សន្និសីទទូទៅ
ការដើរ​នៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ការដើរ​នៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ

ព្រះ​មួយ​អង្គ​ដែល​បាន​រងទុក្ខ និង​ឈឺចាប់​ដើម្បី​យើង៣នឹង​អនុញ្ញាត​ឲ្យ​ជីវិត​រមែង​ស្លាប់​ធ្វើ​កិច្ចការ​របស់​វា​ក្នុង​យើង ប៉ុន្ដែ​ទ្រង់​មិន​សុំឲ្យ​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងនោះ​តែម្នាក់​ឯង​ទេ ។

មិត្ត​ល្អ​ខ្ញុំ​ឈ្មោះ អ៊ីឡាន បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​មួយ​នៅ​ប្រទេស​អ៊ីស្រាអែល ។ គាត់​និយាយ​ថា « គេ​ហៅ​ផ្លូវ​នេះ​ថា ផ្លូវ​ព្រះយេស៊ូវ ព្រោះ​វា​ចេញពី​ស្រុក​ណាសារ៉ែត​ទៅកាន់​ក្រុង​កាពើណិម ដែល មនុស្ស​ជាច្រើន​ជឿ​ថា ព្រះយេស៊ូវ​យាង​តាមនោះ » ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ភ្លាម​ថា ខ្ញុំ​ចង់​ដើរ​លើ​ផ្លូវ​នោះ ដូច្នេះ ខ្ញុំ​ចាប់ផ្ដើម​រៀប​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល ។

ប្រាំមួយ​សប្តាហ៍​មុន​ពេល​ធ្វើ​ដំណើរ ខ្ញុំ​បាន​បាក់​កជើង ។ ស្វាមី​ខ្ញុំ​ព្រួយ​បារម្ភ​ពី​របួស​ខ្ញុំ តែ​ខ្ញុំ​វិញ​ព្រួយ​ខ្លាំង​ថា តើ​ខ្ញុំ​ដើរលើ ផ្លូវ​ព្រះយេស៊ូវ នៅ​ខែ​ក្រោយ​ដោយ​របៀប​ណា ។ ខ្ញុំ​ជា​មនុស្ស​ចចេស ដូច្នេះ​ខ្ញុំ​មិន​បាន​លុប​សំបុត្រ​យន្ដហោះ​ចោល​ទេ ។

ខ្ញុំ​ចាំថា​យើង​បាន​ជួប​នឹង​អ្នកមគ្គុទ្ទេសក៍​សាសន៍​អ៊ីស្រាអែល នៅ​ព្រឹក​ដ៏ស្រស់ស្អាត​នា​ខែ​មិថុនា ។ ខ្ញុំ​បាន​ចុះ​ពីរថយន្ត រួចហើយ​ទាញ​ឈើច្រត់​មួយ​គូ​ចេញ​មក និង​រទេះ​រុញ​មួយ ។ ម៉ាយ៉ា ដែលជា​អ្នកនាំផ្លូវ​របស់​យើង ​មើលទៅ​ប៉ង់​រុំ​ជើង​ខ្ញុំ រួច​ពោល​ថា « អ៊ូ ខ្ញុំ​គិត​ថា បងស្រី​មិន​អាច​ដើរ​ផ្លូវ​នេះ​ក្នុង​ស្ថានភាព​បែបនេះ​បានទេ » ។

ខ្ញុំ​បាន​តប​ថា « ប្រហែលជា​អត់​បាន » ។ « ប៉ុន្តែ​គ្មាន​អ្វី​ដែលរារាំង​ខ្ញុំ​មិន​ឲ្យ​សាកល្បងទេ » ។ គាត់​បាន​ងក់ក្បាល​បន្ដិច ហើយ​យើង​ក៏​ចេញ​ដំណើរ ។ ខ្ញុំ​ចូលគិត​គាត់​ត្រង់​ជឿ​ថា​ខ្ញុំ​អាច​ដើរ​ផ្លូវ​ក្រលិកក្រលុក​បាន ។

ខ្ញុំ​ដើរ​តាម​ផ្លូវ​ដ៏ចោត កាត់​ដុំថ្ម​អស់​មួយ​សន្ទុះ​ដោយ​ខ្លួនឯង ។ ក្រោយមក ដោយ​រំជួល​ចិត្ត​នឹង​ការតាំងចិត្ត​ដោយ​ស្មោះ​របស់​ខ្ញុំ ម៉ាយ៉ា បាន​ទាញ​ខ្សែពួរ​តូច​មួយ​មក​ចង​នឹង​ចង្កូត​នៃ​រទេះ​របស់​ខ្ញុំ ទាញទៅ ។ គាត់​បាន​ទាញ​ខ្ញុំ​ឡើង​ទួល កាត់​ចម្ការ​ក្រូចឆ្មារ និង​ឆ្នេរ​ខ្សាច់​នៃ​សមុទ្រ​កាលីឡេ ។ ពេល​ធ្វើ​ដំណើរ​ចប់ ខ្ញុំ​បាន​បង្ហាញ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកនាំផ្លូវ​ដ៏ល្អ​រូប​នេះ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​បាន​អ្វីមួយ ដែល​ខ្ញុំ​មិន​អាច​សម្រេច​បាន​ដោយ​ខ្លួនឯង ។

នៅពេល​ព្រះអម្ចាស់​ហៅ​ហេណុក​ឲ្យ​ធ្វើ​ដំណើរ​កាត់​ដែនដី​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ នោះ​ហេណុក​បាន​ស្ទាក់ស្ទើរ ។ លោក​គ្រាន់តែ​ជា​ក្មេងប្រុស​ម្នាក់ ដែល​និយាយ​យឺតៗ​ប៉ុណ្ណោះ ។ តើ​លោក​អាច​ដើរលើ​ផ្លូវ​នោះ​ក្នុង​ស្ថានភាព​លោក​ដោយ​របៀប​ណា ? ភាពកម្សោយ​ដែល​មាន​ក្នុង​ខ្លួន​លោក បាន​បំបាំង​ភ្នែក​លោក ។ ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​អ្វី​ដែល​រារាំង​លោក គឺ​សាមញ្ញ និង​ភ្លាមៗ ៖ « ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » ។ ដូច​ហេណុក​ដែរ យើង​ត្រូវ​ចាំ​ថា ព្រះ​មួយ​អង្គ​ដែល​បាន​រងទុក្ខ និង​ឈឺចាប់​ដើម្បី​យើង នឹង​អនុញ្ញាត​ឲ្យ​ជីវិត​រមែង​ស្លាប់​ធ្វើ​កិច្ចការ​របស់​វា​ក្នុង​យើង ប៉ុន្ដែ​ទ្រង់​មិន​សុំឲ្យ​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងនោះ​តែម្នាក់​ឯង​ទេ ។ មិន​ថា​ដំណើររឿង​របស់​យើង​ធ្ងន់ធ្ងរ​យ៉ាងណា ឬ​ផ្លូវ​បច្ចុប្បន្ន​របស់​យើង​ពិបាក​យ៉ាងណា​ទេ ទ្រង់​នឹង​អញ្ជើញ​យើងឲ្យ​ដើរ​ជាមួយ​នឹង​ទ្រង់ ។

សូម​គិតពី​យុវជន​ម្នាក់​ដែល​មាន​បញ្ហា ដែល​បាន​ជួប​ព្រះអម្ចាស់​ក្នុង​ទីរហោស្ថាន ។ យ៉ាកុប បាន​ធ្វើ​ដំណើរ​ឆ្ងាយពី​ផ្ទះ ។ នៅពេល​យប់​ងងឹត លោក​សុបិន​ឃើញ​ជណ្ដើរ​មួយ ថែមទាំង​មាន​ការសន្យា​សេចក្ដីសញ្ញា​ដ៏សំខាន់​ផងដែរ រួមមាននូវ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ហៅ​ថា ការសន្យា​ម្រាមដៃ​ប្រាំ ។ នៅ​យប់​នោះ ព្រះអម្ចាស់​បាន​គង់​នៅក្បែរ​យ៉ាកុប បាន​ណែនាំ​ព្រះអង្គ​ទ្រង់​ថាជា​ព្រះ​នៃ​ឪពុក​របស់​យ៉ាកុប រួចហើយ​បាន​សន្យា​ថា ៖

  • បិតា​គង់​នៅ​ជាមួយ​បុត្រ ។

  • យើង​នឹង​ថែរក្សា​ឯង ។

  • យើង​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​នេះ​វិញ ។

  • យើង​នឹង​មិន​បង់​ចោល​ពួកអ្នក​ឡើយ ។

  • យើង​នឹង​សម្រេច​សេចក្តី​ដែល​យើង​បាន​សន្យា​ឯង ។

យ៉ាកុប​អាច​ជ្រើសយក​ជម្រើស​មួយ ។ លោក​អាច​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​ដោយ​គ្រាន់តែ​ស្គាល់​ព្រះ​នៃ​ឪពុក​របស់​លោក​សាមញ្ញៗ ឬ​លោក​អាច​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​មាន​ទំនាក់ទំនង​សេចក្ដីសញ្ញា​ដ៏មោះមុត​ជាមួយ​ទ្រង់ ។ ច្រើន​ឆ្នាំ​ក្រោយមក ទើប​យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់​អំពី​ជីវិត​ដែល​បាន​រស់នៅ​ក្នុង​ការសន្យា​សេចក្ដីសញ្ញា​របស់ព្រះអម្ចាស់​ថា ៖ « ព្រះ … ទ្រង់​បាន​ឆ្លើយ​មក​ខ្ញុំ ក្នុង​កាល​ដែល​ខ្ញុំ​មាន​សេចក្តី​វេទនា ហើយ​ បាន​គង់​ជាមួយ​នឹង​ខ្ញុំតាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​មក » ។ ដូចជា​ទ្រង់​បាន​ធ្វើ​សម្រាប់​យ៉ាកុប​ដែរ ព្រះអម្ចាស់​នឹង​ឆ្លើយតប​ពួកយើង​ម្នាក់ៗ​កាល​ដែល​យើង​មាន​សេចក្តី​វេទនា បើ​យើង​ជ្រើសរើស​ភ្ជាប់​ជីវិត​យើង​ទៅនឹង​ទ្រង់ ។ ទ្រង់​បាន​សន្យា​ថា​នឹង​ដើរ​ ជាមួយ​នឹង​យើង ​តាម​ផ្លូវ​នេះ ។

យើង​ហៅ​ការណ៍​នេះ​ថា ការដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា—វា​ជា​ផ្លូវ​មួយ​ដែល​ចាប់ផ្ដើម​ដោយ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ហើយ​នាំ​ទៅរក​សេចក្ដីសញ្ញា​កាន់​តែ​ខ្ពស់​ជាងនេះ ពេល​យើង​ចុះ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រហែល​បងប្អូន​ធ្លាប់​ឮ​ពាក្យ​ទាំងនេះ ហើយ​គិត​ពី​ប្រអប់​សញ្ញា​កែង ។ ប្រហែល​អ្វីៗ​ដែល​បងប្អូន​មើលឃើញ គឺ​គ្រាន់តែ​ជា​លក្ខខណ្ឌ​ជាច្រើន​ប៉ុណ្ណោះ ។ បើ​មើល​ឲ្យ​កាន់តែ​ជិត វា​បង្ហាញ​ពី​អ្វីមួយ​ដែល​រឹតតែ​សំខាន់ ។ សេចក្ដីសញ្ញា​គឺ​មិន​គ្រាន់តែ​អំពី​កិច្ចសន្យា​មួយ​នោះទេ ទោះជា​កិច្ចសន្យា​នោះ​សំខាន់​ក្ដី ។ វា​គឺ​អំពី​ទំនាក់ទំនង​មួយ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ផ្លូវ​នៃ​សេចក្ដីសញ្ញា​គឺ​គ្រប់យ៉ាង​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » ។

សូម​ពិចារណា​អំពី​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍ ។ កាលបរិច្ឆេទ​អាពាហ៍ពិពាហ៍​គឺ​សំខាន់ ប៉ុន្ដែ​អ្វីដែល​សំខាន់​ស្មើគ្នា​នោះ​គឺជា​ទំនាក់ទំនង​ដែល​រីកចម្រើន​ឡើង តាមរយៈ​ជីវិត​ដែល​រស់នៅ​ជាមួយ​គ្នា​ត​ទៅមុខ ។ វា​ពិត​ដូចគ្នា​ចំពោះ​ទំនាក់ទំនង​សេចក្ដីសញ្ញា​មួយ​ជាមួយ​ព្រះ ។ លក្ខខណ្ឌ​ត្រូវបាន​កំណត់ នោះ​នឹង​មាន​ការរំពឹង​ទុក​តាម​ផ្លូវ​នេះ ។ ប៉ុន្តែ​ទ្រង់​អញ្ជើញ​ពួកយើង​ម្នាក់ៗ​ឲ្យ​មក តាមដែល​អាច​ធ្វើបាន ដោយ​មាន​គោលបំណង​​ក្នុង​ចិត្តពេញលេញ​ដើម្បី « ឆ្ពោះ​ទៅ​មុខ »១០ដោយ​មាន​ទ្រង់​នៅ​ខាង​យើង ទាំង​ទុកចិត្ត​ថា​ពរជ័យ​នៃ​សន្យា​របស់​ទ្រង់​នឹង​កើតមាន ។ ព្រះគម្ពីរ​រំឭក​យើង​ជាញឹកញាប់ថា ពរជ័យ​ទាំងនោះ​កើតមាន​តាម​ពេលវេលា និង​តាម​របៀប​របស់​ទ្រង់​ផ្ទាល់ ៖ ៣៨ ឆ្នាំ,១១ ទើបចូល ១២ ឆ្នាំក្ដី,១២ ។១៣ ព្រោះ​ផ្លូវ​អ្នក​លំបាក នោះ​ទ្រង់​នឹង​យាង​មក​ជួយអ្នក ។១៤

ដំណឹងល្អ​របស់​ទ្រង់​គឺជា​ដំណឹងល្អ​នៃ​ការយាង​មក​ជួយ ។ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង នៅ​កន្លែង​ដែល​យើង​នៅ​តាម​សភាព​យើង​ជាក់ស្ដែង ។ នេះ​គឺជា​ មូលហេតុ ​ឲ្យមាន​សួនច្បារ ឈើឆ្កាង និង​ផ្នូរ ។ ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ចាត់​ឲ្យ​មក​ជួយ​យើង ដើម្បី​មាន​ជ័យជម្នះ ។១៥ ប៉ុន្តែ​ការបន្ដ​នៅ​កន្លែង​ដែល​យើង​នៅ​នោះ នឹង​មិន​នាំឲ្យ​មាន​ការ​សង្គ្រោះ​ដែល​យើង​ស្វែងរក​នោះទេ ។ ដូច​ដែល​ទ្រង់​ពុំ​ទុក​យ៉ាកុប​ចោល​នៅលើ​ដី​ដែរ នោះព្រះអម្ចាស់​ពុំ​មាន​ព្រះទ័យ​ទុក​ពួកយើង​ណាម្នាក់​ចោល​នៅ​កន្លែង​ណា​នោះទេ ។

ទ្រង់​ក៏​ជា​បេសកកម្ម​នៃ​ការ​លើក​ឡើង​ដែរ ។ ទ្រង់​នឹង​ចាប់តាំង​ធ្វើការ​ល្អ​ក្នុង​យើង​រាល់គ្នា១៦ ដើម្បី​លើកស្ទួយ​យើង​ទៅដល់​កម្រិត​របស់​ទ្រង់ ហើយ​ក្នុង​ដំណើរការ​នេះ ធ្វើឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់​ដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មក​ដើម្បី​លើក​យើង​ឡើង ។១៧ ទ្រង់​សព្វ​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​ប្រែក្លាយ ។ នេះ​គឺ​ជា មូលហេតុ ឲ្យ​មាន​ព្រះវិហារបរិសុទ្ធ ។

យើង​ត្រូវ​ចាំ​ថា ៖ វា​មិនមែន​ជា​ផ្លូវ​តែមួយ​មុខ​ទេ ដែល​នឹង​តម្កើង​យើងទេ តែ​ភាពជា​ដៃគូ​ជាមួយ—ព្រះអង្គ​សង្គ្រោះ​យើង​ទៅវិញ​ទេ ។ ហើយ​ នេះ គឺជា​មូលហេតុ​នៃ​ទំនាក់ទំនង​សេចក្ដីសញ្ញា ។

នៅពេល​ខ្ញុំ​នៅ​ប្រទេស​អ៊ីស្រាអែល ខ្ញុំ​បាន​ទៅ​មើល​ជញ្ជាំង​ខាងលិច ។ សម្រាប់​ពួកសាសន៍​យូដា នេះ​គឺជា​ទីតាំង​ដ៏បរិសុទ្ធ​បំផុត​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ។ វា​ជា​អ្វី​ដែល​នៅសល់​ពី​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ មនុស្ស​ភាគច្រើន​ស្លៀកពាក់​ស្អាតបាត​បំផុត នៅពេល​ពួកគេ​ទៅ​ទីកន្លែង​ដ៏ពិសិដ្ឋ​នេះ ការជ្រើសរើស​សម្លៀក​បំពាក់​របស់​ពួកគេ​ជា​និមិត្តរូប​នៃ​ការលះបង់​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ ។ ពួកគេ​ទៅ​ជញ្ជាំង​នេះ​ដើម្បី​អាន​ព្រះគម្ពីរ ថ្វាយ​បង្គំ និង​ពោល​ពាក្យ​អធិស្ឋាន ។ ពួកគេ​ទូល​អង្វរសុំ​ចង់​បាន​ព្រះវិហារ​បរិសុទ្ធ នៅ​គ្រប់​ការអធិស្ឋាន​ជារៀង​រាល់ថ្ងៃ​របស់​ពួកគេ ដើម្បី​ចង់​ឲ្យមាន​ដំណាក់​នៃ​សេចក្ដីសញ្ញា​នេះ ។ ខ្ញុំ​សរសើរ​ដល់​ការលះបង់​របស់​ពួកគេ​ណាស់ ។

នៅពេល​ខ្ញុំ​ត្រឡប់​មក​ពី​ប្រទេស​អ៊ីស្រាអែល​វិញ ខ្ញុំ​ស្ដាប់​កាន់តែ​យកចិត្ត​ទុកដាក់​ចំពោះ​ការសន្ទនា​ជុំវិញ​ខ្លួន​ខ្ញុំ ទាក់ទង​នឹង​សេចក្ដីសញ្ញា ។ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្ស​សួរ​ថា ហេតុអ្វី​ខ្ញុំ​គួរតែ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ? តើ​ខ្ញុំ​ត្រូវ​ចូលក្នុង​ព្រះដំណាក់​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា ? ហេតុអ្វី​ខ្ញុំ​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ ? តើ​ខ្ញុំ​គួរតែ​វិនិយោគ​លើ​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ? ចម្លើយ​ចំពោះ​សំណួរ​ដ៏ល្អ និង​សំខាន់​ទាំងនេះ​គឺ​សាមញ្ញ​ទេ ៖ វា​អាស្រ័យ​លើ​កម្រិត​នៃ​ទំនាក់ទំនង ដែល​បងប្អូន​ចង់​ដក​ពិសោធន៍​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។១៨ ពួកយើង​ម្នាក់ៗ​នឹង​ត្រូវ​ស្វែងរក​ចម្លើយ​ផ្ទាល់ខ្លួន​យើង ចំពោះ​សំណួរ​ផ្ទាល់ខ្លួន​ដ៏ជ្រាលជ្រៅ​ទាំងនោះ ។

នេះ​ជា​ចម្លើយ​ខ្ញុំ ៖ ខ្ញុំ​ដើរលើ​ផ្លូវ​នេះ​ក្នុងនាមជា « បុត្រី​សំណព្វ របស់​ព្រះបិតា​មាតា​សួគ៌ » ១៩ដែល​ទ្រង់ ស្គាល់​ច្បាស់២០និង​ ទុកចិត្តយ៉ាងខ្លាំង ។២១ ក្នុងនាមជា​បុត្រ​នៃ​សេចក្ដីសញ្ញា ខ្ញុំ​មាន​សិទ្ធិ​ទទួល​បាន​ពរជ័យ​ដែល​បាន​ សន្យា​ទាំងឡាយ ។ ២២ ខ្ញុំ​បាន​ ជ្រើសរើស២៣ ដើរ​ជាមួយ​ព្រះអម្ចាស់ ។ ខ្ញុំ​ត្រូវបាន​ ហៅ២៤ ឲ្យ​ឈរ​ជា​សាក្សី​ដល់​ព្រះគ្រីស្ទ​ដែរ ។ នៅពេល​មាន​អារម្មណ៍​ថា​ផ្លូវ​នេះ​​លើសលុបហួស ខ្ញុំ​ត្រូវ​បាន ពង្រឹង២៥ ដោយសារ​ព្រះគុណ​ធ្វើ​ទៅ​បាន ។ រាល់​ពេល​ដែល​ខ្ញុំ​ឈាន​ចូល​ទ្វារ​នៃ​ព្រះដំណាក់​របស់​ទ្រង់ ខ្ញុំ​ដក​ពិសោធន៍​នូវ​ទំនាក់ទំនង​សេចក្ដីសញ្ញា​ដ៏ជ្រាលជ្រៅ​ជាមួយ​ទ្រង់ ។ ខ្ញុំ​ត្រូវបាន​ បន្សុទ្ធ២៦ដោយ​ព្រះវិញ្ញាណ​ទ្រង់ ទទួល​អំណោយទាន​ពិសិដ្ឋ២៧ព្រះចេស្ដា​ទ្រង់ ហើយ បាន​ញែកចេញ២៨ដើម្បី​ស្ថាបនា​នគរ​ទ្រង់ ។ តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត​រាល់ថ្ងៃ និង​ការទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ ខ្ញុំ​រៀន កាន់​យ៉ាង​ខ្ជាប់ខ្ជួន២៩ ដោយ​ឥត​រង្គើ​ឡើយ ដើម្បី​ដើរ​ធ្វើការ​ល្អ.៣០ ខ្ញុំ​ដើរលើ​ផ្លូវ​នេះ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ទន្ទឹង​ចាំ​ដល់​ថ្ងៃ​ដែល​បាន​សន្យា ពេល​ដែល​ទ្រង់​នឹង​យាង​មក​ម្ដងទៀត ។ បន្ទាប់មក ខ្ញុំ​នឹង បាន​ផ្សារភ្ជាប់​នឹង​ទ្រង់៣១ បាន​ផ្សារភ្ជាប់​នឹង​ទ្រង់ ហើយ​បាន​តម្កើងឡើង​ជា​បុត្រី​នៃ​ព្រះ ដ៏បរិសុទ្ធ៣២ ។

នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ដើរលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​តោងជាប់​នឹង​ការសន្យា​នៃ​សេចក្ដីសញ្ញា ។

នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ចូលក្នុង​ដំណាក់​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ។

នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ ទុកជា​ការរំឭក​ដ៏ខ្ជាប់ខ្ជួន ។

ដោយសារ​ខ្ញុំ​ចង់​តាំងចិត្ត​រស់នៅ​ក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ដ៏មោះមុត​ជាមួយ​ទ្រង់ ។

ប្រហែល​បងប្អូន​ក៏ចង់​ដែរ ។ សូម​ចាប់ផ្ដើម​ពី​កន្លែង​របស់​បងប្អូន ។៣៣ សូម​កុំឲ្យ​ស្ថានភាព​របស់​បងប្អូន​រារាំង​បងប្អូន​ឡើយ ។ សូម​ចាំ​ថា ល្បឿន ឬ​ទីតាំង​នៅលើ​ផ្លូវ​នេះ​មិន​សំខាន់​ដូចជា​ការរីក​ចម្រើន​នោះ​ទេ ។៣៤ សូម​សួរ​នរណាម្នាក់​ដែល​បងប្អូន​ទុកចិត្ត ដែល​កំពុង​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ឲ្យ​ណែនាំ​បងប្អូន​ទៅរក​ព្រះអង្គ​សង្គ្រោះ ដែល​ពួកគេ​បាន​ស្គាល់​នោះ ។ សូម​រៀន​បន្ថែមទៀតអំពី​ទ្រង់ ។ សូម​វិនិយោគ​លើ​ទំនាក់ទំនង​នេះ ដោយ​ការចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ។ មិន​ថា​បងប្អូនអាយុប៉ុន្មាន ឬមានស្ថានភាព​យ៉ាងណា​នោះ​ទេ ។ បងប្អូន​អាច​ដើរ​ជាមួយ​នឹង​ទ្រង់ ។

បន្ទាប់ពី យើង​បានបញ្ចប់​ដំណើរ​នៅលើ ផ្លូវ​ព្រះយេស៊ូវ ម៉ាយ៉ា​មិន​បាន​យកខ្សែពួរ​ទៅ​វិញ​ទេ ។ នាង​បាន​ទុក​វា​ចងជាប់​នឹង​រទេះ​របស់​ខ្ញុំ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ក្មួយប្រុស​ជំទង់​ខ្ញុំ និង​មិត្តភ័ក្តិ​ពួកគេ​ផ្លាស់វេណ​គ្នា​ទាញ​រទេះ​ខ្ញុំ​តាម​ដង​ផ្លូវ​ក្នុង​ក្រុងយេរូសាឡឹម។៣៥ ពួក​គេ​ត្រូវ​ប្រាកដ​ថា​ខ្ញុំ​មិន​ខក​ដំណើរ​រឿង​ណា​មួយ​អំពី​ព្រះ​យេស៊ូ។ ខ្ញុំ​បាន​រំឭកចាំ​ពី​កម្លាំង​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ យើង​អាច​រៀន​ពី​ក្មួយៗ ។ អ្នកមាន​បំណង​ប្រាថ្នា​ដ៏​ស្មោះ​ត្រង់​មួយ​ដើម្បី​ស្គាល់​អ្នកនាំផ្លូវ នោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្មួយៗ​ទុក​ចិត្ត​លើ​កម្លាំង​នៃ​ខ្សែ​ពួរ​ដែល​ចង​យើង​ទៅ​នឹង​ទ្រង់។ ក្មួយៗ​មាន​អំណោយទាន​ក្នុង​ការ​ប្រមូលផ្ដុំ​អ្នក​ដទៃ​ទៅ​កាន់​ទ្រង់។៣៦

អរគុណ ដែល​យើង​ដើរ​ផ្លូវ​នេះ​រួមគ្នា ដោយ​មាន​ការ​ស្រែក​លើក​ទឹកចិត្ត​នៅ​តាម​ផ្លូវ​ធ្វើដំណើរ ។៣៧ នៅពេល​យើង​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​យើង​ជាមួយ​ព្រះគ្រីស្ទ យើង​នឹង​ពង្រឹង​ការ​លះបង់​របស់​យើងផ្ទាល់ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពី​ការណ៍នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ប្រជាជន​ហេណុក​បាន​វង្វេង ពួកគេ​បាន​បដិសេធ​ព្រះគ្រីស្ទ ពួកគេ​បាន​ស្វែងរក​ការប្រឹក្សា​ផ្ទាល់ខ្លួន​គេ​នៅ​ទីងងឹត » ( សូមមើល ម៉ូសេ ៦:២៧–២៨) ។ នៅ​គ្រា​មួយ ដែល​លោក​បាន​បាត់បង់​ជំនឿ​លើ​មនុស្សជាតិ ហេណុក បាន​ងាក​ទៅរក​ព្រះអម្ចាស់​សូម​ការណែនាំ ។ ការហៅ​ទៅកាន់ អេណុក គឺ​ដូចគ្នា​នឹង​ការហៅ ដែល​ព្រះអម្ចាស់​ហៅ​យើងទាំងអស់​គ្នា ៖ « ដើរ​ជាមួយ​យើង» ( ម៉ូសេ ៦:៣៤ សូមមើល​ផងដែរ ម៉ាថាយ ១១:២៨ ) ។ ប៉ុន្ដែ ប្រហែល​ដូចជា​ហេណុក​ដែរ បងប្អូន​មិន​ប្រាកដ​ថា តើ​បងប្អូន​អាច​ដើរលើ​ផ្លូវ​នេះ​ក្នុង​ស្ថានភាព​របស់​បងប្អូន​បាន​ដែរ​ឬអត់ ។ ប្រហែល​បងប្អូន​មាន​អារម្មណ៍​ថា​បង្អាក់​តាម​របៀប​ណាមួយ ។ ប្រហែល​មូលហេតុ​ចម្បង​ដែល​យើង​ត្រូវ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ គឺ​ដោយសារ​តែ​ស្ថានភាព​របស់​យើង ដោយសារ​យើង​ត្រូវបាន​រារាំង​តាម​របៀប​ណាមួយ ហើយ​យើង​ត្រូវការ​ជំនួយ​របស់​ទ្រង់ ។

  2. សូមមើលម៉ូសេ ១:២៣–៣៤ ។

  3. សូមមើល « ព្រះយេស៊ូវណាសារ៉ែតជាអង្គសង្រ្គោះ និង ជាស្តេច ទំនុកតម្កើង, លេខ ១៨១ ។

  4. សូមមើល អេធើរ ១២:២៧

  5. សូមមើល ម៉ាថាយ ១១:២៨–៣០ ។

  6. កូន​ស្រី​របស់​ខ្ញុំ​ចង់​ខ្សឹប​ប្រាប់​ការសន្យា​ម្រាមដៃ​ប្រាំ​នេះ​ដល់​កូនៗ​របស់​ពួកគេ ចៅ​ៗ​របស់​ខ្ញុំ )​ជា​រៀង​រាល់​ព្រឹក—ជា​ការ​រំឭក​អំពី​ព្រះវរបិតា​នៅ​ស្ថានសួគ៌​ដែល​ស្គាល់​ដ៏ទេវភាព​អំពី​កូន​នីមួយៗ​របស់​ទ្រង់។

  7. សូមមើល លោកុប្បត្តិ ២៨:១០–២២ ។ សេចក្ដីសញ្ញា​អ័ប្រាហាំ​ក៏ជា​ការគូស​បញ្ជាក់​ដ៏សំខាន់​មួយ​នៅ​យប់​នោះ​ផងដែរ ។ ធាតុទាំងនេះ​នៃសេចក្ដីសញ្ញា​អ័ប្រាហាំ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុងជីវិត​របស់យើង និងនៅក្នុង​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ៖ ( ១ ). ការសន្យា​នៃ​ការគ្រង​មរតក​ដ៏​អស់កល្ប​ជានិច្ច ( ខទី ១៣ ) ( ២ ). កូនចៅ​ជំនាន់​ក្រោយ​ដ៏​អស់កល្ប​ជានិច្ច ( ខទី ១៤ ) និង ( ៣ ). ពរជ័យ និង​ទំនួល​ខុសត្រូវ​ក្នុង​ការផ្ដល់​ពរជ័យ​ដល់​គ្រប់​ជាតិសាសន៍​ទាំងអស់​នៅលើ​ផែនដី​នេះ ( ខទី ១៥ ) ។

  8. លោកុប្បត្តិ ៣៥:៣ការ​គូស​បញ្ជាក់​បាន​បន្ថែម ។ ឪពុក​ម្តាយ​របស់​យ៉ាកុប​បាន​បង្គាប់​លោក​ឲ្យ​ចាកចេញ​ពី​ផ្ទះ ដើម្បី​ឃ្លាត​ពី​អេសាវ ដែល​បាន​គម្រាម​ថា​នឹង​សម្លាប់​លោក ហើយ​ដើម្បី​មាន​ឱកាស​ជួប​នឹង​នរណាម្នាក់ ដែល​លោក​អាច​រៀបការ​ជាមួយ​នៅក្នុង​សេចក្ដីសញ្ញា ( សូមមើល លោកុប្បត្តិ ២៧:៤១–៤៥; ២៨:១–២, ៥ ) ។

  9. រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណាខែ តុលា ឆ្នាំ ២០២២ ទំព័រ ១១ ។

  10. នីហ្វៃទី ២ ៣១:២០ ។

  11. សូមមើល យ៉ូហាន ៥:៥ ដំណើររឿង​អំពី​ស្រះ​បេថែសដា ។

  12. សូមមើល ម៉ាកុស ៥:២៥ ដំណើររឿង​អំពី​ស្ដ្រី​ម្នាក់​ដែល​បាន​ពាល់​ព្រះពស្ដ​របស់​ព្រះគ្រីស្ទ ។

  13. សូមមើល ម៉ាថាយ ១៤:៣១ ដំណើររឿង​អំពី​ពេត្រុស​ដើរ​លើ​ទឹក ។

  14. សូមមើល « គ្រឹះដ៏មាំមួន » ទំនុកតម្កើងលេខ ៨៥ ។

  15. សូមមើល នីហ្វៃទី ១ ១១:១៦-៣៣ ។

  16. សូមមើល ភីលីព ១:៦; ២:១៣; ពាក្យ​សម្ដី​នៃ​មរមន ១:៧ ។

  17. សូមមើល យ៉ូហាន ១២:៣២ ។

  18. ជារឿយៗ ផ្លូវ​មួយ​អាច​សម្គាល់​បាន​ដោយសារ​បុគ្គលិក​លក្ខណៈ​សំខាន់ៗ ដូចជា ព្រួញ​ចង្អុល​បង្ហាញ​ផ្លូវ ឬ​បង្គោល​សម្គាល់​គីឡូម៉ែត្រ ។ វា​គឺជា​របៀប​មួយ​ដើម្បី​ប្រាកដ​ថា បងប្អូន​នៅលើ​ផ្លូវ​ត្រូវ ឬ​មាន​ការរីក​ចម្រើន​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ ។ ទំនាក់ទំនង​មួយ​ក៏អាច​កំណត់​បាន​ដោយ​បុគ្គលិក​លក្ខណៈ​សំខាន់ៗ​ផងដែរ ។ បុគ្គលិក​លក្ខណៈ​ទាំងនេះ​មួយ​ចំនួន​រួមមាន​ការរំពឹង​ទុក (សូមមើល យេរេមា ២៩:១១, គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:៧ ) ការចុះចូល ( សូមមើល ម៉ូសាយ ៣:១៩, អាលម៉ា ៧:២៣, ១៣:២៨ការបន្ទាប​ខ្លួន ការគោរព​ប្រតិបត្តិ ការអត់ធ្មត់ ការទទួល​ផល ការទុកចិត្ត ( សូមមើល សុភាសិត ៣:៥ ) និង​សេចក្តី​ស្រឡាញ់ ( សូមមើល រ៉ូម ៨:៣១–៣៩ ) ។

  19. « Young Women Theme,» បណ្ណាល័យដំណឹងល្អ បានគូសបញ្ជាក់បន្ថែម សូមមើល ផងដែរ Bonnie H. Cordon, « Beloved Daughters » Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០១៩, ៦៧ ។

  20. សូមមើល យ៉ូហាន ៤:១–២៩ ដំណើររឿង​អំពី​ស្ដ្រី​នៅឯ​មាត់​អណ្ដូង ។

  21. សូម​មើល អាលម៉ា ៣៨:១–៣ ។

  22. សូមមើល ជនគណនា ៦:២៣–២៧ ។

  23. សូមមើល យ៉ូស្វេ ២៤:១៥ ។

  24. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:៣ ដំណើររឿង​អំពី អិមម៉ា ស្ម៊ីធ ។

  25. សូមមើល កូរិនថូសទី ១ ១៥:៩–១០ ។

  26. សូមមើល របាក្សត្រ ទី២ ២០:១–១៧, ជាពិសេស ខទី ១៤ ។

  27. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១–៤៦ ។

  28. សូមមើល សាំយូអែលទី ១ ១៦:១១–១៣ ។

  29. សូមមើល នាង​អេសធើរ ៤:១៦ ដំណើររឿង​អំពី​នាង​អេសធើរ ។

  30. សូមមើល កិច្ចការ ១០:៣៨ ។

  31. សូមមើល អេសាយ ៤៣:១–ច៥ ។

  32. សូមមើល ចោទិយកថា ២៨:១–៩ ។

  33. មិត្តល្អម្នាក់​បានរំឭក​ខ្ញុំថា ការអំពាវនាវ​ឱ្យធ្វើ​សកម្មភាព​គឺ​មានសារៈសំខាន់​នៅក្នុង​ទំនាក់ទំនង​ណាមួយ។

  34. ការសន្ទនា​ជាមួយ​គ្រីស្ទីន អូលសិន ខែ​កញ្ញា ឆ្នាំ ២០២៣ ។

  35. ចំពោះ ម៉ាក អូស្វល ខាមឌិន អូស្វល អាស្ដុន ម៉ាធីនី និង ចាក បាត់ល័រ អរគុណ​ដែល​បាន​ទាញ​ខ្ញុំ​ឲ្យ​ដើរជា​មួយ​គ្នា ។

  36. « បងប្អូន​នឹង​ចងចាំ​ថា ខ្ញុំ​បាន​អញ្ជើញ​​យុវវ័យ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឲ្យ​ចូល​រួម​នៅ​ក្នុង​ទ័ព​ចម្បាំង​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ចូល​រួម​នៅ​ក្នុង​បុព្វហេតុ​ដ៏​ធំ​បំផុត​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ—គឺ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ខ្ញុំ​ចេញ​ការ​អញ្ជើញ​នេះ​ចំពោះ​យុវវ័យ ពីព្រោះ​ពួកគេ​មាន​អំណោយទាន​អស្ចារ្យ ក្នុង​ការ​ឈោង​ទៅ​រក​អ្នកដទៃ និង​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ជឿ​នៅ​ក្នុង​តាម​របៀប​ដ៏​ជឿជាក់ » ( រ័សុល អិម ណិលសុន « Witnesses, Aaronic Priesthood Quorums, and Young Women » Liahona ខែ​វិច្ឆិកា ឆ្នាំ ២០១៩, ៣៩ ) ។

  37. « នគរព្រះ … គឺប្រៀប​ដូច​ជា​ទីក្រុង​ដែល​ឡោមព័ទ្ធ​ជុំវិញ​គ្រប់​ទិសទី​ដោយ​សេចក្ដី​ស្លាប់ ។ មនុស្ស​ម្នាក់ៗ​មាន​កន្លែង​មួយ​ដើម្បី​ការពារ ហើយ​គ្មាន​នរណា​អាច​ឈរ​នៅ​កន្លែង​របស់​អ្នក​ផ្សេង​បានទេ ប៉ុន្តែ <​គ្មាន​អ្វី​ដែល​រារាំង​យើង​មិន​ឲ្យ​ស្រែក​លើក​ទឹកចិត្ត​គ្នា​នោះទេ > » ( Martin Luther, in Lewis William Spitz, The Renaissance and Reformation Movements [១៩៨៧ ], ៣៣៥ ) ។