សន្និសីទទូទៅ
ការថ្លែង​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​ពាក្យសម្ដី និង​សកម្មភាព
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ការថ្លែង​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​ពាក្យសម្ដី និង​សកម្មភាព

នៅពេល​យើង​ខិតខំ​រស់នៅ​ឲ្យ​ស្របតាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការប្រព្រឹត្ត​របស់​យើង​នឹង​ក្លាយជា​ទីបន្ទាល់​ដ៏រស់​រវើក​មួយ​អំពី​ព្រះប្រោសលោះ​របស់យើង ។

នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក យើង​ធ្វើ​ការសន្យា​មួយ​ថា យើង​ព្រម​លើកដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលបំណង​ខ្ញុំ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​រំឭក​យើង​ថា យើង​អាច​បង្ហាញ​ដល់​ព្រះ​ថា យើង​លើកដាក់​ព្រះនាម​នៃ​ព្រះរាជបុត្រា​ទ្រង់​មកលើ​ខ្លួន​យើង តាមរយៈ​ការថ្លែង​ទីបន្ទាល់​ជា​ពាក្យសម្ដី និង​សកម្មភាព ​ឲ្យ​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​បាន ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

នៅពេល​ផ្ដល់​ការងារ​បម្រើ និង​បង្រៀន​ប្រជាជន​នៅ​ទ្វីប​អាមេរិក បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស ៖

« តើ​ពួកគេ​ពុំ​បាន​អាន​បទគម្ពីរ​ទាំងឡាយ ដែល​បាន​ចែង​ថា អ្នករាល់គ្នា​ត្រូវ​យក​ព្រះនាម​ព្រះគ្រីស្ទ​ដាក់លើ​ខ្លួន​ដែល​ជា​នាម​យើង​ទេ​ឬ ? ដ្បិត​ដោយ​នាម​នេះ​ហើយ​ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅ​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់

« ហើយ​អស់​អ្នកណា​ដែល​ដាក់​នាម​យើង​លើ​ខ្លួន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​នឹង​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ថា « ការលើក​ដាក់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មកលើ​ខ្លួន​យើង រួមមាន ការប្រកាស និង​ការធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ដទៃ​—តាមរយៈ​សកម្មភាព និង​ពាក្យ​សម្ដី​របស់​យើង—ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ » ។

ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ពរជ័យ និង​អភ័យ​ឯកសិទ្ធិ ដើម្បី​ឈរ​ជា​សាក្សី​ដល់​ព្រះអម្ចាស់ និង​ព្រះនាម​ទ្រង់​នៅ​គ្រប់​ទីកន្លែង ។ នៅពេល​យើង​ខិតខំ​រស់នៅ​ឲ្យ​ស្របតាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការប្រព្រឹត្ត​របស់​យើង​នឹង​ក្លាយជា​ទីបន្ទាល់​ដ៏រស់​រវើក​មួយ​អំពី​ព្រះប្រោសលោះ និង​ព្រះនាម​របស់​ទ្រង់ ។ លើសពី​នេះ​ទៀត យើង​ថ្លែងជា​សាក្សី​អំពី​ព្រះគ្រីស្ទ​តាម​ពាក្យសម្ដី ដោយ​ចែកចាយ​ជាមួយ​អ្នកដទៃ​នូវ​អ្វី​ដែល​យើង​ជឿ ទទួល​អារម្មណ៍ ឬ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​យើង​ចែកចាយ​ទីបន្ទាល់​យើង​អំពី​ព្រះអម្ចាស់​ដោយ​រាបសា តាមរយៈ​ពាក្យ​សម្ដី និង​សកម្មភាព នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់ ដល់​អ្នក​ដែល​ខំ​ដោយ​ស្មោះ​អស់ពី​ចិត្ត មាន​ចិត្ត​បើក​ទូលាយ និង​ឆន្ទៈ​ស្ម័គ្រចិត្ត​ថា ព្រះយេស៊ូវ​គឺ​ពិតជា​ព្រះគ្រីស្ទ​មែន ។

ខ្ញុំ​សូម​ចែកចាយ​គំរូ​ពីរ​មកពី​ពេល​ថ្មីៗ​នេះ និងជា​គំរូ​ដ៏បំផុស​គំនិត​នៃ​សមាជិក ដែល​បង្ហាញ​ព្រះ​ថា ពួកគេ​លើកដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មកលើ​ខ្លួនគេ តាមរយៈ​ការនិយាយ​អំពី​ទ្រង់ និង​ការថ្លែង​សាក្សី​ដ៏បរិសុទ្ធ​អំពី​ព្រះអម្ចាស់​នៅក្នុង​ការប្រជុំ​សាសនាចក្រ ។

គំរូ​ទីមួយ ៖ នៅពេល​ភរិយា​ខ្ញុំ អេលេន និង​ខ្ញុំ​បាន​ទៅ​ប្រទេស​អេស្ប៉ាញ​នៅ​ឆ្នាំ ២០២២ យើង​បាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នៅក្នុង​អង្គភាព​សាសនាចក្រ​តូច​មួយ​នៅ​ទីនោះ ។ កាល​ខ្ញុំ​អង្គុយ​នៅលើ​វេទិកា ហើយ​ភរិយា​ខ្ញុំ​នៅក្នុង​ក្រុមជំនុំ ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា គាត់​អង្គុយ​ក្បែរ​ស្ដ្រី​ចំណាស់​ម្នាក់ ។ នៅពេល​ការប្រជុំ​សាក្រាម៉ង់​ចប់ ខ្ញុំ​បាន​ដើរ​ទៅរក អេលេន ហើយ​សូម​គាត់​ឲ្យ​ណែនាំ​ខ្ញុំ​ស្គាល់​មិត្ត​ថ្មី​របស់​គាត់​ផង ។ គាត់​បាន​ណែនាំ ហើយ​បាន​ប្រាប់​ថា ស្ដ្រី​រូបនេះ ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ តែ​ បាន​មក​ព្រះវិហារ​ប្រហែល​ពីរ​ឆ្នាំ​ហើយ ។ នៅពេល​ខ្ញុំ​ឮ​ដូច្នោះ ខ្ញុំ​បាន​សួរ​ស្ដ្រី​ដែល​កោតខ្លាច​ដល់​ព្រះ​រូប​នេះ​ថា តើ​អ្វីទៅ​ដែល​ធ្វើឲ្យ​គាត់​ត្រឡប់​មក​ចូលរួម​ការប្រជុំ​របស់​យើង​អស់​រយៈពេល​ជា​យូរ​បែបនេះ ។ ស្ត្រី​នោះ​បាន​តប​ដោយ​ក្ដីស្រឡាញ់​ថា « ខ្ញុំ​ចូលចិត្ត​មក​ទីនេះ ព្រោះ​ពួកអ្នក​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការប្រជុំ​របស់​អ្នក » ។

ច្បាស់​ណាស់ សមាជិក​សាសនាចក្រ​នៅក្នុង​អង្គភាព​ក្នុង​ប្រទេស​អេស្ប៉ាញ​នោះ​បាន​និយាយ បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​នៅក្នុង​ការប្រជុំ​របស់​ពួកគេ ។

គំរូ​ទីពីរ ៖ បន្ទាប់ពី​បាន​បម្រើ​នៅក្នុង​តំបន់​ប្រេស៊ីល ខ្ញុំ​បាន​ទទួល​ការចាត់តាំង​ថ្មី​មួយ​ឲ្យ​ទៅ​បម្រើ​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ ។ ពេល​យើង​ប្ដូរ​ទៅនៅ​ទីក្រុង សលត៍ លេក នៅ​ចុងខែ​កក្កដា​ឆ្នាំ​នេះ យើង​បាន​ចូលរួម​ការប្រជុំ​ថ្ងៃ​អាទិត្យ​នៅ​វួដ​ថ្មី ដ៏អស្ចារ្យ​របស់​យើង ។ ការប្រជុំ​មួយ​ក្នុង​ចំណោម​ការប្រជុំ​ទាំងនេះ​គឺ​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់ ។ បន្ទាប់ពី​បាន​ទទួលទាន​សាក្រាម៉ង់​ដោយ​គារវភាព​រួចហើយ សមាជិក​បាន​ក្រោក​ឈរ​ឡើង​ទៅ​ថ្លែង​ទីបន្ទាល់​អស់​ពី​ដួងចិត្ត​អំពី​ព្រះអង្គ​សង្គ្រោះ​ម្ដង​ម្នាក់ៗ ។ ការប្រជុំ​នេះ​បាន​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ច្បាស់ ។ យើង​ត្រូវបាន​ស្អាង ហើយ​សេចក្ដី​ជំនឿ​របស់​យើង​ត្រូវបាន​ពង្រឹង ។ បើ​មិត្តភក្ដិ​របស់​សាសនាចក្រ ដែល​ស្វែងរក​សេចក្ដីពិត​ដោយ​ស្មោះត្រង់ បាន​នៅក្នុង​ការប្រជុំ​នោះ នោះ​ពួកគេ​នឹង​ដឹង​ថា នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ឱ ! វា​ជា​ពរជ័យ​អ្វីម្ល៉េះ​ដែល​ឃើញ​ថា ការប្រជុំ​សាសនាចក្រ​របស់​យើង​គឺជា​ឱកាស​ជម្រើស ដើម្បី​ឲ្យ​យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​បង្ហាញ​ប្រាប់​ព្រះ​ថា យើង​អរ​រីករាយ​ក្នុង​ការលើកដាក់​មកលើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។

ឥឡូវ​នេះ ខ្ញុំ​សូម​លើកឡើង​អំពី​គំរូ​ដ៏មាន​អានុភាព​មួយ​នៃ​ការលើកដាក់​មកលើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​តាមរយៈ​សកម្មភាព ។

កាលពី​ខែ​សីហា​មុន ខ្ញុំ​បាន​អម​ដំណើរ​អែលឌើរ ចូណាថាន អេស ឈ្មីត ទៅ​ពិធីសម្ពោធ​ព្រះវិហារ​បរិសុទ្ធ ហ្វេឌើរ រីវើរ កាលីហ្វ័រញ៉ា នៅ​ទីក្រុង​យូបា ។ នៅ​ទីនោះ ខ្ញុំ​មាន​ពរជ័យ​ក្នុង​ការនាំ​ដំណើរ​ទស្សនកិច្ច​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំងនេះ​មាន​សមាជិក​សាសនាចក្រ​ម្នាក់ ឈ្មោះ វឺជីល អាតគីនសុន និង​មិត្តភក្តិ​ប្រាំពីរ​នាក់​មកពី​ជំនឿ​ផ្សេង ។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នៅក្នុង​បន្ទប់​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ បងប្រុស អាតគីនសុន បាន​រំជួល​អារម្មណ៍ កាល​គាត់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​គាត់​ចំពោះ​មិត្តភក្តិ​ដែល​បាន​មក​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃនោះ ។ ស្ទើរតែ​ភ្លាមៗ​បន្ទាប់ពី​ការចែកចាយ​អារម្មណ៍​របស់​គាត់ នោះ​មាន​ស្ត្រី​ម្នាក់​នៅក្នុង​ក្រុម​នេះ​បាន​ក្រោកឈរ​ឡើង ហើយ​និយាយ​ថា « យើង​ទាំងអស់​គ្នា​ស្រឡាញ់ វឺជីល ។ គាត់​មិន​ដែល​បង្ខំ​យើង​ឲ្យ​ជឿ​លើ​សាសនា​របស់​គាត់​ទេ ។ ប៉ុន្តែ គាត់​ក៏​មិន​អៀនខ្មាស​ចំពោះ​សាសនា​របស់​គាត់​ដែរ ។ គាត់​គ្រាន់តែ​រស់នៅ​តាម​អ្វី​ដែល​គាត់​ជឿ​ប៉ុណ្ណោះ » ។

អស់​ជាច្រើន​ឆ្នាំ​មកហើយ ការរស់នៅ​ដូចជា​ព្រះគ្រីស្ទ​របស់​បងប្រុស អាតគីនសុន បាន​ក្លាយជា​ទីបន្ទាល់​ដ៏មាន​អានុភាព​មួយ​ដល់​មិត្តភក្តិ​របស់​គាត់ ។ គំរូ​របស់​គាត់​គឺជា​ភស្តុតាង​ដ៏ជាក់ច្បាស់​មួយ​ថា គាត់​បាន​លើកដាក់​មកលើ​ខ្លួន​គាត់​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។

នៅ​ចុង​បញ្ចប់​នេះ ខ្ញុំ​សូម​ចែកចាយ​មេរៀន​មួយ ដែល​ខ្ញុំ​បាន​រៀន​អំពី​របៀប​លើកដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ និង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ តាមរយៈ​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ ។

ប្រធាន ណិលសុន ដែលជា​ព្យាការី​នៅរស់​របស់​ព្រះ បាន​ថ្លែង​សុន្ទរកថា​សន្និសីទ​ទូទៅ​ឆ្នាំ ២០១៨ ដែល​មាន​ចំណងជើង​ថា « ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ » លោក​បាន​ថ្លែង​ថា ៖ « វាគឺជា​ការ​កែតម្រូវ ។ វា គឺជា បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ យ៉ូសែប ស្ម៊ីធ ពុំ​បាន​ដាក់​ឈ្មោះ​សាសនា​ដែល​បាន​ស្ដារ​ឡើង​វិញ​តាម​ឈ្មោះ​លោក​ឡើយ ហើយ​មរមន​ក៏​មិន​បាន​ធ្វើ​ដូចគ្នា​ដែរ ។ គឺ​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ដែល​មាន​បន្ទូល​ថា ‹ ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវបាន​ហៅ​ថា​ដូច្នោះ ហើយ​នៅ​គ្រា​ចុងក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ › [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៤ ] ។

យើង​ទាំងអស់​គ្នា​បាន​ចាកចេញ​ពី​សន្និសីទ​ទូទៅ​នៅ​ថ្ងៃនោះ តាំងចិត្ត​ធ្វើតាម​ព្យាការី ហើយ​ប្រើ​ឈ្មោះ​ដែល​បាន​បើក​សម្ដែង​របស់​សាសនាចក្រ​ចាប់​តាំងពី​ពេល​នោះ​មក ។ ខ្ញុំ​ពិតជា​បាន​សង្កេតមើល​ខ្លួនឯង​ខ្លាំងណាស់ ដើម្បី​ប្រាកដ​ថា ខ្ញុំ​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ ។ ពីរ​បី​ដង​ដំបូង ខ្ញុំ​ត្រូវតែ​ប្រយ័ត្ន​ជានិច្ច ហើយ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ទម្លាប់​ចាស់​វិញ​ទេ ។ បន្ទាប់ពី​ការព្យាយាម​លើក​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ជាងមុន​ក្នុង​ការប្រើ​ឈ្មោះ​ដែល​បាន​បើក​សម្ដែង​របស់​សាសនាចក្រ ។ ខ្ញុំ​សូម​សារភាព​ថា ខ្ញុំ​បាន​និយាយ​ឈ្មោះ​សាសនាចក្រ​យ៉ាងលឿន​ជាច្រើន​ដង ។ ខ្ញុំ​ខ្លាច​ថា មនុស្ស​នឹង​មិន​យកចិត្ត​ទុកដាក់​លើ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ ហើយ​ថា​ពួកគេ​អាច​គិត​ថា វា​រាង​វែង ។

ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក​ខ្ញុំ​បាន​ដឹង​ថា ការនិយាយ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​ដោយ​ចេតនា​ពិត បាន​ផ្ដល់​ឱកាស​ដ៏មាន​តម្លៃ​ឲ្យ​ខ្ញុំ​ថ្លែង​ពី​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្រ្គោះ តាមរយៈ​ការប្រកាស​ព្រះនាម​របស់​ទ្រង់​នៅក្នុង​ឈ្មោះ​របស់​សាសនាចក្រ​ទ្រង់ ។ ខ្ញុំ​ក៏​បាន​សម្គាល់​ឃើញ​ដែរ​ថា នៅពេល​ខ្ញុំ​និយាយ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​ជាមួយ​អ្នកដទៃ ខ្ញុំ​នឹកចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ញឹកញាប់​ជាងមុន ហើយ​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ទ្រង់​ក្នុង​ជីវិតខ្ញុំ ។

តាមរយៈ​ការធ្វើតាម​ព្យាការី យើង​ទាំងអស់​គ្នា​អាច​រៀន​ថ្លែង​ទីបន្ទាល់​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ ដូច្នេះ​ហើយ យើង​លើកដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់់​បាន​កាន់តែ​ពេញលេញ ។

នៅ​ព្រឹក​ថ្ងៃ​ឈប់​សម្រាក​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ចិត្ត​សោមន្ស​ថា ប្រធាន ណិលសុន គឺជា​ព្យាការី​នៅរស់​របស់​ព្រះ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះគ្រីស្ទ ។ ខ្ញុំ​សូម​ធ្វើជា​សាក្សី​ដោយ​រាបសា​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ និង​ភាពជា​ព្រះ​របស់​ទ្រង់ ។ ទ្រង់​គឺជា​បុត្រ​ច្បង និង​ព្រះរាជបុត្រា​សំណព្វ​តែមួយ​គត់​របស់​ព្រះ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង គឺ​អេម៉ាញូអែល ។ នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។