សន្និសីទទូទៅ
បងប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


បងប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ព្រះគ្រីស្ទ

សូម​ឲ្យ​យើង​រីករាយ​កាន់តែ​ខ្លាំង​នូវ​ញាតិវង្ស​ខាងវិញ្ញាណ ដែល​មាន​រវាង​គ្នា​នឹងគ្នា ហើយ​ឲ្យតម្លៃ​ទៅលើ​គុណលក្ខណៈ​ខុសគ្នា និង​អំណោយទាន​ផ្សេងៗ ដែល​យើង​ទាំងអស់​គ្នា​មាន ។

មិត្ត​ជា​ទី​ស្រឡាញ់​អើយ ពួក​យើង​បាន​មាន​សន្និសីទ​ដ៏​អស្ចារ្យ​នា​ថ្ងៃ​នេះ ។ យើង​ទាំងអស់​គ្នា​បាន​ទទួល​អារម្មណ៍​ពី ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាមរយៈ​សារលិខិត​ដ៏អស្ចារ្យ​ដែល​បាន​ចែកចាយ​ដោយ​ថ្នាក់​ដឹកនាំ​របស់​យើង ។ ខ្ញុំ​មាន​ឯកសិទ្ធិ​ណាស់​ដើម្បី​ថ្លែង​ទៅកាន់​បងប្អូន​នា​ល្ងាច​នេះ ជា​អ្នក​ឡើង​និយាយ​ចុង​បញ្ចប់​សម្រាប់​សម័យប្រជុំនេះ ។ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បន្ដ​គង់​នៅ​ជាមួយ​យើង កាល​ដែល​យើង​រីករាយ​ជាមួយ​គ្នា ក្នុង​នាម​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ ។

ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ » ។ ក្នុង​នាម​ជា​សាសនាចក្រ​សាកល និង​កំពុង​រីក​លូតលាស់​ឥត​ឈប់ឈរ ការ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្យាការី​របស់​យើង គឺជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ស្ថាបនា​នគរ​របស់​ព្រះ​អង្គសង្គ្រោះ​នៅ​ក្នុង​គ្រប់​ជាតិសាសន៍​នៃ​ពិភពលោក ។

ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ បង្រៀន​ថា យើង​ទាំងអស់​គ្នា​គឺជា​បុត្រា និង​បុត្រី​ខាងវិញ្ញាណ​ដ៏​ជា​ទី​ស្រឡាញ់​នៃ​ព្រះមាតាបិតា​សួគ៌​ទាំងអស់គ្នា ដែល​ទ្រង់​ពិត​ជា​ស្រឡាញ់​យើង ហើយ​ថា​យើង​បាន​រស់​នៅ​ជា​គ្រួសារ​មួយ​នៅក្នុង​ទីវត្តមាន​របស់​ព្រះ ពី​មុន​យើង​កើត​មក​លើ​ផែនដី​នេះ ។ ដំណឹងល្អ​ក៏​បង្រៀន​ផងដែរ​ថា យើង​ទាំងអស់​គ្នា​ត្រូវ​បាន​បង្កើត​តាម​រូប​អង្គ​ដូចជា​ព្រះ ។ ហេតុដូច្នោះ​ហើយ​យើង​គឺ​ស្មើភាព​គ្នា​ចំពោះ​ទ្រង់ ដ្បិត​ទ្រង់ « បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​មួយ » ហេតុដូច្នោះ​ហើយ​យើង​ទាំងអស់​គ្នា​មាននិស្ស័យ និងកេដំណែល និង​សក្ដានុពល​នៃ​ព្រះ ដ្បិត « មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរបិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​[ យើង ] ទាំង​អស់ » ។

ក្នុង​នាម​ជា​ពួក​សិស្ស​នៃ​ព្រះគ្រីស្ទ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បង្កើន​សេចក្ដីជំនឿ សេចក្ដី​ស្រឡាញ់ ភាព​ជា​បងប្អូនប្រុសស្រី​ខាងវិញ្ញាណ​របស់​យើង​ដោយ​ដួងចិត្ត​វេញ​ធ្លុង​ជាមួយ​គ្នា​ក្នុង​សាមគ្ពីភាព និង​សេចក្ដីស្រឡាញ់ ទោះជា​យើង​មាន​ភាព​ខុសគ្នា​ក្ដី ដូច្នេះ​ចូរ​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​លើក​កម្ពស់​ការ​គោរព​ចំពោះ​សេចក្ដីថ្លៃថ្នូរ​នៃ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។

តើ​នោះ​ពុំ​ដូចជា​ស្ថាន​ភាព​ដែល​ប្រជាជន​នីហ្វៃ​បាន​ជួប​ប្រទះ កាល​ពី​ជិត​ពីរ​សតវត្សរ៍​ពី​មុន​ព្រះគ្រីស្ទ​បាន​យាង​ទៅ​បម្រើ​ចំពោះ​ពួកគេ​ទេ​ឬអី ?

« ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ »…

« ក៏​គ្មាន​ចែក​ទៅ​ជា​ពួក​លេមិន ឬ​ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​មួយ គឺជា​កូន​ចៅ​នៃ​ព្រះគ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុកជា​មរតក ។

ពួកគេ​បាន​ពរ ហើយ​ចម្រើនឡើង !

ប្រធាន​ណិលសុន បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ផ្សាយ​នូវ​សេចក្ដីថ្លៃថ្នូរ និង​ការគោរព​ចំពោះ​បងប្អូន​របស់យើង នៅពេល​លោក​ថ្លែង​ថា ៖ « អង្គ​បង្កបង្កើត​របស់យើង​ទាំងអស់​គ្នា ទូល​អង្វរ​ឲ្យ​យើង​ម្នាក់ៗ​បោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​ទាស់​នឹង​ក្រុម​ណា​មួយ​នៃ​កូនចៅ​របស់​ព្រះ​ចោលចេញ ។ បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកយើង​មាន​ការរើសអើង​ចំពោះ​ជាតិសាសន៍​ដទៃទៀត ចាំបាច់​ត្រូវ​ប្រែចិត្ត !… វា​តម្រូវ​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ​អ្វី​ក៏ដោយ​ដែល​យើងអាច​ធ្វើ​ទៅបាន ក្នុង​ឥទ្ធិពល​របស់យើង​ដើម្បី​រក្សា​សេចក្ដីថ្លៃថ្នូរ និង​ការ​គោរព​ចំពោះ​បុត្រា​បុត្រី​នៃ​ព្រះ​គ្រប់​រូប​ដែល​សម​នឹង​ទទួល » ។ ៩ តាម​ជាក់ស្ដែង សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ គឺ​ត្រូវ​មាន​ការ​គោរព​ចំពោះ​ភាព​ខុសគ្នា​របស់យើង ។១០

សូមពិចារណា​អំពី​ចំណង​ដ៏ពិសិដ្ឋ​ដែល​បង្រួបបង្រួម​យើង​ជាមួយ​ព្រះ ក្នុង​នាម ជា​បុត្រាបុត្រី​របស់​ទ្រង់ ដែល ការដឹកនាំ​ដ៏​ព្យាករ​នេះ ដែល​បាន​ផ្ដល់ឲ្យ​ដោយ​ប្រធាន ណិលសុន គឺ​ជា​ការ​បោះជំហាន​ទៅ​មុខ​ដ៏​សំខាន់​មួយ​ដោយ​គ្មានសង្ស័យ ដើម្បី​ស្ថាបនា​ស្ពាន​នៃ​ការ​យល់ដឹង ជាជាង​ការ​បង្កើត​ជញ្ជាំង​នៃ​ការរើសអើង និង​ការផ្ដាច់ខ្លួន​នៅក្នុង​ចំណោម​ពួកយើង ។១១ ទោះ ជា​យ៉ាង​ណា​ក៏​ដោយ ដូច​ប៉ុល​បាន​ព្រមាន​ដល់​ពួក​អេភេសូរ​ថា យើង​ត្រូវ​ទទួលស្គាល់​ថា ដើម្បី​សម្រេច​បាន​គោលបំណង​នេះ វា​នឹង​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​រៀងៗ​ខ្លួន និង​ជារួម​ដើម្បី​ប្រព្រឹត្ត​ដោយ​ភាព​រាបសារ បន្ទាបខ្លួន និង​អត់ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។១២

មាន​ដំណើរ​រឿង​មួយ​របស់​គ្រូ​អាចារ្យ​សាសន៍​យូដា​ម្នាក់ ដែល​រីករាយ​នឹង​ការ​មើល​ព្រះអាទិត្យ​រះ​ជាមួយ​នឹង​មិត្ត​ពីរ​នាក់ ។ គាត់​បាន​សួរ​ពួកគេ​ថា « តើ​អ្នក​អាច​ដឹង​ថា​ពេល​យប់​កន្លង​ផុត​ទៅ ហើយ​មាន​ថ្ងៃ​ថ្មី​មួយ​ចាប់ផ្ដើម​ឡើង​ដោយ​របៀប​ណា ? »

ម្នាក់​បាន​តប​ថា « អ្នក​អាច​ដឹង នៅពេល​អ្នក​អាច​មើល​ទៅ​ទិស​ខាង​កើត ហើយ​អាច​មើល​ដឹង​ថា​សត្វចៀម​ខុស​ពី​សត្វ​ពពែ » ។

ម្នាក់​ទៀត​ក៏​តប​ថា « អ្នក​អាច​ដឹង នៅពេល​អ្នក​អាច​មើល​ទៅ​ជើង​មេឃ ហើយ​មើល​ស្គាល់​ដើម​អូលីវ​ខុស​ពី​ដើម​ល្វា » ។

បន្ទាប់​មកពួក​គេ​ងាក​ទៅ​មើល​អាចារ្យ​ដ៏​ឈ្លាសវៃ​នោះ ហើយសួរ​គាត់​សំណួរ​ដូច​គ្នា​នោះ ។ បន្ទាប់​ពី​នឹកគិត​ជា​យូរ គាត់​បាន​តប​ថា « អ្នក​អាច​ដឹង នៅពេល​អ្នក​មើល​ទៅ​ទិស​ខាង​កើត ហើយ​មើល​ឃើញ​មុខ​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស ហើយ​អាច​ប្រាប់​ថា ‹ នាង​ជា​ប្អូន​ស្រី​ខ្ញុំ គាត់​ជា​បងប្រុស​ខ្ញុំ › » ។១៣

មិត្ត​ជា​ទីស្រឡាញ់ ខ្ញុំ​អាច​អះអាង​នឹង​បងប្អូន​ថា ពន្លឺ​នៃ​ថ្ងៃ​ថ្មី​មួយ រះ​ភ្លឺ​ត្រចង់​នៅក្នុង​ជីវិត​យើង នៅពេល​យើង​មើល​ឃើញ និង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​របស់យើង​ដោយ​ការ​គោរព និង​សេចក្ដីថ្លៃថ្នូរ ហើយ​ធ្វើជា​បងប្អូនប្រុសស្រី​ពិត​នៅ​ក្នុង​ព្រះគ្រីស្ទ ។

អំឡុង​ការបម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់ ព្រះយេស៊ូវ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​គោលការណ៍​នេះ​កាល​ទ្រង់​« បាន​ចេញ​ទៅ​ធ្វើការ​ល្អ »​១៤ ចំពោះ​មនុស្ស​គ្រប់​រូប អញ្ជើញ​ពួកគេ​ឲ្យមក​រក​ទ្រង់ ហើយ​ទទួល​ទាន​សេចក្ដីល្អ​របស់​ទ្រង់ មិនថា​ជាតិសាសន៍ ឋានៈសង្គម ឬ​ចរិត​វប្បធម៌​របស់​ពួកគេ​យ៉ាង​ណា​ទេ ។ ទ្រង់​បាន​បម្រើ ព្យាបាល ហើយ​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវ​ការ​របស់​មនុស្ស​គ្រប់​រូប ជា​ពិសេស អ្នក​ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ខុសពីគេ មើលងាយ ឬ​មិន​រាប់រក ។ ទ្រង់​ពុំ​បដិសេធ​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​បាន​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​ស្មើភាព និង​ក្ដីស្រឡាញ់ ដ្បិត​ទ្រង់​បាន​មើល​ឃើញ​ពួកគេ​ជា​បងប្អូនប្រុសស្រី​របស់ទ្រង់ ជាបុត្រាបុត្រី​នៃ​ព្រះវរបិតា​ដូចគ្នា ។១៥

មាន​គ្រា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ ដែល​បាន​កើត​ឡើង គឺ​នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ដោយ​មាន​ចេតនា​យាង​កាត់​តាម​ផ្លូវ​ស្រុក​សាម៉ារី ។១៦ បន្ទាប់​មក​ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័យ​គង់​សម្រាក​នៅ​ជិត​នឹង​អណ្ដូង ទឹក​យ៉ាកុប ។ ខណៈ​ពេល​នៅ​ទីនោះ មាន​ស្រ្តី​សាសន៍​សាម៉ារី​ម្នាក់​បាន​ដើរ​មក​ដង​ទឹក ។ នៅក្នុង​ព្រះបញ្ញាញាណ​ទ្រង់ ព្រះយេស៊ូវ​បាន​ថ្លែង​ទៅកាន់​នាងថា « សូម​ឲ្យ​ខ្ញុំ​ផឹក​ផង » ។១៧

ស្ត្រី​រូប​នេះ​មាន​សេចក្ដីអស្ចារ្យ​ដែល​សាសន៍​យូដា​ម្នាក់នេះ បាន​សុំ​ស្ត្រី​សាសន៍​សាម៉ារី​ឲ្យ​ជួយ ហើយ​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​ដោយ​និយាយ​ថា « លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ ? នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ » ។១៨

ប៉ុន្តែ​ជាក់​ស្ដែង​ព្រះយេស៊ូវ បានបោះបង់ចោល​នូវ​ទំនៀមទម្លាប់​ដ៏​យូរ​រវាង​សាសន៍​សាម៉ារី និង​សាសន៍​យូដា​នោះ ទ្រង់​បាន​បម្រើ​ដល់​ស្ត្រី​រូបនេះ​ដោយ​សេចក្ដីស្រឡាញ់ ជួយ​នាង​ឲ្យ​ដឹង​ថា​ទ្រង់​ជា​នរណា​ពិត គឺ​ទ្រង់​ជា​ព្រះមែស៊ី ដែល​នឹង​ប្រាប់​គ្រប់​ការ​ទាំងអស់ ហើយ​ដែល​នាង​កំពុង​រងចាំ​ការយាង​មក​របស់ទ្រង់​នោះ ។១៩ ឥទ្ធិពល​នៃ ការ​បម្រើ​ដ៏​ទន់ភ្លន់​នោះ បាន​បណ្ដាល​ឲ្យ​ស្ត្រី​រូប​នោះ​រត់​ទៅ​ក្នុង​ទីក្រុង​ប្រកាស​ដល់​ប្រជាជន​អំពី​អ្វី​ដែល​បាន​កើតឡើង ដោយ​និយាយ​ថា « តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ? »១៩

ខ្ញុំ​អាណិត​ខ្លាំង​ណាស់​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប ប្រមាថ ឬ​បៀតបៀន​មកពី​មនុស្ស​ដែល​គ្មាន​បេះដូង និង​ពុំចេះគិត ដោយសារ​តែ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ឈឺចាប់​របស់​មនុស្ស​ល្អ រងទុក្ខ​មកពី​ការ​វិនិច្ឆ័យ ឬ​បដិសេធ ដោយសារ​តែ​ពួកគេ​និយាយ មានរូបរាង ឬ​រស់នៅ​ខុស​ពី​គេ ។ ខ្ញុំ​ក៏​មាន អារម្មណ៍​សោក​សៅ​ក្នុង​ចិត្ត​ជាខ្លាំង​ផងដែរ​ចំពោះ​អស់​អ្នក​ដែល​មាន​គំនិត​នៅ​តែ​ខ្មៅ​ងងឹត ដែល​ការមើលឃើញ​មាន​កម្រិត ហើយ​ដួងចិត្ត​នៅតែ​រឹងរូស​ដោយសារ​ពួកគេ​ជឿ​ទៅលើ​ការ​ទាបជាង​របស់​អស់អ្នក​ដែល​ខុស​ពី​ពួកគេ​នោះ ។ ទស្សនៈ​ដ៏​មាន​កម្រិត​របស់ពួកគេ​អំពី​អ្នកដទៃ គឺ​ពិត​ជា​រារាំង​សមត្ថភាព​របស់ពួកគេ​មិន​ឲ្យ​មើល​ឃើញ​ថា​ពួកគេ​ជា​នរណា ក្នុង​នាម​ជា​កូន​របស់​ព្រះ ។

ដូច​បាន​ទាយ​ទុក​ដោយ​ពួក​ព្យាការី ពួក​យើង​កំពុង​រស់នៅ​ក្នុង​ជំនាន់​ដ៏​គ្រោះថ្នាក់ ដែល​នាំ ទៅ​ការយាងមក​ជា​លើក​ទី ពីរ​របស់​ព្រះអង្គសង្គ្រោះ ។២១ ពិភពលោក​ជា​ទូទៅ​ត្រូវ​បានបែក​ខ្ញែក​ដោយ​សារ​ការបែងចែក​ដ៏​ខ្លាំង ដែល​សង្កត់ធ្ងន់​ទៅលើ​បន្ទាត់​ពូជសាសន៍ នយោបាយ និង​សេដ្ឋកិច្ច​សង្គម ។ ការ​បែងចែក​ដូច្នោះ ជួនកាល​អាច​ទៅជា​ឥទ្ធិពល​លើ​របៀប​នៃការ​គិត និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ទាក់ទង​នឹង​បងប្អូន​របស់ពួកគេ ។ ដោយ​សារ​មូលហេតុ​នេះ វា​ពុំ​ចម្លែក​ទេ ដែល​មើល​ឃើញ​មនុស្ស​បង្ហាញ​ពី​របៀប​នៃ ការ​គិត ការ​ប្រព្រឹត្ត ការ​និយាយ​អំពី​វប្បធម៌ ពូជសាសន៍ និង​ជាតិព័ន្ធ​ដទៃទៀត ថា​អន់​ជាង​ខ្លួន​ស្មាន​ទុក​មុន គំនិត​ខុសឆ្គង ហើយ​ជាញឹកញាប់​ជា​គំនិត​ចំអក បង្កើត​ជា​ឥរិយាបទ​មើល​ងាយ ព្រងើយ​កន្តើយ មិន​គោរព ព្រមទាំង​រើសអើង​ទាស់​នឹង​ពួកគេ​ផង​ដែរ ។ ឥរិយាបទ​ដូច្នេះ មាន​ឬសគល់​មកពី​ភាពអំនួត ភាព​ឆ្មើងឆ្មៃ ច្រណែន និង​ប្រច័ន្ធ ជា​លក្ខណៈ​នៃ​ធម្មជាតិ​មនុស្ស​ខាង​សាច់ឈាម ២២ ហើយ​វា​ជា​ការ​ផ្ទុយ​ទៅនឹង​ចរិតលក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ​ទាំង​ស្រុង ។ ទង្វើ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​ទេ​ចំពោះ​អស់​អ្នក​ដែល​ព្យាយាម​ប្រែក្លាយ​ជា​សិស្ស​ពិត​របស់​ទ្រង់ ។២៣ តាមពិត បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ នៅក្នុង​សហគមន៍​នៃ​ពួកបរិសុទ្ធ គឺ​ពុំ​គួរ​មាន​នូវ​គំនិត ឬ​សកម្មភាព​រើសអើង​នេះទេ ។

ក្នុង​នាម​ជា​បុត្រា និង​បុត្រី​នៃ​សេចក្ដី​សញ្ញា យើង​អាច​ជួយ​លុប​បំបាត់​នូវ​ឥរិយាបទ​ប្រភេទ​នេះ ដោយ​ការមើល​ទៅ​ភាព​ខុសគ្នា​ជាក់​ស្ដែង ដែល​យើង​មាន​រវាង​គ្នា​នឹង​គ្នា​តាមព្រះ​នេត្រ​របស់​ព្រះអង្គសង្គ្រោះ ២៤ ហើយ​ផ្ដោត​ទៅលើ​អ្វី​ដែល​យើង​មាន​ជា​រួម— គឺ​អត្តសញ្ញាណ​ដ៏ទេវភាព​និង​ញាតិវង្ស​របស់​យើង ។ លើស​ពី​នោះ​ទៅទៀត យើង​អាច​ព្យាយាម​ដាក់​ខ្លួន​យើង​នៅ​ក្នុង​សុបិន ក្ដីសង្ឃឹម ភាព​សោកសៅ និង​ការ​ឈឺចាប់​នៃ​អ្នកជិត​ខាង​របស់​យើង ។ យើង​ទាំងអស់​គ្នា​គឺ​ជា​អ្នក​ធ្វើ​ដំណើរ​រួមគ្នា ក្នុង​នាម​ជា​កូន​របស់​ព្រះ យើង​មាន​ស្ថានភាព​មិន​ល្អ​ឥតខ្ចោះ ហើយ​មាន​សមត្ថភាព​ដើម្បី​រីកចម្រើន​ដូចគ្នា ។ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរ​ជាមួយគ្នា ដោយ​ភាព​សុខសាន្ដ ទាំង​ដួង​ចិត្ត​យើង​មាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​គ្រប់​រូប — ឬ​ដូចជា​អ័ប្រាហាំ លីនខុន បាន​កត់ចំណាំ​ថា « គ្មាន​ការព្យាបាទ​ចំពោះ​មនុស្ស​ណាឡើយ តែ​មាន​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ទាំងអស់​វិញ » ។២៥

តើ​បងប្អូន​ធ្លាប់​គិត​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការ​គោរព​ចំពោះ​សេចក្ដីថ្លៃថ្នូរ និង​ភាព​ស្មើគ្នា​របស់​មនុស្ស​ជាតិ ត្រូវ​បាន​បង្ហាញ​តាម​របៀប​ដ៏​សាមញ្ញ ដែល​យើង​ស្លៀកពាក់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឬទេ ? យើង​ទាំងអស់​គ្នា​មក​ព្រះវិហារបរិសុទ្ធ​ដោយ​មាន​គោលបំណង​តែ​មួយ​រួមគ្នា ហើយ​មាន​ពេញ​ដោយ​បំណង​ប្រាថ្នា​ដើម្បី​បាន​បរិសុទ្ធ និង​ស្អាតស្អំ​នៅក្នុង​ទីវត្តមាន​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។ ក្នុង​សម្លៀក​បំពាក់-ស យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ព្រះអម្ចាស់​ផ្ទាល់​ទទួល​យក​ក្នុង​នាម​ជា​បុត្រាបុត្រី​សំណព្វ​របស់​ទ្រង់ ជា​បុរស និង​ស្ត្រី​នៃ​ព្រះ ជា​ពូជពង្ស​របស់​ព្រះគ្រីស្ទ ។២៦ យើង​ទាំង​អស់​គ្នា​មាន​ឯកសិទ្ធិ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ដូចគ្នា ធ្វើ​សេចក្ដីសញ្ញា​ដូចគ្នា ការប្ដេជ្ញាចិត្ត​របស់​យើង​ដើម្បី​រស់នៅ​ឲ្យ​កាន់​តែ​ខ្ពស់ និង​កាន់តែ បរិសុទ្ធ ហើយ​ទទួល​បាន​ការ​សន្យា​ដ៏​អស់កល្ប ជានិច្ច​ដូចគ្នា ។ ដោយ​គោលបំណង​រួម​គ្នា នោះ​យើង​មើល​គ្នា​ដោយ​កែវភ្នែក​ថ្មី ហើយ​នៅ​ក្នុង​ភាព​តែ​មួយ​របស់​យើង នោះ យើង​សាទរ​ដល់​ភាព​ខុសគ្នា​របស់យើង ក្នុងនាម​ជា​បុត្រា​បុត្រី​ដ៏​ទេវភាព​របស់​ព្រះ ។

ក្នុង​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​ជួយ​ធ្វើ​ជា​មគ្គុទេសន៍​សម្រាប់​អ្នក​មុខអ្នកការ និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ពិធីសម្ពោធ​ព្រះវិហារបរិសុទ្ធ​ប្រេស៊ីឡា ប្រេស៊ីល ។ ខ្ញុំ​បាន​ឈប់​នៅ​ត្រង់​កន្លែង​ផ្លាស់​សម្លៀកបំពាក់ ជាមួយ​នឹង​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល ហើយ​យើង​បាន​ពិភាក្សា​អំពី​សម្លៀកបំពាក់​ពណ៌-ស ដែល​មនុស្ស​គ្រប់​គ្នា​ពាក់​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ខ្ញុំ​បាន​ពន្យល់​ទៅ​គាត់​ថា ការប្រើប្រាស់​សម្លៀក​បំពាក់-ស​ជា​សាកល​នេះ គឺ​ជានិមិត្តរូប​ថា យើង​ទាំងអស់​គ្នា​គឺ​ស្មើភាព​គ្នា​ចំពោះ​ព្រះ ហើយ​ថា​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ អត្តសញ្ញាណ​របស់​យើង គឺ​លែង​ជា​អនុប្រធានាធិបតី​នៃ​ប្រទេស​មួយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ម្នាក់​ទៀត​ហើយ ប៉ុន្តែ​អត្តសញ្ញាណ​ដ៏ អស់កល្ប​របស់យើង គឺជា​បុត្រា​នៃ​ព្រះវរបិតាសួគ៌​ដ៏​ជា​ទីស្រឡាញ់​ទៅ​វិញទេ ។

រូបភាព
ទឹក​ធ្លាក់ Iguaçú<nb/>។

ទន្លេ​Iguacu ហូរ​កាត់​ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល ហើយ​បាន​ហូរ​ចាក់​ទៅ​ខ្ពង់រាប​មួយ ដែល​បង្កើត​បាន​ជា​ប្រព័ន្ធ​ទឹក​ធ្លាក់ ដ៏​ល្បី​លើ​ពិភពលោក​ឈ្មោះ​ថា​ទឹកធ្លាក់ Iguacu—វា ជា​ការ​បង្ក​បង្កើត​របស់​ព្រះ​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​បំផុត​មួយ​នៅលើ​ផែនដី ដែល​ចាត់ទុក​ថា​ជា​អច្ឆរិយៈ​មួយ​ក្នុង​ចំណោម​អច្ឆរិយៈ​ទាំង​ប្រាំពីរ​របស់​ពិភពលោក ។ បរិមាណ​ទឹក​ដ៏​ច្រើន​សន្ធឹក​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​តែ​មួយ ហើយ​បន្ទាប់មក​បំបែក​ចេញ បង្កើត​បាន​ជា​ទឹកធ្លាក់​រាប់រយ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន ។ បើនិយាយ​ក្នុង​ន័យ​ធៀប ប្រព័ន្ធ​ទឹកធ្លាក់​ដ៏​អស្ចារ្យ​នេះ​គឺជា​ការឆ្លុះ​បញ្ចាំង​ពី​ក្រុមគ្រួសារ​របស់​ព្រះ​នៅ​លើ​ផែនដី ដ្បិត​យើង​មាន​ប្រភព​ដើម និងសារធាតុ​ខាង​វិញ្ញាណ​ដូចគ្នា ដែល​បាន​មក​ពី​មរតក និងញាតិវង្ស​ដ៏​ទេវភាព​របស់​យើង ។ ទោះ​ជា​យ៉ាងណា ពួក​យើង​ម្នាក់ៗ មកពី​វប្បធម៌​ខុសគ្នា ជាតិព័ន្ធ​និង​សញ្ជាតិ​ផ្សេងៗគ្នា​ដែល​មាន​មតិ និង​បទពិសោធន៍ និង​អារម្មណ៍​ផ្សេង​គ្នា ។ ក្រៅ​ពី​នេះ យើង​ដើរឆ្ពោះ​ទៅ​មុខ នៅ​ក្នុង​នាមជា​កូន​របស់​ព្រះ និង​ជា​បងប្អូនប្រុសស្រី​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​ពុំ​បាត់បង់​នូវ​ទំនាក់​ទំនង​ដ៏​ទេវភាព​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ពិសេស និង​ជា​សហគមន៍​សំណព្វ​មួយ ។27

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ សូម​ឲ្យ​យើង​សម្រប​ដួងចិត្ត និង​គំនិត​ដោយ​ចំណេះដឹង និងទីបន្ទាល់​ថា យើង​ទាំងអស់​គ្នា​គឺ​ស្មើភាព​គ្នា​នៅ ចំពោះ​ព្រះ ហើយ​ថា​យើង​ទាំងអស់​គ្នា​បាន​ទទួល​ពេញ​លេញ​នូវ​សក្ដានុពល និង​មរតក​អស់កល្ប​ដូច​គ្នា ។ សូម​ឲ្យ​យើង​រីករាយ​កាន់តែ​ខ្លាំង​នូវ​ញាតិវង្ស​ខាងវិញ្ញាណ ដែល​មាន​រវាង​គ្នា​នឹងគ្នា ហើយ​ឲ្យតម្លៃ​ទៅលើ​គុណលក្ខណៈ​ខុសគ្នា និង​អំណោយទាន​ផ្សេងៗ ដែល​យើង​ទាំងអស់​គ្នា​មាន ។ ប្រសិន​បើ​យើង​ធ្វើ​ដូច្នោះ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា យើង​នឹង​ហូរ​មក​តាម​របៀប​​រៀងៗ​ខ្លួន​របស់​យើង ដូចជា​ទឹកធ្លាក់ Iguazu ដោយ​ពុំ​បាត់បង់​ទំនាក់ទំនង​ដ៏​ទេវភាព​របស់​យើង ដែល​សម្គាល់​យើង​ថា​ជា​មនុស្ស​ពិសេស ជា​កូនចៅ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អ្នក​គ្រង​មរតក​ទៅ​ក្នុង​នគរ​ព្រះ » ។២៨

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ចំពោះ​បងប្អុន​ថា នៅពេល​យើង​បន្ដ​ហូរ​ចាក់​មក​តាម​វិធី​នេះ​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​ថ្ងៃ​ថ្មី​នឹង​ចាប់​ផ្ដើម​ជាមួយ​នឹង​ពន្លឺ​ថ្មី​មួយ ដែល​នឹង​បំភ្លឺ​ជីវិត​របស់​យើង ហើយ​បង្កើត​ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​តម្លៃ​កាន់​តែ​ច្រើន ហើយ​កាន់តែ​ទទួល​ពរជ័យ​ពេញលេញ​មកពី​ភាពចម្រុះ​ព្រះ​ដែល​បាន​បង្កើត​យើង​ផ្សេងៗ​គ្នា​នៅ​ក្នុង​ចំណោម​កូន​ចៅ​របស់​ទ្រង់ ។២៩ យើង​នឹង​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​ទ្រង់​ពិត ដើម្បី​លើក​កម្ពស់ គោរព និង​ផ្ដល់​សេចក្ដី​ថ្លៃថ្នូរ​នៅ​ក្នុង​ចំណោម​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ប្រធាន ណិលសុន គឺជា​ព្យាការី​របស់​ព្រះ​នៅ ក្នុង​ជំនាន់​របស់​យើង ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​អំពី​ការពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។