សន្និសីទទូទៅ
ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​បើក​ភ្នែក​ ហើយ​ផ្ដោត​មើល​ទៅ​ទ្រង់ ។

ឪពុក​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា « ចូរ​កុំ​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅលើ​បញ្ហា​​កូន ដែល​កូន​មិន​អាច​មើលឃើញ​ដំណោះស្រាយ​នោះឡើយ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ គឺ​ជា​ដំណោះ​ស្រាយ សូម្បី​តែ​បញ្ហា​ដ៏​លំបាក​បំផុត​របស់​យើង​ក៏​ដោយ ។ ជា​ពិសេស ទ្រង់​បាន​យក​ឈ្នះ​បញ្ហា​បួន​យ៉ាង ដែល​យើង​ម្នាក់ៗ​ប្រឈម​មុខ ​ដែល​គ្មាន​យើង​ណា​ម្នាក់​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន ។

  1. បញ្ហា​ទី​មួយ​គឺ សេចក្ដីស្លាប់​ខាង​រាងកាយ ។ យើង​អាច​ព្យាយាម​ពន្យារ​ពេល ឬ​មិន​អើពើ​នឹងវា​បាន ប៉ុន្តែ​យើង​មិន​អាច​យក​ឈ្នះ​វា​ដោយ​ខ្លួន​ឯង​បាន​ឡើយ ។ ទោះ​ជា​យ៉ាង​ណា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​សម្រាប់​យើង ហើយ​ជា​លទ្ធផល យើង​ទាំង​អស់​គ្នា​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​មួយ ។

  2. បញ្ហា​ទី​ពីរ​រួម​មាន​ទុក្ខវេទនា បទពិសោធន៍​លំបាកៗ ភាពសោកសៅ ការឈឺចាប់ និង​ភាពអយុត្តិធម៌​នៃ​ពិភពលោក​នេះ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​លើ​រឿង​ទាំងអស់​នេះ ។ សម្រាប់​អ្នក​ដែល​ខិតខំ​ដើរ​តាម​ទ្រង់ នោះ​ថ្ងៃ​មួយ​ទ្រង់​នឹង « ជូត​អស់​ទាំង​ទឹក​ភ្នែក » ហើយ​ធ្វើ​ឲ្យ​អ្វីៗ​បាន​ត្រឹមត្រូវ​ម្ដង​ទៀត ។ ក្នុង​អំឡុង​ពេល​នេះ ទ្រង់​អាច​ពង្រឹង​យើង​ឲ្យ​ឆ្លងកាត់​ការសាកល្បង​ដោយ​ទំនុក​ចិត្ត សេចក្ដី​សង្ឃឹម និង​ភាពសុខសាន្ត ។

  3. បញ្ហា​ទី​បី​គឺ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ដែល​កើត​ឡើង​ពី​អំពើ​បាប ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​លើ​បញ្ហា​នេះ ដោយ​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ « ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី » ។ ដោយសារ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ យើង​អាច​រួចផុត​​ពី​ផល​វិបាក​នៃ​អំពើ​បាប​ ​បើ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្រ្គោះ ប្រែចិត្ត​ដោយ​ស្មោះ ទទួល​យក​សេចក្ដី​សញ្ញា​ដែល​ព្រះវរបិតា​ប្រទាន​ដល់​យើង តាម​រយៈ​ពិធី​បរិសុទ្ធ​សំខាន់ៗ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ស៊ូទ្រាំ​ដល់​ទី​បញ្ចប់ ។

  4. បញ្ហា​ទី​បួន​គឺ​ធម្មជាតិ​មានដែនកំណត់និងមិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​ក៏​មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ផងដែរ ។ ទ្រង់​មិន​គ្រាន់​តែ​លុប​កំហុស​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​ឥត​មាន​ទោស​ម្តង​ទៀត​នោះ​ទេ ។ ទ្រង់​អាច​ធ្វើ « ការ​ផ្លាស់ប្ដូរ​យ៉ាង​ធំ … នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ »។ យើង​អាច​បាន​ល្អឥតខ្ចោះ​ដោយ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ហើយ​នៅថ្ងៃ​មួយ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។

ជា​អកុសល យើង​ផ្តោត​ខ្លាំង​ទៅ​លើ​បញ្ហា​ផ្ទាល់​ខ្លួន​​ញឹកញាប់​ពេក ហើយ​យើង​បាត់បង់​ការផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ គឺ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។ តើ​យើង​ចៀសវាង​ពី​កំហុស​នោះ​ដោយ​របៀបណា ? ខ្ញុំ​ជឿ​ថា ចម្លើយ​គឺ​មាននៅ​ក្នុង​សេចក្ដី​សញ្ញា​ដែល​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជាមួយ​ទ្រង់ និង​ព្រះវរបិតា​សួគ៌ ។

ការផ្ដោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​សេចក្ដី​សញ្ញា

សេចក្ដី​សញ្ញា​របស់​យើង​ជួយ​យើង​ឲ្យ​ផ្តោត​​ចិត្ត​ទុក​ដាក់ ផ្ដោត​គំនិត និង​សកម្មភាព​របស់​យើង​ទៅ​លើ​ព្រះ​គ្រីស្ទ ។ នៅ​ពេល​យើង « នៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល [ យើង ] បាន​ធ្វើ » នោះ​យើង​អាច​កាន់តែ​ងាយ​ស្គាល់ « របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ » ដែល​យើង​ត្រូវ « ទុកចោល » និង « របស់​ទាំងឡាយ​ណា​ដែល​គ្រាន់បើ​ជាង [ ពិភពលោក ] នេះ » ដែល​យើង​ត្រូវ​តែ​ស្វែង​រក​ដោយ​ឧស្សាហ៍​ព្យាយាម​វិញ ។

នោះ​គឺ​ជា​អ្វី​ដែល​ប្រជាជន​អាំម៉ូន​បាន​ធ្វើ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ កាល​ដែល​ពួក​គេ​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ចាប់​ផ្ដើម​ផ្តោត​ជីវិត​របស់​ពួកគេ​ទៅ​លើ​ទ្រង់ នោះ​ពួក​គេ​បាន​ទទួល​ស្គាល់​ថា ពួកគេ​គួរ​តែ​កប់​គ្រឿង​សាស្ត្រាវុធ​ពិជ័យសង្គ្រាម​ ហើយ​ប្រែ​ជា​មនុស្ស​ស្មោះ​ត្រង់​​ឥត​ខ្ចោះ និង « ត្រូវ​បាន​ញែក​ចេញ ដោយ​ព្រោះ​គេ​មាន​ចិត្ត​ឧស្សាហ៍​ដល់​ព្រះ » ។

ការរក្សា​សេចក្ដី​សញ្ញា​នាំ​យើង​ឲ្យ​ស្វែងរក​អ្វី​ក៏​ដោយ​ដែល​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ហើយ​បដិសេធចោល​អ្វីៗ​ដែល​បណ្ដេញ​ឥទ្ធិពលនោះវិញ—« ដ្បិត​យើង​ដឹង​ថា បើ​យើង​អាច​មាន​ភាព​ស័ក្ដិសម​នឹង​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មាន​ភាពស័ក្ដិសម​ដើម្បី​រស់​នៅក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បាន » ។១០ នេះ​អាច​មាន​ន័យ​ថា យើង​ត្រូវ​តែ​ផ្លាស់ប្ដូរ​ពាក្យសម្ដី​ ដោយ​ប្រើ​ពាក្យ​សប្បុរស​ទាំងឡាយ​វិញ ។ វា​អាច​មាន​ន័យ​ថា ការជំនួស​ទម្លាប់​មិន​ល្អ​ខាង​វិញ្ញាណ​​ដោយ​ទម្លាប់​ថ្មីៗ​ដែល​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអម្ចាស់ ដូច​ជា​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ផ្ទាល់​ខ្លួន និង​ជាមួយ​គ្រួសារ​របស់​យើង ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាន៍​ថា « បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ច្រើន​ឡើង ។ …

រង្វាន់​នៃ​ការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ គឺជា​ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង​កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង » ។​១១

ការរំឭក​សេចក្តី​សញ្ញា​អំឡុង​ពេល​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ របស់ យើង គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ដើម្បី​ល្បង​ខ្លួន​យើង១២ ហើយ​ផ្តោត​ជីវិត​យើង ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​ការទទួលទាន​សាក្រាម៉ង់ យើង​ប្រកាស​ថា យើង​ពិតជា « ចងចាំ​ទ្រង់​ជានិច្ច » ។១៣ ពាក្យ ជានិច្ច គឺ​សំខាន់​ណាស់ ។ វា​ពង្រីក​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង ។ យើង​មិន​ចងចាំ​ទ្រង់​តែ​នៅ​ព្រះវិហារ ឬអំឡុង​ពេល​អធិស្ឋាន​ពេល​ព្រឹក​របស់​យើង ឬ​​នៅ​ពេល​ដែល​យើង​មាន​បញ្ហា ហើយ​យើង​ត្រូវការ​អ្វី​មួយ​ប៉ុណ្ណោះ​ទេ ។

មែន ហើយ ពេល​ខ្លះ​យើង​មាន​ការរំខាន ។ យើង​ភ្លេច ។ យើង​បាត់បង់​ការផ្តោត ។ ប៉ុន្តែ​ការ​ធ្វើ​សេចក្តី​សញ្ញា​ឡើង​វិញ​មាន​ន័យ​ថា យើង ចង់ ចង​ចាំ​ព្រះ​អង្គ​សង្គ្រោះ​ជានិច្ច ថា​យើង​នឹង​ព្យាយាម​ធ្វើ​ដូច្នេះ​ពេញ​មួយ​សប្តាហ៍ ហើយ​ថា​យើង​​ប្ដេជ្ញា​ចិត្ត​ឡើងវិញ ផ្តោត​ទៅ​លើ​ទ្រង់​ម្ដង​ទៀត​នៅឯ​តុ​សាក្រាម៉ង់​នៅ​សប្តាហ៍​ក្រោយ ។

ការផ្ដោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ផ្ទះ​របស់​យើង

ច្បាស់​ណាស់ ការផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​តែ​មានក្រៅពី​ថ្ងៃ​អាទិត្យ ដែល​ជា​សកម្មភាព​នៅ​ព្រះវិហារ ។ កាល​ប្រធាន ណិលសុន បាន​ណែ​នាំ ចូរ​មក​តាម​ខ្ញុំ ក្នុង​ឆ្នាំ ២០១៨ លោក​បានថ្លែង​ថា « វា​គឺ ជា​ពេល​សម្រាប់ សាសនាចក្រ​ផ្ដោត​ទៅ​លើ​គេហដ្ឋាន » ។១៤ លោក​បានថ្លែង​ថា យើង​គួរ​តែ « ផ្លាស់ប្រែ​គេហដ្ឋាន [ របស់​យើង ]​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ » និង​ជា « មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ » ។ ហើយ​លោក​បាន​ធ្វើ​ការសន្យា​ដ៏​អស្ចារ្យ​ចំនួន​បួន​ចំពោះ​យើង ​បើ​យើង​ធ្វើ​ដូច្នោះ ។១៥

ការសន្យា​ទីមួយ ៖ « ថ្ងៃ​ឈប់​សម្រាក របស់​បងប្អូន នឹង​បាន​ជា​ទីរីករាយ​ចិត្ត​​ពិតប្រាកដ » ។ វា​នឹង​ក្លាយ​ជា​ថ្ងៃ​មួយ​ដែល​យើង​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​យើង ។ ដូច​ដែល​យុវនារី​ម្នាក់​មក​ពី​ប្រទេស​ប៉េរូ​បាន​និយាយ​ថា « ថ្ងៃ​របស់​ព្រះអម្ចាស់​គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​បាន​ចម្លើយ​ច្រើន​បំផុត​ពី​ព្រះអម្ចាស់ » ។

ការសន្យា​ទីពីរ ៖ « កូនចៅ របស់​បងប្អូន នឹង​មាន​ចិត្ត​រំភើប​ក្នុងការ​រៀន និង​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ » ។ នោះ​ជា​មូលហេតុ​ដែល « យើង​និយាយ​អំពី​ព្រះ​គ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ … ដើម្បី​ឲ្យកូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណា មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ។១៦

ដូច​អេណុស​បាន​ធ្វើ យើង​ធ្វើ​បែប​នេះ​ដើម្បី​ថ្ងៃ​មួយ ពេលដែលកូន​ប្រុស​​យើង​ចេញ​ទៅ​ធ្វើ​ការ ឬ​ឡើង​ភ្នំ ឬ​ទៅ​ប្រមាញ់​សត្វ​​ក្នុង​ព្រៃ នោះ​គេ​អាច​ចងចាំ​ពី​អ្វី​ដែល​យើង​បាន​បង្រៀន​គេ​អំពី​ព្រះគ្រីស្ទ និង​អំណរ​នៃ​ការរស់​នៅ​តាម​ដំណឹងល្អ ។ ហើយ​តើ​នរណា​នឹង​ដឹង​ទៅ ? ​វាអាច​ជា​ថ្ងៃ​ដែល​គេ​នឹង​មាន​អារម្មណ៍​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ ដែល​ជួយបង្វែរ​គេ​ទៅ​កាន់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​គេ​អាច​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​គេ​ថា « បាប​ទាំងឡាយ​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​អ្នក​នឹង​បាន​ពរ »។១៧

ការសន្យា​ទីបី ៖« ឥទ្ធិពល​របស់​មារសត្រូវ​នៅក្នុង​ជីវិត និង​គេហដ្ឋាន​របស់​បងប្អូន​នឹង​ត្រូវ​សាបរលាប » ។ ហេតុអ្វី​ទៅ ? ពីព្រោះ​កាលណា​យើង​កាន់​តែ​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អំពើ​បាប​កាន់​តែ​បាត់បង់​ការដង្ហោយហៅ​របស់​វា ។១៨ ពេល​ដែល​គេហដ្ឋាន​​យើង​ពោរពេញ​ទៅដោយ​ពន្លឺ​របស់​ព្រះអង្គ​សង្រ្គោះ នោះ​ភាពងងឹត​របស់​មារសត្រូវ​នឹង​មាន​កាន់តែតិចទៅៗ ។

ការសន្យា​ទីបួន ៖ « ការ​ផ្លាស់ប្ដូរ​នៅក្នុង​គ្រួសារ​​បងប្អូន​នឹង​មាន​យ៉ាង​ខ្លាំង និង​រឹងមាំ » ។ ហេតុអ្វី​ទៅ ? ព្រោះ​ការផ្លាស់ប្តូរ​ដែល​ព្រះយេស៊ូវគ្រីស្ទ​នាំមក​គឺ « ការ​ផ្លាស់ប្ដូរ​ដ៏​ធំ » ។១៩ ទ្រង់​ផ្លាស់ប្ដូរ​គ្រប់​ធម្មជាតិ​​យើង ហើយយើង​ក្លាយ​ជា « សត្វ​លោក​ថ្មី » ។២០ យើងប្រែ​ក្លាយ​បន្ដិច​ម្ដង​ៗកាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។

តើ​នរណា​មិន​ចង់​ឲ្យ​ការសន្យា​ទាំង​នេះ​បំពេញ​ក្នុង​ជីវិត​​ពួកគេ និង​ក្នុង​ក្រុមគ្រួសារ​ពួកគេ​នោះ ? តើ​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ការសន្យា​ទាំងនេះ ? ចម្លើយគឺថា ផ្លាស់ប្រែ​គេហដ្ឋាន​របស់​យើង​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ និង​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ ។ ហើយ​តើ​យើង​ធ្វើ​វា​ដោយ​របៀប​ណា ? គឺ​ដោយ​ការផ្ដោត​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ធ្វើ​ឲ្យ​ទ្រង់​ទាំង​ទ្វេ​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ជីវិត​គ្រួសារ​យើង ជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​គេហដ្ឋាន​​យើង ។

តើ​ខ្ញុំ​អាច​ផ្ដល់​យោបល់​ឲ្យ បងប្អូន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ព្រះគម្ពីរ មានចំណែក​ប្រចាំ​ថ្ងៃ​ក្នុងជីវិត​របស់​បងប្អូន​បាន​ទេ ? គ្មាន​រូបមន្ត​ណា​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ វា​អាច​ជា ៥ ឬ ១០ នាទី​ជា​រៀងរាល់​ថ្ងៃ—ឬ​ច្រើន​ជាង​នេះ បើ​បងប្អូន​អាច​ធ្វើ​បាន ។ វា​អាច​មួយ​ជំពូក ឬ​ពីរបី​ខ​ក្នុង​មួយ​ថ្ងៃ ។ គ្រួសារ​មួយ​ចំនួន​ចូលចិត្ត​សិក្សា​នៅ​ពេល​ព្រឹក មុន​ពេល​ពួកគេ​ចេញ​ទៅ​សាលា ឬ​ធ្វើ​ការ ។ អ្នក​ផ្សេង​ទៀត​ចូលចិត្ត​អាន​នៅ​ពេល​យប់​មុន​ពេល​ចូល​គេង ។ គូស្វាមី​ភរិយា​វ័យ​ក្មេង​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​សិក្សា​ផ្ទាល់​ខ្លួន​នៅតាម​ផ្លូវ​ទៅ​ធ្វើ​ការ ហើយ​បន្ទាប់​មក​ចែក​រំលែក​ការយល់ដឹង​ជាមួយ​គ្នា​តាម​​ការផ្ញើសារ ដូច្នេះ​មតិ​យោបល់ និង​ការពិភាក្សា​របស់​ពួកគេ​ត្រូវ​បាន​កត់ត្រា​ទុក ។

ចូរ​មក​តាម​ខ្ញុំ ផ្តល់​នូវ​យោបល់​ជាច្រើន​អំពី​សកម្មភាព និង​ធនធាន​ដែល​អាច​ជួយ​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ឲ្យ​រៀន​គោលការណ៍​ដំណឹងល្អ​ពី​ព្រះគម្ពីរ ។ វីដេអូ​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ក៏​អាច​ជា​ឧបករណ៍​ដ៏​មាន​តម្លៃ ដើម្បី​ក្រុមគ្រួសារ​កាន់​តែ​មាន​ភាពងាយស្រួល​ក្នុង​ការរៀន​ពី​ព្រះគម្ពីរ​ផងដែរ ។ ជា​ញឹកញាប់ យុវវ័យ និង​កុមារ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ដំណើររឿង​ដ៏​គួរ​ឲ្យ​ចងចាំ​នៅ​ក្នុង​ព្រះគម្ពីរ ។ ដំណើររឿង​ទាំង​នេះ ព្រមទាំង​គោលការណ៍​ដំណឹងល្អ ​ដែល​ដំណើររឿង​ទាំងនេះ​បង្រៀន នឹង​ដក់ជាប់​ជាមួយ​កូនៗ​​បងប្អូន ដូច​ជា​មិត្តជាទី​​ទុកចិត្ត នៅ​ពេល​ដែល​ពួកគេ​ត្រូវការ​គំរូ​ល្អៗ​នៃ​ការបម្រើ គុណធម៌ ការគោរព​ប្រតិបត្តិ ការអត់ធ្មត់ ការតស៊ូ វិវរណៈ​ផ្ទាល់​ខ្លួន សេចក្ដី​សប្បុរស ភាពរាបសា និង​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យូរៗ​ទៅ ភាព​ខ្ជាប់ខ្ជួន​របស់​បងប្អូន​ក្នុង​ការទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះ នឹង​ជួយ​ឲ្យ​កូនៗ​ខិតមកកាន់​តែ​ជិត​ព្រះអង្គ​សង្រ្គោះ ។ ពួកគេ​នឹង​មក​ស្គាល់​ទ្រង់ជាងពេលណាៗទាំងអស់ ។

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នៅ​សព្វ​ថ្ងៃ​នេះ ។ ទ្រង់​អាច​មាន​វត្តមាន​យ៉ាង​សកម្ម​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​យើង ។ ទ្រង់​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​បើក​ភ្នែក​ ហើយ​ផ្ដោត​មើល​ទៅ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា​ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។២១ កាលដែល​យើង​ផ្តោត​ទៅ​លើ​ទ្រង់ និង​ព្រះវរបិតា​ ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់​ទាំងទ្វេ ហើយ​ធ្វើ​ឲ្យ​ទ្រង់​​ក្លាយ​ជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​គេហដ្ឋាន និង​​គ្រួសារ​យើង នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ប្រធាន ណិលសុន បាន​មើល​ឃើញថា ៖ ​« មនុស្ស​ដែលមាន​សមត្ថភាព ដែល​ត្រៀម​ខ្លួន និង​​ស័ក្តិសម ដើម្បី​ទទួល​ព្រះអម្ចាស់ ពេល​ទ្រង់​យាង​មក​ម្តង​ទៀត ជា​បុគ្គល​ដែល​រើសយក​ព្រះយេស៊ូវ​គ្រីស្ទ​ ជាជាង​រើស​យក​ពិភពលោក​ដ៏​ធ្លាក់​នេះ ជា​បុគ្គល​ដែល​រីករាយ​នៅក្នុង​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ ដើម្បី​រស់នៅ​តាម​ក្រឹត្យ​វិន័យ​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ »។២២ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕