សន្និសីទទូទៅ
តើ​បងប្អូន​ចង់​រីករាយ​ដែរឬទេ ?
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


តើ​បងប្អូន​ចង់​រីករាយ​ដែរឬទេ ?

ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ជីវិត​បងប្អូន​នឹង​កាន់តែ​ងាយស្រួល កាន់តែ​រីករាយ និង​ពេញ​ដោយ​អំណរ ។

តើ​បងប្អូន​ចង់​រីករាយ​ដែរឬទេ ? តើ​អ្វីខ្លះ​ដែលធ្វើ​ឲ្យ​បងប្អូន​មិន​រីករាយ ? ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « បើ​បងប្អូន​ចង់​វេទនា ចូរ​កុំ​គោរព​ព្រះបញ្ញត្តិ—ហើយ​កុំ​ប្រែចិត្តឡើយ ។ បើ​បងប្អូន​ចង់​បាន​អំណរ នោះ​ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា » ។ តើ​វា​សាមញ្ញ​ទេឬអី​ដើម្បី​រីករាយ ? ដោយ​គ្រាន់តែ​ចុះ​សេចក្តី​សញ្ញា ហើយ​រក្សា​សេចក្តី​សញ្ញា​នៅក្នុង​ជីវិត​របស់​បងប្អូន​ប៉ុណ្ណោះ ។ តោះយើង​មក​មើល​រឿង​ខ្លះៗ ដែល​អាច​ជួយយើង​ឲ្យ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា និង​ធ្វើឲ្យ​យើង​រីករាយ ។

១. តើ​អ្វី​ទៅ​ជា​ផ្លូវ​នៃ​សេចក្តី​សញ្ញា ?

យោងទៅតាម​អែលឌើរ ឌែល ជី រិនឡិន ៖ « ពាក្យ​ថា​ផ្លូវ​នៃ​សេចក្ដី​សញ្ញាសំដៅ​ទៅ​លើ​សេចក្ដី​សញ្ញា​ជា​បន្ត​បន្ទាប់ ពេល​យើង​មក​រក​ព្រះ​គ្រីស្ទ ហើយ​ភ្ជាប់​ទៅ​នឹង​ទ្រង់ ។ តាម​រយៈ​ចំណង​នៃ​សេចក្ដី​សញ្ញា​នេះ យើង​អាច​ទទួល​បាន​ព្រះចេស្តា​ដ៏​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ។ ផ្លូវ​នេះ​ចាប់​ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ប្រែ​ចិត្ត រួច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ យើង​បន្ត​សេចក្ដី​សញ្ញា​ទាំងនោះ​នៅគ្រប់ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ។

ចាប់ផ្តើម​ពី​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក យើង​ក៏​ចុះ​សេចក្តី​សញ្ញា​ជាច្រើនទៀត​នៅក្នុង​ជីវិត ។ ជាថ្មីម្តងទៀត អែលឌើរ រិនឡាន់ បាន​មាន​ប្រសាសន៍ ៖ « ផ្លូវ​នៃ​សេចក្តីសញ្ញា​នាំ​ឆ្ពោះទៅ​កាន់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដូចជា​អំណោយ​ទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាដើម ។ អំណោយ​ទាន​ពិសិដ្ឋ​គឺ​ជា​អំណោយ​នៃ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​ព្រះ ដែល​ភ្ជាប់​យើង​ទៅ​នឹង​ទ្រង់​កាន់​តែ​ពេញលេញ » ។

តើ​បងប្អូន​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ឬទេ ?

ពេលខ្លះ​នៅពេល​យើង​ចុះ​សេចក្តី​សញ្ញា​ហើយ យើង​បរាជ័យ​ក្នុង​ការ​រក្សា​សេចក្តី​សញ្ញា​ទាំងនោះ ។ នៅពេល​រឿង​នេះ​កើតឡើង តើ​បងប្អូន​អាច​ត្រឡប់​មក​ផ្លូវ​នៃ​សេចក្តី​សញ្ញា​វិញ​ដោយ​របៀបណា ? ខ្ញុំ​សូម​ចែកចាយ​​ឧទាហរណ៍​មួយចំនួន អំពី​ការត្រឡប់​មក​ផ្លូវ​នៃ​សេចក្តី​សញ្ញា​វិញ ។

ជាង​មួយខែ​មុននេះ ខ្ញុំ​បាន​ទទួល​សារមួយ​មកពី​អ្នក​ត្រឡប់មកពី​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ដែល​ធ្លាប់​បម្រើ​ជាមួយ​យើង ។ គាត់​ប្រាប់​ថា « មួយ​រយៈ​ចុង​ក្រោយ​នេះ​លំបាក​ណាស់ ។ ការ​តស៊ូ​ពុះពារ​នឹង​ការថប់បារម្ភ និង​ការធ្លាក់​ទឹកចិត្ត​រាល់ថ្ងៃ វាធ្វើ​ឲ្យ​ខ្ញុំ​តានតឹង វាពិតជា​លំបាក​ខ្លាំងណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ និង​វេទនា ។ ខ្ញុំ​បាន​អធិស្ឋាន​សុំ​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​ឲ្យ​មាន​ភាពសុខសាន្ត និង​ការលួងលោម​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​តយុទ្ធ​នឹង​ការលំបាក ។ … ខណៈពេល​ខ្ញុំ​កំពុង​អធិស្ឋាន ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ​ប្រាប់​ខ្ញុំថា ខ្ញុំ​ត្រូវ​បង់ដង្វាយ​មួយភាគ​ក្នុងដប់​ឲ្យ​ពេញលេញ ។ … ខ្ញុំ​មាន​អារម្មណ៍​ពីព្រះ​វិញ្ញាណ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​ដូច្នេះ​ភ្លាមៗ ។ ដោយ​មាន​បំណង​ចង់​ធ្វើ​ដូច្នេះ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ការបំផុស​គំនិត​ថា ‹ បើ​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​អ្នក អ្វីៗ​នឹង​មិន​អី​ទេ › ។ ខ្ញុំ​នៅតែ​ពិបាក​ក្នុង​ការ​ស្វែងរក​ភាពសុខសាន្ត ប៉ុន្តែ​ខ្ញុំ​មាន​ទីបន្ទាល់​ទៅលើ​ព្រះអង្គសង្គ្រោះ​ ហើយថា​តាមរយៈ​ការស្តាប់​បង្គាប់​របស់ខ្ញុំ នោះ​ខ្ញុំ​អាច​មាន​អារម្មណ៍ និង​ស្វែងរក​ភាពសុខសាន្ត​ដែល​ខ្ញុំ​កំពុង​ស្វែងរក​នៅក្នុង​ចិត្ត និង​គំនិត​របស់ខ្ញុំ​បាន ។ ថ្មីៗ​នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះវិហារ​វិញ ហើយ​ស្វែងរក​ព្រះវិញ្ញាណ​ក្នុង​គ្រប់​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ » ។

ឥឡូវ គាត់​សុខសប្បាយ​ណាស់ ។ បងប្អូន​ក៏​ប្រហែល​ជា​សុំ​ពីព្រះវរបិតាសួគ៌​នូវ​ភាពសុខសាន្ត​ផងដែរ ប៉ុន្តែ​ចម្លើយ​អាច​ខុស​ពី​អ្វី​ដែល​បងប្អូន​រំពឹង​ទុក ។ ដរាបណា​បងប្អូន​ព្យាយាម​ស្គាល់​ព្រះអង្គសង្គ្រោះ ហើយ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ នោះ​ទ្រង់នឹង​ផ្តល់ឲ្យ​បងប្អូន​នូវ​ចម្លើយ​ផ្ទាល់ខ្លួន​បងប្អូន ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

« មេរៀន​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​អាច​រៀន​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ គឺ​ថា​នៅពេល​ព្រះ​មាន​ព្រះបន្ទូល រួច​យើង​គោរព​តាម នោះ​យើង​នឹង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​ជានិច្ច » ។

« នៅពេល​យើង​រក្សា​បទបញ្ញត្តិ​ទាំងនោះ នោះ​ជីវិត​យើង​នឹង​កាន់តែ​សប្បាយ​រីករាយ កាន់តែ​ពេញលេញ ហើយ​មិនសូវ​ស្មុគស្មាញ​នោះ​ទេ ។ បញ្ហា និង​ឧបសគ្គ​របស់​យើង​នឹង​កាន់តែ​ងាយ​គ្រប់គ្រង ហើយ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា [ របស់​ព្រះ ] » ។

ពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព វា​ជា​ពេល​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ជា​ឪពុក​វ័យក្មេង​ម្នាក់​ក្នុង​វ័យ ៣០ ឆ្នាំ ប៉ុន្តែ​ខ្ញុំ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​តែបញ្ហា​ប្រឈមមុខ​នានា​ក្នុង​គ្រួសារ ។ ខ្ញុំ​មិន​អាច​រក​ដំណោះស្រាយ​បាន​ទេ ហើយ​ខ្ញុំ​គិត​ថា​បញ្ហា​ប្រឈមមុខ​ទាំងនេះ​នឹង​មិន​ចេះ​ចប់​ឡើយ ។ ខ្ញុំ​ហត់នឿយ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​អារម្មណ៍ ។ ខ្ញុំ​បាន​ចាប់ផ្តើម​សង្ស័យ​ពី​កម្លាំង​ខាងវិញ្ញាណ​របស់ខ្ញុំ​ផងដែរ ។ នៅក្នុង​ពេល​ដ៏​លំបាក​នោះ​ហើយ ដែល​ប្រធាន​ស្តេក​ខ្ញុំ​បាន​ផ្តល់​ការហៅបម្រើ​មកឲ្យ​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​យក​ការហៅបម្រើ​នេះ ទោះ​បី​ជា​វា​ពិបាក​ក្ដី ។

ភរិយា​ខ្ញុំ​ក៏​បាន​ជួប​សម្ភាស​នឹង​ប្រធាន​ស្ដេក​ដែរ ប៉ុន្តែ​គាត់​មិន​អាច​និយាយ យល់ព្រម ក៏​មិន​អាច​និយាយ ទេ មាន​តែ​ស្រក់​ទឹកភ្នែក ។ នាង​បាន​យំ​ពេញ​មួយ​សប្តាហ៍ ដោយ​សួរ​ព្រះវរបិតាសួគ៌​ថា « ហេតុអ្វី​នៅ​ពេល​នេះ ? ហើយ « តើ​ព្រះអង្គ​ពិតជា​ស្គាល់​បុគ្គល​ម្នាក់ៗ​មែនទេ ? » នាង​ពុំ​ទទួល​បាន​ចម្លើយ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ប៊ីស្សព​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ ។ នាង​មិន​បាន​សួរ​ព្រះវរបិតាសួគ៌​នូវ​សំណួរ​ទាំង​នោះ​ទៀត​ទេ ប៉ុន្តែ​បាន​គាំទ្រ​ខ្ញុំ​ក្នុង​ការហៅ​បម្រើ​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ ។

នៅ​ថ្ងៃ​អាទិត្យ​ដែល​ខ្ញុំត្រូវ​ដោះលែង ភរិយា​ខ្ញុំ​បាន​ឮ​សំឡេង ខណៈ​នាង​កំពុង​ទទួល​សាក្រាម៉ង់ ។ សំឡេង​នោះ​បាន​ខ្សឹប​ប្រាប់​នាង​ថា « ដោយសារ​អ្នក​ពិបាក​ដើរ នោះ​យើង​បាន​ហៅ​គាត់​ឲ្យ​ធ្វើជា​ប៊ីស្សព ដើម្បី​បី​អ្នក ហើយ​ដើរ​ជំនួស​អ្នក » ។ ពេល​ក្រឡេក​មើល​ទៅ​កាលពី​ប្រាំមួយ​ឆ្នាំមុន នាង​បាន​ដឹងថា​បញ្ហា​ប្រឈមមុខ​ជាច្រើន​ដែលហាក់​ដូចជា​គ្មានទីបញ្ចប់ ឥឡូវនេះ​ត្រូវបាន​ដោះស្រាយ​នៅ​តាម​ផ្លូវ​អស់​ហើយ ។

យើង​បាន​រៀនថា នៅពេល​យើង​គិតថា​វាមិនមែន​ជាពេលវេលា​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការទទួល​ការ​ហៅ​បម្រើ នោះ​វា​អាច​ជាពេល​ដែល​យើង​ត្រូវការ​ការហៅបម្រើ​នោះ​ជាងគេ​បំផុត ។ នៅ​ពេល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​បម្រើ​ក្នុង​ការហៅបម្រើ​ណា​មួយ ទោះ​ជា​ការ​ហៅបម្រើ​នោះ​ស្រាល ឬ​ធ្ងន់​ក្ដី ទ្រង់​ទត​ឃើញ​ពី​តម្រូវការ​របស់​យើង ។ ទ្រង់​ប្រទាន​កម្លាំង​ដែល​យើង​ត្រូវការ ហើយ​ត្រៀម​ពរជ័យ​ជាស្រេច​ដើម្បី​ចាក់​មក​លើ​យើង នៅពេល​យើង​បម្រើ​ដោយ​ស្មោះត្រង់ ។

មាន​រឿង​ជា​ច្រើន​ទៀត​ដែល​រំខាន​យើង​ពី​ការបន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ មិន​ថា​វា​ជា​អ្វី​នោះ​ទេ វា​មិន​ដែល​យឺត​ពេល​ទេ​ក្នុង​ការបង្វែរ​ចិត្ត​យើង​ទៅ​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។ អែលឌើរ ផល វី ចនសុន បាន​បង្រៀន​យើង « ពេល​យើង​ធ្វើ​តាម​សាតាំង យើង​ផ្ដល់​អំណាច​ឲ្យ​វា ។ ពេល​យើង​ធ្វើ​តាម​ព្រះ ទ្រង់​ប្រទាន​អំណាច​ដល់​យើង » ។

ស្ដេច​បេនយ៉ាមីន​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ថ្លែងទីបន្ទាល់ ៖ « ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​គិតពិចារណា អំពី​ស្ថានភាព​ដ៏មាន​ពរ និង​រីករាយ នៃ​អស់អ្នកណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួកគេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។

៣. តើ​ការរក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​អាច​ធ្វើ​ឲ្យ​បងប្អូន​សប្បាយ​រីករាយ​យ៉ាង​ដូចម្ដេច ?

ភរិយា​ខ្ញុំ​និយាយ​ថា អាពាហ៍​ពិពាហ៍​របស់​យើង​ទឹម​យើង​ជាមួយ​គ្នា ហេតុដូច្នោះ​នាង​អាច​ធ្វើ​អ្វី​ដែល​នាង​មិន​អាច​ធ្វើ​ពី​មុន​បាន ។ ឧទាហរណ៍ ៖ តាំងពី​តូចមក នាង​ពិបាក​ក្នុង​ការចេញក្រៅ​ពេល​មេឃ​ងងឹត ប៉ុន្តែ​វាមិន​ពិបាក​ទៀតទេ ព្រោះ​ខ្ញុំ​ទៅ​ជាមួយនាង ។ នាង​ទាប ហើយ​មិនអាច​ឈោង​ធ្នើរ​ខ្ពស់​បាន​ទេ លុះត្រា​តែ​នាង​ប្រើកៅអី ឬ​ជណ្ដើរ ប៉ុន្តែ​ខ្ញុំអាច​ឈោង​យក​របស់​នៅ​ធ្នើខ្ពស់​ឲ្យ​នាងបាន ព្រោះ​ខ្ញុំ​ខ្ពស់​ជាង ។ ការ​ទទួល​នឹម​របស់​ព្រះអង្គសង្គ្រោះ​មក​ដាក់​លើ​យើង​គឺ​បែប​ដូច្នោះ​ផងដែរ ។ នៅពេល​យើង​ទឹម​ជាមួយ​ទ្រង់ យើង​អាច​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ពីព្រោះ​ទ្រង់​អាច​ធ្វើ​អ្វីៗ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង ។

អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទឹម​យើង​ទៅ​ជាមួយ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មាន​ន័យ​ថា ព្រះអង្គសង្គ្រោះ​កំពុងតែ​អញ្ជើញ​យើង​ឲ្យពឹងផ្អែក និង​អូសទាញ​ជាមួយនឹង​ទ្រង់ ទោះជា​សមត្ថភាព​ល្អបំផុត​របស់យើង​មិនស្មើរ ឬមិន​ប្រៀប​ទៅនឹង​ទ្រង់​ក៏ដោយ ។ កាលណា​យើង​ទុកចិត្ត ហើយ​អូសបន្ទុក​របស់​យើង​ជាមួយ​ទ្រង់ ក្នុង​ដំណើរ​នៃជីវិត​រមែងស្លាប់​នេះ ពិតណាស់ នឹម​របស់ទ្រង់​គឺងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល » ។

ប្រធាន ណិលសុន ក៏​បានបង្រៀន​ដែរ ៖

« ​ការដាក់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ថា បងប្អូន​មានសិទ្ធិ​ទទួល ព្រះចេស្តា​ដើម្បី​ពង្រឹង និង​ប្រោសលោះ​របស់​ទ្រង់ » ។

« រង្វាន់​នៃការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង​កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង ។ ព្រះចេស្តា​នេះ​ជួយ​ឆ្ការ​ផ្លូវ​ឲ្យ​យើង ។ អស់​អ្នក​ដែល​រស់នៅ​តាម​ក្រឹត្យវិន័យ​ជាន់​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​កាន់តែ​ខ្លាំង​របស់​ទ្រង់ » ។១០

« [ ការ ] រក្សា​សេចក្តី​សញ្ញា​ពិតជា​ធ្វើឲ្យ​ជីវិត​កាន់តែ​ងាយស្រួល ! បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—ទទួល​បាន​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង » ។១១

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ តើ​បងប្អូន​ចង់​រីករាយ​ដែរឬ​ទេ ? ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ជីវិត​បងប្អូន​នឹង​កាន់តែ​ងាយស្រួល កាន់តែ​រីករាយ និង​ពេញ​ដោយ​អំណរ ។ ព្រះអង្គសង្គ្រោះ​យើង​កំពុង​អញ្ជើញ​យើង « អស់អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុកធ្ងន់​អើយ ចូរមក​ឯខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក » ។១២ ទ្រង់​គឺជា​ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ។ ទ្រង់​ទួល​យក​បន្ទុក​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់តែ​ងាយ​ស្រួល ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។