សន្និសីទទូទៅ
ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ ការ​បើក​ទ្វារ​នៃ​ស្ថាន​សួគ៌
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ ការ​បើក​ទ្វារ​នៃ​ស្ថាន​សួគ៌

ទ្វារ​នៃ​ស្ថានសួគ៌​បើក​តាម​របៀប​ជាច្រើន ។ សូម​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់ ពរជ័យ​ជា​ច្រើន​តែង​មក​ដល់ ។

កាល​ខ្ញុំ​នៅ​អាមេរិក​ខាងត្បូង​ថ្មីៗ​នេះ បងប្រុស រ៉ូជើ ប៉ារ៉ា មកពី​ប្រទេស វ៉េណេស៊ុយអេឡា បាន​ចែក​បទពិសោធន៍​នឹង​ខ្ញុំ​ដូច​ខាងក្រោម ៖

« នៅ​ឆ្នាំ ២០១៩ វ៉េណេស៊ុយអេឡា មាន​បញ្ហា​ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​អស់​រយៈពេល ៥ ថ្ងៃ ។

« ការច្របូកច្របល់ និង​ភាពអនាធិបតេយ្យ​បាន​បង្ក​ពេញ​ផ្លូវ ហើយ​មនុស្ស​អស់​សង្ឃឹម​ជា​ច្រើន​អត់​អាហារ​ទទួល​ទាន​គ្រប់គ្រាន់​ទេ ។

« អ្នក​ខ្លះ​បាន​ចាប់ផ្តើម​លួច​ពីហាងអាហារ ដោយ​បំផ្លាញ​អ្វីៗ​ដែល​ទើស​មុខ​ពួកគេ ។

« ក្នុង​នាម​ជា​ម្ចាស់​ហាង​លក់​នំ​តូច​មួយ ខ្ញុំ​ព្រួយបារម្ភ​អំពី​អាជីវកម្ម​យើង​ណាស់ ។ យើង​បាន​សម្រេច​ចិត្ត​ជា​គ្រួសារ​ថា​នឹង​ចែក​អាហារ​ទាំង​អស់ក្នុង​ហាង​នំ​យើង​ដល់​អ្នក​ខ្វះខាត ។

« នៅ​យប់​ដ៏​ងងឹត​មួយ​មាន​អំពើ​កុបកម្ម​កើត​ឡើង​គ្រប់​ទីកន្លែង ។ ការព្រួយ​បារម្ភ​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ​សុវត្ថិភាព​ភរិយា និង​កូន​ជា​ទី​ស្រឡាញ់​ ។

« ពេល​ព្រឹកឡើង​ខ្ញុំ​បាន​ទៅ​ហាង​នំ​របស់​យើង ។ គួរ​ឲ្យ​សោកស្ដាយ អាជីវកម្ម​អាហារ​ទាំងអស់​ដែល​នៅ​ជិតនោះ ត្រូវ​បាន​បំផ្លាញ​ដោយ​ពួកចោរ ប៉ុន្តែ​ខ្ញុំ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដែល​ហាង​នំ​របស់​យើង​មិន​មាន​ខូចខាត​អ្វី ។ គ្មាន​អ្វី​ត្រូវបាន​បំផ្លាញ​ឡើយ ។ ខ្ញុំ​បាន​ថ្លែង​អំណរគុណ​យ៉ាង​រាបទាប​ដល់​ព្រះវរបិតាសួគ៌ ។

« ពេល​មក​ដល់​ផ្ទះ ខ្ញុំ​បាន​ប្រាប់​គ្រួសារ​អំពី​ពរជ័យ និង​ការការពារ​របស់​ព្រះ ។

« ពួកគេ​ទាំងអស់​គ្នា​មាន​អំណរគុណ​ខ្លាំង​ណាស់ ។

« កូនប្រុស​ច្បង​ខ្ញុំ រ៉ូហ្គីលីអូ ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​បាន​និយាយ​ថា ‹ ប៉ាប៉ា ! កូន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ហាង​យើង​ត្រូវ​បាន​ការពារ ។ ប៉ា និង​ម៉ាក់​តែងតែ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ › » ។

បងប្រុស ប៉ារ៉ា បាន​បញ្ចប់​ថា ៖ « ប្រសាសន៍​របស់​ម៉ាឡាគី បាន​ផុសឡើង​ក្នុង​គំនិត​ខ្ញុំ ។ ‹ យើង​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​ឯង​ឡើយ › ។ [ម៉ាឡាគី ៣:១១] ។ យើង​បាន​លុត​ជង្គង់​ចុះ ហើយ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​អព្ភូតហេតុ​របស់​ទ្រង់ » ។

រូបភាព
គ្រួសារ​ប៉ារ៉ា<nb/>។

ហើយ​ល្បងល​យើង​ឥឡូវ

អ្វីៗ​ដែល​យើង​មាន និង​អ្វីៗ​ដែល​យើង​បាន​គឺ​មកពី​ព្រះ ។ ក្នុង​នាម​ជា​សិស្ស​ព្រះគ្រីស្ទ យើង​ស្ម័គ្រចិត្ត​ចែករំលែក​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​យើង ។

ជាមួយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង ទ្រង់​បាន​បង្គាប់​យើង​ឲ្យ​ថ្វាយ​ត្រឡប់​ទៅ​ទ្រង់ និង​នគរ​ទ្រង់​នៅ​លើ​ផែនដី នូវ ១០ ភាគរយ​នៃ​ប្រាក់ចំណេញ​របស់​យើង ។ ទ្រង់​បាន​សន្យា​នឹង​យើង​ថា នៅពេល​យើង​ស្មោះត្រង់​ក្នុង​ការថ្វាយ​ដង្វាយ​របស់​យើង នោះ​ទ្រង់​នឹង « បើក​…​ទ្វារ​ស្ថានសួគ៌​ដើម្បី​ចាក់​…​ព្រះពរ​មក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។ ទ្រង់​បាន​សន្យា​នឹង​យើង​ថា ទ្រង់​នឹង​ការពារ​យើង​ពី​អំពើ​អាក្រក់ ។ ការសន្យា​ទាំងនេះ​គឺ​មាន​ច្បាស់​ណាស់ព្រះអម្ចាស់​បាន​ប្រកាស​ថា « ល្បង​ល​យើង​ឥឡូវ »ឃ្លា​មួយ​ដែល​ពុំ​មាន​នៅ កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​ព្រះគម្ពីរ​ឡើយ ។

ទ្វារ​នៃ​ស្ថានសួគ៌​បើកឡើង​តាម​របៀប​ជាច្រើន ។ ខ្លះ​ជា​ខាង​សាច់ឈាម ប៉ុន្តែ​ភាគច្រើន​ជា​ខាង​វិញ្ញាណ ។ ខ្លះ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ងាយ​មើល​រំលង ។ សូម​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់ ពរជ័យ​ជា​ច្រើន​តែង​មក​ដល់ ។

យើង​មាន​ទុក្ខ​ជាមួយ​នឹង​អ្នក​ដែល​ពុះពារ​ដើម្បី​បំពេញ​តម្រូវការ​ជីវិត ។ ថ្មីៗ​នេះ សាសនាចក្រ​បានបរិច្ចាគ​ប្រាក់​ចំនួន ៥៤ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​កុមារ និង​ម្តាយ​ដែល​ងាយ​រងគ្រោះ​នៅ​ទូទាំង​ពិភពលោក ។ ដោយ​មាន​ដង្វាយ​មកពី​ការតម​អាហារ​ប្រចាំខែ​របស់​បងប្អូន នោះ​ប៊ីស្សព​ដ៏​ល្អ​របស់យើង​បាន​ជួយ​មនុស្ស​រាប់​ពាន់​នាក់​រៀង​រាល់​សប្តាហ៍ ដែល​ត្រូវការ​អាហារ​បណ្តោះ​អាសន្ន​នៅលើ​តុ សម្លៀក​បំពាក់​គ្រប​បាំង និង​ទីជម្រក​នៅ​លើ​ក្បាល​របស់​ពួកគេ ។ ដំណោះស្រាយ​អចិន្ត្រៃយ៍​តែ​មួយ​គត់​ចំពោះ​ភាពក្រីក្រ​នៃ​ពិភពលោក​នេះ​គឺ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

បញ្ហា​នៃ​សេចក្ដីជំនឿ

សាវក​ប៉ុល​បាន​ព្រមាន​ថា ប្រាជ្ញា​របស់​មនុស្ស​យល់​កិច្ចការ​របស់​មនុស្ស ប៉ុន្តែ​ពិបាក​យល់​កិច្ចការ​របស់​ព្រះ ។ ពិភពលោក​និយាយ​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សំដៅ​ទៅលើ​ប្រាក់​របស់​យើង ប៉ុន្តែ​ក្រឹត្យវិន័យ​ដ៏​ពិសិដ្ឋ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​បញ្ហា​ចម្បង​នៃ​ជំនឿ​របស់​យើង ។ ការស្មោះត្រង់​ក្នុង​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់យើង គឺជា​របៀប​មួយ​ដែល​យើង​បង្ហាញ​ឆន្ទៈ​យើង​ដាក់​ព្រះអម្ចាស់​ទី​មួយ​ក្នុង​ជីវិត លើស​ពី​ការខ្វល់ខ្វាយ និង​ចំណាប់​អារម្មណ៍​របស់​យើង​ផ្ទាល់ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នៅពេល​បងប្អូន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ នោះ​ពរជ័យ​នៃ​ស្ថានសួគ៌​នឹង​កើត​មាន​តាម​ក្រោយ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ឲ្យ « ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ » ។ព្រះអង្គសង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្គាប់​ឲ្យ​សាសន៍​នីហ្វៃ​សរសេរ​​កំណត់ត្រា​របស់​ពួកគេ​នូវ​ការសន្យា​របស់​ទ្រង់​ដែល​មាន​នៅក្នុង​ម៉ាឡាគី ។១០ នៅ​សម័យ​របស់​យើង ព្រះអម្ចាស់​បាន​បញ្ជាក់​ពី​ក្រឹត្យវិន័យ​ដ៏​ទេវភាព​នៃ​ដង្វាយ​មួយភាគក្នុង​ដប់ ដោយ​ប្រកាស​ថា ៖ « នេះ​នឹង​ទៅ​ជា​ការចាប់ផ្ដើម​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​រាស្ត្រ​របស់​យើង ។ ហើយ [ ពួកគេ ] ដែល​ថ្វាយ​ដង្វាយ​១​ភាគ​១០ ត្រូវ​ថ្វាយ​១​ភាគ​១០​នូវ​ធនធាន​ក្នុង​មួយ​ឆ្នាំ​ដែល​គេ​បាន ហើយ​នេះ​នឹង​ត្រូវ​ទៅ​ជា​ក្រឹត្យ​វិន័យ​ដែល​នៅ​អចិន្ត្រៃយ៍​ចំពោះ​ពួក​គេ​ជា​រៀង​ដរាប​ត​ទៅ » ។១១

ព្រះអម្ចាស់​បាន​ដឹកនាំ​យ៉ាង​ច្បាស់​ថា​គួរ​ចំណាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​របៀប​ណា ដោយ​មាន​ព្រះបន្ទូល​ថា « ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង »១២មានន័យ​ថា​នាំយក​ដង្វាយ​មួយភាគ​ក្នុង​ដប់​មក​ក្នុង​នគរ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ ដែល​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។១៣ ទ្រង់​បានណែនាំ​ថា ការប្រើប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ពិសិដ្ឋ​ទាំងនេះ​នឹង​ត្រូវ​បាន​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ដោយ​ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ គណៈប៊ីស្សព​ជា​អធិបតី « ហើយ​ដោយ​សំឡេង​យើង​ផ្ទាល់​ដល់​ពួក​គេ ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ » ។១៤

មូលនិធិ​ពិសិដ្ឋ​របស់​ព្រះអម្ចាស់

មូលនិធិ​ពិសិដ្ឋ​ទាំង​នេះ​ពុំន​ជា​កម្មសិទ្ធិ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទេ ។ វា​គឺជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ។ ពួក​អ្នក​បម្រើ​ទ្រង់​ដឹង​យ៉ាង​ច្បាស់​ពី​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​រៀបរាប់​ពី​បទពិសោធន៍​កុមារភាពថា ៖ « កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​លើក​សំណួរ​មួយ​សួរ​ឪពុក​ខ្ញុំ … ទាក់ទង​នឹង​ការ​ចំណាយ​ថវិកា​សាសនាចក្រ ។ គាត់​បាន​រំឭក​ខ្ញុំ​ថា​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​របស់​ខ្ញុំ​គឺជា​កាតព្វកិច្ច​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ [ ឪពុក​ខ្ញុំ​បាន​មាន​ប្រសាសន៍​ថា ] អ្វី​ដែល​ខ្ញុំ​ថ្វាយ​នោះ​ពុំ​មែន​ជា​របស់​ខ្ញុំ​ទៀត​ទេ ។ វា​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ដែល​ខ្ញុំ​ថ្វាយ​ដង្វាយ​នោះ​ទៅ » ។ ឪពុក​លោក​បាន​បន្ថែម ៖ « អ្វី​ដែល​ពួក​អ្នក​មាន​សិទ្ធិអំណាច​នៃ​សាសនាចក្រ​ធ្វើ​ជាមួយ​ដង្វាយ​នោះ [ ហ្គរដុន កូន ] មិន​បាច់​ខ្វល់​នោះ​ទេ ។ ពួកគេ​អាច​ឆ្លើយតប​ចំពោះ​ព្រះអម្ចាស់ ដែល​នឹង​តម្រូវ​ការទទួលខុសត្រូវ​នៅក្នុង​ដៃ​របស់​ពួកគេ » ។១៥

យើង​យល់​ពី​ជម្រៅ​នៃ​ទម្ងន់​នៃ​ការ « ឆ្លើយ​តប​ចំពោះ​ព្រះអម្ចាស់ » ។

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ដ៏​សប្បុរស​របស់​បងប្អូន

ចេញពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ដ៏​សប្បុរស ដែល​បងប្អូន​បានថ្វាយ​ដល់​ព្រះអម្ចាស់ ឆ្នាំមុន​មាន​ទឹកប្រាក់​ជាង​មួយ​ប៊ីលាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដែល​ខ្វះខាត ។១៦

នៅក្នុង​ការទទួល​ខុសត្រូវ​ដ៏​សំខាន់​របស់យើង​ក្នុងការ​យក​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ទៅ​ទូទាំង​ពិភពលោក យើង​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ច្រើន​ជាង ៧១,០០០ នាក់ ដែល​កំពុង​បម្រើ​ក្នុង​បេសកកម្ម​ចំនួន ៤១៤ ។១៧ ដោយសារ​ដង្វាយ​មួយ​ភាគ​ក្នុងដប់ និង​ដង្វាយ​ផ្សេងៗ​របស់​បងប្អូន មិន​ថា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​យ៉ាង​ណា​ទេ ក៏​នៅ​តែ​អាច​បម្រើ​បាន ។

ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​កំពុង​សាងសង់​ឡើង​ពាសពេញ​ពិភពលោក​ក្នុង​ចំនួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ បច្ចុប្បន្ននេះ ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៧៧ កំពុង​ដំណើរការ ៥៩ កំពុងសាងសង់ ឬ​ជួសជុល និង ៧៩ ទៀត​កំពុង​ដាក់​ផែនការ និង​ការរចនា ។១៨ ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​បងប្អូន​កំពុង​អនុញ្ញាត​ឲ្យ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​ស្ថិត​នៅកន្លែង​ដែលមាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​អាចទត​មើលឃើញ ។

មាន​ក្រុម​ជំនុំ​ជាង ៣០,០០០ កន្លែង​ដែលស្ថិត​នៅក្នុង​សាលាប្រជុំ និង​អគារ​ផ្សេងទៀត​នៅ ១៩៥ ប្រទេស និងដែនដី ។១៩ ដោយសារ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដ៏​ស្មោះត្រង់​របស់​បងប្អូន សាសនាចក្រ​កំពុង​បង្កើត​ឡើង​នៅ​កន្លែង​ឆ្ងាយៗ ដែល​បងប្អូន​មិនធ្លាប់​ទៅដល់​ក្នុង​ចំណោម​ពួកបរិសុទ្ធ​សុចរិត​ដែល​បងប្អូន​មិន​ធ្លាប់ស្គាល់ ។

បច្ចុប្បន្ន សាសនាចក្រ​ឧបត្ថម្ភ​ដល់​ស្ថាប័ន​ថ្នាក់​ឧត្តមសិក្សា​ចំនួន​ប្រាំ ។២០ ស្ថាប័ន​ទាំងនេះ​មាននិស្សិត​ជាង ១៤៥,០០០ នាក់ ។ ថ្នាក់រៀន​ចំនួន​មួយសែន​មួយម៉ឺន​ត្រូវបាន​បង្រៀន​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង​ថ្នាក់សិក្ខាសាលា និង​វិទ្យាស្ថាន​របស់យើង ។២១

ពរជ័យ​ទាំងនេះ និង​អ្វីៗ​ជាច្រើន​ទៀត​កើតឡើង​ក្នុង​ទំហំធំ​ដូច្នេះ គឺ​មកពី​កុមារ និង​មនុស្ស​ចាស់​មកពី​គ្រប់​ស្ថានភាព​សេដ្ឋកិច្ច ដែល​បាន​បង់​ដង្វាយ​មួយភាគ​ក្នុងដប់​ដោយស្មោះ​ត្រង់ ។

ព្រះចេស្ដា​ខាងវិញ្ញាណ​នៃ​ក្រឹត្យវិន័យ​ដ៏​ទេវភាព​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​មិនត្រូវ​បាន​វាស់វែង​ដោយ​ចំនួន​ប្រាក់​ដែលបាន​បរិច្ចាគ​ទេ ដ្បិត​ទាំង​អ្នកចម្រុង​ចម្រើន និង​អ្នកក្រ​ត្រូវបាន​បង្គាប់​ដោយ​ព្រះអម្ចាស់​ឲ្យ​បរិច្ចាគ ១០ ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ ។២២ អំណាច​កើតចេញ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​របស់​យើង ។២៣

ភាព​កាន់តែ​បរិបូរ​របស់​ព្រះអម្ចាស់​ដែល​បញ្ជូន​តាមរយៈ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដ៏សប្បុរស​របស់​បងប្អូន​បាន​ពង្រឹង​ដល់​ការបម្រុងទុក​នៃ​សាសនាចក្រ ដោយ​ផ្តល់​ឱកាស​ដើម្បី​ជំរុញ​កិច្ចការ​របស់​ព្រះអម្ចាស់​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់ជួប ។ ព្រះអម្ចាស់​ជ្រាបដឹង​អ្វីៗ​គ្រប់យ៉ាង ហើយនៅពេល​មកដល់ នោះ​យើង​នឹង​ឃើញ​គោលបំណង​ដ៏ពិសិដ្ឋ​របស់ទ្រង់​ត្រូវបាន​សម្រេច ។២៤

ពរជ័យ​កើតមាន​មក​តាម​របៀប​ជាច្រើន

ពរជ័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​កើតឡើង​តាម​របៀប​ជា​ច្រើន ។ ក្នុងឆ្នាំ ១៩៩៨ ខ្ញុំបានអម​ដំណើរ​អែលឌើរ ហិនរី ប៊ី អាវរិង ទៅកាន់​ការប្រជុំ​សាសនាចក្រ​ដ៏ធំ​មួយ​នៅក្នុង​តំបន់​យូថាហ៍ ដែល​ឥឡូវ​គេស្គាល់​ថា​ជា ស៊ីលីកុន​ស្លូប ដែលជា​សហគមន៍​នៃការច្នៃ​ប្រឌិត​ដ៏អស្ចារ្យ​ខាង​បច្ចេកវិទ្យា ។ វា​ជា​ពេល​វេលា​នៃ​ភាព​ចម្រុងចម្រើន ហើយ​អែលឌើរ អាវរិង បាន​ដាស់តឿន​ពួកបរិសុទ្ធ​អំពី​ការ​ប្រៀបធៀប​អ្វី​ដែល​ពួកគេ​មាន​ជាមួយ​នឹង​អ្នក​ដទៃ និង​ការចង់​បាន​បន្ថែម​ទៀត ។ ខ្ញុំនឹង​ចងចាំ​ជានិច្ច​នូវការសន្យា​របស់​លោក​ថា នៅពេល​ពួកគេ​បាន​បង់មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ នោះ​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​មាន​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើននឹង​ថយចុះ ។ ក្នុង​រយៈពេល​ពីរឆ្នាំ សន្ទុះ​បច្ចេកវិទ្យា​បាន​រីកចម្រើន​ឡើង ។ មនុស្ស​ជាច្រើន​បាន​បាត់បង់​ការងារ ហើយ​ក្រុមហ៊ុន​បាន​ជួប​ការលំបាក​ក្នុង​អំឡុងពេល​នៃ​ការកែ​តម្រូវ​ហិរញ្ញវត្ថុ​នេះ ។ អ្នក​ដែល​បាន​ធ្វើ​តាម​ដំបូន្មាន​របស់​អែលឌើរ អាវរិង ត្រូវ​បាន​ប្រទាន​ពរ ។

ការសន្យា​របស់លោក​បាន​រំឭក​ខ្ញុំ​អំពី​បទពិសោធន៍​មួយ​ទៀត ។ ខ្ញុំ​បាន​ជួប ឆាឡូតេ លីមមី ដែល​មាន​អាយុ ១២ ឆ្នាំ​នៅជិត ខាខាសូនី ប្រទេស​បារាំង ក្នុងឆ្នាំ ១៩៩០ ពេល​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ លីមមី គឺជា​គ្រួសារ​ដ៏​ស្មោះត្រង់​រស់នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​កូន​ប្រាំបី​នាក់ ។ ពួកគេ​មាន​រូបភាព​ព្រះអង្គ​សង្គ្រោះ និង​ព្យាការី​នៅលើ​ជញ្ជាំង ។ នៅក្នុង​ការសម្ភាស​ដើម្បី​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​គាត់ ខ្ញុំ​បាន​សួរ ឆាឡូតេ ថា​តើ​គាត់​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់​ឬ​អត់ ។ គាត់​បាន​ឆ្លើយ​ថា « ចាស ប្រធាន អាន់ឌើរសិន ។ ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា យើង​នឹង​ទទួល​បាន​ពរជ័យ​ខាង​សាច់ឈាម និង​ពរជ័យ​ខាង​វិញ្ញាណ មកពី​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង ។ ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា បើ​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង​ជានិច្ច នោះ​យើង​នឹង​មិន​ចង់​បាន​អ្វី​ទៀត​ឡើយ ។ ហើយ​ប្រធាន អាន់ឌើរសិន យើង​មិន​ចង់​បាន​អ្វី​ទាំងអស់ » ។

រូបភាព
គ្រួសារ​ហាលីមី<nb/>។

ខ្ញុំ​បាន​ការ​អនុញ្ញាត​ឲ្យ​ចែកចាយ​រឿង​របស់​គាត់ ឥឡូវ​នេះ​ឆាឡូតេ មាន​អាយុ ៤៥ ឆ្នាំ ហើយ​បានផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គាត់​បាន​ថ្លែង​ថា ៖ « ទីបន្ទាល់​របស់​ខ្ញុំ​ពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ពិតប្រាកដ​ណាស់​នៅគ្រា​នោះ ហើយ​វា​កាន់តែ​រឹងមាំ​នៅពេល​នេះ ។ … ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង​សម្រាប់​បទញ្ញត្តិ​នេះ ។ នៅពេល​ដែល​ខ្ញុំ​រស់នៅ​តាម​បទញ្ញត្តិ​នេះ​ខ្ញុំ​បន្ត​ទទួល​បាន​ពរជ័យ​យ៉ាង​សន្ធឹក​សន្ធាប់ » ។២៥

មាន​ថ្ងៃ​មួយ យើង​ម្នាក់ៗ​នឹង​បញ្ចប់​ការធ្វើ​ដំណើរ​លើ​ផែនដី​របស់​យើង ។ កាលពី​ម្ភៃ​ប្រាំ​ឆ្នាំ​មុន នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ម្តាយ​ក្មេក​របស់​ខ្ញុំ ម៉ាថា វិលលាមស៍ បាន​ទទួល​មរណភាព​ដោយ​ជំងឺ​មហារីក គាត់​បាន​ទទួល​មូលប្បទានបត្រ​តូច​មួយ​នៅក្នុង​សំបុត្រ ។ ភ្លាមៗ​នោះ​គាត់​បាន​សុំ​ឲ្យ ខាធី យក​សៀវភៅ​មូលប្បទានបត្រ​គាត់​មក​ដើម្បី​គាត់​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​គាត់ ។ ដោយសារ​ម្តាយ​គាត់​ខ្សោយ​ខ្លាំង​ដែល​គាត់​មិន​អាច​សរសេរ​បាន ដូច្នេះ ខាធី បាន​សុំ​ជួយ​សេរសេរ​មូលប្បទានបត្រ​ឲ្យ​គាត់ ។ ម្តាយ​គាត់​បាន​ឆ្លើយ​ថា « អត់ទេ ខាធី ។ ម៉ាក់​ចង់​ធ្វើ​ខ្លួន​ឯង » ។ បន្ទាប់មក គាត់​បាន​បន្ថែម​យ៉ាង​ស្ងាត់ៗ​ថា « ម៉ាក់​ចង់​ធ្វើ​ត្រឹមត្រូវ​ចំពោះ​ព្រះអម្ចាស់ » ។ រឿង​ចុងក្រោយ​មួយ​ដែល ខាធី បាន​ធ្វើ​សម្រាប់​ម្តាយ​គាត់ គឺ​ត្រូវ​យក​សំបុត្រ​ដង្វាយ​មួយភាគ​ក្នុង​ដប់​នោះ​ទៅ​ឲ្យ​ប៊ីស្សព​គាត់ ។

កិច្ចការ​សំខាន់​របស់​ព្រះ

បងប្អូន​ប្រុស​ស្រី សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ « ចេញពី​ទី​អាប់អួ »២៦នាំមក​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ទៅ​កាន់​ទូទាំង​ផែនដី ។ យើង​នឹង​មាន​អ្នក​ដែល​លើក​ទឹកចិត្ត​យើង​ឲ្យ​ទៅ​មុខ និង​អ្នក​ដែល​មិន​លើក​ទឹកចិត្ត​យើង ។ ខ្ញុំ​បាន​គិត​ពី​ពាក្យ​សម្តី​ដ៏​ឈ្លាសវៃ​របស់ កាម៉ាលាស ដែល​ជា​អ្នក​បាន​ឃើញ​អព្ភូតហេតុ​របស់​សាវក​ពេត្រុស និង​យ៉ូហាន បាន​ព្រមាន​ដល់​ក្រុមប្រឹក្សា​នៅ​យេរូសាឡិម ៖

« ចូរ​ដក​ខ្លួន​ពី [ បុរស​ទាំងនេះ ] … ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន ៖

តែបើ​កើតមកពី​ព្រះ​វិញនោះ អ្នករាល់គ្នា​ពុំអាច​នឹងធ្វើឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នករាល់គ្នា​ជាប់ទោស​ជា​ពួក​អ្នក​តយុទ្ធនឹង​ព្រះ​ដែរ ។២៧

បងប្អូន និង​ខ្ញុំ​គឺជា​ផ្នែក​សំខាន់​នៃ​កិច្ចការ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ យើង​នឹង​មិន​វិនាស​ទេ ប៉ុន្តែ​នឹង​បន្ត​ឆ្លង​កាត់​ពិភពលោក​នេះ ដោយ​រៀបចំ​ផ្លូវ​សម្រាប់​ការ​យាង​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ចំពោះ​ប្រសាសន៍​របស់​ប្រធាន រ័សុល អិម ណិលសុន ៖ « នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ការបើក​សម្តែង ដ៏​មហិមាអំពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​លោកិយ​នេះ មិនធ្លាប់ បាន​ឃើញ​ពីមុន​មក ។ នៅ​ចន្លោះ​ពេល​ឥឡូវ​នេះ និង​ពេល​ដែល​ទ្រង់​យាង​មក … នោះ​ទ្រង់​នឹង​ប្រទាន​ឯកសិទ្ធិ ពរជ័យ និង​អព្ភូតហេតុ​រាប់​មិន​អស់​មក​លើ​មនុស្ស​ស្មោះត្រង់ » ។២៨

នេះ​គឺជា​សាក្សី​របស់​ខ្ញុំ ។ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ នេះ​គឺជា​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​នឹង​យាង​មក​ម្តង​ទៀត ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ការឆ្លើយឆ្លង​ដោយ​ផ្ទាល់​ពី រ៉ូជើ ប៉ារ៉ា ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៣ ។

  2. ម៉ាឡាគី ៣:១០ ។

  3. សូមមើល ម៉ាឡាគី ៣:១១ ។ « ឧទាហរណ៍ នៅក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ការសន្យា​របស់​ព្រះ​បាន​បំពេញ​ថា ទ្រង់​នឹង ‹ បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច [ សម្រាប់​ប្រយោជន៍​ខ្ញុំ ] › [ ម៉ាឡាគី ៣:១១ ] ។ ពរជ័យ​នៃ​ការការពារ​ប្រឆាំង​នឹង​អំពើ​អាក្រក់​នោះ​បាន​ចាក់​មក​លើ​ខ្ញុំ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​លើស​ពី​សមត្ថភាព​ដែល​ខ្ញុំ​អាច​យល់​បាន​គ្រប់គ្រាន់ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា សុវត្ថិភាព​ដ៏​ទេវភាព​បាន​មក​ដល់ យ៉ាង​ហោចណាស់​មួយ​ផ្នែក​ដែរ ដោយសារ​ការប្តេជ្ញាចិត្ត​របស់យើង​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុមគ្រួសារ ដើម្បី​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ( « Like a Watered Garden » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៣៨ ) ។

  4. « ព្រះអម្ចាស់​នឹង​បើក​បង្អួច​ស្ថានសួគ៌​ស្រប​តាម​តម្រូវការ​របស់​យើង មិន​មែន​ស្រប​តាម​ការចង់​បាន​របស់​យើង​នោះ​ទេ ។ ប្រសិនបើ​យើង​អធិស្ឋាន​ដើម្បី​ធ្វើ​ជា​អ្នក​មាន នោះ​យើង​ទូល​សុំ​ក្នុង​គោលបំណង​ខុស​ហើយ ។​… ពរជ័យ​ដល់​អ្នក​ដែល​ផ្ដល់​ឲ្យ … ប្រហែល​មិនមែន​ជា​ទម្រង់​ហិរញ្ញវត្ថុ ឬ​អត្ថប្រយោជន៍​ខាង​សម្ភារ​នោះ​ទេ » ( Teachings of Gordon B. Hinckley [ ១៩៩៧ ] ទំព័រ ៦៥៧ ) ។

  5. ម៉ាឡាគី ៣:១០នីហ្វៃទី ៣ ២៤:១០ ។

  6. សូមមើល « The Church of Jesus Christ Is Helping Alleviate Global Malnutritionថ្ងៃទី ១១ ខែ​សីហា ឆ្នាំ ២០២៣, newsroom.ChurchofJesusChrist.org; សូមមើល​ផងដែរ « How the Church of Jesus Christ and UNICEF Are Keeping Mothers and Children Healthy and Safeថ្ងៃទី ១៧ ខែ​សីហា ឆ្នាំ ២០២៣, newsroom.ChurchofJesusChrist.org ។

  7. « ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង គំនិត​តែ​មួយ រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ » ( ម៉ូសេ ៧:១៨ ) ។

  8. សូមមើល កូរិនថូស ទី១ ២:១៤ ។ តក្កវិជ្ជា​របស់​មនុស្ស​មិន​តែង​ស្រប​នឹង​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជានិច្ច​នោះ​ទេ ។ នៅ​សម័យ​របស់​ម៉ាឡាគី មនុស្ស​ជា​ច្រើន​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​អង្វរ​ប្រជារាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ថា « ចូរ​វិល​មក​ឯ​យើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ » ។ អ្វី​ដែល​មាន​បន្ទាប់ពី​ការអញ្ជើញ​ដ៏​ទន់ភ្លន់​នេះ​គឺជា​សំណួរ​ដ៏​សំខាន់​សម្រាប់​យើង​ម្នាក់ៗ ៖ « តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច ? » ( ម៉ាឡាគី ៣:១ ) ។ ឬ​និយាយ​ម្យ៉ាវិញ​ទៀត​គឺ « តើ​ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​អ្វី ? តើ​ខ្ញុំ​ខិត​ទៅជិត​ទ្រង់​ដោយ​របៀប​ណា ? » ព្រះអម្ចាស់​បាន​ឆ្លើយ​ដោយ​ការបង្រៀន​ពី​សារៈសំខាន់​នៃ​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ មិន​មែន​គ្រាន់តែ​ជា​ក្រឹត្យវិន័យ​នៃ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​របៀប​ជាក់ស្តែង​ដើម្បី​បង្វែរ​សេចក្តីប្រាថ្នា​នៃ​ដួងចិត្ត​យើង​ទៅ​រក​ទ្រង់ ។

    យើង​បាន​សង្កេតឃើញ​ការណ៍នេះ​នៅក្នុង​គ្រួសារ​របស់​យើង ។ ម្តាយ​របស់​ខាធី បាន​ចូលរួម​ក្នុង​សាសនា​ចក្រ​នៅ​អាយុ ២២ ឆ្នាំ ។ ម៉ាថា និង ប៊ឺណាដ វិលលាមស៍ បាន​ចូលរួម​សាសនាចក្រ​មួយ​រយៈ​ខ្លី ប៉ុន្តែ​បន្ទាប់ពី​ផ្លាស់​ទៅ​រដ្ឋ​មួយ​ផ្សេងទៀត ពួកគាត់​មិន​សូវ​សកម្ម​នោះ​ទេ ។ ប៊ឺណាដ បាន​ទទួល​ការពង្រាយ​យោធា​នៅ​ក្រៅ​ប្រទេស ហើយ ម៉ាថា បាន​ផ្លាស់​ទៅ​ផ្ទះ​នៅ ថេមប៉ា រដ្ឋ ផ្លរីដា ជា​កន្លែង​ដែល​គាត់​ទទួល​យក​ការអញ្ជើញ​ដ៏​សប្បុរស​ឲ្យ​រស់នៅ​ជាមួយ​ម្តាយ​មីង និង​ពូ​របស់​គាត់ ដែល​ជា​អ្នក​ប្រឆាំង​នឹង​សាសនាចក្រ ។ ខណៈពេល​ដែល​រស់នៅ​ក្នុង​កាលៈទេសៈ​ដ៏​រាបទាប ទាំង​មាន​ផ្ទៃ​ពោះ​កូន​ដំបូង​របស់​គាត់ ហើយ​មិន​ទៅ​ព្រះវិហារ​នោះ ម៉ាថា វិលលាមស៍ បាន​សម្រេចចិត្ត​ចាប់ផ្តើម​ផ្ញើ​ប្រាក់​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់​ទៅ​ប៊ីស្សព ។ ក្រោយមក​ក្នុង​ជីវិត​របស់​គាត់ ពេល​មាន​គេ​សួរ​ពី​មូលហេតុ​នេះ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​នឹក​ឃើញ​អ្វី​មួយ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​គាត់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ពរជ័យ​របស់​ព្រះ ៖ « យើង​ពិត​ជា​ត្រូវការ​ពរជ័យ​របស់​ព្រះ​ជា​ខ្លាំង​ក្នុង​ជីវិត​របស់​យើង ហើយ​ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​ផ្ញើ​មូលប្បទានបត្រ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង​ទៅ​កាន់​ប៊ីស្សព » ។ ម៉ាថា និង ប៊ឺណាដ វិលលាមស៍ បាន​ត្រឡប់​ទៅ​សាសនាចក្រ​វិញ ។ ពរ​ជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​ពួកគាត់—គឺ​បាន​ទទួល​ពរជ័យ​ប្រាំ​មួយ​ជំនាន់ ដោយសារ​ការសម្រេចចិត្ត​របស់​គាត់​ក្នុង​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់គាត់ នៅពេល​ដែល​គាត់​មិន​មាន​អ្វី​ក្រៅពី​សេចក្តី​ជំនឿ​លើ​ព្រះ និង​ក្តី​សង្ឃឹម​លើ​ការសន្យា​របស់​ទ្រង់ ។

  9. ម៉ាថាយ ២២:២១ ។

  10. សូម​មើល នីហ្វៃ​ទី៣ ២៤ ។

  11. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៩:៣–៤ ។ « ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ការបង់​ចំណូល​មួយ​ភាគ​ក្នុង​ដប់​របស់​មនុស្ស​ម្នាក់​ទៅកាន់​សាសនាចក្រ​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩:៣–៤; ការប្រាក់ ត្រូវបាន​យល់​ថា​ជា​ចំណូល ) ។ សមាជិក​ទាំងអស់​ដែល​មាន​ប្រាក់​ចំណូល​គួរតែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ( ក្បួន​ខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៤.៣.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  12. ម៉ាឡាគី ៣:១០ ។

  13. « យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដូច​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ដោយ​ការ​នាំ​យក​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ‹ ដាក់​ក្នុង​ឃ្លាំង › [ ម៉ាឡាគី ៣:១០; នីហ្វៃទី ៣ ២៤:១០ ] ។ យើង​ធ្វើ​បែប​នេះ​ដោយ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​យើង ។ យើង​មិន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ការបរិច្ចាគ​ដល់​អង្គការ​សប្បុរសធម៌​ដែល​យើង​ចូលចិត្ត​នោះ​ទេ ។ ការបរិច្ចាគ​ដែល​យើង​គួរ​ធ្វើ​ចំពោះ​អង្គការ​សប្បុរសធម៌ គឺ​មកពី​មូលនិធិ​ផ្ទាល់ខ្លួន​របស់​យើង មិន​មែន​មកពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ទៅ​ឃ្លាំង​របស់​ព្រះអម្ចាស់​ឡើយ » ( ដាល្លិន អេក អូក « Tithing » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៣៥ ) ។

  14. គោលលទ្ធិ និងសេចក្ដីសញ្ញា ២:១ ។

  15. ហ្គរដុន ប៊ី ហ៊ិងគ្លី « Rise to a Larger Vision of the WorkEnsignខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៩៦ ។

  16. សូមមើល « The 2022 Report on How the Church of Jesus Christ Cared for Those in Needថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  17. បាន​ទទួល​តាមរយៈ​អ៊ីម៉ែល​មកពី​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ ។

  18. សូមមើល « Temple Listនៅលើ​គេហទំព័រ churchofjesuschrist.org/temples/list ។

  19. បាន​ទទួល​តាមរយៈ​អ៊ីម៉ែល​មកពី កំណត់ត្រា​សមាជិក និង​ស្ថិតិ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ ។

  20. ការណ៍​នេះ​រួម​ទាំង​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង ព្រិកហាំ យ៉ង់–អៃដាហូ សាកលវិទ្យាល័យ ព្រិកហាំយ៉ង់–ហាវៃ មហាវិទ្យាល័យ​អ៊ីនស្សាញ និង ប៊ី.វាយ.យូ Pathway Worldwide ។

  21. បាន​ទទួល​តាមរយៈ​អ៊ីម៉ែល​មកពី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ ។

  22. សូមមើល ក្បួនខ្នាត៣៤.៣.១ ។

  23. ប្រធាន ដាល្លិន អេក អូក បាន​ចែកចាយ​ដំណើររឿង​នេះ​អំពី​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ៖ « ម្តាយ​មេម៉ាយ​របស់​ខ្ញុំ​បាន​ចិញ្ចឹម​បីបាច់​កូន​បី​នាក់​របស់​គាត់​ជាមួយ​នឹង​ប្រាក់ខែ [ បន្តិច​បន្តួច ] ។… ខ្ញុំ​បាន​សួរ​ម្តាយ​របស់​ខ្ញុំ​ថា​ហេតុអ្វី​គាត់​បង់​ដង្វាយ​ពី​ប្រាក់​ខែ​របស់​គាត់​ជា​ដង្វាយ​មួយភាគ​ក្នុង​ដប់​ច្រើន​ម្ល៉េះ ។ ខ្ញុំ​មិន​ដែល​បំភ្លេច​ការពន្យល់​របស់​គាត់​នោះ​ទេ ៖ ‹ ដាល្លិន ប្រហែលជា​មាន​មនុស្ស​ខ្លះ ដែល​អាច​ចុះ​សម្រុង​គ្នា​ដោយ​មិន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប៉ុន្តែ​យើង​មិន​អាច​ចុះ​សម្រុង​គ្នា​បាន​ទេ ។ ព្រះអម្ចាស់​បាន​ជ្រើសរើស​យក​ឪពុក​របស់​កូន​ទៅ ហើយ​ទុក​ឲ្យ​ម៉ែ​នៅ​ចិញ្ចឹម​កូនៗ ។ ម៉ែ​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ បើ​គ្មាន​ពរជ័យ​ពី​ព្រះអម្ចាស់ ហើយ​ម៉ែ​ទទួល​បាន​ពរជ័យ​ទាំង​នោះ​ដោយ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ › » ( « Tithing » ទំព័រ ៣៣ ) ។

  24. « ប្រយោជន៍​ថា​តាម​រយៈ​ទិព្វញ្ញាណ​របស់​យើង ទោះ​ជា​មាន​សេចក្ដី​វេទនា​ចុះ​មក​លើ​អ្នក​ក៏​ដោយ ប្រយោជន៍​ឲ្យ​សាសនាចក្រ​អាច​បាន​ឈរ​ដោយ​ឡែក​លើ​សត្វ​លោក​ទាំង​អស់ ដែល​នៅ​ក្រោម​ពិភព​សេឡេស្ទាល » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១៤ ) ។

  25. ការទាក់ទង​ដោយ​ផ្ទាល់​ពី ឆាឡូតេ ហាលីមី ម៉ាទីន កាលពី​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ ។

  26. គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ ។

  27. កិច្ចការ ៨:២៦–៣៩ ។

  28. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាកលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៥ ។