សន្និសីទទូទៅ
យើង​ជា​បុត្រាបុត្រី​ទ្រង់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


យើង​ជា​បុត្រាបុត្រី​ទ្រង់

យើង​មាន​ដើមកំណើត​ដ៏​ទេវភាព និង​សក្តានុពល​គ្មាន​ដែន​កំណត់​ដូចគ្នា​តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​បងប្អូន​នៅ​ចាំ​បទពិសោធន៍​ព្យាការី​សាំយូអែល កាល​ព្រះអម្ចាស់​បញ្ជូន​លោក​ឲ្យ​ទៅ​ដំណាក់​អ៊ីសាយ ដើម្បី​ចាក់​ប្រេង​អភិសេក​ស្តេច​ថ្មី​របស់​អ៊ីស្រាអែល​ដែរ​ឬ​ទេ ? សាំយូអែល​បាន​ឃើញ​អេលាប ជា​បុត្រ​ដំបូង​របស់​អ៊ីសាយ ។ អេលាប មាន​កម្ពស់​ខ្ពស់ និង​មាន​រូបរាង​សម​ជា​អ្នក​ដឹកនាំ ។ សាំយូអែល បានឃើញ​លក្ខណៈ​នោះ ហើយ​ក៏​បាន​សរុប​សេចក្តី ។ ការសរុប​សេចក្តី​នេះ​ខុស ហើយ​ព្រះអម្ចាស់​បាន​បង្រៀន​សាំយូអែល ៖ « កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ … ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។

តើ​បងប្អូន​នៅ​ចាំ​ពី​បទពិសិធន៍​របស់​អាន៉្នានាស នៅពេល​ព្រះអម្ចាស់​បាន​បញ្ជូន​លោក​ទៅ​ប្រសិទ្ធពរ​ឲ្យ​សុល​ដែរ​ឬ​ទេ ? កេរ្តិ៍ឈ្មោះ​របស់​សុល​ល្បីល្បាញ ហើយ​អាន៉្នានាស​បានឮ​អំពី​សុល និង​អំពើ​ឃោរឃៅ ការបៀតបៀន​របស់​គាត់​ទៅ​លើ​ពួក​បរិសុទ្ធ​ឥតឈប់​ឈរ ។ អាន៉្នានាស​បាន​ឮ ហើយ​ក៏​សរុប​សេចក្តី​ថា ប្រហែលជា​គាត់​មិន​គួរ​ទៅ​ធ្វើ​ការងារបម្រើ​ដល់​សុល​ឡើយ ។ វា​បាន​ក្លាយជា​ការសរុប​សេចក្តី​ខុសឆ្គង ហើយ​ព្រះអម្ចាស់​បាន​បង្រៀន អាន៉្នានាស​ថា ៖ « នោះ​ជា ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សម្រាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ​ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច​ហើយ និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង » ។

តើ​បញ្ហា​អ្វី​ដែល​សាំយូអែល និង​អាន៉្នានាស មាន​នៅក្នុង​ឧទាហរណ៍​ទាំងពីរ​នេះ ? ពួកគាត់​បានឃើញ​ផ្ទាល់​ភ្នែក និង​ឮ​ផ្ទាល់​ត្រចៀក ជា​លទ្ធផល ពួកគាត់​បាន​កាត់ក្តី​លើ​អ្នកដទៃ​ដោយ​ផ្អែក​លើ​រូបរាង និង​ពាក្យសម្ដី ។

ពេល​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ឃើញ​ស្ត្រី​រូប​នោះ​ផិតក្បត់ តើ​ពួកគេ​គិត​អ្វី ? ជា​ស្រ្តី​គ្មាន​សីលធម៌ មាន​បាប​សម​នឹង​ស្លាប់ ។ នៅពេល​ព្រះ​យេស៊ូវ​បាន​ឃើញ​នាង តើ​ទ្រង់​បាន​ទតឃើញ​អ្វី ? ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចុះចាញ់​មួយ​គ្រា​ចំពោះ​ភាពទន់ខ្សោយ​នៃ​សាច់ឈាម ប៉ុន្តែ​អាច​ងើប​ឡើងវិញ​តាមរយៈ​ការប្រែចិត្ត និង​ដង្វាយធួន​ទ្រង់ ។ នៅពេល​មនុស្ស​ឃើញ​ពីឡាត់ ដែល​អ្នក​បម្រើ​របស់​គាត់​មាន​ជំងឺ​ស្លាប់​ដៃ​ស្លាប់​ជើង តើ​ពួកគេ​គិត​អ្វី ? ប្រហែលជា​ពួកគេ​គិត​ថា​ជា​អ្នក​ឈ្លានពាន​ជន​បរទេស​ដែល​គួរ​ឲ្យ​ស្អប់ ។ កាល​ព្រះ​យេស៊ូវ​បាន​ឃើញ​គាត់ តើ​ព្រះ​យេស៊ូវ​បាន​ទតឃើញ​អ្វី ? ជា​បុរស​ម្នាក់​ដែល​ខ្វល់ខ្វាយ​ចំពោះ​សុខុមាលភាព​សមាជិក​គ្រួសារ​គាត់ ដែល​បាន​ស្វែងរក​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ និង​ដោយ​សេចក្ដី​ជំនឿ ។ នៅពេល​ប្រជាជន​បានឃើញ​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម តើ​គេ​គិត​អ្វី ? ប្រហែលជា​គិតថា ជា​ស្រ្តី​មិន​ស្អាតស្អំ ជា​មនុស្ស​ដែល​គេ​បណ្ដេញ​ចេញ​មិន​ចង់​ជួប ។ នៅពេល​ព្រះ​យេស៊ូវ​បាន​ឃើញ​នាង តើ​ទ្រង់​បាន​ទតឃើញ​អ្វី ? ជា​ស្ត្រី​ដែល​មាន​ជំងឺ​ម្នាក់​ឯកោ ដាច់​ពី​គេ ដោយហេតុ​តែ​ស្ថានភាព​ដែល​នាង​មិន​អាច​គ្រប់គ្រង​បាន ដែល​នាង​សង្ឃឹម​ថា​នឹង​បាន​ជា​សះស្បើយ និង​មាន​ចំណែក​ម្តងទៀត ។

គ្រប់​កាលៈទេសៈ​ទាំងអស់ ព្រះអម្ចាស់​បាន​ទត​ឃើញ​ពី​សក្ដានុពល​របស់​បុគ្គល​ទាំងនេះ ហើយ​បាន​ផ្ដល់​ការងារបម្រើ​ដូចៗ​គ្នា ។ ដូចដែល​នីហ្វៃ និង​យ៉ាកុប ប្អូន​ប្រុស​របស់​លោក​បាន​ប្រកាស ៖

« ទ្រង់​អញ្ជើញ​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ … ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី ហើយ​ទ្រង់​នឹក​ចាំ​ដល់​ពួក​អ្នក​ឥត​សាសនា ហើយ​មនុស្ស​ទាំង​អស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

« នៅ​ក្រោម​ព្រះនេត្រ​ទ្រង់ មនុស្ស​ណា​ក៏​មាន​តម្លៃ​ដូចជា​មនុស្ស​ណា​ដែរ » ។

សូម​ឲ្យ​យើង​បាន​ដូច​នេះ​ដែរ កុំ​ឲ្យ​ភ្នែក ត្រចៀក ឬ​ការភ័យខ្លាច​យើង​បំភាន់​យើង ប៉ុន្តែ​បើក​ចិត្ត និង​គំនិត​យើង ឲ្យ​ធ្វើ​ការងារបម្រើ​ដោយ​សេរី​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង ដូច​ទ្រង់​បាន​ធ្វើ​ដូច្នោះ​ដែរ ។

ជាច្រើន​ឆ្នាំ​កន្លងទៅ ភរិយា​ខ្ញុំ អ៊ីស្សាប៊ែល បាន​ទទួល​ការចាត់តាំង​ឲ្យ​ធ្វើ​ការងារបម្រើ​ផ្សេង​មួយ ។ នាង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ទៅ​សួរ​សុខទុក្ខ​ស្រ្តី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់​នៅក្នុង​វួដ​យើង ជា​ស្រ្តី​ដែល​មាន​បញ្ហា​សុខភាព ហើយ​ភាពឯកោ​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ល្វីង​ជូរចត់ ។ វាំងនន​គាត់​ប្រឡាក់ បន្ទប់​គាត់​អាប់អួរ គាត់​មិន​ចង់​មាន​ការសួរ​សុខទុក្ខ​ទេ ហើយ​បាន​បញ្ជាក់​ច្បាស់​ថា « គ្មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ » ។ អ៊ីស្សាប៊ែល បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរថា « ចាស ពិត​ជា​មាន ! បង​អាច​ជួយ​ពួក​ខ្ញុំ​បាន ដោយ​អនុញ្ញាត​ឲ្យ​ពួកខ្ញុំ​មក​សួរសុខទុក្ខ​បង » ។ ដូច្នោះ​អ៊ីស្សាប៊ែល​បាន​ធ្វើសួរសុខទុក​ពិត ។

ក្រោយមក បងស្រី​ដ៏​ល្អ​រូប​នេះ​បាន​វះកាត់​ជើង​គាត់ ដែល​តម្រូវ​ឲ្យ​គាត់​ប្តូរ​បង់រុំ​របួស​រាល់ថ្ងៃ ជា​អ្វី​មួយ​ដែល​គាត់​មិន​អាច​ធ្វើ​ដោយ​ខ្លួន​គាត់​បាន ។ អ៊ីស្សាប៊ែល បាន​ទៅ​ផ្ទះ​គាត់ លាង​របួស ហើយ​ប្តូរ​បង់រំ​របួស​ឲ្យ​គាត់​អស់​ជា​ច្រើន​ថ្ងៃ ។ នាង​ពុំ​គិត​ពី​ភាពកខ្វក់ នាង​មិន​គិត​ពី​ក្លិន​ស្អុយ​ឡើយ ។ នាង​មើលឃើញ​តែ​បុត្រី​ដ៏​ស្រស់ស្អាត​របស់​ព្រះ​ម្នាក់​ដែល​ត្រូវការ​ក្ដី​ស្រឡាញ់ និង​ការមើល​ថែ​យ៉ាង​ទន់ភ្លន់​ប៉ុណ្ណោះ ។

ជាច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ និង​មនុស្ស​ជាច្រើន​រាប់​មិន​អស់ បាន​ទទួល​ពរ​ដោយ​អំណោយ​ទាន​របស់ អ៊ីស្សាប៊ែល ព្រោះ​នាង​មើលឃើញ​ដូច​ដែល​ព្រះអម្ចាស់​ទត​ឃើញ ។ មិន​ថា​បងប្អូន​ជា​ប្រធាន​ស្តេក ឬ​ជា​អ្នក​ស្វាគមន៍​ក្នុង​វួដ មិន​ថា​បងប្អូន​ជា​ស្ដេច​នៃ​ប្រទេស​អង់គ្លេស ឬ​រស់នៅ​ក្នុង​ខ្ទម​នោះ​ទេ មិន​ថា​បងប្អូន​និយាយ​ភាសា​ដូច​គាត់ ឬ​ភាសា​ផ្សេង​នោះ​ទេ មិន​ថា​បងប្អូន​រក្សា​បទបញ្ញត្តិ​ទាំងអស់ ឬ​មាន​ការលំបាក​នឹង​បទបញ្ញត្តិ​មួយ​ចំនួន​នោះ​ទេ នាង​នឹង​ចម្អិន​អាហារ​ដ៏​ឆ្ងាញ់​បំផុត ដាក់​ចាន​ដ៏​វិសេស​បំផុត​ជូន​បងប្អូន​ពិសារ ។ ស្ថានភាព​សេដ្ឋកិច្ច ពណ៌​សម្បុរ កម្រិត​វប្បធម៌ សញ្ជាតិ កម្រិត​នៃ​ភាពសុចរិត ឋានៈ​ក្នុង​សង្គម ឬ​អត្តសញ្ញាណ ឬ​ស្លាក​សញ្ញា​ណា​ផ្សេងទៀត ពុំ​មាន​ផលវិបាក​សម្រាប់​នាង​នោះ​ទេ ។ នាង​មើល​ទៅកាន់​មនុស្ស​ចេញពី​បេះដួង នាង​មើលឃើញ​មនុស្ស​គ្រប់គ្នា​ជា​បុត្រ​របស់​ព្រះ ។

ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា ៖

មារសត្រូវ​រីករាយ​ក្នុង​ការ​ដាក់ស្លាក​ឲ្យ​យើង ដោយសារ​វា​បំបែក​ ហើយរារាំងរបៀប​ដែល​យើង​គិត​អំពី​ខ្លួនឯង និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ វា​ជារឿង​ដ៏សោកសៅ ពេល​យើង​គោរពស្លាក​ជាង​​យើងគោរពគ្នា ។

« ស្លាក​អាច​ដឹកនាំ​ទៅរក​ការវិនិច្ឆ័យ និង​ប្រទូសរ៉ាយ ។ ការរំលោភបំពានការរើសអើង ចំពោះគ្នា ដោយសារ​តែ​សញ្ជាតិ ពូជសាសន៍ ទំនោរ​ផ្លូវភេទ ភេទ សញ្ញាបត្រ វប្បធម៌ ឬ​អត្តសញ្ញាណ​សំខាន់ៗ​ផ្សេងទៀត គឺជា​ការប្រមាថ​ដល់​អង្គបង្ក​បង្កើត​របស់យើង ! »

សញ្ជាតិ​បារាំង​ពុំ​មែន​ជា​អត្តសញ្ញាណ​ខ្ញុំ​ទេ វា​គឺជា​កន្លែង​ដែល​ខ្ញុំ​បាន​កើត ។ សម្បុរ-ស មិនមែន​ជា​អត្តសញ្ញា​ខ្ញុំ​ទេ វា​ជា​ពណ៌​ស្បែក​ខ្ញុំ ឬ​វា​ជា​ចន្លោះ​ខ្វះខាត ។ សាស្រ្តាចារ្យ​ពុំមែន​ជា​អត្តសញ្ញាណ​ខ្ញុំ​ទេ វា​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ ។ ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ​ពុំមែន​ជា​អត្តសញ្ញាណ​ខ្ញុំ​ទេ វា​គឺជា​ការបម្រើ​របស់​ខ្ញុំ​នៅក្នុង​ព្រះនគរ​នា​សម័យ​នេះ ។

ដូចជា​ប្រធាន ណិលសុន បាន​រំឭក​យើង​ថា « ជាដំបូង ហើយ​សំខាន់​បំផុត ក្មួយៗ​គឺជា​បុត្រ​របស់​របស់​ព្រះ » ។ បងប្អូន​ក៏​ជា​បុត្រ​របស់​ព្រះ ហើយ​មនុស្ស​ទាំងអស់​ជុំ​វិញ​យើង​ក៏​ដូច្នោះ​ដែរ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​អាច​ទទួល​បាន​ការ​ដឹងគុណ​កាន់​តែ​ខ្លាំង​ចំពោះ​សេចក្ដីពិត​ដ៏​អស្ចារ្យ​នេះ ។ វា​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង !

យើង​ប្រហែល​ត្រូវ​បាន​ចិញ្ចឹមបីបាច់​នៅក្នុង​វប្បធម៌​ផ្សេងៗ​គ្នា យើង​ប្រហែលជា​មកពី​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ផ្សេងៗ​គ្នា កេរដំណែល​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង រួមទាំង​សញ្ជាតិ ពណ៌​សម្បុរ ចំណង់​ចំណូលចិត្ត​អាហារ ទិសដៅ​នយោបាយ​ជាដើម អាច​ផ្សេង​គ្នា​ខ្លាំង ។ ប៉ុន្តែ​យើងទាំងអស់​គ្នា​ជា​បុត្រាបុត្រី​របស់​ទ្រង់ ដោយ​គ្មាន​ករណី​លើកលែង​ឡើយ ។ យើង​មាន​ដើមកំណើត​ដ៏​ទេវភាព និង​សក្តានុពល​គ្មាន​ដែន​កំណត់​ដូចគ្នា​តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ស៊ី. អេស. លីវីស បាន​និយាយ​បែប​នេះ​ថា ៖ « វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​មួយ ដើម្បីរស់​នៅ​ក្នុង​សង្គម​ដែល​អាច​មាន​ព្រះ និង​ទេពធិតា​ដើម្បី​ចងចាំ​ថា​មនុស្ស​ដែលមិន​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ដែល​អ្នក​អាច​និយាយ​ជា​មួយ នៅ​ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ជា​អង្គ​មួយ បើ​អ្នក​បាន​ឃើញ​រឿងនោះ​ឥឡូវ​នេះ អ្នក​អាច​នឹង​ចង់​ថ្វាយបង្គំ​យ៉ាង​ខ្លាំង​ ។ … វា​គ្មាន​មនុស្ស​ដែល មិន​គួរឲ្យ​ចាប់អារម្មណ៍ ទេ ។ បងប្អូន​មិន​ដែល​និយាយ​ជាមួយ​មនុស្ស​ធម្មតា​នោះ​ទេ ។ ជាតិសាសន៍ វប្បធម៌ សិល្បៈ អរិយធម៌—ទាំងនេះ​គឺជា​រឿង​រមែង​ស្លាប់ ហើយ​ជីវិត​ពួកគេ ក៏​ដូចជា​ជីវិត​របស់​យើង​ដែរ​មិន​មាន​ភាពយូរអង្វែង​ឡើយ ។ ប៉ុន្តែអ្នក​ដែល​យើង លេងសើចជាមួយ​ ធ្វើការជាមួយ រៀបការជាមួយ ធ្វើ​អាជីវកម្ម​ជាមួយ និងព្រងើយ​កន្ដើយដាក់ គឺមាន​ជា​អមតៈ » ។

គ្រួសារ​របស់​យើង​មាន​អភ័យឯកសិទ្ធិ​រស់ក្នុង​ប្រទេស និង​វប្បធម៌​ផ្សេងៗ កូនៗ​របស់​យើង​មាន​ពរ​បាន​រៀបការ​នឹង​សាសន៍​ផ្សេងៗ ។ ខ្ញុំ​ក៏​បាន​ចាប់ផ្ដើម​ដឹង​ថា ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ​គឺ​ស្មើភាព​គ្នា​បំផុត ។ ពេល​យើង​ពិតជា​ឱប​យក​ដំណឹងល្អ នោះ « ព្រះវិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​ព្រះ » ។ សេចក្តីពិត​ដ៏​អស្ចារ្យ​ធ្វើ​ឲ្យ​យើង​មាន​សេរី ហើយ​ស្លាកសញ្ញា និង​ភាពខុសគ្នា​ទាំងអស់​ដែល​អាច​ប៉ះពាល់​ដល់​យើង និង​ទំនាក់ទំនង​យើង​ចំពោះ​គ្នា គឺ​« ត្រូវ​បាន​លេប​ចូលក្នុង … ព្រះ​គ្រីស្ទ » យ៉ាង​ងាយ ។ មិនយូរ​ប៉ុន្មាន វា​បង្ហាញ​ច្បាស់​ថា​យើង​ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​ដែរ « មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ » ។១០

ថ្មីៗ​នេះ ខ្ញុំ​បាន​ឮ​ប្រធាន​សាខា​នៃ​អង្គភាព​ភាសា​ចម្រុះ​វប្បធម៌​មួយ​របស់យើង យោង​ទៅលើ​រឿង​នេះ កាល​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​ធ្វើ​ក្នុងនាម​ជា អ្នក​មាន​ចំណែក​ក្នុងសេចក្តី សញ្ញា ។១១ ឱ !​នោះ​ជា​គោលគំនិត​ដ៏​ស្រស់​ស្អាត ! យើង​មាន​ចំណែក​នៅក្នុង​ក្រុម​មនុស្ស​ដែល​ព្យាយាម​ដើម្បី​ដាក់​ព្រះអង្គសង្រ្គោះ និង​សេចក្តីសញ្ញា​ពួកគេ​ជា​ចំណុច​សំខាន់​នៅក្នុង​ជីវិត និង​ត្រូវ​រស់នៅ​ក្នុង​ដំណឹងល្អ​ដោយ​រីករាយ ។ ហេតុដូច្នេះ​ហើយ ជំនួស​ឲ្យ​ការមើល​គ្នារបស់​យើង​​ដោយ​កែវ​ភ្នែក​ខូច​នៃ​ជីវិត​រមែង​ស្លាប់ នោះដំណឹងល្អ​បាន​ឲ្យ​យើង​មើលឃើញ ហើយ​អនុញ្ញាត​ឲ្យ​យើង​មើល​គ្នា តាមរយៈ​កែវ​ភ្នែក​នៃ​សេចក្ដី​សញ្ញា​មិន​ប្រែប្រួល​ដ៏​ពិសិដ្ឋ​របស់យើង ។ ក្នុង​ការធ្វើ​ដូច្នេះ យើង​ចាប់ផ្តើម​លុប​បំបាត់​និស្ស័យ​រើសអើង និង​ការលម្អៀង​របស់យើង​ចំពោះ​អ្នក​ដទៃ ដែល​ជួយ​ពួកគេ​កាត់បន្ថយ​ការរើសអើង និង​ការលម្អៀង​មកលើ​យើង១២ តាម​វដ្ត​នៃ​គុណធម៌​ដ៏​អស្ចារ្យ ។ ជាការ​ពិត យើង​ធ្វើតាម​ការអញ្ជើញ​របស់​ព្យាការី​ជា​ទីស្រឡាញ់​ថា ៖ « បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ! របៀប​ដែល​យើង​និយាយ​ទៅកាន់ និង​អំពី​អ្នកដទៃ​នៅ​ផ្ទះ នៅ​ព្រះវិហារ នៅ​កន្លែង​ធ្វើការ និង​នៅ​តាម​អនឡាញ គឺ​សំខាន់​ខ្លាំង​ណាស់ ។ ថ្ងៃនេះ ខ្ញុំ​សុំឲ្យ​ពួកយើង​ប្រាស្រ័យ​ទាក់ទងនឹង​អ្នកដទៃ​តាម​របៀប​មួយ​ដែល​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង​នេះ ។១៣

នៅ​រសៀល​នេះ នៅក្នុង​ស្មារតី​នៃ​ការអញ្ជើញ​នោះ ខ្ញុំ​សូម​បន្ថែម​ការសន្យា​របស់​ខ្ញុំ​ចំពោះ​កុមារ​អង្គការ​បឋមសិក្សា​ដ៏​អស្ចារ្យ​របស់​យើង​ថា ៖

បើ​អ្នក​មិន​អាច​ដើរ​ដូច​អ្នក​ដទៃ

មនុស្ស​ខ្លះ​គេ​ដើរ​ចេញ​ពី​អ្នក

តែ​ខ្ញុំ​អត់​ទេ ! អត់​ទេ !

បើ​អ្នក​មិន​និយាយ​ដូច​អ្នក​ដទៃ

មនុស្ស​ខ្លះ​និយាយ​ចំអក​អ្នក

តែ​ខ្ញុំ​អត់​ទេ ! អត់​ទេ !

ខ្ញុំ​ដើរ​និង​និយាយ ជា​មួយ​អ្នក ។

នោះ​ជា​ក្តី​ស្រឡាញ់​ចំពោះ​អ្នក ។

ព្រះយេស៊ូវ​ពុំ​ងាក​ចេញ​ទេ ។

ទ្រង់​ប្រទាន​ក្តី​ស្រឡាញ់​គ្រប់​គ្នា ។

ខ្ញុំ​នឹង​ផ្ដល់ ! នឹង​ផ្ដល់ !១៤

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ដែល​យើង​ថ្លែង​ថា​ជា​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង​គឺ​ពិត​ជា​ព្រះវរបិតា​យើង ទ្រង់​ស្រឡាញ់​យើង ទ្រង់​ស្គាល់​បុត្រាបុត្រី​ទ្រង់​ម្នាក់ៗ​យ៉ាង​ច្បាស់ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង​ម្នាក់ៗ ហើយ​យើង​ទាំងអស់​គ្នា​ពិត​ជា​ដូចៗ​គ្នា​ចំពោះ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា គឺជា​ការឆ្លុះ​បញ្ចាំង​អំពី​ការយល់ដឹង​របស់​យើង និង​ការដឹងគុណ​ចំពោះ​ការពលិកម្ម​ដ៏​ពិសេស និង​ដង្វាយធួន​នៃ​ព្រះរាជបុត្រា​ទ្រង់​ដោយ​ផ្ទាល់ ព្រះអង្គសង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​អធិស្ឋាន ដូច​ទ្រង់ សូម​ឲ្យ យើង​អាច​ស្រឡាញ់​អ្នក​ដទៃ ព្រោះ​នោះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ពុំមែន​ដោយសារតែ​ពួកគេ​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ ឬ​គេ​ថា « ត្រឹមត្រូវ » នោះ​ទេ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕