សន្និសីទទូទៅ
អ្នក​ដើរតាម​ម្ចាស់​នៃ​មេត្រីភាព
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


អ្នក​ដើរតាម​ម្ចាស់​នៃ​មេត្រីភាព

ពេល​យើង​ខិតខំ​អភិវឌ្ឍ​នូវ​គុណលក្ខណៈ​ឲ្យ​ដូចជា​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ក្លាយជា​ឧបករណ៍​នៃ​សេចក្តី​សុខសាន្ត​របស់​ទ្រង់​នៅលើ​ពិភពលោក​នេះ​បាន ។

ដើម្បី​សម្រេច​ការព្យាករ​ដែល​បានផ្ដល់​ដល់​ព្យាការី​សាការី ព្រះយេស៊ូវ​បាន​យាងចូល​ក្នុង​ទីក្រុងបរិសុទ្ធ ជិះសត្វ​លាដោយ​ជ័យជំនះ ដែល​អក្សរសិល្ប៍​គេ​ចាត់ទុក « និមិត្តសញ្ញា​បុរាណ​នៃ​រាជវង្ស​យូដា » មួយ​នេះ​ថា គឺពិត​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ជា​ម្ចាស់​នៃ​មេត្រីភាព ។ ទ្រង់​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ពួក​សិស្ស​ដ៏​រីករាយ​ជា​ច្រើន ដែល​បាន​ក្រាល​សម្លៀក​បំពាក់​របស់​ពួកគេ ធាងចាក និង​ស្លឹក​ឈើ​ឯ​ទៀត​នៅ​តាម​ផ្លូវ​ដែល​ព្រះ​យេស៊ូ​យាង​កាត់ ។ ពួក​គេ​បាន​សរសើរ​តម្កើង​ព្រះ ដោយ​បន្លឺ​សំឡេង​ខ្លាំង ថា « ស្តេច ដែល យាង មក ដោយ នូវ ព្រះនាម ព្រះអម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះពរ សូម ឲ្យ បាន សេចក្តី ក្សេមក្សាន្ត នៅ ស្ថានសួគ៌ និង សិរីល្អ នៅ ស្ថាន ដ៏ ខ្ពស់ បំផុត »​ ហើយ​ម្តងទៀត​ថា « ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត » ។ ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ ដែល​យើង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃនេះ ​ត្រូវ​គេ​ស្គាល់​ថាជា ថ្ងៃ​អាទិត្យ​ធាងចាក គឺជា​ព្រឹត្តិការណ៍​ដ៏​រីករាយ​មួយ ដែល​កើត​​ឡើង​ពីមុន​ព្រឹត្តិការណ៍​ដ៏​សែន​ឈឺចាប់ អំឡុង​សប្តាហ៍​ដ៏​សំខាន់ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពលិកម្ម​ដោយ​មិន​គិត​ពី​អង្គ​ទ្រង់ និង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​លើសលុប​នៃ​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្នុង​នាម​ជា​អ្នក​ដើរតាម​​ទ្រង់ យើង​គឺជា​មនុស្ស​ជម្រើស​របស់​ទ្រង់ ដែល​ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​អំពី​គុណតម្លៃ​របស់​ទ្រង់ ជា​អ្នក​ផ្សាយ​ពី​ក្តីសុខសាន្ត ដែល​បាន​ប្រទាន​ឲ្យ​ដោយ​សប្បុរស​តាមរយៈ​ទ្រង់ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ។ សេចក្ដី​សុខសាន្ត​នេះ​គឺជា​អំណោយ​មួយ​ដែល​បាន​សន្យា​ដល់​អស់អ្នក​ដែល​បង្វែរ​ដួងចិត្ត​ខ្លួន​ទៅរក​ព្រះអង្គ​សង្រ្គោះ ហើយ​រស់នៅ​ដោយ​សុចរិត ។ សេចក្តី​សុខសាន្ត​បែប​នេះ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​យើង​រីករាយ​នឹង​ជីវិត​រមែងស្លាប់ ហើយ​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដ៏ឈឺចាប់​នៅក្នុង​ដំណើរ​ជីវិត​របស់​យើង ។

នៅក្នុង​ឆ្នាំ ១៨៤៧ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ជាក់លាក់​ទៅ​ពួកបរិសុទ្ធ​ត្រួសត្រាយ​ផ្លូវ​ដែល​ត្រូវការ​ភាព​សុខសាន្ត​ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់ និង​សាមគ្គីភាព នៅពេល​ពួកគេ​ប្រឈមមុខ​ទៅនឹង​ការលំបាក​ដែលពុំ​រំពឹងទុក​នៅក្នុង​ការ​ធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​របស់​ពួកគេ ។ នៅក្នុង​ចំណោម​រឿង​ផ្សេងៗទៀត ព្រះអម្ចាស់​បាន​បង្គាប់​ពួកបរិសុទ្ធ​ឲ្យ « ឈប់​ទាស់ទែង​នឹងគ្នា ចូរ​ឈប់​និយាយ​អាក្រក់​ពីគ្នា​ទៅវិញ​ទៅមក » ។ ព្រះគម្ពីរ​បញ្ជាក់​ថា អស់​អ្នកណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត ហើយ​ខិតខំ​ដើរ​ដោយ​ភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ នោះទទួល​បាន​ការសន្យា​ថា នឹង​មាន​សេចក្ដី​សុខសាន្ត​ដែល​ពួកគេ​ត្រូវការ​ ដើម្បី​រស់រាន​មាន​ជីវិត​បាន​នៅ​ជំនាន់​នៃ​ភាពចលាចល​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃនេះ ។

ក្នុង​នាមជា​សិស្ស​របស់​ម្ចាស់​នៃ​មេត្រីភាព យើង​ត្រូវបាន​បង្គាប់​ឲ្យ​រស់នៅ​ដោយ « មាន​ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក » ។ ព្យាការី​ជាទី​ស្រឡាញ់​ ប្រធាន រ័សុល អិម ណិលសុន ទើបតែ​បាន​បញ្ជាក់​កាលពីថ្មីៗ​នេះថា « ការទាស់ទែង និង​ជម្លោះ បំពាន​លើ​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​តាំង និង​បង្រៀន » ។១០ ព្យាការី​របស់​យើង​ក៏បាន​អង្វរ​ឲ្យ​យើង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​ទៅបាន ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទាល់ខ្លួន​មាន​ចិត្ត និង​ក្នុង​ជីវិត​បច្ចុប្បន្នរបស់​យើង​ផងដែរ ។១១

សូម​យើង​គិត​ពី​គោលការណ៍​ទាំងនេះ​ដោយទស្សនៈនៃក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​​ចំពោះ​យើង ក្នុង​នាម​យើង​ជាអ្នក​ដើរតាម​ទ្រង់ យើងព្យាយាម​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ព្រះគម្ពីរ​កំណត់​នូវ​សេចក្តី​ស្រឡាញ់​បែបនេះ​ថា ជា​សេចក្តី​សប្បុរស ។១២ នៅពេល​យើង​គិត​អំពី​សេចក្ដី​សប្បុរស នោះ​គំនិត​របស់​យើង​​ងាក​ទៅរក​ទង្វើ​សប្បុរសធម៌ និង​ការបរិច្ចាគ​ដើម្បី​ជួយ​ដល់អស់អ្នក​ដែល​កំពុង​ជួប​ការលំបាក​ខាង​រូបកាយ ខាង​សម្ភារ ឬ​បញ្ហា​ខាង​អារម្មណ៍ ។ ទោះ​យ៉ាងណា សេចក្ដី​សប្បុរស​មិន​ត្រឹមតែ​ទាក់ទង​នឹង​អ្វី​ដែល​យើង​បរិច្ចាគ​ទៅដល់​នរណាម្នាក់​ប៉ុណ្ណោះ​ទេ ​វា​គឺជា​គុណសម្បត្តិ​មួយ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​វា​អាច​ក្លាយជា​ផ្នែកមួយ​នៃ​ចរិតលក្ខណៈ​របស់​យើង​បាន ។ វា​ពុំគួរភ្ញាក់ផ្អើល​អីទេ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ឲ្យ​បំពាក់​ខ្លួន​យើង​« ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស​… ដែល​ជា​ចំណង​នៃ​សេចក្ដីល្អ​ឥតខ្ចោះ និង​សេចក្ដី​សុខសាន្ត » ។១៣ បើ​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​យើង​ក៏ពុំ​មែន​ជាអ្វី​ទាំងអស់១៤ ហើយ​យើង​មិន​អាច​គ្រង​កន្លែង​ដែល​ព្រះអម្ចាស់​បាន​រៀបចំទុក​នៅក្នុង​វិមាន​ទាំងឡាយ​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង ទុកជា​មរតក​បាន​ឡើយ ។១៥

ព្រះយេស៊ូវ​បាន​បង្ហាញ​យ៉ាងល្អ​ឥតខ្ចោះ​នូវ​អត្ថន័យ​នៃ​ការមាននូវ​ចំណង​នៃ​សេចក្ដីល្អ​ឥតខ្ចោះ និង​សេចក្តី​សុខសាន្ត ជាពិសេស​នៅពេល​​ត្រូវ​ប្រឈមមុខ​ទៅនឹង​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់ ដែល​កើត​មុន​ទុក្ករកម្ម​របស់​ទ្រង់ ។ សូម​គិត​មួយ​ភ្លែត​អំពីព្រះទ័យរបស់​ព្រះយេស៊ូវ កាលទ្រង់​លាងជើង​ឲ្យ​សិស្ស​​ដោយ​បន្ទាបខ្លួន ទាំងដឹងថា​មាន​ម្នាក់​​ក្នុង​ចំណោម​ពួកគេ នឹង​ក្បត់​ទ្រង់​នៅ​យប់នោះ ។១៦ ឬ​ប៉ុន្មាន​ម៉ោង​ក្រោយមក ព្រះយេស៊ូវ​បាន​ព្យាបាល​ត្រចៀក​បុរស​ម្នាក់​ ដែល​បាន​មក​ចាប់ខ្លួន​ទ្រង់​ជា​មួយ​នឹង យូដាស ដែល​ជា​អ្នក​ក្បត់​ទ្រង់ ។១៧ ឬ​សូម្បី​តែ​នៅ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​ គង់​នៅ​ចំពោះ​មុខ​លោកពីឡាត់ ត្រូវបានគេ​ចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌​ដោយ​ពួកសង្ឃរាជ និង​ពួកចាស់ទុំ ហើយ​ទ្រង់​ក៏​មិន​បាន​ពោល​ពាក្យ​មួយ​ម៉ាត់​ទាស់​នឹង​ការចោទប្រកាន់​មិន​ពិត​ចំពោះ​ទ្រង់​ឡើយ រួច​ទ្រង់​ចាកចេញ​ទៅ​ទុក​ឲ្យ​អភិបាល​ក្រុងរ៉ូម​មាន​ចិត្ត​ងឿង​ឆ្ងល់ ។១៨

តាមរយៈ​រឿង​សោកនាដកម្ម​ទាំងបី​នេះ ទោះបីជា​មាន​ភាពសោកសៅ និង​ភាពតានតឹង​ខ្លាំង​ក៏ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​តាម​គំរូ​របស់​ទ្រង់​ថា « សេចក្តី​សប្បុរស​តែងតែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស … មិន​ចេះ​ឈ្នានីស មិន​ចេះ​អួតខ្លួន ក៏​មិន​ដែល​មាន​ចិត្តធំ​ផង … មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​រហ័សខឹង [ ហើយ ] មិន​ប្រកាន់​ទោស » ។១៩

ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​បញ្ជាក់ ហើយ​វា​មាន​ឥទ្ធិពល​ផ្ទាល់​ទៅលើ​ភាពជា​សិស្ស​របស់​យើង និង​របៀប​ដែល​យើង​ផ្សព្វផ្សាយ​សេចក្តី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ នោះ​គឺជា​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះគ្នា​ទៅវិញ​ទៅមក ។ ក្នុង​អំឡុងពេល​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​មិន​គ្រាន់តែ​ផ្តោតលើ​គុណតម្លៃ​នៃ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស ការអត់ធ្មត់ ភាពរាបសា និង​សេចក្តី​អាណិត​អាសូរ​នោះ​ទេ ប៉ុន្ដែ​ផ្ដោត​ជាពិសេស​ទៅលើ​គុណតម្លៃ​ទាំងនេះ—ដែល​ជា​គុណតម្លៃ​គ្រឹះ​ចំពោះ​អស់​អ្នក​ដែល​ចង់​ខិត​កាន់តែជិត​ទ្រង់ ហើយ​ផ្សាយពី​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ ។ គុណតម្លៃ​បែប​នេះ​គឺជា​អំណោយ​មកពី​ព្រះ ​នៅពេល​យើង​ខិតខំ​អភិវឌ្ឍ​វា នោះ​យើង​នឹង​ចាប់ផ្ដើម​មើលឃើញ​ភាពខុសគ្នា និង​ភាពទន់ខ្សោយ​របស់​អ្នកជិតខាង​យើង​ ទាំងមាន​ចិត្ត​អាណិត​អាសូរ ការយោគយល់ ការគោរព និង​ការអត់ឱន​ទោស​កាន់តែ​ច្រើនឡើង ។ ទីសម្គាល់​​ដ៏​ច្បាស់បំផុតមួយ​ដែល​យើង​កំពុង​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​កាន់តែ​ដូច​ទ្រង់​នោះ គឺជា​សេចក្តី​ស្រឡាញ់ ភាពអត់ធ្មត់ និងការប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ​ដោយ​សប្បុរស មិនថា​យើង​សិ្ថត​ក្នុង​កាលៈទេសៈ​ណា​ទេ ។

ជា​ញឹកញាប់ យើង​ឃើញ​មាន​អ្នក​ចូលរួម​មតិ​អវិជ្ជមាន និង​មតិ​ប្រមាថ​មើលងាយ​ដល់​ចរិត​លក្ខណៈ ភាពទន់ខ្សោយ និង​ទស្សនៈ​របស់​អ្នកដទៃ​ជា​ពិសេស​នៅ​ពេល​ដែល​ចរិត​លក្ខណៈ និង​មតិបែប​នោះ​ខុសគ្នា ឬ​ផ្ទុយ​ពីអ្វី​ដែល​ពួកគេ​ប្រព្រឹត្ត និង​គិត ។ វា​ជា​រឿង​សាមញ្ញ​ទៅហើយ​ ដែល​យើង​ឃើញ​មនុស្ស​ទាំងនេះ​បញ្ជូន​មតិ​បែប​នោះ​ទៅកាន់​អ្នកដទៃ ជា​មនុស្ស​ដែល​និយាយ​តាម​អ្វី​ដែល​ពួកគេ​បាន​ឮ​ដោយ​មិន​បាន​ដឹងច្បាស់​ពី​ស្ថានភាព​ទាំងស្រុង​ដែល​នៅ​ជុំវិញ​ស្ថានភាព​មួយ ។ ជា​អកុសល ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លើកទឹកចិត្ត​ឲ្យ​មាន​ឥរិយាបថ​បែប​នេះ​ តាំង​ឲ្យ​សេចក្ដីពិត និង​តម្លាភាព​ ។ ដោយ​គ្មាន​ការហាមឃាត់​ដល់​ការសន្ទនា​តាម​ឌីជីថល​នោះវា​ដឹកនាំ​មនុស្ស​ឲ្យ​មាន​ការវាយប្រហារ​រឿង​ផ្ទាល់ខ្លួន និង​មានជម្លោះ​ដ៏ក្តៅ​គគុក បង្កើត​នូវ​ការខកចិត្ត ធ្វើ​ឲ្យដួងចិត្ត​រងរបួស និងផ្សាយ​ភាពប្រទូសរ៉ាយ។

នីហ្វៃ​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ ខ្មាំងសត្រូវ​នឹង​ញាំញី​នៅក្នុង​ដួងចិត្ត​​នៃ​កូនចៅ​មនុស្ស ហើយ​ចាក់រុក​ឲ្យ​ពួកគេ​មាន​កំហឹង​ទាស់​នឹង​អ្វី​ដែល​ជា​ល្អ​វិញ ។២០ ព្រះគម្ពីរ​មរមន​បង្រៀន​ថា « អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ គឺ​ផុស​គំនិត​មក​ពី​ព្រះ » ។២១ ផ្ទុយ​ទៅវិញ « អ្វី​ដែល​អាក្រក់ កើត​មក​ពី​អារក្ស ត្បិត​អារក្ស​គឺជា​ខ្មាំងសត្រូវ​ដល់​ព្រះ ហើយ​ប្រឆាំង​នឹង​ទ្រង់​ឥតឈប់ឈរ ហើយ​អញ្ជើញ និង​ញុះញង់​ឲ្យ​ធ្វើ​បាប ហើយ​ឲ្យ​ធ្វើ​អ្វី​ដែល​អាក្រក់​ឥតឈប់ឈរ​សោះឡើយ » ។២២

ពេលគិតអំ​ពី​ការបង្រៀន​របស់​ព្យាការី​នេះ វា​ពុំ​គួរឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​ល្បិច​មួយ​របស់​ខ្មាំងសត្រូវ គឺ​វា​បង្កើត​ឲ្យមាន​ភាពជា​សត្រូវ និង​កំហឹង​នៅក្នុង​ចិត្ត​របស់​បុត្រាបុត្រី​នៃ​ព្រះ ។ សាតាំង​ត្រេកអរ​នៅពេល​ដែល​វា​ឃើញ​មនុស្ស​រិះគន់ ចំអក និង​ជេរគ្នា​ ។ ឥរិយាបថ​នេះ​អាច​បំផ្លាញ​ចរិត​លក្ខណៈ កេរ្តិ៍ឈ្មោះ និង​ការគោរព​ខ្លួនឯង​របស់​មនុស្ស​ម្នាក់ ជា​ពិសេស​នៅ​ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​អយុត្តិធម៌ ។ វា​សំខាន់​ដើម្បីចង្អុល​បង្ហាញថា នៅពេល​យើង​អនុញ្ញាត​ឲ្យ​មាន​អាកប្បកិរិយា​បែបនេះ​នៅក្នុង​ជីវិត​យើង នោះ​យើង​ទុក​កន្លែង​ក្នុង​ដួងចិត្ត​ឲ្យ​ខ្មាំងសត្រូវ​សាបព្រោះ​គ្រាប់ពូជ​នៃ​ការទាស់ទែងគ្នា​នៅក្នុង​ចំណោម​ពួកយើង ដែល​ធ្វើឲ្យ​យើង​អាច​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដ៏ឃោរឃៅ​របស់​វា ។

ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្ន​ជាមួយនឹង​គំនិត ពាក្យសម្ដី និង​សកម្មភាព​របស់​យើង​ទេ នោះ​យើង​អាច​នឹង​ឆ្វាក់ពាក់ព័ន្ធ​នឹង​ល្បិចកល​របស់​មាសត្រូវ ដែល​បំផ្លាញ​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ផងដែរ ។

បងប្អូន​ប្រុសស្រី ក្នុងនាម​ជារាស្ត្រ​ដ៏​ជម្រើស​នៃ​ព្រះអម្ចាស់ និង​ជា​អ្នក​លើកកម្ពស់​សេចក្តីសុខសាន្ត​របស់​ព្រះអង្គ នោះ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ល្បិចកល​នៃ​អំពើ​អាក្រក់​ទាំងនេះ​កើតមានឡើង​នៅក្នុង​ចិត្ត​យើង​បាន​ទេ ។ យើង​មិន​អាច​រែក​នូវ​បន្ទុក​ដ៏​ច្រេះចាប់​បែបនេះ​ដែល​បំផ្លាញ​នូវ​អារម្មណ៍ ទំនាក់ទំនង និង​សូម្បីតែ​ជីវិត​នោះបានឡើយ ។ ដំណឹងល្អ​តំណាង​ឲ្យ​ដំណឹង​ដ៏​រីករាយ​នៃ​សេចក្តី​អំណរ​ដ៏អស្ចារ្យ ។

ជា​ការពិត គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកយើង​ល្អឥតខ្ចោះ​នោះទេ ហើយ​ច្បាស់ណាស់ មាន​ពេលខ្លះ​យើង​ត្រូវ​បាន​គេ​បោកបញ្ឆោត​ឲ្យ​ចូលទៅ​ក្នុង​ឥរិយាបថ​បែបនេះ ។ នៅក្នុង​សេចក្ដី​ស្រឡាញ់​ដ៏ល្អ​ឥតខ្ចោះ និង​ព្រះបញ្ញា​ញាណ​របស់​ទ្រង់​អំពី​ទំនោរ​ជាមនុស្ស​របស់​យើង នោះ​ព្រះអង្គ​សង្គ្រោះ​តែងតែ​ព្យាយាម​ព្រមាន​យើងអំ​ពី​គ្រោះថ្នាក់​បែបនេះ​ជានិច្ច ។ ទ្រង់​បាន​បង្រៀន​យើងថា « ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង » ។២៣

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ នៅពេល​យើង​ខិតខំ​អភិវឌ្ឍ​នូវ​គុណលក្ខណៈ​ឲ្យ​ដូចជា​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៃ​ភាព​សុខសាន្ត​របស់​ទ្រង់​នៅលើ​ពិភពលោក​នេះ​បាន ​ស្របតាម​លំនាំ​ដែល​ព្រះអង្គ​ទ្រង់​ផ្ទាល់​បាន​បង្កើត​ឡើង ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​វិធី​នានា​ដែល​យើង​អាច​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​ដែល​លើកស្ទួយ​គេ និងជា​អ្នក​គាំទ្រ​គេ ជា​មនុស្ស​មាន​ការយល់ដឹង និង​​ចិត្ត​អធ្យាស្រ័យ ជា​មនុស្ស​ស្វែងរក​សេចក្តីល្អ​បំផុត​នៅក្នុង​អ្នកដទៃ ទាំង​ចងចាំ​ជានិច្ច​ថា « បើសិន​ជាមាន​អ្វីណាមួយ ដែល​ប្រកប​ដោយ​គុណធម៌ គួរស្រឡាញ់ ឬ​ឈ្មោះល្អ ឬ​ក៏គួរ​ឲ្យ​សរសើរ នោះ​យើងខ្ញុំ​ស្វែងរក​របស់​ផង​ទាំងនេះ​ហើយ » ។២៤

ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នៅពេល​យើង​ស្វែងរក និង​អភិវឌ្ឍ​នូវ​គុណលក្ខណៈ​ទាំងនេះ នោះ​យើង​នឹង​កាន់តែ​មាន​ភាពស្និទ្ធស្នាល ហើយ​ងាយ​​ដឹងអំពី​តម្រូវការ​របស់​អ្នកផង​ទាំងពួង​២៥ហើយ​នឹង​ទទួល​បាន​អំណរ ភាព​សុខសាន្ត និង​ការរីកចម្រើន​ខាងវិញ្ញាណ ។២៦ ដោយ​គ្មាន​ការសង្ស័យ​ទេ​ថា ព្រះអម្ចាស់​នឹង​ទទួល​ស្គាល់​ការខិតខំ​របស់​យើង ហើយ​ប្រទាន​អំណោយ​ដែល​យើងចាំបាច់​ត្រូវ​ចេះ​អត់ឱនទោស និង​អត់ធ្មត់​ជាមួយនឹង​ភាពខុសគ្នា ភាពទន់ខ្សោយ និង​ភាពមិនល្អ​ឥតខ្ចោះ​របស់គ្នា​ទៅវិញ​ទៅមក​ ។ លើសពីនេះ​ទៅទៀត យើង​នឹង​អាច​ទប់ទល់កាន់តែ​ល្អ​ប្រសើរ​ទៅនឹង​ការឆាប់​អន់ចិត្ត ឬ​ការចង់ធ្វើ​បាប​អ្នក​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់ ។ បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​អភ័យទោស​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដល់​អ្នក​ដែល​ធ្វើ​បាប​យើង ឬ​និយាយ​អាក្រក់​អំពី​យើង នោះ​វា​នឹង​ក្លាយ​ទៅជា​ផ្នែកមួយ​នៃ​ចរិយាបទ​របស់​យើង​យ៉ាងច្បាស់ ។

សូម​ឲ្យ​យើង​នៅ​ថ្ងៃនេះ ជាថ្ងៃ​អាទិត្យ​ធាងចាក​ក្រាល​សម្លៀក​បំពាក់​នៃ​សេចក្ដី​ស្រឡាញ់ និង​ធាងចាក​នៃ​សេចក្ដី​សប្បុរស​របស់​យើង ដោយ​ដើរ​តាម​គំរូ​របស់​ម្ចាស់​នៃ​មេត្រីភាព នៅពេល​យើង​ត្រៀមខ្លួន​អបអរសាទរ​អព្ភូតហេតុ​នៃការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ ។ ក្នុង​នាមជា​បងប្អូន​ប្រុសស្រី​នៅក្នុង​ព្រះគ្រីស្ទ សូម​ឲ្យ​យើង​ប្រកាស​ដោយ​អំណរ​ថា « ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត » ។២៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​នៅរស់ ហើយ​ថា​សេចក្ដី​ស្រឡាញ់​ដ៏ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ​បាន​បង្ហាញ​ឡើង​តាមរយៈ​ដង្វាយ​ដ៏ធួន​​ទ្រង់ គឺ​បាន​ឲ្យទៅ​ដល់​អស់អ្នក​ទាំងឡាយដែល​ចង់​ដើរ​ជាមួយនឹង​ទ្រង់ ហើយ​រីករាយ​នឹង​ភាព​សុខសាន្ត​របស់​ទ្រង់​នៅលើ​ភពផែនដី​នេះ និង​នៅ​ពិភព​ខាងមុខ ។ ខ្ញុំ​សូម​ថ្លែង​នូវ​រឿង​ទាំងនេះ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។