សន្និសីទទូទៅ
គ្រាន់​តែ​បន្ត​ទៅ​មុខ​—ដោយ​សេចក្តី​ជំនឿ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


គ្រាន់​តែ​បន្ត​ទៅ​មុខ​—ដោយ​សេចក្តី​ជំនឿ

ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអង្គ​សង្រ្គោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការបាក់​ទឹក​ចិត្ត មិន​ថា​យើង​ជួប​ឧបសគ្គ​អ្វី​នោះទេ ។

អែលឌើរ ចច អេ ស៊្មីធ ជា​សាវក​មួយ​រូប ​បាន​ទទួល​ដំបូន្មាន​មកពី​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​គ្រា​ពិបាក​បំផុត ៖ ​« លោក​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​បាក់​ទឹកចិត្ត​ទេ ទោះ​ជា​នៅជុំ​វិញ​ខ្ញុំ​មាន​ការលំបាក​អ្វី​ក៏​ដោយ ។ បើ​ខ្ញុំ​ត្រូវ​លិចលង់​ទៅ​ក្នុង​បាត​រណ្ដៅ​ណូវ៉ា​ស្កូទៀ​ដ៏​ជ្រៅ​បំផុត ហើយ​ភ្នំ​ធំៗ​ទាំងអស់​ធ្លាក់​សង្កត់​មក​លើ​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​មិន​គួរ​បាក់​ទឹក​ចិត្ត​ឡើយ ប៉ុន្តែ​ត្រូវ​តោង​ឲ្យ​ជាប់ អនុវត្ត​សេចក្ដី​ជំនឿ ហើយ​បន្ត​មាន​ចិត្ត​ក្លាហាន ហើយ​នៅ​ទីបំផុត​ខ្ញុំ​នឹង​បាន​ក្រោក​ចេញ ហើយ​ឈរ​នៅ​លើ​កំពូល​នៃ​គំនរ​នោះ » ។

តើ​ព្យាការី យ៉ូសែប អាច​និយាយ​បែបនោះ​—​ទៅកាន់​មនុស្ស​ម្នាក់​ដែល​កំពុង​រង​ទុក្ខ​បាន​ដោយ​របៀបណា ? ដោយសារ​លោក​បាន​ដឹង​ថា ​វា​គឺជា​ការពិត ។ លោក​បាន​ឆ្លងកាត់​ហើយ ។ យ៉ូសែប​បាន​ជួប​​ការលំបាក​​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​លោក​ម្តង​ហើយ​ម្តង​ទៀត ។ ទោះ​យ៉ាង​ណា ពេល​ដែល​លោក​បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​​ទ្រង់ ហើយ​គ្រាន់​តែ​បន្តជឿ នោះ​លោក​បាន​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​ហាក់​ដូច​ជា​មិន​អាច​យក​ឈ្នះ​បាន ។

ថ្ងៃ​នេះ ខ្ញុំ​សូម​រំឭក​អំពី​ការអង្វរ​របស់​យ៉ូសែបជា​ថ្មី​ថា ​កុំ​ឲ្យ​ការបាក់​ទឹកចិត្ត​គ្រប់សង្កត់​លើ​យើងឡើយ ពេល​យើង​ប្រឈមមុខ​នឹង​ការខកចិត្ត បទពិសោធន៍​ឈឺ​ចាប់ ភាពមិន​គ្រប់​លក្ខណៈ​ ឬ​ឧបសគ្គ​ផ្សេងៗ​ទៀត ។

ពេល​ខ្ញុំ​និយាយ​ថា ​ការបាក់​ទឹក​ចិត្ត ខ្ញុំ​មិន​សំដៅ​ទៅលើ​បញ្ហានៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែល​ធ្វើ​ឲ្យ​ល្ហិតល្ហៃ ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ផ្សេង​ទៀត​ដែល​តម្រូវ​ឲ្យ​មាន​ការព្យាបាល​ជា​ពិសេស​នោះ​ទេ ។ ខ្ញុំ​គ្រាន់​តែ​និយាយ​អំពី​ការបាក់​ទឹក​ចិត្ត​ធម្មតា ដែល​បណ្តាល​មក​ពី​ការណ៍​ល្អ និង​ការណ៍​អាក្រក់​នៅ​ក្នុង​ជីវិត​ប៉ុណ្ណោះ ។

វីរជន​​ខ្ញុំ​បានបំផុស​គំនិត​ខ្ញុំ ដោយ​ពួកគាត់​គ្រាន់​តែ​បន្ត​ទៅ—ដោយ​សេចក្ដី​ជំនឿ—មិន​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ ។ នៅក្នុង​ព្រះគម្ពីរ​មរមន យើង​អាន​អំពី​សូរាំ ជា​អ្នកបម្រើ​របស់​ឡាបាន់ ។ នៅ​ពេល​នីហ្វៃ​ទទួល​បាន​ផ្ទាំង​លង្ហិន សូរាំ​ ត្រូវ​ជ្រើសរើស ថាត្រូវ​ទៅ​តាម​នីហ្វៃ និង​បងប្រុស​គាត់​ ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ឬ​គាត់​អាច​នឹង​បាត់​បង់​ជីវិត ។

ឱ ! ​នេះ​ជា​ជម្រើស​ដ៏​ពិបាក​ណាស់ ! ទំនោរ​ដំបូង​របស់​សូរាំ​គឺ ​រត់គេច ប៉ុន្តែ​នីហ្វៃ​បាន​ចាប់​គាត់ជាប់ ហើយ​​ស្បថ​ថា ​បើ​គាត់​ទៅ​ជាមួយ​ពួកគេ នោះ​គាត់​នឹង​មាន​សេរីភាព ហើយ​មាន​កន្លែង​មួយ​ជាមួយ​គ្រួសារ​របស់​ពួកគេ ។ សូរាំ​បាន​តាំង​ចិត្ត​ក្លាហាន ហើយ​បាន​ទៅ​ជាមួយ​ពួកគេ ។

សូរាំ​បាន​រង​ទុក្ខ​វេទនា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ថ្មី​របស់​គាត់ ប៉ុន្តែ​គាត់​បាន​ឈាន​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ ។ យើង​ពុំមាន​អ្វី​បញ្ជាក់​ថា សូរាំ​មាន​បំណង​ត្រឡប់​ទៅ​អតីតកាល​របស់​គាត់ ឬ​មាន​ការថ្នាំងថ្នាក់​ចិត្ត​ចំពោះ​ព្រះ ឬ​អ្នក​ដទៃ​ឡើយ ។ គាត់​ជា​មិត្ត​ដ៏​ពិត​របស់​នីហ្វៃ​ ​ជា​ព្យាការី ហើយ​គាត់ និង​ពូជពង្ស​គាត់​បានរស់នៅ​ក្នុង​សេរីភាព និង​ភាពចម្រុង​ចម្រើន​នៅ​លើ​ដែនដី​សន្យា​នោះ ។ អ្វី​ដែល​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៅ​ក្នុង​ផ្លូវ​របស់​សូរាំ នៅ​ទី​បំផុត​បាន​នាំ​ឲ្យ​មាន​ពរ​ដ៏​បរិបូរ ដោយសារ​តែ​ភាព​ស្មោះ​ត្រង់ និង​ឆន្ទៈ​របស់​គាត់​ដើម្បី​បន្ត​ទៅ​—ដោយ​សេចក្តី​ជំនឿ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ស្តាប់​ប្អូនស្រី​ដ៏​ក្លាហាន​ម្នាក់​ ចែកចាយ​ពី​របៀប​ដែល​គាត់​បាន​តស៊ូ​ឆ្លងកាត់​ការ​លំបាក ។ គាត់​មាន​បញ្ហា​មួយ​ចំនួន ហើយ​នៅ​ថ្ងៃ​អាទិត្យ​មួយ​ គាត់​អង្គុយ​ស្តាប់​គ្រូ​ថ្នាក់​សមាគមសង្គ្រោះម្នាក់ ​ដែល​គាត់​បានគិត​ថា គ្រូនោះរស់នៅ​ក្នុងជីវិត​ដ៏​​ឥតខ្ចោះ—គឺ​ខុស​ពី​គាត់​ទាំងស្រុង ។ គាត់​នឿយ​ហត់ ហើយ​បាក់​ទឹក​ចិត្ត ។ គាត់មាន​អារម្មណ៍​ថា គាត់​មិន​ល្អ​គ្រប់គ្រាន់—ឬ​ថែមទាំង​មិន​ចូល​ចំណោម​នឹងគេ—ដូច្នេះ​គាត់​បាន​ក្រោក​ឡើង ហើយ​ចាកចេញ​ទៅ ដោយ​គ្រោង​ថា​មិន​ត្រឡប់​ទៅ​ព្រះវិហារម្តង​ទៀត​ទេ ។ ពេល​កំពុង​ដើរ​ទៅ​ឡាន គាត់​ទទួល​អារម្មណ៍​ដ៏​ពិសេស​មួយ​ ៖ « ឲ្យចូល​ទៅ​ក្នុង​រោងជំនុំ ហើយ​ស្ដាប់​អ្នកឡើង​និយាយ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ » ។ គាត់​សង្ស័យ​ពី​ការបំផុស​គំនិត​នេះ ប៉ុន្តែ​បាន​ទទួល​អារម្មណ៍​នោះ​យ៉ាង​ខ្លាំង​ម្តង​ទៀត ដូច្នេះ​គាត់​បាន​ចូល​រួម​ការប្រជុំ​នោះ ។

សារ​នោះ​គឺ​ជា​អ្វី​ដែល​គាត់​ត្រូវការ ។ គាត់​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ គាត់​បាន​ដឹង​ថា ព្រះអម្ចាស់​ចង់​ឲ្យ​គាត់​នៅ​ជាមួយ​នឹង​ទ្រង់ ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ហើយ​ចូលរួម​ក្នុង​ព្រះវិហារ ដូច្នេះ​គាត់​បាន​ធ្វើ​វា ។

តើ​បងប្អូន​ដឹង​​ថា គាត់​មាន​អំណរគុណ​ចំពោះ​អ្វី​ដែរទេ ? គឺថា​គាត់ពុំចុះចាញ់ ។ គាត់​គ្រាន់តែ​បន្ត​ទៅ—ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សូម្បី​តែ​ពេល​វា​ពិបាក​សម្រាប់​គាត់ រួចហើយ​គាត់ និង​ក្រុមគ្រួសារ​គាត់​មាន​ពរ​យ៉ាង​ច្រើន នៅពេល​គាត់​បន្ត​ឈាន​ទៅមុខ ។

ព្រះ​នៃ​ស្ថានសួគ៌ និង​ផែនដី​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការបាក់​ទឹក​ចិត្ត និង​ឧបសគ្គ​អ្វី​ក៏​ដោយ​ ដែល​យើង​ជួប​ប្រទះ ​បើ​យើង​សម្លឹង​ទៅ​ទ្រង់ ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គ្រាន់​តែ​បន្ត​ទៅ​—ដោយ​សេចក្ដី​ជំនឿ ។

ជា​ការល្អ នៅពេល​យើង​ទន់​ខ្សោយ ឬ​គ្មាន​សមត្ថភាព នោះ​ព្រះអម្ចាស់​អាច​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​យើង ។ ទ្រង់​អាច​បង្កើន​សមត្ថភាព​របស់​យើង លើស​ពី​ខ្លួន​យើង​ផ្ទាល់ ។ ខ្ញុំ​ធ្លាប់​ដក​ពិសោធន៍​ការណ៍​នោះ ។ ជាង ២០ ឆ្នាំ​មុន ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​ក្រុម​ចិតសិប​ប្រចាំ​តំបន់​ដោយ​មិន​បាន​រំពឹង​ទុក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ មិន​ល្អ​គ្រប់​គ្រាន់ទេ ។ បន្ទាប់​ពី​ការចាត់តាំង​បំពាក់បំប៉ន​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​ធ្វើ​ជា​អធិបតី​នៅ​សន្និសីទ​ស្តេក​ដំបូង​របស់​ខ្ញុំ ។១០ ប្រធាន​ស្តេក និង​ខ្ញុំ​បាន​គ្រោង​ទុក​រាល់​សេចក្តី​លម្អិត​យ៉ាង​ប្រុង​ប្រយ័ត្ន ។ មិន​យូរ​ប៉ុន្មាន​មុន​ពេល​សន្និសីទ ប្រធាន ប៊យដ៍ ខេ ផាកកឺ ដែល​ពេល​នោះ​ជា​ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់ពីរ​នាក់ បាន​ទូរសព្ទ​មក​សួរ​ថា​តើ​គាត់​អាច​ទៅ​ជាមួយ​ខ្ញុំ​បាន​ឬ​អត់ ។ ខ្ញុំ​ភ្ញាក់​ផ្អើល ហើយ​ពិត​ណាស់​ ខ្ញុំ​បាន​យល់​ព្រម ។ ខ្ញុំ​បាន​សួរ​ថា តើ​លោក​ចង់​ចាត់​ចែង​ដូចម្ដេច ដោយសារ​លោក​នឹង​ធ្វើ​ជា​អធិបតី ។ លោក​បាន​ផ្ដល់​យោបល់​ថា យើង​មិន​រៀបចំ​គម្រោងទេ តែ​ត្រៀម​ខ្លួន​ធ្វើ​តាម​ព្រះវិញ្ញាណ​វិញ ។ អរគុណ​ណាស់ ខ្ញុំ​នៅ​មាន​ពេល ១០ ថ្ងៃ​ទៀត ដើម្បី​សិក្សា អធិស្ឋាន និង​ត្រៀម​ខ្លួន ។

យើង​បានអង្គុយ​នៅលើ​វេទិកា ២០ នាទី មុន​នឹង​ការ​ប្រជុំ​ថ្នាក់​ដឹក​នាំ​បាន​ចាប់​ផ្តើម ដោយ​គ្មានរបៀបវារៈ ។ ខ្ញុំ​បាន​ឱន​ទៅ​ប្រធាន​ស្តេក ហើយ​បាន​ខ្សឹប​ថា « នេះ​ជា​ស្តេក​ដ៏​អស្ចារ្យ​មួយ » ។

ប្រធាន ផាកកឺ បាន​គោះ​កែង​ដៃ​ខ្ញុំ​ស្រាលៗ ហើយ​បាន​ប្រាប់​ថា « កុំ​និយាយ​គ្នា » ។

ខ្ញុំ​បាន​ឈប់​និយាយ ហើយ​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​លោកអំពី « គារវភាព​នាំមក​នូវ​វិវរណៈ »១១ បានផុស​ក្នុង​គំនិត​ខ្ញុំ ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ប្រធាន ផាកកឺ បាន​សរសេរ​បទ​គម្ពីរ​យោង​ទុក ។ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ដល់​ខ្ញុំ​ថា លោក​បាន​ទទួល​នូវ​ចំណាប់​អារម្មណ៍​សម្រាប់​ការប្រជុំ​នោះ ។ បទពិសោធន៍​នៃ​ការរៀន​សូត្រ​របស់​ខ្ញុំ​ទើប​តែ​បាន​ចាប់​ផ្ដើម​ប៉ុណ្ណោះ ។

ប្រធាន ផាកកឺ បាន​ថ្លែង​ក្នុង​រយៈ​ពេល ១៥ នាទី​ដំបូង ហើយ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការដឹកនាំ​ការប្រជុំ​ទាំងអស់​ ដូច​ដែល​បាន​ណែនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។១២ បន្ទាប់​មក​លោកថ្លែង​ថា « ឥឡូវ​នេះ​យើង​នឹង​ស្តាប់​ពី​អែលឌើរ ឃុក » ។

នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​វេទិកា ខ្ញុំ​បាន​សួរ​ថា​តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​​ប៉ុណ្ណា ហើយ​មាន​ប្រធាន​បទ​អ្វី​​ដែល​លោក​ចង់​ឲ្យ​ខ្ញុំ​ថ្លែង​ឬ​ទេ ។ លោក​ប្រាប់​ថា « មាន​ពេល ១៥ នាទី ហើយ​បន្ត ​នៅ​ពេល​ដែល​ប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​ដូច្នោះ » ។ ខ្ញុំ​ចំណាយ​ពេល​ប្រហែល ១៤ នាទី ហើយ​បាន​ចែកចាយ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​គំនិត ។

រួចប្រធាន ផាកកឺ បាន​ឡើងមក​ថ្លែង​រយៈ​ពេល ១៥ នាទី​ទៀត ។ លោក​បាន​ចែកចាយ​បទគម្ពីរ​នេះ ៖

« ចូរ​ប្រាប់​គំនិត​ទាំង​ឡាយ ដែល​យើង​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​អ្នក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស​នៅ​ចំពោះ​មនុស្ស​លោក​ឡើយ

« ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ … នឹង​បាន​ប្រទាន​ដល់​អ្នក​នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង » ។១៣

បន្ទាប់​មក​លោកថ្លែង​ថា « ឥឡូវ​នេះ​យើង​នឹង​ស្តាប់​ពី​អែលឌើរ ឃុក » ។

ខ្ញុំ​រន្ធត់ ។ ខ្ញុំ​ពុំ​គិត​ថា ខ្ញុំ​នឹង​ត្រូវ​សុំ​ឲ្យ​និយាយ​ពីរ​ដង​នៅ​ក្នុង​ការប្រជុំ​មួយ​នោះ​ទេ ។ ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​នោះ​ទេ ។ ដោយ​អធិស្ឋាន​យ៉ាង​មុតមាំ ហើយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ជួយ ខ្ញុំ​ក៏​បាន​ប្រទាន​ឲ្យ​មាន​គំនិត មាន​បទគម្ពីរ​មួយ ហើយ​ខ្ញុំ​អាច​និយាយ​បាន ១៥ នាទី​ទៀត ។ ខ្ញុំ​បាន​អង្គុយ​ចុះ​ទាំង​អស់​កម្លាំង ។

ប្រធាន ផាកកឺ បាន​ថ្លែង​ម្តង​ទៀត​អស់​រយៈ​ពេល ១៥ នាទី អំពី​ការធ្វើ​តាម​ព្រះវិញ្ញាណ និង​បាន​ចែកចាយ​ការបង្រៀន​របស់​ប៉ុលថា​ យើង​មិន​គួរ​និយាយ « ពាក្យ​សម្ដី​ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី​ដែល​ព្រះវិញ្ញាណ​បង្រៀន​វិញ » ។១៤ ដូច​ដែល​បងប្អូន​អាច​ស្រមៃ​ឃើញ ខ្ញុំ​សន្ធប់​ចិត្ត ពេល​លោក​មាន​ចំណាប់​អារម្មណ៍​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា « ឥឡូវ​នេះ​យើង​នឹង​ស្តាប់​ពី​អែលឌើរ ឃុក » ។

ខ្ញុំ​អស់​ឋាមពល​រលីង ។ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ ។ ខ្ញុំ​បាន​ដឹង​ថា វា​ដល់​ពេល​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​បន្ថែម​ទៀត​ ។ ខ្ញុំ​បានដើរ​ទៅ​កាន់​វេទិកា​​យឺតៗ ទូល​អង្វរ​សុំ​ជំនួយ​ពី​ព្រះ ។ ពេល​​ខ្ញុំ​បាន​ទៅ​កាន់​មីក្រូហ្វូន ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​ដោយ​អព្ភូតហេតុ ដើម្បី​ផ្តល់​សារ ១៥ នាទី​ទៀត ។១៥

នៅ​ទីបំផុត​ការប្រជុំ​បាន​បញ្ចប់ ប៉ុន្តែ​រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា សម័យ​ប្រជុំ​​មជ្ឈិមវ័យ​នឹង​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ទៀត ។ អូ៎ អត់​ទេ ! ដូច​សូរាំ​ដែរ ខ្ញុំ​ពិតជា​ចង់​រត់ តែនីហ្វៃ​បាន​ចាប់​ជាប់ ខ្ញុំ​បាន​ដឹង​ថា ប្រធាន ផាកកឺ នឹង​ចាប់​ខ្ញុំ​ដែរ ។ ការប្រជុំ​របស់​មជ្ឈិមវ័យ​បាន​ធ្វើ​តាម​គំរូ​ដូច​គ្នា ។ ខ្ញុំ​បាន​និយាយ​បី​ដង​ទៀត ។ ថ្ងៃ​បន្ទាប់ អំឡុង​ពេល​សម័យ​ប្រជុំ​ទូទៅ ខ្ញុំ​បាន​និយាយ​តែម្តងទេ ។

បន្ទាប់ពីសន្និសីទនោះ ប្រធាន ផាកកឺ បាន​មាន​ប្រសាសន៍​ដោយ​សេចក្ដី​ស្រឡាញ់​ថា « យើងនឹង​ធ្វើ​វា​ម្តង​ទៀត ​នៅ​ពេល​ណា​មួយ » ។ ខ្ញុំ​ស្រឡាញ់​ប្រធាន ប៊យដ៍ ខេ ផាកកឺ និង​មាន​អំណរគុណ​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​រៀន ។

តើ​បងប្អូន​ដឹង​ថា ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អ្វី​ទេ ? គឺ​ថា​ខ្ញុំ​មិន​បោះបង់—ឬ​រឹង​ទទឹង​ឡើយ ។ បើ​ខ្ញុំ​ធ្វើ​តាម​តាម​បំណង​ដ៏​អស់​សង្ឃឹម​របស់​ខ្ញុំ គេច​វេស​ពី​ការ​ប្រជុំ​ទាំង​នោះ ខ្ញុំ​នឹង​គ្មាន​ឱកាស​ដើម្បីបង្កើន​សេចក្ដី​ជំនឿ​និង​ទទួល​បាន​នូវ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​ដ៏​បរិបូរ​ពី​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​បាន​រៀន​អំពី​ក្ដី​មេត្តាករុណា​របស់​ទ្រង់ និង​អំណាច​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​ទ្រង់​ដែល​ធ្វើ​ឲ្យ​អ្វីៗ​អាច​កើត​ឡើង​បាន​ដ៏​អស្ចារ្យ ព្រមទាំង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទោះបី​ជា​ខ្ញុំ​ទន់ខ្សោយ​ក្ដី១៦ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​អាច​បម្រើ ខ្ញុំ​អាច​រួម​ចំណែក​ពេល​ដែល​ព្រះអម្ចាស់​គង់​នៅ​ក្បែរ​ខ្ញុំ បើ​ខ្ញុំ​គ្រាន់​តែ​បន្ត​ទៅ​—ដោយ​សេចក្ដី​ជំនឿ ។

មិន​ថា​ឧបសគ្គ​​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​ធំធេង​មានទំហំ វិសាលភាព និង​ភាព​ធ្ងន់ធ្ងរ​យ៉ាង​ណា​នោះ​ទេ យើង​ទាំងអស់​គ្នា​មាន​ពេល​មួយ ដែល​យើង​មាន​អារម្មណ៍​ថា​ចង់​ឈប់ ចង់រត់​គេច ឬ​ចង់​បោះបង់​ចោល​ផងដែរ ។ ប៉ុន្តែ​ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអង្គ​សង្រ្គោះ​របស់​យើង នោះ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការបាក់​ទឹក​ចិត្ត មិន​ថា​យើង​ជួប​ឧបសគ្គ​អ្វី​នោះ​ទេ ។

ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​កិច្ចការ​ដែល​ត្រូវ​បាន​ប្រទាន​ដល់​ទ្រង់ នោះ​ទ្រង់​មានព្រះចេស្ដា​ជួយ​យើង​ឲ្យ​បញ្ចប់​កិច្ចការ​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ ។១៧ យើង​អាច​មាន​ពរ​ឲ្យ​ឈាន​ទៅ​មុខ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា មិន​ថា​លំបាក​ប៉ុណ្ណា​ទេ ​នៅ​ទីបំផុត​យើងទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។១៨

ដូច​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ចូរ​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន ឱ​ពួក​បរិសុទ្ធ​នៃ​ព្រះ​អើយ ចូរ​កាន់​ខ្ជាប់​ឲ្យ​យូរ​បន្តិច​ទៀត ហើយ​ខ្យល់​ព្យុះ​នៃ​ជីវិត​នឹង​កន្លង​ផុត​ទៅ ហើយ​អ្នក​នឹង​ទទួល​បាន​រង្វាន់ ដែល​ប្រទាន​ឲ្យ​ដោយ​ព្រះ​ដែល​អ្នក​បម្រើ » ។១៩ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ចច អេ ស្ម៊ីធ នៅក្នុង Teachings of Presidents of the Church: Joseph Smith( ឆ្នាំ ២០០៧ ) ទំព័រ ២៣៥ ។

  2. សូមមើល Teachings: Joseph Smith ទំព័រ ២២៧–៣៦ ។

  3. ពេល​ខ្ញុំ​និយាយ​ពី​ការ​បាក់​ទឹក​ចិត្ត ខ្ញុំ​មិន​បាន​លើក​ឡើង​ថា « គ្រាន់តែ​បន្ត​ទៅ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ » គឺ​ជា​ការ​ខិតខំ​តែ​មួយ​គត់​ដែល​ចាំបាច់​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជំងឺ​ថប់​បារម្ភ ឬ​ជំងឺ​ផ្សេងៗ​ទៀត​នោះ​ទេ ។ សម្រាប់​មិត្តភក្តិ សមាជិក​គ្រួសារ និង​អ្នក​ផ្សេង​ទៀត​ទាំង​នេះ ដែល​កំពុង​ស្តាប់ ខ្ញុំ​សូម​បន្លឺ​ឡើង​វិញនូវ​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ដើម្បី​សុំ​ការស្វែង​រក​ការថែ​ទាំ​ខាង​ផ្នែក​វេជ្ជសាស្ត្រ ចិត្តសាស្ត្រ និង​ខាង​វិញ្ញាណ ខណៈ​ដែល​ដាក់​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ដួងចិត្ត​ខ្ញុំ​គិត​ទៅ​ដល់​បងប្អូន​ម្នាក់ៗ ដែល​តស៊ូ​នឹង​ឧបសគ្គ​ដ៏​ពិសេស​ទាំង​នេះ ។ យើង​អធិស្ឋាន​សម្រាប់​បងប្អូន​ដោយ​ស្មោះ ។

  4. ក្រៅ​ពី​វីរជន​សម័យ​ទំនើប​របស់​ខ្ញុំ វីរជន​មួយ​ចំនួន​របស់​ខ្ញុំ​នៅក្នុង​ព្រះគម្ពីរ​រួមមាន កាលែប ( សូមមើល ជនគណនា ១៤:៦–៩, ២៤ ) យ៉ូប ( សូមមើល យ៉ូប ១៩:២៥–២៦ ) និង​នីហ្វៃ ( សូមមើល នីហ្វៃទី១ ៣:៧ ) ។

  5. សូមមើល នីហ្វៃទី១ ៤:២០, ៣០–៣៥, ៣៨ ។

  6. សូមមើល ឌែល ជី រិនឡាន់ « Infuriating Unfairness »​Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤១–៤៥ ។

  7. សូមមើល នីហ្វៃ​ទី២ ១:៣០–៣២ ។ « ទោះ​បី [ សូរាំ ] ត្រូវ​តែ​ស៊ូទ្រាំ​នឹង​ឧបសគ្គ​លំបាក​បន្ដិច​ក្ដី ក៏​ស្ថានភាព​លំបាកៗ​ដែល​គាត់​បាន​ជួប​នោះ​គឺ​ជា​ស្ថានភាព​ដែល​ព្រះ​បាន​តាំង​ព្រះទ័យ​ប្រទាន​ពរ​ដល់​លោក ។ ទោះ​បី​ជា​លោក​ត្រូវ​បោះបង់​ចោល​ស្រុក​កំណើត​របស់​លោក​ក្ដី ព្រះ​បាន​រៀបចំ​កន្លែង​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ » ( David B. Paxman, “Zoram and I: Getting Our Stories Straight” [Brigham Young University devotional, July 27, 2010], 8, speeches.byu.edu ) ។

  8. ខ្ញុំ​បាន​ឮ​ទីបន្ទាល់​របស់​ប្អូនស្រី​នេះ​នៅ​ក្នុង​វួដ​មួយ នៅ​ក្នុង​ស្តេក​រីវ័រដេល រដ្ឋ យូថាហ៍ នៅ​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០២២ ។ បទពិសោធន៍​ដែល​គាត់​បាន​ចែកចាយ​បាន​កើត​ឡើង​នៅ​ក្នុង​វួដ​ពី​មុន ។

  9. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១១:១២–១៣ ។

  10. ការចាត់តាំង​របស់​ខ្ញុំ​គឺ​នៅ​ស្តេក​បិនសុន រដ្ឋ យូថាហ៍ កាលពីថ្ងៃទី ៣–៤ ខែ វិច្ឆិកា ឆ្នាំ ២០០១ ។ ប្រធាន ជែរី ធូមស៍ គឺ​ជា​ប្រធាន​ស្តេក ។

  11. សូមមើល ប៊យដ៍ ខេ ផាកកឺ « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២១–២៣ ។

  12. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញ ៤៦:២ ។

  13. គោលលទ្ធិ និង សេចក្ដី​សញ្ញ ១០០:៥–៦; សូមមើល​ផងដែរ ខទី ៧–៨ ។

  14. កូរិនថូស ទី១ ២:១៣ ។

  15. ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « នៅពេល​បងប្អូនធ្វើ​អ្វី​ៗខាងវិញ្ញាណ ​ដែល​ហួសពី​អ្វីបងប្អូន​ធ្លាប់​ធ្វើ​ពី​មុន​មក នោះ​ព្រះចេស្ដា [ របស់​ព្រះអង្គ​សង្គ្រោះ ]​ នឹងចាក់​ស្រោច​មក​លើ​បងប្អូន » ( « Drawing the Power of Jesus Christ into Our Lives » Liahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤២ ) ។

  16. សូម​មើល អេធើរ ១២:២៧ ។

  17. សូម​មើល យ៉ូហាន ១៧:៤ ។

  18. សូម​មើល នីហ្វៃទី២ ៣១:២០; ម៉ូសាយ ២:៤១; អាលម៉ា​៣៦:៣ ។

  19. Teachings: Joseph Smith ទំព័រ ២៣៥ ។