សន្និសីទទូទៅ
ការ​ប្រមូលផល​ដែលមិន​ល្អឥតខ្ចោះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការ​ប្រមូលផល​ដែលមិន​ល្អឥតខ្ចោះ

ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​ជា​ស្រេច​ដើម្បី​ទទួល​យក​ដង្វាយ​ដ៏​រាបទាប​របស់​យើង ហើយ​ធ្វើ​ឲ្យ​វា​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ។ ជាមួយ​ព្រះគ្រីស្ទ ពុំ​មាន​ការប្រមូលផលណា ​ដែល​មិន​ឥតខ្ចោះ​នោះ​ទេ ។

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​រៀន​ស្រឡាញ់​ការផ្លាស់ប្ដូររដូវ​ដ៏​អស្ចារ្យ​នៅក្នុង​ឆ្នាំ នៅ​ភាគ​និរតី​នៃ​រដ្ឋ​ម៉ុនតាណា ជា​កន្លែង​ដែល​ខ្ញុំ​បាន​ធំ​លូតលាស់​ឡើង ។ រដូវ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​រដូវ​ស្លឹកឈើ​ជ្រុះ—ជា​ពេល​ប្រមូលផល ។ គ្រួសារ​យើង​បាន​សង្ឃឹម និង​អធិស្ឋាន​ថា ការខិតខំអស់​ជា​ច្រើន​ខែ​របស់​យើង​នឹង​ទទួល​បាន​ផលផ្លែ​​ច្រើន​បរិបូរ ។ ឪពុក​ម្ដាយ​ខ្ញុំ​ព្រួយ​បារម្ភ​អំពី​អាកាសធាតុ សុខភាព​សត្វ និង​ដំណាំ ព្រមទាំង​អ្វី​ជា​ច្រើន​ទៀត ដែល​ពួកគាត់​មិន​អាច​គ្រប់គ្រង​បាន ។

ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​ភាពបន្ទាន់​នោះ ។ ជីវភាព​រស់នៅ​របស់​យើង​ពឹង​អាស្រ័យ​លើ​ការប្រមូល​ផល​នោះ ។ ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំអំពី​ឧបករណ៍​ដែល​យើង​ប្រើ​​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ ។ ខ្ញុំ​បាន​មើល ​គាត់​រំកិល​ម៉ាស៊ីន​ចូល​ទៅ​ក្នុង​វាល កាត់​គ្រាប់​ធញ្ញជាតិ​មួយ​ត្រួស បន្ទាប់​មក​ពិនិត្យ​មើល​ពី​ក្រោយ​ម៉ាស៊ីន​ប្រមូល​ផល ដើម្បី​​ប្រាកដ​ថា​គ្រាប់​ធញ្ញជាតិ​ធ្លាក់​ចុះ​ទៅ​ក្នុង​ធុងបាន​ច្រើន ហើយ​មិន​ធ្លាក់​ចេញ​ទៅ​ជា​មួយ​អង្កាម ។ គាត់​បាន​ធ្វើ​ដដែលៗ​ជា​ច្រើន​ដង ដោយ​កែសម្រួល​ម៉ាស៊ីន​រាល់​ពេល ។ ខ្ញុំ​បាន​រត់​តាម ហើយ​បាន​កកាយ​អង្កាម​ជាមួយ​គាត់ ហើយ​ធ្វើ​ដូច​ជា​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​អ៊ី​ចឹង ។

បន្ទាប់​ពី​គាត់​កែសម្រួល​ម៉ាស៊ីន​ត្រូវចិត្តហើយ ខ្ញុំ​បាន​រក​ឃើញ​គ្រាប់​ធញ្ញជាតិ​ខ្លះ​នៅ​លើ​ដី​នៅ​ក្នុង​អង្កាម ហើយ​បង្ហាញ​គាត់​ទាំង​មុខ​មាំ ។ ខ្ញុំ​មិន​ភ្លេច​នូវ​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ « វា​ល្អ​គ្រប់គ្រាន់ និង​ល្អ​បំផុត​ហើយ ដែល​ម៉ាស៊ីន​នេះ​អាច​ធ្វើ​បាន » ។ ដោយ​មិន​សូវ​ពេញ​ចិត្ត​នឹង​ការពន្យល់​របស់​គាត់ ខ្ញុំ​បាន​ពិចារណា​ពី​ភាពមិន​ល្អ​ឥត​ខ្ចោះ​នៃ​ការប្រមូល​ផល​នេះ ។

មិន​យូរ​ប៉ុន្មាន​ពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ពេល​ល្ងាច ខ្ញុំ​បាន​មើល​សត្វ​ហង្ស សត្វ​ក្ងាន និង​សត្វ​ទា​រាប់​ពាន់​ក្បាល​ចុះ​មក​លើ​វាល ដើម្បី​ស៊ី​ចំណី កាលពួកវាហើរ​ចំណាក​ស្រុក​ដ៏ឆ្ងាយ​ទៅ​ទិស​ខាង​ត្បូង ។ ពួកវា​បាន​ស៊ី​គ្រាប់​ធញ្ញជាតិ​ដែល​នៅសល់​ពី​ការប្រមូល​ផល ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើងនោះ ។ ព្រះ​បាន​ធ្វើ​ឲ្យ​វា​ល្អ​ឥត​ខ្ចោះ ។ ហើយ​គ្រាប់​ធញ្ញជាតិ​មួយគ្រាប់​ក៏​មិន​ខាតបង់​ផង។

ជាញឹកញាប់ វា​ជា​ការល្បួង​នៅ​ក្នុង​ពិភព​របស់​យើង ទាំង​នៅ​ក្នុង​វប្បធម៌​​សាសនាចក្រ​ផង​ ដែលផ្តោត​ខ្លាំង​ទៅ​លើ​ភាព​ល្អ​ឥតខ្ចោះ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការរំពឹង​ដែល​គ្មានភាព​ប្រាកដ​ប្រជា ​ជា​រឿយៗ ការរិះគន់​ខ្លួន​ឯង​បង្កើត​នូវ​អារម្មណ៍​នៃ​ភាព​មិនល្អ​​គ្រប់គ្រាន់—ថា​យើង​មិន​ល្អ​គ្រប់គ្រាន់ ហើយ​នឹង​មិនអាច​ល្អ​គ្រប់គ្រាន់​ឡើយ ។ អ្នក​ខ្លះ​ថែម​ទាំង​យល់​ខុស​ចំពោះ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ » ។

សូម​ចាំ​ថា ភាពឥតខ្ចោះ​និយម​នោះ ​គឺ​មិន​ដូច​គ្នា​នឹង​ភាពល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ​នោះ​ទេ ។ ភាពឥតខ្ចោះ​និយម ​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ដែល​មិន​អាច​ធ្វើ​ទៅ​បាន ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់ ព្រោះ​ប្រៀបធៀប​ខ្លួនយើង​ទៅ​នឹង​អ្នក​ដទៃ ។ វា​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ថា​ខុស និង ថប់​បារម្ភ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ចង់​ដក​ខ្លួន​ចេញ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ ។

ការ​ក្លាយ​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ​ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ។ វា​គឺ​ជា​ដំណើរការ—ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ក្តីស្រឡាញ់ —ឲ្យប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ។ បទដ្ឋាន​ទាំងនេះ​ត្រូវ​បាន​កំណត់​ដោយ​ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះទ័យ​សប្បុរស និង​ត្រាស់​ដឹង​គ្រប់​ការណ៍​ទាំងអស់ ហើយ​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្ដី​សញ្ញា ដែល​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឱប​ក្រសោប ។ វា​សម្រាល​យើង​ពី​បន្ទុក​នៃ​អារម្មណ៍​​ខុសឆ្គង និង​ភាពមិន​ល្អ​គ្រប់គ្រាន់ វា​តែងតែ​គូសបញ្ជាក់​ថា ​យើង​ជា​នរណា​នៅ​ក្នុង​ព្រះនេត្រ​ព្រះ ។ ខណៈ​ដែល​ដំណើរការ​នេះ​លើក​កម្ពស់ និង​ជំរុញ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ល្អប្រសើរ នោះ​យើង​ត្រូវបាន​វាស់វែង​ដោយ​ការលះបង់​ផ្ទាល់ខ្លួន​របស់​យើង​ចំពោះ​ព្រះ ដែល​យើង​បង្ហាញ​នៅក្នុង​ការខិតខំ​ធ្វើតាម​ទ្រង់​ដោយ​សេចក្ដី​ជំនឿ ។ ពេល​យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ មិន​យូរ​ទេ​ យើង​ដឹង​ថា ភាពល្អ​បំផុត​របស់​យើង​គឺ​ល្អ​គ្រប់​គ្រាន់ហើយ ហើយ​ថា​ព្រះគុណ​នៃ​ព្រះអង្គ​សង្គ្រោះ​ដែល​ប្រកប​ដោយ​ក្ដីស្រឡាញ់ នឹង​ប៉ះប៉ូវ​នូវ​ភាពមិន​ឥត​ខ្ចោះ​របស់​យើង​តាម​របៀប​ដែល​យើង​មិន​អាចនឹក​ស្រមៃ​ដល់ ។

យើង​អាច​មើល​ឃើញ​គោលការណ៍​នេះ​កើតឡើង នៅ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់ ។

ឯ ព្រះយេស៊ូវ ទ្រង់ ងើប ព្រះនេត្រ ឡើង ឃើញ មនុស្ស កកកុញ មក ឯ ទ្រង់ នោះ ទ្រង់ មាន ព្រះបន្ទូល ទៅ ភីលីព ថា យើង នឹង ទិញ នំបុ័ង ពី ណា មក ឲ្យ មនុស្ស ទាំង អស់ នេះ បាន បរិភោគ ?

ភីលីព ទូល ឆ្លើយ ថា ទោះ បើ ទិញ នំបុ័ង អស់ ៤០ រៀល ក៏ មិន គ្រាន់ ឲ្យ គ្រប់ គ្នា សូម្បី តែ បន្តិច បន្តួច ផង ។

« មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា

« នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ? »

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​ក្មេង​ប្រុស​នេះ ជា​អ្នក​ដែល​មាន​ជំនឿ​ជាកូនក្មេង​ម្នាក់ បាន​ផ្ដល់​នូវ​អ្វី​ដែល​គាត់​​ដឹងច្បាស់​ថា​មិន​ល្អគ្រប់​គ្រាន់​ បើ​គិត​ពី​កិច្ចការ​ដែល​នៅ​នឹង​មុខ​នោះ ?

« រួច​ព្រះយេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​អរ​ព្រះគុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន ។

« លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ » ។

ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ឲ្យ​ដង្វាយ​ដ៏​រាបទាប​នោះ​បាន​ល្អ​ឥត​ខ្ចោះ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បទ​ពិសោធន៍​នេះ ព្រះយេស៊ូវ​បាន​ឲ្យ​សិស្ស​របស់​ទ្រង់​ទៅលើ​ទូក​មួយ ។ មិន​យូរ​ប៉ុន្មាន​ពួក​គេ​បាន​ឃើញ​ថា ខ្លួន​បាន​ជួប​នឹង​ព្យុះ​សមុទ្រ​នៅ​កណ្តាល​យប់ ។ ពួក​គេ​បាន​ភ័យ​ខ្លាច ពេលពួក​គេ​បាន​ឃើញ​តួអង្គ​ដូច​ជា​ខ្មោច​ដើរ​ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​លើ​ទឹក ។

« តែ​ព្រះយេស៊ូវ​ទ្រង់​មាន​បន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ។

« ពេត្រុស​ទូល​តប​ថា ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ។

« ទ្រង់​មាន​បន្ទូល​ថា ចូរមក​ចុះ ។ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ ។

« តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ។

« ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ ? »

បង​ប្អូន​ប្រុស​ស្រី​អើយ នោះ​ប្រហែល​ជា​ពុំ​មែន​ជាទី​បញ្ចប់​នៃ​ការ​សន្ទនា​នោះ​ទេ ។ ខ្ញុំ​ជឿ​ថា នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​កាន់ដៃ​ពេត្រុសត្រឡប់​ទៅ​ទូក​វិញ ពេត្រុស​ទទឹក​ជោគ ហើយ​អាច​នឹងមាន​អារម្មណ៍ថាខ្លួន​ល្ងង់​ខ្លៅ ​ នោះ​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​មាន​បន្ទូលថា ៖ « ឱ !​ពេត្រុស​អើយ កុំ​ខ្លាច ហើយ​កុំ​ព្រួយ​បារម្ភ​អី ។ បើ​អ្នក​អាច​មើល​ឃើញ​ខ្លួនឯង​ដូចជា​ខ្ញុំ​ឃើញ​អ្នក នោះ​ការសង្ស័យ​របស់​អ្នក​នឹង​រលាយ​បាត់​ទៅ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​នឹង​ចម្រើនឡើង ។ ខ្ញុំ​ស្រឡាញ់​អ្នក ពេត្រុស​ជាទី​ស្រឡាញ់​អើយ អ្នក​បាន​ចេញ​ពី​ទូក​មក ។ ការថ្វាយ​របស់​អ្នក​គឺ​ទទួល​យក​បាន ហើយ​ទោះ​​ជា​អ្នក​អន់​ថយ ក៏​ខ្ញុំ​នឹង​នៅ​ទី​នោះ​ជានិច្ច​ដើម្បី​លើក​អ្នក​ចេញ​ពី​រណ្ដៅ ហើយ​ការថ្វាយ​របស់​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ » ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា ៖

ខ្ញុំ​ជឿ​ថា ព្រះអង្គ​​សង្រ្គោះ​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ ទទួល​អារម្មណ៍ និង​ដឹង​ថា ទ្រង់​ជា​កម្លាំង​របស់​អ្នក ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះ​​សម្រេចជោគជ័យរបស់​បងប្អូន​គឺ​គ្មាន​ដែន​កំណត់ឡើយ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះសក្តានុពល​របស់​បងប្អូន​គឺ​គ្មាន​ដែន​កំណត់​ទេ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូនមើល​ឃើញ​ខ្លួន​ឯង​ដូចជា​ទ្រង់​ទត​ឃើញ​បងប្អូន ។ ដែល​វា​ខុស​ពី​គ្នា​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​ពិភពលោក​មើល​ឃើញ​អ្នក ។​…

« ទ្រង់​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ និង​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង ទ្រង់​បង្កើន​កម្លាំង » ។

យើង​ត្រូវ​ចាំ​ថា អ្វី​ដែល​ល្អ​បំផុត​របស់​យើង ទោះ​ជា​ការថ្វាយ​ដែល​មិន​ល្អ​ឥត​ខ្ចោះក្ដី នោះ​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​ឲ្យ​វា​ល្អ​ឥត​ខ្ចោះ​បាន ។ ទោះបី​ការខិតខំ​របស់​យើង​មើល​ទៅ​មិន​សូវ​សំខាន់​ក្ដី ក៏​យើង​មិន​ត្រូវ​មើល​ស្រាល​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ ពាក្យ​សប្បុរស​ដ៏​សាមញ្ញ​មួយ ការសួរ​សុខទុក្ខ​មួយ​ភ្លែត​តែ​ដោយ​ស្មោះ ឬ​មេរៀន​បឋម​សិក្សា​ដែល​បាន​បង្រៀន​ដោយ​ក្ដី​ស្រឡាញ់ តែ​មាន​ជំនួយ​មក​ពី​ព្រះអង្គ​សង្រ្គោះ អាច​ផ្ដល់​នូវ​ការលួងលោម បន្ទន់​ចិត្ត និង​ផ្លាស់​ប្ដូរ​ជីវិត​អស់កល្ប​ជានិច្ច ។ ការខិតខំ​ដ៏​ឆ្គាំឆ្គង​របស់​យើង​ អាច​នាំ​ឲ្យ​មាន​អព្ភូតហេតុ ហើយ​យើង​អាច​ចូលរួម​ក្នុង​ការប្រមូលផល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ​នៅក្នុង​ដំណើរការនេះ ។

ជា​ញឹកញាប់ យើង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្នុង​ស្ថានភាព​នានា ដែល​នឹង​ធ្វើ​ឲ្យ​យើង​លូតលាស់ ។ យើងអាចនឹងគ្មាន​អារម្មណ៍​ធ្វើ​កិច្ចការ​នោះ​ទេ ។ យើង​អាច​នឹងមើល​ទៅ​អ្នក​ដែល​យើង​បម្រើ​ជាមួយ ទាំង​មាន​អារម្មណ៍​ថា​យើង​នឹងមិនធ្វើ​បានល្អ​ដូច​គេ​ ។ បងប្អូន​ប្រុសស្រី ប្រសិន​បើ​បងប្អូន​មាន​អារម្មណ៍​ដូច​នេះ សូម​ក្រឡេក​មើល​បុរស និង​ស្ត្រីដ៏​វិសេសវិសាល ដែល​អង្គុយ​នៅ​ពី​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​បម្រើ ។

ខ្ញុំ​ស្គាល់​អារម្មណ៍​ឈឺចាប់​របស់​បងប្អូន ។

ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​រៀន​ថា បើភាពឥត​ខ្ចោះ​និយម វា​មិន​ដូច​គ្នា​នឹង​ភាពល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ​ នោះ​ការប្រៀបធៀប​ខ្លួន​ឯង​ ក៏​មិន​ដូច​គ្នា​នឹង​ការ​ធ្វើ​តាម​នោះ​ដែរ ។ ពេល​យើង​ប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នក​ដទៃ វា​អាច​មាន​លទ្ធផល​តែ​ពីរ​ប៉ុណ្ណោះ ។ យើង​នឹង​មើល​​ខ្លួន​យើងថា ​ប្រសើរ​ជាង​អ្នក​ដទៃ ហើយ​វិនិច្ឆ័យ និង​រិះគន់​ពួកគេ ឬ​យើង​នឹង​មើល​ខ្លួន​យើង​ថា​អន់​ជាង​អ្នក​ដទៃ ហើយ​ប្រែជា​ថប់បារម្ភ រិះគន់​ខ្លួន​ឯង និង​បាក់​ទឹក​ចិត្ត ។ ការប្រៀបធៀប​ខ្លួន​យើង​ទៅ​អ្នក​ដទៃ​ កម្រ​នឹង​ទទួល​បាន​ផល​អ្វីណាស់ វាមិន​លើកស្ទួយ ហើយ​ពេលខ្លះវា​ធ្វើ​ឲ្យ​ធ្លាក់​ទឹកចិត្ត​ភ្លាមៗផង ។ តាម​ពិត​ទៅ ការ​ប្រៀបធៀប​ទាំង​នេះ​ អាច​ជា​ការបំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណ រារាំង​យើង​មិន​ឲ្យ​ទទួល​ជំនួយ​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​តាម​អ្នក​ដែល​យើង​គោរព ដែល​បង្ហាញ​ពី​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ អាច​ជា​ការណែនាំ និង ការលើកស្ទួយ ហើយ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​សិស្ស​កាន់តែល្អ​ប្រសើរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​គំរូ​មួយ​ដល់​យើង​ឲ្យដើរតាម កាលដែល​ទ្រង់​ធ្វើ​តាម​ព្រះវរបិតា ។ ទ្រង់​បាន​ណែនាំ ភីលីព​ជា​សិស្ស​របស់​ទ្រង់​ថា « ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរបិតា​ផង​ដូច្នេះ​ ? »

បន្ទាប់​មក​ទ្រង់​បាន​បង្រៀន​ថា « ​ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ » ។

ទោះបីថា​ការខិតខំ​របស់​យើង​ហាក់​ដូចជា​មិន​សំខាន់​ក្ដី បើ​យើង​ស្មោះ​ត្រង់ នោះ​ព្រះអង្គ​សង្រ្គោះ​នឹង​ប្រើ​យើងឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ បើ​យើង​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ដើម្បី​ប៉ះប៉ូវ​នូវ​ភាពមិន​ឥត​ខ្ចោះ នោះ​យើង​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អព្ភូតហេតុ​ដែលមាន​នៅ​ជុំវិញ​យើង ។

អែលឌើរ ឌែល ជី រិនឡាន់ បាន​មាន​ប្រសាសន៍​ថា « បងប្អូន​មិន​ចាំបាច់​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​យើង​ត្រូវការ​បងប្អូន ព្រោះ​មនុស្ស​គ្រប់​រូប​ដែល​មាន​ឆន្ទៈ អាច​ធ្វើ​អ្វី​មួយ​បាន » ។

ហើយ​ប្រធាន រ័សុល អិម ណិលសុន បង្រៀន​យើង​ថា « ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ » ។១០

ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​ជា​ស្រេច​ដើម្បី​ទទួល​យក​ដង្វាយ​ដ៏​រាបទាប​របស់​យើង ហើយ​ធ្វើ​ឲ្យ​វា​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ។ ជាមួយ​ព្រះគ្រីស្ទ ពុំ​មាន​ការប្រមូលផលណា ​ដែល​មិន​ឥតខ្ចោះ​នោះ​ទេ ។ យើង​ត្រូវតែ​មាន​ភាពក្លាហាន​ដើម្បី​ជឿ​ថា ព្រះគុណ​របស់​ទ្រង់​គឺមាន​សម្រាប់​យើង— ថា​ទ្រង់​នឹង​ជួយ​យើង សង្គ្រោះ​យើង​ពី​រណ្ដៅ​នៅពេល​យើង​ដួល​ចុះ ហើយ​ធ្វើ​ឲ្យ​ការខិតខំ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​បានទៅ​ជា​ឥតខ្ចោះ ។

នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​សាប​ព្រួស ព្រះអង្គ​សង្រ្គោះ​បាន​រៀបរាប់​អំពី​គ្រាប់​ពូជ​ដែល​ដាំ​នៅ​ក្នុង​ដី​ល្អ ។ គ្រាប់ពូជ​ខ្លះ​ផ្ដល់​ផល​បាន​មួយ​រយ​ដង ខ្លះ​ហុកសិប ហើយ​ខ្លះ​ទៀត​សាមសិប ។ ទាំងអស់​គឺ​ជា​ផ្នែក​នៃ​ការប្រមូល​ផល​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ ។១១

ព្យាការី មរ៉ូណៃ បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ថា « មែន​ហើយ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បានល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ … ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយសារ​ព្រះគុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។១២

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទថា​ទ្រង់​មាន​ព្រះចេស្ដា​ធ្វើ​ឲ្យ​ការថ្វាយ​ដ៏​រាបសា​បំផុត​របស់​យើង​បាន​ក្លាយទៅ​ជា​ល្អ​ឥតខ្ចោះ ។ ចូរ​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ នាំ​មក​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ហើយ​សូម​ដាក់​ដង្វាយ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​នៅ​ព្រះបាទា​ទ្រង់ដោយ​សេចក្ដី​ជំនឿ ។ នៅ​ក្នុង​ព្រះនាម​ទ្រង់ ដែល​ជា​ចៅហ្វាយ​នៃ​ការប្រមូលផល​ដ៏​ល្អ​ឥត​ខ្ចោះ គឺជា​ព្រះយេស៊ូវ​គ្រីស្ទ អាមែន ៕