សន្និសីទទូទៅ
« គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


« គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ »

ការប្រែចិត្ត​ប្រចាំ​ថ្ងៃ និង​ការមក​រក​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ​ឆ្ពោះ​ទៅរក​ការដក​ពិសោធ​ចំពោះអំណរ—ជា​អំណរ​ដែល​ហួស​ពី​ការនឹក​ស្រមៃ​របស់​យើង ។

នៅ​ពេញ​ទាំង​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដ៏​មហិមា​ចំពោះ​បុត្រាបុត្រី​គ្រប់​រូប​របស់​ព្រះ—ជា​ពិសេស​ចំពោះ​អស់​អ្នក​ដែល​កំពុង​រងទុក្ខ ឬ​បាន​វង្វេង​ធ្លាក់​ចេញ​ឆ្ងាយ ។ ពេល​ពួកផារ៉ាស៊ី​បាន​រិះគន់​ចំពោះ​ការគង់​នៅ​ជាមួយ និង​ការសោយ​អាហារ​របស់​ទ្រង់​ជាមួយ​ពួក​អ្នក​មាន​បាប នោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តប​ដោយ​បង្រៀន​ពី​រឿង​ប្រៀប​ប្រដូច​បី​ស្រដៀង​គ្នា ។ នៅក្នុង​រឿង​ប្រៀប​ប្រដូច​នីមួយៗ​នេះ ទ្រង់​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការស្វែងរក​អស់​អ្នក​ដែល​បាន​វង្វេង និង​អំណរ​ដែល​មាន ពេល​ពួកគេ​ត្រឡប់​មក​វិញ ។ ឧទាហរណ៍ ៖ នៅក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​ដែល​វង្វេង ទ្រង់​បាន​មាន​បន្ទូល​ថា « នៅ​ស្ថាន‌សួគ៌ នឹង​មាន​សេចក្ដី​អំណរ [ ដ៏​ធំ ] យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ » ។

បំណងប្រាថា្ន​របស់​ខ្ញុំ​ថ្ងៃ​នេះ គឺ​ពង្រឹង​ទំនាក់​ទំនង​រវាង​អំណរ និង​ការប្រែចិត្ត—ជា​ពិសេស អំណរ​ដែល​កើត​ឡើង ពេល​យើង​ប្រែចិត្ត និង​អារម្មណ៍​នៃ​អំណរ​ដែល​យើង​បាន​ភ្លក់ ពេល​យើង​អញ្ជើញ​មនុស្ស​ដទៃ​មករក​ព្រះ​គ្រីស្ទ និង​ទទួល​យក​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

មាន​យើង ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​អំណរ

នៅក្នុង​ព្រះគម្ពីរ ពាក្យ សេចក្តីអំណរជា​ធម្មតា​មាន​ន័យ​លើស​ពី​ការមាន​គ្រា​ដ៏​រីករាយ ឬ​ការមាន​អារម្មណ៍​នៃ​សុភមង្គល​ទៅ​ទៀត ។ អំណរ​នៅក្នុង​បរិបទ​នេះ​គឺ​ជា​លក្ខណៈ​មួយ​របស់​ព្រះ ដែល​អំណរ​នោះ​មាន​ពេញលេញ ពេល​យើង​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ។ អំណរ​នោះ​មាន​ភាពជ្រាលជ្រៅ លើក​ស្ទួយ យូរ​អង្វែង និង​ផ្លាស់ប្តូរ​ជីវិត ជាង​ភាពរីករាយ ឬ​ការលួងលោម​នានា​ដែល​ពិភពលោក​នេះ​អាច​ផ្ដល់​ឲ្យ​ទៅ​ទៀត ។

យើង​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​មាន​អំណរ ។ វា​គឺ​ជា​ជោគវាសនា​របស់​យើង​ដែល​បាន​គ្រោង​ទុក ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ ។ ទ្រង់​សព្វ​ព្រះទ័យ​ចង់​ចែកចាយ​អំណរ​របស់​ទ្រង់​ជាមួយ​នឹង​យើង ។ ព្យាការី​លីហៃ​បាន​បង្រៀន​ថា ផែនការ​របស់​ព្រះ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ដើម្បី​ឲ្យ​យើង​« អាច​មាន​សេចក្ដីអំណរ » ។ ដោយសារ​យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដ៏​ធ្លាក់ ចុះ នោះ​អំណរ​ដែល​ស្ថិតស្ថេរ ឬ​ភាពរីករាយ​ជា​រៀង​រហូត ច្រើន​តែ​មើល​ទៅ​ហួស​ពី​លទ្ធភាព​របស់​យើង ។ ប៉ុន្តែ​នៅ​ក្នុង​ខ​បន្ទាប់ លីហៃ​បន្ត​ដោយ​ការ​ពន្យល់​អំពី​រឿង​នោះ​ថា « ព្រះ​មែស៊ី [ បាន​យាង​មក ] … ដើម្បី​ប្រោសលោះ [ យើង ] ឲ្យ​រួច​ពី​ការ​ធ្លាក់ » ។ តាមរយៈ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្ដី​ប្រោសលោះ​ធ្វើ​ឲ្យ​កើត​មាន​អំណរ ។

សារលិខិត​នៃ​ដំណឹងល្អ​គឺ​ជា​សារលិខិត​មួយ​នៃ​សេចក្ដីសង្ឃឹម នៃ « ដំណឹង​ល្អពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ហើយ​ជា​មធ្យោបាយ​ដែល​មនុស្ស​ទាំងអស់​អាច​ដកពិសោធ​នូវ​សេចក្ដី​សុខសាន្ត និង​គ្រា​នៃ​អំណរ​នៅក្នុង​ជីវិត​នេះ ហើយ​ទទួល​បាន​ភាពពេញលេញ​នៃ​អំណរ​នៅក្នុង​ជីវិត​នាពេល​ខាង​មុខ ។

អំណរ​ដែល​យើង​លើកឡើង​នេះ​គឺ​ជា​អំណោយ​ទាន​មួយ​សម្រាប់​មនុស្ស​ស្មោះត្រង់ ប៉ុន្តែ​វា​កើត​ឡើង​ជាមួយ​នឹង​តម្លៃ​មួយ ។ អំណរ​ពុំ​មែន​ជា​រឿង​ឥត​តម្លៃ ឬ​ត្រូវ​បាន​ផ្ដល់ឲ្យ​ដោយ​សាមញ្ញ​នោះ​ដែរ ។ ផ្ទុយ​ទៅ​វិញ វា​កើតឡើង « ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ [ យេស៊ូវ ] គ្រីស្ទ​វិញ » ។ បើ​យើង​យល់​ច្បាស់​ពី​គុណតម្លៃ​នៃ​អំណរ​ដ៏​ពិត​មក​ពី​ព្រះ នោះ​យើង​នឹង​ពុំ​ស្ទាក់ស្ទើរ​ដើម្បី​លះបង់​ទ្រព្យ​សម្បត្តិ​នានា​ខាង​លោកិយ ឬ​ធ្វើ​ការផ្លាស់ប្ដូរ​ចាំបាច់​ក្នុង​ជីវិត​​ដើម្បី​ទទួល​បាន​វា​នោះ​ឡើយ ។

ស្តេច​ដ៏​មាន​អំណាច ប៉ុន្តែ​មាន​ព្រះទ័យ​រាបទាប​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​យល់​អំពី​រឿង​នេះ ។ ទ្រង់​បាន​សួរថា « តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​កើត​ពី​ព្រះ ដោយ​ដក​យក​វិញ្ញាណ​អាក្រក់​នេះ​ចេញ​ពី​ទ្រូង​យើង ហើយ​ទទួល​យក​ព្រះវិញ្ញាណ​របស់​ទ្រង់​វិញ ដើម្បី​ឲ្យ​យើង​អាច​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ … ? មើល​ចុះ​ទ្រង់​មាន​បន្ទូល​ថា ៖ យើង​នឹង​បោះបង់​ចោល​នូវ​អ្វីៗ​ទាំង​អស់​ដែល​យើង​មាន មែនហើយ យើង​នឹង​ទម្លាក់​នគរ​យើង ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​សេចក្ដី​អំណរ​ដ៏​ធំ​នេះ » ។

ជា​ការឆ្លើយ​តប​ចំពោះ​សំណួរ​របស់​ស្ដេច​អង្គ​នេះ អ្នក​ផ្សព្វផ្សាយ​សាសនា​អើរ៉ុន​បាន​ថ្លែង​ថា « បើ​សិន​ជា​ទ្រង់​មាន​បំណង​ចង់​បាន​ការណ៍​នេះ … ទ្រង់​ក្រាប​ចំពោះ​ព្រះ … [ ហើយ ] ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​អស់​របស់​ទ្រង់ » ។១០ ការប្រែចិត្ត​គឺ ជា ផ្លូវ​ឆ្ពោះ ទៅ រក​អំណរ១១ដោយសារ​វា​គឺ​ជា​ផ្លូវ​ដែល​ដឹកនាំ​ទៅ រក​ព្រះអង្គសង្គ្រោះ​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។១២

អំណរ​កើត​ឡើង​តាម រយៈ​ការប្រែចិត្ត​ដ៏​ស្មោះ

ចំពោះ​មនុស្ស​ខ្លះ ការ គិត ថា ការប្រែចិត្ត​ជា​ផ្លូវ​ឆ្ពោះទៅរក​អំណរ​អាច​ហាក់​ដូចជា​រឿង​ផ្ទុយ​ស្រឡះ ។ ពេលខ្លះ ការប្រែចិត្ត​អាច​មាន​ការឈឺចាប់ និង​ពិបាក ។ វា​តម្រូវ​ឲ្យ​មាន​ការសារភាព​ថា គំនិត និង​ទង្វើ​មួយ​ចំនួន​របស់​យើង—សូម្បី​តែ​ជំនឿ​របស់​យើង—មាន​ភាពខុស​ឆ្គង ។ ពេលខ្លះ​ការប្រែចិត្ត​ក៏​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដែល​អាច​ជា​រឿង​ដ៏​ពិបាក​ផងដែរ ។ ប៉ុន្តែ​អំណរ និង​ការលួងលោម​ចិត្ត​ពុំមែន​ជា​រឿង​ដូច​គ្នា​ទេ ។ អំពើបាប—រួមទាំង​អំពើបាប​នៃ​ការរាប់​ខ្លួន​ឯង​ថា​សុច្ចរិត—ដាក់​ដែន​កំណត់​ដល់​អំណរ​របស់​យើង ។

ដូច​ទំនុក​ដំកើង​បាន​ថ្លែង​ថា « ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង​គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ » ។១៣ ពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង យើង​ត្រូវតែ​ផ្ដោតលើ​អំណរ​ដ៏​ធំ​ដែល​កើតមាន​ឡើង ។ យប់​ទាំង​នោះ​អាច​ហាក់​ដូច ជា​យូរ​អង្វែង ប៉ុន្តែ​ព្រឹក​នោះ​ពិតជា​កើត​មាន​ឡើង ឱ​វា​វិសេស​វិសាល​យ៉ាង​ណា​ទៅ​ចំពោះ​សេចក្ដី​សុខសាន្ត និង​អំណរ​ដ៏​ត្រចះត្រចង់​ដែល​យើង​មាន ពេល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព​ផុតពី​អំពើបាប និង​ការរងទុក្ខ ។

គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម

សូម​ពិចារណា​ពី​បទពិសោធន៍​របស់​អាលម៉ា​នៅក្នុង​ព្រះគម្ពីរ​មរមន ។ លោក « ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា » ហើយ​ព្រលឹង​របស់​លោក « ត្រូវ​កើត​ទុក្ខ » ដោយសារ​តែ​អំពើ​បាប​របស់​លោក ។ ប៉ុន្តែ​ពេល​លោក​បាន​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​សូម​សេចក្ដី​មេត្តា​ករុណា នោះ​លោក « ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់ [ របស់​លោក ] ទៀត » ។១៤

លោក​បាន​ប្រកាស​ថា « ហើយ ឱ សេចក្ដី​អំណរ និង​រស្មី​ដ៏​អស្ចារ្យ​ដែល​ឪពុក​បាន​ឃើញ មែនហើយ … គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ » ។១៥

នេះ​គឺ​ជា​ប្រភេទ​អំណរ​ដែល​មាន​ចំពោះ​អស់​អ្នក​ដែល​មក​រក​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការប្រែចិត្ត ។១៦ ដូច​ដែល ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា ៖

« ការ​ប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! »១៧

ការប្រែចិត្ត​នាំ​មក​នូវ​អំណរ ដោយសារ​វា​រៀបចំ​ដួងចិត្ត​របស់​យើង​ទទួក​យក​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​ន័យ​ថា​ពោរពេញ​ដោយ​អំណរ ។ ហើយ​ដើម្បី​បាន​ពោរពេញ​ដោយ​អំណរ​មាន​ន័យ​ថា ត្រូវ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៨ អំណរ​របស់​យើង​កើន​ឡើង ពេល​យើង​ធ្វើ​ការជា​ប្រចាំ​ដើម្បី​នាំ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ ដូចព្យាការី​មរមន​បាន​បង្រៀន « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជា​ញឹកញាប់​ដែរ ហើយ​បាន​មុតមាំ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ភាព​រាបសា​របស់​គេ ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅ​ក្នុង​សេចក្ដី​ជំនឿ [ របស់​ពួកគេ ] ជឿ [ ដល់ ] ព្រះ​គ្រីស្ទ នាំ​ឲ្យ​ចិត្ត​គេ​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ និង​ការ​លួងលោម​ចិត្ត » ។១៩ ព្រះអម្ចាស់​សន្យា​ចំពោះ​អស់​អ្នក​ដែល​ខិតខំ​ធ្វើ​តាម​ទ្រង់​ថា « យើង​នឹង​រំលែក​ដល់​អ្នក … នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក​ដែល​នឹង​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ » ។២០

អំណរ​នៃ​ការជួយ​មនុស្ស​ដទៃ​ឲ្យប្រែចិត្ត

បន្ទាប់ពី​យើង​មាន​នូវ​អំណរ​ដែល​កើត​ចេញ​ពី​ការប្រែចិត្ត​ដ៏​ស្មោះ​មក នោះ​យើង​នឹង​ចង់​ចែកចាយ​អំណរ​នោះ​ដោយ​ឯកឯង​ជាមួយ​នឹង​មនុស្ស​ដទៃ ។ ពេល​យើង​ធ្វើ​ដូច្នោះ នោះ​អំណរ​របស់​យើង​កើន​ទ្វេ​ឡើង ។ ការណ៍​នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អាលម៉ា ។

លោក​បាន​ថ្លែងថា « នេះ​គឺ​ជា​ការ​អួត​របស់​ខ្ញុំ ក្រែង​ខ្ញុំ​អាច​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​នាំ​មនុស្ស​ខ្លះ​ទៅ​កាន់ការ​ប្រែ​ចិត្ត ហើយ​នេះ​គឺ​សេចក្ដី​អំណរ​របស់​ខ្ញុំ ។

« ហើយ​មើល​ចុះ កាល​ខ្ញុំ​ឃើញ​បង​ប្អូន​ខ្ញុំ​ជា​ច្រើន បាន​ប្រែ​ចិត្ត​ជា​ពិតប្រាកដ ហើយ​មក​រក​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ នៅ​ពេល​នោះ ព្រលឹង​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​នៅ​ពេល​នោះ ខ្ញុំ​នឹក​ឃើញ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដើម្បី​ខ្ញុំ … មែន​ហើយ នៅ​ពេល​នោះ ខ្ញុំ​នឹក​ឃើញ​ព្រះ​ពាហុ​របស់​ទ្រង់​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ដែល​ទ្រង់​ហុច [ មក​រក ] ខ្ញុំ » ។២១

ការជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រែចិត្ត​គឺ​ជា​ការសម្ដែង​ចេញ​ពី​ការដឹងគុណ​របស់​យើង​ពី​ធម្មជាតិ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​វា​គឺ​ជា​ប្រភព​នៃ​អំណរ​ដ៏​មហិមា ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ដូចនេះ ៖

« បើសិន​ជា​អ្នក​ត្រូវ … នាំ​ព្រលឹង​មួយ​គត់ មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង !

ហើយឥឡូវនេះ បើសិន​ជា​អ្នក​នឹង​មាន​សេចក្តី​អំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែ​មួយ ដែល​អ្នក​បាន​នាំ​មករកយើង … នោះ​អ្នក​នឹង​មាន​សេចក្តីអំណរ​ដ៏​មហិមា​យ៉ាង​ណា​ទៅ បើសិន​ជា​អ្នក​បាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើង​នោះ ! »២២

សេចក្ដីអំណររបស់ទ្រង់មហិមាណាស់ណា៎ ចំពោះព្រលឹងណាដែលប្រែចិត្ត !

ខ្ញុំ​ឃើញ​ថា មាន​ប្រយោជន៍​ក្នុង​ការ​នឹកស្រមៃ​ពី​អំណរ​ដែល​ព្រះអង្គ​សង្គ្រោះ​មាន រាល់ពេល​យើង​ទទួល​បាន​ពរជ័យ​នៃ​ពលិកម្ម​ធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ។​២៣ ដូច​ប្រធាន ណិលសុន បាន​ថ្លែង​ថា ២៤សាវក​ប៉ុល​នៅក្នុង​សំបុត្រ​របស់​លោក​សរសេរ​ទៅ​កាន់​ពួក​សាសន៍​ហេព្រើរ​បាន​ចែកចាយ​ការយល់​ដឹង​ដ៏​ប្រពៃ​នេះ​ថា « ចោល​អស់​ទាំង … អំពើ​បាប ដែល​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ … ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ឲ្យ​តែ​បាន​សេចក្តីអំណរ ដែល​នៅ​ចំពោះ​ទ្រង់ … រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ » ។២៥ ជារឿយៗ យើង​និយាយ​អំពី​ការឈឺចាប់ និង​ការរងទុក្ខ​នៅ​ច្បារ​គែតសេម៉ានី និងភ្នំ​រលា​ក្បាល ប៉ុន្តែ​យើង​កម្រ​នឹង​និយាយ​អំពី​អំណរ​ដ៏​មហិមា​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​ចង់បាន ពេល​ទ្រង់​បូជា​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង ។ ច្បាស់ណាស់ ការឈឺចាប់ និង​ការរងទុក្ខ​របស់​ទ្រង់​គឺ​ដើម្បី​យើង ដើម្បី​យើង​អាច​ដក​ពិសោធ​នូវ​អំណរ​នៃ​ការត្រឡប់​មក​រួមរស់​នឹង​ទ្រង់​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ។

បន្ទាប់ពី​បង្រៀន​ប្រជាជន​នៅ​ទ្វីប​អាមេរិក​កាល​ពី​បុរាណ​មក ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​ពួកគេ ដោយ​មាន​បន្ទូល​ថា ៖

« ឥឡូវ​នេះ មើល​ចុះ សេចក្ដី​អំណរ​របស់​យើង​ធំ​ណាស់ គឺ​ពេញ​ទំហឹង​ដោយ​ព្រោះ​អ្នក​រាល់​គ្នា … មែន​ហើយ ព្រម​ទាំង​ព្រះ​វរបិតា​ក៏​ទ្រង់​មាន​សេចក្ដី​អំណរ ហើយ​គ្រប់​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ផង ។ …

« … ដោយសារ [ អ្នក​រាល់​គ្នា ] នេះ​ហើយ ដែល​យើង​មាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ » ។​២៦

មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​អំណរ​របស់​ទ្រង់

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​អំណោយ​ទាន​ដ៏​ពិសិដ្ឋ​មួយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះ​ប្រោស​លោះ​នៃ​ពិភពលោក ។ ខ្ញុំ​ដឹង​ថា ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ ។ ការផ្ដោត​ព្រះទ័យ​តែ​មួយ​គត់​របស់​ទ្រង់​គឺ « កិច្ចការ និង​សិរី​ល្អ [ របស់​ទ្រង់ ] »២៧ គឺ​ដើម្បី​ជួយ​យើង​ទទួល​បាន​ភាព​ពោរពេញ​នៃ​អំណរ​ក្នុង​ទ្រង់ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ដោយ​ផ្ទាល់​ម្នាក់​ថា ការប្រែចិត្ត​ប្រចាំ​ថ្ងៃ និង​ការមក​រក​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ​ឆ្ពោះ​ទៅរក​ការដក​ពិសោធ​នៃ​ក្តីអំណរ—ជា​អំណរ​ដែល​ហួស​ពី​ការនឹក​ស្រមៃ​របស់​យើង ។២៨ នោះ​គឺ​ជា​ហេតុផល​ដែល​យើង​រស់នៅ​លើ​ផែនដី​នេះ ។ នោះ​គឺ​ជា​ហេតុផល​ដែល​ព្រះ​រៀបចំ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ទ្រង់​សម្រាប់​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​ពិតជា​« ផ្លូវ សេចក្ដីពិត និង​ជីវិត »២៩ហើយ ​ជា​« ឈ្មោះ [ តែ​មួយ​គត់ ] នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ » ។៣០ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕