សន្និសីទទូទៅ
« នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


« នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ »

ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​នៅ​ជាប់​ក្នុង​យើង​ថា ជា​ការពិត ហើយ​វាមាន​ដល់​សមាជិក​គ្រប់​រូប​ដែល​រក្សា​សេចក្ដី​សញ្ញា នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់នេះ ។

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា បាន​ពិពណ៌នាថា ព្យាការី ហេណុក​ពីបុរាណ គឺ​ជា​ឧបករណ៏​ក្នុង​ការកសាង​ក្រុង​ស៊ីយ៉ូន ។

ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​អំពី​ការហៅ​ឲ្យ​បម្រើរបស់​ហេណុក​ ​បង្ហាញ​ថា « គាត់​បាន​ឮ​សំឡេង​ចេញ​ពី​ស្ថាន​សួគ៌​មក​ថា ៖ ហេណុក បុត្រ​យើង​អើយ ចូរ​ទៅ​ព្យាករ​ដល់​ប្រជាជន​នេះ ហើយ​ប្រាប់​ទៅ​ពួក​គេ​ថា—ចូរ​ប្រែ​ចិត្ត​ចុះ … ដ្បិត​ចិត្ត​របស់​ពួក​គេ​បាន​រឹងរូស ហើយ​ត្រចៀក​របស់​ពួក​គេ​បាន​ស្ពឹក​លែង​ឮ ហើយ​ភ្នែក​របស់​ពួក​គេ​ពុំ​អាច​មើល​ឃើញ​ឆ្ងាយ​ឡើយ » ។

« ហើយ​កាល​ហេណុក​បាន​ឮ​ព្រះ​បន្ទូល​ទាំង​នេះ នោះ​គាត់​ក៏​ក្រាប​ខ្លួន​ទៅ​ដល់​ដី … ហើយ​ទូល​ចំពោះ​ព្រះអម្ចាស់ថា ៖ ហេតុអ្វី​បាន​ជា​ទូលបង្គំ​ទទួល​ការ​ប្រណី​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​អង្គ ហើយ​ទូលបង្គំ​គ្រាន់តែ​ជា​ក្មេង​តូច​មួយ ហើយ​ប្រជាជន​ទាំងអស់​គ្នា​ស្អប់​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ម្ដេច​ឡើយ​ក៏​ទូលបង្គំ​ជា​អ្នក​បម្រើ​ទ្រង់ ? »

សូម​កត់​សម្គាល់​ថា នៅ​គ្រា​នៃ​ការហៅ​ឲ្យ​បម្រើ​របស់​ហេណុក លោក​បាន​ដឹង​ច្បាស់​ភ្លាមៗ​ពី​ភាពខ្វះ​ចន្លោះ និង​ការខ្វះ​សមត្ថភាព​របស់លោកផ្ទាល់ ។ ហើយ​ខ្ញុំ​សង្ស័យ​ថា នៅ​គ្រា​មួយ ឬ​គ្រា​ផ្សេង​ទៀត​នៃ​ការ​បម្រើ​របស់​យើង​ក្នុង​សាសនាចក្រ នោះ​យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ហេណុក​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ការ​ឆ្លើយ​តប​របស់​ព្រះ​អម្ចាស់​ចំពោះ​សំណួរ​ទូលអង្វរ​របស់​ហេណុក គឺ​ជា​ការ​ណែនាំ និង​អនុវត្ត​ចំពោះ​យើង​ម្នាក់ៗ​នៅ​សព្វ​ថ្ងៃ​នេះ ។

« ហើយ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ចូរ​ទៅ ហើយ​ធ្វើ​ដូច​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ ហើយ​គ្មាន​នរណា​នឹង​ចាក់​ទំលុះ​អ្នក​ឡើយ ។ ចូរបើក​មាត់​អ្នក ហើយ​មាត់​នោះ​នឹង​បាន​ពោរពេញ ហើយ​យើង​នឹង​ប្រទាន​សម្ដី​ដល់​អ្នក ។ …

មើលចុះ ព្រះវិញ្ញាណ​របស់​យើង​កំពុង​តែ​ស្ថិត​នៅលើ​អ្នក ហេតុដូច្នោះ​ហើយ គ្រប់​អស់​ទាំង​ពាក្យ​សម្ដី​របស់​អ្នក យើង​នឹង​រាប់​ជា​សុចរិត ហើយ​ភ្នំ​ទាំងឡាយ​នឹង​គេច​ចេញ​ពី​មុខ​អ្នក ហើយ​ទន្លេ​ទាំងឡាយ​នឹង​បែរចេញ​ពី​ដំណើរ​វា ហើយ​អ្នក​នឹង នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ »

នៅ​ទីបំផុត​ហេណុក​បាន​ក្លាយ​ជា​ព្យាការី​ដ៏​អស្ចារ្យ​ម្នាក់ និង​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ថ​របស់​ព្រះ ដើម្បី​សម្រេច​កិច្ចការ​ដ៏​មហិមា​មួយ ប៉ុន្តែ​លោក​មិន​បាន​ចាប់​ផ្ដើម​ការងារ​បម្រើ​របស់​លោក​ដ៏អស្ចារ្យ​ដូច្នោះទេ ! ផ្ទុយ​ទៅវិញ សមត្ថភាព​របស់​លោក​បាន​កើន​ឡើង ពេល​លោក​បាន​រៀន​ដើម្បី​នៅជាប់​នឹង​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ដើរ​ជាមួយ​ទ្រង់ ។

ខ្ញុំ​អធិស្ឋាន​ដោយ​ស្មោះ​ទូល​សូម​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ពេល​យើង​ពិចារណា​ជាមួយ​គ្នា​អំពី​ព្រះឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ហេណុក និងអត្ថ​ន័យនៃ​ឱវាទ​នោះ​មាន​សម្រាប់​បងប្អូន និង​ខ្ញុំ​នា​ពេល​បច្ចុប្បន្ន​នេះ ។

អ្នក​នឹង​នៅ​ក្នុង​យើង

ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បាន​ប្រទាន​ការ​អញ្ជើញ​ដល់​យើង​ម្នាក់ៗ ឲ្យ​នៅជាប់​នឹង​ទ្រង់ ។ ប៉ុន្ដែ​តើ​យើង​ពិត​ជា​រៀន និង​មក​នៅជាប់​នឹង​ទ្រង់​យ៉ាង​ដូចម្ដេច ?

ពាក្យ​ថា នៅ​ជាប់ បង្ហាញ​ពី​ការនៅ​នឹង​មួយ​កន្លែង ឬ​ឋិតថេរ និង​យូរ​អង្វែង ដោយ​មិន​ងាករេ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ពន្យល់​ថា « នៅ​ជាប់ » ជា​សកម្មភាព​មួយ​មាន​ន័យ​ថា « ‹ [ ស្នាក់ ] នៅ—ប៉ុន្តែ [ ស្នាក់ ] នៅ​ជា​រៀង​រហូត › ។ នោះ​គឺជា​ការ​អំពាវនាវ​នៃ​សារលិខិត​នៃដំណឹងល្អ​ដល់ … មនុស្ស​គ្រប់​រូប … នៅ​ក្នុង​ពិភពលោក ។ ចូរ​មក ប៉ុន្តែ​ឲ្យ​នៅ​បន្ត ។ ចូរ​មក​ដោយ​ជំនឿស៊ប់ និង​ការ​ស៊ូទ្រាំ ។ ចូរ​មក​ជាអចិន្ត្រៃយ៍ សម្រាប់​ប្រយោជន៍​របស់​អ្នក និង​ប្រយោជន៍​នៃ​គ្រប់​ជំនាន់​ក្រោយៗ​ទៀត​របស់​អ្នក » ។ ដូច្នេះយើង​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ ពេល​យើង​មាន​ភាព​រឹងមាំ និង​ខ្ជាប់ខ្ជួន​ក្នុង​ការ​លះបង់​របស់​យើង​ចំពោះ​ព្រះ​ប្រោសលោះ និង​ព្រះរាជ​បំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ទាំង​គ្រា​ល្អ និង​អាក្រក់ ។

យើង​ចាប់​ផ្ដើម​នៅជាប់​នឹង​ព្រះ​អម្ចាស់ ដោយ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង ដើម្បី​លើកនឹម​របស់​ទ្រង់​ដាក់មក​លើ​ខ្លួន​យើង​ តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ដែល​យើង​មាន​ជាមួយ​ព្រះវរបិតា​សួគ៌​ និង​ព្រះ​រាជ​បុត្រា​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដ៏មាន​ព្រះជន្ម​រស់ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ទស្សនវិស័យ សេចក្ដីសង្ឃឹម ភាព​សុខសាន្ត និង​អំណរ​ដ៏​យូរ​អង្វែង ទំនាក់ទំនង​នោះ​ក៏​ជា​សិលា​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន ដែល​យើង​គួរ​តែ​ស្ថាបនា​ជីវិត​របស់​យើង​ផងដែរ ។

យើង​នៅ​ជាប់​នឹង​ទ្រង់ តាមរយៈ​ការ​បន្ត​ខិតខំ​ពង្រឹង​ចំណង​នៃ​សេចក្ដី​សញ្ញា​នីមួយៗ​ជាមួយ​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា ។ ឧទាហរណ៍ ការអធិស្ឋាន​ដោយ​ស្មោះ​ចំពោះ​ព្រះ​វរបិតា​ដ៏​អស់កល្ប​ជានិច្ច នៅក្នុង​ព្រះ​នាម​នៃ​ព្រះ​បុត្រា​ដ៏​ស្ងួនភ្ងា​​ទ្រង់ ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់​ទាំង​ទ្វេ ។

យើង​នៅ​ជាប់​នឹង​ទ្រង់ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ គោលលទ្ធិ​របស់​ព្រះអង្គ​សង្រ្គោះ​បាន​នាំ​យើង ដែល​ជា​បុត្រាបុត្រី​នៃ​សេចក្ដី​សញ្ញា​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់១០ ហើយ​នឹង​ប្រាប់​ដល់​យើង​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ ។១១

យើង​នៅជាប់​នឹង​ទ្រង់ ដោយ​រៀបចំ​ខ្លួន​ចូលរួម​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ដោយ​ស្មោះ ដើម្បីរំឭក និង​នឹក​គិត​ពី​ការសន្យា​នៃ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ប្រែចិត្ត​ដោយ​ស្មោះស ។ ការទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្ដិសម​គឺជា​សាក្សី​មួយ​ចំពោះ​ព្រះ​ថា យើង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ព្យាយាម « ចង​ចាំ​ទ្រង់​ជានិច្ច » ១២ បន្ទាប់​ពី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នោះ​ក្នុងរយៈ​មួយ ។

ហើយ​យើង​នៅ​ជាប់​នឹង​ទ្រង់ តាម​រយៈ​ការបម្រើ​ព្រះ ​ពេល​យើង​បម្រើ​បុត្រាបុត្រី​របស់​ទ្រង់ និង​ធ្វើ​ការងារ​បម្រើ​ដល់​បងប្អូន​ប្រុស​ស្រី​យើង ។១៣

ទ្រង់​មាន​បន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅជាប់​ក្នុង​សេចក្តីស្រឡាញ់​របស់​ខ្ញុំ ដូចជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដែរ » ។១៤

ខ្ញុំ​បាន​រៀបរាប់​យ៉ាង​ខ្លី​អំពី​វិធី​ជា​ច្រើន ដែល​យើង​អាច​អនុវត្ត​នៅ​ក្នុង​ព្រះអង្គ​សង្គ្រោះ ។ ឥឡូវ​ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗដែល​ជា​សិស្ស​ទ្រង់​ឲ្យ សូម រក គោះ និងរៀន​ដោយ​ខ្លួន​ឯងនូវ​របៀប​ដ៏​មាន​អត្ថន័យ​ផ្សេងទៀត​ តាម​រយៈព្រះចេស្តា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​គ្រីស្ទក្លាយ​ជា​ចំណុច​ស្នូល​នៃ​ជីវិត​យើង ក្នុងគ្រប់​អ្វីៗ​ដែល​យើង​ធ្វើ ។

ហើយ​យើង​នៅ​ក្នុង​អ្នក

ការ​សន្យា​របស់​ព្រះអង្គ​សង្រ្គោះ​ដល់​អ្នក​ដើរ​តាម​ទ្រង់​គឺ​មាន​ពីរ​ផ្នែក ៖ ​បើ​យើង​នៅ​ជាប់​នឹង​ទ្រង់ នោះ​ទ្រង់​នឹង​នៅ​ជាប់​នឹង​យើង ។ ប៉ុន្តែ តើ​វា​ពិត​ជា​អាច​ធ្វើ​ទៅ​រួច​ដែរ​ឬ​ទេ ដើម្បី​ឲ្យ​ព្រះគ្រីស្ទ​នៅជាប់​នឹង​បងប្អូន និង​រូប​ខ្ញុំ—ផ្ទាល់​ខ្លួនម្នាក់ៗ​នោះ ? ចម្លើយ​យ៉ាង​ច្បាស់​ចំពោះ​សំណួរ​នេះ​គឺ​ថា អាច​ធ្វើ​បាន !

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន យើង​បាន​រៀន​អំពី​ការ​បង្រៀន​របស់​អាលម៉ា និង​ការ​ថ្លែង​ទីបន្ទាល់​ទៅកាន់​ពួកអ្នក​ក្រីក្រ ដែលសេចក្តី​ទុក្ខ​វេទនា​ទាំងឡាយ​បាន​បង្ខំ​ពួក​គេ​ឲ្យ​រាបទាប ។ នៅក្នុង​ការណែនាំ​របស់​លោក លោក​បាន​ប្រៀបធៀប​ព្រះបន្ទូល​ទៅ​នឹង​គ្រាប់​ពូជ ដែល​ត្រូវ​តែ​ដាំ និង​ថែទាំ ហើយ​លោក​បាន​ពិពណ៌នា​ថា « ព្រះបន្ទូល » គឺ​ជា​ព្រះជន្ម បេសកកម្ម និង​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អាលម៉ា​បាន​ថ្លែង​ថា « ចាប់​ផ្ដើម​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ចុះ ថា​ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រង​ទុក្ខ ហើយ​សុគត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​របស់​ពួក​គេ ហើយ​ថា​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើងវិញ ដែល​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ ថា​មនុស្ស​ទាំងអស់​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​ទទួល​ការ​ជំនុំជម្រះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ជា​ថ្ងៃ​ជំនុំ​ជម្រះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​គេ » ។១៥

អាលម៉ា​បាន​ផ្តល់​ការពិពណ៌នា​នេះ​អំពី « ព្រះ​បន្ទូល » ។ សូម​ពិចារណា​អំពី​ទំនាក់ទំនង​ដ៏​បំផុស​គំនិត ដែល​លោក​បាន​បង្ហាញ​ ។

« ហើយ​ឥឡូវ​នេះ … ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា បណ្ដុះ​ពាក្យ​នេះ នៅ​ក្នុង​ចិត្ត​អ្នក ហើយ​នៅ​ពេល​ពាក្យ​នេះ​ចាប់​ផ្ដើម​រីក​ឡើង ចូរ​ថែទាំ​វា​ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក ។ ហើយ​មើល​ចុះ វា​នឹង​បាន​ទៅ​ជា​ដើម​មួយ ដោយ​លូតលាស់​ឡើង នៅ​ក្នុង​ខ្លួន​អ្នក ដល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ ហើយ​បន្ទាប់​មក សូម​ព្រះ​ទ្រង់​សម្រាល​បន្ទុក​របស់​អ្នក តាម​រយៈ​សេចក្ដី​អំណរ​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ។ ហើយ​ការណ៍​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ » ។១៦

គ្រាប់​ពូជ​ដែល​យើង​គួរ​ព្យាយាម​ដាំ​ក្នុង​ចិត្ត​​គឺ​ជា​ពាក្យ—ព្រះជន្ម បេសកកម្ម និង​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ពេល​ដែល​ព្រះបន្ទូល​នោះ​​ចិញ្ចឹម​បីបាច់​ដោយ​សេចក្ដី​ជំនឿ នោះ​វា​អាច​ក្លាយ​ជា​ដើម​ឈើ​មួយ​ដែល​ដុះ​ឡើង នៅ​ក្នុង​យើងរហូត​ដល់​ជីវិត​ដ៏​អស់កល្បជានិច្ច ។១៧

តើ​ដើម​ឈើ​នៅ​ក្នុង​ទស្សននិមិត្ត​របស់​លីហៃ​ជា​និមិត្ត​រូប​នៃ​អ្វី ? ដើម​ឈើ​នោះ​អាច​ចាត់​ទុក​ថា ជា​តំណាង​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទដែរ ។១៨

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ តើ​ព្រះបន្ទូល​មាន​នៅ​ក្នុង​យើង​ដែរ​ឬ​ទេ ? តើ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លាក់​នៅ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​យើង​ដែរ​ឬ​ទេ ?១៩ តើ​យើង​កំពុង​មក​រក​ទ្រង់ ហើយ​ប្រែ​ក្លាយកាន់​តែ​ដូច​ទ្រង់​បន្ដិច​ម្ដង​ៗដែរ​ឬ​ទេ ? តើ​ដើមឈើ​របស់​ព្រះ​គ្រីស្ទ​កំពុង​ដុះ​លូតលាស់​នៅ​ក្នុងខ្លួន​យើង​ដែរ​ឬ​ទេ ? តើ​យើង​កំពុង​ព្យាយាម​ក្លាយ​ជា « [ សត្វ​លោក ] ថ្មី »២០ នៅ​ក្នុង​ទ្រង់​ដែរ​ឬ​ទេ ?២១

ប្រហែល​ជា​សក្តានុពល​ដ៏​​អព្ភូតហេតុ​នេះហើយ បាន​បំផុស​គំនិត​អាលម៉ា​ឲ្យ​សួរ​ថា ៖ « តើ​អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ព្រះ​នៅ​ក្នុង​វិញ្ញាណ​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​ភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​អ្នក​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? »២២

យើង​គួរ​តែ​ចងចាំ​ជានិច្ច​នូវ​ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ​ហេណុក​ថា « អ្នក​នឹង​នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក » ២៣ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​នៅជាប់ក្នុង​យើង​ថា ជា​ការពិត ហើយ​វាមាន​ដល់​សមាជិក​គ្រប់​រូប​ដែល​រក្សា​សេចក្ដី​សញ្ញា នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់នេះ ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជា​មួយ​នឹង​យើង​ចុះ

សាវក​ប៉ុល​បាន​ដាស់​តឿន​ពួក​អ្នក​ជឿ​ដែល​បាន​ទទួល​ព្រះ​អម្ចាស់​ថា ៖ « នោះ​ចូរ​ដើរ​ក្នុង​ទ្រង់ តាម​បែប​យ៉ាង​នោះ​ចុះ » ។២៤

ការ​ដើរ​នៅក្នុង និង​ជាមួយ​ព្រះ​អង្គ​សង្រ្គោះ​ គូស​បញ្ជាក់​ពី​ទិដ្ឋភាព​ដ៏​សំខាន់​ពីរ​នៃ​ភាព​ជាសិស្ស ៖ ( ១ ) ការគោរព​តាមបទ​បញ្ញត្តិ​របស់​ព្រះ និង ( ២ ) ការ​ចងចាំ និង​ការគោរព​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដែល​ភ្ជាប់​យើង​ទៅ​នឹង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា ។

យ៉ូហាន​បាន​ប្រកាស​ថា ៖

យើង រាល់ គ្នា ដឹង ថា យើង ស្គាល់ទ្រង់ ដោយសារ សេចក្តី នេះ គឺ ដោយ យើង កាន់ តាម បញ្ញត្ត របស់ ទ្រង់ ។

អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់ តែ​មិន​កាន់​តាម​បញ្ញត្តិ​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្តី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ ។

តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង អ្នក​នោះ ហើយ​គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង នៅ​ក្នុង​ទ្រង់ ។

អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ » ។២៥

ព្រះយេស៊ូវ​ទ្រង់​ត្រាស់​ហៅ​យើង​ម្នាក់ៗ ឲ្យ​« ចូរ​មក​តាម​ខ្ញុំ​ចុះ »​២៦ហើយ​« ដើរ​ជា​មួយ​នឹង​យើង​ចុះ » ។ ២៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ឈាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ ហើយ​ដើរ​ដោយភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ២៨នោះ​យើង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យមាន​កម្លាំង ការ​ការពារ និង​ការ​ណែនាំ ។

ទីបន្ទាល់ និង​ការសន្យា

អាលម៉ា​ពិពណ៌នា​ពី​ការទូល​អង្វរដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះអម្ចាស់​ចំពោះ​មនុស្ស​ទាំងអស់ ៖

« មើល​ចុះ ទ្រង់​បាន​អញ្ជើញ មនុស្ស​លោក​ទាំងអស់ ដ្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក​គេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក ។

« … ចូរ​មក​រក​យើង​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត មែន​ហើយ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន ហើយ​ផឹក​នូវ​នំប៉័ង និង​ទឹក​នៃ​ជីវិត​តាម​ចិត្ត » ។២៩

ខ្ញុំ​សូម​គូស​បញ្ជាក់​ពី​ការយល់ដឹង​ទាំង​ស្រុង​អំពី​ការ​ទូល​អង្វរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ព្រះគុណ និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ដល់​មនុស្ស​គ្រប់​រូប​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​នេះ ដែល​ធ្លាប់​រស់​នៅ ហើយ​ដែល​នឹង​រស់​នៅ​លើ​ផែនដី​នេះ ។

សមាជិក​សាសនាចក្រ​មួយ​ចំនួន​ទទួល​យក​គោលលទ្ធិ គោលការណ៍ និង​ទីបន្ទាល់​ដែល​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត ពី​វេទិកា​នេះ​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ និង​នៅ​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន​នៅ​ជុំវិញ​ពិភព​លោក​ថា ជាសេចក្តី​ពិត—ប៉ុន្តែ​នៅតែ​ពិបាក​ជឿ​ថា សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច​ទាំង​នេះ​អនុវត្ត​ជា​ពិសេស​ក្នុង​ជីវិត និង​កាលៈទេសៈ​របស់​ពួកគេយ៉ាងណា ។ ពួក​គេ​ជឿ​ស្មោះ និង​បម្រើ​ក្នុង​កាតព្វកិច្ច​​ខ្លួន​យ៉ាង​យក​ចិត្ត​ទុកដាក់ ប៉ុន្តែ​ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា​របស់​ពួក​គេ​ជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ដ៏​ប្រោសលោះ​មិន​ទាន់​ផ្លាស់ប្រែ​ជា​តថភាពពិត​ដ៏​រស់​រវើកនៅ​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ឡើយ​ទេ ។

ខ្ញុំ​សន្យា​ថា តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បងប្អូន​អាច​ដឹង និង​ទទួល​អារម្មណ៍​អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ព្យាយាម​ពិពណ៌នា​សម្រាប់​បងប្អូន–ពោល​គឺ​សម្រាប់​បុគ្គលផ្ទាល់​ខ្លួនម្នាក់ៗ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​សេចក្តីអំណរ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​អង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង​មាន​ព្រះជន្ម​រស់ ។ ​បើ​យើង​នៅ​ក្នុង​ទ្រង់ នោះ​ទ្រង់​នឹង​នៅ​ក្នុង​យើង​ដែរ ។​៣០ ហើយ​ពេល​យើង​ដើរ​នៅក្នុង និង​ជាមួយ​ទ្រង់ នោះ​យើង​នឹង​ទទួល​បាន​ពរ​ដែល​បង្កើត​បានផល​ផ្លែ​វិសេស​ជា​ច្រើន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល លោកុប្បត្តិ ៥:១៨-២៤; គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៤៨–៥៧; ម៉ូសេ ៦–៧ ។

  2. ម៉ូសេ ៦:២៧ ។

  3. ម៉ូសេ ៦:៣១ ។

  4. ម៉ូសេ ៦:៣២, ៣៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  5. សូមមើល យ៉ូហាន ១៥:៤–៩ ។

  6. ជែហ្វ្រី អ័រ ហូឡិន « Abide in Me » Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ។

  7. សូមមើល យ៉ូហាន ១៥:១០ ។

  8. សូមមើល ម៉ាថាយ ១១:២៩–៣០ ។

  9. សូមមើល ហេលេមិន ៥:១២ ។

  10. សូមមើល នីហ្វៃទី​៣ ២៧:១៤–១៥ ។

  11. សូម​មើល នីហ្វៃ​ទី​២ ៣២:៣ ។

  12. មរ៉ូណៃ ៤:៣៥:២ ។

  13. សូម​មើល ម៉ូសាយ ២:១៧ ។

  14. យ៉ូហាន ១៥:១០ ។

  15. អាលម៉ា ៣៣:២២ ។

  16. អាលម៉ា ៣៣:២៣ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  17. សូមមើល អាលម៉ា ២៦:១៣ ។

  18. ខ្ញុំ​បាន​ពន្យល់​ពី​គោលការណ៍​នេះ​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​ក្នុង​ឆ្នាំ ២០១៧ ៖

    « អាលម៉ា … ‹ បាន​ចាប់​ផ្ដើម​ផ្សាយ ព្រះ​បន្ទូល​នៃ​ព្រះដល់​ប្រជាជន ដោយ​បាន​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​ទាំងឡាយ​របស់​ពួក​គេ និង​ផ្ទះ​ទាំងឡាយ​របស់​ពួកគេ មែនហើយ គេ​ថែម​ទាំង​បាន​ផ្សាយ ព្រះបន្ទូលប្រាប់​នៅតាម​ថ្នល់​របស់​គេ​ផង › » [ អាលម៉ា ៣២:១ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។ លោក​ក៏​បាន​ប្រៀបធៀប​ព្រះបន្ទូល​របស់​ព្រះ​ទៅ​នឹង​គ្រាប់​ពូជ​ផង​ដែរ ។។

    « ‹ ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ទុក​កន្លែង​មួយ សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ​អាច​ដុះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក មើល​ចុះ បើ​សិន​ជា​គ្រាប់​ពូជ​នោះ​ជា​គ្រាប់​ពិត ឬ​ជា​គ្រាប់​ល្អ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​បោះ​វា​ចោល​ដោយ​ការ​ឥត​ជំនឿ​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​រឹងទទឹង​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ទេ មើល​ចុះ គ្រាប់​ពូជ​នោះ​នឹង​ចាប់​ផ្ដើម​រីក​ឡើង​នៅ​ក្នុង​ទ្រូង​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​ថា គ្រាប់​នោះ​រីក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថា—នេះ​ច្បាស់​ជា​គ្រាប់​ពូជ​ល្អ ឬ​ក៏ ព្រះ​បន្ទូលនោះ​ល្អ ព្រោះ​វា​ចាប់​ផ្ដើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែន​ហើយ វា​ចាប់​ផ្ដើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែន​ហើយ វា​ចាប់​ផ្ដើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ › [ អាលម៉ា ៣២:២៨ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។

    « គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​គ្រប់​ពូជ​ល្អ​ក្លាយ​ជា​ដើម​ឈើ​មួយ នៅពេល​វា​ដាំ​នៅ​ក្នុង​ចិត្ត ហើយ​ចាប់​ផ្ដើម​រីក​ឡើង ចេញពន្លក និង​ដុះឡើង ។

    « ‹ ហើយ​មើល​ចុះ នៅ​ពេល ដើម ចាប់​ផ្ដើម​ដុះ​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា ៖ ចូរ​យើង​ថែទាំ​វា​ដោយ​ថ្នាក់ថ្នម ដើម្បី​វា​អាច​ដុះ​ឫស ដើម្បី​វា​អាច​ដុះ​ឡើង ហើយ នឹង​ផ្ដល់​ផ្លែ​ផ្កា ដល់​យើង ។ ហើយ​ឥឡូវ​នេះ មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ថែទាំ​វា​ដោយ​ថ្នាក់​ថ្នម នោះ​វា​នឹង​ចាក់​ឫស​ដុះ​ឡើង ហើយ​នឹង​ផ្ដល់​ផ្លែ​ផ្កា ។

    « ‹ ប៉ុន្តែ បើ​សិន​ជា​អ្នក​រាល់​គ្នា​បោះបង់​ដើម​នោះ ហើយ​ពុំ​បាន​គិត​ដល់​ការ​ថែទាំ​វា មើល​ចុះ វា​នឹង​ពុំ​ចាក់​ឫស​ទេ ហើយ​កាលណា​កម្ដៅ​ថ្ងៃ​មក​ដល់ នោះ​នឹង​ដុត​រោល​វា​ទៅ​វិញ ពី​ព្រោះ​វា​គ្មាន​ឫស វា​នឹង​ក្រៀម​ស្ងួត​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​ដក​វា​ឡើង ហើយ​បោះ​វា​ចោល​ទៅ ។

    « ‹ ឥឡូវ​នេះ នេះ​ពុំ​មែន​មក​ពី​គ្រាប់​ពុំ​ល្អ​ទេ ហើយ​ក៏​ពុំ​មែន​មក​ពី​ផ្លែ​នោះ​ពុំ​គួរ​ឲ្យ​ប្រាថ្នា​ដែរ ប៉ុន្តែ​មក​ពី​ដី​របស់​អ្នក​ឥត​ជីជាតិ ហើយ​មក​ពី​អ្នក​រាល់​គ្នា​ពុំ​ថែទាំ​ដើម​នោះ ហេតុ​ដូច្នេះ​ហើយ អ្នក​ពុំ​អាច​បាន​ទទួល​ផ្លែ​ឈើ​នោះ​ឡើយ ។

    « ‹ ម្ល៉ោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ ថែទាំ​ព្រះ​បន្ទូល ពុំ​ទន្ទឹង​ចាំ​ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ ដល់​ផល​នៃ​ព្រះ​បន្ទូល​នោះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បេះ​ផ្លែ​នៃ​ដើម​ជីវិត​បាន​ឡើយ ។

    « ‹ ប៉ុន្តែ បើ​សិន​ជា​អ្នក​រាល់​គ្នា ថែទាំ​ព្រះ​បន្ទូលមែន​ហើយ ថែទាំ​ដើមនៅ​ពេល​វា​ចាប់​ផ្ដើម​ដុះ ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក ដោយ​សេចក្ដី​ព្យាយាម​ដ៏​ខ្លាំងក្លា និង​ដោយ​សេចក្ដី​អត់​ធន់ ហើយ​ទន្ទឹង​ចាំ ផ្លែ​ឈើ​នោះនោះ​វា​នឹង​ចាក់​ឫស ហើយ​មើល​ចុះ វា​នឹង​ក្លាយ​ទៅ​ជា ដើម​មួយ​ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ចអាលម៉ា ៣២:៣៧–៤១ការគូស​បញ្ជាក់​បាន​បន្ថែម ] ។

    « … លក្ខណៈ​សំខាន់​នៅក្នុង​សុបិន​របស់​លីហៃ​គឺ​ដើម​ជីវិត—ជា​តំណាង​នៃ ‹ សេចក្តី​ស្រឡាញ់​នៃ​ព្រះ › [ នីហ្វៃទី​១ ១១:២១–២២ ] ។

    « ‹ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ › [ យ៉ូហាន ៣:១៦ ] ។

    ការប្រសូត ព្រះជន្ម និង​ពលិកម្មដ៏​ធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​គឺជា​ការបើក​បង្ហាញ​ដ៏ធំ​បំផុត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ ដូច​ដែល​នីហ្វៃ​បាន​ធ្វើ​ទី​បន្ទាល់​ថា សេចក្តី​ស្រឡាញ់​នេះ​គឺ ‹ គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើស​លប់​ជាង​អ្វីៗ​ទាំង​អស់ › ហើយ​គឺ​ជា ‹ សេចក្តីរីករាយ​បំផុត​ដល់​ព្រលឹង › [ នីហ្វៃទី​១ ១១:២២–២៣សូម​មើល​ផង​ដែរ នីហ្វៃទី​១ ៨:១២, ១៥ ] ។ ជំពូក​ទី ១១ នៃ​នីហ្វៃ​ទី​១ផ្តល់​ជា​ការពិព៌ណនា​យ៉ាង​លម្អិត​មួយ​ពី​ដើម​ជីវិតថា ជា​និមិត្ត​រូប​នៃ​ព្រះជន្ម ការងារ​បម្រើ និង​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ—‹ ការយាងចុះ​មក​នៃ​ព្រះ › [ នីហ្វៃ​ទី​១ ១១:១៦ ] ។ ដើម​ឈើ​នោះ​អាច​ចាត់​ទុក​ថា ជា​តំណាង​ឲ្យ​ព្រះគ្រីស្ទ ។

    របៀប​មួយ​នៃ​ការ​គិត​អំពី​ផ្លែ​ឈើ​នៅ​លើ​ដើម​នោះ​គឺថា ជា​និមិត្តរូប​សម្រាប់​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ផ្លែនោះ​ត្រូវបាន​ពិព៌ណនា​ថា ‹ ធ្វើឲ្យ​មនុស្ស​សប្បាយ​រីករាយ › [ នីហ្វៃទី​១ ៨:១០ ]ហើយ​បាន​ធ្វើឲ្យ​មាន​អំណរ​ដ៏​ខ្លាំង និង​មាន​បំណង​ចែកចាយ​អំណរ​នោះ​ជាមួយ​អ្នកដទៃ ។

    « គួរ​ឲ្យ​កត់​សម្គាល់​ថា បាវចនា​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះ​គម្ពីរ​មរមន​ក្នុងការ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​កាន់​ព្រះ​គ្រីស្ទ [ សូម​មើល មរ៉ូណៃ ១០:៣២ ] គឺ​ជា​ចំណុច​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ការ​និមិត្ត​របស់​លីហៃ [ សូមមើល នីហ្វៃទី​១ ៨:១៩ ] »( « The Power of His Word Which Is in Us » [address given at seminar for new mission leaders, June 27, 2017], 4–5 ) ។

  19. សូមមើល កូរិនថូស​ទី​២ ៣:៣ ។

  20. កូរិនថូស​ទី​២ ៥:១៧ ។

  21. រឿង​ប្រៀបប្រដូច​របស់​អាលម៉ា​បង្រៀន​យើង​ថា បំណង​ប្រាថ្នា​ក្នុង​ការ​ជឿដាំ​គ្រាប់ពូជ​​នៅក្នុង​ចិត្ត​របស់​យើង ថែទាំ​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ​ធ្វើឲ្យ​ដុះ​ដើម​ជីវិត ហើយ​ថែទាំ​ដើមនោះធ្វើ​ឲ្យ​បង្កើត​ផ្លែ​នៃ​ដើមឈើដែល « ផ្អែម​ជាង​អ្វី​ៗ​ដែល​ផ្អែម​ទាំងអស់ » ( អាលម៉ា ៣២:៤២និង​ជា « អំណោយ​ទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ » ( នីហ្វៃទី​១ ១៥:៣៦ ) ។

  22. អាលម៉ា ៥:១៤ ។

  23. ម៉ូសេ ៦:៣៤ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  24. កូល៉ុស ២:៦ ។

  25. យ៉ូហាន​ទី ១ ២:៣–៦ការគូស​បញ្ជាក់​បាន​បន្ថែម ។

  26. លូកា ១៨:២២ ។

  27. ម៉ូសេ ៦:៣៤ ។

  28. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ។

  29. អាលម៉ា ៥:៣៣–​៣៤ការគូស​បញ្ជាក់​បាន​បន្ថែម ។

  30. សូមមើល យ៉ូហាន ១៥:៥ ។