សន្និសីទទូទៅ
សំឡេង​រីករាយ !
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


សំឡេង​រីករាយ !

ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​មួយ​របស់​ព្យាការី​គ្រប់​រូបតាំង​ពី​ព្យាការី យ៉ូសែប ស៊្មីធ មក​ ។

« ឥឡូវ​នេះ តើ​យើង​ឮ​អ្វី​នៅ​ក្នុង​ដំណឹងល្អ ដែល​យើង​បាន​ទទួល​នោះ ? គឺ​សំឡេង​រីករាយ ! ជា​សំឡេង​នៃ​សេចក្ដី​មេត្តាករុណា​ពី​ស្ថានសួគ៌ ហើយ​ជា​សំឡេង​នៃ​សេចក្ដី​ពិត​ចេញ​ពី​ផែនដី …ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ ជា​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​ដ៏​ធំ » ។

បងប្អូន​ប្រុស​ស្រី វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ទេ​នៅ​ពេល​ឮ​ពាក្យសំដី​ទាំង​នេះ​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​មិន​ញញឹមមិន​បាន !

ការថ្លែង​ដ៏​រំភើប​រីករាយ​របស់​យ៉ូសែប​ពិត​ជា​បាន​ចាប់​យក​នូវ​អំណរ​ដ៏​ពោរពេញ និង​វិសេសវិសាល​ដែល​មាន​នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះ​ជា​ព្រះ​វរបិតា​សួគ៌​របស់​យើង​ ព្រោះ​ទ្រង់​បាន​អះអាង​នឹង​យើង​ថា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

យើង​ទាំងអស់​គ្នា​បាន​ស្រែក​អរសាទរ ក្នុង​ជីវិត​មុន​ផែនដី​នេះ​ ពេល​យើង​បាន​ឮ​ពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ហើយ​យើង​បន្ត​ស្រែក​អរសាទរ​នៅ​ក្នុង​ជីវិត​នេះ ពេល​យើង​រស់​នៅ​ស្រប​តាម​ផែនការ​របស់​ទ្រង់ ។ ប៉ុន្ដែ​តើ​អ្វីជា​បរិបទ​ពិតប្រាកដ​សម្រាប់​សេចក្ដីប្រកាស​ដ៏​រីករាយ​មកពី​ព្យាការី ? តើ​អ្វី​ដែល​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ជ្រាលជ្រៅ និង​ដួងចិត្ត​ដ៏​ពោរពេញ​ទាំងនេះ ?

ព្យាការី​យ៉ូសែប​បាន​បង្រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ នេះ​ពិត​ជា​វិវរណៈ​ដ៏​រុងរឿង​មួយ​ដែល​បាន​ទទួល​ដោយ​ក្តីអំណរ​ដ៏​មហិមា ។ នៅ​ពេល​សមាជិក​សាសនាចក្រ​បាន​ដឹង​ជា​លើក​ដំបូង​ថា ពួកគេ​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ​ នោះ​ពួកគេ​បាន​អររីករាយ ។ ប្រធាន Wilford Woodruff (វិលហ្វូឌ វូឌដ្រុព្វ) បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​បាន​ឮ​ពី​រឿង​នេះ ព្រលឹង​ខ្ញុំ​បាន​ញាប់ញ័រ​[ ដោយ​ ] ក្ដីអំណរ ! »

ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ជាទីស្រឡាញ់​របស់​យើង​មិនមែន​ជា​សេចក្ដី​ពិត​តែ​មួយ ដែល​ព្រះអម្ចាស់​នឹង​បង្ហាញ ហើយ​ស្តារ​ឡើងវិញ​នោះ​ទេ ។ មាន​អំណោយទាន ឬ​អំណោយទាន​ពិសិដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ព្រះ​សព្វព្រះទ័យ​ប្រទាន​ដល់​បុត្ររបស់​ទ្រង់ ។

អំណោយទាន​ផ្សេងៗ​ទៀត​ទាំងនេះ​រួម​មាន​សិទ្ធិ​អំណាច​បព្វជិតភាព សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ អាពាហ៍ពិពាហ៍​ដែល​អាច​ស្ថិតស្ថេរ​ជា​និរន្តរ ការចង ឬ​ការផ្សារភ្ជាប់​កូន​ទៅនឹង​ឪពុក​ម្ដាយ​របស់​ពួកគេ​ជាគ្រួសារ​របស់​ព្រះ ហើយ​នៅ​ទីបំផុត​ពរជ័យ​នៃ​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅកាន់​ទី​វត្តមាន​នៃ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពរជ័យ​ទាំងអស់​នេះ​កើត​មានឡើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ដោយសារ​ព្រះ​បាន​ចាត់​ទុក​រឿង​ទាំងនេះ​ថា​ស្ថិត​ក្នុង​ចំណោម​ពរជ័យ​ដ៏​ខ្ពស់​បំផុត និង​បរិសុទ្ធ​បំផុត​របស់​ទ្រង់ នោះ​ព្រះអង្គ​បាន​ត្រាស់​បង្គាប់​ថា ត្រូវ​សាងសង់​អគារ​ពិសិដ្ឋ​ឡើង​នៅ​កន្លែង​ដែល​ទ្រង់​អាច​ប្រទាន​អំណោយទាន​ដ៏​មាន​តម្លៃ​ទាំងនេះ​ដល់បុត្រ​របស់​ទ្រង់ ។ អគារ​ទាំងនេះ​នឹង​ទៅ​ជា​ដំណាក់​របស់​ទ្រង់​នៅ​លើ​ផែនដី ។ អគារ​ទាំង​នេះ​ជា​ព្រះវិហារបរិសុទ្ធ ដែល​ត្រូវ​បាន​ផ្សាភ្ជាប់ ឬ​ត្រូវ​បាន​ចងភ្ជាប់​នៅ​លើ​ផែនដី​ក្នុង​ព្រះនាម​ទ្រង់ តាម​រយៈ​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ជា​មួយ​នឹង​សិទ្ធិ​អំណាច​របស់​ទ្រង់​នឹង​ត្រូវ​បាន​ចងភ្ជាប់​នៅ​លើ​ស្ថានសួគ៌ ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​សព្វថ្ងៃ​នេះ យើង​មួយ​ចំនួន​អាច​យល់​ថា​វា​ងាយស្រួល​ក្នុង​ការ​ទទួលយក ​សេចក្ដីពិត​ដ៏​អស់កល្បដែល​បាន​ផ្តល់​ឲ្យ​ទាំង​នេះ ។ រឿង​ទាំងនេះ​បាន​ក្លាយ​ជា​ធម្មតា​ចំពោះ​យើង ។ ពេល​ខ្លះ​វា​មាន​ប្រយោជន៍​នៅ​ពេល​យើង​មើល​ទៅ​ព្រះវិហារ​បរិសុទ្ធ​តាម​ទស្សនៈ​របស់​អ្នក​ដែល​រៀនពី​ដំបូង ។ ការណ៍​នេះ​បាន​ក្លាយជា​ភស្តុតាង​ចំពោះ​ខ្ញុំ​តាម​រយៈ​បទពិសោធន៍​ថ្មីៗ​នេះ ។

កាល​ពី​ឆ្នាំ​មុន ពីមុន​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ​តូក្យូ ប្រទេស​ជប៉ុន​ឡើងវិញ មាន​ភ្ញៀវ​ជា​ច្រើន​ដែល​មិន​មាន​ជំនឿ​ដូច​យើង បាន​ទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ។ ដំណើរ​ទស្សន​កិច្ច​មួយ​រួម​មាន​អ្នក​ដឹកនាំ​ពេញ​ដោយ​គំនិត​ម្នាក់​មក​ពី​សាសនា​ផ្សេង​ផងដែរ ។ យើង​បាន​បង្រៀន​ភ្ញៀវ​របស់​យើង​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ តួនាទី​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ផែនការ​នោះ និង​គោលលទ្ធិ​ដែល​ក្រុម​គ្រួសារ​អាច​រួបរួមគ្នា​អស់កល្ប​ជានិច្ច​តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។

នៅ​ពេល​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច ខ្ញុំ​បាន​អញ្ជើញ​មិត្ត​របស់​យើង​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​គាត់ ។ និយាយ​ដល់​ការបង្រួបបង្រួម​ក្រុមគ្រួសារ—អតីតកាល បច្ចុប្បន្ន និង​អនាគត—បុរស​ដ៏​ល្អ​រូបនេះ​បានសួរ​ដោយ​ស្មោះស​ថា « តើ​សមាជិក​នៃ​ជំនឿ​របស់​អ្នក​ពិតជា​យល់​ពី គោលលទ្ធិ​នេះ​មាន​ភាព​ជ្រាលជ្រៅ​ខ្លាំង​ប៉ុនណា​ដែរ​ឬ​ទេ ? » គាត់​បាន​បន្ថែម​ថា « នេះ​ប្រហែល​ជា​ការបង្រៀន​តែ​មួយ​គត់​ដែល​អាច​បង្រួបបង្រួម​ពិភពលោក​ដែល​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​នេះ​បាន » ។

នេះ​គឺ​ជា​ការសង្កេត​ដ៏​មាន​អនុភាព​ណាស់ ! បុរស​នេះ​មិន​បាន​រំជួលចិត្ត​ដោយ​សារ​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ​របស់​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារ​គោលលទ្ធិ​ដ៏​អស្ចារ្យ និង​ដ៏​ជ្រាលជ្រៅ​ដែល​ក្រុមគ្រួសារ​បាន​រួបរួមគ្នា និង​ផ្សាភ្ជាប់​ទៅ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀង​រហូត ។​

យើង​មិន​ភ្ញាក់ផ្អើល​ទេ សូម្បី​តែ​ពេល​មនុស្ស​ម្នាក់​ដែល​មិន​ជឿ​ជំនឿ​ដូច​យើង​ផង ក៏​ទទួលស្គាល់​នូវ​ភាពរុងរឿង​ចំពោះអ្វីដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផង​ដែរ ។ អ្វី​ដែល​អាច​ក្លាយ​ជា​រឿង​ធម្មតា ឬជា​ទម្លាប់​សម្រាប់​យើង គឺ​ពេលខ្លះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ភាព​រុងរឿង និង​អស្ចារ្យ ដោយ​អស់​អ្នក​ណា​ដែល​ឮ​វា ឬ​មាន​អារម្មណ៍​ពី​វា​ជា​លើក​ដំបូង ។

ទោះបី​ជា​ព្រះវិហារបរិសុទ្ធ​មាន​តាំង​ពី​បុរាណ​ក៏​ដោយ ដោយ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ការកសាង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​មួយ​របស់​ព្យាការី​គ្រប់រូប​ចាប់​តាំង​ពី ព្យាការី យ៉ូសែប ស្ម៊ីធ ។ ហើយ​វា​ងាយស្រួល​យល់​អំពី​មូលហេតុ ។

នៅ​ពេល​ដែល​ព្យាការី យ៉ូសែប កំពុង​បង្រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន នោះ​លោក​បាន​បង្ហាញ​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​មួយ​ទៀត ។ លោក​បាន​បង្រៀន ៖ « ចូរ​ឲ្យ​ខ្ញុំ​បញ្ជាក់​ប្រាប់​អ្នក​ថា នេះ​គឺ​ជាគោលការណ៍​ទាំងឡាយ ដែល​ទាក់ទង​ទៅ​នឹង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់ ដែល​មិន​អាច​បង្ហួស​ចោល​ដោយ​គ្មាន​គិតពិចារណា​នោះ​ឡើយ គឺជា​ការទាក់ទង​ទៅ​នឹង​សេចក្ដីសង្គ្រោះ​របស់​យើង ។ ដ្បិត​សេចក្តីសង្គ្រោះ​របស់​ពួកគេ គឺជា​ការចាំបាច់ និង​សំខាន់​បំផុត​ចំពោះ​សេចក្តីសង្គ្រោះ​របស់​យើង … ពួកគេ​ពុំ​អាចបាន​ល្អ​ឥតខ្ចោះ ក្រៅ​ពី​យើង​ឡើយ—រីឯ​យើង​ក៏​ពុំ​អាច​បាន​ល្អ​ឥតខ្ចោះ ក្រៅ​ពី​មនុស្ស​ស្លាប់​របស់​យើង​ដែរ » ។​

ដូច​ដែល​យើង​បាន​ឃើញ​ថា តម្រូវការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ធ្វើ​សម្រាប់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ បាន​មាន​ភាពច្បាស់លាស់​ណាស់ ។

ពួក​មារសត្រូវ​កំពុង​ត្រៀម​វាយ​ឆ្មក់ ។ អំណាច​របស់​វាបាន​រំលត់​ដោយសារ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​វា​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ព្យាយាម​បញ្ឈប់​កិច្ចការ​នេះ ។ តើ​ហេតុអ្វី ? ពីព្រោះ​វា​ដឹង​ពី​អំណាច​ដែល​បាន​មក​ពី​កិច្ចការ​ពិសិដ្ឋ​នេះ ។ នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ​បាន​ឧទ្ទិស​ឆ្លង នោះ​អំណាច​នៃ​ការសង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ពង្រីក​ពាសពេញ​ពិភពលោក ដើម្បី​ប្រឆាំង​នឹង​ការខិតខំ​របស់​មារសត្រូវ និង​ដើម្បី​ប្រោសលោះ​យើង នៅ​ពេល​យើង​មក​រក​ទ្រង់ ។ នៅពេល​ព្រះវិហារ​បរិសុទ្ធ និង​អ្នក​រក្សា​សេចក្ដី​សញ្ញា​មាន​ចំនួន​កើន​ឡើង នោះ​មារសត្រូវ​កាន់តែ​ខ្សោយ​ទៅ ។

នៅ​ដើម​ដំបូង​នៃ​សាសនាចក្រ អ្នក​ខ្លះ​នឹង​បារម្ភ​ថា​នៅ​ពេល​ណា​ដែល​ព្រះវិហារបរិសុទ្ធ​ថ្មី​នឹង​ត្រូវ​បាន​ប្រកាស ត្បិត​ពួកគេ​និយាយ​ថា « យើង​មិន​ដែល​ចាប់ផ្ដើម​សាង​ព្រះវិហារ​បរិសុទ្ធ​មួយ ដោយ​គ្មាន​កណ្តឹង​នៃ​ស្ថាន​នរក​ចាប់ផ្ដើម​បន្លឺ​សំឡេង​ឡើង​នោះ​ទេ » ។ ប៉ុន្តែ​ប្រធាន ព្រិកហាំ យ៉ង់ បាន​ឆ្លើយតប​យ៉ាង​ក្លាហាន​ថា « ខ្ញុំ​ចង់​ឮ​វា​បន្លឺ​សំឡេង​ម្ដង​ទៀត » ។​១០

ក្នុង​ជីវិត​រមែងស្លាប់​នេះ យើង​នឹង​គេច​មិន​ផុត​ពី​សង្គ្រាម​នេះ​ឡើយ ប៉ុន្តែ​យើង​អាច​មាន​អំណាច​លើ​ខ្មាំង​សត្រូវ​​បាន ។ អំណាច និង​កម្លាំង​នោះ​បាន​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​យើង​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ពេលវេលា​គឺ​មក​ដល់​ហើយ ពេល​ដែល​ពួកអ្នក​មិន​គោរពតាម​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​បំបែក​ចេញ​ពី​ពួកអ្នក​ដែល​គោរព ។ ការធានា​ដ៏​មាន​សុវត្ថិភាព​បំផុត​របស់​យើង គឺ​ដើម្បី​បន្ត​មាន​ភាពស័ក្ដិសម​ដើម្បី​បាន​ចូល​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។១១

នេះ​ជា​ពរជ័យ​មួយ​ចំនួន​ដែល​ព្រះ​បាន​សន្យា​ដល់​យើង​តាមរយៈ​ព្យាការី​របស់​ទ្រង់ ៖

តើ​បងប្អូន​ត្រូវការ​អព្ភូតហេតុ​ដែរ​ឬ​ទេ ? ព្យាការី​របស់​យើង​បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា​ព្រះអម្ចាស់​នឹង​នាំ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​ញាណដឹង​ថា បងប្អូន​ត្រូវការ​នៅពេល​បងប្អូន​ធ្វើ​ការ​លះបង់​ដើម្បី​បម្រើ និង​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ » ។១២

តើ​បងប្អូន​ត្រូវការ​ព្រះចេស្ដា​នៃ​ការព្យាបាល និង​ការពង្រឹង​ពី​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ? ប្រធាន ណិលសុន បាន​អះអាង​ដល់​យើង​សាជាថ្មី​ថា « អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ … បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ … នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង​របស់​ទ្រង់​មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់​តែ​ខ្លាំង » ។​១៤

នៅ​ថ្ងៃ​អាទិត្យ​ធាងចាក​ដំបូង កាល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជ័យ​ជំនះ នោះ​សិស្ស​របស់​ទ្រង់​ជា​ច្រើន​នាក់​បាន​មាន « សេចក្ដីអំណរ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ »ពោល​ថា « ស្ដេច​ដែល​យាង​មក​ដោយ​នូវ​ព្រះ​នាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ » ។១៥

ពិតជា​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​ធាងចាក​នៅ​ឆ្នាំ ១៨៣៦ ដែល​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​បាន​ឧទ្ទិសឆ្លង ។ នៅ​គ្រា​នោះ​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ក៏​បាន​អររីករាយ​ផងដែរ ។ នៅ​ក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​នោះ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​នូវ​ពាក្យ​សរសើរ​តម្កើង​ទាំងនេះ ៖

« ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ​អើយ សូម​ឮ​សំណូមពរ​ទាំង​ឡាយ​របស់​ទូលបង្គំ​ទាំង​អស់​គ្នា​ផង ហើយ​ឆ្លើយតប​ទូលបង្គំ​ទាំង​អស់​គ្នា​ពី​ស្ថាន​សួគ៌ ដែល​ទ្រង់​គង់​លើ​បល្ល័ង្ក​ដោយ​សិរី​ល្អ កិត្តិនាម ចេស្ដា ឫទ្ធានុភាព [ និង ]កម្លាំង អំណាច ។

« …ហើយ​សូម​ជួយ​ទូលបង្គំ​ទាំងអស់​គ្នា​ដោយ​ព្រះ​ចេស្ដា នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទូលបង្គំ​ទាំងអស់​គ្នា អាច​បង្រួម​សំឡេង​របស់​ទូលបង្គំ​ទាំងអស់​គ្នា​ជាមួយ​នឹង​ពួក​សេរភីម​ដ៏​ភ្លឺ​ថ្លា​នៅ​ជុំវិញ​បល្ល័ង្ក​របស់​ទ្រង់ ដោយ​ការ​ប្រកាស​នូវ​ពាក្យ​សរសើរ​តម្កើង ដោយ​ច្រៀង​ហូសាណា​ដល់​ព្រះ និង​កូន​ចៀម !

« ហើយ​សូម​ឲ្យ​ពួក​អ្នក​ទាំង​ឡាយ ហើយ​សូម​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ស្រែក​ឡើង​ដោយ​អំណរ ។​១៥

បងប្អូន​ប្រុសស្រី នៅ​ថ្ងៃអាទិត្យ​ធាងចាក​នេះ ក្នុង​នាម​យើង​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​យើង​សរសើរ​តម្កើង​ដល់​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង ហើយ​អររីករាយ​ក្នុង​សេចក្ដីល្អ​សប្បុរស​របស់​ទ្រង់​ចំពោះ​យើង​ផងចុះ ។ « តើ​យើង​ឮ​អ្វី​នៅ​ក្នុង​ដំណឹងល្អ ដែល​យើង​បាន​ទទួល​នោះ ? » ពិតជា « សំឡេង​រីករាយ ! »១៦

ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា បងប្អូន​នឹង​មាន​អារម្មណ៍​រីករាយ​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​បងប្អូន​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់ ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា បងប្អូន​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​សេចក្តីអំណរ​ដែល​ទ្រង់​មាន​ចំពោះ​បងប្អូន ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕