សន្និសីទទូទៅ
ព្រះយេស៊ូវគ្រីស្ទ​គឺជា​កំណប់​ទ្រព្យ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ព្រះយេស៊ូវគ្រីស្ទ​គឺជា​កំណប់​ទ្រព្យ

សូម​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង​ដែល​ជា « ទីដៅ » ដែល​យើង​គួរ​តែ​មើល​ទៅ និង​ជា​កំណប់​ទ្រព្យ​ដ៏​អស្ចារ្យ​បំផុត​របស់​យើង ។

នៅ​ឆ្នាំ ១៩០៧ ជនជាតិ​អង់គ្លេស​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​ឈ្មោះ ចច ហឺប៊ឺត ដែល​ជា អឺល ខាណាវ៉ុន ទី​ប្រាំ បាន​ផ្លាស់​ទៅ​នៅ​ប្រទេស​អេហ្ស៊ីប ហើយ​ចាប់​អារម្មណ៍​លើ​បុរាណ​វិទ្យា ។ គាត់​បាន​ទៅ​ជួប​អេហ្ស៊ីប​វិទូ​ដ៏​ល្បី​ឈ្មោះ គឺ ហូវើត ខាធើ ហើយ​បាន​ស្នើសុំ​សហការ ។ ខាធើ នឹង​ពិនិត្យមើល​ការជីក​កកាយ​បុរាណ​វិទ្យា​របស់​ពួកគេ ហើយ ខាណាវ៉ុន នឹង​ផ្តល់​មូលនិធិ ។

ពួកគេ​បាន​រុករក​នៅ​ទីតាំង​ផ្សេងៗ​ជាមួយគ្នា​ដោយ​ជោគជ័យ ។ បន្ទាប់មក ពួកគេ​បាន​ការអនុញ្ញាត​ឲ្យ​ជីក​នៅក្នុង​ជ្រលង​ភ្នំ​ស្ដេច ដែល​ស្ថិត​នៅក្បែរ​ក្រុង​លុកស័រ​សម័យ​ទំនើប ដែល​គេ​រកឃើញ​ផ្នូរ​របស់​ស្តេច​ផារ៉ោន​ជាច្រើន ។ ពួកគេ​បាន​សម្រេច​ចិត្ត​ស្វែងរក​ផ្នូរ​របស់​ស្តេច ធូថានខាមូន ។ ធូថានខាមូន បាន​ឡើង​សោយរាជ្យ​នៅ​ប្រទេស​អេហ្ស៊ីប​ជាង​៣០០០​ឆ្នាំ​មុន ហើយ​បាន​សោយរាជ្យ​១០​ឆ្នាំ មុន​ចូល​ទិវង្គត​ទាំង​ពុំ​រំពឹង​ទុក ។ គេ​ដឹង​ថា ព្រះអង្គ​ត្រូវបាន​គេ​បញ្ចុះ​នៅ​ជ្រលង​ភ្នំ​ស្ដេច ប៉ុន្តែ​គ្មាន​អ្នកណា​ស្គាល់​ទីតាំង​ផ្នូរ​ទ្រង់​ឡើយ ។

ខាធើ និង​ខាណាវ៉ុន បាន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ​រុករក​ផ្នូរ​របស់ ធូថានខាមូន​ទាំង​មិន​ជោគ​ជ័យ​។ នៅ​ទីបំផុត ខាណាវ៉ុន​បាន​ប្រាប់​ខាធើ​ថា គាត់​ឈប់​រក​ផ្នូរ​ទាំង​ពុំ​បាន​ផល​ទៀត​ហើយ ។ ខាធើ បាន​អង្វរ​សុំ​ជីក​តែ​មួយ​រដូវ​ទៀត​ប៉ុណ្ណោះ ខាណាវ៉ុន​បាន​ទន់ចិត្ត យល់ព្រម​ផ្តល់​មូលនិធិ ។

ខាធើ បាន​ដឹង​ថា​ផ្ទៃ​ទាំងមូល​នៃ​ជ្រលង​ភ្នំ​ស្ដេច​ត្រូវបាន​ជីកកកាយ​តាម​គ្រប់​វិធី​ហើយ—លើកលែង​តែ​តំបន់​ជំរំ​មូលដ្ឋាន​របស់​ពួកគេ​ប៉ុណ្ណោះ ។ ក្នុង​ពេល​ពីរ​បី​ថ្ងៃ​នៃ​ការជីក​នៅ​ទីនោះ ពួកគេ​បាន​រកឃើញ​ជណ្ដើរ​ពីរបី​កាំដំបូង​ដែល​នាំ​ទៅ​ផ្នូរ ។

ពេល ខាធើ បាន​ពិនិត្យ​មើល​ច្រក​ចូល​ផ្នូរ​របស់ ធូថានខាមូន ឃើញ​មាន​មាស​នៅ​គ្រប់​ទី​កន្លែង ។ ក្រោយ​ពី​ចំណាយ​ពេល​បីខែ​ក្នុង​ការថត​រូប​ផ្នែក ខាង​មុខផ្នូរ​ហើយ ពួកគេ​បាន​បើក​ផ្នូរ​បញ្ចុះសព​ដែល​បាន​បិទ​ជិត នៅ​ខែ កុម្ភៈ ឆ្នាំ ១៩២៣—កាល​ពី ១០០ ឆ្នាំមុន ។ នេះ​គឺ​ជា​ការរកឃើញ​វត្ថុ​បុរាណ​ដ៏​ល្បីល្បាញ​បំផុត​នៅ​សតវត្សរ៍​ទី​ម្ភៃ ។

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នៃ​ការស្វែងរក​ដោយ​គ្មាន​ប្រសិទ្ធិភាព​នោះ ខាធើ និង​ខាណាវ៉ុន បាន​មើល​រំលង​អ្វី​ដែល​នៅក្រោម​ជើង​ពួកគេ ។ ប្រហែល​ប្រាំ​សតវត្សរ៍​ពីមុន​ការ​ប្រសូត្រ​របស់​ព្រះអង្គសង្គ្រោះ​ព្យាការី​ព្រះគម្ពីរ​មរមន លោក យ៉ាកុប បាន​សំដៅ​ទៅលើ​ការមិនឲ្យ​តម្លៃ​អ្វី​ដែល​នៅក្បែរ​ខ្លួន​នោះ​ថា​ជា « ការមើល​ហួស​ទីដៅ » ។ យ៉ាកុប បាន​មើលឃើញ​ជាមុន​ថា ប្រជាជន​យេរូសាឡិម នឹង​មិន​ស្គាល់​ព្រះមែស៊ី​ដែល​បាន​សន្យា នៅពេល​ទ្រង់​យាង​មកទេ ។ យ៉ាកុប​បាន​ព្យាករ​ថា ពួកគេ​នឹង​ក្លាយ​ជា « មនុស្ស [ ដែល ] មើល​ងាយ​ដល់​ព្រះ​បន្ទូល​ដ៏​ច្បាស់លាស់ … ហើយ [ នឹង​ស្វែងរក ] រឿង​ទាំងឡាយ​ដែល​ពួកគេ​មិន​អាច​យល់ ។ ហេតុដូច្នោះ​ហើយ ព្រោះ​មក​ពី​ការខ្វាក់​របស់​ពួកគេ​គឺជា​ការខ្វាក់​ដោយ​មើល​ហួស​ទីដៅ នោះ​ពួក​គេ​ត្រូវតែ​រលំ » ។5 ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ពួកគេ​នឹង​ជំពប់​ដួល ។

ការព្យាករណ៍​របស់​យ៉ាកុប បាន​បង្ហាញ​ថា​ត្រឹម​ត្រូវ​មែន ។ ក្នុង​អំឡុង​ពេល​ធ្វើ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ មនុស្ស​ជា​ច្រើន​បាន​មើល​ហួស​ទី​ដៅ មើល​រំលង​ទ្រង់ ។ ពួកគេ​មើល​រំលង​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ជាជាង​ទទួល​ស្គាល់​តួនាទី​របស់​ទ្រង់​ក្នុង​ការបំពេញ​ផែនការ​របស់​ព្រះ​វរបិតា​សួគ៌ ពួកគេ​បែរជា​ថ្កោល​ទោស និង​ឆ្កាង​ទ្រង់ ។ ពួកគេ​បាន​ទន្ទឹង និង​ចាំ​នរណា​ម្នាក់​ផ្សេង​ទៀត​ដើម្បី​នាំ​សេចក្ដី​សង្គ្រោះ​មកឲ្យ​ពួកគេ ។

ក៏ដូចជា​ប្រជាជន​ទាំងនោះ​ក្រុង​យេរូសាឡិម​និង​ខាធើ និង​ខាណាវ៉ុន​ដែរ យើង​ក៏​អាច​មាន​ទំនោរ​មើល​ហួស​ទីដៅ​ផងដែរ ។ យើង​ត្រូវ​ចាំយាម​កុំឲ្យ​មាន​ទំនោរ​បែប​នេះ ក្រែង​យើង​ខក​មើល​មិន​ឃើញ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​យើង ហើយ​ខក​មិន​បាន​ទទួល​ស្គាល់​ពរជ័យ​ជា​ច្រើន​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង ។ ពួក​យើង​ត្រូវការ​ទ្រង់ ។ យើង​ត្រូវ​បាន​ទូន្មាន​ឲ្យ​ពឹងផ្អែក « ​ទាំង​ស្រុង​ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ » ។

ទ្រង់​គឺជា​ទីដៅ​របស់​យើង ។ បើ​យើង​ស្រមៃ​គិត​មិន​ត្រឹម​ត្រូវ​ថា យើងត្រូវការ​អ្វី​មួយ​ដែល​លើស​ពី​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ នោះ​យើង​នឹង​បដិសេធ ឬ​បន្ថយ​វិសាល​ភាព និង​ព្រះចេស្តា​ដែល​ទ្រង់​អាច​ប្រទាន​មក​ក្នុង​ជីវិត​យើង​ហើយ ។ ទ្រង់​មាន​សិទ្ធិ​លើ​សេចក្ដី​មេត្តា​ករុណា ហើយ​ប្រទាន​សេចក្ដី​មេត្តា​ករុណា​នោះ​មក​ដល់​យើង ។ ទ្រង់​ជា « ប្រភព​ទឹក [ ដែល​យើង​គួរ ] ស្វែង​រក​ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប [ របស់​យើង ] » ។ ទ្រង់​ជា​ព្រះ​ដ៏​គាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា និង​ជា​អង្គ​សម្រេច​បាន​នូវ​អ្វី​ដែល​ព្រះវរបិតា​សព្វព្រះទ័យ​ទាំងអស់ ដើម្បី​ឲ្យ​យើង​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ​ជា​អ្នក​ទទួល​មរតក​ក្នុង​នគរ​ទ្រង់ ។ តាម​សម្ដី​របស់​ព្យាការី​អាលម៉ា យើង​ត្រូវតែ « ចោល​ភ្នែក [ យើង ] ទៅ ចាប់​ផ្ដើម​ជឿ​ដល់​ព្រះរាជ​បុត្រា​នៃ​ព្រះ​ចុះ ថា​ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រង​ទុក្ខ ហើយ​សុគត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ [ របស់​ពួកយើង ] ហើយ​ថា​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដែល​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើងវិញ » ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​កំណប់​ទ្រព្យ​របស់​យើង ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​វិធី​ជាច្រើន ដើម្បី​ផ្ដោត​លើ​ទ្រង់​ដោយ​ចេតនា រួម​ទាំង​ឱកាស​ប្រចាំ​ថ្ងៃ​ដើម្បី​ប្រែចិត្ត​ផងដែរ ។ ពេល​ខ្លះ យើង​មិន​ឲ្យ​តម្លៃ​នូវ​ពរជ័យ​ដ៏​មហិមា​ដែល​បាន​ប្រទាន​ឲ្យ​នេះ​ទេ ។ ពេល​ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​ឪពុក​ខ្ញុំ ។ ក្រោយ​មក ខ្ញុំ​បាន​កាន់​ដៃ​គាត់ នៅពេល​យើង​ដើរ​ឆ្លង​ផ្លូវ​ដ៏​មមាញឹក​មួយ ។ ខ្ញុំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ បោះជំហាន​ចេញ​ពី​ចិញ្ចើម​ផ្លូវ​ដើរ​ទៅ ខណៈ​រថយន្ត​ដឹក​ទំនិញ​មួយ​បើក​សំដៅ​មក ។ ឪពុក​ខ្ញុំ​បាន​កន្ត្រាក់​ខ្ញុំ​ចេញ​ពី​ទ្រូងផ្លូវ​ត្រឡប់មក​វិញ ។ បើ​គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ម្ល៉េះ​ខ្ញុំ​នឹង​ត្រូវ​រថ​យន្ត​នោះ​បុក​ជា​មិន​ខាន ។ ដោយ​ដឹង​ពី​សណ្ដាន​អាក្រក់​របស់​ខ្លួនឯង ខ្ញុំ​បាន​គិត​ថា « ប្រហែល​ជា​ប្រសើរ​ជាង បើ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​បុក​ឲ្យ​ស្លាប់ ពីព្រោះ​ខ្ញុំ​នឹង​មិន​ស្អាត​ដូច​ពេល​នេះ​ទេ បន្ទាប់​ពី​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក » ។

ក្នុង​នាម​ជា​ក្មេង​អាយុ​ប្រាំបី​ឆ្នាំ ខ្ញុំ​បាន​សន្មត​ខុស​ថា ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​បាន​លាង​សម្អាត​អំពើ​បាប ។ វា​ពុំ​ដូច្នោះ​ទេ ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក ខ្ញុំ​បាន​រៀន​ថា អំពើ​បាប​ត្រូវ​បាន​សម្អាត​ដោយ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នៅ​ពេល​យើង​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជ​ទឹក ។១០ បន្ទាប់មក តាមរយៈ​អំណោយ​នៃ​ការប្រែចិត្ត នោះ​យើង​អាច​រក្សា​ស្អាតស្អំ​បាន ។ ខ្ញុំ​ក៏​បាន​រៀន​ផង​ដែរ​ថា សាក្រាម៉ង់​នាំ​មក​នូវ​វដ្ដ​នៃ​គុណធម៌​ដ៏​មាន​ឥទ្ធិពល​មក​ក្នុង​ជីវិត​យើង ដែល​ធ្វើ​ឲ្យ​យើង​អាច​រក្សា​នូវ​ការផ្តាច់​បាប​របស់​យើង​បាន ។១១

ដូច​ជា​កំណប់​ទ្រព្យ​ដែល​ស្ថិត​នៅ​ក្រោម​ជើង​របស់​ខាធើ និង​ខាណាវ៉ុន​ដែរ កំណប់​ពរជ័យ​នៃ​សាក្រាម៉ង់​គឺ​មាន​សម្រាប់​យើង​រាល់​ពេល​ដែល​យើង​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់ ។ យើង​មាន​ការសន្យា​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង បើ​យើង​ទៅ​កាន់​សាក្រាម៉ង់ តាម​របៀប​ដែល​អ្នក​ប្រែចិត្តជឿ​ថ្មី​មករក​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ហើយ​តាំងចិត្ត​រស់​នៅ​​តាម​សេចក្ដីសញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក​នោះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ពរ​ដល់​យើង​ដោយ​ព្រះចេស្ដារ​ញែក​ជា​បរិសុទ្ធ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​រក្សា​បាន​ការផ្តាច់បាប​ពី​មួយ​សប្តាហ៍​ទៅមួយ​សប្ដាហ៍ ។១២

គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ត្រូវ​បាន​ពង្រឹង​តាម​រយៈ​ការប្រែចិត្ត និង​ការរៀបចំ​ខ្លួន​មនសិការ និង​ភាពស័ក្តិសម​ក្នុង​ការទទួល​ទាន​សាក្រាម៉ង់ ។ មាន​តែ​គ្រឹះ​ខាង​វិញ្ញាណ​ដ៏​រឹងមាំ​មួយ​ប៉ុណ្ណោះ ទើប​យើង​អាច​ទប់ទល់​នឹង​ព្យុះ​ភ្លៀង ខ្យល់ និង​ទឹកជំនន់​ដែល​យើង​ប្រឈម​នៅក្នុង​ជីវិត​បាន ។១៣ ផ្ទុយ​ទៅ​វិញ គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នឹង​ចុះ​អន់​ខ្សោយ នៅ​ពេល​យើង​ស្ម័គ្រ​ចិត្ត​រំលង​ការប្រជុំ​សាក្រាម៉ង់ ឬ​នៅ​ពេល​យើង​មិន​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​ក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ។ « យើង​អាច​នឹង​ដក​ខ្លួន​ដោយ​អចេតនា​ពី​ចេញ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ដែល​នឹង​គ្មាន​កន្លែងណា​នៅក្នុង [ ខ្លួនយើង ] ដឹកនាំ [ យើង ] នៅលើ​ផ្លូវ​នៃ​គតិបណ្ឌិត​ដែល [ យើង ] អាច​ត្រូវបាន​ប្រទានពរ រីកចម្រើន និង​រក្សា​ទុក » ១៤

ពេល​យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជាមួយ​យើង នោះ​យើង​នឹង​ត្រូវ​បាន​បំផុស​គំនិត និង​ណែនាំ​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ផ្សេង​ទៀត ដូចជា​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាដើម ។ ការធ្វើ​បែប​នេះ​ពង្រឹង​ដល់​ទំនាក់ទំនង​យើង​ជាមួយ​ព្រះ ។15 បងប្អូន​អាច​បាន​កត់​សម្គាល់​ថា ព្រះវិហារ​បរិសុទ្ធ​ថ្មីៗ​ជា​ច្រើន​បាន​ប្រកាស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំពុង​នាំ​ព្រះវិហារ​បរិសុទ្ធ​ទៅ​កាន់​តែ​ខិត​ជិត​នឹង​សមាជិក ។១៦ ប៉ុន្ដែ​ផ្ទុយ​ទៅវិញ កាល​ដែល ព្រះវិហារ​បរិសុទ្ធ​នៅ​កាន់​តែ​ជិត​បង្កើយ នោះ​វា​អាច​នឹង​កាន់តែ​ងាយ ធ្វើ​ឲ្យ​យើង​ចាត់ទុក​ការចូល​រួម​ព្រះវិហារបរិសុទ្ធ​គឺ​ជា​រឿង​សាមញ្ញ​ទៅ​វិញ ។ នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​នៅ​ឆ្ងាយ យើង​រៀប​ចំ​ផែនការ​ពេលវេលា និង​ធនធាន ដើម្បី​ធ្វើ​ដំណើរ​ទៅ​ថ្វាយ​បង្គំ​នៅ​ទីនោះ ។ យើង​ដាក់​អាទិភាព​លើ​ការធ្វើដំណើរ​ទាំង​នេះ ។

ពេល​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​បង្កើយ នោះ​វា​អាច​នឹង​ងាយ​ទុក​ឲ្យ​រឿង​តូចតាច​ចូលមក​ជំនួស​ការចូល​រួម​ព្រះវិហារ​បរិសុទ្ធ ដោយ​និយាយ​នឹង​ខ្លួន​ឯង​ថា « មិន​អី​ទេ ខ្ញុំ​នឹង​ទៅ​ពេល​ក្រោយ » ។ ការរស់​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ មាន​ភាព​បត់បែន​ងាយ​ស្រួល​ក្នុង​ការដាក់​កាលវិភាគ ប៉ុន្តែ​ភាព​បត់បែន​នេះ​អាច​ជា​ភាពងាយស្រួល​ក្នុង​ការមិន​ឲ្យ​តម្លៃ​ទៅលើ​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ទៅវិញ ។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ នោះ​យើង « ហួស​ទី​ដៅ » ដោយ​មិន​ឲ្យ​តម្លៃ​លើ​ឱកាស​ដើម្បី​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការចូលរួម​គួរ​តែ​មាន​ភាពខ្លាំងក្លា​ដដែល ដូច​ពេល​ដែល​ព្រះវិហារបរិសុទ្ធ​នៅ​ឆ្ងាយ ។

បន្ទាប់ពី ខាធើ និង​ខាណាវ៉ុន បាន​ជីកកកាយ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ជ្រលង​ភ្នំ​ស្ដេច​រកមើល​ផ្នូរ​របស់​ធូថានខាមូន​ហើយ ពួក​គេ​បាន​ដឹង​ថា ពួកគេ​បាន​មើល​រំលង ។ យើង​មិន​ចាំបាច់​ធ្វើ​ការ​ដោយ​គ្មាន​ជោគជ័យ ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ដើម្បី​ស្វែង​រក​កំណប់​ទ្រព្យ​របស់​យើង​នោះ​ទេ ។ យើង​ក៏​មិន​ចាំបាច់ស្វែង​រក​ការប្រឹក្សា​ពី​ប្រភព​ដ៏​កម្រ​និង​អសកម្ម​ណា​ដែរ ឬ​ឲ្យ​តម្លៃ​លើ​ប្រភព​ថ្មី ហើយ​គិត​ថា​ការប្រឹក្សា​បែប​នេះ​នឹង​ច្បាស់​ជាង​អ្វី​ដែល​យើង​អាច​ទទួល​បាន​មកពី​ព្យាការី​ដ៏​រាបទាប​របស់​ព្រះ​ឡើយ ។

ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ កាល​មេទ័ព​ណាម៉ាន់ បាន​ព្យាយាម​ព្យាបាល​ជំងឺ​ឃ្លង់ គាត់​ខឹង​នឹង​គេ​ដែល​សុំ​គាត់​ឲ្យ​មុជ​ក្នុង​ទន្លេ​ធម្មតា​មួយ​ចំនួន​ប្រាំពីរ​ដង ។ ប៉ុន្តែ​គាត់​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​តាម​ការទូន្មាន​របស់ ព្យាការី​អេលីសេ ជា​ជាង​ពឹងផ្អែក​លើ​គំនិត​ដែល​បាន​គិត​ទុក ថា​អព្ភូតហេតុ​គួរ​តែ​កើត​ឡើង​នោះ ។ ជាលទ្ធផល ណាម៉ាន​បាន​ជា​សះ​ស្បើយ ។១៧ នៅ​ពេល​យើង​ទុក​ចិត្ត​លើ​ព្យាការី​ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ហើយ​ធ្វើ​តាម​ដំបូន្មាន​របស់​លោក នោះ​យើង​នឹង​រក​ឃើញ​សុភមង្គល ហើយ​យើង​ក៏​អាច​បាន​ព្យាបាល​ផងដែរ ។ យើង​មិន​ចាំបាច់​មើល​ទៅ​ឆ្ងាយ​ទេ ។

បងប្អូនប្រុសស្រី ខ្ញុំ​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ចងចាំ និង​ផ្ដោត​ជានិច្ច​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង​ដែល​ជា « ទីដៅ » ដែល​យើង​គួរ​តែ​មើល​ទៅ និង​ជា​កំណប់​ទ្រព្យ​ដ៏​អស្ចារ្យ​បំផុត​របស់​យើង ។ ពេល​បងប្អូន​មក​រក​ទ្រង់ បងប្អូន​នឹង​ទទួល​បាន​ភាពរឹងមាំ​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត ភាពក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​សមត្ថភាព​ដើម្បី​បំពេញ​បេសកកម្ម​របស់​បងប្អូន​ក្នុង​ជីវិត​រមែង​ស្លាប់ ។ សូម​រក្សាទុក​ឱកាស​ដើម្បី​ប្រែចិត្ត ឯកសិទ្ធិ​ទទួល​ទាន​សាក្រាម៉ង់ ពរជ័យ​នៃ​ការ​ចុះ និងការ​រក្សា​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ ការរីករាយ​នឹង​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​អំណរ​នៃ​ការ​មាន​ព្យាការី​នៅរស់ ។

ខ្ញុំ​សូមថ្លែង​ជាសាក្សី​ដ៏ឧឡារិកពិត​ថា ព្រះជា​ព្រះវរបិតា​អស់កល្ប​ជានិច្ច គឺ​ជា​ព្រះវរបិតាសួគ៌​របស់យើង ហើយ​ទ្រង់​មាន​ព្រះជន្ម​រស់ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ទ្រង់​គឺជា​មិត្តសួគ៌ា​ដ៏​មាន​ព្រះទ័យល្អ និងឈ្លាសវៃ ១៨ ហើយ​នេះ​គឺ​ជា​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ សូម​អរគុណ​ចំពោះ​សេចក្តី​ជំនឿ និង​ភាពស្មោះត្រង់​របស់​បងប្អូន។ ខ្ញុំ​សូម​អធិស្ឋាន​សូម​ឲ្យ បងប្អូន​នឹង​មាន​ពរជ័យ រីកចម្រើន ព្រមទាំង​ត្រូវ​បាន​ការពារ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាមែន ។

កំណត់​ចំណាំ

  1. ឈ្មោះ​ពេញ​របស់ អឺល ទី​ប្រាំ​នៃ ខាណាវ៉ុន គឺ ចច អេតវើត ស្តេនហូប ម៉ូលីណើស ហឺប៊ឺត ​។

  2. ការស្កេន​ថូម៉ូក្រាហ្វ​តាម​កុំព្យូទ័រ ( CT ) នៅ​ឆ្នាំ ២០០៥ បាន​បង្ហាញ​ថា ស្តេច​ធូថានខាមូន ប្រហែល​ជា​បាន​រង​របួស​បាក់ឆ្អឹង​ជើង​មួយ​របស់​ទ្រង់ ហើយ​​ប្រហែល​ជា​បណ្តាល​ឲ្យ​មាន​ការឆ្លង​មេរោគ និង​ការសុគត ។

  3. ស្តេច​ផារ៉ោន​នៃ​អាណាចក្រ​ថ្មី​នៃ​ប្រទេស​អេហ្ស៊ីប​ភាគ​ច្រើន​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ជ្រលង​ភ្នំ​ស្ដេច ។ ភាគ​ច្រើន​នៃ​ផ្នូរ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ និង​ប្លន់​នៅ​សម័យ​បុរាណ ។

  4. ដំណើររឿង​នៃ​ការរកឃើញ​ផ្នូរ​របស់ ធូថានខាមូន នេះ​ផ្អែក​ជា​ចម្បង​ទៅលើ​បុរាណវិទ្យា Eric H. Cline « King Tut’s Tomb » Archaeology: An Introduction to the World’s Greatest Sites ( ២០១៦ ), ៦០–៦៦ ។

    កត្តា​ជាច្រើន​បាន​រួម​ចំណែក​ដល់​ការជ្រើសរើស​របស់ ខាធើ និង​ខាណាវ៉ុន ថា​គួរ​រុករក​នៅ​កន្លែង​ណា—ហើយ​មិន​គួរ​រុករក​នៅ​កន្លែង​ណា—នៅ​ជ្រលងភ្នំ​នៃ​ព្រះមហាក្សត្រ ។ តំបន់​ជុំ​វិញ​មូលដ្ឋាន​បោះ​ជំរំ​មិន​ត្រូវ​បាន​គេ​សុំ​ភ្លាមៗ​សម្រាប់​ការជីក​រុករក​នោះ​ទេ ។ តំបន់​ត្រីកោណ​នេះ​អាចឲ្យ​អ្នក​ទស្សនា​ចូល​ទៅ​កាន់​ផ្នូរ​របស់ រ៉ាមសេស ទី៦ បាន ដូច្នេះ​ការជីក​រុករក​នឹង​មាន​ការរំខាន​ជាពិសេស ។ ខាធើ បាន​មាន​ប្រសាសន៍​ថា តំបន់​នោះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ « ខ្ទម​កម្មករ​មួយ​ចំនួន​ដែល​សង់ ប្រហែល​ជា​ប្រើ​ដោយ​កម្មករ​នៅ​ក្នុង​ផ្នូរ​របស់ រ៉ាមសេស [ ហើយ ] ដី​ជម្រៅ​ជិត​មួយ​ម៉ែត្រ​នៅ​ពី​ក្រោម​ពួកគេ » ។ វា​ហាក់​ដូចជា​មិន​មាន​ខ្ទម​សង់​ពីលើ​ច្រកចូល​ផ្នូរទេ (សូមមើល Howard Carter and A. C. Mace, The Tomb of Tut-ankh-Amen: Discovered by the Late Earl of Carnarvon and Howard Cartervol. ១ [ ឆ្នាំ ១៩២៣ ], ១២៤–១២៨, ១៣២) ។

    សម្រាប់​ដំណើរ​រឿង​ផ្សេងទៀត​អំពី​ការ​រុករក​ឃើញ​ផ្នូរ​របស់​Tutankhamun សូមមើល Zahi Hawass,​Tutankhamun and the Golden Age of the Pharaohsឆ្នាំ ២០០៥ ) Nicholas Reeves, The Complete Tutankhamun: The King, the Tomb, the Royal Treasureឆ្នាំ ១៩៩០ ), ៨០–៨៣; and Nicholas Reeves and Richard H. Wilkinson, The Complete Valley of the Kings: Tombs and Treasures of Egypt’s Greatest Pharaohsឆ្នាំ ២០០៨ ), ៨១–៨២ ។

  5. យ៉ាកុប ៤:១៤ ។

  6. នីហ្វៃទី២ ៣១:១៩ ។

  7. សូម​មើល មរ៉ូណៃ ៧:២៧–២៨ ។

  8. នីហ្វៃ​ទី២ ២៥:២៦ ។

  9. អាលម៉ា ៣៣:២២ ។

  10. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥២ ។

  11. សូមមើល ដាវីត អេ បែតណា, « Teach to Build Faith in Jesus Christ » ( address given at the seminar for new mission leaders, ថ្ងៃទី ២៣ ខែ​មិថុនា ឆ្នាំ ២០២៣ ); Rachel Sterzer Gibson, « Teach to Build Faith in Jesus Christ, Elder Bednar Instructs » Church News, ថ្ងៃទី ២៣ ខែ​មិថុនា ឆ្នាំ ២០២៣, thechurchnews.com ។

  12. ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាក្រាម៉ង់​មិន​ត្រូវ​បាន​បង្កើត​ឡើង​ជា​មធ្យោបាយ​ជាក់លាក់​មួយ​ក្នុង​ការ​ធានា​នូវ​ការផ្តាច់​បាប​របស់​យើង​នោះ​ទេ ( សូមមើល ជេម អ៊ិ ថាល់មេហ្គ A Study of the Articles of Faith កំណែ​ទី ៤៨ ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ឆ្នាំ ១៩៦៧ ទំព័រ ១៧៥ ) ។ មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​អំពើបាប​ដោយ​ចេតនា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​រំពឹង​ថា អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​គឺ​គ្រាន់តែ​ទទួល​ទាន​នំប៉័ង​មួយ​ចំណិត ហើយ​ផឹក​ទឹក​មួយ​កូន​ពែង​នៅ​ថ្ងៃ​អាទិត្យ​ទៅ នោះ​វា​នឹង​ត្រូវ​សម្អាត​ដោយ​វេទមន្ដ​នោះ​ទេ ។ ប៉ុន្តែ ឥទ្ធិពល​បន្សុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​សម្អាត​អស់​អ្នក​ដែល​ប្រែចិត្ត​ដោយ​ចិត្ត​ស្មោះ និង​មាន​បំណង​ពិត​ប្រាកដ​បាន ។

  13. សូមមើល នីហ្វៃ​ទី​៣ ១៨:១២–១៣ ។

  14. ម៉ូសាយ ២:៣៦ ។

  15. ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « ព្រះ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ចំពោះ​បុគ្គល​ម្នាក់ៗ ដែល​ចុះ​សេចក្តី​សញ្ញា​នឹងទ្រង់​នៅក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ហើយ​សេចក្តី​ស្រឡាញ់​ដ៏​ទេវភាព​នោះ ​មានកាន់តែ​ខ្លាំង នៅពេល​សេចក្តីសញ្ញា​បន្ថែមទៀត​បាន​ធ្វើឡើង និង​​គោរព​តាម​យ៉ាង​ស្មោះត្រង់ » ( « ការ​ជ្រើសរើស​សម្រាប់​ភាព អស់កល្ប​ជានិច្ច » [ ការ​ប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈឹមវ័យ នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] បណ្ណាល័យ​ដំណឹងល្អ ) ។ សេចក្ដី​សញ្ញា​ជាច្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា គឺ​ពុំ​គ្រាន់តែ​តាម​លំដាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បន្ថែម និង​ធ្វើ​ឲ្យ​ស៊ីសង្វាក់​គ្នា ។ សេចក្ដីសញ្ញា​ជួយ​សម្រួល​ឲ្យ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កាន់​តែ​ខ្លាំង​ជា​មួយ​នឹង​ព្រះ ។ ទំនាក់ទំនង​បែបនេះ​អនុញ្ញាត​ឱ្យ​យើង​ផ្លាស់ប្តូរ​ដល់​ចំណុច​មួយ​ដែល​រូបភាព​ទ្រង់​ឆ្លាក់​នៅ​លើ​មុខ​យើង ហើយ​ដួងចិត្ត​របស់​យើង​ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង និង​ជា​អចិន្ត្រៃយ៍ ( សូមមើល អាលម៉ា ៥:១៤ ) ។

  16. ប្រធាន ណិលសុន បាន​ពន្យល់​ថា ព្រះអម្ចាស់ « កំពុង​ធ្វើ​ឲ្យ​ព្រះ​វិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់​តែ​ជិត​បង្កើយ ។ ទ្រង់​កំពុង​បង្កើន​ល្បឿន​ឲ្យ​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នានា ។ ទ្រង់​កំពុង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ ទ្រង់​ក៏​កំពុង​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ដល់​ពួកយើង​ម្នាក់ៗ ដើម្បី​បន្សុទ្ធ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ » ( ផ្ដោត​ទៅលើ​ព្រះវិហារបរិសុទ្ធ » លីអាហូណាខែវិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១២១ ) ។

  17. សូមមើល ពង្សាវតារក្សត្រ ទី២ ៥:៩–១៤ ។

  18. សូមមើល​« ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ទំនុកតម្កើង លេខ​១៣៦ ។