សន្និសីទទូទៅ
ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​បងប្អូន
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​បងប្អូន

សូម​កុំ​ធ្វើជា​ច្រវ៉ាក់​ទន់ខ្សោយ​ក្នុង​ចំណង​នៃ​សេចក្ដី​ជំនឿ​ដ៏រឹងមាំ​នេះ ដែល​បងប្អូន​បាន​ចាប់ផ្ដើម ឬ​បាន​ទទួល​ទុកជា​កេរ​ដំណែល​ឡើយ ។ សូម​ធ្វើជា​ច្រវ៉ាក់​ដ៏រឹងមាំ​មួយ ។

ពីរបី​ឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​បម្រើ​នៅ​តំបន់​ពាយព្យ​អាមេរិក​ខាងត្បូង និង​រស់នៅ​ប្រទេស​ប៉េរូ ខ្ញុំ​មាន​បទពិសោធន៍​ដ៏ល្អ​មួយ ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​បងប្អូន ។

វា​កើតឡើង​ពេល​ខ្ញុំ​ត្រឡប់​មកផ្ទះ​វិញ ពី​ការចាត់តាំង​នៅ​ចុង​សប្ដាហ៍​ដ៏​មមាញឹក ។ ក្រោយពី​បាន​បញ្ចប់ដំណើរ​ការ​​អន្ដោប្រវេសន៍​នៅ​ព្រលាន​យន្ដហោះ​រួច​ហើយ ខ្ញុំ​ឃើញ​អ្នកបើក​តាក់ស៊ី​ដ៏រួសរាយ​ម្នាក់​មកពី​សេវា​តាក់ស៊ីរង់ចាំ​ខ្ញុំ ​ដូច​សព្វដង ។ គាត់​នាំ​ខ្ញុំ​ទៅ​តាក់ស៊ី​គាត់ ហើយ​ខ្ញុំ​អង្គុយ​នៅ​ខាងក្រោយ​សម្រាកដោយស្ងប់ស្ងាត់ ​រីករាយ​ទៅ​ផ្ទះវិញ ។ បន្ទាប់ពី​បើក​បាន​ពីរបី​ផ្លូវ អ្នកគ្រប់គ្រង​គាត់ ​បាន​ទូរសព្ទ​មក​ប្រាប់​គាត់​ថា ខ្ញុំ​ជិះ​ខុស​តាក់ស៊ី​ហើយ ។ គាត់​បាន​កក់​ឡាន​មួយ​ទៀត​ឲ្យ​ខ្ញុំ ហើយ​អ្នកគ្រប់គ្រង​នោះ​បាន​សុំឲ្យ​គាត់​នាំ​ខ្ញុំ​ទៅ​ព្រលាន​យន្ដហោះ​វិញ បើ​ខ្ញុំ​ចង់​ប្ដូរ​ឡាន ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា មិន​ចាំបាច់​ទេ រួច​យើង​អាច​បន្ដដំណើរ​ទៅមុខ​ ។ បន្ទាប់ពី​នៅ​ស្ងាត់ស្ងៀម​បាន​ពីរបី​នាទី គាត់​មើល​មក​ខ្ញុំ​តាម​កញ្ចក់ ហើយ​សួរ​ថា « លោក​ជា​ពួកមរមន មែនទេ ? »

មែនហើយ ក្រោយពី​ឮ​សំណួរ​អញ្ជើញ​នោះ​ ខ្ញុំ​ដឹង​ថា ខ្ញុំអស់ពេល​ស្ងាត់​ទៀត​ហើយ ។ ខ្ញុំ​រំភើប​ចិត្ត​ចង់​សន្ទនា​ជាមួយ​គាត់​អំពី​សំណួរ​​នោះ ។

ខ្ញុំ​បាន​ដឹង​ថា គាត់​ឈ្មោះ អូម៉ា ភរិយា​គាត់​ឈ្មោះ ម៉ារី ថេរេសា ហើយ​ពួកគេ​មាន​កូន​ពីរនាក់—ខារ៉ូលីណា អាយុ ១៤ ឆ្នាំ និង រ៉ូឌ្រីហ្គោ អាយុ ១០ ឆ្នាំ ។ អូម៉ា គឺជា​សមាជិក​សាសនាចក្រ​តាំងពី​គាត់​នៅ​ក្មេង​​ម្ល៉េះ ។ គ្រួសារ​គាត់​ធ្លាប់​សកម្ម ប៉ុន្ដែ​​ពេល​មួយ ឪពុក​ម្ដាយ​គាត់​ឈប់​ទៅ​ព្រះវិហារ ។ អូម៉ា បាន​អសកម្ម​ នៅពេល​គាត់​អាយុ ១៥ ឆ្នាំ ។ មកដល់ពេលនេះ គាត់​អាយុ ៤០ ឆ្នាំ ។

នៅ​រំពេច​នោះ ខ្ញុំ​ដឹង​ថា ខ្ញុំ មិន បាន​ជិះ​តាក់ស៊ី​ខុស​ទេ ។ វា​ពុំ​ចៃដន្យ​នោះ​ទេ ! ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​ជា​នរណា ហើយ​ខ្ញុំ​ជិះ​តាក់ស៊ី​គាត់ ដោយសារ​ព្រះអម្ចាស់​កំពុង​ហៅ​គាត់​ឲ្យ​ត្រឡប់​មក​សកម្ម​ក្នុង​សាសនាចក្រ​ទ្រង់​វិញ ។

ក្រោយមក យើង​និយាយ​អំពី​គ្រា​ដែល​គាត់ និង​គ្រួសារ​គាត់​ជា​សមាជិក​សកម្ម​នៅក្នុង​សាសនាចក្រ ។ គាត់​មាន​អនុស្សាវរីយ៍​ដ៏ផ្អែមល្ហែម​ពេល​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដ៏​រីករាយ ព្រមទាំងច្រៀង​ចម្រៀង​​កុមារ​មួយ​ចំនួន​ទៀត ។ បន្ទាប់មក គាត់​បាន​ច្រៀង​យ៉ាង​ស្រទន់ពីរបី​ពាក្យ​នៃ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។

ក្រោយពី​ទទួល​បាន​អាសយដ្ឋាន​ លេខ​ទូរសព្ទ និង​ការអនុញ្ញាត​ពី​គាត់ ដើម្បីប្រាប់​ទៅ​ប៊ីស្សព រួច​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ព្យាយាម​មក​សាលាប្រជុំ​នៅ​ថ្ងៃ​ទីមួយ​ដែល​គាត់​ត្រឡប់​មក​ព្រះវិហារ​វិញ ។ យើង​បាន​បញ្ចប់ការ​ធ្វើ​ដំណើរ​ពី​ព្រលាន​យន្ដហោះ​មក​ផ្ទះ​ខ្ញុំ ​យើងក៏​បាន​និយាយ​ពី​អតីតកាល​របស់​គាត់​ខ្លះដែរ ហើយ​យើង​ក៏​បែក​ផ្លូវ​គ្នា​ទៅ ។

ពីរបី​សប្ដាហ៍​ក្រោយមក ប៊ីស្សព​របស់​គាត់​បាន​ទូរសព្ទ​មក​ខ្ញុំ ប្រាប់​ខ្ញុំ​ថា អូម៉ា គ្រោង​នឹង​មក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ជាក់លាក់​មួយ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ទៅ​ទីនោះ ។ នៅ​ថ្ងៃអាទិត្យ​នោះ អូម៉ា បាន​ទៅ​ព្រះវិហារ​ជាមួយ​កូនបុ្រស​របស់​គាត់ ។ ភរិយា និង​កូនស្រី​​គាត់​ពុំទាន់​ចាប់​អារម្មណ៍​​ទេ ។ ពីរបី​ខែ​ក្រោយមក ប៊ីស្សព​គាត់​បាន​ទូរសព្ទ​មក​ខ្ញុំ​ម្ដងទៀត លើក​នេះ គាត់​ប្រាប់​ខ្ញុំ​ថា អូម៉ា នឹង​ជ្រមុជ​ទឹក​ឲ្យ​ភរិយា និង​កូន​ទាំងពីរ​នាក់​របស់​គាត់ ហើយ​គាត់​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​ដែរ ។ នេះ​គឺជា​រូបថត​នៅ​ថ្ងៃ​អាទិត្យ​នោះ ដែល​ពួកគេ​ត្រូវបាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ។

រូបភាព
អែលឌើរ ហ្គូដយ ជាមួយ​នឹង​គ្រួសារ​អូម៉ា នៅថ្ងៃអាទិត្យ​ដែល​ពួកគេ​បាន​ទទួល​ពិធីបញ្ជាក់<nb/>។

នៅ​ថ្ងៃ​អាទិត្យ​ដដែល​នោះ ខ្ញុំ​បាន​ប្រាប់ អូម៉ា និង​គ្រួសារ​គាត់​ថា បើ​ពួកគេ​រៀបចំ​ខ្លួន​រួចរាល់​ក្នុង​ពេល​មួយ​ឆ្នាំ ខ្ញុំ​នឹង​មាន​កិត្តិយស​ដើម្បី​ធ្វើ​ពិធី​ផ្សារភ្ជាប់​ជូន​ពួកគេ​នៅ​ព្រះវិហារ​បរិសុទ្ធ​លីម៉ា ពេរ៉ូ ។ នេះ​គឺជា​រូបថត​​មួយ​ឆ្នាំ​ក្រោយមកនៃ​គ្រា​ដ៏គួរឲ្យ​ចងចាំ​នោះ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។

រូបភាព
អែលឌើរ ហ្គូដយ ជាមួយ​គ្រួសារ​អូម៉ា នៅ​ព្រះវិហារបរិសុទ្ធ<nb/>។

ហេតុអ្វី​ខ្ញុំ​ចែកចាយ​បទពិសោធន៍​នេះ​នឹង​បងប្អូន ? ខ្ញុំ​ចែកចាយ​ដោយ​មាន​គោលបំណង​ចំនួន​ពីរ ។

ទីមួយ ដើម្បី​ថ្លែង​ទៅកាន់​សមាជិក​ដ៏ល្អ​ដែល​បោះបង់​ចោល​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​ហេតុផល​មួយ​ចំនួន ។ ទីពីរ ដើម្បី​ថ្លែង​ទៅកាន់​សមាជិក​ដែល​កំពុង​ចូលរួម​នៅ​សព្វ​ថ្ងៃនេះ ដែល​ប្រហែលជា​​មិន​ទាន់​មាន​ភាពស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ខ្លួន ដូច​ដែល​ពួកគេ​គួរតែ​ធ្វើ​នៅឡើយ ។ ក្នុង​ករណី​ទាំងពីរ​នេះ កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ ត្រូវ​ទទួល​រង​ឥទ្ធិពល ហើយ​ពរជ័យ និង​ការសន្យា​ដែល​​ត្រៀមទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ ​ក៏​ស្ថិត​ក្នុង​ហានិភ័យ​ដែរ ។

ខ្ញុំ​សូម​ចាប់ផ្ដើម ​ករណី​ទីមួយ សមាជិក​ល្អៗ​ដែល​បាន​ចាកចេញ​ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដូច​ដែល​បាន​កើតឡើង​ចំពោះមិត្ត​សាសន៍​ប៉េរូ​របស់​ខ្ញុំ​ ឈ្មោះ អូម៉ា ។ ពេល​ខ្ញុំ​សួរ​គាត់​ថា ហេតុអ្វី​គាត់​សម្រេច​ចិត្ត​ត្រឡប់​មកវិញ គាត់​បាន​តប​ថា ដោយសារ​គាត់ និង​ភរិយា​​មាន​អារម្មណ៍​ថា កូនៗ​​ពួកគេ​នឹង​រីករាយ​ក្នុង​ជីវិត​ដែល​មាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាជាង ។ គាត់​មាន​អារម្មណ៍​ថា វា​ដល់​ពេល​ត្រឡប់​មក​ព្រះវិហារ​វិញ​ហើយ ដើម្បី​ជា​ប្រយោជន៍​ដល់​កូនៗ​របស់​ពួកគេ ។

វា​គួរឲ្យ​សោកស្ដាយ​ណាស់ ពេល​យើង​ជួប​នឹង​សមាជិក​អសកម្ម ឬ​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ ដែល​ធ្លាប់​មាន​ដំណឹងល្អ​ក្នុង​ក្រុមគ្រួសារ​ពួកគេហើយ តែ​បាន​បាត់បង់​វាទៅវិញ ដោយសារតែ​ការសម្រេច​ចិត្ត​របស់​ឪពុក​ម្ដាយ ឬ​ជីដូន​ជីតា​ពួកគេ ​ចាកចេញ​ពី​សាសនាចក្រ​មួយ​គ្រា​សិន ។ ការសម្រេច​ចិត្ត​នោះ​អាច​ជះ​ឥទ្ធិពល​លើ​កូនចៅ​ជំនាន់​ក្រោយ​ពួកគេ​ជារៀង​រហូត !

កូនៗ និង​ចៅៗ​​ពួកគេ​ ពុំ​ទទួលបាន​ការការពារ និង​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​ពួកគេ​ទេ ។ ហើយ​រឹតតែ​ខ្លោចផ្សា​ទៀត​នោះ​គឺ ពួកគេ​បាន​បាត់បង់​ការសន្យា​នៃ​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច ដែល​នឹង​មាន​នៅ​ថ្ងៃមួយ ។ ការសម្រេច​ចិត្ត​របស់​មនុស្ស​ម្នាក់ ​បាន​ជះឥទ្ធិពល​លើ​ចំណង​កូនចៅ​ទាំងមូល ។ កេរ​ដំណែល​សេចក្ដី​ជំនឿ​ បាន​បាក់​បែក ។

ប៉ុន្ដែ ដូច​​យើង​ដឹង​ហើយ​ថា អ្វីក៏ដោយ​ដែល​បាក់បែក​អាច​ជួសជុល​បាន ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយហេតុផល​នេះ​ហើយ សូម​ពិចារណា​អំពី​ការអញ្ជើញ​របស់​​ប្រធាន រ័សុល អិម ណិលសុន ៖ « ឥឡូវ​នេះ បើ​បងប្អូន​បាន​ដើរ​ចេញពី​ផ្លូវ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ដោយ​សង្ឃឹម​អស់ពី​ចិត្តថា សូម​ត្រឡប់​មក​វិញ ។ ទោះបី​បងប្អូន​មាន​កង្វល់ មាន​ឧបសគ្គ​យ៉ាងណា​ក្តី មាន​កន្លែង​មួយ​សម្រាប់​បងប្អូន​នៅ​ទីនេះ ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ បងប្អូន និង​ជំនាន់​នានា​ដែល​មិន​ទាន់​កើត​នៅឡើយ នឹង​មាន​ពរ​តាមរយៈ​ទង្វើ​របស់​បងប្អូន​ក្នុង​ពេលនេះ​ ដើម្បី​ត្រឡប់​មក​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​វិញ » ។

ឥឡូវ​នេះ ខ្ញុំ​សូម​និយាយអំពី​ករណី​ទីពីរ សមាជិក​ទាំងឡាយ​ដែល​កំពុង​ចូលរួម​នៅ​សព្វ​ថ្ងៃនេះ ដែល​ប្រហែលជា​​មិន​ទាន់​មាន​ភាពស្មោះត្រង់ ដូច​ដែល​ពួកគេ​គួរតែ​ធ្វើ​នៅឡើយ ។ គឺ​ដូចជា​ការសម្រេច​ចិត្ត​កាលពី​ម្សិលមិញ ​វាជះឥទ្ធិពល​លើ​ជីវិត​ពិត​នៅ​ថ្ងៃនេះ​ដែរ នោះ​ការសម្រេច​ចិត្ត​នៅ​ថ្ងៃនេះ​ នឹង​ជះឥទ្ធិពល​លើ​អនាគត​​យើង និង​អនាគត​សមាជិក​គ្រួសារ​​យើង ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​យើង ៖

ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ លើក​ទឹកចិត្ត​យើង​ឲ្យ​គិត​អំពី​អនាគត ។ … វា​បង្រៀន​នូវ​គំនិត​ដ៏​អស្ចារ្យ​អំពី​អនាគត​ ដើម្បី​ដឹកនាំ​សកម្មភាព​របស់​យើង​នា​សព្វថ្ងៃ​នេះ ។

« ផ្ទុយ​ទៅវិញ យើងគ្រប់​​គ្នា​ស្គាល់​មនុស្ស​ដែល​បារម្ភ​តែ​ពី​បច្ចុប្បន្នកាល ៖ ចំណាយ​នៅ​ថ្ងៃនេះ រីករាយនៅ​ថ្ងៃនេះ ហើយ​ពុំ​គិត​អំពី​អនាគត ។

« … នៅពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត​បច្ចុប្បន្ន យើង​គួរតែ​សួរ​ជានិច្ច​ថា ‹ តើ​ការណ៍​នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ? » តើ​ការសម្រេច​ចិត្ត​បច្ចុប្បន្ន​របស់​យើង​នឹង​ដឹកនាំ​យើង​ទៅរក​អំណរ​នាពេល​នេះ និង​​ពេល​ដ៏អស់កល្ប​ជានិច្ច ឬ​វា​នឹង​ដឹកនាំ​យើង​ទៅរក​ទុក្ខសោក និង​ទឹកភ្នែក ?

មនុស្ស​មួយ​ចំនួន​អាច​គិត​ថា « យើង​មិន​ចាំបាច់​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ​នោះ​ទេ » ឬ​ថា « ចាំ​ពេល​អ្វី​ៗ​ល្អ​ប្រសើរ​យើង​នឹង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ឬ​ថា « ខ្ញុំ​នឹងមិនគាំទ្រ​ថ្នាក់ដឹកនាំ​សាសនាចក្រ​លើ​ប្រធានបទ​នេះ » ។

« ប៉ុន្តែ » ពួកគេ​និយាយ​ថា « យើង​ដឹង​ថា សាសនាចក្រ​នេះ​ជា​សាសនាចក្រ​ពិត ហើយ​យើង​នឹង​មិន​ចាកចោល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ » ។

អ្នក​ដែល​គិត​ដូច្នេះ មិន​ដឹងពី​ឥទ្ធិពល​អវិជ្ជមាន ដែល​សមាជិកភាព​ប្រភេទ « ស្ទើរៗ » នេះ ​នឹង​មានមក​លើ​ជីវិត​ពួកគេ និង​ជីវិត​កូនចៅ​ជំនាន់​ក្រោយ​​ពួកគេទេ ។ ឪពុក​ម្ដាយ​អាច​នៅ​សកម្ម ប៉ុន្ដែ​គ្រោះថ្នាក់​នៃ​ការបាត់បង់​កូនៗ​​ពួកគេ​គឺហានិភ័យ​ខ្ពស់—ក្នុង​ជីវិត​នេះ និង​ភាពដ៏​អស់កល្ប​ជានិច្ច ។

ចំពោះ​អ្នក​ដែល​នឹង​មិន​គ្រង​សិរីល្អ​សេឡេស្ទាល​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ពួកគេ​នេះ​ហើយ ដែល​ពុំ ក្លាហានក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ ហេតុដូច្នោះ​ហើយ ពួកគេ​ពុំ​បាន​មកុដ​លើ​នគរ​នៃ​ព្រះ​របស់​យើង​ឡើយ » ។ តើ​នោះ​ជា​អ្វី​ដែល​យើង​ចង់​បាន​សម្រាប់​ខ្លួនឯង ឬ​កូនចៅ​យើង​ឬ ? តើ​យើងមិន​គួរ​មាន​ភាព ក្លាហានកាន់តែ​ខ្លាំង ហើយ​​ភាព ស្ទើរឲ្យ​កាន់តែ​តិច ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួនឯង និង​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ទេ​ឬអី ?

ប្រធាន អិម. រ័សុល បាឡឺត បាន​លើក​ឡើង​អំពី​កង្វល់​ស្រដៀងគ្នា​ផងដែរ​ថា

ចំពោះមនុស្សខ្លះ ការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យជឿ ហើយបន្ដនៅស្មោះត្រង់ នៅតែមានការលំបាក … សិស្ស​មួយ​ចំនួន​មាន​បញ្ហា​ពិបាក​យល់​អំពី​គោលនយោបាយ ឬ​ការបង្រៀន​ជាក់លាក់​របស់​សាសនាចក្រ ។ អ្នកខ្លះ​ទៀត​មាន​ចម្ងល់​អំពី​ប្រវត្តិ​របស់​យើង ឬ​អំពី​ការមិន​ល្អ​ឥតខ្ចោះ​របស់​សមាជិក និង​អ្នកដឹកនាំ​មួយ​ចំនួន ទាំង​នៅ​អតីតកាល និង​បច្ចុប្បន្នកាល ។ …

« … ការសម្រេច​ចិត្ត ‹ ឈប់ › ដើរ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស នឹង​មាន ផល​ប៉ះពាល់​នៅពេល​ខាង​មុខ ដែល​វា​មិន​ទាន់​មើលឃើញ​នៅពេល​នេះ » ។

ឱ ! នោះ​ជា​កេរដំណែល​ដ៏ក្រៀមក្រំ​មួយ​ដែល​បាន​បន្សល់​ទុក—តើ​ហេតុអ្វី​ទៅ ? មិន​ថា​វា​ដោយសារ​អ្វី​នោះទេ វា​មិន​ល្អទេ​ដើម្បី​មើលរំលង​ឥទ្ធិពល​អវិជ្ជមាន​ខាង​វិញ្ញាណ ដែល​នឹង​មាន​លើ​ជំនាន់​ខាងមុខនោះ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ បើ​បងប្អូន​កំពុង​ឆ្លងកាត់​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំងពីរ ដែល​ខ្ញុំ​បាន​លើកឡើង​ក្នុង​សារលិខិត​​នេះ សូម​ពិចារណា​ពី​គន្លង​សកម្មភាព​របស់​បងប្អូន​ឡើងវិញ ។ បងប្អូន​ដឹង​ថា មាន​ផែនការ​មួយ​សម្រាប់​យើង​នៅក្នុង​ជីវិត​នេះ ។ បងប្អូន​ដឹង​ថា ក្រុមគ្រួសារ​អាច​រស់នៅ​អស់កល្ប​ជានិច្ច ។ ហេតុអ្វី​ក៏ដាក់​គ្រួសារ​បងប្អូន​ឲ្យ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ដូច្នេះ ? សូម​កុំ​ធ្វើជា​ច្រវ៉ាក់​ទន់ខ្សោយ​ក្នុង​ចំណង​នៃ​សេចក្ដី​ជំនឿ​ដ៏រឹងមាំ​នេះ ដែល​បងប្អូន​បាន​ចាប់ផ្ដើម ឬ​បាន​ទទួល​ទុកជា​កេរ​ដំណែល​ឡើយ ។ សូម​ធ្វើជា​ច្រវ៉ាក់​ដ៏រឹងមាំ​មួយ ។ វា​ដល់ពេលដែលបងប្អូនត្រូវ​​ធ្វើ​កិច្ចការ​នេះ​ហើយ ហើយ​ព្រះអម្ចាស់​អាច​ជួយ​បងប្អូន​បាន ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ដោយ​អស់ពី​ក្រអៅ​បេះដូង ​ឲ្យ​គិត​អំពី​ការណ៍​នេះ មើល​ទៅ​ខាងមុខ ហើយ​វាយតម្លៃ​ថា « តើ​ការណ៍​នេះ​នឹង​ដឹកនាំ​ទៅ​ឯណា » ​បើ​ចាំបាច់ សូម​ក្លាហាន​​ដើម្បី​តម្រែ​តម្រង់​ផ្លូវ​ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​បងប្អូន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។