សន្និសីទទូទៅ
« តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ »
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


« តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ »

អស់អ្នក​ដែល​កំពុង​ឆ្ពោះ​ទៅ​មុខ​តាម​គន្លង​នៃ​ករណីយកិច្ចខ្លួន គឺ​ជា​កម្លាំង​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំអធិស្ឋាន​ដោយ​ស្មោះ​ទូលសូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ការកោតសរសើរ និង​ការដឹងគុណ​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ជុំវិញ​ពិភពលោក ។

ពួកគេ​គឺ​ជា​ក្រុម​រទេះរុញ​ចុងក្រោយ

នៅឆ្នាំ ១៩៤៧ ជា​គម្រប់​ខួបលើកទី ១០០ នៃអ្នក​ត្រួសត្រាយ​ផ្លូវ ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ដំបូង ដែលបាន​មកដល់​ជ្រលង​ភ្នំសលត៍លេក ។ ពិធី​រំឭក​ចងចាំ​ជាច្រើន​បាន​ធ្វើ​ឡើង​អំឡុងឆ្នាំ​នោះ ហើយ​មាន​ការ​សម្តែង​ការដឹង​គុណ​ច្រើន​ឥតគណនា​ជូន​ដល់ពួក​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​លះបង់ ដែលបាន​កាប់ឆ្ការ​ផ្លូវ សង់លំនៅដ្ឋាន ដាំដំណាំ​លើវាលខ្សាច់​បែកក្រហែង និង​បានរៀបចំ​សហគមន៍​នានា ។

ប្រធាន ជេ រ៉ូប៊ីន ក្លាក ជា​ទីប្រឹក្សាទី​មួយនៅ​ក្នុង​គណៈប្រធាន​ទីមួយ បានសម្តែង​ការគោរព និង​ការដឹងគុណ​ដ៏គួរ​ឲ្យ​ចងចាំ និង​ដក់​ជាប់ក្នុង​ចិត្ត ចំពោះ​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ដ៏ស្មោះត្រង់​ទាំងនេះ​នៅក្នុង​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ១៩៤៧ ។

នៅក្នុងសារ​របស់លោក ប្រធាន ក្លាក បានទទួល​ស្គាល់​ថ្នាក់​ដឹកនាំ​ល្បីៗ​ ដែល​ពួកលោក​បាន​ដឹកនាំ​ការធ្វើ​ចំណាក​ស្រុក​ទៅភាគ​ខាងលិច ដូចជា ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល, វិលហ្វួឌ វូឌដ្រុព្វ , ប៉ាលី ភី ប្រាត្ត និង​មនុស្ស​ជាច្រើន​ទៀត ។ ប៉ុន្តែ​គោល​បំណង​ចម្បង​របស់លោក ពុំមែន​ដើម្បី​រៀបរាប់​ឡើងវិញ​អំពី​សមិទ្ធិផល​របស់​បុគ្គល​ដែល​គួរឲ្យ​កត់សម្គាល់​ទាំងនេះ​នោះទេ ។ ផ្ទុយទៅវិញ សុន្ទរកថា​លោក​ផ្តោត​លើ​ព្រលឹង​ដែល​តស៊ូ ទាំង​មនុស្ស​ល្បី ឬ​មិន​ល្បី ដែល​បាន​កត់ត្រា​ទុក​ជា​ផ្លូវការ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ចំណង​ជើង​នៃ​សារ​បង្រៀន​របស់​លោក​គឺ « ពួកគេ​គឺ​ជា​ក្រុម​រទេះ​រុញ​ចុងក្រោយ » ។

ប្រធាន ក្លាក បានពណ៌នា​យ៉ាង​លម្អិត​អំពី​ចរិកលក្ខណៈ និង​បញ្ហាប្រឈម​នានា​ដែល​ជនចំណាក​ស្រុក​ជួបប្រទះ កាល​ធ្វើដំណើរ​តាម​រទេះរុញ​ចុងក្រោយ​បង្អស់​នៅក្នុង​ក្រុម​រទេះសេះ​នីមួយៗ​ដែលឆ្លង​កាត់វាលទំនាប​​យ៉ាង​វែង ។ លោក​បាន​សរសើរ​ដល់​វីរបុរស​អនាមិក និង​មិន​ល្បី​ទាំងនេះ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ និង​ពី​មួយ​ខែ​ទៅ​មួយ​ខែ ព្យាយាម​អូស​រទេះ​ជាប់​ផុង​រុញ​ពីមុខ​ពួកគេ​—​ជាអ្នក​ដែលបាន​យកឈ្នះ​លើឧបសគ្គ​រាប់​មិនអស់​ដែល​ពួកគេ​ជួប​នៅតាមផ្លូវ ។

ប្រធាន ក្លាក បានប្រកាសថា « ក្រុមរទេះ​រុញ​ចុងក្រោយ​នោះ​បាន​បន្ត​ឆ្ពោះ​ទៅមុខ ទាំង​អស់​កម្លាំង និង​ហត់នឿយ ដោយ​មាន​ដំបៅ​ជើង ជួនកាល​ស្ទើរតែ​បាក់​ទឹកចិត្ត​អស់ ប៉ុន្តែ​ដោយសារ​សេចក្តីជំនឿ​របស់​ពួកគេ​ថា ព្រះ​ស្រឡាញ់​ពួកគេ ថា​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើងវិញ​គឺជា​ការពិត ហើយ​ថា​ព្រះអម្ចាស់​បាន​ដឹកនាំ និង​នាំ​ផ្លូវ​ពួកបងប្អូន​ប្រុស​ដែល​ដឹកនាំ​នៅ​ខាង​មុខ​នោះ » ។

លោក​បាន​បញ្ចប់​សារលិខិត​របស់​លោក​ដោយ​ការសរសើរ​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ថា ៖ « ចំពោះ​ព្រលឹង​រាបសា​ដ៏​មហិមា​ទាំង​ក្នុង​សេចក្តីជំនឿ ក្នុង​កិច្ចការ ក្នុងការ​រស់នៅ​ដោយសុចរិត និង​ក្នុង​ការរៀបចំ​មរតកដ៏អស្ចារ្យ​ដែលមិន​អាច​កាត់ថ្លៃ​បាន​របស់យើង ខ្ញុំសូម​សម្តែង​សេចក្តី​ស្រឡាញ់​ដ៏រាបសា​របស់ខ្ញុំ ដោយ​ការគោរព និង​ដោយ​គារវភាព​ដ៏ខ្ពង់ខ្ពស់ » ។

គ្មាន​ការ​បម្រើ​ណាដែល​អន់ជាង​នោះទេ

ក្នុងឆ្នាំ ១៩៩០ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ កាលគ្រានោះ ជាប្រធាន នៃកូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់ បានថ្លែង​សារ​អំពី​ការរួមចំណែក​ដែល​មិនអាចខ្វះ​បាន​របស់​សមាជិក​នៃ​សាសនាចក្រ​រាប់មិនអស់ ដែល​បម្រើ​ដោយ​ឧស្សាហ៍ និង​ស្មោះត្រង់ ហើយ​មិន​ដែល​ទទួល​តំណែង ឬ​បានទទួល​ស្គាល់ ឬ​ប្រកាស​ជាសាធារណៈ​នោះទេ ។

ប្រធាន ហាន់ធើរ បាន​ពន្យល់​ថា ៖

« មាន​រឿងដំណាល​អំពី​យុវជន និង​មេទ័ព មរ៉ូណៃ ដ៏ក្លាហាន ៖

«‹ មែន​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់នៅ ហើយ​កំពុង​រស់នៅ ហើយ​នឹង​រស់​នៅ ដូច​មរ៉ូណៃ មើល​ចុះ អំណាច​ទាំង​ឡាយ​របស់​ស្ថាន​នរក នឹង​ត្រូវ​ញ័រ​រន្ធត់​រហូត​តទៅ មែន​ហើយ អារក្ស​នឹង​គ្មាន​អំណាច​ទៅ​លើ​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ឡើយ › ( អាលម៉ា ៤៨:១៧ ) ។

« ឱនេះ​ជាការ​ការសរសើរ​ចំពោះ​បុរសដ៏ល្បី និង​មាន​ឥទ្ធិពលម្នាក់ ។… ខគម្ពីរ​ពីរ​ខាង​ក្រោយ​គឺ​ជា​សេចក្ដី​ថ្លែងការណ៍​អំពី ហេលេមិន និង​បងប្អូន​របស់​គាត់ ដែល​មាន​តួនាទី​មិន​សំខាន់ ដូច​មរ៉ូណៃ អាន​ថា ៖

«‹ ឥឡូវ​នេះ មើល​ចុះ ហេលេមិន និង​បង​ប្អូន​លោក​ក៏​បម្រើ​ដល់​ប្រជាជន​មិន​អន់​ជាង​មរ៉ូណៃ​ដែរ› » ( អាលម៉ា ៤៨:១៩ » ) ។

ប្រធាន ហឹនធើរ បានបន្តថា « ឬនិយាយ​ម្យ៉ាងទៀតថា ទោះបីជា​ហេលេមិន​មិន​សូវ​កត់សម្គាល់ ឬ​ល្បីល្បាញ​ដូច​មរ៉ូណៃ ក៏​គាត់​បម្រើ​មិន​អន់​ដែរ​មាន​ន័យ​ថា គាត់​បាន​ជួយ ឬ​មាន​ប្រយោជន៍​ដូចជា​មរ៉ូណៃ​ដែរ » ។

បន្ទាប់​មក ប្រធាន ហឹនធើរ បាន​ទូន្មាន​យើង​ទាំង​អស់​គ្នា​ថា គ្មាន​ការ​បម្រើ​ណាដែល​អន់ជាងទេ ។ លោក​មានប្រសាសន៍ថា « បើអ្នក​មាន​អារម្មណ៍ថា អ្វីៗ​ជាច្រើន​ដែលអ្នក​ធ្វើ​ក្នុងឆ្នាំនេះ ឬ​ឆ្នាំក្រោយៗ មិន​ធ្វើ​ឲ្យ​អ្នក​ល្បីល្បាញទេ សូម​ទទួល​ការ​លួងលោម​នេះ ។ មនុស្ស​ល្អ​បំផុត​ដែល​ធ្លាប់​រស់​នៅ​ក៏​មិន​ល្បី​ល្បាញ​ដែរ ។ សូម​បម្រើ និង​រីកចម្រើន ដោយ​ស្មោះត្រង់ និង​ស្ងប់​ស្ងាត់ » ។

តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សមាជិក​សាសនាចក្រ​រាប់​លាន​នាក់ ដែល​សព្វថ្ងៃ​នេះ​កំពុង​មក​រក​ព្រះអង្គ​សង្គ្រោះ​ ហើយ​ឆ្ពោះ​ទៅមុខ លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នៅក្នុង​រទេះរុញ​ចុងក្រោយ​នៃ​ក្រុមទេះសេះ សហសម័យកាល​របស់​យើង—និងពិតជា​គ្មានការ​បម្រើណា​ដែល​អន់​ជាងទេ ។ ជំនឿ​ដ៏​រឹងមាំ​របស់​បងប្អូន​លើ​ព្រះវរ​បិតាសួគ៌ និងព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ជីវិត​មិន​ក្លែង​បន្លំ និងពិសិដ្ឋ​របស់​បងប្អូន បំផុស​គំនិត​ខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស និង​ជាសិស្ស​កាន់តែ​ល្អ​ប្រសើរឡើង ។

ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​សរសើរ​បងប្អូន ។ ខ្ញុំ​សូម​អរគុណ ! ហើយ​ខ្ញុំ​សូម​ស្ងើច​សរសើរ​បងប្អូន ។

សេចក្តី​ថ្លែងការណ៍​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដោយ​សាំយូអែល ជា​សាសន៍​លេមិន សង្ខេប​បាន​យ៉ាង​ល្អបំផុត​អំពី​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។

« ពួក​គេ​ភាគ​ច្រើនដើរ​ តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេហើយ​គេ​បាន​ដើរ​ដោយ​ប្រយ័ត្ន​ប្រយែង​នៅ​ចំពោះ​ព្រះ ហើយ​ពួក​គេ​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​ទ្រង់ និង​សេចក្ដី​យុត្តិធម៌​ទាំង​ឡាយ ។…

« មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​ច្រើន​កំពុង​ធ្វើ​យ៉ាង​នេះ ហើយ​ពួក​គេ​ខ្នះខ្នែង​ព្យាយាម​ពុំ​ឈប់​ឈរ ដើម្បី​គេ​អាច​នាំ​បង​ប្អូន​របស់​គេ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​ស្គាល់​សេចក្ដី​ពិត » ។

ខ្ញុំជឿ​ថាឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​អំពី​បងប្អូន​ប្រុសស្រី​ដែលចេះ​សង្កេត ស្វែងរក ហើយ​អង្គុយ​ក្បែរ​មនុស្ស​ឯកោ នៅ​ម្នាក់ឯង​ក្នុងការ​ប្រជុំ​នៅ​ព្រះវិហារ និង​នៅកន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ។ ពួកគេ ខិតខំ​ឥតឈប់​ដើម្បី « កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ » ដោយ​មិន​រំពឹង​ចង់បាន​ការទទួលស្គាល់ ឬ​ការសរសើរ​អ្វីឡើយ ។

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​អំពី​ស្វាមីភរិយា និង​កូនៗ​ដែល​ជាដៃ​គូ​គាំទ្រ ឪពុកម្តាយ ឬ​កូន​ដែល​បម្រើ​ក្នុងតួនាទី​ជាអ្នកដឹកនាំ​នៅក្នុង​សាសនាចក្រ​ដែលបាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់ ។ ភាពនឹងនរ ភាពស្ងប់ស្ងាត់​របស់ពួកគេ ជាធម្មតា​មិនត្រូវ​បានគេ​គាំទ្រ ទាំង​មិនទទួលស្គាល់​ពី​ឥទ្ធិពល​ពួកគេប្រទានពរ​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ជាច្រើន តាមរបៀប​ដែលនឹង​បាន​ដឹង​យ៉ាង​ពេញលេញតែ​នៅក្នុ​ភាពអស់​កល្បជានិច្ច​ប៉ុណ្ណោះ ។

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​អំពី​បុគ្គល​ដែល​បាន​ងាក​ចេញ​ពី​ព្រះ ហើយ​បាន​បន្ទាបខ្លួន​ត្រឡប់​មក​រក​ទ្រង់​ម្តង​ទៀតប្រែ​ចិត្ត​ពីអំពើបាប​របស់ពួកគេ ហើយស្វែង​រកអំណាច​នៃការលាងសម្អាត និង​ការព្យាបាល​នៃដង្វាយ​ធួនរបស់​ព្រះអង្គសង្គ្រោះ ។ មក​រក​ព្រះ​គ្រីស្ទ១០ ដោយ​ត្រឡប់​ទៅ​កាន់​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ចេញ​ពី​ផ្លូវ​អំពើ​បាប​ដែល​នាំ​ទៅ ​« ​ផ្លូវ​ហាម​ឃាត់ » ។១១ គឺជារឿង​សំខាន់ និង​សុចរិត​បំផុត​ខាង​វិញ្ញាណ ។ ពេលពួកគេ​ឆ្ពោះទៅមុខ​ដោយ​សេចក្តីជំនឿ និង​មិន ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ នោះ​ពួកគេ​កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ​ក្នុងជីវិត​​ពួកគេ​ផ្ទាល់១២ « រហូត​ដល់គ្រប់​ជំនាន់ និង​ដល់អស់កល្ប​ជានិច្ច » ។១៣

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​អំពី​បុគ្គល​សុចរិត ​ដែល​ប្រាថ្នា​ចង់​ទឹមនឹង​ព្រះអង្គ​សង្គ្រោះ តាមរយៈ​សិទ្ធិអំណាច​នៃ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់—ប៉ុន្តែ​អាច​នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ដោយ​កត្តា​នានា​ដែល​ហួស​ពី​ការ​គ្រប់គ្រង​របស់​ពួកគេ ។ ខ្ញុំ​សូម​សន្យាថា​ភាពតានតឹង​បងប្អូន នឹងធូរស្រាល ហើយ​ការគោរព​ប្រតិបត្តិ និង​ភាពស្មោះត្រង់​របស់បងប្អូន ក្នុងការ​ចុះចូល​ឆន្ទៈ​ទៅនឹង​ឆន្ទៈ​ព្រះដោយ​អត់ធ្មត់​ នោះ​នឹង​ទទួល​បាន​រង្វាន់ « តាម​ពេល​ដែល​ព្រះអម្ខាស់​បាន​កំណត់​ផ្ទាល់ » ។១៤ « ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន​តែ​ព្រឹក​ឡើង គង់​នឹង​មាន​អំណរ​ឡើង​ដែរ » ។១៥

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​ពី​អ្នកបកប្រែ និង​អ្នក​បកប្រែ​ផ្ទាល់មាត់​ដ៏​បំផុស​គំនិត​នៅជុំវិញ​ពិភពលោក ដែល​បាន​បម្រើ​ព្រះអម្ចាស់​តាម​រយៈ​ការ​ជួយ​មិត្តភក្តិ និង​សមាជិកឲ្យ « បាន​ឮ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​តាម​​សម្ដី​ [ របស់​ពួកគេ ] និង​ជា​ភាសា​[ របស់​ពួកគេ ] » ។១៦ សំឡេង ភាសាគរ និង​ឯកសារ​ដែលបាន​បកប្រែ​របស់ពួកគេ បង្ហាញ​ពីការពិត​ដ៏អស់កល្ប​ជានិច្ច ប៉ុន្តែ​យើង​មួយចំនួន​តូច​ប៉ុណ្ណោះ ​ដែល​ស្គាល់ឈ្មោះ ឬ​ធ្លាប់​បង្ហាញ​ការដឹងគុណ​ដល់ពួកគេ ។ តាមរយៈ​ពរជ័យ​នៃ​អំណោយទាន​នៃភាសា​ដែលពួកគេ​បានទទួល អ្នកបកប្រែ និង​អ្នកបកប្រែផ្ទាល់មាត់​បម្រើ​ដោយ​ឧស្សាហ៍ មិនគិត​ខ្លួនឯង ហើយ​ជាញឹកញាប់​ មិនបាន​បញ្ចេញឈ្មោះទេ ក្នុងការ​ជួយមនុស្ស​ឲ្យ​ទទួលបាន​អំណោយទាន​ខាងវិញ្ញាណ​នៃ​សេចក្តី​ជំនឿ​តាម​រយៈការ​អាន និង ឮ​ព្រះបន្ទូល​នៃព្រះ​ ។១៧

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​អំពីបុរស ស្ត្រី​ដែលរៀបការ​ដោយស្មោះត្រង់ ដែល​គោរព​ទំនួលខុស​ត្រូវនៃ​សេចក្តីសញ្ញា​របស់​ពួកគេ​ក្នុង​ការ​បង្កបង្កើតឲ្យ​មាន ពាសពេញ​លើ​ផែនដី ហើយ​អស់អ្នក​ដែលត្រូវបាន​ប្រទានពរ​ដោយកម្លាំង និង ភាពអត់ធ្មត់ ដើម្បី​ស៊ូទ្រាំ​ជាមួយកូន​ពួកគេ​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ។ នៅក្នុង​ពិភពលោក​​ច្របូកច្របល់ ដែល​រំខាន ដោយ​​គ្រោះ​មហន្តរាយ និង​ការដាក់​អាទិភាពខុសឆ្គង​កាន់តែច្រើននេះ ព្រលឹង​ដ៏ក្លាហាន​ទាំងនេះ​ មិនស្តាប់​តាម​សំឡេង​លោកិយ​ដែល​​គិតសរសើរតែ​ខ្លួនឯងឡើយ ។ ពួកគេ​មានគារវភាព ចំពោះ​ភាពបរិសុទ្ធ និង​សារៈសំខាន់​នៃជីវិត​នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់ ។

មាន​គូស្វាមី​ភរិយា​ជាច្រើន បាន​ទុក​ចិត្ដ​ព្រះ នៅពេល​បំណង​ប្រាថ្នា​ដ៏សុចរិត​នៃដួង​ចិត្ត​របស់ពួក​គេ មិន​ដឹង​ថា​ក្តីសង្ឃឹម និង​ក្តីសុបិន​របស់​ពួកគេនឹង​កើត​ដោយ​របៀបណា និង​ពេលណានោះ ។ ពួកគេ « សង្ឃឹម​ដល់​ព្រះយេហូវ៉ា »១៨ ហើយ​មិន​ទាមទារ​ឲ្យ​ទ្រង់​បំពេញ​តាម​វេលា​កំណត់​នៃ​ជីវិត​រមែង​ស្លាប់​របស់​ពួកគេទេ ។ « ត្បិត​ចាប់​តាំង​ពី​កំណើត​លោកិយ​មក មនុស្ស​លោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយ​សារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅ​ពី​ទ្រង់ ឱ​ព្រះ​អង្គ​អើយ នូវ​ការណ៍​ដ៏​ធំ​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​[ ពួកគេ ]​ ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ » ។១៩

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ពិពណ៌នា​អំពី​ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា រាប់ពាន់នាក់ ដែលស្រឡាញ់ និង​បង្រៀន​កុមារ​នៃសាសនាចក្រ​រាល់​ថ្ងៃឈប់សម្រាក ។

សូមពិចារណា​អំពីឥទ្ធិពល​ដ៏អស់កល្ប​នៃ​ការបម្រើ​ដែលផ្តល់ឲ្យ​ដោយ​ពួកសិស្ស​ដ៏​លះបង់​ទាំងនេះ—និង​ពរជ័យ​ដែល​បានសន្យា​ដ៏មហិមា ចំពោះ​អស់អ្នក​ដែល​ធ្វើការ​បម្រើ​ដល់កុមារ ។

« [ ព្រះយេស៊ូវ ] ក៏​យក​កូន​តូច​មួយ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​ព្រះបន្ទូល​ទៅ​គេ​ថា

« អ្នក​ណា​ដែល​ទទួល​កូន​តូច​មួយ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ » ។២០

ឃ្លា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ »​ពិពណ៌នា​ពីកូនៗ​ដែល​ប្តេជ្ញា​ថែទាំ​ឪពុក​ម្តាយ​វ័យចំណាស់​យ៉ាងយក​ចិត្តទុកដាក់​ដោយទន់ភ្លន់ ពិពណ៌នា​ពីអ្នកម្តាយ​សម្រាន្តបានតិច លួងលោម​កូន​ដែល​ភ័យខ្លាច​ខណៈពេល​កំពុង​ឈរ​យាមដូច « សត្វតោ​ចាំទ្វារ » ផ្ទះរបស់​នាង២១សមាជិក​នៃ​សាសនាចក្រ​ដែល​មក​ដល់​លឿន ហើយ​ចេញ​ទៅវិញ​ក្រោយ​គេ​ ដើម្បី​ជួយរៀបចំ និង​បត់កៅអី​ទុក​ដាក់ និង​បុគ្គល​ដ៏​បំផុសគំនិត​ដែល​អញ្ជើញ​ក្រុម​គ្រួសារ មិត្តភក្តិ ព្រមទាំង​សហការី​ឲ្យ​មក ហើយ​មើល មក​ហើយ​ជួយ និង​មក ​ហើយ​នៅ ។២២

ខ្ញុំ​ពិពណ៌នា​តែ​ឧទាហរណ៍​មួយ​ចំនួន​ដែល​បានជ្រើសរើស​ពីសិស្ស​នៃ​សេចក្ដីសញ្ញា ដែល​គោរព និង​លះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ​ ដូចជា​បងប្អូន​ដែល​កំពុង​ឆ្ពោះទៅមុខ « តាម​គន្លង​នៃ​ករណីយកិច្ច​[ របស់​បងប្អូន ] » ។ មាន​ឧទាហរណ៍ បន្ថែម​រាប់លានអំពីពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ដែល​ថ្វាយ ​« ព្រលឹង​ទាំងមូល »២៣ចំពោះព្រះ ដែល​បានរក​ឃើញនៅក្នុង​គេហដ្ឋាន​ដែល​ផ្តោត​លើ​ព្រះគ្រីស្ទ និង​នៅក្នុង​អង្គភាព​សាសនាចក្រ​ជុំវិញ​ពិភពលោក ។

បងប្អូន​ស្រឡាញ់ និង​បម្រើ ស្តាប់ និង​រៀន យកចិត្តទុកដាក់ និង​លួងលោម ហើយ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បងប្អូនតមអាហារ ហើយ​អធិស្ឋាន​ជាញឹកញាប់ ​មុតមាំ​កាន់តែខ្លាំងដោយ​ភាពរាបសា ហើយកាន់​តែរឹងប៉ឹង​នៅក្នុង​សេចក្តី​ជំនឿ​ជឿដល់​ព្រះគ្រីស្ទ « ​ឲ្យ​ចិត្ត​ [ របស់​បងប្អូន ] បាន​ពោរ​ពេញ​ទៅ​ដោយ​អំណរ និង​ការ​លួងលោម​ចិត្ត មែន​ហើយ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការ​ញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មក ដោយ​សារ​…​ប្រគល់​ចិត្ត [ របស់​បងប្អូន ] ដល់​ព្រះ » ។២៤

ការសន្យា និង​ទីបន្ទាល់

ពួកគេ​ជា​រទេះរុញ​ចុង​ក្រោយ​បំផុត គ្មានការ​បម្រើណា​ដែល​អន់​ជាងទេ ​ហើយ​អស់អ្នក​ដែល​កំពុង​ឆ្ពោះ​ទៅ​មុខ​តាម​គន្លង​នៃ​ករណីយកិច្ចរបស់ខ្លួន គឺ​ជា​កម្លាំង​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ព្រះអម្ចាស់​បាន​សន្យាថា « គ្រប់​ទាំង​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង ក្សត្រ​បុរី និង​អំណាច​ទាំង​ឡាយ នឹង​ត្រូវបាន​បើក​សម្ដែង ហើយ​ប្រទាន​មក​លើ​អស់អ្នក​ណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន ដើម្បី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។២៥

ខ្ញុំ​សូម​ធ្វើ​សាក្សី​ដោយអំណរ​ថា ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ការសន្យា​របស់​ទ្រង់​ទាំងទ្វេ​គឺមានពិតប្រាកដ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕