​បើក​ទ្វារ​ឲ្យ​ចូល ។ ពិត​ណាស់ ខ្ញុំ​មិន​បាន​និយាយ​ថា ដៃគូ​ផ្ដល់​ការងារ​បម្រើ​ត្រូវតែ​យក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​តាមខ្លួន​រហូត​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​គំនិត​ដែល​ថា អ្នក​ដែល​គោរព​សេចក្តីសញ្ញា​ផ្ដល់​ការងារ​បម្រើ នោះ​សោផ្ទះ​នឹង​បើក ហើយ​បេះដូង​ក៏​បើក​ដែរ ។

អែលឌើរ ភែរី ក៏​បាន​ផ្តល់​ដំបូន្មាន​ដ៏មាន​ប្រយោជន៍​ផងដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា « សូម​ផ្តល់​កិច្ចការ​ចាត់តាំង​មួយ​ចំនួន​ដែល​សមល្មម​ដល់​ដៃគូ​ទាំងឡាយ ដោយ​ធ្វើ​ការអធិស្ឋាន​ជ្រើសរើស ចាត់តាំង​តាម​ភូមិសាស្ត្រ​ដែល​សមរម្យ​ដើម្បី​ប្រើ​ពេលវេលា​ធ្វើ​ដំណើរ​បាន​ល្អ » ។ លោក​បាន​ទូន្មាន​ថា « សូម​ចាប់ផ្ដើម​ពី​អ្នក​ដែល​ត្រូវការ​ការសួរ​សុខទុក្ខ​ច្រើន​បំផុត ។ សូម​បន្ដ​ទៅ​អ្នក​ដែល​ទំនង​ជា​ស្វាគមន៍ និង​ឆ្លើយតប​បានល្អ​ទៅនឹង​ការសួរ​សុខទុក្ខ » ។ លោក​បាន​បញ្ចប់​ថា « ភាពខ្ជាប់ខ្ជួន​ដ៏​ស្មោះត្រង់​នាំមក​នូវ​អព្ភូតហេតុ » ។

ការផ្ដល់​ការងារ​បម្រើ​តាម​របៀប​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​ កើតឡើង នៅពេល​យើង​អធិស្ឋាន​ទូលសូម « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ​នោះ ។ វា​ក៏​កើតឡើង​ផងដែរ នៅពេល​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ ដោយ​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព មើល​ការខុសត្រូវ​លើ​កិច្ចខិតខំ​ផ្ដល់​ការងារ​បម្រើ រួមទាំង​ការចាត់តាំង​ដៃគូ​ផ្ដល់​ការងារ​បម្រើ​ផងដែរ ។ សូម​ផ្ដល់​ឱកាស​ដល់​យុវជន និង​យុវនារី​របស់​យើង អម​ដំណើរ និង​ទទួល​បាន​ការបង្រៀន​ពី​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​មាន​បទពិសោធន៍​ទាំងឡាយ​ផងដែរ ។ ហើយ​សូម​ឲ្យ​ជំនាន់​ដែល​កំពុង​ពេញវ័យ​ដ៏ក្មេងខ្ចី​របស់​យើង បំផុស​គំនិត​ដល់​ដៃគូ​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។

នៅ​កន្លែង​មួយ​ចំនួន​ក្នុង​សាសនាចក្រ យើង​មាន​ចន្លោះ​ប្រហោង​ក្នុង​ការងារ​បម្រើ ។ មនុស្ស​ជាច្រើន​និយាយ​ថា ពួកគេ​ផ្ដល់​ការងារ​បម្រើ​ច្រើន​ជាង​ពួកគេ​ទទួល​បាន​ការងារ​បម្រើ ។ យើង​មិន​ចង់​ឲ្យ​មាន​ការព្រួយ​បារម្ភ​ឲ្យ​តែ​រួចនោះ​ទេ ។ ប៉ុន្តែ​ជា​ញឹកញាប់ យើង​ចាំបាច់​ត្រូវធ្វើ​លើស​ពី​ការគ្រាន់តែ​និយាយ​រាក់ទាក់​នៅតាម​ច្រកចូល ឬ​ការសួរ​តាមធម្មតា​នៅ​ចំណត​រថយន្ដ​ថា « តើ​មាន​អី្វ​ខ្ញុំ​អាច​ជួយ​បាន​ទេ ? » ។ យើង​អាច​ឈោង​ទៅ​ជួយ ស្វែងយល់​ពី​អ្នកដទៃ ហើយ​បង្កើត​ចំណង​មិត្តភាព​នៅ​ច្រើន​កន្លែង ពេល​យើង​ទៅ​សួរ​សុខទុក្ខ​សមាជិក​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ជា​ទៀងទាត់ ។ ការអញ្ជើញ​ដ៏​បំផុស​គំនិត​ផ្លាស់ប្ដូរ​ជីវិត ។ នៅពេល​ការអញ្ជើញ​ជួយ​យើង​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ នោះ​យើង​ខិត​ទៅ​កាន់​តែ​ជិត​ព្រះអម្ចាស់ និង​ជិតគ្នា​ទៅវិញ​ទៅ​មក ។

គេ​និយាយ​ថា អ្នក​ដែល​យល់ពី​ស្មារតី​ពិត​នៃ​ការងារ​បម្រើ​ធ្វើ​កាន់តែ​ច្រើនជាង​មុន ខណៈ​ដែល​អ្នក​មិន​យល់​ធ្វើ​តិច​ជាងមុន ។ សូម​ធ្វើឲ្យ​កាន់តែ​ច្រើន ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​យើង​នឹង​ធ្វើ​ដែរ ។ ដូច​ទំនុក​តម្កើង​របស់​យើង​បាន​ចែង​ថា ការងារ​បម្រើ​គឺជា « ពរ​នៃ​កាតព្វកិច្ច និង​ស្នេហ៍ » ។

ក្រុមប្រឹក្សា​វួដ កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ សូម​ស្ដាប់​តាម​អ្នកគង្វាល​ល្អ ហើយ​ជួយ​ទ្រង់ « ស្វែងរក​សត្វ​ណា​ដែល​វង្វេង​បាត់ … នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ … នឹង​រុំ​អប​ឲ្យ … ចម្រើន​កម្លាំង​ដល់​សត្វណា​ដែល​ឈឺ » ។ យើង​អាច​ទទួល « ទាំង​ទេវតា​ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង »១០ នៅពេល​យើង​រៀប​បន្ទប់​នៅក្នុង​ផ្ទះ​សំណាក់​របស់​ទ្រង់​សម្រាប់​មនុស្ស​ទាំងអស់១១

ការងារ​បម្រើ​ដ៏​បំផុស​គំនិត​ផ្ដល់​ពរជ័យ​ដល់​ក្រុមគ្រួសារ និង​បុគ្គល​ជាច្រើន ។ វា​ក៏​ពង្រឹង​ដល់​វួដ និង​សាខា​ទាំងឡាយ​ផងដែរ ។ សូម​គិត​អំពី​វួដ ឬ​សាខា​របស់​បងប្អូន​ថា​ជា​ប្រព័ន្ធ​បរិស្ថាន​ខាង​វិញ្ញាណ ។ តាម​ស្មារតី​នៃ​ដំណើររឿង​ប្រៀប​ប្រដូច​នៅក្នុង​ព្រះគម្ពីរ​មរមន​អំពី​ដើម​អូលីវ នោះ​ម្ចាស់​ចម្ការ និង​អ្នកបម្រើ​​នាំ​មក​នូវ​ផល​ដ៏​មាន​តម្លៃ និង​ពង្រឹង​ដើម​នីមួយៗ ដោយ​ការចង​ភ្ជាប់គ្នា​នូវ​ភាពខ្លាំង និង​ភាពខ្សោយ​នៃ​ដើម​ទាំងអស់ ។១២ ម្ចាស់​ចម្ការ និង​អ្នកបម្រើ​បាន​សួរ​ម្តង​ហើយ​ម្តង​ទៀត​ថា « តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត ? »១៣ ពួកគេ​រួមគ្នា​ផ្ដល់​ពរជ័យ​ដល់​ដួងចិត្ត និង​គេហដ្ឋាន វួដ និង​សាខា​ទាំងឡាយ តាមរយៈ​ការងារ​បម្រើ​ដ៏​បំផុស​គំនិត និង​ខ្ជាប់ខ្ជួន ។១៤

រូបភាព
ឫស និង​មែក​ត្របាញ់​ចូលគ្នា

ការងារ​បម្រើ—ការឃ្វាល​ចៀម—ធ្វើឲ្យ​ចម្ការ​របស់​យើង​ក្លាយជា « ដើម​តែ​មួយ »១៥—ជា​ព្រៃ​ពិសិដ្ឋ​មួយ ។ ដើម​នីមួយៗ​នៅក្នុង​ព្រៃ​របស់​យើង​គឺ​ជា​មែកធាង​គ្រួសារ​ដែល​មាន​ជីវិត ។ ឫស និង​មែក​ត្របាញ់​ចូលគ្នា ។ ការងារ​បម្រើ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​រាប់​ជំនាន់ ។ នៅពេល​ត្រូវការ​ការ​បម្រើ នោះ​ប៊ីស្សព និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ដ៏ឈ្លាសវៃ សួរ​ថា « តើ​បងប្អូន​ប្រុស​ស្រី​ណា​ខ្លះ​ជា​អ្នកធ្វើ​ការងារ​បម្រើ ? » ក្រុមប្រឹក្សា​វួដ និង​ការសម្ភាស​ការងារ​បម្រើ ​មិន​ត្រឹមតែ​សួរ​អំពី​ឧបសគ្គ ឬ​បញ្ហា​ទាំងឡាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មើល​ឲ្យ​យល់ និង​អរ​រីករាយ​ក្នុង​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ជាច្រើន​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​យើង កាល​យើង​ផ្ដល់​ការងារ​បម្រើ​ដូច​ដែល​ទ្រង់​បាន​ធ្វើ​ផង​ដែរ ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​របស់​យើង ។១៦ ដោយសារ​ទ្រង់​ល្អ នោះ​ទ្រង់​អាច​យាង​ធ្វើ​អំពើល្អ ។ ១៧ ទ្រង់​ប្រទាន​ពរ​ដល់​ម្នាក់ និង​ដល់ ៩៩ នាក់​ទៀត​ដែរ ។ ទ្រង់​បាន​បង្ហាញ​ពី​ព្រះរាជបំណង​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន ។ យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​ធ្វើ « … ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ » ដូច​ជាយើង​នឹង​ធ្វើ​ដាក់​ទ្រង់​ដែរ១៨ នៅពេល​យើង​ស្រឡាញ់​អ្នកជិតខាង​ដូចជា​ខ្លួន​យើង​១៩ នៅពេល​យើង « ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា »២០ និង​នៅ​ពេល « អ្នក​ណា​ក្នុង​ពួក​អ្នករាល់គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​ដល់​អ្នករាល់​គ្នា​វិញ » ។២១

ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការងារបម្រើ ។ ពួក​ទេវតា​ផ្ដល់​ការងារបម្រើ ។២២ អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ « ធ្វើ​ការងារ​បម្រើ​គ្នា​ទៅវិញ​ទៅមក »២៣ « អរ​សប្បាយ​ជាមួយ​នឹង​អ្នកណា​ដែល​អរ​សប្បាយ ហើយ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​យំ​ផង »២៤ « ថែទាំ​ប្រជាជន [ ហើយ ] … បាន​ផ្ដល់​ដល់ [ ប្រជាជន ] នូវ​អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដី​សុចរិត »២៥ « នឹក​ចាំ … ពី​មនុស្ស​ទ័លក្រ និង​មនុស្ស​កម្សត់​ទុគត៌ និង​ពី​មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា »២៦ ហើយ​ឲ្យ​គេ​ស្គាល់​ព្រះនាម​របស់​ទ្រង់​តាមរយៈ​ការងារ​បម្រើ​របស់​យើង ។២៧ កាល​ដែល​យើង​ផ្ដល់​ការងារបម្រើ​ដូច​ដែល​ទ្រង់​បាន​ធ្វើ នោះ​យើង​នឹង​ឃើញ​ពរជ័យ និង​អព្ភូតហេតុ​ទាំងឡាយ​របស់​ទ្រង់ ។២៨ យើង​ទទួល​បាន « ការងារ​ដ៏​ប្រសើរ​ជាង » ។២៩

យើង​អាច​នឿយហត់​ខាង​រាងកាយ ។ ប៉ុន្តែ​នៅក្នុង​ការបម្រើ​របស់​ទ្រង់ យើង​មិន « រសាយ​ចិត្ត​ខាង​ឯ​ការល្អ​ឡើយ » ។៣០ យើង​ខិតខំ​ព្យាយាម​ធ្វើឲ្យ​អស់ពី​សមត្ថភាព​យើង កុំ​រត់​លឿន​ជាង​កម្លាំង​ដែល​យើង​មាន​ឡើយ៣១ ប៉ុន្ដែ​ដូច​ដែល​សាវក​ប៉ុល​បង្រៀន​មក សូម​ទុកចិត្ត​ថា « ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ » ។៣២ ដោយសារ​ព្រះ​ដែល « ទ្រង់​ផ្គត់ផ្គង់​ពូជ​សម្រាប់​អ្នក​ដែល​ព្រោះ និង​អាហារ​សម្រាប់​បរិភោគ​ផង នោះ​ទ្រង់​នឹង​ផ្គត់ផ្គង់ ហើយ​ចម្រើន​ពូជ​ដែល​អ្នករាល់គ្នា​ព្រោះ​នោះ​ដែរ » ។៣៣ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​ចម្រើន « កាន់តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ជា​ការសទ្ធា​គ្រប់​យ៉ាង » ។៣៤ អ្នកណា « ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ » ។៣៥

មិន​ថា​យើង​នៅ​កន្លែង​ណា​ទេ នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ ចូរ​យើង​ឈោង​ទៅ​ជួយ ហើយ​យកចិត្ត​ទុកដាក់​ដូចជា​ព្រះអង្គ​សង្រ្គោះ​ធ្វើ ជា​ពិសេស​ដល់​អស់​អ្នក​ដែល​យើង​មាន​ឯកសិទ្ធិ​ផ្ដល់​ការងារ​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការចាត់តាំង ។ ពេល​យើង​ធ្វើ​បែបនេះ សូម​ឲ្យ​យើង​ចូល​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ និង​គ្នា​ទៅវិញ​ទៅមក ក្លាយ​កាន់តែ​ដូច​ទ្រង់ និង​ក្លាយជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ដូចដែល​ទ្រង់​ចង់​ឲ្យ​យើង​ម្នាក់ៗ​ប្រែក្លាយ ។ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។