សន្និសីទទូទៅ
ព្យាការី​ដែល​នៅ​រស់​សម្រាប់​ថ្ងៃ​ចុង​ក្រោយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ព្យាការី​ដែល​នៅ​រស់​សម្រាប់​ថ្ងៃ​ចុង​ក្រោយ

ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រើសរើស​គន្លង​នៃ​ការបើក​សម្ដែង​សេចក្ដីពិត​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​តាមរយៈ​ព្យាការី ។

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ស្រឡាញ់​ថ្ងៃ​សៅរ៍ ពីព្រោះ​អ្វីៗ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃនោះ​ហាក់​ដូច​ជា​ដំណើរ​ផ្សងព្រេង​មួយ ។ ប៉ុន្តែ​មិន​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី​ក៏​ដោយ វា​តែងតែ​កើត​ឡើង​ក្រោយ​រឿង​ដ៏​សំខាន់​បំផុត​មួយ—គឺ​ការមើល​រឿង​គំនូរ​ជីវចល​នៅ​លើ​ទូរទស្សន៍ ។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​មួយ កាល​ខ្ញុំ​កំពុង​ឈរ​នៅក្បែរ​ទូរទស្សន៍ ហើយ​រក​មើល​ប៉ុស្តិ៍​តុកត្តា ខ្ញុំ​បាន​ឃើញ​ថា គំនូរ​ជីវចល​ដែល​ខ្ញុំ​រំពឹង​ថា​នឹង​មើល​នោះ គឺ​ត្រូវបាន​ជំនួស​ដោយ​ការចាក់ផ្សាយ​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ពេល​ខ្ញុំ​មើលទៅ​ទូរទស្សន៍ ហើយ​ត្អូញត្អែរ​ដែល​គ្មាន​រឿង​គំនូរ​ជីវចល​មើល​នោះ ខ្ញុំ​បាន​ឃើញ​បុរស​សក់‑ស​ម្នាក់​ពាក់​អាវ​ធំ និង​ចង​ក្រវ៉ាត់‑ក​អង្គុយ​នៅលើ​កៅអី​ដ៏​ស្រស់ស្អាត​មួយ ។

មាន​អ្វី​មួយ​ខុស​ពី​គេ​អំពី​លោក ដូច្នេះ​ខ្ញុំ​បាន​សួរ​បងប្រុស​ខ្ញុំ​ថា « តើ​បុរស​នោះ​ជា​នរណា ? »

គាត់​បាន​ឆ្លើយ​ថា « នោះ​គឺជា​ប្រធាន ដេវីឌ អូ មិកឃេ លោក​គឺជា​ព្យាការី » ។

ខ្ញុំ​ចាំ​ថា​មាន​អារម្មណ៍​អ្វី​មួយ ហើយ​ដោយ​មាន​អ្វី​ម្យ៉ាង​ឲ្យ​ដឹង​ថា​លោក​គឺ​ជា​ព្យាការី​មែន ។ បន្ទាប់មក ដោយសារ​ខ្ញុំ​ជា​ក្មេង​ដែល​ចូលចិត្ត​មើល​រឿង​គំនូរ​ជីវចល​យ៉ាងខ្លាំង នោះ​ខ្ញុំ​បាន​ប្តូរ​ប៉ុស្តិ៍ ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​ភ្លេច​ពី​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន​ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​ដែល​មិន​បាន​រំពឹង​ទុក​នោះ​ទេ ។ ពេល​ខ្លះ​វា​ត្រូវចំណាយ​ពេល​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ដើម្បី​ដឹង​ថា លោក​ជា​ព្យាការី ។

ការដឹង​ដោយ​វិវរណៈ​ថា​មាន​ព្យាការី​ដែល​នៅរស់​ម្នាក់​លើ​ផែនដី​នេះ ផ្លាស់ប្ដូរ​អ្វីៗ​ទាំងអស់ ។ វាធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មិន​ចាំ​បាច់​ត្រូវ​ជជែក​វែកញែក​ថា តើ​ពេល​ណា​ដែល​ព្យាការី​មាន​ប្រសាសន៍​ក្នុង​នាម​ជា​ព្យាការី ឬ​ថា តើ​មនុស្ស​ម្នាក់​រាប់​ជា​សុចរិត​ដែរ​ឬ​ទេ​បើ​ជ្រើសរើស​​បដិសេធ​ចំពោះ​ដំបូន្មាន​របស់​ព្យាការី ។ ចំណេះដឹង​ដែល​បាន​បើក​សម្ដែង​បែបនេះ អញ្ជើញ​មនុស្ស​ម្នាក់​ឲ្យ​ទុកចិត្ត​លើ​ដំបូន្មាន​របស់​ព្យាការី​ដែល​នៅរស់ ទោះបីជា​យើង​មិន​យល់ពី​ដំបូន្មាន​នោះ​បាន​ពេញលេញ​ក៏​ដោយ ។ នៅ​ទី​បំផុត ព្រះវរបិតា​ដ៏ល្អ​ឥតខ្ចោះ និង​ជាទី​ស្រឡាញ់​ដែល​គង់នៅ​ស្ថានសួគ៌​បាន​ជ្រើសរើស​លំនាំ​នៃ​ការបើក​បង្ហាញ​សេចក្ដីពិត​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​តាមរយៈ​ព្យាការី ជា​បុគ្គល​ម្នាក់​ដែល​មិន​ដែល​ចង់បាន​ការហៅ​ដ៏​ពិសិដ្ឋ​បែបនេះ ហើយ​ដែល​មិន​ត្រូវការ​ជំនួយ​របស់​យើង​ដើម្បី​ដឹង​ពី​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​លោក​ឡើយ ។ ព្យាការី​គឺជា​មនុស្ស​ម្នាក់​ដែល​ព្រះ​បាន​រៀបចំ បាន​ហៅ បាន​កែ​តម្រូវ បាន​បំផុស​គំនិត បាន​បន្ទោស បាន​បន្សុទ្ធ និង​បាន​គាំទ្រ​ដោយ​ផ្ទាល់ ។ នោះ​គឺជា​មូលហេតុ​ដែល​យើង​មិន​ដែល​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ឡើយ ពេល​យើង​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ។

មិន​ថា​យើង​ចូលចិត្ត ឬ​មិន​ចូលចិត្ត​ទេ យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ជ្រើសរើស​តាម​របៀប​ណាមួយ​នៅ​ក្នុង​ជីវិត​មុន​ផែនដី​នេះ ដើម្បី​បាន​កើត​នៅ​ជំនាន់​ចុងក្រោយ​នេះ ។ មាន​ការពិត​ចំនួន​ពីរ​ដែល​ទាក់ទង​នឹង​ជំនាន់​ចុងក្រោយ​នេះ ។ ការពិត​ទីមួយ​គឺ​ថា សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នឹង​ត្រូវបាន​ស្តារ​ឡើងវិញ​នៅលើ​ផែនដី​នេះ​ម្ដង​ទៀត ។ ការពិត​ទីពីរ​គឺ​ថា អ្វីៗ​នឹង​មាន​ការលំបាក​ខ្លាំង​ណាស់ ។ ព្រះគម្ពីរ​បើក​សម្ដែង​ថា នៅ​ថ្ងៃ​ចុងក្រោយ​នឹង​មាន « ព្យុះព្រិល​ដ៏ធំ​ចាត់ឲ្យ​មក​បំផ្លាញ​ដំណាំ​នៃ​ផែនដី » គ្រោះ​អាសន្ន សង្គ្រាម និង​ពាក្យ​ចចាម​អារ៉ាម​អំពី​សង្គ្រាម ហើយ​ផែនដី​ទាំងមូល​នឹង​នៅ​ក្នុង​ស្ថានភាព​ចលាចល … រី​ឯ​សេចក្ដី​ទុច្ចរិត​នឹង​ចម្រើន​ជា​ច្រើន​ឡើង​វិញ » ។

កាល​ខ្ញុំ​នៅក្មេង ការព្យាករ​ទាំងនោះ​អំពី​ថ្ងៃ​ចុងក្រោយ​បាន​ធ្វើឲ្យ​ខ្ញុំ​ភ័យខ្លាច ហើយ​បណ្ដាល​ឲ្យ​ខ្ញុំ​អធិស្ឋាន​ថា សូម​ឲ្យ​ការយាង​មក​ជា​លើក​ទី​ពីរ​នឹង​មិន​កើតឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ— មក​ទល់​ពេលនេះ​វា​ដូច​បាន​ជោគជ័យ​ខ្លះៗ​ហើយ ។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​អធិស្ឋាន​សូម​ផ្ទុយ​ពីមុន​ទៅវិញ ទោះបីជា​ឧបសគ្គ​ដែល​បាន​ព្យាករ​ទាំងនោះ​ប្រាកដ​ជា​នឹង​កើតឡើង​ក៏​ដោយ១០ ព្រោះ​នៅពេល​ដែល​ព្រះគ្រីស្ទ​យាង​ត្រឡប់​មក​សោយរាជ្យ​វិញ នោះ​ការបង្ក​បង្កើត​របស់​ទ្រង់​ទាំងអស់​នឹង « បាន​ដេក​ទៅ​ដោយ​សុខសាន្ដ » ។១១

ស្ថានភាព​បច្ចុប្បន្ន​នៅលើ​ពិភពលោក​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​តក់ស្លុត ។ ក្នុង​នាម​ជា​កូនចៅ​ក្នុង​សេចក្តីសញ្ញា​របស់​ព្រះ យើង​មិន​ចាំបាច់​ដេញ​តាម​រឿង​នេះ​ទេ ឬ​ស្វាត់ស្វែង​រក​មធ្យោបាយ​ដើម្បី​ឆ្លងកាត់​គ្រា​ដែល​មាន​បញ្ហា​ទាំង​នេះ​នោះ​ទេ ។ យើង​មិន​ត្រូវ​ខ្លាច​ឡើយ ។១២ គោលលទ្ធិ និង​គោលការណ៍​ដែល​យើង​ត្រូវ​ធ្វើតាម​ដើម្បី​រស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ ហើយ​ស៊ូទ្រាំ​ខាង​សាច់ឈាម​នោះ គឺ​មាន​នៅក្នុង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ។១៣ នោះ​គឺ​ជា​មូលហេតុ​ដែល​ប្រធាន អិម រ័សុល បាឡឺដ បាន​ប្រកាស​ថា « វា​មិនមែន​ជា​រឿង​តូចតាច​ទេ … ដែល​យើង​មាន​ព្យាការី​នៃ​ព្រះ​នៅ​ក្នុង​ចំណោម​យើង​នោះ » ។១៤

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ទីបន្ទាល់​ថា « គំរូ​របស់​ព្រះ​ដែល​បាន​បង្កើត​ជា​យូរ​មក​ហើយ​ស្ដីពី​ការបង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់​តាមរយៈ​ព្យាការី ធានា​ដល់​យើង​ថា ទ្រង់​នឹង​ប្រទានពរ​ដល់​ព្យាការី​ម្នាក់ៗ ហើយ​ថា​ទ្រង់​នឹង​ប្រទានពរ​ដល់​អ្នក​ដែល​បាន​ស្ដាប់​តាម​ដំបូន្មាន​របស់​ព្យាការី​ផងដែរ » ។១៥ ដូច្នេះ គន្លឹះ​គឺ​ការធ្វើតាម​ព្យាការី​ដែល​នៅរស់ ។១៦ បងប្អូន​ប្រុស​ស្រី មិន​ដូចជា​សៀវភៅ​កំប្លែង​ជំនាន់​ដើម និង​រថយន្ត​បុរាណ​ទេ ការបង្រៀន​របស់​ព្យាការី​មិន​កាន់តែ​មាន​តម្លៃ​ទៅតាម​អាយុកាល​វា​ឡើយ ។ នោះ​ជា​មូលហេតុ​ដែល​យើង​មិន​គួរ​ព្យាយាម​ប្រើ​ពាក្យសម្ដី​របស់​ព្យាការី​ពីមុន ដើម្បី​ច្រានចោល​ការបង្រៀន​របស់​ព្យាការី​ដែល​កំពុង​នៅរស់​នោះ​ទេ ។១៧

ខ្ញុំ​ស្រឡាញ់​រឿង​ប្រៀប​ប្រដូច​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ ដើម្បី​បង្រៀន​គោលការណ៍​ដំណឹងល្អ ។ ខ្ញុំ​សូម​ចែកចាយ​រឿង​ប្រៀប​ប្រដូច​មួយ​មកពី​ជីវិត​ពិត​ជាក់ស្ដែង​ជាមួយ​នឹង​បងប្អូន​នៅ​ព្រឹក​នេះ ។

ថ្ងៃ​មួយ ខ្ញុំ​បាន​ដើរ​ចូល​ទៅក្នុង​កង់ទីន​នៅឯ​ទីស្នាក់ការ​កណ្តាល​សាសនាចក្រ ដើម្បី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ។ បន្ទាប់ពី​ទទួល​បាន​អាហារ​មួយ​ថាស​ហើយ ខ្ញុំ​បាន​ដើរ​ចូលទៅ​កន្លែង​បរិភោគ​អាហារ ហើយ​បាន​កត់​សម្គាល់​ឃើញ​តុ​មួយ​ដែល​សមាជិក​ទាំង​បី​រូប​នៃ​គណៈប្រធាន​ទីមួយ​បាន​អង្គុយ ហើយ​មាន​កៅអី​មួយ​នៅ​ទំនេរ ។ ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុងចិត្ត ខ្ញុំ​ក៏​បាន​ដើរ​វាង​ចេញពី​តុ​នោះ​ភ្លាម ហើយ​បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​ព្យាការី​របស់​យើង​គឺ ប្រធាន រ័សុល អិម ណិលសុន និយាយ​ថា « អាឡែន មាន​កៅអី​ទំនេរ​មួយ​នៅ​ត្រង់​នេះ ។ មក​អង្គុយ​ជាមួយ​យើង​មក » ។ ហើយ​ខ្ញុំ​ក៏បាន​ទៅ​អង្គុយ ។

នៅ​ជិត​ចុងបញ្ចប់​នៃ​អាហារ​ថ្ងៃ​ត្រង់​នោះ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​បាន​ឮ​សំឡេង​ប្រឹបៗ​យ៉ាង​ខ្លាំង​មួយ ហើយ​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឃើញ​ថា ប្រធាន ណិលសុន បាន​ដាក់​បញ្ឈរ​ដបទឹក​ផ្លាស្ទិច​របស់​លោក ហើយ​បន្ទាប់​មក សង្កត់​ដបទឹក​នោះ​ឡើង​រាប ហើយ​បិទ​គម្រប​មក​វិញ ។

បន្ទាប់​មក ប្រធាន ដាល្លិន អេក អូក បាន​សួរ​សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​ថា « ប្រធាន ណិលសុន ហេតុអ្វី​លោក​សង្កត់​ដបទឹក​ផ្លាស្ទិច​លោក​ឡើង​រាប​យ៉ាង​ដូច្នេះ ? »

លោក​បាន​ឆ្លើយ​ថា « វា​ងាយស្រួល​ជាង​សម្រាប់​អ្នក​ដែល​ប្រមូល​សម្រាម​កែច្នៃ​ឡើងវិញ​នេះ ព្រោះ​វា​មិន​ខាត​កន្លែង​ច្រើន​នៅ​ក្នុង​ធុង​សម្រាម​កែច្នៃ » ។

ខណៈ​កំពុង​ពិចារណា​ពី​ចម្លើយ​នោះ ខ្ញុំ​បាន​ឮ​សំឡេង​ប្រឹបៗ​ដូចគ្នា​នោះ​ម្តងទៀត ។ ខ្ញុំ​បាន​មើល​ទៅ​ខាងស្តាំ​ដៃ​ខ្ញុំ ហើយ​ឃើញ​ប្រធាន អូក សង្កត់​ដបទឹក​ផ្លាស្ទិច​របស់​លោក​ដូចជា​ប្រធាន ណិលសុន ដែរ ។ បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​ប្រឹបៗ​នោះ​នៅ​ខាង​ឆ្វេងដៃ​ខ្ញុំ ហើយ​ប្រធាន ហែនរី ប៊ី អាវរិង កំពុង​សង្កត់​ដបទឹក​ផ្លាស្ទិច​របស់​លោក​ឲ្យ​រាប​ដែរ តែ​លោក​ប្រើ​យុទ្ធសាស្ដ្រ​ផ្សេង ដោយ​ការសង្កត់​ដបទឹក​នោះ​ផ្ដេក​វិញ ដែល​វា​ត្រូវ​ចំណាយ​កម្លាំង​ខ្លាំង​ជាង​ពេល​ដាក់​ដបទឹក​បញ្ឈរ​ហើយ​សង្កត់ ។ ពេល​ឃើញ​ពិបាក​បែបនេះ ប្រធាន ណិលសុន បាន​បង្ហាញ​លោក​យ៉ាង​គួរសម​ពី​វិធី​សង្កត់​ដបទឹក​ឲ្យរាប​ដោយ​ដាក់​បញ្ឈរ ដើម្បី​ងាយស្រួល​ក្នុង​ការសង្កត់​ដប​ទឹក​នោះ​ជាង ។

មកដល់​ត្រង់​នេះ ខ្ញុំ​បាន​ផ្អៀង​ទៅរក​ប្រធាន អូក ហើយ​បាន​សួរ​ដោយ​ស្ងាត់ៗ​ថា « តើ​ការសង្កត់​ដបទឹក​ផ្លាស្ទិច​ហ្នឹង​គឺជា​កិច្ចតម្រូវ​ថ្មី​ដើម្បី​កែច្នៃ​ឡើងវិញ​នៅក្នុង​កង់ទីន​ឬ ? »

ប្រធាន អូក បាន​ឆ្លើយតប​ដោយ​មាន​ស្នាម​ញញឹម​នៅលើ​ទឹកមុខ​របស់​លោក​ថា « មែនហើយ អាឡែន ប្អូន​ត្រូវ​ធ្វើតាម​ព្យាការី » ។

ខ្ញុំ​ជឿ​ជាក់​ថា ប្រធាន ណិលសុន មិន​បាន​ប្រកាស​ពី​គោលលទ្ធិ​កែច្នៃ​ឡើងវិញ​ថ្មី​នេះ​នៅ​កង់ទីន​នៅ​ថ្ងៃនោះ​ទេ ។ ប៉ុន្តែ យើង​អាច​រៀន​មក​ពី​ការឆ្លើយតប​ភ្លាមៗ១៨ របស់​ប្រធាន អូក និង​ប្រធាន អាវរិង ទៅកាន់​គំរូ​របស់​ប្រធាន ណិលសុន និង​ការយក​ចិត្ត​ទុកដាក់​របស់​ប្រធាន ណិលសុន ក្នុង​ការជួយ​បង្រៀន​អ្នក​ដែល​ពាក់ព័ន្ធ​នូវ​វិធី​ដ៏​ល្អ​ប្រសើរ​មួយ ។១៩

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ចែក​រំលែក​ការសង្កេត​ឃើញ​មួយ​ចំនួន ដែល​ទាក់ទង​នឹង​ព្យាការី​នៅក្នុង​ស្ថានភាព​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ ៖

« នៅ​ប៉ុន្មាន​ខែ និង​ឆ្នាំ​ខាងមុខ​ទៀត ព្រឹត្តិការណ៍​នានា​ទំនងជា​នឹង​តម្រូវ​ឲ្យ​សមាជិក​ម្នាក់ៗ​សម្រេច​ចិត្ត​ថា តើ​គាត់ [ ឬ​នាង ] នឹង​ធ្វើតាម​គណៈប្រធាន​ទីមួយ​ដែរ​ឬទេ ។ សមាជិក​ទាំងឡាយ​នឹង​មាន​ការលំបាក​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ជ្រើសរើស​ថា​ត្រូវ​ធ្វើតាម​គណៈប្រធាន​ទីមួយ​ដែរ​ឬអត់ ។ …

« … ចូរ​យើង​បន្សល់​ទុក​កំណត់ត្រា​មួយ ដើម្បី​ឲ្យ​ជម្រើស​ទាំងឡាយ​មាន​ភាពច្បាស់លាស់ ដោយ​ទុកឲ្យ​អ្នកដទៃ​ធ្វើ​តាម​ចិត្ត​ដែល​ពួកគេ​ចង់ នៅពេល​ទទួល​បាន​ដំបូន្មាន​របស់​ព្យាការី ។ …

ព្រះយេស៊ូវ​មាន​បន្ទូល​ថា នៅពេល​ដែល​ដើមល្វា​មាន​ស្លឹក​ប៉ិច​ឡើង នោះ ‹ រដូវ​ក្ដៅ​ជិត​ដល់​ហើយ › ។ … ដូច្នេះ ដោយ​បាន​ព្រមាន​ថា រដូវ​ក្តៅ​គឺ​មក​ដល់​ហើយ សូម​កុំ​ឲ្យ​យើង​ត្អូញត្អែរ​អំពី​កម្ដៅ​ថ្ងៃ​ដែល​ក្ដៅ​នោះ​ឡើយ ! »២០

ជំនាន់​ដែល​កំពុង​ពេញវ័យ​កំពុង​ធំឡើង​នៅ​សម័យ​មួយ ដែល​មាន​ស្លឹក​ល្វា​ច្រើន ហើយ​ថ្ងៃ​ក៏​កាន់តែ​ក្ដៅ​ឡើង​ដែរ ។ តថភាព​បែបនោះ​ដាក់​ការទទួល​ខុសត្រូវ​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​មជ្ឈិមវ័យ​ជាច្រើន ជាពិសេស​នៅពេល​ដែល​វា​ទាក់ទង​នឹង​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ។ នៅពេល​ឪពុក​ម្ដាយ​មិន​អើពើ​នឹង​ដំបូន្មាន​របស់​ព្យាការី​នៅរស់ នោះ​ពួកគេ​មិន​ត្រឹមតែ​បាត់បង់​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្រៀន​កូនៗ​របស់​ពួកគេ​កាន់តែ​សោកសៅ​ថា អ្វី​ដែល​ព្យាការី​និយាយ​គឺ​មិន​សំខាន់ ឬ​ថា​យើង​អាច​រើសយក​អ្វី​ដែល​យើង​ចង់​ធ្វើតាម​មកពី​ដំបូន្មាន​របស់​ព្យាការី​បាន ហើយ​បោះចោល​អ្វី​ដែល​យើង​មិន​ចង់​ធ្វើតាម ដោយ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​លទ្ធផល​នៃ​ការខ្វះ​អាហារូបត្ថម្ភ​ខាង​វិញ្ញាណ​ឡើយ ។

អែលឌើរ រីឆាដ អិល អេវិនស៍ ធ្លាប់​បាន​សង្កេត​ឃើញ ៖ « ឪពុក​ម្ដាយ​មួយ​ចំនួន​គិត​ខុសឆ្គង​ថា ពួកគេ​អាច​សម្រាក​បន្តិច​សិន​ចំពោះ​ការប្រព្រឹត្ត និង​ការធ្វើតាម​នោះ … ថា​ពួកគេ​អាច​បន្ថយ​ទម្ងន់​បន្តិច​លើ​មូលដ្ឋាន​គ្រឹះ ហើយ​វា​មិន​ប៉ះពាល់​ដល់​គ្រួសារ​របស់​ពួកគេ ឬ​អនាគត​របស់​គ្រួសារ​ពួកគេ​ឡើយ ។ ប៉ុន្តែ បើ​ឪពុក​ម្តាយ​វង្វេង​ចេញពី​គោលការណ៍ និង​ការបង្រៀន​ដំណឹង​បន្ដិច​ហើយ នោះ​កូនៗ​ទំនង​ជា​វង្វេង​ខ្លាំង​ជាង​ឪពុក​ម្ដាយ​របស់​ពួកគេ​ទៅទៀត » ។២១

ក្នុង​នាម​ជា​ជំនាន់​មួយ​ដែល​មាន​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ ដើម្បី​រៀបចំ​ជំនាន់​ដែល​កំពុង​ពេញវ័យ សម្រាប់​តួនាទី​ដែល​បាន​ព្យាករ​មក​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ២២ហើយ​តួនាទី​នេះ​ត្រូវ​តែ​បំពេញ​នៅក្នុង​គ្រា​មួយ ដែល​ពួកមារ​សត្រូវ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត២៣នោះ​យើង​មិន​អាច​ជា​ប្រភព​ច្របូក​ច្របល់​មួយ​អំពី​សារៈសំខាន់​នៃ​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​បាន​ទេ ។ គឺ​ដំបូន្មាន​នោះ​ឯង​ដែល​នឹង​អនុញ្ញាត​ឲ្យ​ជំនាន់​ដែល​កំពុង​ពេញវ័យ​នេះ​មើល​ឃើញ « ខ្មាំង​សត្រូវ [តាំងពី ] នៅពេល​វា​នៅ​ឆ្ងាយ​ម្ល៉េះ ហើយ​ខណៈ​នោះ [ ពួកគេ​អាច​បាន ] ប្រុងប្រៀប​ខ្លួន » ដើម្បី​តទល់​នឹង​ការវាយប្រហារ​របស់​ពួកខ្មាំង​សត្រូវ ។២៤ ការវៀចវេរ​ដ៏​តូចតាច ការធ្វេស​ប្រហែស​ដោយ​ស្ងៀមស្ងាត់ ឬ​ការរិះគន់​ខ្សឹបៗ​ទៅ​នឹង​ដំបូន្មាន​របស់​ព្យាការី​យើង​មើល​ទៅ​ហាក់​ដូចជា​មិន​អី​ទេ តែ​វា​អាច​នាំ​ឲ្យ​យើង​ដើរ​ដោយ​គ្រោះថ្នាក់​នៅ​ជិត​គែម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​បាន ហើយ​នៅពេល​ពួកមារ​សត្រូវ​នៅក្នុង​ជីវិត​របស់​ពួក​ជំនាន់​ពេញវ័យ​តម្កើង​ឥទ្ធិពល​នៃ​សកម្មភាព​បែបនេះ​ឡើង នោះ​វា​អាច​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ពួកគេ ឲ្យ​ពួកគេ​ចាកចេញ​ពី​ផ្លូវ​នោះ​ទាំងស្រុង​តែម្ដង ។ ឥទ្ធិពល​អវិជ្ជមាន​បែបនេះ​នឹង​មាន​ខ្លាំង​ណាស់ ហើយ​វា​នឹង​កើត​មាន​ដល់​មនុស្ស​ជំនាន់​ក្រោយ ។២៥

បងប្អូន​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា បងប្អូន​បាន​ខកខាន​ក្នុង​កិច្ច​ខិតខំ​របស់​បងប្អូន​ដើម្បី​ធ្វើតាម​ដំបូន្មាន​របស់​ប្រធាន រ័សុល អិម ណិលសុន ។ ប្រសិនបើ​វា​ពិត​មែន​នោះ សូម​ប្រែចិត្ត ហើយ​ចាប់ផ្ដើម​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​ដ៏​ជម្រើស​របស់​ព្រះ​ម្ដងទៀត ។ សូម​ចោល​នូវ​ការរំខាន​នៃ​រឿង​គំនូរ​ជីវចល​កុមារ ហើយ​ទុកចិត្ត​លើ​អ្នកបាន​ចាក់​ប្រេង​តាំង​របស់​ព្រះអម្ចាស់​វិញ ។ សូម​អរ​រីករាយ ព្រោះ​ជាថ្មី​ម្តងទៀត « មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន » ។២៦

ទោះបីជា​បងប្អូន​មិន​ច្បាស់​ចិត្ត​ក៏​ដោយ ក៏​ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា យើង​អាច​ទប់ទល់​នឹង​កម្ដៅ​ថ្ងៃ​នៃ​ជំនាន់​ចុងក្រោយ​បាន​ ហើយ​ថែមទាំង​រីកចម្រើន​នៅក្នុង​កម្ដៅ​នោះ​ទៀត​ផង ។ យើង​គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​នេះ​គឺជា​ជំនាន់​ដ៏​អស្ចារ្យ ។ យើង​អន្ទះសា​ចង់​មកកាន់​ផែនដី​នេះ​នៅពេល​នេះ ដោយ​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​មិន​ត្រូវ​ទុកចោល​ឲ្យ​ជំពប់​ដួល នៅពេល​ប្រឈម​មុខ​នឹង​អ័ព្ទ​ដែល​កាន់តែ​ងងឹត និង​ច្របូក​ច្របល់​របស់​ពួកមារ​សត្រូវ​នោះ​ទេ២៧ ប៉ុន្តែ​យើង​ត្រូវ​ស្ដាប់តាម​ដំបូន្មាន និង​ការណែនាំ​មកពី​លោក ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​និយាយ​មកកាន់​យើង និង​ពិភពលោក​ទាំងមូល​ថា « ព្រះអម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ » ។២៨ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្យាការី​ដែល​ព្រះ​បាន​តម្កើង​ឡើង ជា​ព្រះ​ដ៏បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល២៩គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. នាពេល​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​និស្សិត​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ឲ្យ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ដូចគ្នា​នេះ ៖ « សូម​ទូលសួរ​ព្រះវរបិតា​សួគ៌​របស់​ក្មួយៗ ប្រសិនបើ​យើង​ពិតជា​សាវក និង​ព្យាការី​របស់​ព្រះអម្ចាស់​ពិត​មែន ។ សូម​ទូលសួរ​ថា តើ​យើង​បាន​ទទួល​វិវរណៈ​ស្ដីពី​បញ្ហា​នេះ និង​បញ្ហា​ផ្សេងទៀត​ដែរ​ឬទេ » ( « T“The Love and Laws of God » [ Brigham Young University devotional ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] នៅលើ​គេហទំព័រ speeches.byu.edu ) ។ សូមមើល​ផងដែរ នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦ ៖ « ក្នុងនាមជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ឯកសិទ្ធិ​ដើម្បី​ទទួល​សាក្សី​ផ្ទាល់ខ្លួន​ថា ការហៅ​របស់​ប្រធាន ណិលសុន គឺ​មកពី​ព្រះ » ។ ដំណើររឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​មកពី​ការស្ដាប់ឮ​ព្យាការី​អ័ប៊ីណាដៃ ផ្ដល់​ជា​ភស្តុតាង​បន្ថែម​ទៀត​ថា វិវរណៈ​ទាក់ទង​នឹង​ព្យាការី​គឺ​មាន​សម្រាប់​យើង​ទាំងអស់​គ្នា ( សូមមើល ម៉ូសាយ ១៣:៥; ១៧:២ ) ។

  2. « យើង​មាន​ជម្រើស​តែ​ពីរ​ទេ យើង​មាន​ព្យាការី ឬ​យើង​គ្មាន​អ្វី​សោះ ហើយ​ការមាន​ព្យាការី​នាំឲ្យ​យើង​មាន​អ្វីៗ​គ្រប់យ៉ាង » ( ហ្គរដុន ប៊ី ហ៊ិងគ្លី « We Thank Thee, O God, for a Prophet » Ensign ខែ មករា ឆ្នាំ ១៩៧៤ ទំព័រ ១២២ ) ។

  3. « ពួកគេ​បាន​ចាប់ផ្ដើម​មិន​ជឿ​វិញ្ញាណ​នៃ​ការព្យាករ និង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​សេចក្ដី​ជំនុំ​ជម្រះ​ទាំងឡាយ​នៃ​ព្រះ បាន​សម្លឹង​មើល​គេ​ចំ​ពីមុខ » ( ហេលេមិន ៤:២៣; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២៥ ) ។ « យើង​ច្រៀង និង​បាន​ធ្វើ​ដូច្នោះ​ដោយ​ឥត​ឈប់ឈរ ‹ យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី ដែល​នាំ​យើង​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ › ។ មាន​មនុស្ស​ជាច្រើន​ខ្លាំង​ដែល [ គួរតែ ] បន្ថែម​ឃ្លា​បន្ដ​មួយ​ទៅ​បទចម្រៀង​នេះ ហើយ​ច្រៀង​ថា ៖ ‹ សូម​លោក​នាំ​យើង​ឲ្យសម​នឹង​ការស្រមើ​ស្រមៃ​របស់​យើង​ផ្ទាល់ និង​ការនឹកគិត​ភ្លាមៗ​របស់​យើង​ផ្ទាល់ › » ( Teachings of Presidents of the Church: Heber J. Grant [ ឆ្នាំ ២០០២ ] ទំព័រ ៨០ ) ។

  4. « ពេលខ្លះ យើង​នឹង​ទទួល​បាន​ដំបូន្មាន​ដែល​យើង​មិន​អាច​យល់​បាន ឬ​ដំបូន្មាន​ដែល​ហាក់​ដូចជា​មិន​អនុវត្ត​ចំពោះ​យើង​ទេ សូម្បីតែ​ក្រោយពី​ការអធិស្ឋាន និង​ការគិតគូរ​ដោយ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ ។ សូម​កុំ​បោះបង់​ដំបូន្មាន​នោះ​ចោល​ឡើយ តែ​សូម​គិតដល់​វា​ឲ្យបាន​ញឹកញាប់ ។ ប្រសិនបើ​នរណាម្នាក់​ដែល​បងប្អូន​ទុកចិត្ត​ប្រគល់​ឲ្យ​បងប្អូន​នូវ​អ្វី​ដែល​ហាក់​ដូចជា​គ្មាន​អ្វី​សោះ​ក្រៅពី​ខ្សាច់ ដោយ​សន្យា​ថា វា​មាន​មាស​នៅក្នុង​ហ្នឹង​នោះ បងប្អូន​អាច​កាន់​វា​ឲ្យ​ជាប់​ដោយ​ឈ្លាសវៃ​ទុក​នៅក្នុង​ដៃ​របស់​បងប្អូន​មួយ​រយៈ​សិន ហើយ​រែង​វា​ដោយ​ថ្នមៗ ។ រាល់ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​បែបនោះ​ជាមួយ​នឹង​ដំបូន្មាន​មកពី​ព្យាការី មួយ​រយៈពេល​ក្រោយ​មក មាស​សន្លឹក​ស្ដើងៗ​បាន​ចាប់ផ្ដើម​លេចឡើង ហើយ​ខ្ញុំ​មាន​អំណរគុណ​ក្រៃលែង » ( ហែនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៦; សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ១:១៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៤ ) ។

  5. សូមមើល នីហ្វៃ​ទី​២ ៤:១៧–១៨ ។ « ចូរ​កុំ​ថ្កោលទោស​ខ្ញុំ ពីព្រោះ​មកពី​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​ខ្ញុំ ឬ​ក៏​ឪពុក​ខ្ញុំ ពីព្រោះ​មកពី​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​លោក ឬ​ក៏​ពួក​អ្នក​ដែល​បាន​សរសេរ​មុន​ឪពុក​ខ្ញុំ​ឡើយ ប៉ុន្តែ​ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះ​វិញ ដែល​ទ្រង់​បាន​សម្ដែង​ឲ្យ​អ្នក​ឃើញ​នូវ​ការឆ្គាំឆ្គង​របស់​ពួកយើង ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​រៀន​ឲ្យ​មាន​ប្រាជ្ញា​ជាង​យើង​ទៅ​ទៀត » ( មរមន ៩:៣១ ) ។

  6. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៦–៨; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤៧ ។

  7. គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៦ ។

  8. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៩៧; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៦ ។

  9. គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២៦, ២៧ ។

  10. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ ។

  11. ហូសេ ២:១៨ ។ « ដ្បិត​យើង​នឹង​សម្ដែង​ខ្លួន​ឲ្យ​ឃើញ​ពី​ស្ថានសួគ៌​ដោយ​ព្រះចេស្ដា និង​សិរីល្អ​ដ៏ធំ ដោយ​អស់​ទាំង​ពួកពល​បរិវារ​ពី​ស្ថានសួគ៌ ហើយ​នឹង​ស្ថិត​នៅក្នុង​សេចក្ដី​សុចរិត ជាមួយ​មនុស្ស​លោក នៅលើ​ផែនដី​អស់​មួយ​ពាន់​ឆ្នាំ ហើយ​ពួក​ទុច្ចរិត​នឹង​ពុំ​ឈរ​មាំមួន​ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១១ ) ។

  12. សូមមើល នីហ្វៃ​ទី​១ ២២:១៦–១៧;សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២៣ ។

  13. « ដ្បិត​មើលចុះ ពួកគេ​បាន​បដិសេធ​នូវ​ពាក្យ​ទាំងឡាយ​នៃ​ពួក​ព្យាការី ។ ហេតុ​ដូច្នោះ​ហើយ បើសិនជា​ឪពុក​ខ្ញុំ​សុខចិត្ត​អាស្រ័យ​នៅលើ​ដែនដី​នេះ​តទៅ​ទៀត ក្រោយពី​ព្រះ​បាន​បញ្ជា​ឲ្យ​រត់​ចេញ​នោះ មើលចុះ លោក​ក៏​នឹង​ត្រូវ​វិនាស​ដែរ » ( នីហ្វៃ​ទី​១ ៣:១៨; សូមមើល​ផងដែរ នីហ្វៃ​ទី​២ ២៦:៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:៥ ) ។

  14. អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៦៥ ។

  15. រ័សុល អិម ណិលសុន « Ask, Seek, Knock » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨២ ។ « គ្មាន​មនុស្ស​ណា​អាច​សប្បាយ​រីករាយ​ជាង​ការគោរព​តាម​ដំបូន្មាន​របស់​ព្យាការី​ដែល​នៅរស់​នោះ​ទេ » ( The Teachings of Lorenzo Snow បាន​កែសម្រួល​ដោយ Clyde J. Williams [ ឆ្នាំ ១៩៩៦ ] ទំព័រ ៨៦ ) ។

  16. « សូម​មើលទៅ​អស់​អ្នក​ដែល​ធ្វើជា​អធិបតី​នៅក្នុង​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ហើយ​រៀប​លំនាំ​ជីវិត​របស់​បងប្អូន​តាម​ពួកលោក ជាជាង​ធ្វើតាម​របៀប​ដែល​ព្យាការី​ពី​បុរាណ​អាច​មាន​រូបរាង ឬ​គិត ឬ​និយាយ » ( The Teachings of Harold B. Lee​[ ឆ្នាំ​១៩៩៦ ]ទំព័រ ៥២៥ ) ។

  17. ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ធ្លាប់​បាន​សង្កេត​ឃើញ​ថា « អស់​អ្នក​ដែល​បាន​បោស​សម្អាត​ផ្នូរ​របស់​ព្យាការី​ដែល​បាន​ទទួល​មរណភាព​ទៅហើយ ឥឡូវ​ចាប់ផ្តើម​ចោល​ថ្ម​លើ​ព្យាការី​ដែល​នៅរស់ » ( The Teachings of Spencer W. Kimball បាន​កែសម្រួល​ដោយ Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ៤៦២ ) ។ « ពាក្យ​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ស្ដាប់​ឮ ជញ្ជឹងគិត និង​ធ្វើតាម គឺជា​ពាក្យ​ដែល​បាន​បើក​បង្ហាញ​តាមរយៈ​ព្យាការី​នៅរស់​របស់​យើង » ( រ៉ូណល អេ រ៉ាសបាន « The Things of My Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៤០ ) ។

  18. « នៅពេល​យើង​ស្ដាប់​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់ ដែល​បង្ហាញ​តាមរយៈ​ពាក្យសម្ដី​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការឆ្លើយតប​របស់​យើង​គួរតែ​ធ្វើឡើង​ដោយ​វិជ្ជមាន និង​ឲ្យ​បាន​ឆាប់ » ( អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៦៥ ) ។

  19. « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តែងតែ​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី និង​ពួកសាវក​ដែល​កំពុង​រស់នៅ ។ ទោះបី​ពួកលោក​មាន​ជីវិត​រមែង​ស្លាប់ ហើយ​មិន​ឥតខ្ចោះ​ក្ដី ក៏​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ត្រូវបាន​បំផុស​ឲ្យ​ជួយ​យើង​ចៀសវាង​ពី​ឧបសគ្គ​ទាំងឡាយ ដែល​ជា​ការគំរាម​កំហែង​ដល់​ជីវិត​ខាង​វិញ្ញាណ ហើយ​ជួយ​យើង​ឲ្យ​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​ដោយ​សុវត្ថិភាព ទៅកាន់​ទិសដៅ​សួគ៌ា​ចុងក្រោយ ហើយ​ខ្ពស់​បំផុត​របស់​យើង​ដែរ » ( អិម រ័សុល បាឡឺដ « God Is at the Helm » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៤ ) ។

  20. នែល អេ ម៉ាក់ស្វែល « A More Determined Discipleship » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ទំព័រ ៦៩, ៧០ ។

  21. រីឆាដ អិល អេវិនស៍ « Foundations of a Happy Home » នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៦៤ ទំព័រ ១៣៥–៣៦ ។

  22. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១១; សូមមើល​ផងដែរ រ៉ូបឺត ឌី ហែល « Our Duty to God: The Mission of Parents and Leaders to the Rising Generation » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩៥–៩៨ ។

  23. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤ ។

  24. គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៥៤ ។

  25. សូមមើល ម៉ូសាយ ២៦:១–៤ ។

  26. ពង្សាវតារក្សត្រ ទី២ ៥:៨ ។

  27. « អ្នក​ត្រូវ​ស្ដាប់​តាម​គ្រប់​អស់​ទាំង​ពាក្យសម្ដី និង​បញ្ញត្តិ​ទាំងឡាយ​របស់​លោក ដែល​លោក​នឹង​ឲ្យ​ដល់​អ្នក នៅពេល​លោក​បាន​ទទួល​ពាក្យ​ទាំងនោះ … ដ្បិត​ដោយសារ​ការធ្វើ​ការណ៍​ទាំងនេះ​ហើយ … ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃមេឃ​ញាប់ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះនាម​របស់​ទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៤, ៦ ) ។ « គ្មាន​នរណាម្នាក់​ដែល​ធ្លាប់​ធ្វើតាម​ការបង្រៀន ឬ​បាន​ទទួល​យក​ដំបូន្មាន ឬ​ការប្រឹក្សា​ពី​អ្នក​ដែល​ឈរជា​តំណាង​របស់​ព្រះអម្ចាស់​ធ្លាប់​វង្វេង​ឡើយ » ( Doctrines of Salvation: Sermons and Writings of Joseph Fielding Smith បាន​កែសម្រួល​ដោយ Bruce R. McConkie [ ឆ្នាំ ១៩៩៨ ] ទំព័រ ២៤៣ ) ។

  28. អេសេគាល ៣:២៧ ។ « ដ្បិត​ពាក្យសម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មកពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់យ៉ាង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៥ ) ។

  29. សូមមើល នីហ្វៃ​ទី​១ ២២:២០–២១; សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ២០:២៣ ។