សន្និសីទទូទៅ
ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង

ចិត្ត​ក្ដួល​អាណិត គឺជា​គុណលក្ខណៈ​នៃ​ព្រះគ្រីស្ទ ។ វា​កើត​ចេញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ហើយ​គ្មាន​ដែន​កំណត់ទេ ។

នាព្រឹក​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចូលរួម​ជាមួយ​ខ្ញុំ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​អាហ្វ្រិក ។ បងប្អូន​នឹង​ពុំ​ឃើញ​មាន​សត្វ​តោ សត្វ​សេះបង្កង់ ឬ​ដំរី​ទេ ប៉ុន្តែ​ប្រហែលជា​នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ បងប្អូន​នឹង​មើល​ឃើញ​នូវ​វិធី​ដែល​សមាជិក​រាប់ពាន់​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឆ្លើយតប​​ចំពោះ​បទបញ្ញត្តិ​ធំ​ទីពីរ​របស់​ព្រះគ្រីស្ទ​ដើម្បី « ស្រឡាញ់​អ្នក​ជិត​ខាង​អ្នក » ( ម៉ាកុស ១២:៣១ ) ។

សូម​នឹក​ស្រម៉ៃ​មួយ​សន្ទុះ អំពី​ដី​នៅ​ព័ណ៌​ក្រហម​នៅ​ទី​ជនបទ​នៃ​ប្រទេស​អាហ្វ្រិក ។ បងប្អូន​មើល​ឃើញ​ដី​ស្ងួត​ហួតហែង ដែល​គ្មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ គោ​ក្របី​ពីរ​បី​ក្បាល​ដើរ​ឆ្លងកាត់​ផ្លូវ​ដែល​មាន តែ​ស្បែក​ដណ្ដប់​ឆ្អឺង ដែល​ឃ្វាល​ដោយ​អ្នកមើលគោ ការ៉ាម៉ាចុង ដែល​ដណ្ដប់ភួយ ពាក់​ស្បែក​ជើងផ្ទាត់ ដើរ​ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​បាន​ស្មៅ និងទឹក ។

នៅ​ពេល​បងប្អូន​ដើរ​តាម​ផ្លូវ​ថ្ម​រដិបរដុប នោះ​បងប្អូន​នឹង​ឃើញ​កុមារ​ស្អាតៗ​ជាច្រើន​ក្រុម ហើយ​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​នៅ​សាលារៀន ដូច្នេះ ។ កុមារ​ទាំងនោះ​ញញឹម ហើយ​លើកដៃ​ក្រវី ដាក់​បងប្អូន រួច​បងប្អូន​ក៏​លើក​ដៃក្រវី​ទៅវិញ​ទាំង​ទឹកភ្នែក និង​ស្នាម​ញញឹម ។ កុមារ​ក្មេងៗ​បំផុត​ចំនួន ៩២ ភាគរយ ដែល​បងប្អូន​មើល​ឃើញ​នៅ​ពេល​ធ្វើ​ដំណើរនេះ រស់នៅ​ដោយ​កង្វះ​អាហារ ហើយដួងចិត្ត្​របស់​បងប្អូន​ថ្ងូរ​ដោយ​ទុក្ខព្រួយ ។

នៅ ខាង​មុខ​បងប្អូន​មើល​ឃើញ​ម្ដាយ​ម្នាក់​កំពុង​ទូលធុងទឹក​ជិត​ម្ភៃលីត្រ ( ១៩ លីត្រ )​នៅ​លើ​ក្បាល ហើយ​ក្ដៀត​ធុង​មួយទៀត​នៅ នឹង​ដៃ ។ គាត់​ជា​តំណាង​ឲ្យ​មេផ្ទះ​ម្នាក់​នៅ​ក្នុង​តំបន់​នេះ​ដែល​ស្ត្រី ទាំង​ចាស់ទាំងក្មេង​ដើរ​ច្រើនជាង ៣០​នាទី​ទៅ​មក​រាល់​ថ្ងៃ​ដើម្បី​ដង​ទឹក​សម្រាប់​គ្រួសារ​របស់ពួកគេ ។ រលក​នៃ​ភាព​សោកសៅ​បាន​បោកបក់​មក​លើ​បងប្អូន ។

រូបភាព
ស្ត្រី​អាហ្វ្រិក​កំពុង​ទូល​ទឹក<nb/>។

ពីរ​ម៉ោង​បាន​កន្លង​ផុតទៅ ហើយ​បងប្អូន​បាន​ដល់​កន្លែង​ណាត់​ជួប​ស្ងាត់​ជ្រងំ ។ កន្លែង​ប្រជុំ​គឺ​ពុំ​មែនជា​សាលធំមួយ ឬ​បោះជា​តង់​នោះទេ តែ​នៅ​ក្រោម​ដើម​ឈើ​ធំៗ​ពីរបី​ដើម ដែល​ផ្ដល់​ជា​ជម្រក​ពី​កម្ដៅ​ព្រះអាទិត្យ ។ នៅ​កន្លែង​នេះ បងប្អូន​កត់​សម្គាល់​ឃើញ​ថា គ្មាន​ទឹក គ្មាន​ភ្លើង គ្មាន​បង្គន់​ចុច​ទឹក​នោះ​ទេ ។ បងប្អូន​មើល​ជុំវិញ ហើយ​ឃើញ​ថា​បងប្អូន​ស្ថិត​នៅ ក្នុង​ចំណោម​មនុស្ស​ដែល​ស្រឡាញ់​ព្រះ ហើយ​រំពេច​នោះ​បងប្អូន​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​ចំពោះ​ពួកគេ ។ ពួកគេ​បាន​មក​ជួប​ជុំ​ដើម្បី​ទទួល​ជំនួយ និង​សេចក្ដីសង្ឃឹម ហើយ​បងប្អូន​បាន​ទៅដល់​ដើម្បី​ចែកចាយ​ដល់ពួកគេ ។

នោះ​ជា​ការ​ធ្វើដំណើរ​របស់​ស៊ីស្ទើរ អាឌើន និង​ខ្ញុំ ដែល​ទៅ​អមដំណើរ​បងស្រី ខាំមៀល ចនសុន ដែល​ជា​ប្រធាន​សមាគមសង្គ្រោះ​ទូទៅរបស់យើង និង​ស្វាមី​របស់​គាត់ ឌ័ហ្គ និង​ស៊ីស្ទើរ ហ្សារ៉ុន អូប៊ែង ជា​នាយក​នៃ​សេវាកម្ម​មនុស្សធម៌​របស់​សាសនាចក្រ ពេល​ពួកយើង​ធ្វើដំណើរ​នៅ​ក្នុង​យូហ្គានដា ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន ៤៧ លាន​នាក់ នៅ​ក្នុង​តំបន់​អាហ្វ្រិក​កណ្ដាល​នៃ​សាសនាចក្រ ។ នៅ​ថ្ងៃនោះ យើង​បាន​ទៅ​មើល​គម្រោង​សុខភាព​សហគមន៍​មួយ ដែល​ផ្ដល់​មូលនិធិ​រួមគ្នា​ដោយ​សេវាកម្ម​មនុស្សធម៌​របស់​សាសនាចក្រ យូនីសែហ្វ និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋាភិបាល​យូហ្គានដា នៅក្រោម​ម្លប់​ដើមឈើ​ជាច្រើន ។ អង្គការ​ទាំងនេះ គឺជា​អង្គការ​ដែល​ជាទី​ទុកចិត្ត ត្រូវ​បានជ្រើសរើស​ដោយ​យកចិត្តទុកដាក់​ដើម្បី​ធានា​ថា​មូលនិធិ​ដែល​បាន​បរិច្ចាគ​ខាង​មនុស្សធម៌​មក​ពី​សមាជិក​នៃ​សាសនាចក្រ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន ។

រូបភាព
កុមារ​អាហ្វ្រិក​កំពុង​ទទួល​ការ​មើល​ថែ<nb/>។

កាល​បេះដូង​សោកសៅ​ពេល​ដែល​ឃើញ​កុមារ​ខ្វះ​អាហារូបត្ថម្ភ និង​រងគ្រោះ​ដោយ​ជំងឺរបេង គ្រុនចាញ់ និងជំងឺរាគរូស​ឥត​ឈប់​ឈរ នោះ​យើង​ម្នាក់ៗ​ត្រូវ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ថ្ងៃ​ស្អែក​ដ៏​ល្អ​ប្រសើរ​ដល់​អ្នក​ដែល​យើង​បាន​ជួប ។

រូបភាព
ម្ដាយ​ឲ្យ​អាហារ​ដល់​កូន​របស់​នាង

សេចក្ដី​សង្ឃឹម​នោះ​កើតមាន ជាចំណែក​មួយ តាមរយៈ​សណ្ដានចិត្ត​ល្អ របស់​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​បរិច្ចាគ​ពេលវេលា និង​ប្រាក់កាក់​ចំពោះ​កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ ។ នៅ​ពេល​ខ្ញុំ​ឃើញ​អ្នក​ឈឺ និង​អ្នក​រង​ទុក្ខ​ត្រូវ​បាន​ជួយ លើក​កម្ពស់ នោះ​ខ្ញុំ​បាន​ឱន​ក្បាល​គោរព​ដោយ​ដឹង​គុណ។ នៅ​គ្រា​នោះ ខ្ញុំ​យល់​បាន​ប្រសើរ​អំពី​អត្ថន័យ​នៃ​ពាក្យ ស្ដេច​លើស​អស់​ទាំង​ស្ដេច ដែល​ថា ៖

« ឱ​ពួក​អ្នក​ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ពរ​អើយ …​នគរ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​រាល់​គ្នា…៖

ពី ព្រោះ យើង បាន ឃ្លាន ហើយ អ្នក រាល់ គ្នា បាន ឲ្យ បរិភោគ យើង បាន ស្រេក ហើយ អ្នក រាល់ គ្នា បាន ឲ្យ ផឹក យើង ជា អ្នក ដទៃ ហើយ អ្នក រាល់ គ្នា បាន ទទួល យើង » ( ម៉ាថាយ ២៥:៣៤–៣៥) ។

ឥឡូវ នេះ គឺ ជា ពេល ដើម្បី « ឲ្យ ពន្លឺ របស់ អ្នក រាល់ គ្នា បាន ភ្លឺ ទៅ មុខ មនុស្ស លោក យ៉ាង នោះ ដែរ ដើម្បីឲ្យ គេ ឃើញ ការ ល្អ ដែល អ្នក រាល់ គ្នា ប្រព្រឹត្ត រួច សរសើរ ដំកើង ដល់ ព្រះ វរបិតា នៃ អ្នក រាល់ គ្នា ដែល គង់ នៅ ស្ថាន សួគ៌ » (ម៉ាថាយ ៥:១៦ សូមមើល​ខ ១៤-១៥ ផងដែរ ) ។ នៅជ្រុង​ម្ខាង​ដ៏​ឆ្ងាយ​នៃ​ផែនដី​នេះ អំពើល្អ​របស់​បងប្អូន​បាន​បំភ្លឺ​ជីវិត ហើយ​សម្រាល​បន្ទុក​របស់​មនុស្ស​ដែល​ខ្វះខាត​ជា​ខ្លាំង ហើយ​ព្រះ​ត្រូវ​បាន​ថ្វាយ​សិរីរុងរឿង ។

នៅ​ថ្ងៃ​ដែល​ក្ដៅ និង​ហុយដី​នោះ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ឮ​ពី​ការ​អធិស្ឋាន​សរសើរ​តម្កើង និង​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​របស់​ពួកគេ ។ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​បងប្អូន​ជា​ភាសា​កំណើត​ការ៉ាម៉ាចុង, ពួកគេ​ថា « អាឡាការ៉ា » ។ សូម​អរគុណ ។

ការ​ធ្វើ​ដំណើរ​របស់​យើង រំឭក​ខ្ញុំ​អំពី​រឿង​ប្រៀបធៀប​នៃ​សាសន៍​សាម៉ារី​ល្អ ដែល​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ដី​មួយ ដែល​មិន​ដូចជា​ផ្លូវ​ដែល​ខ្ញុំ​បានពិពណ៌នា​ទេ ជា​ផ្លូវ​មួយ​ដែល​ចេញ​ពី​ទីក្រុង​យេរូសាឡិម ទៅ​កាន់​ក្រុង​យេរីខូរ ។ សាសន៍​សាម៉ារី​ដែល​ផ្ដល់​ការងារ​បម្រើ​ម្នាក់​នេះ បង្រៀន​យើង​អំពី​អត្ថន័យ​នៃ​ការស្រឡាញ់​អ្នក​ជិត​ខាង​អ្នក » ។

គាត់​បាន​ឃើញ « មាន​មនុស្ស​ម្នាក់…[ ក៏ ]​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ » ( លូកា ១០:៣០ ) ។ សាសន៍​សាម៉ារី « មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់ » ( លូកា ១០:៣០ ) ។

ចិត្ត​ក្ដួល​អាណិត គឺជា​គុណលក្ខណៈ​នៃ​ព្រះគ្រីស្ទ ។ វា​កើត​ចេញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ហើយ​គ្មាន​ដែន​កំណត់ទេ ។ ព្រះយេស៊ូវ ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក គឺជា​តួយ៉ាង​នៃ​ក្ដី​មេត្តាករុណា ។ នៅពេល​យើង​អាន​ថា « ព្រះគ្រីស្ទ​ព្រះកន្សែង » ( យ៉ូហាន ១១:៣៥ ) នោះ​យើង​គឺ​ជា​សាក្សី ដូចជា​ម៉ារា និង​ម៉ាថា ​ដោយ​សារ​តែ​ក្ដី​មេត្តា​របស់​ទ្រង់ ទើប​បណ្ដាល​ឲ្យ​ទ្រង់​មាន​សេចក្តី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះហឫទ័យសូមមើល យ៉ូហាន ១១:៣៣ ) ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន គំរូ​នៃ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះគ្រីស្ទ គឺ​ព្រះយេស៊ូវ​បាន​យាង​ទៅ​ជួប​នឹង​ហ្វូង​មនុស្ស ហើយ​មាន​បន្ទូល​ថា ៖

តើ​មាន​នរណា​ខ្វិន ឬ ខ្វាក់ ឬ​ថ្លង់…ឬ​ក៏​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត ? ចូរ​នាំ​ពួកគេ​មក​ទីនេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បានជា ដ្បិត​យើង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក …

« …ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ជាសះស្បើយ​គ្រប់ៗ​គ្នា » ( នីហ្វៃទី ៣ ១៧:៧, ៩ ) ។

ផ្ទុយទៅវិញ​ការខិតខំ​របស់​យើង​ទាំងអស់ ទាំង​បងប្អូន និង​ខ្ញុំ ពុំ​ព្យាបាល​មនុស្ស​គ្រប់គ្នា​ទេ ប៉ុន្តែ​យើង​ម្នាក់ៗ អាច​ធ្វើជា​មនុស្ស​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​សម្រាប់​សេចក្ដីល្អ​នៅក្នុង​ជីវិត​របស់​មនុស្ស​ណា​ម្នាក់ ។ វា​គ្រាន់​តែ​ជា​ក្មេង​ប្រុស​ម្នាក់ ជា​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​ផ្តល់​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល ជា​អាហារ​ដល់​មនុស្ស​ប្រាំពាន់​នាក់ ។ យើង​អាច​នឹង​ត្រូវ​សួរ​អំពី​ការ​ផ្ដល់​ឲ្យ​របស់​យើង ដូចជា​សិស្ស អាន់ទ្រេ ដែល​សួរ​អំពី​នំប៉័ង និង​ត្រី ថា​« តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ? » ( យ៉ូហាន ៦:៩ ) ។ ខ្ញុំ​សូម​អះអាង​នឹង​បងប្អូន​ថា វា​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​បងប្អូន​អាច​មាន​លទ្ធភាព បន្ទាប់​មក​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​តម្កើង​ការ​ខិតខំ​របស់​បងប្អូន ។

ត្រង់​ចំណុច​នេះ អែលឌើរ ជែហ្វ្រី អរ ហូឡិន បាន​អញ្ជើញ​យើង « ទាំងមាន ក្រ … ឲ្យ​’ ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន’ នៅពេល​អ្នក​ដទៃ​កំពុង​ខ្វះខាត » ។ បន្ទាប់មក​លោក​ថ្លែង​ទីបន្ទាល់​ដូច​ខ្ញុំ​ថ្លែង​ថា ព្រះ « នឹង​ជួយ​បងប្អូន ហើយ​ដឹកនាំ​បងប្អូន​នៅក្នុង​ទង្វើ​ដោយ​ក្ដីមេត្តា​នៃ​ភាព​ជាសិស្ស​[ របស់​បងប្អូន ] » ( Are We Not All Beggers? » Liahona, ខែវិច្ឆិកា ឆ្នាំ ២០១៤, ៤១ ) ។

នៅ​ដែនដីដ៏​ឆ្ងាយ នៅ​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ ខ្ញុំ​បាន​ឈរ​នៅទីនោះ និង​ឥឡូវនេះ ធ្វើ​ជា​សាក្សី​នៃ​ក្ដីមេត្តា​ដ៏​រញ្ជួយ​ព្រលឹង និង​ផ្លាស់ប្ដូរ​ជីវិត​របស់​សមាជិក​នៃ​សាសនាចក្រ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ។

រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ល្អ បន្ដថា គាត់ « ​រុំ​របួស​ឲ្យ [ បុរស ] នោះ … ព្រម​ទាំង​ ថែទាំ​រក្សា​គាត់ » ( លូកា ១០:៣៤ ) ។ កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ​យើង បង្ហាញ​ថា​យើង​ឆ្លើយតប​យ៉ាង​រហ័ស​ទៅ​នឹង​គ្រោះ​ធម្មជាតិ និង​រុំ​របួស​ដែល​រីករាលដាល​នៃ​ជម្ងឺ ភាពអត់ឃ្លាន ទារក​ស្លាប់ កង្វះ​អាហារូបត្ថម្ភ ការផ្លាស់​ទីលំនៅ និង​របួស​ដែល​តែងតែ​មើល​មិន​ឃើញ​នៃ​ភាពបាក់ទឹកចិត្ត ការខកចិត្ត និងភាពអស់សង្ឃឹម ។

សាសន៍​សាម៉ារី បន្ទាប់មក​បាន « យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង » ( លូកា ១០:៣៥ ) ។ ក្នុង​នាម​ជា​សាសនាចក្រ យើង​មាន​អំណរគុណ​ចំពោះ​ការ​សហការ​ជាមួយ​នឹង « ម្ចាស់ផ្ទះ » ឬ​អង្គការ​ជាច្រើន​ដូចជា សេវា​សង្គ្រោះ​កាតូលិក យូនីសែហ្វ និង​កាកបាទក្រហម/អឌ្ឍចន្ទ​ក្រហម ដើម្បី​ជួយ​នៅ​ក្នុង​ការខិតខិត​ផ្នែក​មនុស្ស​ធម៌​របស់​យើង ។ យើង​ក៏​មាន​អំណរគុណ​ដូចគ្នា​ចំពោះ « ប្រាក់​៤​កាក់ » ឬ​ពីរអឺរ៉ូ ពីរពេសូ ឬ​ពីរស៊ីលីង​របស់​បងប្អូន ដែល​បាន​ជួយ​សម្រាល​បន្ទុក ដែល​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​តែ​រែកពន់​នោះ ។ បងប្អូន​ប្រហែល​ជា​នឹង​មិន​ស្គាល់​អ្នក​ដែល​ទទួល​យក​ពេលវេលា ប្រាក់ និងកាក់​របស់​បងប្អូនទេ ប៉ុន្តែ​សេចក្ដីមេត្តាករុណា ពុំ​តម្រូវ​ឲ្យ​យើង​ស្គាល់​ពួកគេ​នោះទេ វា​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​ពួកគេ​តែ ប៉ុណ្ណោះ ។

សូម​អរគុណ ប្រធាន រ័សុល អិម​ណិលសុន ដែល​រំឭក​ពួកយើង​ថា « នៅពេល​យើង​ស្រឡាញ់​ព្រះដោយ​អស់​អំពីចិត្ត​របស់យើង នោះ​ទ្រង់​នឹង​បង្វែរ​ដួងចិត្ត​យើង​ទៅ​រក​សុខមាលភាព​របស់​អ្នកដទៃ » ( បទបញ្ញត្តិ​ធំ​ទីពីរ » លីអាហូណាខែ​វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧ ) ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យើង​ម្នាក់ៗ​នឹង​មាន​អំណរ ភាព​សុខសាន្ដ ភាព​រាបសារ និង​សេចក្ដីស្រឡាញ់​កាន់តែ​ច្រើន នៅពេល​យើង​ឆ្លើយ​តប​ទៅ នឹង​ការ​ហៅ​របស់​ប្រធាន ណិលសុន និង​ការ​អង្វរ​របស់​យ៉ូសែប ស្ម៊ីធ​ឲ្យ « ផ្ដល់​អាហារ​ដល់​អ្នក​ស្រេកឃ្លាន ផ្ដល់​សម្លៀកបំពាក់​ដល់​អ្នក​អាក្រាត ផ្គត់ផ្គង់​ដល់​ស្ត្រី​មេម៉ាយ ជូតទឹកភ្នែក​របស់​ក្មេង​កំព្រា [ និង ] លួងលោម​ចិត្ត​ដល់​អ្នករងទុក្ខ ទោះ​ជា​នៅ ក្នុង​សាសនាចក្រ​នេះ ឬ​នៅ​កន្លែង​ដទៃទៀត ឬ​មិន​នៅ​ក្នុង​ព្រះវិហារ​ណា​ទាំងអស់​ក្ដី គឺ​គ្រប់​កន្លែង​ដែល [ យើង​រក​ឃើញ ] ពួកគេ ( « Editor’s Reply to a Letter from Richard Savary » ( យ៉ូសែប ស្ម៊ីធ Times and Seasonsទី ១៥ ខែ​មីនា ឆ្នាំ ១៨៤២, ៧៣២ ) ។

រូបភាព
អែលឌើរ អាឌិន និង ប្រធាន ខាំមៀល ចនសុន ជាមួយ​នឹង​កុមារ​អាហ្វ្រិក<nb/>។

អស់​ជា​ច្រើន​ខែ​កន្លង​ទៅ​នោះ យើង​រក​ឃើញ​អ្នក​ស្រេក​ឃ្លាន និង​អ្នក​រងទុក្ខ​នៅ​ទី​វាល​ស្ងួត​ហួងហែង និង​ហុយដី ហើយ​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​កែវភ្នែក​ដែល​អង្វរ​សុំ​ជំនួយ ។ តាម​របៀប​របស់​យើង​ផ្ទាល់ យើង​មាន​សេចក្តី​រំជួល ទាំង​ក្នាញ់​ក្នុង​ចិត្ត ( សូមមើល យ៉ូហាន ១១:៣៣ ) ហើយ​ប៉ុន្តែ​អារម្មណ៍​ទាំងនោះ ត្រូវ​បាន​ខ្ជោល​ឡើង នៅពេល​យើង​ឃើញ​សេចក្ដី​មេត្តា​ករុណា​របស់​សមាជិក​សាសនាចក្រ​នៅ​កន្លែង​ធ្វើ​ការ ខណៈ​ដែល​អ្នក​ស្រេក​ឃ្លាន​ត្រូវ​បាន​ផ្តល់​អាហារ ស្ត្រី​មេម៉ាយ​ត្រូវ​បាន​ផ្គត់ផ្គង់ អ្នក​រងទុក្ខ​ត្រូវ​បាន​សម្រាល​ទុក្ខ ហើយ​បាន​ជូត​ទឹកភ្នែក​របស់​ពួកគេ ។

សូម​ឲ្យ​យើង​មើល​ទៅ​សុខុមាលភាព​របស់​អ្នក​ដទៃ​ជា​រៀងរហូត ហើយ​បង្ហាញ​តាម​ពាក្យសម្ដី និង​ទង្វើរ​ថា យើង « គឺ​មាន​ឆន្ទៈ​ដើម្បី​រែក​បន្ទុក​គ្នា​ទៅវិញទៅមក » ( ម៉ូសាយ ១៨:៨ ) ដើម្បី « នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៤២ ) ហើយ​ដើម្បី​រក្សា​បទបញ្ញត្តិ​ធំ​ទីពីរ ដើម្បី « ស្រឡាញ់​អ្នក​ជិត​ខាង​អ្នក » ( ម៉ាកុស ១២:៣១ ) ។. នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។