សន្និសីទទូទៅ
សញ្ញា​សម្គាល់​នៃ​សុភមង្គល
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


សញ្ញា​សម្គាល់​នៃ​សុភមង្គល

ការស្ថាបនា​នៅលើ​គ្រឹះ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​វា​ចាំបាច់​ចំពោះ​សុភមង្គល​របស់​យើង ។

ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​បំពេញ​ភារកិច្ចកាលពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​អង្គុយ​ជិត​បុរស​ម្នាក់​មកពី​ប្រទេស​ហូឡង់ ។ ខ្ញុំ​ចង់​ទៅ​និយាយ​លេង​នឹង​គាត់ ព្រោះ​ខ្ញុំ​បានបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​ប្រទេស​បែលហ្សិក និង​ហូឡង់ ។

ពេល​យើង​ចាប់ផ្ដើម​ស្គាល់​គ្នា គាត់​បាន​ឲ្យ​នាម​ប័ណ្ណ​មក​ខ្ញុំ ដោយ​មាន​ងារ​ពិសេស​មួយ​គឺ « សាស្ត្រាចារ្យ​នៃ​សុភមង្គល » ។  ខ្ញុំ​បានសរសើរ​អំពី​វិជ្ជាជីវៈ​ដ៏​អស្ចារ្យ​របស់​គាត់ ហើយ​បាន​សួរ​គាត់​ថា តើ​សាស្ត្រាចារ្យ​នៃ​សុភមង្គល​ធ្វើ​អ្វី​ទៅ ? គាត់​បាន​និយាយ​ថា ខ្ញុំ​បង្រៀន​មនុស្ស​ពី​របៀប​ទទួល​បាន​សុភមង្គល ដោយ​ការស្ថាបនា​ទំនាក់ទំនង និង​គោលដៅ​ដ៏​មាន​អត្ថន័យ ។ ខ្ញុំ​បាន​ឆ្លើយ​ថា « នោះ​ពិត​ជា​អស្ចារ្យ​ណាស់ ប៉ុន្តែ​ចុះ​បើ​លោក​អាច​បង្រៀន​ទាំង​របៀប​ដែល​ទំនាក់ទំនង​ទាំងនោះ​អាច​បន្ត​ហួស​ពី​សេចក្តី​ស្លាប់ ហើយ​ឆ្លើយ​សំណួរ​ផ្សេង​ទៀត​នៃ​ព្រលឹង​ដូចជា តើ​ជីវិត​នេះ​មាន​គោលបំណង​អ្វី តើ​យើង​អាច​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់យើង​ដោយ​របៀបណា ហើយ​តើ​យើង​ទៅ​ណា​បន្ទាប់ពី​យើង​ស្លាប់​វិញ​នោះ ? » គាត់​បាន​ទទួល​ស្គាល់​ថា វា​ពិត​ជា​អស្ចារ្យ​ណាស់ បើ​យើង​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងនោះ ហើយ​ខ្ញុំ​រីករាយ​ក្នុង​ការ​ចែកចាយ​ជាមួយ​គាត់​នូវ​អ្វី​ដែល​យើង​ធ្វើ ។

ថ្ងៃនេះ ខ្ញុំ​ចង់​រំឭក​ឡើងវិញ​នូវ​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ទទួល​បាន​សុភមង្គល​ពិតប្រាកដ ដែល​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​នេះ​ហាក់​ដូចជា​មិន​រស់នៅ​តាម​គោលការណ៍​នេះ​ឡើយ មាន​រឿង​ជាច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​មាន​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​សារៈសំខាន់ ។

អាលម៉ា បាន​បង្រៀន​ប្រជាជន​នៅ​សម័យ​របស់​លោក​ថា « ដ្បិត​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នឹង​មាន​ការណ៍​ជាច្រើន​កើត​ឡើង​ក្នុង​ពេល​អនាគត ហើយ មើល​ចុះ មាន​រឿង​មួយ​ដែល​សំខាន់​ជាង​រឿង​ទាំង​អស់—ដ្បិត​មើល​ចុះ នៅ​ពេល​មិន​យូរប៉ុន្មាន​ទេ ព្រះ​ដ៏​ប្រោស​លោះ​មាន​ព្រះ​ជន្ម​រស់នៅ ហើយ​នឹង​យាង​មក​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ » ។

ការប្រកាស​នេះ​គឺ​មាន​សារៈសំខាន់​ដូចគ្នា​ចំពោះ​យើង​សព្វថ្ងៃ​នេះ នៅពេល​យើង​ទន្ទឹង​ចាំ និង​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ !

ហេតុដូច្នោះ​ហើយ ការសង្កេត​ដំបូង​របស់​ខ្ញុំ​គឺជា ការស្ថាបនា​នៅលើ​គ្រឹះ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​វា​ចាំបាច់​ចំពោះ​សុភមង្គល​របស់​យើង ។ នេះ​គឺជា​គ្រឹះ​ពិតប្រាកដ « ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ។ មិន​ថា​មាន​អ្វី​កើតឡើង​នោះ​ទេ ការធ្វើ​ដូច្នោះ​រៀបចំ​យើង​ឲ្យ​តទល់​នឹង​បញ្ហា​ប្រឈម​ក្នុង​ជីវិត ។

ជាច្រើន​ឆ្នាំ​កន្លងទៅ ខ្ញុំ​បាន​ទៅ​បោះជំរំ​កាយរឹទ្ធិ​នៅ​រដូវ​ក្តៅ​មួយ​ជាមួយ​កូនប្រុស​យើង ចាស្ទីន ។ ខណៈ​ដែល​សកម្មភាព​កំពុង​ដំណើរការ គាត់​បាន​និយាយ​យ៉ាងរីករាយ​ថា​គាត់ និង​មិត្ត​គាត់​ចង់​បាន​ស្លាក​កាយរឹទ្ធិ​បាញ់​ព្រួញ ។ ដើម្បី​បាន​ស្លាក​នោះ​កាយរឹទ្ធិ​ត្រូវ​តែ​ប្រលង​សំណេរ​ខ្លី​មួយ​ឲ្យ​ជាប់ និង​បាញ់​ព្រួញ​ឲ្យ​ត្រូវ​គោលដៅ ។

ខ្ញុំ​មាន​ចិត្ត​បារម្ភ​ជា​ខ្លាំង ។ នៅ​ពេល​នោះ ចាស្ទីន មិន​សូវ​មាន​សុខភាព​រឹងមាំ​ទេ ព្រោះមាន​ជំងឺ​ដែល​បំផ្លាញ​សួត និង​ផ្លូវ​រំលាយ​អាហារ​របស់​គាត់ ដែល​គាត់​បានពុះពារ​តាំងពី​កំណើត​មក ។ ខ្ញុំ​បានឆ្ងល់​ថា តើ​គាត់​អាច​ទាញ​ធ្នូ​​​ខ្លាំង​ល្មម​នឹង​បាញ់​ព្រួញ​ទៅ​ចំ​គោលដៅ​ឬ​អត់ ?

នៅពេល​គាត់ និង​មិត្តភក្តិ​ចេញ​ទៅ​រៀន​ថ្នាក់​បាញ់​ធ្នូ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់​ថា សូម​កុំ​ឲ្យ​គាត់​ខ្មាសគេ​ដោយសារ​តែ​បទពិសោធន៍​នោះ​ឡើយ ។ រយៈពេល​ពីរ​បី​ម៉ោង​ដ៏​អន្ទះសា​ក្រោយ​មក ខ្ញុំ​បានឃើញ​គាត់​ដើរ​មក​រក​ខ្ញុំ​ដោយ​ទឹក​មុខ​ញញឹម ។ គាត់​បាន​ស្រែក​ថា « ប៉ា ! » ។ « កូន​បាន​ស្លាក​កាយរឹទ្ធិ​ហើយ ! កូន​បាន​បាញ់​ចំ​កណ្ដាល វាជិត​គោលដៅ​កូនដែរ ប៉ុន្តែ​កូន​បាញ់​ចំចំណុច​កណ្ដាល ! » គាត់​បាន​ប្រឹង​ទាញ​ធ្នូ​អស់​ពី​កម្លាំង ហើយ​ទុក​ឲ្យ​គ្រាប់​ព្រួញ​នោះ​ហោះ ទៅទាំង​មិន​អាច​គ្រប់គ្រង​គន្លង​របស់​វា​បាន ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​គ្រូបង្រៀន​ថ្នាក់​បាញ់​ព្រួញ​នោះ ដែល​គាត់​មិន​ដែល​និយាយ​ថា « សោកស្តាយ​ណាស់ ខុស​គោលដៅ​ហើយ​នោះ​ទេ ! » ផ្ទុយ​ទៅវិញ ដោយ​ការ​មើលឃើញ​ពី​ដែន​កំណត់​របស់ ចាស្ទីន និង​ការខិតខំ​របស់​គាត់ គ្រូ​បាន​តប​ដោយ​ទឹកចិត្ត​ល្អ​ថា « ល្អ​ខ្លាំង​ណាស់ ! »

នោះ​ក៏​ដូចជា​សម្រាប់​យើង​ផងដែរ បើ​យើង​ខិតខំ​ធ្វើតាម​ព្រះ​គ្រីស្ទ និង​ពួក​ព្យាការី​របស់​ទ្រង់​អស់​ពី​សមត្ថភាព មិនថា​យើង​មាន​ដែន​កំណត់​យ៉ាង​ណា​នោះ​ទេ ។ បើ​យើង​មករក​ទ្រង់ ដោយ​ការរក្សា​សេចក្តី​សញ្ញា និង​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង នោះ​យើង​នឹង​រីករាយ​ឮ​ការសរសើរ​របស់​ព្រះអង្គសង្រ្គោះ​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ពី​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក និង​ពី​សេចក្តី​ស្រឡាញ់ និង​អំណាច​ប្រោសលោះ​របស់​ទ្រង់​ដើម្បី​ព្យាបាល ពង្រឹង និង​លើក​យើង​ឡើង នៅពេល​យើង​កំពុង​ខិតខំ​មករក​ទ្រង់​យ៉ាង​ស្មោះត្រង់ ។ ផ្ទុយ​ទៅ​វិញ គ្មាន​ផ្លូវ​ដែល​យើង​អាច​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ហើយ​ក៏​ដើរ​ចូល​ទៅ​រក​ព្រះ​យេស៊ូវ​ដែរ​នោះ​ទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​យកឈ្នះ​សេចក្តីស្លាប់ ជំងឺ និង​អំពើបាប ហើយ​បាន​ផ្តល់​ផ្លូវ​សម្រាប់​ភាពល្អឥតខ្ចោះ​នៅទីបញ្ចប់​របស់​យើង បើ​យើង​នឹង​ធ្វើតាម​ទ្រង់​ឲ្យ​អស់ពី​ចិត្ត ។

ការសង្កេត​មើល​ទី​ពីរ​របស់​ខ្ញុំ​គឺ​មាន​សារៈសំខាន់​ចំពោះ​សុភមង្គល​របស់យើង ដែល​យើង​ត្រូវ​ចាំ​ថា យើង​ជា​បុត្រា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ការដឹង និង​ការទុកចិត្ត​លើ​ការពិត​នេះ ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង ។

ប៉ុន្មាន​ឆ្នាំ​មុន ពេល​ជិះ​យន្តហោះ​ត្រឡប់​មក​ផ្ទះ​ពី​ការចាត់តាំង​របស់​សាសនាចក្រ ស៊ីស្ទើរ សាប៊ីន និង​ខ្ញុំ​បាន​អង្គុយ​ពី​ក្រោយ​បុរស​មាឌ​ធំ​ម្នាក់​ដែល​សាក់​មុខ​ខឹង​ដ៏​ធំ​នៅខាងក្រោយ​ក្បាល​ទំពែក​​របស់​គាត់ ហើយ​ក៏​មាន​លេខ ៤៣៩ ផងដែរ ។

នៅពេល​យន្តហោះ​ចុះចត ខ្ញុំ​បាន​និយាយ​ថា « អធ្យាស្រ័យ​លោក ។ តើ​លោក​ប្រកាន់​ទេ បើ​ខ្ញុំ​សូម​សួរ​ពី​អត្ថន័យ​នៃ​លេខ​សាក់​នៅខាង​ក្រោយ​ក្បាល​លោកនោះ ? » ខ្ញុំ​ពុំ​ហ៊ាន​សួរ​អំពី​មុខ​ខឹង​នោះ​ទេ ។

គាត់​បាន​ឆ្លើយ​ថា « រូប​នោះ​គឺ​តំណាង​ឲ្យ​ខ្ញុំ ។ លេខ​នោះ​បង្ហាញ​ថា​ខ្ញុំ​ជា​នរណា ។ ខ្ញុំ​ជា​ម្ចាស់​ទឹកដី​នោះ ៖ ២១៩ ! »

បួនរក​សាម​សិប​ប្រាំ​បួន គឺជា​លេខ​ពិតប្រាកដ​នៅលើ​ក្បាល​គាត់ ដូច្នេះ​ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​គាត់​យល់ខុស ដោយសារ​វា​មាន​សារៈសំខាន់​សម្រាប់​គាត់ ។

ខ្ញុំ​បាន​គិត​ថា​តើ​វា​គួរ​ឲ្យ​សោកស្ដាយ​ប៉ុណ្ណា​ដែល​អត្តសញ្ញាណ និង​ការគោរព​ខ្លួនឯង​របស់​បុរស​ម្នាក់​នេះ​ផ្អែកលើ​លេខ​ដែល​ទាក់ទង​នឹង​ទឹកដី​របស់​ក្រុមក្មេង​ទំនើង​ទៅ​វិញ ។ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា បុរស​ជើង​ខ្លាំង​ម្នាក់​នេះ នៅ​គ្រា​មួយ​ធ្លាប់​ជា​ក្មេង​តូច​របស់​នរណា​ម្នាក់ ដែល​នៅតែ​ត្រូវការ​ដឹង​ថា​ខ្លួន​មាន​តម្លៃ និង​មាន​ចំណែក ។ បើ​គាត់​ដឹង​ថា​គាត់​ជា​នរណា​ពិត​ប្រាកដ ហើយ​គាត់​ជា​របស់ផង​អង្គ​ណា​ពិត​ប្រាកដ​នោះ ដ្បិត​យើង​ទាំងអស់​គ្នា​ត្រូវ​បាន « ចេញ​ថ្លៃ​លោះ​ » ។

ឃ្លា​មួយ​នៃ​បទចម្រៀង​ដ៏​ឈ្លាសវៃ​ចេញពី​ខ្សែភាពយន្ត​រឿង The Prince of Egypt ដែល​សរសេរ​ថា « មើល​ជីវិត​របស់​អ្នក តាមរយៈ​កែវភ្នែក​នៃ​ស្ថានសួគ៌ » ។ នៅពេល​ដែល​ចំណេះដឹង​នៃ​ពូជពង្ស​ដ៏​ទេវភាព​របស់យើង និង​សក្តានុពល​ដ៏​អស់កល្បជានិច្ច​បាន​ជ្រាប​ចូល​ជ្រៅ​ក្នុង​ព្រលឹង​យើង នោះ​យើង​នឹង​អាច​សម្លឹងមើល​ជីវិត​ថា ពោរពេញ​ដោយ​គោលបំណង គឺជា​ការផ្សងព្រេង​ដែល​មិន​បាន​លាតត្រដាង ដើម្បី​រៀន និង​រីកចម្រើន សូម្បីតែ « យើង​មើល​ឃើញ​តាម‌កញ្ចក់​ស្រអាប់ »ក្នុង​រយៈពេល​ខ្លីក្តី ។

សញ្ញាសម្គាល់​ទីបី​សម្រាប់​សុភមង្គល​គឺ​ត្រូវ​ចងចាំ​ពី​តម្លៃ​នៃ​ព្រលឹង​ជានិច្ច ។ យើង​ធ្វើ​ការណ៍​នេះ​បាន​ល្អប្រសើរ​បំផុត ដោយ​ការ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្រ្គោះ​ដែល​បាន​ដាស់តឿន​ថា « ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ។

ព្រះអម្ចាស់​ក៏​បាន​បង្រៀន​ដែរ​ថា ៖ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។

គម្ពីរ​សុភាសិត​បាន​ផ្ដល់​ដំបូន្មាន​យ៉ាង​ឈ្លាសវៃ​ថា « កាល​ណា​ឯង​មាន​កម្លាំង​ដៃ អាច​ធ្វើ​គុណ​ឲ្យ​អ្នក​ណា ដែល​គួរ​ផ្តល់​ឲ្យ នោះ​កុំ​ឲ្យ​បង្ខាំង​ទុក​ឡើយ » ។១០

យើង​នឹង​មិន​ដែល​ស្តាយក្រោយ​ពី​ការធ្វើ​ល្អ​ពេក​នោះ​ទេ ។ នៅក្នុង​ព្រះនេត្រ​របស់​ព្រះ សេចក្តីសប្បុរស​គឺ​មាន​ន័យ​ដូច​នឹង​ភាពអស្ចារ្យ ។ ផ្នែក​មួយ​នៃ​ទឹកចិត្ត​ល្អ​គឺ​ការអត់ទោស និង​មិន​វិនិច្ឆ័យ ។

ជាច្រើន​ឆ្នាំ​មុន គ្រួសារ​វ័យក្មេង​របស់​យើង​បាន​ទៅ​មើលកុន​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។ យើង​ទាំង​អស់​គ្នា​ជិះ​ឡាន​ធំ លើកលែង​តែ​កូន​ប្រុស និង​ភរិយា​របស់​ខ្ញុំ វ៉ាលឺរី ។ នៅ​ខាង​ក្រៅ​មេឃ​ងងឹត​ទៅ​ហើយ នៅ​ពេល​កូនប្រុស​យើង​បើក​ទ្វារ រត់​សំដៅ​ទៅ​ឡាន គាត់​បាន​ទាត់​ចំ​អ្វី​មួយ​ដោយ​ចៃដន្យ​ដែល​គាត់​គិត​ថា ជា​សត្វឆ្មា​យើង​នៅ​ទីធ្លា​មុខផ្ទះ​ ។ ជាអកុសល​សម្រាប់​កូន​ប្រុស​យើង និង​ភរិយា​ខ្ញុំ សត្វ​ដែល​នៅ​ពី​ក្រោយ​គាត់​នោះ ពុំមែន​ជា​សត្វឆ្មា​ទេ ប៉ុន្តែ​ជា​សត្វស្កាំង​ដែល​វាខឹងសម្បា​ខ្លាំង ​វាយបក​មក​វិញ ! ពួកយើង​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយ​ពួកគាត់ទាំងពីរ​បានងូតទឹក និង​កក់សក់​ជាមួយនឹង​ទឹកប៉េងប៉ោះ ដែលជា មធ្យោបាយ ដោះស្រាយដ៏ប្រាកដ ដើម្បី​បំបាត់​ក្លិន​ស្អុយ​របស់​សត្វ​ស្កាំង​នោះ ។ ពេល​ដែល​ពួក​គេ​បាន​សម្អាត​និង​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​រួចហើយ លែង​ធុំ​ក្លិន​ស្អុយ​ទៀត​ហើយ ដូច្នេះ​យើង​សម្រេចចិត្ត​ថា​យើង​អាច​ទៅ​មើល​កុន​បាន ។ 

ពេល​យើង​អង្គុយ​នៅ​កៅអី​ជួរក្រោយ មនុស្ស​ម្នា​នៅ​ជុំវិញ​យើង​ម្នាក់ៗ​ក៏​សម្រេចចិត្ត​ចេញ​ទៅ​ទិញ​ពោត​លីង​ភ្លាម ។ នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ ពួកគេ​មិន​បាន​អង្គុយ​នៅ​កៅអី​ចាស់​របស់​ពួកគេ​ទេ ។

យើង​បាន​សើច ពេល​យើង​រំឭក​ពី​បទពិសោធន៍​នោះ ប៉ុន្តែ​ចុះ​បើ​អំពើ​បាប​ទាំង​អស់​របស់យើង​មាន​ក្លិន​វិញ​នោះ ? ចុះ​បើ​យើង​អាច​ធុំ​ក្លិន​ភាព​មិន​ស្មោះត្រង់ តណ្ហា ច្រណែន ឬ​ការឆ្មើងឆ្មៃ​នោះ ? បើ​ភាពទន់ខ្សោយ​របស់យើង​បាន​បង្ហាញ​ឲ្យ​ឃើញ សង្ឃឹម​ថា​យើង​នឹង​គិតគូរ និង​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ដទៃ​បន្តិច ហើយ​ ពួកគេ​ក៏​ធ្វើ​ដូចគ្នា​ដូច្នេះដែរ​ចំពោះ​យើង​ នៅពេល​យើង​ធ្វើ​ការផ្លាស់ប្តូរ​ដែល​ត្រូវការ​នៅក្នុង​ជីវិត​របស់យើង ។ ខ្ញុំ​ពិតជា​ចូលចិត្ត​ក្លិន​ថ្នាំ​ជក់​នៅក្នុង​ព្រះវិហារ ព្រោះ​វា​បង្ហាញ​ថា មាន​នរណា​ម្នាក់​កំពុង​ព្យាយាម​ផ្លាស់ប្តូរ ។ ពួកគេ​ត្រូវការ​ដៃ​ស្វាគមន៍​របស់​យើង​ឱប​ពួកគេ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ដំបូន្មាន​ដ៏​ឈ្លាសវៃ​ថា « វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នកដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ មើល​ថា​តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា » ។១១

ប៉ុល​បាន​សរសេរ​ទៅកាន់​ពួក​អេភេសូរ​ថា « ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ » ។១២

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​បាន​សុំ​ឲ្យ​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះ​អង្គសង្រ្គោះ​របស់​យើង​ដោយ​ពុំ​ព្យាយាម​ផ្លាស់ប្តូរ​ទ្រង់​ទាំងទ្វេ​ឡើយ ។ ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាបដឹង​ពី​ភាព​មិន​ឥតខ្ចោះ​របស់​មនុស្ស​គ្រប់​គ្នា​យ៉ាង​ច្បាស់ ហើយ​និង​កាត់សេចក្តី​ពួកគេ​ដោយ​ឥតខ្ចោះ ។

សញ្ញា​សម្គាល់​សុភមង្គល​ទីបួន​របស់​ខ្ញុំ គឺ​បន្ដ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ។ ផែនការ​របស់​ព្រះវរបិតា​យើង​លាតសន្ធឹង​ទៅ​កាន់​ភាព​អស់កល្ប​ជានិច្ច វា​ងាយស្រួល​ក្នុង​ការផ្តោត​ពី​បច្ចុប្បន្នកាល ហើយ​បំភ្លេច​ពី​អនាគត​កាល ។

ខ្ញុំ​រៀន​មេរៀន​ប្រកប​ដោយ​អានុភាព​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មកពី ជេនីហ្វឺ កូនស្រី​អាយុ ១៦ ឆ្នាំ​របស់​យើង ។ នាង​ហៀប​នឹងរប្តូរសួត​ទាំង​ពីរ ព្រោះ​ក្លែប​សួត​មាន​ជំងឺទាំង​ប្រាំ​របស់នាង​នឹង​ត្រូវ​យកចេញ​ទាំងអស់ ហើយ​ដាក់​ក្លែប​សួត​តូចៗ​ពីរ​ដែល​មាន​សុខភាពល្អ​ជំនួស​វិញ ដែល​ក្លែប​សួត​ទាំងនេះ​បានបរិច្ចាគ​ដោយ​មិត្តភក្តិ​ចិត្តល្អ​ដូចជា​ព្រះគ្រីស្ទ​ដ៏​អស្ចារ្យ​ពីរ​នាក់ ។ ការផ្លាស់ប្តូរ​នេះ​គឺជា​នីតិវិធី​ដែល​មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​នៅ​យប់​មុន​ការវះកាត់ ជេនីហ្វឺ និយាយ​មក​កាន់​ខ្ញុំ​ដោយ​អស់​កម្លាំង ( ទម្ងន់​៤១ គ.ក ) ថា « កុំ​បារម្ភ​អី ប៉ា ! ថ្ងៃ​ស្អែក​កូន​នឹង​ក្រោក​ពី​ដំណេក​ដោយ​មាន​សួត​ថ្មី ឬ​កូន​នឹង​ក្រោក​ពី​ដំណេក​នៅ​កន្លែង​ល្អ​ជាង​នេះ ។ ក្រោកពី​ដំណេក​មួយ​ណា​ក៏​ល្អ​ទាំងអស់ » ។ នោះគឺជាជំនឿ ជា​​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​នោះ ! ការមើល​ឃើញ​ជីវិត​ពី​ចំណុច​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផ្តល់​នូវ​ភាព​ច្បាស់លាស់ ការលួងលោម ភាពក្លាហាន និង​ក្តី​សង្ឃឹម ។

បន្ទាប់ពី​ការវះកាត់ ថ្ងៃ​ដែល​ទន្ទឹង​ចាំ​ជា​យូរ​បាន​មក​ដល់​ដើម្បី​ដក​បំពង់​ដក​ដង្ហើម​ចេញ ហើយ​បិទ​បំពង់​ខ្យល់​ដែល​ជួយ ជេនីហ្វឺ ដក​ដង្ហើម យើង​រង់ចាំ​ដោយ​អន្ទះសា​ដើម្បី​មើល​ថា​តើ​ក្លែប​តូចៗ​ទាំងពីរ​របស់នាង​នឹង​ដំណើរការ​ឬ​អត់ ។ នៅពេល​ដែល​នាង​ដក​ដង្ហើម​ដំបូង នាង​ក៏​យំ​ភ្លាម ។ ដោយ​ឃើញ​ពី​ការព្រួយ​បារម្ភ​របស់​យើង នាង​បាន​និយាយ​ភ្លាម​ថា « ដកដង្ហើម​បាន​ដោយ​ខ្លួនឯង​បែប​នេះ វា​ស្រួល​ណាស់ » ។ 

ចាប់​តាំងពី​ថ្ងៃ​នោះ​មក ខ្ញុំ​បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​វរបិតាសួគ៌​ទាំង​ព្រឹក​ទាំង​យប់ សម្រាប់​សមត្ថភាព​ក្នុង​ការដកដង្ហើម​របស់​ខ្ញុំ ។ យើង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ពរជ័យ​រាប់​មិន​អស់ ដែល​យើង​អាច​មិន​ដឹង បើ​យើង​មិន​បាន​គិតគូរ ។ ផ្ទុយទៅវិញ នៅពេល​ដែល​គ្មាន​អ្វី​ត្រូវ​រំពឹងទុក ហើយ​អ្វី​គ្រប់​យ៉ាង​ចេះ​ថ្លែង​អំណរគុណ នោះ​ជីវិត​គឺ​វិសេសវិសាល​ណាស់ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « ជា​រៀងរាល់​ព្រឹក​គឺជា​អំណោយទាន​មកពី​ព្រះ ។ សូម្បីតែ​ខ្យល់​ដែល​យើង​ដកដង្ហើម​គឺជា​កម្ចី​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​មកពី​ព្រះ ។ ទ្រង់​ថែរក្សា​យើង​ជា​រៀងរាល់​ថ្ងៃ ហើយ​ជួយ​យើង​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ។ ហេតុដូច្នោះ​ហើយ ទង្វើ​ដ៏​ថ្លៃថ្នូ​ដំបូង​របស់​យើង​នៅពេល​ព្រឹក គួរតែ​ជា​ការអធិស្ឋាន​ការដឹងគុណ​ដ៏​រាបទាប » ។១៣

ការណ៍​នោះ​បាន​នាំមក​នូវ​ការសង្កេត​ទីប្រាំ និង​ចុងក្រោយ​របស់​ខ្ញុំ យើង​នឹង​គ្មាន​អំណរ​ទេ បើ​យើង​មិន​ចេះ​ដឹង​គុណ​នោះ ។

ព្រះអម្ចាស់​បាន​ប្រកាស​ថា « ហើយ​អ្នកណា​ដែល​ទទួល​គ្រប់​ទាំងអស់​ដោយ​អំណរគុណ នោះ​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​រុងរឿង » ។១៤ ប្រហែល​នេះ​មកពី​ការដឹងគុណ​ផ្ដល់​កំណើត​ដល់​គុណធម៌​ផ្សេងៗ​ជា​ច្រើន ។

តើ​ការយល់​ដឹង​របស់​យើង​នឹង​ផ្លាស់ប្តូរ​យ៉ាងណា បើ​រាល់​ព្រឹក​យើង​ភ្ញាក់​ពី​ដំណេក​ដោយ​មាន​តែ​ពរជ័យ​ដែល​យើង​បាន​មាន​អំណរគុណ​កាល​ពី​យប់​នោះ ។ ការមិន​ចេះ​ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យ​របស់យើង​អាច​នាំ​ឲ្យ​មាន​អារម្មណ៍​មិន​ចេះ​ស្កប់ស្កល់ ដែល​អាច​ប្លន់​អំណរ និង​សុភមង្គល​យើង ដែល​បានមក​ពី​ការដឹងគុណ ។ អ្នក​ដែល​នៅ​ក្នុង​អគារ​ដ៏​ធំ និង​ទូលាយ​ទាក់ទាញ​យើង​ឲ្យ​មើល​ហួស​ទីដៅ ដោយហេតុ​នេះ​ហើយ​បាន​ជា​បាត់បង់​អ្វី​ដែល​សំខាន់​បំផុត ។

ជាក់ស្តែង សុភមង្គល និង​ពរជ័យ​ដ៏​មហិមា​បំផុត​នៃ​ជីវិត​រមែង​ស្លាប់​នឹង​រកឃើញ​នៅក្នុង​បុគ្គល​ដែល​យើង​បាន​ប្រែក្លាយ​តាមរយៈ​ព្រះគុណ​របស់​ព្រះ នៅពេល​យើង​ធ្វើ និង​រក្សា​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​នឹង​កែលម្អ និង​បន្សុទ្ធ​យើង​តាមរយៈ​គុណបុណ្យ​នៃ​ការពលិកម្ម​ដ៏​ធួន​របស់ទ្រង់ រួច​ព្រះ​បន្ទូល​អំពី​អ្នក​ដែល​ធ្វើ​តាម​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត​ថា « ពួក​គេ​នឹង​បាន​ជា​របស់​យើង ក្នុង​កាល​យើង​នឹង​យាង​មក​រើស​គ្រឿងអលង្ការ​ទាំង​ឡាយ​របស់​យើង » ។១៥

ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា បើ​យើង​ស្ថាបនា​ជីវិត​យើង​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​តម្លៃ​អត្តសញ្ញាណ​ដ៏​ពិត​របស់យើង​ក្នុងនាម​ជា​បុត្រា​បុត្រី​របស់​ព្រះ ចងចាំ​តម្លៃ​នៃ​ព្រលឹង​នីមួយៗ រក្សា​ទស្សនៈ​វិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​មាន​អំណរគុណ​ដោយ​ដឹងគុណ​ចំពោះ​ពរជ័យ​ជាច្រើន​របស់​យើង ជាពិសេស​ការអញ្ជើញ​របស់​ព្រះគ្រីស្ទ​ឲ្យ​មក​រក​ទ្រង់ នោះ​យើង​អាច​ស្វែងរក​សុភមង្គល​ពិត​ដែល​យើង​ស្វែងរក​អំឡុង​ដំណើរ​ផ្សងព្រេង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បាន ។ ជីវិត​នឹង​នៅ​តែ​មាន​បញ្ហា​ ប៉ុន្តែ​យើង​នឹង​អាច​ប្រឈម​នឹង​បញ្ហា​នីមួយៗ​បាន​យ៉ាង​ល្អ​ដោយ​មាន​គោលបំណង និង​ភាព​សុខសាន្ត ដោយសារ​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច ដែល​យើង​យល់ និង​រស់នៅ​តាម ។

ខ្ញុំ​សូម​ថ្លែងជា​សាក្សី​ដល់​បងប្អូន​អំពី​សេចក្តីពិត​នៃ​ព្រះ ដែល​ជា​ព្រះវរបិតា​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ពី​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់ គឺ​ព្រះ​យស៊ូវ​គ្រីស្ទ​របស់​យើង ។ ខ្ញុំ​ក៏​ថ្លែង​ទីបន្ទាល់​អំពី​ព្យាការី​ដែល​រស់នៅ​ផងដែរ ថា​ជា​អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ឱ !​វា​ជា​ពរជ័យ​ណាស់​ណា៎​ដែល​បាន​ទទួល​ឱវាទ​ពី​ស្ថានសួគ៌​តាមរយៈ​ពួកលោក ។ ដូចជា​ព្រះអង្គសង្រ្គោះ​បាន​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នកបម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។១៦ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕