សន្និសីទទូទៅ
ចូរ​ចងចាំ​អ្វី​ដែល​សំខាន់​បំផុត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ចូរ​ចងចាំ​អ្វី​ដែល​សំខាន់​បំផុត

អ្វី​ដែល​សំខាន់​បំផុត​គឺ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​ជា​ទីស្រឡាញ់​របស់​ទ្រង់ ក្រុមគ្រួសារ​របស់​យើង និង​អ្នកជិតខាង​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​យើង ។

នៅ​ចុង​សប្តាហ៍​នេះ ពេល​យើង​ចងចាំ​​អំពី​ការយាង​ចូល​​ក្រុង​យេរូសាឡិមរបស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ជ័យជំនះ​ដែល​កើតឡើងមិន​យូរ​ប៉ុន្មានពី​មុន​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​ខ្ញុំ​នឹក​ចាំ​អំពី​ព្រះបន្ទូល​នៃ​សេចក្ដី​សង្ឃឹម និង​ការលួងលោម​ចិត្ត​របស់​ទ្រង់​ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយគង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ » ។

ខ្ញុំ​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​ជឿ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត ។

ទីបន្ទាល់​នេះ​បាន​លួងលោម និង​ពង្រឹង​ខ្ញុំ​ អំឡុង​ពេល​បួន​ឆ្នាំ​កន្លះ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ភរិយា​ខ្ញុំ បាបារ៉ា បាន​ស្លាប់​ទៅ ។ ខ្ញុំ​នឹក​គាត់ ។

ជា​ញឹកញាប់ ខ្ញុំ​បាន​សញ្ជឹង​គិតអំ​ពី​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​ និង​ជីវិត​របស់​យើង​ជាមួយ​គ្នា ។

កាល​ពី​មុន​ខ្ញុំ​បាន​ចែក​ចាយអំ​ពី​របៀប​ដែល​ខ្ញុំ​បាន​ជួប​បាបារ៉ា​ជា​លើក​ដំបូង ហើយ​បទពិសោធន៍​នោះបាន​បង្រៀន​ខ្ញុំ​ឲ្យ​ប្រើ​ជំនាញ​នៃ « ការតាមដាន » ដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុង​បេសកកម្ម​ ។ ខ្ញុំ​ត្រូវតែ​តាមដាន​នាង​ភ្លាម បន្ទាប់​ពី​យើង​បាន​ជួបគ្នា​​លើក​ដំបូង ដោយសារ​នាង​ស្រស់​ស្អាត ប្រជាប្រិយភាព ហើយ​មាន​កាលវិភាគ​ជួបជុំមមាញឹក​ណាស់ ។ ខ្ញុំ​ចាប់ចិត្តលើ​គាត់​ភ្លាមៗ ព្រោះ​ខ្ញុំ​អាច​និយាយនឹង​គាត់​ដោយ​ងាយ ហើយ​គាត់​រួសរាយ​ណាស់ ។ ខ្ញុំ​សរសើរ​សេចក្ដីល្អ​របស់​គាត់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា គាត់ និង​ខ្ញុំ​ត្រូវ​គ្នា​ណាស់ ។ វា​ហាក់​ដូច​ជា​សាមញ្ញ​នៅក្នុង​គំនិត​​ខ្ញុំ ។

បាបារ៉ា និង​ខ្ញុំ​បាន​ដើរ​លេង​ជា​គូ ហើយ​ទំនាក់ទំនង​របស់​យើង ​បាន​ចាប់​ផ្ដើម​រីកចម្រើន ប៉ុន្តែ​គាត់​មិន​ច្បាស់​ថា​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ខ្ញុំ​គឺ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​នាង​ឬ​អត់​នោះ​ទេ ។

ខ្ញុំដឹង​តែឯង វា​មិន​គ្រប់គ្រាន់​ទេ ​ បាបារ៉ា​ចាំបាច់​ត្រូវ​ដឹង​ដោយ​ខ្លួន​គាត់​ផងដែរ ។ ខ្ញុំ​បាន​ដឹង​ថា បើ​យើង​ចំណាយ​ពេល​តម​អាហារ និង​អធិស្ឋាន​អំពី​បញ្ហា​នេះ បាបារ៉ា​អាច​ទទួល​បាន​ការបញ្ជាក់​ពី​ស្ថានសួគ៌ ។

យើង​បាន​ចំណាយ​ពេលចុង​សប្តាហ៍​មួយ មិនដើរ​លេង​ជា​គូទេ ដើម្បី​យើង​អាច​តម​អាហារ និង​អធិស្ឋាន​រៀងៗខ្លួន​ដើម្បី​ដឹង​ដោយ​ខ្លួន​យើង​ផ្ទាល់ ។ ខ្ញុំសំណាង​ល្អ គាត់​បាន​ទទួល​ការបញ្ជាក់​ដូច​គ្នា​ដែល​ខ្ញុំ​បាន​ទទួល​ដែរ ។ ដូច​ដែល​ពួក​គេ​និយាយ អ្វីៗ​ផ្សេងទៀត​គឺ​ជា​ប្រវត្តិសាស្ត្រ ។

នៅ​ពេល​បាបារ៉ា​បាន​ស្លាប់​ទៅ កូនៗ​​យើង​បាន​ដាក់​លើ​ស្លាក​ព្រលឹង​របស់​គាត់​នូវ​មេរៀន​មួយ​ចំនួន​ដែល​បាបារ៉ា​ចង់​ឲ្យ​ពួក​គេ​ចងចាំ ។ មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​ទាំងនោះ​គឺ « អ្វី​ដែល​សំខាន់​បំផុត​គឺជា​អ្វី​ដែល​នៅ​យូរ​អង្វែងបំផុត » ។

ថ្ងៃ នេះ​ខ្ញុំ​នឹង​ចែកចាយ​ពី​អារម្មណ៍ និង​គំនិត​​មួយ​ចំនួន​អំពី​អ្វី​ដែល​សំខាន់​បំផុត ។

ទីមួយ ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជ​បុត្រា​​ទ្រង់ គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ​សំខាន់​បំផុត ។ ទំនាក់ទំនង​នេះ​សំខាន់​បំផុត​នៅពេល​នេះ និង​អស់កល្ប​ជានិច្ច ។

ទីពីរ ទំនាក់ទំនង​គ្រួសារ​គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ដែល​សំខាន់​បំផុតទាំង​នោះ​ ។

នៅក្នុង​ការងារ​បម្រើ​​ខ្ញុំ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​បុគ្គល និង​ក្រុមគ្រួសារ​ជាច្រើន​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​​ធម្មជាតិ​ដ៏​អាក្រក់​នានា ។ មនុស្ស​ជា​ច្រើន​ត្រូវ​ចាកចេញ​ពី​ផ្ទះ ស្រេក​ឃ្លាន និង​ភ័យ​ខ្លាច ។ ពួកគេ​ត្រូវការ​ជំនួយ​វេជ្ជសាស្ត្រ អាហារ និង​ជម្រក ។

ពួកគេ​ក៏​ត្រូវការ​ក្រុមគ្រួសារ​​ពួកគេ​ផងដែរ ។

ខ្ញុំ​ទទួល​ស្គាល់​ថា អ្នក​ខ្លះ​ប្រហែល​ជា​គ្មាន​ពរជ័យ​នៃ​គ្រួសារ​ដ៏ស្និទ្ធ​ស្នាលមួយ​នោះ​ទេ ដូច្នេះ​ខ្ញុំ​រួម​បញ្ចូល​ទាំង​គ្រួសារ​សាច់​ឆ្ងាយ មិត្តភក្តិ និង​សូម្បី​តែ​ក្រុមគ្រួសារ​វួដ​ថា​ជា « គ្រួសារ » ផងដែរ ។ ទំនាក់ទំនង​ទាំងនេះ​គឺ​ចាំបាច់​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត និង​រាងកាយ ។

ទំនាក់ទំនង​ទាំង​នេះ​ក៏​អាច​ផ្ដល់ក្ដី​ស្រឡាញ់ អំណរ សុភមង្គល និង​អារម្មណ៍​នៃ​ការមាន​ចំណែក ។

ការចិញ្ចឹម​បីបាច់​ទំនាក់ទំនង​ដ៏​សំខាន់​ទាំងនេះ​គឺ​ជា​ជម្រើស​មួយ ។ ការជ្រើសរើស​ដើម្បី​ជា​គ្រួសារ​មួយ​គឺ​តម្រូវ​ឲ្យ​មាន​ការតាំងចិត្ត សេចក្ដី​ស្រឡាញ់ ការអត់ធ្មត់ ការប្រាស្រ័យ​ទាក់ទង និង​ការអត់ទោស ។ ប្រហែល​ជា​មាន​គ្រា​ ដែល​យើង​មិន​យល់ស្រប​នឹង​មនុស្ស​ម្នាក់​ផ្សេង​ទៀត ប៉ុន្តែ​យើង​អាចមិន​យល់​ស្របបាន​ដោយ​គ្មាន​ការខ្វែង​គំនិត​គ្នា ។ នៅ​ក្នុង​ការសេពគប់ និង​អាពាហ៍ពិពាហ៍ យើង​ពុំ​ធ្លាក់​ក្នុង​សេចក្ដី​ស្នេហា ឬ​ធ្លាក់​ចេញ​ពី​សេចក្ដី​ស្នេហា ដូច​ជា​យើង​ជា​វត្ថុ ​ដែល​រំកិល​នៅ​លើ​ក្តារ​អុក​នោះ​ទេ ។ យើង​ជ្រើសរើស​ដើម្បី​ស្រឡាញ់ ហើយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​ធ្វើ​ដូច​គ្នា​នេះ​ដែរ​នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ​ផ្សេង​ទៀត និង​ជាមួយ​មិត្តភក្តិ​ដែល​ដូច​ជា​គ្រួសារ​យើង ។

ការប្រកាស​អំពី​ក្រុមគ្រួសារ​បាន​ចែង​ថា ៖ « ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ​ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ឲ្យ​ចេះតែ​បន្ត​មាន​រហូត​ហួស​ពី​សេចក្តី​ស្លាប់ ។ ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា​ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​អស់​កល្ប​ជានិច្ច » ។

រឿង​មួយ​ទៀត​ដែល​សំខាន់​បំផុតនោះ​គឺ​ការធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ​នៅ​ក្នុង​ទំនាក់ទំនង​ដ៏​សំខាន់​បំផុត​របស់​យើង និង​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ស្រឡាញ់​អ្នក​ជិត​ខាង​​ឲ្យ​ដូច​ជា​ខ្លួន​យើង រួម​ទាំង​នៅ​ក្នុង​ការងារ​បម្រើ​ជា​ឯកជន និង​សាធារណៈ​របស់​យើង​ផងដែរ ។ ខ្ញុំ​បាន​រៀន​មេរៀន​នេះ​តាំង​ពី​នៅ​ក្មេង ពេល​​ខ្ញុំ​បម្រើ​ជា​ប៊ីស្សព ។

នា​យប់​រដូវ​រងារ​ដ៏​ត្រជាក់​មួយ ខ្ញុំ​បាន​ចាក​ចេញ​ពី​ការិយាល័យ​ប៊ីស្សព​របស់​ខ្ញុំ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ឲ្យទៅ​សួរ​សុខ​ទុក្ខ​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់​នៅ​ក្នុង​វួដយ៉ាងខ្លាំង ។ ខ្ញុំ​មើល​នាឡិកាដៃ​ខ្ញុំ—វា​ម៉ោង ១០:០០ យប់​ហើយ ។ ខ្ញុំ​បាន​លើក​ហេតុផល​ថា វា​យប់​ពេក​ហើយ​ក្នុង​ការទៅ​សួរ​សុខ​ទុក្ខ​បែបនេះ ។ លើសពី​នោះ​ វា​កំពុង​ធ្លាក់​ព្រិល​ទៀតផង ។ ខ្ញុំ​បាន​សម្រេច​ចិត្តថា​ទៅ​សួរ​សុខ​ទុក្ខ​បងស្រី​ជា​ទី​ស្រឡាញ់​រូបនេះ​ដំបូងគេ នៅពេល​ព្រឹក​ឡើង ជាជាង​រំខាន​គាត់​នៅ​ពេល​យប់​បែប​នេះ ។ ខ្ញុំ​បាន​បើក​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ចូល​គេង ប៉ុន្តែ​បាន​រសាប់រសល់​ពេញ​មួយ​យប់ ព្រោះ​ព្រះវិញ្ញាណ​បានតឿន​ខ្ញុំ ។

លុះ​ព្រឹក​ស្អែក ខ្ញុំ​បានបើក​ឡាន​តម្រង់​ទៅ​ផ្ទះ​ស្ត្រី​មេម៉ាយ​នោះ​តែ​ម្ដង ។ កូន​ស្រី​គាត់​បាន​បើក​ទ្វារ ហើយ​និយាយ​ទាំង​ទឹក​ភ្នែក​ថា « អូ ប៊ីស្សព ​អរគុណ​ណាស់​ដែល​បាន​មក ។ ម៉ាក់​បាន​ស្លាប់​កាល​ពី​ពីរ​ម៉ោង​មុន​នេះ »—ខ្ញុំ​រន្ធត់​ចិត្ត​ណាស់ ។ ខ្ញុំ​នឹង​មិន​ភ្លេច​អារម្មណ៍​ក្នុង​ចិត្ត​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​ទួញសោក ។ គ្មាននរណាទៀត​ក្រៅ​ពី​ស្ត្រី​មេម៉ាយ​ជា​ទី​ស្រឡាញ់​នេះ​ដែល​សម​នឹង​ទទួល​បាន​ប៊ីស្សព​របស់​គាត់​កាន់​ដៃ​គាត់ លួងលោម​គាត់ ហើយ​ប្រហែល​ជា​ប្រសិទ្ធពរ​ចុងក្រោយ​ដល់​គាត់​ទេ ? ខ្ញុំ​បាន​បាត់​ឱកាស​នោះ ព្រោះ​ខ្ញុំ​បាន​លើក​ហេតុផល​ដែល​ងាក​ចេញ​ពី​ការបំផុស​គំនិត​ដ៏​​ខ្លាំងមកពី​ព្រះវិញ្ញាណ ។

បងប្អូន​ប្រុស​ស្រី យុវជន និង​យុវនារី ព្រម​ទាំង​ចៅៗ​បឋម​សិក្សា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ គឺ​ជា​រឿង​មួយ​ដែល​សំខាន់​បំផុតនៅ​ក្នុង​ទំនាក់ទំនង​ទាំងអស់​របស់​យើង ។

ជា​ចុងក្រោយ នៅ​ចុង​សប្តាហ៍​ថ្ងៃ​អាទិត្យ​ធាងចាក​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រែ​ចិត្តជឿ​ទៅ​លើព្រះអម្ចាស់ ការថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ និង​ការបម្រើ​ទ្រង់​ក៏​ស្ថិត​នៅក្នុង​ចំណោម​រឿង​ដែល​សំខាន់​បំផុត​ផង​ដែរ ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទីបន្ទាល់​ទាំងឡាយ​របស់​យើង ។ ទីបន្ទាល់​គឺ​ជា​សាក្សី ឬ​ការបញ្ជាក់​ពី​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច ដែល​បំផុស​ដួងចិត្ត និង​ព្រលឹង​របស់​បុគ្គល​ម្នាក់ៗ​ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​បានកើត​ឡើង និង​ពង្រឹង​ដោយ​ព្រះវិញ្ញាណ​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់ប្ដូរ—វា​ផ្លាស់ប្តូរ​របៀប​ដែល​យើង​គិត និង​របៀប​ដែល​យើង​រស់នៅ ។ ទីបន្ទាល់​មួយ ជួយ​បង្វែរ​យើងឲ្យ​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រា​ដ៏​ទេវភាព​របស់​ទ្រង់ ។

អាលម៉ា​បាន​បង្រៀនថា ៖

« មើលចុះ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដឹង​រឿង​ដែល​ខ្ញុំ​បាន​និយាយ​ទាំង​អម្បាលម៉ាន​នេះ​ថា​ជារឿង​ពិត ។ ហើយ​តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំងនោះ​យ៉ាង​ប្រាកដ​ដូច​ម្ដេចដែរ ?

មើលចុះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា រឿង​ទាំងនេះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ ​បាន​ប្រាប់​ដល់​ខ្ញុំ ។ មើលចុះ ខ្ញុំ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំងនេះ​ដោយ​ខ្លួន​ខ្ញុំ ។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ដឹង​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំ​ថា ជា​រឿង​ពិត ​ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​សម្ដែង​ប្រាប់​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ » ។

ការមាន​ទីបន្ទាល់​តែ​មួយ​មុខគត់ ​គឺ​មិន​គ្រប់គ្រាន់​ទេ ។ នៅពេល​ការប្រែ​ចិត្ដ​ជឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​រីកលូតលាស់​ឡើង នោះ​យើង​ចង់​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​—អំពី​សេចក្តីល្អ សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​របស់​ទ្រង់ដោយ​ឯកឯង ។

ជារឿយៗ​នៅក្នុង​ការប្រជុំ​ថ្លែង​ទីបន្ទាល់​របស់​យើង​នៅ​ថ្ងៃ​អាទិត្យ​តម​អាហារ យើង​បាន​ឮ​ឃ្លា​ថា « ខ្ញុំ​មាន​អំណរគុណ » និង « ខ្ញុំ​ស្រឡាញ់ » ច្រើន​ជាង​ឃ្លា « ខ្ញុំ​ដឹង​ថា » និង « ខ្ញុំ​ជឿ​ថា » ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យកាន់​តែ​ញឹកញាប់ឡើង ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​បងប្អូន ដឹង និង ជឿ ព្រមទាំង​អ្វី​ដែល​បងប្អូន ទទួល​អារម្មណ៍ មិន​ត្រឹម​តែ​អំពី​អ្វី​ដែល​បងប្អូន​មាន​អំណរគុណ​​នោះ​ទេ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​បងប្អូន​​អំពី​ការមក​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ អំពី​ការរស់​នៅ​តាម​ការបង្រៀន​របស់​ទ្រង់ និង​អំពី​អំណាច​នៃ​ការប្រោសលោះ និង​អំណាច​ដែល​ធ្វើ​ឲ្យ​កើតឡើង​បាន​របស់​ទ្រង់​នៅក្នុង​ជីវិត​បងប្អូន ។ ពេល​បងប្អូន​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​បងប្អូន ដឹង ជឿ និង មាន​អារម្មណ៍ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​សេចក្ដី​ពិត​​ដល់​អស់​អ្នក​ដែល​ស្តាប់​ទីបន្ទាល់​របស់​បងប្អូន​ដោយ​ស្មោះសរ ។ ពួកគេ​នឹង​ធ្វើ​ដូច្នេះ ដោយសារ​ពួកគេ​បាន​មើលឃើញ​បងប្អូន​ប្រែក្លាយ​ជា​អ្នក​ដើរ​តាម​ដោយ​សុខសាន្ត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​នឹង​ឃើញ​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។ ពួកគេ​ក៏​នឹង​មាន​អារម្មណ៍​ពី​អ្វី​មួយ​ដែល​ពួកគេ​ប្រហែល​ជា​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ទីបន្ទាល់​ដ៏​បរិសុទ្ធ​មួយ​កើត​ចេញ​មក​ពី​ដួងចិត្ត​ដែល​បាន​ផ្លាស់ប្ដូរ ហើយ ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​អ្នក​ដទៃ​ដែល​បើក​ចិត្ត​ដើម្បី​ទទួល​វា ។

អ្នកទាំងឡាយ​ដែលដឹងអ្វី​មួយ ដែល​កើត​ចេញពី​ទីបន្ទាល់​របស់​បងប្អូន អាច​ទូល​សូម​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ពិត​នៃ​ទីបន្ទាល់​របស់​បងប្អូន ។ បន្ទាប់​មក​ពួកគេ​អាច​ដឹង​ដោយ​ខ្លួន​ឯង​បាន ។

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​ធ្វើ​ជា​សាក្សី​ដល់​បងប្អូន​ថា ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​នេះ​ជា​សាសនាចក្រ​របស់​ទ្រង់​ ដែល​ដឹកនាំ​ដោយ​ព្យាការី និង​សាវក​របស់​ទ្រង់ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ថ្ងៃ​ណា​មួយ​ពេល​ខ្ញុំ​ឆ្លង​កាត់​ទៅ​ពិភព​បន្ទាប់​ទៀត ខ្ញុំ​អាច​ទៅដោយ​មាន​ទីបន្ទាល់​ភ្លឺ​ចែងចាំង ។

នៅ​ក្នុង​ការងារ​បម្រើ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀន​ថា​អ្វី​ដែល​សំខាន់​បំផុត​គឺ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​ទ្រង់ ក្រុមគ្រួសារ​របស់​យើង និង​អ្នកជិតខាង​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដឹកនាំ​យើង​នៅក្នុង​ទំនាក់ទំនង​ទាំងនោះ ដើម្បី​យើង​អាច​ធ្វើ​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​សំខាន់​បំផុត និង​យូរអង្វែង​បំផុត ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. យ៉ូហាន ១១:២៥ ។

  2. សូម​មើល​អត្ថបទ « Family »Unityនិង « Love »ក្នុង Gospel Topics នៅក្នុង Gospel Library នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​អាន​បទគម្ពីរ និង​សុន្ទរកថា​នានា​មកពី​ព្យាការី សាវក និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​អំពី​ប្រធានបទ​នេះ ។

  3. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  4. ដំណើរ​រឿង​អំពី​បទពិសោធន៍​នេះ​គឺ​មាន​នៅក្នុងSusan Easton Black និង Joseph Walker Anxiously​Engaged:​A​Biography​of​M.​Russell​Ballard( ឆ្នាំ ២០២១ ) ទំព័រ ៩០–៩១ ។

  5. អាលម៉ា ៥:៤៥–៤៦ ។