សន្និសីទទូទៅ
រក្សា​សំឡេង​នៃ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​ក្នុង​ជំនាន់​ដែល​កំពុង​ពេញវ័យ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


រក្សា​សំឡេង​នៃ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​ក្នុង​ជំនាន់​ដែល​កំពុង​ពេញវ័យ

ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​បំផុត​មួយ​របស់​យើង គឺ​ជួយ​កូនៗ​របស់​យើង​ឲ្យ​មក​ស្គាល់​ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ​ឲ្យ​បាន​ច្បាស់ និង​ជា​ពិសេស ។

គ្រា​ដ៏​រំជួល​ចិត្ត​បំផុត​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​គឺ​ពេល​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​យាង​ទៅ​ជួប​នឹង​ប្រជាជន​នៅឯ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដែនដី​បរិបូរ ។ បន្ទាប់​ពី​បង្រៀន ព្យាបាល និង​ស្ថាបនា​សេចក្ដី​ជំនឿ​អស់​ពេញ​មួយ​ថ្ងៃ​មក ព្រះយេស៊ូវ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ប្រជាជន​ទៅកាន់​ជំនាន់​ដែល​កំពុង​ពេញវ័យ ៖ « ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​នាំ​កូន​ក្មេង​តូចៗ​មក​រក​ព្រះអង្គ » ។ ទ្រង់​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ហើយ​បាន​ប្រសិទ្ធពរ​ពួកគេ​ម្ដងម្នាក់ៗ ។ បទពិសោធន៍​នោះ​គឺ​រំជួល​ចិត្ត​ខ្លាំងណាស់ រហូត​ដល់​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ផ្ទាល់​ក៏​បាន​ព្រះកន្សែង​ជា​ច្រើន​ដងផង​ដែរ ។

បន្ទាប់មក ព្រះយេស៊ូវ បាន​មានបន្ទូល​ទៅកាន់​ហ្វូង​មនុស្ស ៖

« មើលន៎កូនតូចៗរបស់អ្នករាល់គ្នា ។

« ហើយ​នៅ​ពេល​ពួកគេ​ក្រឡេក​មើល​ទៅ នោះ​ពួកគេ​បាន … ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​ពួកគេ​ឃើញ​ពួកទេវតា​ហោះ​ចុះ​មក​ពី​ស្ថានសួគ៌ » ផ្ដល់​ការងារ​បម្រើ​ដល់​កូនៗ​របស់​ពួកគេ ។

ខ្ញុំ​បាន​គិត​អំពី​បទពិសោធន៍​នេះ​ជា​ញឹកញាប់ ។ ដំណើររឿង​នេះ​ច្បាស់ជា​បាន​បន្ទន់​ដួងចិត្ត​មនុស្ស​គ្រប់​គ្នា​មិន​ខាន ! ពួកគេ​បាន​ឃើញ​ព្រះអង្គសង្គ្រោះ ។ ពួកគេ​បាន​ពាល់​ទ្រង់ ។ ពួកគេ​បាន​ស្គាល់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ ។ ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។ ហើយ​ទ្រង់​បាន​ស្រឡាញ់​ពួកគេ ។ វា​មិន​ចម្លែក​ទេ ដែល​បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ កុមារ​ទាំងនោះ​បាន​ធំឡើង​ដើម្បី​ជួយ​ស្ថាបនា​សង្គម​មួយ​ដែល​មាន​ភាពសុខសាន្ត ចម្រុងចម្រើន និង​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ដែល​បាន​បន្ត​ទៅ​អស់​ជា​ច្រើន​ជំនាន់ ។

វា​អស្ចារ្យ​យ៉ាងណា​ទៅ​បើ​កូនៗ​យើង​អាច​មាន​បទពិសោធន៍​បែបនោះ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ—គឺជា​អ្វី​មួយ​ដែល​នឹង​ចង​ដួងចិត្ត​របស់​ពួកគេ​ទៅ​នឹង​ទ្រង់ ! ទ្រង់​អញ្ជើញ​ពួកយើង ដូចជា​ទ្រង់​បាន​អញ្ជើញ​ឪពុក​ម្ដាយ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែរ ឲ្យ​នាំ​ក្មេង​តូចៗ​របស់​យើង​មក​រក​ទ្រង់ ។ យើង​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ពួកគេ​តាម​របៀប​ដែល​កូនក្មេង​ទាំងនេះ​បាន​ស្គាល់​ទ្រង់​ដែរ ។ យើង​អាច​បង្ហាញ​ពួកគេ​ពី​របៀប​ដើម្បី​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ ហើយ​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​លើ​ទ្រង់ ។

ថ្មីៗ​នេះ មិត្ត​ដ៏​ល្អ​ម្នាក់​បាន​បង្រៀន​ខ្ញុំ​ពី​អ្វី​មួយ​ដែល​ខ្ញុំ​មិន​បាន​កត់សម្គាល់​ពី​មុន​មក អំពី​រឿង​ប្រៀប​ប្រដូច​នៃ​មនុស្ស​មាន​គំនិត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​សិលា ។ យោង​តាម​ដំណើររឿង​នៅក្នុង​គម្ពីរ លូកា កាល​មនុស្ស​មាន​គំនិត​បាន​ចាក់​គ្រឹះ​ផ្ទះ​របស់​គាត់ គាត់ « បាន​ជីក​យ៉ាង​ជ្រៅ » ។ ការសង់​ផ្ទះ​មិន​មែន​ជា​ប្រឹងប្រែង​ធម្មតាៗ ឬ​សាមញ្ញៗ​នោះ​ទេ—វា​ត្រូវការ​ការខិតខំ !

ដើម្បី​ស្ថាបនា​ជីវិត​យើង​នៅលើ​សិលា​នៃ​ព្រះប្រោសលោះ គឺ​ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវតែ​ជីក​យ៉ាង​ជ្រៅ ។ យើង​ត្រូវ​យកចេញ​នូវ​អ្វី​ដែល​ជា​ខ្សាច់ ឬ​ដែល​លើស​នៅក្នុង​ជីវិត​របស់​យើង ។ យើង​បន្ត​ជីក​រហូត​ទាល់​តែ​យើង​រក​ទ្រង់​ឃើញ ។ ហើយ​យើង​បង្រៀន​កូនៗ​យើង​ឲ្យ​ចង​ខ្លួន​ពួកគេ​ទៅ​នឹង​ទ្រង់ តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នានា នៅពេល​ព្យុះ និង​ទឹកជំនន់​នៃ​ការប្រឆាំង​មកដល់ ដែល​វាប្រាកដជា​នឹង​មក​ដល់ នោះ​វា​នឹង​មាន​ឥទ្ធិពល​តែ​បន្តិច​បន្តួច​លើ​ពួកគេ « ពីព្រោះ​មក​ពី​សិលា​ដែល [ ពួកគេ ] បាន​សង់​នៅ​លើ​នោះ » ។

កម្លាំង​បែបនេះ​មិនមែន​ចេះតែ​កើតឡើង​ឯងៗ​នោះ​ទេ ។ វា​មិន​បន្ត​ទៅ​ជំនាន់​បន្ទាប់​ដូចជា​មរតក​ខាង​វិញ្ញាណ​នោះ​ទេ ។ បុគ្គល​ម្នាក់ៗ​ត្រូវតែ​ជីក​យ៉ាង​ជ្រៅ​ដើម្បី​រក​សិលា​នោះ​ឲ្យ​ឃើញ ។

យើង​រៀន​មេរៀន​នេះ​អំពី​ដំណើររឿង​មួយ​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ពេល​ស្ដេច​បេនយ៉ាមីន​បាន​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់​ទ្រង់​ទៅកាន់​ប្រជារាស្រ្ត ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្រួសារមក​ស្ដាប់​បន្ទូល​របស់​ទ្រង់ ។ ស្ដេច​បេនយ៉ាមីន​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រជាជន​បាន​រំជួល​ចិត្ត​ជា​ខ្លាំង​ដោយសារ​ទីបន្ទាល់​របស់​ទ្រង់ ។ ពួកគេ​បាន​ប្រកាស​ថា ៖

« ព្រះវិញ្ញាណ … បាននាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ។ …

« ហើយ​យើង​ខ្ញុំ​យល់ព្រម​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​របស់​ពួកយើង ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់ … នៅក្នុង​ជីវិត​យើង​ខ្ញុំ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » ។

មនុស្ស​ម្នាក់​អាច​រំពឹង​ថា កូន​តូចៗ​ដែល​មាន​ឪពុក​ម្ដាយ​ប្រែចិត្ត​ជឿ​យ៉ាង​ខ្លាំង នៅ​ទីបំផុត កុមារ​តូចៗ​ទាំង​នោះ​នឹង​ប្រែចិត្ត​ជឿ ហើយ​ចុះ​សេចក្ដី​សញ្ញា​ដោយ​ខ្លួនពួកគេ ។ ប៉ុន្តែ ដោយ​ហេតុផល​ណាមួយ វា​មិន​បាន​បង្ហាញ​នៅក្នុង​កំណត់ត្រា​នេះ​នោះ​ទេ សេចក្ដី​សញ្ញា​ដែល​ឪពុក​ម្ដាយ​បាន​ចុះ មិនបាន​ទាក់ទាញ​កូនៗ​មួយ​ចំនួន​របស់​ពួកគេ​នោះ​ទេ ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក « មាន​មនុស្ស​ជាច្រើន​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ ពុំ​អាច​យល់​នូវ​ពាក្យ​ពេចន៍​នៃ​ស្ដេច​បេនយ៉ាមីន ដោយ​ព្រោះ​ខ្លួន​គេ​នៅ​ក្មេង​ពេក ក្នុង​កាល​ទ្រង់​មាន​បន្ទូល​ទៅកាន់​ប្រជាជន​ទ្រង់ ហើយ​ពួកគេ​ពុំ​បាន​ជឿ​តាម​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​ទេ ។

« ពួក​គេ​ពុំ​បាន​ជឿ​នូវ​អ្វី​ដែល​បាន​និយាយ​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​ឡើយ ហើយ​គេ​ក៏​ពុំ​ជឿ​អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ​ដែរ ។ …

« ហើយ​ពួក​គេ​មិន​ព្រម​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ពួក​គេ​ក៏​មិន​ព្រម​ចូល​រួម​នឹង​សាសនាចក្រ​ដែរ ។ ហើយ​ពួកគេ​ជា​មនុស្ស​ដោយ​ឡែក ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ » ។

ឱ ! ជា​គំនិត​ដ៏​គួរ​ឲ្យ​សោកសៅ ! សម្រាប់​ជំនាន់​ដែល​កំពុង​ពេញវ័យ វា​មិន​គ្រប់គ្រាន់​ដើម្បី​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម « សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ » នោះ ។ ពួកគេ​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ដោយ​ខ្លួនឯង ។ ក្នុង​នាម​ជា​រាស្រ្ត​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះ តើ​យើង​អាច​បណ្ដុះ​នៅក្នុង​ដួងចិត្ត​កូនៗ​យើង​នូវ​បំណង​ប្រាថ្នា​ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់​ដោយ​របៀប​ណា ?

យើង​អាច​ចាប់ផ្ដើម​ដោយ​ការធ្វើតាម​គំរូ​របស់​នីហ្វៃ ៖ « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សព្វផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្របតាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដែល​កូនចៅ​របស់​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ។១០ ពាក្យ​សម្ដី​របស់​នីហ្វៃ​ស​ឲ្យ​ឃើញ​ពី​ការប្រឹងប្រែង​យ៉ាង​ខ្ជាប់ខ្ជួន ជា​បន្ត​បន្ទាប់ ដើម្បី​បង្រៀន​កូនៗ​យើង​អំពី​ព្រះគ្រីស្ទ ។ យើង​អាច​ធានា​ថា សំឡេង​នៃ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​គឺ​មិន​នៅ​ស្ងៀមស្ងាត់នៅក្នុង​ត្រចៀក​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ​ទេ ហើយ​ថា​ព្រះយេស៊ូវ​មិនមែន​ជា​ប្រធានបទ​ដែល​លើក​មក​និយាយ​តែ​នៅ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​នោះ​ទេ ។១១

សំឡេង​នៃ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​គឺ​មាន​នៅក្នុង​ពាក្យ​នៃ​ទីបន្ទាល់​របស់​យើង​ផ្ទាល់ ។ វា​មាន​នៅក្នុង​ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់ ។ ហើយ​វា​ត្រូវបាន​រក្សាទុក​យ៉ាង​មាន​ឥទ្ធិពល​នៅក្នុង​ព្រះគម្ពីរ ។ វា​មាន​នៅ​ទីនោះ ដើម្បី​កូនៗ​យើង​នឹង​មក​ស្គាល់​ព្រះយេស៊ូវ ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ វា​មាន​នៅ​ទីនោះ ដើម្បី​ពួកគេ​នឹង​រៀន​ដោយ​ខ្លួនឯង​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វា​មាន​នៅ​ទីនោះ ដើម្បី​ពួកគេ​នឹង​ស្វែងរក​សេចក្ដី​សង្ឃឹម ។ វា​នឹង​រៀបចំ​ពួកគេ​សម្រាប់​ការស្វែងរក​សេចក្ដី​ពិត និង​ការរស់នៅ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​អស់​ពេញ មួយ​ជីវិត ។

ខ្ញុំ​ស្រឡាញ់​ពាក្យ​ទូន្មាន​នេះ​មកពី ប្រធាន រ័សុល អិម ណិលសុន ៖

« តើ​យើង​អាចទៅ​ស្ដាប់​ទ្រង់​នៅ​ទីណា ?

« យើង​អាច​ទៅ​រក​បទគម្ពីរទាំងឡាយ ។ បទគម្ពីរ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ ក៏​បង្រៀន​ពី​វិសាលភាព​នៃ​ដង្វាយធួនទ្រង់ និង​ផែនការ​នៃ​សុភមង្គល និង​ប្រោសលោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​យើង ។ ការ​ជ្រមុជ​ទៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ​ជាប្រចាំ​ថ្ងៃ គឺ​សំខាន់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ ជាពិសេស​នៅ​ក្នុង​គ្រា​ដែល​មានចលាចល​កាន់តែ​ខ្លាំងនេះ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​លំបាក ដែល​យើង​ពុំ​ធ្លាប់គិត​ថា​យើង​នឹង​ជួប​នោះ » ។១២

ដូច្នេះ តើ​ការទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ និង​ស្ដាប់​ទ្រង់​មាន​លក្ខណៈ​បែបណា ? មែនហើយ​អ្វី​ក៏​ដោយ​ដែល​ដំណើរការ​ល្អ​បំផុត​សម្រាប់​បងប្អូន ! វា​អាច​ជា​ការជួបជុំ​ក្រុមគ្រួសារ​ដើម្បី​និយាយ​អំពី​ការណ៍​ទាំងឡាយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​បងប្អូន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​បងប្អូន ដោយ​ការប្រើប្រាស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ វា​អាច​ជា​ការជួបជុំ​ជាមួយ​នឹង​កូនៗ​រាល់ថ្ងៃ ដើម្បី​អាន​ពីរបី​ខគម្ពីរ​ចេញ​ពី​ព្រះគម្ពីរ ហើយ​បន្ទាប់មក​រកមើល​ឱកាស​នានា ដើម្បី​ពិភាក្សា​ពី​អ្វី​ដែល​បងប្អូន​បាន​រៀន កាលដែល​បងប្អូន​ចំណាយ​ពេល​ជាមួយ​គ្នា ។ គ្រាន់តែ​រកមើល​អ្វី​ដែល​ដំណើរការ​សម្រាប់​បងប្អូន និង​គ្រួសារ​បងប្អូន បន្ទាប់​មក​ព្យាយាម​ធ្វើ​វា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ ។

សូម​ពិចារណា​ការយល់ដឹង​នេះ​មកពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ៖ « ការធ្វើ​កិច្ចការ​នេះ​តែ​មួយ​មុខ ការធ្វើតែ​រាត្រីជួបជុំ​ក្រុមគ្រួសារ ការសិក្សា​តែ​ព្រះគម្ពីរ ឬ​ការគ្រាន់តែ​សន្ទនា​អំពី​ដំណឹង​ល្អ ហាក់​ដូច​ជា​មិន​សូវ​សម្រេច​បាន​លទ្ធផល​ច្រើន​ទេ ។ ប៉ុន្តែ​ការប្រមែប្រមូល​នូវ​កិច្ច​ខិតខំ​តិចតួច សាមញ្ញ​ទាំង​នេះ ដោយ​ធ្វើ​វា​ដដែលៗ​យ៉ាង​ខ្ជាប់ខ្ជួន វា​អាច​ក្លាយ​ជា​អនុភាព និង​​ខ្លាំងក្លា​ជាង​គ្រា​ដ៏​ធំ ឬ​មេរៀន​ដ៏​សំខាន់​យូរៗ​ម្តង​ទៅ​ទៀត ។ … ដូច្នេះ​សូម​កុំ​ចុះចាញ់​ឡើយ ហើយ​សូម​កុំ​បារម្ភ​អំពី​ការសម្រេច​បាន​នូវ​អ្វី​ដែល​ធំធេង​គ្រប់​ពេល​វេលា​នោះ ។ គ្រាន់តែ​អ្នក​ខិតខំធ្វើ​កិច្ចការ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ » ។១៣

តួនាទី​ដ៏​ពិសិដ្ឋ​បំផុត​មួយ​របស់​យើង គឺ​ជួយ​ដល់​កូនៗ​ជាពិសេស​ឲ្យ​មកស្គាល់​ស៊ីជម្រៅ ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​មាន​ព្រះជន្ម​រស់ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ជា​អង្គ​ដែល​គង់​ជា​ព្រះ​សិរសា​នៃ​សាសនាចក្រ​ទ្រង់ ! យើង​មិន​អាច​អនុញ្ញាត​ឲ្យ​សំឡេង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ត្រូវ​បំបិទ​មិន​ឲ្យ​ឮ ឬ​ស្ងាត់​នោះ​ទេ នៅពេល​និយាយ​ដល់​ទ្រង់ ។

បងប្អូន​អាច​មាន​អារម្មណ៍​ថា​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​តួនាទី​នេះ ប៉ុន្តែ​បងប្អូន​មិន​គួរ​មាន​អារម្មណ៍​ថា​នៅ​ម្នាក់​ឯង​នោះ​ទេ ។ ឧទាហរណ៍ ក្រុមប្រឹក្សា​វួដ​ត្រូវបាន​ផ្ដល់​សិទ្ធិអំណាច​ឲ្យ​រៀបចំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​ឪពុក​ម្ដាយ ។ នៅក្នុង​ការប្រជុំ​ប្រចាំ​ត្រីមាស​ទាំងនេះ ឪពុក​ម្ដាយ​ជួបជុំ​គ្នា​ដើម្បី​រៀន​បទពិសោធន៍​ពី​គ្នា​ ពិភាក្សា​ពី​របៀប​ដែល​ពួកគាត់​កំពុង​ពង្រឹង​ក្រុមគ្រួសារ ហើយ​រៀន​ពី​គោលការណ៍​គន្លឹះៗ​នៃ​ការបង្រៀន​ដូច​ជា​ព្រះគ្រីស្ទ ។ ការប្រជុំ​នេះ​គួរតែ​ធ្វើ​ឡើង​នៅ​ម៉ោង​ទីពីរ​នៅ​ព្រះវិហារ ។១៤ ការប្រជុំ​នេះ​ដឹកនាំ​ដោយ​សមាជិក​វួដ​ដែល​បាន​ជ្រើសរើស​ដោយ​ប៊ីស្សព ហើយ​ធ្វើតាម​ទម្រង់​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ជា​ទៀងទាត់ ដោយ​ប្រើប្រាស់​សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះជា​ធនធាន​ចម្បង ។១៥ ប៊ីស្សព បើ​វួដ​របស់​បងប្អូន​ពុំ​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​ឪពុក​ម្ដាយ​ទេ សូម​ធ្វើការ​ជាមួយ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ និង​ក្រុមប្រឹក្សា​វួដ​របស់​បងប្អូន ដើម្បី​រៀបចំ​វា​ឡើង​ដោយ​ខ្លួនឯង ។១៦

មិត្ត​ក្នុង​ព្រះគ្រីស្ទ​ជា​ទី​ស្រឡាញ់ បងប្អូន​កំពុង​ធ្វើ​បាន​ល្អ​ជាង​ដែល​បងប្អូន​គិត​ទៅ​ទៀត ។ សូម​បន្ត​ធ្វើ​វា​ទៀត ។ កូនៗ​របស់​បងប្អូន​កំពុង​មើល ស្ដាប់ និង​រៀន ។ កាលដែល​បងប្អូន​បង្រៀន​ពួកគេ នោះ​បងប្អូន​នឹង​បាន​ស្គាល់​និស្ស័យ​ដ៏​ពិត​របស់​ពួកគេ ថាជា​បុត្រា​បុត្រី​ស្ងួនភ្ញា​របស់​ព្រះ ។ ពួកគេ​អាច​នឹង​ភ្លេច​ព្រះអង្គ​សង្គ្រោះ​មួយ​រយៈ ប៉ុន្តែ​ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា ទ្រង់​នឹង​មិន​ដែល​ភ្លេច​ពួកគេ​ឡើយ ! គ្រា​ទាំងឡាយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ នឹង​បន្ត​មាន​នៅក្នុង​ដួងចិត្ត និង​គំនិត​របស់​ពួកគេ ។ ហើយ​នៅថ្ងៃ​មួយ​កូនៗ​បងប្អូន​នឹង​បន្លឺ​ទីបន្ទាល់​របស់​អេណុស​ថា ៖ « ខ្ញុំ​ដឹង​ថា ឪពុក​ម្ដាយ​ខ្ញុំ​ជា​មនុស្ស​សុចរិត—ព្រោះ​ពួកលោក​បាន​បង្រៀន​ខ្ញុំ​តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​ព្រះអម្ចាស់—ហើយ​សូម​ឲ្យ​ព្រះនាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះពរ​ចំពោះ​រឿង​នេះ​ចុះ » ។១៧

ចូរ​យើង​ទទួលយក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​នាំ​កូនៗ​យើង​មកកាន់​ទ្រង់ ។ កាលដែល​យើង​ធ្វើ​ដូច្នោះ ពួកគេ​នឹង​មើលឃើញ​ទ្រង់ ។ ពួកគេ​នឹង​ទទួល​អារម្មណ៍​ពី​ទ្រង់ ។ ពួកគេ​នឹង​ស្គាល់​ទ្រង់ ។ ទ្រង់​នឹង​បង្រៀន​ពួកគេ ។ ទ្រង់​នឹង​ប្រទានពរ​ពួកគេ ។ ហើយ​ទ្រង់​ស្រឡាញ់​ពួកគេ​ខ្លាំង​ណាស់ ។ ហើយ​ខ្ញុំ​ពិត​ជាស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់ ។ នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. នីហ្វៃ​ទី​៣ ១៧:១១ ។

  2. នីហ្វៃទី​៣ ១៧:២៣-២៤ សូមមើល​ផងដែរ នីហ្វៃទី ៣ ១៧:១១-22 ។

  3. សូមមើល នីហ្វៃ​ទី​៤ ១:១–២២ ។

  4. សូមមើល លូកា ៦:៤៧–៤៩ហេលេមិន ៥:១២ ។

  5. លូកា ៦:៤៨ ។

  6. ហេលេមិន ៥:១២ ។

  7. សូមមើល ម៉ូសាយ ២:៥ ។

  8. ម៉ូសាយ ៥:២, ៥ ។ សូម​កត់ចំណាំ​ថា « គ្មាន​មនុស្ស​ណាមួយ​សោះ​ក្រៅ​ពី​ពួក​កូន​ក្មេង គឺ​មនុស្ស​គ្រប់​រូប​បាន​ធ្វើ​សេចក្ដី​សញ្ញា ហើយ​បាន​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៦:២ ) ។

  9. ម៉ូសាយ ២៦:១–២, ៤ ។

  10. នីហ្វៃ​ទី​២ ២៥:២៦ ។

  11. « មាន​អ្វីៗ​ជា​ច្រើន​ដើម្បី​បង្រៀន​នៅក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—គោលការណ៍ បទបញ្ញត្តិ ការព្យាករណ៍ និង​រឿង​នានា​មក​ពី​ព្រះគម្ពីរ ។ ប៉ុន្តែ​អ្វីៗ​ទាំង​នេះ​គឺ​ជា​មែក​ទាំងឡាយ​នៃដើម​តែ​មួយ ដ្បិតវាមាន​គោលបំណង​តែ​មួយ ៖ ដើម្បី​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ ( សូមមើល យ៉ារ៉ុម ១:១១; មរ៉ូណៃ ១០:៣២ ) ។ ដូច្នេះ​មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ សូម​ចាំ​ថា​អ្នក​កំពុង​តែ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់យ៉ាង​ពិតប្រាកដ​ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ  ) ។

  12. រ័សុល អិម ណិលសុន « ស្តាប់​ទ្រង់ » Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៩ ។

  13. ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ៣១ ។

  14. ការរៀបចំ​ជា​ពិសេស​អាច​ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​ឪពុក​ម្ដាយ​ដែល​បង្រៀន​ក្នុង​អង្គការ​បឋមសិក្សា ដូចជា​ការប្រជុំ​នៅ​អំឡុង​ម៉ោង​ច្រៀង​ចម្រៀង​របស់​អង្គការ​បឋម​សិក្សា​រយៈ​ពេល ២០ នាទី ឬ​ក្នុង​ការប្រជុំ​ដោយឡែក​មួយ​នៅ​ពេល​មួយ​ផ្សេង​ទៀត ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១៧.៤ បណ្ណាល័យ​ដំណឹងល្អ ) ។

  15. សមាជិក និង​ថ្នាក់ដឹកនាំ អាច​បញ្ជាទិញ​សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​សេវា​ចែកចាយ ។ វា​ក៏​មាន​ជា​ឌីជីថល​ផងដែរ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  16. សូមមើល ក្បួនខ្នាត​ទូទៅ, ១៣.៥ ។

  17. អេណុស ១:១ ។ សូម​ចងចាំ​ថា ក្នុង​ចំណោម​ជំនាន់​ដែល​កំពុង​ពេញវ័យ​នៃ​ពួកអ្នក​មិន​ជឿ​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​អាលម៉ា​ជា​កូន និង​ពួកបុត្រា​នៃ​ម៉ូសាយ ។ នៅទី​បំផុត ពេល​ដែល​អាលម៉ា​ជា​កូន​បាន​ទទួល​ស្គាល់​ថា​លោក​ត្រូវតែ​ផ្លាស់ប្ដូរ​ជីវិត​របស់​លោក លោក​បាន​ចងចាំ​ពី​អ្វី​ដែល​ឪពុក​របស់​លោក​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ—ជា​ការបង្រៀន​ទាំងឡាយ​ដែល​អាលម៉ា​មិន​បាន​ខ្វល់ខ្វាយ​កាលពី​មុន ។ ប៉ុន្តែ​ការបង្រៀន​នោះ​ស្ថិត​ក្នុង​ការចងចាំ ហើយ​ការចងចាំ​នោះ​បាន​សង្គ្រោះ​អាលម៉ា​ខាង​វិញ្ញាណ ( សូមមើល អាលម៉ា ៣៦:១៧–២០ ) ។