សន្និសីទទូទៅ
ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បង្រៀន​យើង​ឲ្យ​ធ្វើ​ការងារ​បម្រើ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បង្រៀន​យើង​ឲ្យ​ធ្វើ​ការងារ​បម្រើ

ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង នោះ​យើង​អាច​ស្រឡាញ់​ចៀម​ដ៏​មាន​តម្លៃ​របស់​ទ្រង់ និង​ផ្តល់​ការងារ​បម្រើ​ដល់​ពួក​គេ ដូច​ទ្រង់​នឹង​ធ្វើ ។

ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ​មាន​ព្រះបន្ទូល​ថា ៖

« ខ្ញុំ ជា អ្នក គង្វាល ល្អ ឯ អ្នក គង្វាល ល្អ ក៏ ស៊ូ តែ ប្តូរ ជីវិត ជំនួស ចៀម ។​ …

« ដូច​ជា​ព្រះវរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ ៖ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម ។ »​

នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​កំណែ​ភាសា​ក្រិក ពាក្យ ល្អ ក៏​មាន​ន័យ​ថា « អស្ចារ្យ, ប្រសើរ​ក្រៃលែង » ផងដែរ ។ ដូច្នេះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​ពី​អ្នក​គង្វាល​ល្អ អ្នក​គង្វាល​ដ៏​អស្ចារ្យ អ្នក​គង្វាល​ដ៏​ប្រសើរ​ក្រៃលែង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គេ​ហៅ​ទ្រង់​ថា « អ្នក​គង្វាល​ដ៏​ធំ »មេ​ពួក​អ្នក​គង្វាល »និង « អ្នក​គង្វាល​ជា​អ្នក​ថែទាំ​ព្រលឹង [ របស់​យើង ] » ។

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ អេសាយ​បាន​សរសេរ​ថា « ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល » ។

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន គេ​ហៅ​ទ្រង់​ថា « អ្នក​គង្វាល​ល្អ »និង « អ្នក​គង្វាល​ដ៏​ពិត និង​មហិមា » ។

នៅ​ក្នុងព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទ្រង់​ប្រកាស​ថា « ហេតុ​ដូច្នោះ​ហើយ យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ហើយ​យើង​ជា​អ្នក​គង្វាល​ល្អ » ។

នៅ​ក្នុង​ជំនាន់​យើង ប្រធាន រ័សុល អិម ណិលសុន​បាន​ប្រកាស​ថា ៖ « អ្នក​គង្វាល​ដ៏​ល្អ ខ្វល់ខ្វាយ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ចៀម​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រោល​របស់​ទ្រង់ ហើយ​យើង​ជា​អ្នក​នៅក្រោម​បង្គាប់​ដ៏​ពិត​របស់​ទ្រង់ ។ ឯកសិទ្ធិ​របស់​យើង​គឺ ទទួល​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​បន្ថែម​សេចក្ដី​ស្រឡាញ់​យើង​ផ្ទាល់​ទៅដល់​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង—ដូច​ជា ឲ្យ​អាហារ មើល​ថែទាំ និង​ចិញ្ចឹម​បីបាច់​ពួកគេ ដូច​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ » ។

ថ្មីៗ​នេះ ប្រធាន​ណិលសុន​ក៏​មាន​ប្រសាសន៍ដែរ​ថា ៖ « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់​ជានិច្ចកាល គឺ​ជា​ការខិតខំ​ដែល​បាន​រៀបចំ បាន​ដឹកនាំ​ទៅ​រក​កិច្ចខិតខំ​ផ្តល់​ការងារ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ។ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​បម្រើ ។ ពួក​យើង​នឹង​ផ្តល់​ការងារ​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្ត​ល្អ ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ » ។១០

នៅ​ពេល​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់ « ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង »១១ ទ្រង់​បាន​តប ដោយ​បង្ហាញ​នូវ​រឿង​ដ៏​អស្ចារ្យ ​បី ដែល​យើង​បាន​ស្គាល់​ថា ជា​រឿង​ប្រដូច​អំពី​ចៀម​ដែល​បាត់ រឿង​ប្រដូច​អំពី​កាក់​ដែល​បាត់ និង​រឿង​ប្រដូច​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា នៅពេល​លូកា ជាអ្នក​និពន្ធ​ដំណឹងល្អកំពុង​ពន្យល់​ប្រាប់​រឿង​ទាំង​បី​នេះ លោក​ប្រើ​ពាក្យ ប្រៀប​ប្រដូច ក្នុង​ទម្រង់​ឯកវចនៈ មិនមែន​ពហុវចនៈ​ទេ ។១២ វា​ហាក់​ដូច​ជា​ព្រះ​ជាម្ចាស់​កំពុង​បង្រៀន​មេរៀន​ដ៏​ពិសេស​មួយ​អំពី​​រឿង​ទាំង​បី​នេះ ជា​—រឿង​ដែល​បង្ហាញ​ពី​ចំនួន​លេខ​ផ្សេងៗ​គ្នា ដូចជា ចៀម ១០០ ក្បាល កាក់​ចំនួន ១០ និង​កូន​ប្រុស ២ នាក់ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លេខ​សំខាន់​បំផុត​នៅ​ក្នុង​រឿង​នីមួយ​ៗ​នេះ​គឺ​លេខ មួយ ហើយ​មេរៀន​មួយ​ដែល​យើង​អាច​រៀន​ពី​លេខ​នោះ​គឺ​ថា បងប្អូន​អាច​ជា​អ្នក​នៅ​ក្រោម​បង្គាប់​សម្រាប់​មើល​ថែ​អែលឌើរ ១០០ នាក់ និង​អ្នក​ត្រៀម​ទទួល​ថ្នាក់​អែលឌើរ​នៅក្នុង​កូរ៉ុម​របស់​បងប្អូន ឬ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ម្នាក់​ដល់​យុវនារី ១០ នាក់ ឬ​ជា​គ្រូបង្រៀន​កុមារ ២ នាក់​ក្នុង​អង្គការ​បឋម​សិក្សា ប៉ុន្តែ​បងប្អូន​តែង​តែ​ផ្តល់​ការងារ​បម្រើ​ដល់​ពួក​គេ​ជានិច្ច ថែ​រក្សា​ពួក​គេ ហើយ​ស្រឡាញ់​ពួក​គេ​ម្តង​ម្នាក់ៗ រៀងៗ​ខ្លួន ។ បងប្អូន​មិន​ដែល​និយាយ​ថា « ចៀម​អី​ក៏​ល្ងីល្ងើ​យ៉ាង​នេះ » ឬ « ទីបំផុត ខ្ញុំ​មិន​ត្រូវការ​កាក់​នោះ​ទៀត​ទេ » ឬ « កូន​នេះ​ម៉េច​ក៏​បះបោរ​ម៉្លេះ » ។ បើ​បងប្អូន និង​ខ្ញុំ​មាន « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » នៅ​ជាមួយ​យើង១៣ដូច​បុរសដែល​បាត់​ចៀម​នៅក្នុង​រឿង​នោះ​ដែរ នោះ​យើង​នឹង « ទុក​ចៀម ៩៩ … ដើម្បី​នឹង​ទៅ​តាម​រក​ចៀម ១ ដែល​បាត់ [ ទាល់​តែ គឺ​ទាល់​តែ​យើង ] ឃើញ​ទេ​ឬ​អី » ។១៤ ឬ​ដូច​ជា​ស្ត្រី​ក្នុង​រឿង​កាក់​ដែល​បាត់ នោះ​យើង​នឹង « អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត [ គឺ​អស់​ពី​ចិត្ត ] ទាស់​តែ [ …គឺ​ទាស់…​តែ ] បាន​ឃើញ​ទេ​ឬ​អី » ។១៥ បើ​យើង​មាន « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » នៅ​ជាមួយ​យើង នោះ​យើង​នឹង​ធ្វើ​តាម​គំរូ​ឪពុក​ក្នុង​រឿង​កូន​ប្រុសខ្ជះខ្ជាយ ដែល​ពេល​កូន​ប្រុស​នោះ​ត្រូវបាន « … ឃើញ​ពី​ចម្ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា » ។១៦

តើ​យើង​អាច​ទទួល​អារម្មណ៍​ពី​ភាព​បន្ទាន់​នៅ​ក្នុង​ចិត្ត​របស់​បុរស​ដែល​បាន​បាត់​ចៀម​តែ​មួយ​គត់​នោះ​ដែរ​ឬ​ទេ ? ឬ​ក៏​ភាព​បន្ទាន់​នៅ​ក្នុង​ចិត្ត​របស់​ស្ត្រី​ដែល​បាន​បាត់​កាក់​តែ​មួយ​នោះ​ដែរ​ឬ​ទេ ? ឬ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​ដ៏​ធំ​មហិមា​នៅ​ក្នុង​ចិត្ត​របស់​ឪពុក​នៃ​កូន​ប្រុស​ខ្ជះខ្ជាយ​នោះ​ដែរឬ​ទេ ?

ភរិយា​របស់​ខ្ញុំ ម៉ារៀ អ៊ីសាប៊ែល និង​ខ្ញុំ​បាន​បម្រើ​នៅ​អាមេរិក​កណ្តាល ដែល​ត្រូវ​បាន​ចាត់​ទៅ​​ទី​ក្រុង​ហ្គាតេម៉ាឡា ។ នៅ​ទី​នោះ ខ្ញុំ​មាន​ឱកាស​ជួប ជូលៀ ដែល​ជា​សមាជិក​ដ៏​ស្មោះ​ត្រង់​ម្នាក់​នៃ​សាសនាចក្រ ។ ខ្ញុំ​ទទួល​អារម្មណ៍​ឲ្យ​សួរ​នាង​អំពី​គ្រួសារ​របស់​នាង ។ ម្តាយ​របស់​នាង​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​កាល​ពី​ឆ្នាំ ២០១១ ។ ឪពុក​របស់​នាង​គឺ​ជា​អ្នក​ដឹក​នាំ​ដ៏​ស្មោះ​ត្រង់​ម្នាក់​នៅ​ក្នុង​ស្តេក​របស់​គាត់ បម្រើ​ជា​ប៊ីស្សព និង​ជា​ទី​ប្រឹក្សា​ប្រធាន​ស្តេក​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ ។ គាត់​គឺជា​អ្នកនៅក្រោម​បង្គាប់​ដ៏​ពិត​របស់​ព្រះអម្ចាស់ ។ ជូលៀ​បាន​ប្រាប់​ខ្ញុំ​ពី​ការខិតខំ​ឥត​នឿយហត់​របស់​ឪពុក​នាង​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ ផ្តល់​ការងារ​បម្រើ និង​បម្រើ ។ គាត់​ពិត​ជា​រីករាយ​ក្នុង​ការ​ឲ្យ​ចំណី និង​ឃ្វាល​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះអម្ចាស់ ។ គាត់​បាន​រៀប​ការ​ម្តង​ទៀត ហើយ​បន្ត​នៅ​តែ​សកម្ម​នៅ​ក្នុង​សាសនាចក្រ ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​លះលែង​គ្នា ហើយ​ឥឡូវ​នេះ​គាត់​ត្រូវ​ចូល​រួម​ព្រះ​វិហារ​តែ​ម្នាក់​ឯង​ម្តង​ទៀត ។ គាត់​មាន​អារម្មណ៍​ថា គ្មាន​ចំណែក ហើយ​ក៏​មាន​អារម្មណ៍​ថា មនុស្ស​មួយ​ចំនួន​បាន​រិះគន់​គាត់ ដោយសារ​តែ​ការ​លះលែង​របស់​គាត់ ។ គាត់​ឈប់​មក​ព្រះវិហារ ដោយសារ​ចិត្ត​របស់​គាត់​ពោរពេញ​ដោយអារម្មណ៍​អវិជ្ជមាន ។

ជូលៀ​បាន​ថ្លែង​សរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក​នៅ​ក្រោម​បង្គាប់​ដ៏​អស្ចារ្យ​ម្នាក់​នេះ ដែល​ជា​មនុស្ស​ខិតខំ​ធ្វើការ ស្រឡាញ់ និង​មាន​ចិត្ត​អាណិត​អាសូរ ។ ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ថា អារម្មណ៍​នៃ​ភាព​បន្ទាន់​មួយ​បាន​ផុស​ឡើងក្នុង​ចិត្ត​ខ្ញុំ នៅ​ពេល​នាង​កំពុង​ពិពណ៌នា​អំពី​គាត់ ។ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​អ្វី​មួយ​សម្រាប់​បុរស​នោះ ជា​បុរស​ម្នាក់​ដែល​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

នាង​បាន​ឲ្យ​លេខ​ទូរសព្ទ​របស់​គាត់​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទូរសព្ទ​ទៅ​គាត់ ដោយ​សង្ឃឹម​ថា នឹង​មាន​ឱកាស​ជួប​គាត់​ដោយ​ផ្ទាល់ ។ បន្ទាប់ពី​ប៉ុន្មាន​សប្តាហ៍ និង​ការទូរសព្ទ​ទាក់ទង​ជាច្រើន​ដង​ដោយ​គ្មាន​ការឆ្លើយតប នោះ​នៅ​ថ្ងៃ​មួយ​គាត់​បាន​លើក​ទូរសព្ទ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​បាន​ជួប​ជូលៀ​កូន​ស្រី​របស់​គាត់ ហើយ​ថា​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​របៀប​ដែល​គាត់​បាន​បម្រើ ផ្តល់​ការងារ​បម្រើ និង​ស្រឡាញ់​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះអម្ចាស់ អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ។ គាត់​មិន​បាន​រំពឹង​ថា នឹង​ឮ​វាចា​បែប​នេះ​ទេ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ពិត​ជា​ចង់​ជួប​មុខ​គាត់​ដោយផ្ទាល់ ។ គាត់​បាន​សួរ​ខ្ញុំ​ពី​គោលបំណង​ដែល​ខ្ញុំ​ស្នើសុំ​ការ​ជួប​បែប​នេះ ។ ខ្ញុំ​តប​វិញ​ថា « ខ្ញុំ​ពិតជា​ចង់​ជួប​ឪពុក​របស់​ស្រ្តី​ដ៏​អស្ចារ្យ​ម្នាក់​បែប​នេះ » ។ បន្ទាប់​មក មាន​ភាព​ស្ងប់ស្ងាត់​មួយ​សន្ទុះ—ពោល​គឺ​មួយ​សន្ទុះ​ដែល​ហាក់​ដូច​ជា​អស់កល្ប​ជានិច្ច​សម្រាប់​ខ្ញុំ ។ គាត់​គ្រាន់តែ​សួរ​ថា « តើ​ជួប​នៅ​ពេលណា និង​កន្លែង​ណា ? »

ថ្ងៃ​ដែល​ខ្ញុំ​បាន​ជួប​គាត់ ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​ចែក​ចាយ​បទ​ពិសោធន៍​មួយ​ចំនួន​អំពី​ការសួរ​សុខ​ទុក្ខ ការផ្តល់​ការងារ​បម្រើ និង​ការបម្រើ​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះអម្ចាស់ ។ នៅ​ពេល​គាត់​កំពុង​តំណាល​ប្រាប់​ពី​រឿង​ដ៏​រំជួល​ចិត្ត​មួយ​ចំនួន នោះ​ខ្ញុំ​បាន​សម្គាល់​ឮ​សំឡេង​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​អារម្មណ៍​ដដែល​នោះ ដែល​គាត់​ធ្លាប់​ទទួល​ជា​ច្រើន​ដង ក្នុង​នាម​ជា​អ្នក​នៅ​ក្រោម​បង្គាប់​បាន​កើត​ឡើង​វិញ​ចំពោះ​គាត់ ។ ឥឡូវ​នេះ គាត់​បាន​យំ ។ ខ្ញុំ​បាន​ដឹង​ថា នេះ​គឺ​ជា​គ្រា​ល្អ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ។ ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ថា « ព្រះវរបិតា​អើយ​ជួយ​ទូលបង្គំ​ផង » ។

រំពេច​នោះ ខ្ញុំ​បាន​ឮ​ខ្លួន​ឯង​និយាយ​ថា « បង​ប្រុស​ហ្វ្លូរៀន ក្នុងនាម​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ ខ្ញុំ​សូម​អភ័យ​ទោស​ដែល​យើង​មិន​បាន​នៅ​ក្បែរ​បង ពេល​បង​មាន​បញ្ហា ។ សូម​អភ័យទោស​ឲ្យ​ពួក​យើង​ផង ។ សូម​ផ្ដល់​ឱកាស​ម្តង​ទៀត​ឲ្យ​ពួកយើង ដើម្បី​បង្ហាញ​បង​ថា យើង​ស្រឡាញ់​បង ។ យើង​ត្រូវការ​បង ។ បង​ជា​មនុស្ស​សំខាន់​ចំពោះ​ពួកយើង » ។

នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ គាត់​បាន​ត្រឡប់​មក​វិញ ។ គាត់​បាន​សន្ទនា​ជាមួយ​ប៊ីស្សព​របស់​គាត់​យ៉ាង​យូរ ហើយ​បន្ត​សកម្ម ។ ពីរ​បី​ខែ​ក្រោយ​មក គាត់​បាន​ចែកឋាន—ប៉ុន្តែ​គាត់​បាន​ត្រឡប់​មក​វិញ​ហើយ ។ គាត់​បាន​ត្រឡប់​មក​វិញ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង នោះ​យើង​អាច​ស្រឡាញ់​ចៀម​ដ៏​មាន​តម្លៃ​របស់​ទ្រង់ និង​ផ្តល់​ការងារ​បម្រើ​ដល់​ពួក​គេ ដូច​ទ្រង់​នឹង​ធ្វើ ។ ដូច្នេះ​ហើយ នៅ​ទី​នោះ នៅ​ទីក្រុង ហ្គាតាម៉ាឡា ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ បាន​នាំ​យក​ចៀម​ដ៏​មាន​តម្លៃ​ម្នាក់​ទៀត​មក​ក្នុង​ហ្វូង​របស់​ទ្រង់​វិញ ។ ហើយ​ទ្រង់​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ​អំពី​ការបម្រើ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន ។ នៅក្នុង​ព្រះ​នាម​នៃ​អ្នក​គង្វាល​ដ៏​ល្អ អ្នក​គង្វាល​ដ៏​អស្ចារ្យ អ្នក​គង្វាល​ដ៏​ប្រសើរ​ក្រៃលែង គឺ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ អាម៉ែន ៕