សន្និសីទទូទៅ
ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​ត្រូវបាន​ប្រទាន​ឲ្យ​យើង ដើម្បី​ដឹកនាំ​ជីវិត​យើង ។ សារលិខិត​ខ្ញុំ​នៅ​ថ្ងៃនេះ​មាន​នូវ​ការដកស្រង់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៃ​យើង—ជា​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល ។

យើង​ជឿ​លើ​ព្រះគ្រីស្ទ ។ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ថ្វាយ​បង្គំ​ទ្រង់ ហើយ​ធ្វើតាម​ការបង្រៀន​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។

ពីមុន​ការធ្លាក់ ព្រះវរបិតា​សួគ៌​​យើង​បាន​មាន​បន្ទូល​ដោយ​ផ្ទាល់​ទៅកាន់​លោក​អ័ដាម និង​នាង​អេវ៉ា ។ បន្ទាប់​មក ព្រះវរបិតា​ទ្រង់​បាន​ណែនាំអំពី​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង រួចទ្រង់​បាន​បង្គាប់​យើង « ចូរ​ស្តាប់​តាម​ចុះ » ។ ចេញពី​ការណែនាំ​នេះ យើង​សន្និដ្ឋាន​ថា កំណត់ត្រា​ព្រះគម្ពីរ​អំពី​ព្រះបន្ទូល​​ថ្លែងដោយ « ព្រះ » ឬ « ព្រះអម្ចាស់ » គឺ​សឹងតែ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជានិច្ច ​ជា​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះគម្ពីរ​ត្រូវបាន​ប្រទាន​ឲ្យ​យើង ដើម្បី​ដឹកនាំ​ជីវិត​យើង ។ ដូច​ដែល​ព្យាការី​នីហ្វៃ​បាន​បង្រៀន​យើង យើង​គួរតែ « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។ ព្រះគម្ពីរ​ភាគច្រើន​​រៀបរាប់​អំពី​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ គឺជា​ការពិពណ៌នា​អំពី​អ្វី​ដែល​ទ្រង់ បាន​ធ្វើ ។ សារលិខិត​ខ្ញុំ​នៅ​ថ្ងៃនេះ​មានការ​ដកស្រង់ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៃ​យើង—ជា​អ្វី​ដែល​ទ្រង់ មាន​ព្រះបន្ទូល ។ ទាំងនេះ​គឺជា​ព្រះបន្ទូល​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ( រួមទាំង​សេចក្ដី​បន្ថែម​ដ៏​បំផុស​គំនិត​របស់ យ៉ូសែប ស្ម៊ីធ ផងដែរ ) និង​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ការជ្រើសរើស​ទាំងនេះ​ភាគច្រើន​គឺមាន​តាម​លំដាប់​លំដោយ​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​មាន​បន្ទូល ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ទេ » ។

« មាន​ពរ​ហើយ … អស់​អ្នក [ ដែល ] ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ពោរពេញ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

« មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ហៅជា​កូន​របស់​ព្រះ » ។

« អ្នករាល់គ្នា​បាន​ឮ​សេចក្តី​ដែល​សម្ដែង​ពី​ដើម​ថា កុំ​ផិត​ឲ្យ​សោះ ៖

ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បី​តែ​អ្នកណា​ដែល​គ្រាន់តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ​នៅក្នុង​ចិត្ត​ខ្លួន​ហើយ » ។

« អ្នករាល់គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា ចូរ​ស្រឡាញ់​អ្នកជិតខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ ។

ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នករាល់គ្នា​វិញ ។

ដើម្បី​ឲ្យបាន​ធ្វើជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ព្រោះ​ទ្រង់​ធ្វើឲ្យ​ថ្ងៃ​របស់​ទ្រង់​រះឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មកលើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង » ។

« ដ្បិត​បើ​អ្នករាល់គ្នា​អត់ទោស​ចំពោះ​ការរំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ ។

តែ​បើ​អ្នករាល់គ្នា​មិន​អត់ទោស ចំពោះ​ការរំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់ទោស ចំពោះ​ការរំលង​ច្បាប់ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ » ។

« បើ​អ្នករាល់គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នករាល់គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញពី​លោកីយ៍​មក ហើយ​អ្នករាល់គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បានជា​លោកីយ៍​ស្អប់​អ្នករាល់គ្នា​វិញ » ។១០

« ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ស្វែងរក​អ្វីៗ​នៃ​លោកិយ​នេះ​ឡើយ ប៉ុន្តែ​ចូរ​អ្នក​ស្វែងរក ដើម្បី​កសាង​នគរ​ព្រះ ហើយ​ដើម្បី​តាំង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជាមុន​សិន ទើប​គ្រប់​របស់​ទាំងនេះ​នឹង​ត្រូវបាន​ប្រទាន​ដល់​អ្នក​ថែម​ទៀត » ។១១

« ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នករាល់គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រឹត្យវិន័យ ហើយ​ជា​សេចក្តី​ទំនាយ​របស់​ពួកហោរា » ។១២

« ចូរ​ប្រយ័ត្ន​នឹង​ពួកគ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នករាល់គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ ។

អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត ។ តើ​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបងយក្ស​ឬ​ទេ ។

ដូចេ្នះ អស់​ទាំង​ដើមឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ » ។១៣

« មិន​មែន​អស់​អ្នកណា​ដែល​គ្រាន់តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺជា​អស់​អ្នក​ដែល​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេ​តើ » ។១៤

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ។

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។១៥

« បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួនឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ។

ហើយ​ឥឡូវនេះ បើសិនជា​អ្នកណា​ចង់​ផ្ទុក​ឈើឆ្កាង​របស់​ខ្លួន នោះ​គឺ​ត្រូវ​លះ​កាត់​ចិត្ត​ខ្លួនឯង​ចេញពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត និង​គ្រប់​ទាំង​សេចក្ដី​សម្រើប​ខាង​លោកិយ ហើយ​កាន់តាម​បញ្ញត្តិ​ទាំងឡាយ​របស់​ខ្ញុំ​ចុះ » ។១៦

« ហេតុដូច្នេះ​ហើយ ចូរ​លះបង់​ខាង​លោកិយ​ចោល ហើយ​សង្គ្រោះ​ព្រលឹង​របស់​ខ្លួន ព្រោះ​តើ​មនុស្ស​ទទួល​បាន​ផល​ប្រយោជន៍​អ្វី បើ​គេ​នឹង​ទទួល​បាន​លោកិយ​នេះ​ទាំងមូល តែ​បាត់បង់​ព្រលឹង​របស់​ខ្លួនឯង​នោះ ? ឬ​តើ​មនុស្ស​នឹង​បាន​អ្វី​ប្ដូរ​នឹង​ព្រលឹង​របស់​គេ​ទៅ ? »១៧

« បើ​អ្នកណា​ចង់​ធ្វើតាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មកពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » ។១៨

« បាន​ជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ។

ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នកណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នកណា​ដែល​គោះ​ដែរ » ។១៩

« ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅក្នុង​ក្រោល​នេះ​នៅឡើយ ត្រូវតែ​ខ្ញុំ​នាំ​ចៀម​ទាំងនោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ និង​អ្នកគង្វាល​តែ​១​វិញ » ។២០

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្តី​រស់​ឡើងវិញ ហើយ​ជា​ជីវិត អ្នកណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើងវិញ​ដែរ ៖

ឯ​អ្នកណា​ដែល​រស់នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ » ។២១

« [ បទបញ្ញត្តិ​ធំ​នៅ​ក្នុង​ក្រឹត្យវិន័យ​គឺ ] ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១ ។

ហើយ​បញ្ញត្តិ​ទី​២​ក៏​បែប​ដូចគ្នា គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង ។

បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទបញ្ញត្តិ​ទាំង​២​ប្រការ​នេះ​ឯង » ។២២

« អ្នកណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់តាម គឺ​អ្នកនោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជាទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ។២៣

« ខ្ញុំ​ទុក​សេចក្តីសុខ​នៅ​នឹង​អ្នករាល់គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នករាល់គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិនមែន​ដូចជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។២៤

« នេះ​ជា​សេចក្តី​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ » ។២៥

« ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។២៦

« ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ។

ហើយ​បង្រៀន​ឲ្យ​គេ​កាន់តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នករាល់គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជាមួយ​នឹង​អ្នករាល់គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប » ។២៧

បន្ទាប់ពី​ការងារ​បម្រើ​របស់​ទ្រង់​នៅ​ដែនដី​បរិសុទ្ធ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសុចរិត​នៅ​ទ្វីប​អាមេរិក ។ ទាំងនេះ​គឺជា​ព្រះបន្ទូល​មួយ​ចំនួន ដែល​ទ្រង់​បាន​ថ្លែង​នៅ​ទីនោះ ។

« មើលចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ យើង​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ទីនោះ ។ យើង​បាន​គង់នៅ​ជាមួយ​នឹង​ព្រះវរេបិតា​ចាប់ពី​ដើម​ដំបូង​មក​ម្ល៉េះ ។ យើង​គង់​នៅក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​គង់​នៅក្នុង​យើង ហើយនៅក្នុង​យើង នោះ​ព្រះវរបិតា​បាន​សរសើរ​តម្កើង​ដល់​ព្រះនាម​ទ្រង់ » ។២៨

« យើង​គឺជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក ។ យើង​គឺជា​អាលផា និង​អូមេកា គឺជា​ដើម ហើយ​ជា​ចុង ។

ហើយ​អ្នករាល់គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ការខ្ចាយឈាម​ទៀត​ទេ មែនហើយ យញ្ញបូជា និង​ដង្វាយ​ដុត​ទាំងឡាយ​របស់​អ្នក​នឹង​ត្រូវចោល ដ្បិត​យើង​មិន​ទទួល​យញ្ញបូជា​ទាំងឡាយ​របស់​អ្នក និង​ដង្វាយ​ដុត​ទាំងឡាយ​របស់​អ្នក​ឡើយ ។

ហើយ​អ្នករាល់គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ ។ ហើយ​អស់​អ្នក​ណា​ដែល​មក​រក​យើង ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។…

មើលចុះ យើង​បាន​មកឯ​លោកិយ ដើម្បី​នាំ​សេចក្ដី​ប្រោសលោះ​មក​ដល់​ពិភពលោក គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​ពី​បាប » ។២៩

« ហើយ​យើង​ប្រាប់​អ្នករាល់គ្នា​ទៀត​ថា អ្នករាល់គ្នា​ត្រូវតែ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ហើយ​ក្លាយ​ទៅដូចជា​កូនក្មេង បើ​ពុំនោះ​សោត​ទេ អ្នករាល់គ្នា​នឹង​គ្មាន​មធ្យោបាយ​ណា ដែល​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ។៣០

« ដូច្នេះ យើង​ចង់​ឲ្យ​អ្នករាល់គ្នា​បាន ល្អ​ឥតខ្ចោះ ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥតខ្ចោះ​ដែរ » ។៣១

« ប្រាកដ​មែន យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា អ្នករាល់គ្នា​ត្រូវ​ចាំ​យាម ហើយ អធិស្ឋាន ជានិច្ច ខ្លាច​ក្រែង​អារក្ស​ល្បួង​អ្នក ហើយ​អ្នករាល់គ្នា​នឹង​ត្រូវ​វា​ចាប់​នាំ​យក​ទៅ​ឃុំឃាំង » ។៣២

« ដូច្នេះ អ្នករាល់គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​នូវ​ព្រះនាម​យើង​ជានិច្ច » ។៣៣

« ដូច្នេះ សូម្បី​ជា​អ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ នោះ​អ្នករាល់គ្នា​ត្រូវធ្វើ​ដោយ​នូវ​នាម​យើង ដូច្នេះ អ្នករាល់គ្នា​ត្រូវ​ហៅ​សាសនាចក្រ​តាម​នាម​យើង » ។៣៤

« មើលចុះ យើង​បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​របស់​យើង ហើយ​នេះ​គឺជា​ដំណឹងល្អ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នករាល់គ្នា—គឺ​យើង​បាន​មកឯ​លោកិយ​នេះ ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​របស់​យើង ពីព្រោះ​ព្រះវរបិតា​របស់​យើង ទ្រង់​បាន​ចាត់ឲ្យ​យើង​មក ។

ហើយ​ព្រះវរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លើកឡើង​លើ​ឈើឆ្កាង ហើយ​បន្ទាប់ពី​យើង​ត្រូវ​បាន​លើកឡើង​លើ​ឈើឆ្កាង គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញនាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មករក​យើង … ដើម្បី​ទទួល​ការជំនុំ​ជម្រះ​ស្របតាម​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ថា ពួកគេ​ល្អ ឬ​ក៏​ពួកគេ​អាក្រក់ » ។៣៥

« ឥឡូវ​នេះ នេះ​គឺជា​បញ្ញត្តិ​ថា ៖ ចូរ​ប្រែចិត្ត​ចុះ ឱ​អ្នករាល់គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ។១៦

យើង​ជឿ​លើ​ព្រះគ្រីស្ទ ។ ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​របៀប​ដែល​យើង​គួរ​ដឹង និង​ធ្វើតាម​ការបង្រៀន​របស់​ទ្រង់ ៖

« តែ​ព្រះ​ដ៏ជា​ជំនួយ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នករាល់គ្នា ពី​គ្រប់​សេចក្តី​ទាំងអស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់គ្នា​ដែរ » ។៣៧

ខ្ញុំ​សូម​អះអាងពី​សេចក្ដីពិត​នៃ​ការបង្រៀន​ទាំងនេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕