សន្និសីទទូទៅ
ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ

សូម​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់ និង ត្រៀមខ្លួន​សម្រាប់​ជម្រើស​ដ៏​សុចរិត​ពេញ​មួយ​ជីវិត ។

កាលពី​យូរ​លង់​មក​ហើយ ឪពុក​ម្នាក់​ហៀប​នឹង​ចេញទៅ​ប្រជុំ​គណៈប៊ីស្សព​នា​ល្ងាច​មួយ ។ កូនស្រី​អាយុ​បួន​ឆ្នាំ​របស់​គាត់​បាន​ឈរនៅមុខ​គាត់ ដោយ​ពាក់​ឈុត​គេង និង​កាន់​សៀវភៅ ដំណើររឿង​ព្រះគម្ពីរ​មរមន មួយ​ក្បាល ។

នាង​បាន​សួរ​ថា « ហេតុអ្វី​ប៉ា​ត្រូវ​ទៅ​ប្រជុំ ? »

គាត់​បាន​ឆ្លើយ​ថា « ព្រោះ​ប៉ា​គឺជា​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព » ។

កូនស្រី​របស់​គាត់​បាន​តវ៉ា​ថា « តែ​អូន​ជា​កូន​របស់​ប៉ា ! »

គាត់​បាន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​នាង ។ គាត់​បាន​និយាយ​ថា « សំណព្វ​ចិត្តប៉ា ប៉ា​ដឹង​ថា កូន​ចង់ឲ្យ​ប៉ា​អាន​សៀវភៅឲ្យ​កូន​ស្ដាប់ ហើយ​នាំកូន​ចូល​គេង ប៉ុន្ដែ​យប់នេះ ប៉ា​ត្រូវ​ទៅ​ជួយ​ប៊ីស្សព » ។

កូនស្រី​របស់​គាត់​បាន​ឆ្លើយតប​ថា « តើ​ប៊ីស្សព​អត់​មាន​ប៉ា​ដើម្បី​ជួយ​គាត់​ឲ្យ​ចូល​គេង​ទេ​ឬ ? »

យើង​មាន​អំណរគុណ​ជារៀង​រហូត​ចំពោះ​សមាជិក​រាប់​មិន​អស់ ដែល​បម្រើ​យ៉ាង​ឧស្សាហ៍​ព្យាយាម​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ។ ការលះបង់​របស់​បងប្អូន​ពិតជា​ពិសិដ្ឋ​ខ្លាំង​ណាស់ ។

ប៉ុន្តែ​ដូចជា​ក្មេងស្រី​រូបនេះ​ហាក់​បាន​យល់​ដែរ មាន​អ្វីមួយ​ដែល​ពិសិដ្ឋ​ស្មើគ្នា—គឺជា​អ្វីមួយ​ដែល​មិន​អាច​ជំនួស​បាន—ពោល​គឺ​ការចិញ្ចឹម​បីបាច់​កូន​របស់​ឪពុក​ម្តាយ ។ វា​ឆ្លុះបញ្ចាំង​ពី​លំនាំ​នៃ​ស្ថានសួគ៌ ។ ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌ ដែល​ព្រះមាតា​បិតា​ដ៏ទេវភាព​របស់​យើង​ប្រាកដជា​រីករាយ នៅពេល​ដែល​បុត្រា​បុត្រី​របស់​ទ្រង់​ទទួល​បាន​ការបង្រៀន និង​ការចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅលើ​ផែនដី ។

ឪពុក​ម្ដាយ​ទាំងឡាយ​អើយ សូម​អរគុណ​ចំពោះ​អ្វីៗ​ដែល​បងប្អូន​កំពុង​ធ្វើ​ដើម្បី​ចិញ្ចឹម​កូនៗ​របស់​បងប្អូន ។ ហើយ​កូនៗ​ទាំងឡាយ​អើយ សូម​អរគុណ​ចំពោះ​អ្វីៗ​ដែល​ក្មួយៗ​កំពុង​ធ្វើ​ដើម្បី​បង្រៀន​ឪពុក​ម្ដាយ​របស់​ក្មួយៗ ព្រោះ​ដូច​ឪពុក​ម្តាយ​គ្រប់រូប​ដឹង​ហើយ ជារឿយៗ យើង​រៀន​បាន​ច្រើន​ពី​កូនៗ​របស់​យើង​អំពី​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ខណៈពេល​ពួកគេ​រៀន​ពី​យើង !

ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ

តើ​បងប្អូន​ធ្លាប់​គិត​ពី​ហានិភ័យ​ដ៏​ធំ ដែល​ព្រះវរបិតា​សួគ៌​របស់​យើង​មាន រាល់​ពេល​ដែល​ទ្រង់​បញ្ជូន​បុត្រ​ម្នាក់​ឲ្យ​មកកាន់​ផែនដី​ដែរ​ឬ​ទេ ? បុត្រ​ទាំងនេះ​គឺជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ ពួកគេ​មាន​សក្តានុពល​​គ្មាន​ដែន​កំណត់ ។ ពួកគេ​មាន​ជោគវាសនា​ក្លាយជា​អង្គ​ដ៏​រុងរឿង​នៃ​សេចក្តីល្អ ព្រះគុណ និង​សេចក្តីពិត ។ ប៉ុន្តែ​ពួកគេ​បែរជា​មក​ផែនដី​ដោយ​គ្មាន​ជំនួយ​អ្វី​ទាំងអស់ ស្ទើរតែ​មិន​អាច​ធ្វើ​អ្វី​បាន​សោះ​ក្រៅពី​យំ​សូម​ជំនួយ ។ ការចងចាំ​ពី​ពេលវេលា​របស់​ពួកគេ​នៅក្នុង​វត្តមាន​របស់​ព្រះ​​បាន​លុបបាត់ ដោយ​ទៅ​ជាមួយ​នឹង​ចំណេះដឹង​ថា ពួកគេជា​នរណា​ពិតប្រាកដ ហើយថា ​នរណា​ដែលពួកគេ​អាចប្រែ​ក្លាយជា ។ ពួកគេ​ទទួល​បាន​ការយល់ដឹង​អំពី​ជីវិត ក្ដី​ស្រឡាញ់ ព្រះ និង​ផែនការ​របស់​ទ្រង់ ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​សង្កេត​ឃើញ​ពី​មនុស្ស​នៅ​ជុំវិញ​ពួកគេ—ជាពិសេស​ឪពុក​ម្ដាយ​របស់​ពួកគេ បើនិយាយ​ឲ្យ​ត្រង់ទៅ ពួកគេ​នៅ​តែ​ស្វែងយល់​ពី​រឿង​ទាំងឡាយ​សម្រាប់​ខ្លួន​របស់​ពួកគេ​នៅ​ឡើយ​ទេ ។

រូបភាព
ទារក​ទើប​នឹង​កើត

ព្រះ​បាន​ប្រទាន​ដល់​ឪពុក​ម្ដាយ​គ្រប់រូប​នូវ « កាតព្វកិច្ច​ដ៏ពិសិដ្ឋ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដីស្រឡាញ់ និង​សេចក្ដី​សុចរិត ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់​ពួកគេ និង​បង្រៀន​ពួកគេ​ឲ្យ​ចេះ … គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។

សារ​នេះ​ល្មម​គ្រប់គ្រាន់​ដើម្បី​ដាស់ដល់​ឪពុក​ម្តាយឲ្យ​ភ្ញាក់ឡើងនៅពេល​រាត្រី ទោះជា​ឪពុក​ម្ដាយ​​នោះល្អបំផុត​ក្ដី ។

សារ​របស់​ខ្ញុំ​ទៅកាន់​ឪពុក​ម្តាយ​គ្រប់រូប​គឺ​ដូច្នេះ ៖

ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ។

ទ្រង់​គង់​ជាមួយ​នឹង​បងប្អូន ។

ទ្រង់​គង់​នៅក្បែរ​បងប្អូន ។

ទ្រង់​គឺជា​កម្លាំង​របស់​បងប្អូន ក្នុង​ការណែនាំ​កូនៗ​របស់​បងប្អូន​ឲ្យ​ធ្វើ​ការជ្រើសរើស​ដោយ​សុចរិត ។

សូម​ទទួល​យក​អភ័យ​ឯកសិទ្ធិ និង​ទំនួល​ខុសត្រូវ​នេះ​ដោយ​មាន​ចិត្ត​ក្លាហាន និងដោយក្តី​អំណរ ។ សូម​កុំ​ប្រគល់​ប្រភព​នៃ​ពរជ័យ​សួគ៌ា​នេះ​ដល់​នរណា​ម្នាក់​ទៀត​ឡើយ ។ នៅ​ក្នុង​បរិបទ​នៃ​គុណតម្លៃ និង​គោលការណ៍​នៃ​ដំណឹងល្អ បងប្អូន​គឺ​ជា​មនុស្ស​ដែល​ការណែនាំ​ដល់​កូន​របស់​បងប្អូន​អំពី​ព័ត៌មាន​លម្អិត​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ។ សូម​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់ និង ត្រៀមខ្លួន​សម្រាប់​ជម្រើស​ដ៏​សុចរិត​ពេញ​មួយ​ជីវិត ។ តាម​ពិត​ទៅ នោះ​គឺជា​ផែនការ​របស់​ព្រះ​សម្រាប់​ឪពុក​ម្ដាយ​ទាំងឡាយ ។

សាតាំង​នឹង​ខំ​ប្រឆាំង​បងប្អូន រំខាន​បងប្អូន ហើយ​ព្យាយាម​បំបាក់​ទឹកចិត្ត​បងប្អូន ។

ប៉ុន្តែ​បុត្រ​គ្រប់រូប​បាន​ទទួល​ពន្លឺ​នៃ​ព្រះគ្រីស្ទ ទុកជា​ផ្លូវ​ដោយផ្ទាល់​ទៅកាន់​ស្ថានសួគ៌ ។ ហើយ​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​ដល់​បងប្អូន ណែនាំ​បងប្អូន ហើយ​លើក​ទឹកចិត្ត​បងប្អូន ។ សូម​ស្វែងរក​ជំនួយ​ពី​ទ្រង់ ។ សូម​អំពាវនាវ​ដល់​ព្រះអម្ចាស់ !

រូបភាព
ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ

គឺ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​យុវវ័យ​ដែរ ព្រះយេស៊ូវ​គ្រីស្ទ​ក៏ជា​កម្លាំង​របស់​ឪពុក​ម្ដាយ​ផងដែរ ។

ទ្រង់​បង្កើន​សេចក្ដី​ស្រឡាញ់

ពេលខ្លះ យើង​ប្រហែល​ឆ្ងល់​ថា តើ​អាច​មាន​អ្នកផ្សេង​ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អជាង​ដើម្បី​ប្រដៅ​ណែនាំ និង​បង្រៀន​កូន​របស់​យើង​ដែរ​ឬ​ទេ ។ ប៉ុន្តែ​មិន​ថា​បងប្អូន​អាច​មាន​អារម្មណ៍​មិន​ល្អ​គ្រប់គ្រាន់​ប៉ុនណា​នោះ​ទេ បងប្អូន​មាន​អ្វីមួយ​ដែល​ស័ក្ដិសម​យ៉ាង​ពិសេស​ដែលបងប្អូន​មាន ៖ សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​កូន​របស់​បងប្អូន ។

សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ម្តាយ​ចំពោះ​កូន គឺជា​កម្លាំង​ដ៏ខ្លាំងក្លា​បំផុត​មួយ​ក្នុង​សកលលោក​នេះ ។ វា​គឺជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​មួយ​ចំនួន​នៅលើ​ផែនដី​នេះ ដែល​ពិតជា​អាច​មាន​អស់កល្ប​ជានិច្ច​បាន ។

ឥឡូវ​នេះ ប្រហែល​ជា​បងប្អូន​មាន​អារម្មណ៍​ថា ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​កូន​របស់​បងប្អូន​គឺ​មិន​សូវ​ល្អ​ឥតខ្ចោះ​ទេ ។ ត្រង់​នេះ​​ជា​កន្លែង​ដែល​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​កើត​មាន ។ ទ្រង់​ព្យាបាល​អ្នកឈឺ ហើយ​ទ្រង់​អាច​ព្យាបាល​ទំនាក់ទំនង​បាន ។ ទ្រង់​ប្រទានពរ​ឲ្យ​មាន​នំប៉័ង និង​ត្រី​ច្រើនឡើង ហើយ​ទ្រង់​អាច​ប្រទានពរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​អំណរ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន​ច្រើន​ឡើង​ផងដែរ ។

សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​កូនៗ​បងប្អូន បង្កើត​ជា​បរិយាកាស​ដ៏​សម្បូរ​បែប​មួយ​សម្រាប់​ការបង្រៀន​សេចក្ដីពិត និង​ការស្ថាបនា​សេចក្ដី​ជំនឿ ។ សូម​ធ្វើឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ជា​គេហដ្ឋាន​នៃ​ការអធិស្ឋាន ការរៀនសូត្រ និង​សេចក្ដី​ជំនឿ ជា​គេហដ្ឋាន​មួយ​ដែល​មាន​បទពិសោធន៏​ដ៏រីករាយ ជា​ទីកន្លែង​នៃ​ការរាប់អាន ជា​ដំណាក់​របស់​ព្រះ ។ ហើយ « ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់ពី​កម្លាំង​ចិត្ត​ដើម្បី​ឲ្យ [ បងប្អូន ] រាល់គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ [ របស់​ទ្រង់ ] ដែល​ទ្រង់​បាន [ ប្រទាន ] ដល់ … អ្នក​ដើរ​តាម​ដ៏ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។

ទ្រង់​ពង្រីក​កិច្ចការ​តូចតាច និង​ងាយ

កម្លាំង​មួយ​ទៀត​ដែល​បងប្អូន​មាន ក្នុងនាមជា​ឪពុក​ម្តាយ គឺជា​ឱកាស​ដើម្បី​មាន​ឥទ្ធិពល​ជា​រៀងរាល់​ថ្ងៃ បន្ត​ឥត​ដាច់ ។ មិត្តភក្តិ គ្រូបង្រៀន និង​អ្នកមាន​ឥទ្ធិពល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មក​ហើយ​ទៅវិញ ។ ប៉ុន្តែ​បងប្អូន​អាច​ជា​ឥទ្ធិពល​ដ៏​ខ្ជាប់ខ្ជួន​បំផុត​នៅក្នុង​ជីវិត​របស់​កូន​បងប្អូន ។

កិច្ចខិតខំ​របស់​បងប្អូន​អាច​ហាក់​មើលទៅ​ដូចជា​តូច បើ​ប្រៀបធៀប​ទៅនឹង​សំឡេង​ដ៏ឮ​ខ្លាំង ដែល​កូនៗ​របស់​បងប្អូន​បាន​ឮ​ពីក្នុង​ពិភពលោក​នេះ ។ ពេល​ខ្លះ បងប្អូន​អាច​មាន​អារម្មណ៍​ថា បងប្អូន​មិន​បាន​សម្រេច​អ្វី​បាន​ច្រើន​នោះ​ទេ ។ ប៉ុន្តែ​សូម​ចាំ​ថា « ដោយសារ​មធ្យោបាយ​ដ៏​តូចតាច នោះ​ព្រះអម្ចាស់​ទ្រង់​អាច​សម្រេច​ការណ៍​យ៉ាង​ធំ​បាន » ។ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​មួយ ការសន្ទនា​អំពី​ដំណឹងល្អ​មួយ ឬ​គំរូ​ល្អ​មួយ​ប្រហែលជា​មិន​អាច​ផ្លាស់ប្តូរ​ជីវិត​កូន​របស់​បងប្អូន​ក្នុង​ពេលម្ដង​បាន​ទេ គឺ​ដូចជា​តំណក់​ទឹកភ្លៀង​មួយ​តក់​មិន​អាច​ធ្វើឲ្យ​រុក្ខជាតិ​លូតលាស់​ភ្លាមៗ​បាន​ដែរ ។ ប៉ុន្តែ​ភាពខ្ជាប់ខ្ជួន​នៃ​កិច្ចការ​តូចតាច និង​សាមញ្ញ​ជា​រៀងរាល់​ថ្ងៃ បណ្ដុះ​កូនៗ​របស់​បងប្អូន​បាន​ប្រសើរ​ជាង​ទឹក​ជំនន់​ម្ដងម្កាល ។

នោះ​គឺជា​របៀប​របស់​ព្រះអម្ចាស់ ។ ទ្រង់​មាន​បន្ទូល​ទៅកាន់​បងប្អូន និង​កូន​របស់​បងប្អូន​ដោយ​ព្រះសូរសៀង​ដ៏​តូច​រហៀង មិន​មែន​ដោយ​សំឡេង​ផ្គរ​នោះ​ទេ ។ ទ្រង់​បាន​ព្យាបាល ណាម៉ាន់ មិនមែន​តាមរយៈ « អ្វី​យ៉ាង​ធំ » នោះ​ទេ ប៉ុន្តែ​តាមរយៈ​ទង្វើ​សាមញ្ញៗ​ដដែលៗ​នៃ​ការមុជទឹក​លាង​សម្អាត ។១០ កូនចៅ​អ៊ីស្រាអែល​បាន​រីករាយ​នឹង​ការជប់លៀង​បរិភោគ​សត្វ​ក្រួច​នៅក្នុង​ទីរហោស្ថាន ប៉ុន្តែ​អ្វី​ដែល​បាន​ធ្វើឲ្យ​ពួកគេ​នៅរស់​នោះ គឺជា​អព្ភូតហេតុ​ដ៏​តូចតាច និង​ងាយ​នៃ​នំ​ម៉ានា—ដែល​ជា​នំបុ័ង​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។១១

បងប្អូន​ប្រុស​ស្រី នំប៉័ង​ប្រចាំ​ថ្ងៃ​ត្រូវបាន​រៀបចំ និង​បរិភោគ​បាន​យ៉ាង​ល្អ​បំផុត​នៅឯ​ផ្ទះ ។ សេចក្ដី​ជំនឿ និង​ទីបន្ទាល់​គឺ​ត្រូវបាន​ចិញ្ចឹម​បីបាច់​បាន​យ៉ាង​ល្អ​បំផុត​តាម​របៀប​ធម្មតា និង​តាម​ធម្មជាតិ មួយ​ជំហាន​ម្តងៗ នៅ​គ្រា​តូចតាច និង​សាមញ្ញ នៅក្នុង​លំហូរ​រស់នៅ​ប្រចាំ​ថ្ងៃ​ជានិច្ច ។១២

គ្រប់​គ្រា​ទាំងអស់​គឺជា​គ្រា​នៃ​ការបង្រៀន​មួយ ។ រាល់​ពាក្យ​សម្ដី និង​សកម្មភាព​អាច​ជា​ការណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ។១៣

បងប្អូន​ប្រហែល​ជា​មិន​ឃើញ​ឥទ្ធិពល​ភ្លាមៗ​នៃ​ការខិតខំ​របស់​បងប្អូន​ទេ ។ ប៉ុន្តែ សូម​កុំ​បោះបង់​ចោល​ឡើយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « គ្រប់​ទាំងអស់​ត្រូវតែ​កើតឡើង​តាម​ពេល​របស់​វា ។ ចូរ​កុំ​ណាយចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ដ្បិត [ បងប្អូន ] រាល់គ្នា​កំពុងតែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ » ។១៤ តើ​មាន​កិច្ចការ​អ្វី ដែល​អាច​ធំ​ជាង​ការជួយ​បុត្រា​បុត្រី​ដ៏មាន​តម្លៃ​របស់​ព្រះ​ឲ្យ​ដឹង​ថា តើ​ពួកគេ​ជា​នរណា​ឲ្យ​ពិត​ប្រាកដ ហើយ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​នោះ ? ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រទាន​ពរ និង​តម្កើង​កិច្ច​ខិតខំ​ដ៏​ខ្ជាប់ខ្ជួន​របស់​បងប្អូន ។

ទ្រង់​ប្រទាន​វិវរណៈ

វិធី​ដ៏មាន​អានុភាព​មួយ​ទៀត​ដែល​ព្រះ​គាំទ្រ​ដល់​ឪពុក​ម្ដាយ គឺ​តាមរយៈ​អំណោយទាន​នៃ​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះ​អន្ទះសា​សព្វព្រះទ័យ​ចាក់​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​ដើម្បី​ណែនាំ​ឪពុក​ម្ដាយ ។

នៅពេល​បងប្អូន​អធិស្ឋាន និង​ប្រុងប្រយ័ត្ន​ស្ដាប់​តាម​ព្រះវិញ្ញាណ នោះ​ទ្រង់​នឹង​ព្រមាន​បងប្អូន​ពី​គ្រោះថ្នាក់​ដែល​លាក់​កំបាំង​នានា ។១៥ ទ្រង់​នឹង​បើក​សម្ដែង​ពី​អំណោយទាន ភាពខ្លាំង និង​កង្វល់​នៅ​ក្នុង​ចិត្ត​របស់​កូនៗ​បងប្អូន ។១៦ ព្រះ​នឹង​ជួយ​បងប្អូន​ឲ្យ​មើលទៅ​កូនៗ​របស់​បងប្អូន ដូចជា​ទ្រង់​ទតទៅ​ពួកគេ​ដែរ—គឺ​ហួសពី​រូបរាង​ខាងក្រៅ​របស់​ពួកគេ ហើយ​ចូល​ទៅក្នុង​ចិត្ត​របស់​ពួកគេ ។១៧

ដោយ​មាន​ជំនួយ​ពី​ព្រះ បងប្អូន​អាច​រៀន​ស្គាល់​កូនៗ​របស់​បងប្អូន​បាន ដូចជា​ព្រះ​ស្គាល់​ពួកគេ​ដែរ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទទួលយក​ការផ្ដល់​ជំនួយ​របស់​ព្រះ ដើម្បី​ណែនាំ​គ្រួសារ​របស់​បងប្អូន​តាម​វិវរណៈ​ផ្ទាល់ខ្លួន ។ សូម​ស្វែងរក​ការណែនាំ​ពី​ទ្រង់​នៅក្នុង​ការអធិស្ឋាន​របស់​បងប្អូន ។១៨

ការផ្លាស់ប្តូរ​យ៉ាង​ធំ

ប្រហែល​ជំនួយ​ដ៏​សំខាន់​បំផុត​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​ឪពុក​ម្ដាយ​គឺ « ការផ្លាស់ប្ដូរ​ដ៏​ធំ » នៃ​ដួងចិត្ត​បងប្អូន ។១៩ វា​គឺជា​អព្ភូតហេតុ​មួយ​ដែល​ពួកយើង​ម្នាក់ៗ​ត្រូវការ ។

សូម​ស្រមៃ​ពី​ស្ថានភាព​នេះ​មួយ​ភ្លែត ៖ បងប្អូន​នៅ​ព្រះវិហារ​កំពុង​ស្ដាប់​សុន្ទរកថា​មួយ​អំពី​ក្រុមគ្រួសារ ។ អ្នកឡើង​និយាយ​រៀបរាប់​ពី​គេហដ្ឋាន​ដ៏ល្អ​ឥតខ្ចោះ​មួយ និង​គ្រួសារ​ដ៏ល្អ​ឥតខ្ចោះ ។ ស្វាមី និង​ភរិយា​មិន​ដែល​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ។ កូនៗ​ឈប់​អាន​ព្រះគម្ពីរ​របស់​ពួកគេ តែ​នៅ​ពេល​ត្រូវ​ធ្វើ​កិច្ចការ​សាលា​ប៉ុណ្ណោះ ។ ហើយ​ចម្រៀង​បទ « ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក »​២០ កំពុង​លេង​បណ្ដើរៗ ។ មុន​ពេល​អ្នក​ឡើង​និយាយ​ចូល​ដល់​ផ្នែក​ដែល​និយាយ​អំពី​គ្រប់គ្នា​ចូល​សម្អាត​បន្ទប់​ទឹក​ដោយ​ក្ដី​រីករាយ បងប្អូន​គិត​រួច​ទៅ​ហើយ​ថា « គ្រួសារ​ខ្ញុំ​គ្មាន​សង្ឃឹម​ទេ » ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ សូម​បន្ធូរ​អារម្មណ៍ ! មនុស្ស​គ្រប់គ្នា​នៅក្នុង​ក្រុមជំនុំ​នេះ​កំពុង​គិត​រឿង​ដូចគ្នា​នេះ ! ការពិត​គឺ​ថា ឪពុក​ម្ដាយ​ទាំងអស់​ព្រួយបារម្ភ​ថា​ខ្លួនឯង​មិន​ល្អ​គ្រប់គ្រាន់ ។

សំណាង​ល្អ មាន​ប្រភព​ជំនួយ​ដ៏​ទេវភាព​មួយ​សម្រាប់​ឪពុក​ម្ដាយ ៖ ប្រភព​នោះ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​ការផ្លាស់ប្តូរ​ដួងចិត្ត​ដ៏​អស្ចារ្យ​របស់​យើង ។

នៅ​ពេល​បងប្អូន​បើក​ដួងចិត្ត​ចំពោះ​ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​របស់​ទ្រង់ នោះ​ទ្រង់​នឹង​បង្ហាញ​បងប្អូន​នូវ​ភាពទន់ខ្សោយ​របស់​បងប្អូន ។ ប្រសិនបើ​បងប្អូន​ទុកចិត្ត​លើ​ព្រះគ្រីស្ទ​ដោយ​មាន​ដួងចិត្ត​រាបទាប នោះ​ទ្រង់​នឹង​ធ្វើឲ្យ​ភាពទន់ខ្សោយ​ក្លាយ​ទៅជា​ភាពខ្លាំង​វិញ ។២១ ទ្រង់​គឺ​ជា​ព្រះ​នៃ​អព្ភូហេតុ ។

តើ​ការណ៍​នេះ​មាន​ន័យ​ថា បងប្អូន និង​គ្រួសារ​របស់​បងប្អូន​គ្មាន​ខុស​អ្វី​សោះ​ឬ ? អត់ទេ ។ ប៉ុន្តែ​បងប្អូន​នឹង​បាន​ប្រសើរ​ឡើង ។ តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ បន្ដិច​ម្ដងៗ នោះ​បងប្អូន​នឹង​អភិវឌ្ឍ​គុណលក្ខណៈ​ដែល​ឪពុក​ម្ដាយ​ត្រូវការ​បន្ថែម​ទៀត ៖ ស្រឡាញ់​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ចិត្ត​អំណត់ ការមិន​គិត​ពី​ខ្លួនឯង សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ភាពក្លាហាន​ដើម្បី​ជ្រើសយក​ជម្រើស​សុចរិត ។

ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការគាំទ្រ​តាមរយៈ​សាសនាចក្រ​របស់​ទ្រង់

កិច្ច​ខិតខំ​របស់​យើង​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ផ្តោត​ទៅលើ​គេហដ្ឋាន និង​បុគ្គល​ម្នាក់ៗ ។ ហើយ​សាសនាចក្រ​គាំទ្រ​ដល់​កិច្ចខិតខំ​នេះ ។ ក្រៅ​ពី​ដោយ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ និង​ពាក្យសម្ដី​របស់​ព្យាការី សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ដល់​នូវ​ធនធាន​ជា​ច្រើន ដើម្បី​ជួយ​ឪពុក​ម្ដាយ និង​កូនៗ​ឲ្យ​ធ្វើ​ការជ្រើសរើស​ដោយ​សុចរិត ៖

រូបភាព
ដើម្បី​កម្លាំង​នៃ​យុវជន<nb/>៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស
  • ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស មិន​ផ្តល់​ឲ្យ​បងប្អូន​នូវ​បញ្ជី​អ្វី​ដែល​ត្រូវ​ធ្វើ ឬ​មិន​ធ្វើ​នោះ​ទេ ។ វា​បង្រៀន​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ដើម្បី​ជួយ​បងប្អូន​ឲ្យ​ជ្រើសរើស​ផ្តោត​លើ ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ សូម​អាន​វា​ជាមួយ​កូនៗ​របស់​បងប្អូន ។ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​សៀវភៅ​នេះ ។ ជួយ​ពួកគេ​ឲ្យ​មាន​សេចក្តីពិត​ដ៏​អស់កល្ប និង​ដ៏​ទេវភាព​ទាំងនេះ​ដឹកនាំ​ជម្រើស​របស់​ពួកគេ ។២២

  • សន្និសីទ FSY គឺជា​ធនធាន​ដ៏​អស្ចារ្យ​មួយ​ទៀត ។ ខ្ញុំ​សង្ឃឹម​ថា យុវវ័យ​គ្រប់រូប​នឹង​ចូលរួម ។ ខ្ញុំ​សូម​អញ្ជើញ​យុវមជ្ឈិមវ័យ​នៅលីវ​ទាំងឡាយ​ឲ្យ​ចូលរួម​សន្និសីទ​ទាំងនេះ ធ្វើជា​អ្នកណែនាំ និង​ជា​ទីប្រឹក្សា ។ ខ្ញុំ​សូម​អញ្ជើញ​ឪពុក​ម្ដាយ​ឲ្យ​ស្ថាបនា​លើ​សន្ទុះ​ខាង​វិញ្ញាណ​ដែល​យុវវ័យ​របស់​ពួកគេ​នាំ​យក​មក​ផ្ទះ​ពី​សន្និសីទ FSY ។

  • កុមារ និង​យុវវ័យ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​គ្រូបង្រៀន អ្នកប្រឹក្សា​យោបល់ និង​អ្នកណែនាំ ។ ជាញឹកញាប់ បងប្អូន​ចូល​ទៅក្នុង​ជីវិត​របស់​យុវវ័យ​នៅ​គ្រា​ដ៏​សំខាន់​មួយ​ដើម្បី​ស្ថាបនា និង​គាំទ្រ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់ ។ បងប្អូន​មួយ​ចំនួន​ជា​មជ្ឈិមវ័យ​នៅលីវ ។ បងប្អូន​មួយ​ចំនួន​មិន​ដែល​មាន​កូន​ខ្លួនឯង​ឡើយ ។ ការបម្រើ​ដ៏​រីករាយ​របស់​បងប្អូន​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះ​គឺ​ពិសិដ្ឋ​នៅក្នុង​ព្រះនេត្រ​របស់​ព្រះ ។២៣

កុំ​បោះបង់​ចោល​អព្ភូតហេតុ​ឡើយ

បងប្អូន​ប្រុសស្រី មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ការស្ថាបនា​សេចក្ដី​ជំនឿ​នៅក្នុង​កុមារ​ម្នាក់ គឺ​ដូចជា​ការជួយ​ឲ្យ​ផ្កា​មួយ​ទង​ដុះ​ឡើង​ដែរ ។ បងប្អូន​មិន​អាច​ទាញ​ទង​ឲ្យ​វា​លូត​កាន់តែ​ខ្ពស់​បាន​នោះ​ទេ ។ បងប្អូន​មិន​អាច​ញែក​ផ្កា​ក្រពុំ​ដើម្បី​ឲ្យ​វា​រីក​បាន​លឿន​នោះ​ទេ ។ ហើយ​បងប្អូន​មិន​អាច មិន​យក​ចិត្ត​ទុកដាក់​លើ ផ្កា​នោះ ហើយ​រំពឹង​ថា​វា​នឹង​ដុះ ឬ​លូតលាស់​ដោយ​ឯកឯង​នោះ​ទេ ។

អ្វី​ដែល​បងប្អូន​អាច​ធ្វើបាន និង​ត្រូវតែ​ធ្វើ​សម្រាប់​ជំនាន់​កំពុង​ពេញវ័យ​នេះ គឺ​ត្រូវ​ផ្ដល់​ដី​ដ៏សម្បូរ​ជីជាតិ​ដែល​មាន​លំហូរ​ទឹក​ពី​សួគ៌ា ។ សូម​ដក​ស្មៅ​ចេញ ព្រម​ទាំង​អ្វី​ក៏​ដោយ​ដែល​នឹង​បាំង​ពន្លឺ​ព្រះអាទិត្យ​ពី​ស្ថានសួគ៌ ។ សូម​បង្កើត​លក្ខខណ្ឌ​ដ៏ល្អ​បំផុត​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឲ្យមាន​ការលូតលាស់ ។ សូម​រៀន​អត់ធ្មត់​ដើម្បី​អនុញ្ញាត​ឲ្យ​ជំនាន់​កំពុង​ពេញវ័យ​ធ្វើ​ការជ្រើសរើស​ប្រកប​ដោយ​ការបំផុស​គំនិត ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​សម្ដែង​អព្ភូតហេតុ​របស់​ទ្រង់ ។ លទ្ធផល​នឹង​កាន់តែ​ស្រស់ស្អាត និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​រីករាយ​ជាង​អ្វីៗ​ដែល​បងប្អូន​អាច​សម្រេច​បាន​ដោយ​ខ្លួនឯង​ផ្ទាល់ ។

នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ទំនាក់ទំនង​ក្រុមគ្រួសារ​មាន​ដល់​ភាពអស់កល្ប​ជានិច្ច ។ នេះ​គឺជា​មូលហេតុ​ដែល​ក្នុងនាមជា​ឪពុក​ម្ដាយ បងប្អូន​មិន​ត្រូវ​បោះបង់​ចោល​ឡើយ ទោះបីជា​បងប្អូន​មិន​មាន​មោទនភាព​ចំពោះ​រឿង​ដែល​បាន​កើតឡើង​កាល​ពីមុន​ក៏ដោយ ។

ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​លោកចៅហ្វាយ​ខាង​ការព្យាបាល និង​ព្រះអង្គ​សង្គ្រោះ យើង​អាច​មាន​ការចាប់ផ្ដើម​ថ្មី​ជានិច្ច​បាន ហើយ​ទ្រង់​ប្រទាន​សេចក្ដី​សង្ឃឹម​ជានិច្ច ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ក្រុមគ្រួសារ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវជន ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​នេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « ឪពុក​ម្ដាយ​ស្ទើរតែ​គ្រប់រូប មាន​បំណង​បង្រៀន​កូនៗ​របស់​ខ្លួន​អំពី​គុណធម៌​ខាង​សីលធម៌ ។ នេះ​គឺជា​ចំណែក​នៃ​អព្ភូតហេតុ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​ទ្រង់​មក​កើត​លើ​ផែនដី ដោយ​ធ្វើតាម​លំនាំ​អស់កល្ប​ជានិច្ច​នៃ​គ្រួសារ​ដែល​មាន​នៅ​ស្ថានសួគ៌ ។ គ្រួសារ​គឺជា​ស្ថាប័ន​នៅ​ស្ថាន​ដ៏​អស់កល្ប ដូច្នេះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ស្ថាប័ន​ទាំងនោះ​ក្លាយជា​ស្ថាប័ន​សំខាន់​លើ​ផែនដី​ដែរ ។ ទោះជា​គ្រួសារ​លើ​ផែនដី​មិន​ល្អ​ឥតខ្ចោះ​ក្ដី ក៏​ស្ថាប័ន​ទាំងនោះ​ផ្ដល់​ឱកាស​ពិសេស​ឲ្យ​បុត្រា​បុត្រី​របស់​ព្រះ ត្រូវបាន​ស្វាគមន៍​មក​កាន់​ពិភពលោក​ដោយ​មាន​ក្ដីស្រឡាញ់​តែមួយ​គត់​លើ​ផែនដី ដែល​កាន់តែ​ដូច​អារម្មណ៍​ដែល​យើង​បាន​មាន​នៅ​ស្ថានសួគ៌—ជា​ក្ដីស្រឡាញ់​របស់​មាតា​បិតា ។ ក្រុមគ្រួសារ​ក៏​ជា​មធ្យោបាយ​មួយ​ប្រសើរ​បំផុត​ដើម្បី​រក្សា ហើយ​បន្ត​គុណធម៌​ខាង​សីលធម៌ និង​គោលការណ៍​ពិត​នានា ដែល​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​ឯ​វត្តមាន​ព្រះ​វិញ​ដែរ » ( ហែនរី ប៊ី អាវរិង « Gathering the Family of God » Liahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០ ) ។

  2. ជា​ការពិត​ណាស់ យើង​ដឹង​ថា ព្រះទ័យ​របស់​ព្រះ​មិន​តែងតែ​បាន​សម្រេច « នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ » នោះ​ទេ ( ម៉ាថាយ ៦:១០ ) ។ ការធ្វើជា​ឪពុក​ម្ដាយ​ដែល​មិន​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ គឺ​មិន​អាច​ប្រៀបធៀប​ទៅនឹង​ការធ្វើជា​ឪពុក​ម្ដាយ​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះ​នោះទេ ។ ទ្រង់​ពិតជា​ទតឃើញ​រឿង​នោះ ។ ទ្រង់​ត្រូវ​ព្រះកន្សែង​ដោយសារ​ទុក្ខ​សោក និង​ការឈឺចិត្ត​ទាំងអស់​ដែល​មាន​នៅក្នុង​ទំនាក់ទំនង​គ្រួសារ ។ ប៉ុន្ដែ​ទោះ​យ៉ាងណា ទ្រង់​មិន​បាន​បោះបង់​ចោល​គ្រួសារ​នោះ​ទេ ។ ហើយ​ទ្រង់​នឹង​មិន​ទេ ពីព្រោះ​ព្រះ​មាន​ផែនការ​ដ៏​រុងរឿង​សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​នៃ​កូនចៅ​របស់​ទ្រង់ ។ ហើយ​នៅ​ចំ​កណ្តាល​នៃ​ផែនការ​នោះ​គឺ​គ្រួសារ ។

  3. សូមមើល ម៉ាថាយ ១៨:១–៥; ម៉ូសាយ ៣:១៩ ។

  4. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »​ChurchofJesusChrist.org សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–២៨ ។

  5. សូមមើល « ការរៀនសូត្រ​នៅ​គេហដ្ឋាន​គឺ​ស្ថាបនា​ឡើង​នៅលើ​ទំនាក់ទំនង » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​មនុស្ស​ទាំងអស់​ដែល​បង្រៀន​នៅឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ ( ឆ្នាំ ២០២២ ) ទំព័រ ៣០–៣១; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៨ ។

  6. មរ៉ូណៃ ៧:៤៨ ។

  7. នីហ្វៃ​ទី​១ ១៦:២៩; សូមមើល​ផងដែរ អាលម៉ា ៣៧:៦–៧ ។

  8. សូមមើល « ការរៀនសូត្រ​នៅ​គេហដ្ឋាន​រួមមាន​នូវ​កិច្ចខិតខំ​តិចតួច សាមញ្ញ ខ្ជាប់ខ្ជួន » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១ ។ ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​ថា « ចូរ​យើង​កុំ​គិត​ថា ដោយសារ [ រឿង ] មួយ​ចំនួន … ហាក់​ដូចជា​តូចតាច និង​ល្អិតល្អោច [ ថា ] វា​មិន​សំខាន់​នោះ ។ ព្រោះ​ចុងក្រោយ​ទៅ ជីវិត​នេះ​ផ្សំ​ចេញពី​រឿង​តូចតាច​ទាំងឡាយ​នោះឯង ។ ជីវិត​យើង រូបរាង​កាយ​យើង កើតពី​ចង្វាក់​បេះដូង​តូចៗ​ទាំងឡាយ ។ បើ​ឲ្យ​បេះដូង​តូច​នោះ​ឈប់​លោត​សាក​មើល នោះ​ជីវិត​នៅក្នុង​ពិភពលោក​នេះ​នឹង​បញ្ឈប់ ។ ព្រះអាទិត្យ​ដ៏​អស្ចារ្យ​គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​នៅក្នុង​សកលលោក​នេះ ប៉ុន្តែ​យើង​ទទួល​បាន​ពរជ័យ​ពី​កាំរស្មី [ របស់​វា ] ពីព្រោះ​វា​ចាំង​មក​យើង​ជា​ចំណាត​ផ្លាត​តូចៗ ដែល​ទាល់តែ​បូក​សរុប​ចូលគ្នា​ទៅ វា​បំពេញ​ពិភពលោក​នេះ​ដោយ​ពន្លឺ​ព្រះអាទិត្យ ។ រាត្រី​ដ៏ខ្មៅ​ងងឹត​ទៅជា​មាន​ភាពរីករាយ​ដោយសារ​ពន្លឺ​ចាំង​នៃ​ដួងតារា​ដ៏​តូចៗ​ជាច្រើន ដូច្នេះ​ហើយ​ជីវិត​គ្រីស្ទាន​ពិត​គឺ​ផ្សំ​ចេញពី​ទង្វើ​ដូចជា​ព្រះគ្រីស្ទ​ដ៏​តូចតាច​ជាច្រើន ដែល​ធ្វើឡើង​នៅ​ម៉ោង​នេះ នាទី​នេះ—នៅក្នុង​គេហដ្ឋាន​នេះ » ( Teachings of Presidents of the Church: David O. McKay [ឆ្នាំ ២០០៣ ] ទំព័រ ២១៩ ) ។

  9. សូមមើល ហេលេមិន ៥:៣០ ។

  10. សូមមើល ពង្សាវតារក្សត្រ ទី២ ៥:៩–១៤ ។

  11. សូមមើល និក្ខមនំ ១៦ ។

  12. សូមមើល « ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ឧបសម្ព័ន្ធ ( មានតែ​ជា​ឌីជីថល​ប៉ុននោះ ) ។

  13. សូមមើល « ការរៀនសូត្រ​នៅ​គេហដ្ឋាន​អាច​ត្រូវបាន​ធ្វើឡើង​ដោយ​ដាក់​ផែនការ ប៉ុន្ដែ​ក៏អាច​ធ្វើឡើង​ដោយ​ចៃដន្យ​ផងដែរ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១; ពេត្រុស ទី១ ៣:១៥ ។

  14. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣២–៣៣ ។

  15. សូមមើល ម៉ាថាយ ២:១៣ ។

  16. សូមមើល អាលម៉ា ៤០:១; ៤១:១; ៤២:១ ។

  17. សូមមើល សាំយូអែល ទី១ ១៦:៧ ។

  18. សូមមើល នីហ្វៃ​ទី​១ ១៥:៨ ។

  19. អាលម៉ា​៥:១៣ ។

  20. សូម​មើល​« ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក »ទំនុកតម្កើងលេខ ២០ ។

  21. សូមមើល អេធើរ ១២:២៧ ។

  22. « ក្នុង​ករណី​កុមារ ការទទួល​ខុសត្រូវ​ក្នុង​ការផ្តល់​ការណែនាំ​ខាង​សីលធម៌​គឺ​ធ្លាក់​ទៅលើ​ឪពុក​ម្ដាយ ។ ឪពុក​ម្ដាយ​ដឹងពី​និស្ស័យ ការយល់ដឹង និង​ភាពវៃឆ្លាត​របស់​កូន​ម្នាក់ៗ ។ ឪពុក​ម្ដាយ​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដើម្បី​ខិតខំ​បង្កើត និង​ថែរក្សា​ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​កូន​ម្នាក់ៗ​របស់​ពួកគេ ។ ពួកគេ​ស្ថិតក្នុង​តំណែង​ដ៏ល្អ​បំផុត​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ខាង​សីលធម៌​ចុងក្រោយ​អំពី​សុខភាព និង​សុខុមាលភាព​របស់​កូនចៅ​ពួកគេ » ( ជេមស៍ អ៊ី ថាល់មេហ្គ « The Weightier Matters of the Law: Judgment, Mercy, and Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៥៤ ) ។

  23. ធនធាន​ពីរ​ផ្សេងទៀត​ដែល​សម​នឹង​លើកឡើង ៖ កំណែ​ឌីជីថល​នៃ​ធនធាន ចូរ​មក​តាម​ខ្ញុំ នៅ​ឆ្នាំ​នេះ​មាន​នូវ​វគ្គ​ថ្មី​មួយ ដែល​មាន​ចំណងជើង​ថា « ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។ វា​ណែនាំ​ពី​គំនិត​សាមញ្ញៗ ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន​ដើម្បី​ជួយ​កុមារ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក ព្រមទាំង​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ផ្សេងទៀត ។ ហើយ​សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​កែ​ថ្មី មាន​វគ្គ​មួយ​ដែល​មាន​ចំណងជើង​ថា « គេហដ្ឋាន និង​គ្រួសារ » ដែល​រៀបរាប់​ពី​របៀប​ដែល​គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ​អនុវត្ត​ចំពោះ​គេហដ្ឋាន ( សូមមើល​ទំព័រ ៣០–៣១ ) ។