សន្និសីទទូទៅ
ការស្វែងរក​ភាព​សុខ​សាន្ត​ផ្ទាល់​ខ្លួន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការស្វែងរក​ភាព​សុខ​សាន្ត​ផ្ទាល់​ខ្លួន

ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​អាច​រកឃើញ​ភាព​សុខ​សាន្ត ជួយ​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​រក​ឃើញ​វា ហើយ​បន្ត​ចែកចាយ​វា​ទៅ​មនុស្ស​ផ្សេង​ទៀត ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ យើង​បាន​ទទួល​ពរ​តាមរយៈ​ការបង្រៀន​ដ៏បំផុស​គំនិត និង​តន្ត្រី​ដ៏ពីរោះ​ដែល​បាន​រំជួល​ចិត្ត​យើង​ពេល​បើក​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ​នេះ ។ យើង​សូម​អរគុណ​បងប្អូន​សម្រាប់​ការចូលរួម និង​សេចក្តីជំនឿ​របស់​បងប្អូន ។

ថ្ងៃនេះ​ខ្ញុំ​នឹង​និយាយ​អំពី​អព្ភូតហេតុ​ដែលខ្ញុំ​បានរៀន អំពី​ការស្វែងរក​ភាពសុខ​សាន្ត​ផ្ទាល់​ខ្លួន មិន​ថា​យើង​ស្ថិតក្នុង​កាលៈទេសៈ​ណា​ទេ ។ ព្រះអង្គ​សង្គ្រោះ​ជ្រាប​ថា បុត្រា​បុត្រី​របស់ព្រះវ​របិតាសួគ៌​ទាំង​អស់​ចង់​បានភាពសុខសាន្ត ហើយ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​អាច​ប្រទាន​ភាពសុខសាន្ត​នោះ​ដល់​យើង​បាន ។ បង​ប្អូន​ចាំ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​កត់​ត្រា​នៅក្នុង​គម្ពីរ​យ៉ូហាន​ថា ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់គ្នា គឺខ្ញុំ​ឲ្យ​ភាពសុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ​នោះ​មិនមែន​ដូច​ជា​លោកីយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។

តើ​ទ្រង់​មាន​ន័យ​យ៉ាង​ណា​អំពី​ភាព​សុខសាន្ត និង​របៀប​ដែល​ទ្រង់​អាច​ប្រទាន​​ឲ្យ ​ត្រូវបាន​បើក​សម្តែង​តាមរយៈ​ស្ថានភាព​នៃ​អ្នក​ដែល​បាន​ឮ​ទ្រង់​មាន​បន្ទូល​ពាក្យ​ទាំង​នោះ ។ សូម​ស្តាប់​ដំណើរ​រឿង​នៅ​ក្នុង​យ៉ូហាន អំពី​ការងារ​បម្រើ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​គ្រីស្ទ ។ កម្លាំង​ដ៏ខ្លាំងក្លា​នៃ​អំពើ​អាក្រក់​បាន​ធ្លាក់​មក​លើ​ទ្រង់ ហើយ​មិនយូរ​ប៉ុន្មាន​ក្រោយ​មក​ក៏បាន​ធ្លាក់​លើពួក​សិស្ស​​ទ្រង់​ផងដែរ ។

នេះ​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ៖

« បើអ្នក​រាល់​គ្នា​ស្រឡាញ់ខ្ញុំ ចូរកាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំចុះ ។

នោះខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា​ឲ្យ​បាន​គង់​នៅ​ជាមួយ នៅ​អស់​កល្ប​រៀង​ទៅ ។

គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តីពិត ដែល​លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជាមួយ ក៏​នឹង​សណ្ឋិត​នៅក្នុង​អ្នក​រាល់​គ្នា​ដែរ ។

ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ ។

បន្តិច​ទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ ។

នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នក​រាល់​គ្នា​ដែរ ។

អ្នក​ណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់​តាម​ គឺ​អ្នក​នោះ​ហើយ ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង ។

យូដាស​គាត់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូចម្តេច បានជា​ទ្រង់​នឹង​សម្តែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង ?

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ​ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ ។

អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះមិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះវរបិតា​ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ ។

ខ្ញុំ​ប្រាប់​សេចក្តី​ទាំងនេះ​ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជាមួយ​គ្នា​នៅ​ឡើយ ។

តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក​ដោយ​នូវ​នាម​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា​ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ។

ខ្ញុំ​ទុក​សេចក្តីសុខ​នៅ​នឹង​អ្នក​រាល់​គ្នា​គឺ​ខ្ញុំ​ឲ្យ​ភាព​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ​នោះ​មិនមែន​ដូចជា​លោកីយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។

ខ្ញុំ​បាន​រៀន​សេចក្តី​ពិត​យ៉ាង​តិច​ចំនួន​ប្រាំ មក​ពី​ការ​បង្រៀន​នោះ​របស់​ព្រះអង្គ​សង្រ្គោះ ។

ទី​មួយ អំណោយ​ទាន​នៃ​ភាព​សុខសាន្ត​បាន​ប្រទាន​ឲ្យ បន្ទាប់​ពី យើង​មាន​ជំនឿ កាន់​តាមបទ​បញ្ញត្តិ​របស់​ទ្រង់ ។ សម្រាប់​សមាជិក​ដែល​បាន​ចុះ​សេចក្តីសញ្ញា នៅ​ក្នុង​សាសនាក្រ​របស់​ព្រះអម្ចាស់​ការ​គោរព​ប្រតិបត្តិ គឺ​ជា​អ្វី​ដែល​យើង​បាន​សន្យា​រួច​មក​ហើយ​ថា​នឹង​ធ្វើ ។

ទី​ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក ហើយ​គង់​នៅ​ជាមួយយើង ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា កាល​យើង​បន្ត​ស្មោះត្រង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាប់​ក្នុង​យើង ។ នោះ​គឺ​ជា​សេចក្តី​សន្យា​នៅក្នុង​ការអធិស្ឋាន​នៃ​ពិធីសាក្រា​ម៉ង់​ថា ព្រះវិញ្ញាណ​នឹង​ក្លាយ​ជា​ដៃ​គូ​របស់​យើង ហើយ​ថា​យើង​នឹង​ទទួល​អារម្មណ៍​លួង​លោម​របស់​ទ្រង់​ក្នុងចិត្ត និង​គំនិត​របស់​យើង ។

ទី​បី ព្រះអង្គ​សង្គ្រោះ​សន្យា​ថា ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា និង​ព្រះរាជបុត្រា​ដែល​មាន​រវាង​ទ្រង់ និង​បុត្រា​ទ្រង់ និង​សម្រាប់​យើងផង​ដែរ ។ យើង​អាច​ទទួល​អារម្មណ៍​ជិតស្និទ្ធ​នឹង​ទ្រង់​ទាំង​ទ្វេ​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ក៏​ដូចជា ពេលយើង​មាន​ពរ​រស់នៅ​ជាមួយ​ទ្រង់​ទាំង​ទ្វេ​ជារៀង​រហូតដែរ ។

ទីបួន ការកាន់តាម​បទ​បញ្ញត្តិ​របស់​ព្រះអម្ចាស់ គឺ​តម្រូវ​ឲ្យធ្វើ​លើស​ពី​ការ​គោរព​ប្រតិបត្តិ​ ។ យើង​ត្រូវ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​កម្លាំង អស់​ពី​គំនិត និង​អស់​ពី​ព្រលឹង​របស់​យើង ។

អស់​អ្នក​ដែល​មិន​ស្រឡាញ់​ទ្រង់ នឹង​មិន​កាន់តាម​បញ្ញត្តិ​ទ្រង់​ឡើយ ។ ដូច្នេះ​ពួកគេ​នឹង​គ្មាន​អំណោយទាន​នៃ​ភាព​សុខសាន្ត​ក្នុង​ជីវិត​នេះ និង​នៅ​បរលោក​ឡើយ ។

ទី​ប្រាំ ប្រាកដ​ណាស់​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​យើង​គ្រប់គ្រាន់​ល្មម ដើម្បី​បង់ថ្លៃ​អំពើ​បាប​របស់​យើង —តាម​រយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​ការ​ប្រែចិត្ត​របស់​យើង តាម​រយៈ​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ទ្រង់—ដូច្នេះ​យើង​អាច​បាន អំណោយ​ទាន​នៃ​ភាពសុខសាន្ត « ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត »នៅក្នុង​ជីវិត​នេះ និង​ជាមួយ​ទ្រង់​រហូត​អស់​កល្ប​ជានិច្ច ។

បងប្អូន​មួយ​ចំនួន​ប្រហែល​គ្មាន​អារម្មណ៍​សុខសាន្ត​ដូច​ការ​សន្យា​របស់​ព្រះអម្ចាស់​នោះ​ទេ ។ បងប្អូន​ប្រហែល​ជា​បាន​អធិស្ឋាន​សូម​ភាព​សុខសាន្ត​ផ្ទាល់​ខ្លួន និង​ការ​លួង​លោម​ខាង​វិញ្ញាណ ។ ប៉ុន្តែ​បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា ស្ថានសួគ៌​មិន​អើពើ​នឹង​ការ​អង្វរ​សម្រាប់​ភាពសុខសាន្ត​របស់​បងប្អូន​ទេ ។

មារ​សត្រូវ​ដែល​ទាស់​នឹង​ព្រលឹង​របស់​បងប្អូន មិន​ចង់​ឲ្យ​បងប្អូន និង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​រកបាន​ភាពសុខ​សាន្តទេ ។ វាពុំ​រីករាយ​នឹង​រឿង​នេះ​ទេ ។ វា​ខិតខំ​រារាំង​បងប្អូន មិន​ចង់​ឲ្យ​រកបាន​ភាពសុខសាន្ត​ដែល​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះវរ​បិតាសួគ៌​របស់​យើង​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ទទួល​បាន​នោះឡើយ ។

សាតាំង​ខិតខំ​សាប​ព្រោះ​ការ​ស្អប់ និង​ការ​ទាស់​ទែង​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ដល់​មនុស្ស​ជុំវិញ​យើង ។ យើង​ឃើញ​ភស្តុតាង​ដែល​កំពុង​កើត​ឡើង​ក្នុង​ចំណោម​ប្រជាជាតិ និង​ទី​ក្រុង​នានា នៅ​តំបន់​ជិត​ខាង ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិច​ត្រូនិច​និង​នៅ​ទូទាំង​ពិភព​លោក ។

ប៉ុន្តែ​មាន​ហេតុផល​សម្រាប់​ភាពសុទិដ្ឋិនិយម ៖ នោះ​គឺ​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​មក​ជាមួយ​នឹង​ទារក​ទើប​នឹង​កើត​គ្រប់​រូប ។ អំណោយ​ទាន​ជា​សកល​នោះ​ កើត​មក​ជាមួយ​នឹង​ញ្ញាណ​នៃ​ភាព​ត្រឹមត្រូវ បំណង​ប្រាថ្នា​ដើម្បី​ស្រឡាញ់ និង​ត្រូវ​បាន​ស្រឡាញ់ ។ មាន​ញ្ញាណ​នៃ​ភាព​យុត្តិធម៌ និង​សេចក្ដី​ពិត​ពី​កំណើត​ក្នុង​ខ្លួន​នៃ​បុត្រ​គ្រប់​រូប​របស់​ព្រះ នៅ​ពេល​គាត់​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

ភាព​សុទិដ្ឋិនិយម​របស់​យើង​ចំពោះភាពសុខសាន្ត​ផ្ទាល់​ខ្លួន​សម្រាប់​កុមារ​ទាំង​នោះ មាន​នៅ​ក្នុង​ដៃ​មនុស្ស​ដែល​មើល​ថែទាំ​ពួក​គេ ។ បើ​មនុស្ស​ដែល​ចិញ្ចឹម​បីបាច់ និង​បម្រើ​ពួកគេ បាន​ខិតខំ​ដើម្បី​ទទួល​អំណោយ​ទាន​នៃ​ភាពសុខសាន្ត​ពី​ព្រះ​អង្គ​សង្គ្រោះ ​តាមរយៈ​គំរូ​ផ្ទាល់​ខ្លួន និង​ការ​ខិតខំ​របស់​ពួកគេ នោះពួក​គេ​នឹង​ជំរុញ​សេចក្ដី​ជំនឿ​របស់​កុមារ​នោះ​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​អំណោយ​ទាន​ដ៏​ខ្ពង់ខ្ពស់​នៃ​ភាព​សុខសាន្ត ។

នោះ​គឺជា​អ្វី​ដែល​ព្រះគម្ពីរ​សន្យា ៖ « ចូរ​បង្ហាត់​កូន​ក្មេង​ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់ » ។ វា​នឹង​តម្រូវ​ឲ្យ​មនុស្ស​ដែល​ទទួល​ខុស​ត្រូវ​មើល​ថែទាំ និង​ចិញ្ចឹម​បីបាច់​កូន និង​មាន​ភាព​ស័ក្តិសម​នឹង​អំណោយ​ទាន​នៃ​ភាព​សុខសាន្ត​នោះ ។

គួរ​ឲ្យ​ស្តាយ​ណាស់ យើង​ទាំង​អស់​គ្នា​បាន​ទទួល​អារម្មណ៍​ការ​ឈឺចាប់ នៅ​ពេល​កូនៗ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្ដាយ​ដ៏​បំផុស​គំនិត— ជួនកាល​មាន​តែ​ម្តាយ ឬ​តែ​ឪពុក —​ក្រោយ​មក​ក្មេង​ទាំង​នោះ ជ្រើសរើស​ចាកចេញ​ពី​សេចក្តី​ជំនឿ និង​ភាពសុខសាន្ត​ដែល​ពួកគេ​មាន​ស្ទើរ​ពេញ​មួយ​ជីវិត ទៅ​រក​ផ្លូវ​នៃ​ភាព​សោកសៅ​ដែរ ។

ទោះបី​ជា​ភាព​សោកសៅ​កើត​ឡើង​ក្តី ក៏​ខ្ញុំ​នៅ​តែ​មាន​ភាពសុទិដ្ឋិនិយម​នៅ​ក្នុង​អំណោយ​ទាន​មួយ​ទៀត​មក​ពី​ព្រះ​អម្ចាស់​ដែរ ។ ដែល​វា​ដូច្នេះ ៖ ទ្រង់​បាន​បង្កើត​អ្នក​ផ្សះផ្សា​ជាច្រើន ក្នុង​ចំណោម​សិស្ស​ដែល​ទ្រង់​ទុក​ព្រះទ័យ​ ។ ពួក​គេ​ទទួល​អារម្មណ៍​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ពួក​គេ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​ព្រះអម្ចាស់​អាច​ដឹកនាំ​ពួក​គេ​ឲ្យ​ទៅរក​ចៀម​ដែល​វង្វេង ។

ខ្ញុំ​បាន​ឃើញ​រឿង​នេះ​ពេញ​មួយ​ជីវិត​ខ្ញុំ និង​ទូទាំង​ពិភព​លោក​ទាំងមូល ។ បង​ប្អូន​ក៏​បាន​មើល​ឃើញ​រឿង​នេះ​ផង​ដែរ ។ មាន​គ្រា​ជាច្រើន បង​ប្អូន​ត្រូវ​បាន​ដឹក​នាំ​ឲ្យ​ទៅ​ជួយ​សង្គ្រោះ ដែល​វា​ហាក់​ដូច​ជា​រឿង​ចៃដន្យ ។

គ្រា​មួយ ខ្ញុំ​បាន​សួរ​ដោយ​សាមញ្ញ​ដល់មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ជួប​ ពេល​ធ្វើ​ដំណើរ​ថា « តើ​បងស្រី​អាច​ប្រាប់​ខ្ញុំ​បន្តិច​អំពី​គ្រួសារ​របស់​បង​បាន​ទេ ? » ការ​សន្ទនា​នេះ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​សូម​មើល​រូបថត​កូន​ស្រី​ពេញ​វ័យ​របស់​គាត់ ដែល​នាង​កំពុង​តែ​ជួប​ការលំបាក ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​សេចក្តី​ល្អ​នៅលើ​ផ្ទៃ​មុខ និង​កែវ​ភ្នែក​របស់​នាង​នៅ​ក្នុង​រូបថត​នោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សូម​អ៊ីម៉ែល​របស់​នាង ។ កាល​នោះ​កូនស្រី​គាត់​បាន​វង្វេង​ចេញ​ពី​ព្រះវិហារ ហើយ​កំពុង​ងឿង​ឆ្ងល់​ថា តើ​ព្រះ​មាន​សារ​អ្វី​សម្រាប់​នាង ។ ទ្រង់​មាន ។ សារ​នោះ​គឺ ៖ ​« ព្រះអម្ចាស់​ស្រឡាញ់​ក្មួយ​ស្រី ។ ទ្រង់​ស្រឡាញ់​ក្មួយ​ជានិច្ច ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ក្មួយ​ត្រឡប់​មក​វិញ ។ ពរជ័យ​ដែល​បាន​សន្យា​ដល់​ក្មួយ​នៅតែ​មាន​ជានិច្ច » ។

សមាជិក​ទូទាំង​សាសនាចក្រ​បាន​ទទួល​អារម្មណ៍​ពី​អំណោយ​ទាន​នៃ​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន​របស់​ព្រះអម្ចាស់ ។ ទ្រង់​កំពុង​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប ឲ្យ​ជួយ​អ្នក​ដទៃ​មាន​ឱកាស​មក​រក​ទ្រង់ ហើយ​សម​នឹង​ទទួល​បាន​ភាពសុខសាន្ត​ដូច​គ្នា​នោះ ។ ពួក​គេ​នឹង​ជ្រើស​រើស​ស្វែង​រក​ការ​បំផុស​គំនិត ដើម្បី​ដឹង​ពី​របៀប​ដែល​ពួក​គេ​អាច​ចែកចាយ​អំណោយ​ទាន​នេះ​ទៅ​អ្នក​ដទៃ​ទៀត ។

ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ នឹង​ក្លាយ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជំនាន់​ក្រោយ​ទៀត ។ ឥទ្ធិពល​មក​ពី​ជំនាន់​នេះ​នឹង​បង្កើត​អព្ភូតហេតុ​មួយ ។ ឥទ្ធិពល​នេះ​នឹង​ដុះ​ដាល ព្រមទាំង​លូតលាស់​ទៅ ហើយ​នគរ​របស់​ព្រះ​អម្ចាស់​នៅ​លើ​ផែនដី​នឹង​រៀបចំ​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ស្វាគមន៍​ទ្រង់​ដោយ​ការ​ស្រែក​ហូសាណា ។ ភាពសុខ​សាន្ដ​នឹង​កើតមាន​នៅលើ​ផែនដី ។

ខ្ញុំ​សូម​ថ្លែង​សាក្សី​យ៉ាង​មុតមាំ​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ដឹកនាំ​សាសនាចក្រ​នេះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ជីវិត​ខ្ញុំ ព្រម​ទាំង​សេចក្តី​ស្រឡាញ់ និង​ព្រះទ័យ​ខ្វាយខ្វល់​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតា​សួគ៌ ។ ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​មក​រក​ទ្រង់​ គឺ​ជា​ការ​ផ្តល់​ឲ្យ​នូវ​ភាពសុខសាន្ត ។

ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​ដែល​នៅ​រស់​របស់​ព្រះ​នៅលើ​ផែនដី​ទាំងមូល ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អះអាង​ថា ទោះ​ពិភព​លោក​មាន​ស្ថានភាព​បែប​ណា ហើយ​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​យ៉ាង​ណា​ក្តី​ បងប្អូន​អាច​ប្រឈម​មុខ​នឹង​អនាគត ដោយ​សុទិដ្ឋិនិយម និង​ដោយ​អំណរ​បាន » ។

ខ្ញុំ​សូមបង្ហាញ​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។ សេចក្ដី​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ប្អូន កំពុង​ឈោង​ទៅរក​មនុស្សដទៃ ហើយ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត ហើយ​បង្កើន​បំណង​ប្រាថ្នា​ដើម្បី​ផ្ដល់​អំណោយ​ទាន​នៃភាពសុខសាន្ត​ដល់​អ្នក​ដទៃ ដែល​ហួស​ពី​គំនិត​អាច​យល់ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​អាច​រកឃើញ​ភាព​សុខ​សាន្ត ជួយ​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​រក​ឃើញ​វា ហើយ​បន្ត​ចែកចាយ​វា​ទៅ​មនុស្ស​ផ្សេង​ទៀត ។ ហើយ​នឹង​មាន​ភាពសុខ​សាន្ត​ដ៏​អស្ចារ្យ​រាប់​ពាន់​ឆ្នាំ នៅ​ពេល​ព្រះ​អម្ចាស់​យាង​មក​ម្តង​ទៀត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នៅ​ក្នុង​ក្តីអំណរ និង​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕