សន្និសីទទូទៅ
ការទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

នៅ​ពេល​យើង​បាន​សង់​ផ្ទះ​របស់​យើង​នៅ​លើ​គ្រឹះ​នៃ​ទំនាក់ទំនង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះគ្រីស្ទ នោះ​យើង​កំពុង ទុក ចិត្ត លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

ក្នុង​ភ្នែក​ខ្ញុំ ខ្ញុំ​មើលឃើញ​ព្យាការី​នីហ្វៃ​វ័យ​ចំណាស់​អង្គុយ​នៅ​តុ​របស់​លោក ដោយ​មាន​ផ្ទាំង​ចំណារ​មាស​ពង្រាយ​នៅ​ចំពោះ​មុខ​លោក និង​ប៉ាកកា​នៅ​ក្នុង​ដៃ​របស់​លោក ។

នីហ្វៃ​ស្ថិត​នៅក្នុង​ដំណើរការ​បញ្ចប់​ការឆ្លាក់​ចុងក្រោយ​នៅក្នុង​បញ្ជី​របស់​លោក ។ លោក​បាន​សរសេរ​ថា « ហើយ​ឥឡូវ​នេះ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​បញ្ចប់​ពាក្យ​របស់​ខ្ញុំ​តែ​ត្រឹម​នេះ​សិន​ចុះ » ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះវិញ្ញាណ​បាន​ជំរុញ​ឲ្យ​នីហ្វៃ​ត្រឡប់​ទៅ​បញ្ជី​របស់​លោក​វិញ ហើយ​សរសេរ​សារ​បញ្ចប់​មួយ ។ ក្រោម​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ព្យាការី​ដ៏​អស្ចារ្យ​នោះ​បាន​យក​ប៉ាកកា​របស់​លោក​មក​កាន់​ក្នុង​ដៃ​ម្តង​ទៀត ហើយ​សរសេរ​ថា « ហេតុ​ដូច្នោះ​ហើយ ការណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បាន​សរសេរ​មក​នេះ ក៏​ល្មម​គ្រប់គ្រាន់​ចំពោះ​ខ្ញុំ​ហើយ លើកលែង​តែ​ពាក្យ​ខ្លះ … ដែល​ខ្ញុំ ត្រូវ​តែ និយាយ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។

ឱ យើង​មាន​អំណរគុណ​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ « ពាក្យ​ខ្លះ » ទាំងនោះ និង​ចំពោះ​ព្រះវិញ្ញាណ​ដែល​បាន​បណ្តាល​នីហ្វៃ​ឲ្យ​សរសេរ​ពាក្យ​ទាំងនោះ ។ សន្ធិសញ្ញា​របស់​នីហ្វៃ​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ គឺ​ជា​រតនៈសម្បត្តិ​ចំពោះ​អស់​អ្នក​ណា​ដែល​ទទួលទាន​ពាក្យ​ទាំងនោះ ។ វា​មាន​នូវ​ការមើលឃើញ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះនិង​សំឡេង​របស់​ព្រះរាជ​បុត្រា​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​តាម​ទ្រង់ហើយ « ធ្វើ​នូវ​អ្វីៗ​ដែល [ យើង ] បាន​ឃើញ [ ទ្រង់ ] ធ្វើ » ។ វា​មាន​នូវ​សក្ខីភាព​របស់​នីហ្វៃ​ដែល​ថា អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​អំពើ​បាប​របស់​ពួកគេ ហើយ​ធ្វើ​តាម​ព្រះអង្គ​សង្រ្គោះ​ដោយ​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នឹង « ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ មែន​ហើយ​បន្ទាប់​មក​ក៏​មាន​បុណ្យជ្រមុជទឹក​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ យើងក៏​ឮ​សំឡេង​របស់​ព្រះវរបិតា​ដែល​ធ្វើ​បន្ទាល់​ផងដែរ​ថា « មែន​ហើយ ពាក្យ​ទាំងឡាយ​នៃ​បុត្រា​ស្ងួនភ្ងា​របស់​យើង គឺ​ពិត ហើយ​ស្មោះត្រង់ ។ អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​ត្រូវ​បាន​សង្គ្រោះ » ។

ប្រធាន រ័សុល អិម ណិលសុន ​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​ដ៏​ពិសេស​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ថ្នាក់ដឹកនាំ​បេសកកម្ម​ដែល​ទើប​តែ​ហៅ​បម្រើ ៖ « លើស​ពី​អ្វី​ផ្សេង​ទៀត​ទាំងអស់ យើង​ចង់​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង … មាន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ឆ្លាក់​ជាប់​ក្នុង​ចិត្ត​របស់​ពួក​គេ—គឺ​ចាក់​ឫស​នៅ​ក្នុង​ខួរ​ឆ្អឹង​របស់​ពួកគេ » ។

ប្រកាស​ដំណឹងល្អ​របស់​យើង​សង្ខេប​នូវ​ធាតុ​សំខាន់​ប្រាំ​យ៉ាង​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វា​បង្រៀន​ថា « [ យើង ]អញ្ជើញ​ដល់​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ពិធី​ទទួល​អំណោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ស៊ូទ្រាំ​ដរាប​ដល់​ចុង​បំផុត » ។១០

ប៉ុន្តែ​សារៈសំខាន់​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​គឺ​មិន​ត្រឹម​តែ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ​នោះ​ទេ ! ហើយ​វា​គឺ​ជ្រាលជ្រៅ​ជាង​ការគ្រាន់តែ​សង្ខេប​ដដែលៗ​នូវ​ធាតុ​សំខាន់​ទាំង​ប្រាំ​របស់​វា​ទៅទៀត ។ វា​រួម​បញ្ចូល​ច្បាប់​នៃ​ដំណឹងល្អ ។ វា​គឺ​ជា​ផែនការ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

បងប្អូន​ប្រុសស្រី​ទាំងឡាយ បើ​យើង​ត្រូវ​ទទួល​យក​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ឲ្យ​មាន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ចាក់​ឫស​នៅ​ក្នុង​ខួរ​ឆ្អឹង របស់​យើងនោះ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ការប្រែចិត្តជឿ​របស់​យើង​ទៅ​កាន់​ព្រះអម្ចាស់​កាន់​តែ​ស៊ី​ជម្រៅ តាម​រយៈ​ការសិក្សា ការអធិស្ឋាន និង​ការរស់នៅ​ដោយ​ស្មោះត្រង់ និង​បន្ត​ប្រែចិត្ត ។ យើង​ត្រូវតែ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ឆ្លាក់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅ « ក្នុង [ ដួង ] ចិត្ត​ខាង​សាច់​ឈាម [ របស់​យើង] »១១ ឲ្យ​បាន​ជ្រាលជ្រៅ និង​ជា​អចិន្ត្រៃយ៍​ដូច​ដែល​បាន​ឆ្លាក់​ដោយ​នីហ្វៃ​នៅ​លើ​ផ្ទាំង​ចំណារ​មាស​ដែរ ។

នៅក្នុង​សុន្ទរកថារបស់​លោក​នៅខែ តុលា​កន្លងទៅ ប្រធាន ណិលសុន បានសួរ​ដូច្នេះ​ថា « តើ​ការឈ្នះ​លោកិយ​មាន​ន័យ​ដូចម្តេច ? » ក្នុង​ចំណោម​ការណ៍​ដទៃទៀត នោះ លោក​បាន​មាន​ប្រសាសន៍​ថា « វា​មាន​ន័យ​ថា ទុកចិត្តលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ជាង​លើ​ទស្សនៈ​របស់​មនុស្ស » ។១២

ពាក្យ ទុកចិត្ត​មាន​និយមន័យ​ថា​ជា « ការដាក់​ក្ដី​សង្ឃឹម​យ៉ាង​ប្រាកដ​លើ​តួអង្គ សមត្ថភាព កម្លាំង ឬ​សេចក្ដី​ពិត​របស់​នរណា​ម្នាក់ ឬ​អ្វី​មួយ » ។១៣ នរណា​ម្នាក់​នោះ​គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​អ្វី​មួយ​នោះ​គឺជា​គោលលទ្ធិ​របស់​ទ្រង់ ។

ដូច្នេះ តើ ការទុកចិត្ដ ដោយ​ចេតនា​ទៅលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​រស់នៅ​យ៉ាង​ដូច​ម្ដេច​ដែរ ?

បើ​យើង ទុកចិត្ត លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ទុកចិត្ត​លើ​ព្រះគ្រីស្ទ​គ្រប់គ្រាន់​ដើម្បី​រស់​នៅ​តាម​គ្រប់​ទាំង​ព្រះបន្ទូល​របស់​ទ្រង់ ។១៤ យើង​នឹង​ធ្វើ​ការសិក្សា​អស់​មួយ​ជីវិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​១៥អំពី​ការងារ​បម្រើ​របស់​ទ្រង់ ការបង្រៀន​របស់​ទ្រង់ និង​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់ រួម​ទាំង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​ដ៏​រុងរឿង​របស់​ទ្រង់។ ។ យើង​នឹង​សិក្សា​ពី​ការសន្យា​ទាំងឡាយ​របស់​ទ្រង់ និង​លក្ខខណ្ឌ​នានា​ចំពោះ​ការសន្យា​ទាំងឡាយ​ដែល​បាន​ប្រទាន​ឲ្យ​ផងដែរ ។១៦ កាលដែល​យើង​សិក្សា យើង​នឹង​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​កាន់តែ​ច្រើន​ឡើង ។

បើ​យើង ទុកចិត្តលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ការអធិស្ឋាន​យ៉ាង​រាបសា និង​សម្ងាត់ ជា​កន្លែង​ដែល​យើង​អាច​បង្ហាញ​ការដឹងគុណ​ចំពោះ​អំណោយទាន​នៃ​ព្រះរាជបុត្រា​ទ្រង់ និង​សម្រាប់​គ្រប់​ទាំង​អស់​នៃ​ពរជ័យ​របស់​យើង ។​១៧ យើង​អាច​អធិស្ឋាន​សម្រាប់​ភាព​ជា​ដៃគូ​ដែល​ជា​វិវរណៈ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ១៨អធិស្ឋាន​ដើម្បី​សម្រប​ឆន្ទៈ​របស់​យើង​ទៅនឹង​ឆន្ទៈ​របស់​ទ្រង់១៩​អធិស្ឋាន​ដើម្បី​នឹក​គិត​អំពី​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​យើង ហើយ​ធ្វើ​ការប្ដេជ្ញា​ចិត្ត​របស់​យើង​ជា​ថ្មី​ឡើងវិញ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ទាំងនោះ ។២០ យើង​អាច​អធិស្ឋាន​ដើម្បី​គាំទ្រ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​របស់​យើង២១ដើម្បី​អធិស្ឋាន​សូម​អំណាច​សម្អាត​នៃ​ការអភ័យទោស២២និង​អធិស្ឋាន​ដើម្បី​សូម​កម្លាំង​ក្នុង​ការទប់ទល់​នឹង​ការល្បួង ។២៣ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដាក់​ការអធិស្ឋាន​ជា​អាទិភាព​ក្នុង​ជីវិត​របស់​បងប្អូន ដោយ​ស្វែងរក​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​កែលម្អ​ទំនាក់ទំនង​របស់​បងប្អូន​ជា​មួយ​ព្រះ ។

បើ​យើង ទុកចិត្តលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​បោះបង់​ចោល​អ្វី​ដែល​ភ្លឺ​ចែងចាំង​នៃ​លោកិយ​ចោល​ដើម្បី​យើង​អាច​ផ្តោត​ទៅ​លើ​ព្រះប្រោសលោះ​នៃ​ពិភពលោក​វិញ ។​២៤ យើង​នឹង​កំណត់ ឬ​លុបចោល​ពេលវេលា​ដែល​ចំណាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លេង​ហ្គេម​តាម​អ៊ីនធើណិត ការកម្សាន្ត​ដែល​ខ្ជះខ្ជាយ ហួសប្រមាណ ឬ​មិន​សមរម្យ ភាពទាក់ទាញ​នៃ​ទ្រព្យសម្បត្ដិ និង​ការណ៍​ឥត​ប្រយោជន៍​នៃ​លោកិយ​នេះ ព្រមទាំង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ផ្តល់​កន្លែង​ឲ្យ​ប្រពៃណី​ក្លែងក្លាយ និង​ទស្សនវិជ្ជា​ខុសឆ្គង​របស់​មនុស្ស ។ មាន​តែ​នៅ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ដែល​យើង​រកឃើញ​សេចក្តីពិត និង​ការបំពេញ​យូរអង្វែង​បាន ។

ការប្រែ​ចិត្ត​ដ៏​ស្មោះ២៥នឹង​ក្លាយ​ជា​ផ្នែក​ដ៏​ពោរពេញ​ដោយ​អំណរ២៦នៃ​ជីវិត​របស់​យើង—ទាំង​ត្រូវ​បាន​អត់ទោស​ពី​អំពើ​បាប​ផង និង​ត្រូវបាន​ផ្លាស់​ប្ដូរ​នៅ​ក្នុង​រូបភាព​នៃ​ព្រះគ្រីស្ទ​ផង ។២៧ ការប្រែចិត្ត​ដោយ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​ផ្តល់​ឲ្យ​យើង​ចូល​ទៅ​កាន់​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា នៅ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​អភ័យទោស ទ្រង់ « ធ្វើ​លើស​ពី​ការសម្អាត [ យើង ] ពី​អំពើ​បាប ។ ទ្រង់​ក៏​ផ្ដល់​កម្លាំង​ថ្មី​ដល់ [ យើង ] ផងដែរ » ។២៨ យើង​ម្នាក់ៗ​ត្រូវការ​កម្លាំង​នេះ ដើម្បី​រក្សា​ព្រះបញ្ញាត្តិ​របស់​ព្រះ និង​ដើម្បី​បំពេញ​គោលបំណង​ដ៏​អស់កល្ប​នៃ​ជីវិត​របស់​យើង ។

នៅ​ក្នុង ព្រះយេស៊ូវ និង​ក្នុង​គោលលិទ្ធ​របស់​ទ្រង់ នោះ​យើង​រកឃើញ​នូវ​កម្លាំង ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នេះ​គឺ​គោលលទ្ធិ​របស់​យើងហើយ​អស់​អ្នក​ណា​ដែល​សង់​នៅ​លើ​គោលលទ្ធិ នេះគឺ​សង់​នៅ​លើ​ថ្មដា​របស់​យើង ហើយ​ទ្វារ​ទាំងឡាយ​នៃ​ស្ថាន​នរក នឹង​ពុំ​អាច​ឈ្នះ​លើ​អ្នក​ទាំងនោះ​បាន​ឡើយ » ។២៩

យើង​ឃើញ​ការសន្យា​នេះ​បំពេញ​នៅក្នុង​ជីវិត​របស់​មនុស្ស​ដ៏​ស្មោះត្រង់​ទាំងឡាយ ។ វា​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មុន​ដែល​ខ្ញុំ​មាន​ឯកសិទ្ធិ​ជួប​ត្រាវីស និង​ខេស៊ី ។ ពួកគេ​បាន​រៀបការ​តាម​ផ្លូវការ​នៅ​ឆ្នាំ ២០០៧ ។ កាល​នោះ ត្រាវីស​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​ទេ ។ ទោះ​ជា​ខេស៊ី​បាន​ធំ​ឡើង​នៅ​ក្នុង​ផ្ទះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​សកម្ម​ក្ដី នាង​បាន​ឈប់​មាន​សេចក្ដី​ជំនឿ​នៅពេល​ជា​យុវវ័យ ហើយ​បាន​វង្វេង​ចេញ​ពី​គ្រឹះ​របស់​នាង ។

នៅ​ឆ្នាំ ២០១៨ ត្រាវីស​បាន​ជួប​នឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​គាត់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​នៅ ឆ្នាំ ២០១៩ ។ ត្រាវីស​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​ខេស៊ី ដែល​បាន​ដកពិសោធន៍​នូវ​ការប្រែ​ចិត្ត​ជឿ​ដែល​ជា​ការផ្លាស់ប្តូរ​ជីវិត​មួយ​ផងដែរ ។ ពួកគេ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅខែ កញ្ញា ឆ្នាំ ២០២០ ។ ប្រហែល​ជា​ពីរ​ឆ្នាំ​បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ត្រាវីស​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព ។

ត្រាវីស​មាន​ជំងឺ​កម្រ​មួយ​ដែល​ចេះតែ​មាន​ដុះ​ដុំ​សាច់​នៅ​ក្នុង​សរីរាង្គ​ខាង​ក្នុង​របស់​គាត់ ។ គាត់​បាន​ទទួល​ការវះកាត់​ជា​ច្រើន​ដង ដើម្បី​យក​ដុំ​សាច់​ដែល​ដុះ​ឡើង​ដដែលៗ​នោះ​ចេញ ប៉ុន្តែ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ឲ្យ​ជា​បាន​ទេ ។ ប៉ុន្មាន​ឆ្នាំ​មុន គ្រូពេទ្យ​ប្រាប់​ត្រាវីស​ថា គាត់​មាន​ពេល​តិច​ជាង ១០ ឆ្នាំ​ដើម្បី​រស់​នៅ ។

ខេស៊ី​មាន ជំងឺ​រលាក​ភ្នែក ជា​ជំងឺ​ដំណរពូជ​ដ៏​កម្រ​មួយ ដែល​បណ្តាល​ឲ្យ​ការមើល​ឃើញ​ចេះ​តែ​រួមតូច​ទៅៗ​រហូត​ដល់​ខ្វាក់​ទាំង​ស្រុង ។

ខេស៊ី​បាន​និយាយ​ជាមួយ​ខ្ញុំ​អំពី​អនាគត​របស់​នាង ។ នាង​បាន​រំពឹង​ទុក​ថា​ពេល​វេលា​មិន​យូរ​ទេ ដែល​នាង​នឹង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ ខ្វាក់ភ្នែក គ្មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ត្រូវ​ទុក​ឲ្យ​នៅ​ចិញ្ចឹម​កូន​ដែល​កំពុង​ធំ​លូតលាស់​បួន​នាក់​តែ​ម្នាក់​ឯង ។ ខ្ញុំ​បាន​សួរ​ខេស៊ី​ថា តើ​នាង​អាច​ដោះស្រាយ​អនាគត​ដ៏​គួរ​ឲ្យ​អស់សង្ឃឹម​បែប​នេះ​យ៉ាង​ដូច​ម្ដេច​ទៅ ។ នាង​បាន​ញញឹម​ដោយ​សុខសាន្ត ហើយ​បាន​និយាយ​ថា « ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្ត ឬ​មាន​ក្តី​សង្ឃឹម​ច្រើន​ជាង​នេះ​ឡើយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ យើង​កាន់ខ្ជាប់​ទៅនឹង​ការសន្យា​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ឥឡូវ​នេះ​ត្រាវីស​គឺ​ជា​ប៊ីស្សព ។ ពីរ​ខែ​មុន គាត់​បាន​ទទួល​ការវះកាត់​ដ៏​ធំ​មួយ​ទៀត ។ ប៉ុន្តែ​គាត់​មាន​សុទិដ្ឋិនិយម និង​ភាពសុខសាន្ត ។ ការមើល​ឃើញ​របស់​ខេស៊ី​កាន់តែ​យ៉ាប់​ទៅៗ ។ ឥឡូវ​នេះ​នាង​មាន​ឆ្កែ​មួយ​ក្បាល​ដែល​បាន​បង្វឹក​ឲ្យ​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ហើយ​នាង​មិន​អាច​បើកបរ​បាន​ទេ ។ ប៉ុន្តែ​នាង​រីករាយ​ចិត្ត ចិញ្ចឹម​បីបាច់​កូនៗ​របស់​នាង និង​បម្រើ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​យុវនារី ។

ត្រាវីស និង​ខេស៊ី​កំពុង​សង់​ផ្ទះ​របស់​ពួកគេ​នៅ​លើ​ថ្មដា ។ ត្រាវីស និង​ខេស៊ី​ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ការសន្យា​ដែល​ថា ព្រះ « នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំងឡាយ [ របស់​ពួកគេ ] ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់ [ ពួកគេ ] វិញ » ។៣០ នៅ​ក្នុង​ផែនការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ ការរងទុក្ខ​ដោយ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​បាន​ផ្សារភ្ជាប់​នឹង​ការក្លាយ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ ។​៣១ ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​នៅក្នុង​រឿង​ប្រៀប​ប្រដូច​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្មដា៣២ពេល​ភ្លៀង​ធ្លាក់​មក ហើយ​ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់បោក ហើយ​វាយ​ផ្ចាញ់​លើ​ផ្ទះ​ដែល​ត្រេវីស និង​ខេស៊ី​កំពុង​សាងសង់ វា​មិន​បាន​រលំ​ទេ ព្រោះ​វា​នឹង​ត្រូវ​បាន​សង់​ឡើង​នៅ​លើ​ថ្មដា ។៣៣

ព្រះយេស៊ូវ​មិន​បាន​មាន​បន្ទូល​អំពី​ភ្លៀង និង​ទឹក​ជំនន់ និង​ខ្យល់​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល អាច​នឹង​កើត​ឡើង នោះទេ ទ្រង់​បាន​មាន​បន្ទូល​ថា ព្យុះ​នឹង​កើត​ឡើង​យ៉ាង ពិតប្រាកដ ។ ការផ្លាស់ប្ដូរ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ​គឺ​ពុំ​មែន​ថា តើ​ព្យុះ​នឹង​កើត​ឡើង​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ថា​តើ​យើង​បាន​ឆ្លើយ​តប​ទៅ​នឹង​ការអញ្ជើញ​ដោយ​ក្តីស្រឡាញ់​របស់​ទ្រង់​ឲ្យ​ទាំង​ស្ដាប់ និង​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​យ៉ាង​ដូច​ម្ដេច ។៣៤ ពុំ​មាន​ផ្លូវ​ណា​ផ្សេង​ទៀត​ដើម្បី​រស់​ឡើយ ។

នៅ​ពេល​យើង​បាន​សង់​ផ្ទះ​របស់​យើង​នៅ​លើ​គ្រឹះ​នៃ​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះគ្រីស្ទ នោះ​យើង​កំពុង ទុកចិត្តលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ហើយ​នៅ​ពេល​យើង​មក​រក​ទ្រង់ នោះ​យើង​មាន​ការសន្យា​របស់​ទ្រង់​អំពី​ជីវិត​អស់កល្បជានិច្ច ។ មនុស្ស​ដែល​ជឿ​ទុក​ចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឈាន​ទៅ​មុខ​ដោយ​ភាព​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ហើយ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។ គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯ​ណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​យើង អាច​បាន​សង្គ្រោះ នៅក្នុង​នគរ​របស់​ព្រះ ។​៣៥

ខ្ញុំ​ថ្លែង​ជា​សាក្សី​ផ្ទាល់​ខ្លួន​អំពី​ការពិត​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរបិតា​របស់​យើង ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​ប្រោសលោះ​យើង​ពី​អំពើបាប៣៦ហើយ​ប្រោស​យើង​ឲ្យ​រួច​ពី​ទុក្ខសោក ។៣៧ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​ហៅ​ព្យាការី​នៃ​ព្រះ​ម្នាក់​នៅ​ក្នុង​ជំនាន់​របស់​យើង គឺ​ជា​ប្រធាន រ័សុល អិម ណិលសុន ដែល​ទ្រង់​មាន​បន្ទូល និង​ណែនាំ​យើង​តាមរយៈ​លោក ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ សូម​ឲ្យ​បងប្អូន​ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​សង​ជីវិត​បងប្អូន​នៅ​លើ​ថ្ម​ដា​នៃ​ព្រះ​ប្រោសលោះ ។ ទ្រង់​នឹង​មិន​ធ្វើ​ឲ្យ​បងប្អូន​រលំ​ឡើយ ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕