សន្និសីទទូទៅ
រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ

មាន​តែ​នៅ​ក្នុង និង​តាមរយៈភាពស្មោះត្រង់​របស់​យើង​ម្នាក់ៗ​ចំពោះ​និង​សេចក្តីស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ទើប​យើង​អាច​មាន​សង្ឃឹម​ថា រួម​មក​តែ​មួយ​បាន ។

ដូច​ដែល​ប្រធាន ដាល្លិន​បាន​កត់ចំណាំ​ថ្ងៃ​នេះ​ថា​គឺ​ជា​ថ្ងៃ​អាទិត្យ​ធាង​ចាក ជា​ការចាប់ផ្តើម​នៃ​សប្តាហ៍​ដ៏​បរិសុទ្ធ ដើម្បី​គូស​ចំណាំ​ពី​ការ​យាងចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​របស់​ព្រះ​អម្ចាស់​ដោយ​ជោគជ័យ ការរងទុក្ខ​របស់​ទ្រង់​នៅក្នុង​សួនច្បារ គែតសេម៉ានី និង​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់​នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ ចូរ​យើង​កុំ​ភ្លេច​នូវ​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ស៊ូទ្រាំ ដើម្បី​ប្រោសលោះ​យើង ។ ហើយ​ចូរ​យើង​កុំ​បោះបង់​អំណរ​ដ៏​លើសលប់ ដែល​យើង​នឹង​មាន​ជា​ថ្មី​​នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរឡើយ នៅពេល​យើង​ពិចារណា​អំពី​ជ័យ​ជម្នះ​​លើ​ផ្នូរ និង​អំណោយ​នៃ​ការ​រស់​ឡើង​វិញ​ជា​សកលរបស់​ទ្រង់ ។

នា​ល្ងាច​មុន​ពេល​ការ​សាកល្បង និង​ការ​ឆ្កាង​ដែល​នៅចាំ​ទ្រង់ នោះ​ព្រះ​យេស៊ូវ​បាន​ចូលទៅ​សោយ​​អាហារ​នៅ​បុណ្យ​រំលង ជាមួយពួក​សាវក​របស់​ទ្រង់ ។ នៅ​ទីបញ្ចប់នៃ​យប់​អាហារ​ចុង​ក្រោយ​ នៅ​ក្នុង​ការ​អធិស្ឋាន​ដ៏​ពិសិដ្ឋរបស់​ទ្រង់​ទូល​សូម​ទោស​ជំនួស​ឲ្យ​យើង នោះ​ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​ទៅ​កាន់ព្រះ​វរបិតា​នូវ​បន្ទូល​ទាំង​នេះ​ថា ៖ « ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ [ ពួកសាវក​របស់​ទូល​បង្គំ ] នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះនាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ដែរ » ។

បន្ទាប់មក ព្រះអង្គសង្គ្រោះ​បាន​បន្ថែម​ការ​ទូល​អង្វរ​ដ៏​ទន់ភ្លន់​​រួម​បញ្ចូល​អ្នក​ជឿ​ទាំងអស់ ៖

« ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ។

ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង » ។

ការ​រួម​គ្នា​តែ​មួយ​គឺ​ជា​ប្រធាន​បទ​ដដែលៗ​នៅ​ក្នុង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​នៅ​ក្នុង​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​បុត្រាបុត្រី​ទ្រង់ ។ ទាក់ទង​នឹង​ទីក្រុង​ស៊ីយ៉ូន​នៅ​ជំនាន់​របស់​ហេណុក គេ​និយាយ​ថា « ពួក​គេ​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ។ ​ចំណោម​ពួក​បរិសុទ្ធ​ជំនាន់​ដើម នៅ​ក្នុង​សាសនាចក្រ​គ្រា​ដំបូង​របស់​ព្រះយេស៊ូវគ្រីស្ទ ​ព្រះគម្ពីរ​សញ្ញា​ថ្មី​កត់ត្រា​ថា « ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត មាន​គំនិត​តែ​មួយ » ។

នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង​ផ្ទាល់ ព្រះអម្ចាស់​បាន​ដាស់តឿន​ថា « យើង​មាន​បន្ទូល​មក​កាន់​អ្នក​ថា ចូរ​រួម​គ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។ ក្នុង​ចំណោម​ហេតុផល​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ឲ្យ ថាហេតុអ្វីពួក​បរិសុទ្ធ​ជំនាន់​ដើម​នៅ​រដ្ឋ​មិសសួរី បាន​បរាជ័យ​ក្នុង​ការស្ថាបនា​កន្លែង​ស៊ីយ៉ូន​គឺ​ថា ពួក​គេ « មិន​បាន​សាមគ្គី​គ្នា​តាម​ការ​រួបរួម​គ្នា ដែល​តម្រូវ​ដោយ​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល​ឡើយ » ។

នៅ​ទីណា​ដែល​ព្រះ​ឈ្នះ​លើ​ចិត្ត និង​គំនិត​ទាំងអស់ នោះ​មនុស្ស​ត្រូវបាន​ពិពណ៌នា​ថា « ​ជា​រូបមួយ គឺ​ជាកូនចៅ​នៃ​ព្រះគ្រីស្ទ » ។

ក្នុង​ព្រះគម្ពីរ​មរមន ពេល​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​បង្ហាញ​ព្រះកាយ​ដល់​ប្រជាជន​ពី​បុរាណ​ នោះ​ទ្រង់​បាន​សម្គាល់​ឃើញ​ពី​ការ​មិន​យល់​ស្រប​គ្នា ​ដែលពីមុនមាន​ការប្រកែកគ្នា ក្នុង​ចំណោម​ប្រជាជន​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​បញ្ហា​ផ្សេងៗ​ទៀត ។ ទ្រង់​បាន​ត្រាស់​បង្គាប់​ថា ៖

« មិនត្រូវ​មាន​ការប្រកែក​គ្នា​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ដែល​ធ្លាប់​មាន​ពី​មុន​មកឡើយ ហើយ​ក៏​មិនត្រូវ​មាន​ការប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អំពី​ចំណុច​ទាំងឡាយ នៃ​គោលលទ្ធិ​របស់​យើង ដូច​ដែល​ធ្លាប់​មាន​ពី មុន​មក​ដែរ ។

ដ្បិត​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា គឺ​ពុំ​មែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការទាស់​ទែង​គ្នា » ។

នៅ​ក្នុង​ពិភព​លោក​យើង​ដែល​មាន​ការទាស់ទែង​គ្នា​ដ៏​ខ្លាំងក្លា​នេះ តើ​អាច​មានសាមគ្គីភាព​បាន​ដោយ​របៀប​ណា ជា​ពិសេស​នៅ​ក្នុង​សាសនាចក្រ ដែល​យើង​ត្រូវតែ « មាន​ព្រះអម្ចាស់​តែ​មួយ សេចក្តី​ជំនឿ​តែ​មួយ បុណ្យ​ជ្រមុជ​តែ​មួយ​នោះ ? »១០ ប៉ុល​ផ្តល់​ចំណុច​គន្លឹះ​នេះ​ឲ្យ​យើង ៖

« ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ ។

គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។១១

ពួកយើង​​ចម្រុះ​គ្នា​ច្រើន ហើយជួនកាល​យើង​មិន​ចុះ​សម្រុង​គ្នា ពុំអាច​មក​រួម​គ្នា​តែ​មួយតាមមូលដ្ឋាន​គ្រឹះ​ផ្សេង ឬ​នៅ​ក្រោម​ឈ្មោះ​ផ្សេងនោះទេ ។ មាន​តែ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​ពិត​ជា​អាច​រួម​មក​តែ​មួយ​បាន ។

ការ​រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ​កើត​ឡើង​ម្តង​ម្នាក់ៗ—ពោល​គឺ​យើង​ម្នាក់ៗ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង ។ យើង​ជា​មនុស្ស​ដែល​មាន​ ទាំង​សាច់​ឈាម និង​វិញ្ញាណ ហើយ​ពេលខ្លះ​យើង​មាន​ជម្លោះ​ក្នុង​ខ្លួន​ឯង ។ ដូច​ដែល​ប៉ុល​បាន​បង្ហាញ​ថា ៖

« ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ ។

តែ​ខ្ញុំ​ឃើញ​មាន​អំណាច​មួយ​ទៀត [ ក្នុង ] អស់​ទាំង [ អវយវៈ​របស់​រូបកាយ​ខ្ញុំ ] ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង » ។១២

ព្រះយេស៊ូវ​ក៏​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​ព្រះកាយ និង​វិញ្ញាណ​ផង​ដែរ ។ ទ្រង់​ត្រូវ​បាន​សាក​ល្បង ទ្រង់​យល់ ទ្រង់​អាច​ជួយ​យើង​ឲ្យ​ទទួលបាន​សាមគ្គីភាព​នៅ​ក្នុង​ខ្លួន​យើង ។១៣ ហេតុ​ដូច្នេះ​ហើយ យើង​ព្យាយាម​ផ្ដល់​ឲ្យ​វិញ្ញាណ​យើង—និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ—មាន​អំណាច​លើ​រូបកាយ ដោយការប្រើ​ពន្លឺ និង​ព្រះ​គុណ​នៃ​ព្រះ​គ្រីស្ទ ។ ហើយ​ពេល​យើង​ធ្វើ​ខុស នោះ​ព្រះគ្រីស្ទ​បាន​ប្រទាន​អំណោយ​ទាន​នៃ​ការ​ប្រែ​ចិត្ត និង​ឱកាស​ដល់​យើង ដើម្បី​ព្យាយាម​ម្តង​ទៀត តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។

​បើ​យើង​ម្នាក់ៗ « ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ » នោះ​យើង​អាចមាន​សង្ឃឹមមក​រួមគ្នា​តែ​មួយ ដូច​ប៉ុល​បាន​ថ្លែង​ថា ជា « រូបកាយ​នៃ​ព្រះគ្រីស្ទ » ។១៤ ប្រាកដ​ណាស់ ដើម្បី « ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ » រួម​ទាំង​ធ្វើ​ឲ្យ « បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ »១៥ របស់​ទ្រង់ ក្លាយ​ជា​ការតាំងចិត្ត​យ៉ាង​សំខាន់​ទី​មួយ​របស់​យើង ហើយ​បើ​យើង​ស្រឡាញ់​ព្រះ នោះ​យើង​នឹង​កាន់តាម​បញ្ញត្តិ​របស់​ទ្រង់ ។១៦

សាមគ្គីភាព​ជាមួយ​បងប្អូន​ប្រុសស្រី​យើង​នៅក្នុង​រូបកាយ​នៃ​ព្រះគ្រីស្ទ​រីក​ចម្រើន​ឡើង នៅពេល​យើង​ស្តាប់​បង្គាប់​តាម​បទ​បញ្ញត្តិ​ទី​ពីរ—ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ទៅ​នឹង​បញ្ញត្តិ​ទី​មួយ—គឺ​ស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​យើង​ដែរ ។១៧ ហើយ​ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​បាន​សាមគ្គីភាព​មួយ​ដែល​កាន់តែ​ល្អ​ឥត​ខ្ចោះ​ បើ​យើង​ធ្វើ​តាម​ការ​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ​ស្តីពី​បញ្ញត្តិ​ទី​ពីរ—គឺ​ឲ្យ​ស្រឡាញ់​គ្នា​ មិន​ត្រឹម​តែ​ដូច​យើង​ស្រឡាញ់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​ដូច ទ្រង់ ស្រឡាញ់​យើង​ផងដែរ ។១៨ សរុប​មក​គឺថា « មនុស្ស​គ្រប់​រូប​ស្វែងរក​ចំណូល​ចិត្ត​នៃ​អ្នក​ជិត​ខាង​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដោយ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ » ។១៩

ប្រធាន ម៉ារ៉ុន ជី រ៉ុមនី អតីត​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ ពន្យល់​ពី​របៀប​ទទួល​បាន​ភាព​សុខសាន្ត និង​សាមគ្គីភាព​យូរ​អង្វែង​ថា ៖

« បើ​មនុស្ស​ម្នាក់​មាន​ពេញ​ទៅដោយ​កិច្ចការ​ខាង​សាច់​ឈាម ដោយចុះ​ញ៉ម​នឹង​សាតាំង នោះ​គាត់​មាន​ជម្លោះ​នៅក្នុង​ខ្លួន​គាត់​ហើយ ។ បើ​មនុស្ស​ពីរ​នាក់​ចុះ​ញ៉ម​នឹង​សាតាំង នោះ​ពួកគេ​មាន​ជម្លោះ​នៅ​ក្នុង​ខ្លួន​ពួកគេ ហើយ​ឈ្លោះ​ទាស់ទែង​គ្នា ។ បើ​មនុស្ស​ច្រើន​នាក់​ចុះ​ញ៉ម​នឹង​សាតាំង សង្គម​នោះ [ ច្រូត​កាត់ ] ផល​នៃ​ការកៀប​សង្កត់ និង​ការទាស់ទែង​គ្នា​យ៉ាង​ខ្លាំង ។ បើ​អ្នក​គ្រប់គ្រង​ប្រទេស​មួយ​ចុះ​ញ៉ម​នឹង​សាតាំង នោះ​នឹង​មាន​ការទាស់ទែង​គ្នា​ទូទាំង​ពិភព​លោក » ។

ប្រធាន រ៉ុមនី​បាន​បន្ត​ទៀត​ថា « កាល​ដែល​កិច្ចការ​ខាង​សាច់​ឈាម​មាន​ការអនុវត្ត​ជា​សាកល នោះ​ដំណឹងល្អ​នៃ​ភាពសុខសាន្ត​ក៏​ដូច្នោះ​ដែរ ។ បើ​មនុស្ស​ម្នាក់​រស់នៅ​តាម​ដំណឹងល្អ នោះ​គាត់​មាន​ភាព​សុខសាន្ត​នៅក្នុង​ខ្លួន​គាត់ ។ បើ​មនុស្ស​ពីរ​នាក់​រស់នៅ​តាម​ដំណឹងល្អ នោះ​ពួកគេ​ម្នាក់ៗ​មាន​ភាព​សុខសាន្ត​នៅក្នុង​ខ្លួន​ និង​ជាមួយ​គ្នា​ ។ បើ​ពលរដ្ឋ​រស់នៅ​តាម​ដំណឹងល្អ នោះ​ប្រទេស​ជាតិ​នឹង​មាន​ភាពសុខសាន្ត​ក្នុងស្រុក ។ ពេល​មាន​ជាតិសាសន៍​គ្រប់គ្រាន់​ដែល​រីករាយ​នឹង​ផលផ្លែ​នៃ​ព្រះវិញ្ញាណ ដើម្បី​គ្រប់គ្រង​ការងារ​ខាង​លោកិយ នោះ ហើយ​មានតែ​ពេល​នោះ​ប៉ុណ្ណោះ ដែល​បំណង​ទៅ​ធ្វើ​សង្គ្រាម​ត្រូវ​បញ្ចប់ ។ … ( សូមមើល Alfred Lord Tennyson, “Locksley Hall,” The Complete Poetical Works of Tennysonបានកែសម្រួល ។ W. J. Rolfe, Boston, Houghton–Mifflin Co. ឆ្នាំ ១៨៩៨ ទំព័រ ៩៣ ជួរ​ទី ២៧–២៨ ) » ។២០

នៅ​ពេល​យើង « ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ » នោះ​នឹង​មានដំណោះស្រាយ ឬ​គ្មាន​ភាព​ខុស​គ្នា ការ​ខ្វែង​គំនិត​គ្នា និង​ជម្លោះ​ឡើយ ។ គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​យក​ឈ្នះ​លើ​ការ​បែកបាក់​គ្នា​ គឺមាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ​របស់​យើង ។ អែលឌើរ ព្រិកហាំ ហេនរី រ៉ូប៊ើត ( ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ប៊ី អេច រ៉ូប៊ើត ) បាន​កើត​នៅ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៨៥៧ បាន​បម្រើ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ទី​មួយ​ក្នុង​ពួក​ចិតសិប​នាក់—ដែល​សព្វ​ថ្ងៃ​នេះ​យើង​ហៅ​ថា គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ ។ ក្នុង​គ្រាមាន​ការ​លំបាក​បំផុត​មួយ​ចំនួន អែលឌើរ រ៉ូប៊ើត គឺ​ជា​អ្នក​ការពារ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ និង​សាសនាចក្រ ប្រកប​ដោយ​សមត្ថភាព និង​មិន​ចេះនឿយ​ហត់ ​ ។

រូបភាព
ប៊ី អេច រ៉ូប៊ឺត នៅ​ក្មេង

ទោះ​ជា​យ៉ាង​ណា​ នៅ​ឆ្នាំ ១៨៩៥ ការបម្រើ​របស់​អែលឌើរ រ៉ូប៊ើត នៅ​ក្នុង​សាសនាចក្រ ត្រូវ​បាន​រង​ការ​ឈ្លោះ​ទាស់ទែង​គ្នា ។ ប៊ី អេច បាន​ធ្វើ​ជា​ប្រតិភូ​ក្នុង​មហា​សន្និបាត ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​សម្រាប់​រដ្ឋ​យូថាហ៍ កាល​យូថាហ៍​ក្លាយ​ជា​រដ្ឋ ។ ក្រោយ​មក លោក​បាន​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​សភា​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​បាន​ជូន​ដំណឹង ឬ​សូម​ការ​អនុញ្ញាត​ពី​គណៈ​ប្រធាន​ទី​មួយ​នោះ​ទេ ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​រិះគន់ ប៊ី អេច ខ្លាំងៗ​ចំពោះ​កំហុស​នោះ​នៅ​ក្នុង​ការប្រជុំ​បព្វជិតភាព​ទូទៅ ។ អែលឌើរ រ៉ូប៊ើត បាន​ចាញ់​ការ​បោះ​ឆ្នោត ហើយ​មាន​អារម្មណ៍​ថា ផ្នែក​មួយ​ដ៏​ធំ​នៃ​បរាជ័យ​របស់​លោក គឺ​ដោយសារ​តែ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​ស្ម៊ីធ ។ លោក​បាន​តិះដៀល​ថ្នាក់​ដឹក​នាំ​សាសនាចក្រ​នៅ​ក្នុង​សុន្ទរ​កថា និង​ការ​សម្ភាសន៍​​ផ្នែក​នយោបាយ​មួយ​ចំនួន ។ លោក​បាន​ដក​ខ្លួនពី​ការ​បម្រើ​សកម្ម​ក្នុងសាសនាចក្រ ។ នៅ​ក្នុង​ការប្រជុំ​ដ៏​យូរ​មួយ ជាមួយ​សមាជិក​នៃ​គណៈប្រធាន​ទី​មួយ និង​ក្រុម​ប្រឹក្សា​នៃ​ពួក​ដប់​ពីនាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នោះ​អែលឌើរ ប៊ី អេច នៅ​តែ​ចចេស​រឹងរូស​ប្រកែក​ថា​លោក​ធ្វើ​ត្រូវ ។ ក្រោយ​មក « ប្រធាន [ វិលហ្វួឌ ] វូឌដ្រុព្វ បាន​ឲ្យ​ពេល​បី​សប្តាហ៍​ដល់ [ អែលឌើរ រ៉ូប៊ើត ] ដើម្បី​ពិចារណា​ឡើង​វិញ​អំពី​គោលជំហរ​របស់​លោក ។ បើ​លោក​នៅ​តែ​បន្ត​មិន​ប្រែចិត្ត​ នោះ​ពួកលោក​នឹង​ដោះ​លែង​អែលឌើរ រ៉ូប៊ើត ពី​ពួក​ចិត​សិប​នាក់ » ។២១

នៅ​ក្នុង​ការប្រជុំ​សម្ងាត់​បន្ដបន្ទាប់​ជាមួយ​សាវក ហ៊ើប៊ើរ ជេ ក្រាន់ និង ហ្វ្រាន់ស៊ី ឡាយមែន នោះ អែលឌើរ ប៊ី អេច មិនយល់ព្រម​ទេពី​ដំបូង ប៉ុន្តែ​នៅ​ទីបំផុត​សេចក្តី​ស្រឡាញ់ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យក​ឈ្នះ​លើ​លោក ។ លោក​បាន​យំ ។ សាវក​ទាំង​ពីរ​រូប​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីឆ្គាំងឆ្គង និង​កំហុស​ជាក់លាក់​ដែលពួកលោក​បាន​មើលដឹង ដែលវា​រំខាន​ដល់​អែលឌើរ ប៊ី អេច ហើយ​ពួកលោក​បាន​​​អង្វរ​ដ៏​ស្មោះពីចិត្ត សូម​ឲ្យ​មាន​ការ​ផ្សះផ្សា​គ្នា ។ នៅ​ព្រឹក​បន្ទាប់ ក្រោយ​ពី​ការ​អធិស្ឋាន​យ៉ាង​យូរ នោះ​អែលឌើរ រ៉ូប៊ើត បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​កាន់​អែលឌើរ ហ្គ្រាន និង អែលឌើរ ឡាយមែន ថា​លោក​បាន​ត្រៀម​ខ្លួនត្រឡប់​មករួបរួមនឹង​បង​ប្អូន​ប្រុស​របស់​លោក​វិញ​ហើយ ។២២

ក្រោយ​មក ពេល​លោក​បាន​ជួបនឹង​គណៈ​ប្រធាន​ទី​មួយ អែលឌើរ រ៉ូប៊ើត បាន​ថ្លែង​ថា ៖ « ខ្ញុំ​បាន​ចូល​ទៅ​កាន់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​ពន្លឺ និង​ការ​ណែនាំ តាមរយៈ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដើម្បី​ចុះចូល​នឹង​សិទ្ធិ​អំណាច​របស់​ព្រះ » ។២៣ ដោយសារ​តែ​សេចក្តី​ស្រឡាញ់របស់​ព្រះ​​ជំរុញ​ចិត្ត​របស់​លោក នោះ​អែលឌើរ ប៊ី អេច រ៉ូប៊ឺត បាន​បន្ត​ធ្វើ​ជា​អ្នកដឹកនាំ​សាសនាចក្រ​ដ៏​ស្មោះត្រង់ និង​មាន​សមត្ថភាព រហូតដល់​ចុងបញ្ចប់នៃជីវិតលោក ។២៤

រូបភាព
អែលឌើរ ប៊ី អេច រ៉ូប៊ឺត

នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ក៏​អាច​ឃើញផង​ដែរ​ថា សាមគ្គី​ភាព​ពុំ​មាន​ន័យ​ថា គ្រាន់​តែ​ជាការ​យល់​ស្រប​យ៉ាង​សាមញ្ញ​ថា មនុស្ស​គ្រប់​គ្នា​គួរ​តែ​ធ្វើ​កិច្ចការ​ផ្ទាល់​ខ្លួន ឬ​ធ្វើ​កិច្ចការ​តាម​របៀប​ដែល​គាត់​ចង់​ធ្វើ​នោះ​ទេ ។ យើង​មិន​អាចមក​រួម​​តែ​មួយ​ឡើយ លុះ​ត្រាតែ​យើង​គ្រប់​គ្នា​បត់បែន​ការខិតខំ​យើង​ទៅ​ក្នុង​បុព្វហេតុ​រួម ។ តាម​ប្រសាសន៍​​អែលឌើរ ប៊ី អេច រ៉ូប៊ើត វា​មាន​ន័យ​ថា ជា​ការចុះចូល​ទៅ​នឹង​សិទ្ធិ​អំណាច​របស់​ព្រះ ។ យើង​ជា​អវៈយវៈ​ផ្សេងៗ​នៃ​រូបកាយ​របស់​ព្រះគ្រីស្ទ ដែល​បំពេញ​មុខងារ​ផ្សេងៗ​គ្នា​ទៅ​តាម​ពេលវេលា​ខុសៗគ្នា—គឺ​ត្រចៀក ភ្នែក ក្បាល ដៃ ជើង—តែ​ទាំងអស់ជា​រូបកាយ​តែ​មួយ​ទេ ។២៥ ហេតុដូច្នេះ​ហើយ គោលបំណង​របស់​យើង​គឺ « ​មិន​ឲ្យ​មាន​សេចក្តី​បែកខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈទាំង​ប៉ុន្មាន​បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក » ។២៦

សាមគ្គីភាព​មិន​តម្រូវ​ឲ្យ​មាន​ភាព​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ភាព​ចុះ​សម្រុង​នឹងគ្នា ។ យើង​អាច​មាន​ចិត្ត​ចង​ក្រង​រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់​រួបរួម​តែ​មួយ ក្នុង សេចក្តីជំនឿ និង​គោលលទ្ធិ នៅ​តែ​អបអរ​ដល់​ក្រុម​ផ្សេងៗ​ដែល មិន​យល់​ស្រប​លើ​បញ្ហា​នយោបាយ​ផ្សេងៗ ការ​ពិភាក្សា​អំពី​គោលដៅ និង​វិធី​ត្រឹមត្រូវ​ដើម្បី​សម្រេច​វា និង​រឿង​បែប​នេះ​ជា​ច្រើន​ទៀត។ ។ ប៉ុន្តែ​យើង​មិន​អាច​ខ្វែង​គំនិត ឬ​ឈ្លោះ​គ្នា​ដោយ​កំហឹង ឬ​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល ៖

« ដ្បិត​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អស់​អ្នក​ណា​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា​ គឺ​ពុំ​មែន​ជា​របស់​ផង​យើង​ទេ​ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ​ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ហើយ​វា​ចាក់រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ។

មើល​ចុះ នេះ​ពុំ​មែន​ជា​គោលលទ្ធិ​របស់​យើង​ទេ ដែល​ចាក់​រុក​ចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់​ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្ដែ​គោលលទ្ធិ​របស់​យើង គឺ​ត្រូវ​លះបង់​ការណ៍​ទាំង​នោះ​ចោល​វិញ » ។២៧

កាល​ពី​មួយ​ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន បាន​អង្វរ​យើង​នៅ​ក្នុង​ពាក្យ​ទាំង​នេះ​ថា « គ្មាន​ពួកយើង​ណា​ម្នាក់​អាច​គ្រប់គ្រង​លើ​ជាតិ​សាសន៍ ឬ​សកម្មភាព​របស់​អ្នកដទៃ​បាន​ទេ សូម្បីតែ​សមាជិក​ក្រុមគ្រួសារ​យើង​ផ្ទាល់ ។ ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ។ បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំសូមអំពាវនាវ​​នៅ​ថ្ងៃនេះ​ថា សូម​បញ្ចប់​ជម្លោះដែល​ដុតរោល​នៅក្នុង​ដួងចិត្ត របស់​បងប្អូនគេហដ្ឋាន របស់​បងប្អូននិង​ជីវិត របស់​បងប្អូន សូម​កប់​ចោល​ទំនោរ​ចិត្ត​ណាមួយ និងទំនោរចិត្ត​ទាំងអស់​ណា​ដែល​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចាប់—មិន​ថា​ជា​កំហឹង ការនិយាយ​អាក្រក់ ឬ​ការថ្នាំងថ្នាក់ ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់​នោះ​ទេ ។ ព្រះអង្គ​សង្គ្រោះ​ត្រាស់​បង្គាប់​យើង​ឲ្យ​បែរ​ទៅ​ថ្ពាល់ម្ខាង​ទៀត [ សូមមើល នីហ្វៃ​ទី​៣ ១២:៣៩ ] ឲ្យ​ស្រឡាញ់​ពួកខ្មាំង​សត្រូវ និង​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​យើង​វិញ [ សូមមើល នីហ្វៃ​ទី​៣ ១២:៤៤ ] » ។២៨

ខ្ញុំ​សូម​និយាយ​ជា​ថ្មី​​ថា មានតែ​នៅក្នុង និង​តាមរយៈ​សេចក្ដី​ទៀងត្រង់​​របស់​យើង​ម្នាក់ៗ​ចំពោះ​និង​សេចក្តីស្រឡាញ់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​សង្ឃឹម​ថា រួបរួម​តែមួយ—គឺ​មករួម​តែមួយ​ក្នុង​ខ្លួន​យើង ​នៅ​ក្នុង​ផ្ទះ នៅ​ក្នុង​សាសនាចក្រ ទី​បំផុត​មករួម​តែមួយ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ហើយ​លើស​ពីនោះ រួមមក​តែមួយ​ជាមួយ​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​សូម​ត្រឡប់​ទៅ​ព្រឹត្តិការណ៍​នៃ​សប្តាហ៍​ដ៏​បរិសុទ្ធ និង​ជោគជ័យ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​ប្រោស​លោះ​របស់​យើង​វិញ ។ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ធ្វើ​ជា​សាក្សី អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់ ហើយ​ថា ទ្រង់​បាន​យក​ឈ្នះ​លើ​អ្វីៗ​ទាំង​អស់ ។ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ​ធ្វើ​ជា​សាក្សី​ថា យើង​នៅជាប់​នឹង​ទ្រង់​ដោយ​សេចក្ដី​សញ្ញា យើង​ក៏​អាច​យក​ឈ្នះ​លើ​អ្វីៗ​ទាំង​អស់ ហើយ​រួម​មក​តែ​មួយ​ផងដែរ ។ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ធ្វើ​ជា​សាក្សី​ថា តាម​រយៈ​ទ្រង់ នោះ​ជីវិត​អមតៈ និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ គឺ​ជា​ការ​ពិត ។

ព្រឹក​នេះ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​ពិត​របស់​ទ្រង់ និង​អ្វីៗ​ទាំង​អស់​នៅក្នុងនោះ ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ៕