សន្និសីទទូទៅ
តើ​ខ្ញុំ​ពិត​ជា​ទទួល​បាន​ការអភ័យទោស​មែន​ឬ ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


តើ​ខ្ញុំ​ពិត​ជា​ទទួល​បាន​ការអភ័យទោស​មែន​ឬ ?

ការសន្យា​នៃ​ការអភ័យទោស​ទាំងស្រុង និង​ឥតខ្ចោះ គឺ​មាន​ចំពោះ​មនុស្ស​គ្រប់រូប—នៅក្នុង និង​តាមរយៈ​ដង្វាយធួន​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ស៊ីស្ទើរ ណាតត្រេស និង​ខ្ញុំ​បាន​ផ្លាស់ទី​លំនៅ​ទៅ​ទីក្រុង អាយដាហូ ជា​កន្លែង​ដែល​យើង​បាន​បើក​អាជីវកម្ម​ថ្មី​មួយ ។ ពួក​យើង​ចំណាយពេល​ច្រើន​ធ្វើការ​នៅក្នុង​ការិយាល័យ ។ សំណាងល្អ ដែល​យើង​នៅ​មិនឆ្ងាយ​ប៉ុន្មានពី​កន្លែង​ធ្វើការ​នោះ ។ រៀងរាល់​សប្តាហ៍ សនណា និង​កូនស្រី​ទាំង​បីនាក់​របស់​យើង—ដែល​​មាន​អាយុ​តិចជាង ៦ ឆ្នាំ—នឹង​មក​ការិយាល័យ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​រួមគ្នា ។

នៅ​ថ្ងៃ​មួយ​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​របស់​គ្រួសារ​យើង ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ កូន​ស្រី​អាយុ ៥ ឆ្នាំ របស់​យើង​ឈ្មោះ មីឆែល ​បាន​ទុក​សារ​ផ្ទាល់ខ្លួន​មួយ​ឲ្យ​ខ្ញុំ ​សរសេរ​នៅលើ​ក្រដាសស្អិត​មួយ ​បិទភ្ជាប់​នៅលើ​ទូរស័ព្ទ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ ។

វាអាន​ថា « ប៉ា កុំភ្លេច​ស្រឡាញ់​កូន​ណា ។ ដោយ​ក្ដីស្រឡាញ់ ពី មីឆែល » ។ សារ​នេះ​គឺ​ជា​ការរំឭក​ដ៏​មាន​ឥទ្ធិពល​មួយ​ចំពោះ​ឪពុក​វ័យក្មេង​ម្នាក់​អំពី​រឿង​​ដែល​មាន​សារៈសំខាន់​បំផុត ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​យើង​តែងតែ​ចងចាំ​យើង​ជានិច្ចហើយ​ថា​ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ឥត​ខ្ចោះ ។ សំណួរ​របស់​ខ្ញុំ​គឺ ៖ តើ​យើង​ចងចាំ​ទ្រង់​ដែរឬទេ ? ហើយ​តើ​យើង​ស្រឡាញ់​ទ្រង់​ដែរ​ឬ​ទេ ?

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​មូលដ្ឋាន​មួយរូប ។ យុវជន​ម្នាក់​របស់​យើង​ឈ្មោះ ដេននី ជា​យុវជន​ដែល​ពូកែ​គ្រប់មុខ ។ គាត់​ជា​មនុស្ស​ស្តាប់​បង្គាប់ ចិត្តសប្បុរស មនុស្ស​ល្អ ហើយ​មាន​ចិត្ត​ទូលាយ ។ ប៉ុន្តែ នៅពេល​ដែល​គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ គាត់​បាន​ចាប់ផ្តើម​ដើរ​ជាមួយ​ហ្វូង​មនុស្ស​មិនសូវ​ល្អ​មួយ​ក្រុម ។ គាត់​បាន​ពាក់ព័ន្ធ​ជាមួយនឹង​គ្រឿងញៀន ជាពិសេស​ថ្នាំ​មេតាំហ្វេតាមីន ហើយ​បាន​ដើរ​ធ្លាក់ចុះ​ទៅតាម​ផ្លូវ​នៃ​ការញៀន និង​ការបំផ្លិចបំផ្លាញ ។ មិនយូរ​ប៉ុន្មាន រូបរាង​របស់​គាត់​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង ។ ស្ទើរ​តែ​មើល​មិន​ស្គាល់​គាត់ ។ ការផ្លាស់ប្តូរ​ដ៏គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​គាត់​មិន​សប្បាយ​ចិត្ត​ទេ—ហើយ​អាច​មើល​ដឹង​តាមកែវភ្នែក​របស់​គាត់ ។ ខ្ញុំ​បាន​ទាក់ទង​ទៅ​គាត់​ជាច្រើនដង ប៉ុន្តែ​មិន​បាន​សម្រេច​សោះ ។ គាត់​មិន​ចាប់​អារម្មណ៍​ទេ ។

វា​ពិបាក​ណាស់​ក្នុង​ការមើល​ឃើញ​យុវជន​ដ៏​ល្អ​ម្នាក់​នេះ​រងទុក្ខ និង​រស់នៅ​ក្នុង​របៀប​មួយផ្សេងដូចនេះ ! គាត់​មាន​សមត្ថភាព​ច្រើន​​ណាស់ ។

បន្ទាប់​មក​មាន​ថ្ងៃ​មួយ អព្ភូតហេតុ​​គាត់​បាន​ចាប់​ផ្ដើម​កើតឡើង ។

គាត់​បាន​ចូលរួម​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ ដែល​ប្អូន​ប្រុស​​គាត់​បាន​ចែកចាយ​ទីបន្ទាល់ មុនពេល​ចេញ​ទៅបេសកកម្ម ។ ​អំឡុងពេល​នៃ​ការប្រជុំ ដេននី មាន​អារម្មណ៍​អ្វីមួយ​ដែល​គាត់​ខាន​មាន​ជា​យូរ​មក​ហើយ ។ គាត់​បាន​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ នៅ​ទីបំផុត​គាត់​មាន​សេចក្តីសង្ឃឹម ។

ទោះបី​ជា​គាត់​មាន​បំណង​ប្រាថ្នា​ដើម្បី​ការផ្លាស់ប្តូរ​ក្តី​ក៏​ជា​ការពិបាក​សម្រាប់ ដេននីដែរ ។ ការញៀន គួបផ្សំ​ជាមួយនឹង​អារម្មណ៍​ថា​ខុស​ គឺ​មានច្រើន​ជាង​អ្វី​ដែល​គាត់​អាច​ទ្រាំទ្រ​បាន​​ ។

នៅ​រសៀល​មួយ ពេល​ខ្ញុំ​ចេញ​ទៅ​កាត់​ស្មៅ​នៅ​ទីធ្លា​ផ្ទះ​​យើង ដេននី បាន​បើក​ឡាន​គាត់​មក​ចតមុខផ្ទះ​ទាំងមិនបានប្រាប់ ។ គាត់​កំពុង​ពិបាក​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​បិទ​ម៉ាស៊ីន​កាត់ស្មៅ ហើយ​យើង​បាន​អង្គុយ​ជាមួយគ្នា​នៅ​ក្រោម​ម្លប់​នៅ​លើ​កាំជណ្តើរ​ខាងមុខ​ផ្ទះ ។ គឺ​នៅពេល​នោះ​ហើយ​ដែល​គាត់​បាន​ចែកអារម្មណ៍​ក្នុង​ចិត្ត ។ គាត់​ពិត​ជា​ចង់​ត្រឡប់​មកដូច​ដើមវិញ​ណាស់ ។ តែ ការងាក​ចេញ​ពី​ជីវិត​ញៀន​គឺ​ពិបាក​ខ្លាំង​ណាស់ ។ បន្ថែម​ពី​លើ​រឿង​នេះ គាត់​មាន​អារម្មណ៍​ថា​ខុស​ខ្លាំងណាស់ វាគួរ​ឲ្យ​ខ្មាសអៀន​ដែល​គាត់​បាន​រស់នៅ​ចេញឆ្ងាយពី​ការបង្រៀន​នៃ​ដំណឹងល្អ ។ គាត់​បាន​សួរ​ថា ៖​ « តើ​ខ្ញុំ​ពិត​ជា​អាច​បាន​ការអភ័យ​ទោស​មែន​ឬ ? តើ​វា​ពិត​ជា​មាន​ផ្លូវ​ត្រឡប់​មក​វិញ​មែនឬ ? »

បន្ទាប់​ពី​គាត់​បើកចិត្ត​បង្ហាញពីរបារម្ភ​ទាំងនេះ នោះ​យើង​បាន​អាន អាលម៉ា ជំពូក ៣៦ ជាមួយ​គ្នា ៖

«មែន​ហើយ ឪពុក​បាន​ចាំ​នូវ​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​អស់​របស់​ខ្លួន ។ …

« មែនហើយ … គ្រាន់តែ​គិត​ដល់​ការចូល​ទៅក្នុង​វត្តមាន​នៃ​ព្រះ​របស់​ឪពុក ក៏​បាន​ញាំញី​ព្រលឹង​ឪពុក​ទៅ​ហើយ ដោយ​សេចក្ដីរន្ធត់​ដ៏​មិន​អាច​ថ្លែង​បាន » ( ខទី ១៣–១៤ ) ។

បន្ទាប់​ពី​អាន​ខ​ទាំង​នោះហើយ ដេននី បាន​និយាយថា « នោះ​គឺជា​អារម្មណ៍​ដែល​ខ្ញុំ​មាន ! »

យើង​បាន​អាន​បន្ត​ទៀត ៖

« នៅពេល​ដែល​ឪពុក​កើតទុក្ខ​ដោយ​ការនឹក​ឃើញ​ដល់​អំពើ​បាប​ដ៏ច្រើន​របស់​ឪពុក មើលចុះ ឪពុក​ក៏នឹក​ឃើញថា ធ្លាប់​បាន​ឮ​បិតា​របស់​ឪពុក ព្យាករ​ទៅកាន់​ប្រជាជន​អំពី​ការយាងមក​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្សលោក ។ …

« ហើយ ឱ​សេចក្ដីអំណរ និង​រស្មី​ដ៏អស្ចារ្យ ដែល​ឪពុក​បាន​ឃើញ » ( ខទី ១៧, ២០ ) ។

កាល​យើង​អានបទគម្ពីរ​ទាំងនេះ គាត់​ចាប់ផ្តើម​យំ ។ អំណរ​របស់​អាលម៉ា​គឺ​ជា​អំណរ​ដែល​គាត់​បាន​ខំ​ស្វែងរក !

យើង​បាន​ពិភាក្សា​គ្នា​ថា អាលម៉ា​គឺ​ជា​មនុស្ស​ទុច្ចរិត​បំផុត ។ ប៉ុន្តែ នៅពេល​ដែល​គាត់​បាន​ប្រែចិត្ត នោះ​គាត់​មិន​ត្រឡប់​ទៅ​ធ្វើ​អាក្រក់​ទៀតឡើយ ។ អាលម៉ា​បាន​ក្លាយ​ទៅជា​សិស្ស​ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​ក្លាយ​ទៅជា​ព្យាការី​ម្នាក់ ! ដេននី​បាន​បើក​ភ្នែក​ធំៗ ។ គាត់​បាន​លាន់​មាត់​ថា « ជា​ព្យាការី ? »

ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា « មែន​ហើយ ជា​ព្យាការី ។ មិន​ដាក់​សម្ពាធ​លើ​ប្អូន​ទេណា ! »

យើង​បាន​ពិភាក្សា​ថា ខណៈ​ដែល​អំពើ​បាប​គាត់​មិន​ច្រើន​ដល់​កម្រិត​អំពើ​បាបរបស់​អាល់ម៉ា​នោះ តែ​ការសន្យា​នៃ​ការអភ័យទោស​ទាំងស្រុង និង​ឥតខ្ចោះ​ដូចគ្នា​នោះ គឺ​មាន​ចំពោះ​មនុស្ស​គ្រប់រូប—នៅ​ក្នុង និង​តាមរយៈ​ដង្វាយធួន​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ឥឡូវ ដេននី បាន​យល់​ហើយ ។ គាត់​បាន​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ៖ គាត់​ត្រូវ​ចាប់ផ្ដើម​ដំណើរ​របស់​គាត់​ដោយ​ការទុកចិត្ត​លើ​ព្រះ​អម្ចាស់ និង​ការអភ័យ​ទោស​ឲ្យ​ខ្លួន​ឯង !

ការផ្លាស់ប្តូរ​នៅ​ក្នុង​ដួងចិត្ត​របស់ ដេននី គឺ​ជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ ។ យូរៗ​ទៅ ទឹកមុខ​របស់​គាត់​បានផ្លាស់ប្រែ ហើយ​ពន្លឺ​នៅក្នុង​កែវភ្នែក​របស់​គាត់​ក៏មាន​ត្រឡប់​មកវិញ ។ គាត់​បាន​ក្លាយ​ទៅជា​មនុស្ស​ដែល​មាន​ភាពសក្ដិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ! ទីបំផុត​គាត់​បាន​ត្រឡប់​ទៅ​ជា​មនុស្ស​សប្បាយ​រីករាយ​វិញ​ !

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​បាន​សួរ ដេននី ថា ​តើ​គាត់​ចង់​ដាក់​ពាក្យ​​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ដែរឬ​ទេ ។ ការឆ្លើយតប​របស់​គាត់ ​គឺ​ជា​ការ​ភ្ញាក់​ផ្អើល និង​ស្ញប់ស្ញែង​មួយ ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​ពិត​ជា​ចង់​បម្រើ​បេសកកម្ម​ណាស់​ ប៉ុន្តែ​បង​បាន​ដឹង​ហើយ​ថា ​ខ្ញុំ​ធ្លាប់​នៅទីណា និង​បាន​ធ្វើ​រឿង​អ្វីខ្លះ ! ខ្ញុំ​បាន​គិត​ថា ខ្ញុំ​គ្មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នោះទេ » ។

ខ្ញុំ​បាន​តប​ថា ​« ប្អូន​អាច​និយាយ​ត្រូវ ។ ប៉ុន្តែ គ្មាន​អ្វី​រា​រាំង​យើង​ពី​ការស្នើសុំ​នោះ​ទេ ។ បើ​ប្អូន​ត្រូវ​បាន​គេ​បដិសេធ យ៉ាង​ហោច​ណាស់​ប្អូន​នឹង​ដឹង​ថា ​ប្អូន​បាន​បង្ហាញ​នូវ​បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់ ​ដើម្បី​បម្រើ​ព្រះ​អម្ចាស់ » ។ គាត់​​សប្បាយ​​យ៉ាងខ្លាំង ។ គាត់​​រំភើប​យ៉ាងខ្លាំង​ជាមួយនឹង​គំនិត​នេះ ។ ចំពោះ​គាត់ នេះ​គឺ​ជា​ការសាកល្បង​មួយ​ បើ​មិនបាន​ជោគជ័យ​ក្តី ប៉ុន្តែ​វា​ជា​ឱកាស​មួយ​ដែល​គាត់​នឹង​ធ្វើ​វា ។

ពីរ​បី​សប្តាហ៍​ក្រោយ​មក គាត់​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង អព្ភូតហេតុ​មួយ​ទៀត​បាន​កើត​ឡើង ។ ដេននី បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

ប៉ុន្មាន​ខែ​ក្រោយ​ពី ដេននី បាន​ទៅ​ដល់​កន្លែង​​បេសកកម្ម មាន​គេ​ទូរសព្ឌ​មករក​ខ្ញុំ ។ ប្រធាន​គាត់​បាន​និយាយ​ថា « តើ​យុវជន​នេះ​ជា​នរណា ? គាត់​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប ! » បងប្អូន​មើល​ឃើញ​ថា ប្រធាន​រូប​នេះ​ទទួល​បាន​អាល់ម៉ា​ជា​កូន​សម័យ​ទំនើប​មួយ​រូប ។

ពីរ​ឆ្នាំ​ក្រោយ​មក ដេននី បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​កិត្តិ​យស ដោយ​បាន​បម្រើ​ព្រះ​អម្ចាស់​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ។

បន្ទាប់​ពី​រាយការណ៍​អំពីការផ្សព្វផ្សាយ​សាសនា​របស់​គាត់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ចប់រួច ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បានឮ​គេ​គោះ​ទ្វារ​មុខផ្ទះ ។ នៅមុខទ្វា​គឺជា ដេននី កំពុងមាន​អារម្មណ៍​ក្តុកក្តួល ហើយ​ភ្នែក​ដូចជា​កំពុង​យំ​ផងដែរ ។ គាត់​បាន​និយាយ​ថា « តើ​យើង​អាច​និយាយ​ជាមួយ​គ្នា​បន្តិច​បាន​ទេ ? » យើង​បាន​ដើរ​ចេញ​ទៅ​កាំជណ្តើរ​ខាងក្រៅ​ដូច​លើក​មុន ។

គាត់​បាន​និយាយ​ថា « ប្រធាន តើ​ប្រធាន​គិត​ថា​ខ្ញុំ​ពិត​ជា​ទទួល​បាន​ការអភ័យទោស​មែន​ឬ ? »

ឥឡូវ​ខ្ញុំ​ចាប់ផ្តើម​យំ​ជាមួយ​គាត់​ដែរ ។ នៅ​ពីមុខខ្ញុំ គឺជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​អស់ពី​សមត្ថភាព​របស់​គាត់​ដើម្បី​បង្រៀន និង​ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គសង្រ្គោះ ។ គាត់​ជា​តំណាង​ឲ្យ​ការព្យាបាល និង​ការពង្រឹង​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​បាន​និយាយ​ថា « ដេននី ! តើ​ប្អូន​មាន​បាន​ឆ្លុះ​កញ្ចក់​ដែរ​ឬ​ទេ ? តើ​ប្អូន​បាន​ឃើញ​កែវភ្នែក​របស់​ប្អូន​ដែរឬ​ទេ ? ភ្នែក​ទាំងគូ​នេះ​ពោរពេញ​ទៅ​ដោយ​ពន្លឺ ហើយ​ប្អូន​កំពុង​ចែងចាំង​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ។ ពិតណាស់ ប្អូន​ត្រូវ​បាន​លើកលែងទោស​ហើយ ! ប្អូន​ជា​មនុស្ស​ល្អណាស់ ! ឥឡូវ​នេះអ្វី​ដែល​ប្អូន​ត្រូវ​ធ្វើ​នោះ​គឺ​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅក្នុង​ជីវិត​របស់​ប្អូន ។ សូម​កុំ​ត្រឡប់​ទៅ​ទម្លាប់​ចាស់​ឲ្យ​សោះ ! ឆ្ពោះទៅមុខ​ដោយ​សេចក្តីជំនឿ​ចំពោះ​ពិធីបរិសុទ្ធ​បន្ទាប់ទៀត » ។

អព្ភូតហេតុ​របស់ ដេននី នៅ​តែ​បន្ត​នៅ​ថ្ងៃ​នេះ ។ គាត់​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ត្រឡប់​ទៅរៀន​សាលា​វិញ ជា​កន្លែង​ដែល​គាត់​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត ។ គាត់​បន្ត​បម្រើ​ព្រះអម្ចាស់​ដោយ​មាន​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ហៅបម្រើ​របស់​គាត់ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត គាត់​បាន​ក្លាយ​ទៅជា​ស្វាមី​ដ៏​អស្ចារ្យ និង​ជា​ឪពុក​ដ៏​ស្មោះ​ត្រង់​ម្នាក់ ។ គាត់​គឺជា​សិស្ស​ស្មោះស្ម័គ្រ​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « បើ​គ្មាន​ដង្វាយធួន​ដ៏​អស់កល្ប​ជានិច្ច​របស់ ​[ ព្រះអង្គសង្រ្គោះ ] ទេ នោះ​មនុស្សលោក​ទាំងអស់​នឹង​ត្រូវ​វិនាសបង់​មិនខាន​ឡើយ » ។ ចំពោះ​ព្រះ​អម្ចាស់ ដេននី មិន​បាន​វង្វេង​បាត់​ទេ ហើយ​យើង​ក៏​មិន​បាន​វង្វេង​បាត់​ដែរ ។ ទ្រង់​ឈរ​នៅ​មាត់​ទ្វារ​​លើក​យើង​ឡើង ​ពង្រឹង​ដល់​យើង និង​អភ័យទោស​ដល់​យើង ។ ទ្រង់​តែងតែ​នៅចាំ​ស្រលាញ់​យើង​ជានិច្ច !

ការបង្ហាញ​ដ៏​អស្ចារ្យ​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុត្រាបុត្រី​របស់​ព្រះ ត្រូវ​បាន​គេ​កត់ត្រា​ទុក​ក្នុង​ព្រះគម្ពីរ​មរមនថា « កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ទត​មើល​ជុំវិញ​ហ្វូង​មនុស្ស ហើយ​ឃើញ​ថា ពួក​គេ​ស្រក់​ទឹកភ្នែក ហើយ​បាន​សម្លឹង​មក​រក​ព្រះ​អង្គ​យ៉ាង​ខ្ជាប់ ហាក់​បី​ដូច​ជា​ពួក​គេ​សូម​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត » ។( នីហ្វៃទី៣ ១៧:៥ ) ។

ព្រះអង្គសង្គ្រោះ​បាន​ចំណាយ​ពេល​ពេញ​មួយថ្ងៃ​ដើម្បី​បម្រើ​ដល់​ប្រជាជន​ទាំងនេះ ។ ទ្រង់​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ— ទ្រង់​ត្រូវ​ទៅ​ជួប​ចៀម​ផ្សេងទៀត ទ្រង់​ត្រូវ​ទៅ​រក​ព្រះវរបិតា​របស់​ទ្រង់ ។

ទោះបី​ជា​មាន​កាតព្វកិច្ច​ទាំង​នេះ​ក្ដី ក៏​ទ្រង់​បាន​ដឹងថា​ប្រជាជន​ទាំងនេះ​មាន​បំណង​ចង់​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត ។ បន្ទាប់មក ដោយ​ព្រះទ័យរបស់​ព្រះអង្គសង្រ្គោះ​ពោរពេញ​ទៅ​ដោយ​សេចក្តី​អាណិត​អាសូរ នោះអព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​លោកិយ​នេះ​បាន​កើត​ឡើង ៖

ទ្រង់​បាន​នៅ​ជាមួយ​នឹង​ពួកគេ ។

ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។

ទ្រង់​បាន​បម្រើ​ដល់​កូនៗ​របស់​ពួកគេ​ម្តង​ម្នាក់ៗ ។

ទ្រង់​បាន​អធិស្ឋាន​ឲ្យ​ពួកគេ ទ្រង់​ព្រះកន្សែង​ជាមួយ​ពួកគេ ។

ទ្រង់​បាន​ព្យាបាល​ដល់​ពួកគេ ។ ( សូមមើល នីហ្វៃ​ទី៣ ១៧ ) ។

ការសន្យា​របស់​ទ្រង់​គឺ​អស់កល្ប​ជានិច្ច ៖ ទ្រង់​នឹង​ព្យាបាល​យើង ។

ចំពោះ​អ្នក​ដែល​បាន​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា សូម​ដឹង​ថា វា​តែងតែ​មាន​សេចក្ដី​សង្ឃឹម មាន​ការព្យាបាល ហើយ​​មាន​ផ្លូវ​ត្រឡប់​មក​វិញ​ជានិច្ច ។

សារ​ដ៏​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​សង្ឃឹម​របស់​ទ្រង់​ គឺជា​ប្រទាល​សះមុខសម្រាប់​ព្យាបាល​ដល់​អស់​អ្នកដែល​រស់នៅ​ក្នុង​ពិភពលោក​ដែល​មាន​បញ្ហា​នេះ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។

បង​ប្អូន​ប្រុសស្រី សូម​ឲ្យ​យើង​ចងចាំ​ក្នុង​ការស្វែងរក​ទ្រង់ ស្រឡាញ់​ទ្រង់ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​នៅរស់ ហើយ​ថា​ទ្រង់​ស្រឡាញ់​ពួកយើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​បន្ថែម​ទៀតថា ព្រះយេស៊ូគ្រីស្ទ គឺជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ។ ទ្រង់​គឺ​ជា​អ្នក​ព្យាបាល​ដ៏​អស្ចារ្យ ។ ខ្ញុំ​ដឹងថា ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ ! នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Prepare for Blessings of the Temple » Ensignខែ មីនា ឆ្នាំ ២០០២ ទំព័រ ១៧ ។