សន្និសីទទូទៅ
សរសើរ​ដល់​លោក
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


សរសើរ​ដល់​លោក

ឱ យើង​មាន​ពរជ័យ​យ៉ាងច្រើន​ក្រៃលែង ដើម្បី​ដឹង​អ្វីៗ​ទាំងអស់​ដែល​យើង​ដឹង ដោយសារ​យើង​មាន យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​នៅ​ជាមួយ​នឹង​បងប្អូន​នា​ព្រឹក​នេះ ។ ខ្ញុំ​អធិស្ឋាន​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ខ្ញុំ ។

ភ្នែក​ខ្ញុំ​លែង​ដូច​មុន​ហើយ ។ ខ្ញុំ​បាន​ទៅ​ជួប​ពេទ្យ​ភ្នែក ហើយ​ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​មើល​មិន​ឃើញ​អក្សរ​នៅលើ​កញ្ចក់​បង្ហាញ​អក្សរ​ទេ » ។

ហើយ​គាត់​បាន​តប​ថា « មែនហើយ ភ្នែក​អែលឌើរ​ចាស់​ហើយ ។ វា​នឹង​មិន​ប្រសើរ​ឡើង​ទេ » ។

ដូច្នេះ ខ្ញុំ​នឹង​ធ្វើឲ្យ​អស់ពី​សមត្ថភាពដែល​ខ្ញុំ​អាច​ធ្វើ​បាន ។

ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​បងប្អូន​នូវ​រឿង​មួយ​ចំនួន ដែល​មាន​នៅក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ហាក់​ដូចជា​គិត​ដល់​ព្យាការី យ៉ូសែប ក្នុង​ចិត្ត​ខ្ញុំ​ឥតល្ហែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ។ ខ្ញុំ​បាន​អង្គុយ​ពិចារណា​ពី​ការទទួល​ខុសត្រូវ​ដ៏​រុងរឿង​របស់​លោក ក្នុង​ការក្លាយជា​ព្យាការី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នូវពេល​ពេញ​កំណត់​នេះ ។

ខ្ញុំ​គិត​ថា យើង​មាន​អំណរគុណ​យ៉ាងខ្លាំង​ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល យ៉ូសែប ស្ម៊ីធ ជា​ក្មេងប្រុស​ម្នាក់​ដែល​ចង់​ដឹងពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ការអភ័យទោស​ដល់​អំពើបាប​របស់​លោក បាន​មាន​ភាពក្លាហាន​ដើម្បី​ចូល​ទៅក្នុង​ព្រៃ​មួយ​នៅក្បែរ​ផ្ទះ​របស់​លោក​នៅ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវ​យ៉ក ហើយ​បាន​លុត​ជង្គង់​នៅ​ទីនោះ​ដើម្បី​អធិស្ឋាន​ហើយ—តាម​សេចក្ដី​ថ្លែង​ការណ៍​ផ្ទាល់ខ្លួន​របស់​លោក—អធិស្ឋាន​ឮៗ​ជា​លើក​ដំបូង ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤ ) ។

នៅ​គ្រា​នោះ កាល​ដែល យ៉ូសែប បាន​លុត​ជង្គង់​នៅក្នុង​អ្វី​ដែល​យើង​ហៅថា​ព្រៃ​ពិសិដ្ឋ​នោះ ស្ថានសួគ៌​ក៏​បាន​បើក​ឡើង ។ តួអង្គ​ពីរ​ ដែល​ភ្លឺជាង​ព្រះអាទិត្យ​ពេល​ថ្ងៃត្រង់​ទៅទៀត បាន​បង្ហាញ​ព្រះកាយទ្រង់​នៅ​ចំពោះ​មុខ​លោក ។ តួអង្គ​មួយ​បាន​មាន​ព្រះបន្ទូល​មកកាន់​លោក​ថា « [ យ៉ូសែប ] នេះ​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ ហេតុដូច្នេះ​ហើយ វា​បាន​ចាប់ផ្ដើម​មាន​ការស្ដារ​ឡើងវិញ​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ដោយសារ​ព្រះយេស៊ូវ​ដែល​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង បាន​មាន​បន្ទូល​ទៅកាន់​ក្មេងប្រុស យ៉ូសែប ហើយ​បាន​បើក​សម្ដែង​ឡើង​នូវ​គ្រា​កាន់កាប់​ត្រួតត្រា​ដែល​យើង​កំពុង​រស់នៅ​នាពេល​នេះ នោះ​យើង​ច្រៀង​ថា « សរសើរ​ដល់​លោក​ដែល​ទូល​នឹង​ព្រះយេហូវ៉ា ! » ( « សរសើរ​ដល់​លោក » ទំនុក​តម្កើង ល.រ. ១៦ ) ។ យើង​សូម​អរព្រះគុណ​ដល់​ព្រះអម្ចាស់​សម្រាប់ យ៉ូសែប ស្ម៊ីធ និង​ភាពក្លាហាន​របស់​លោក ដើម្បី​ចូល​ទៅក្នុង​ព្រៃ​ពិសិដ្ឋ​នោះ​នៅ​ឆ្នាំ ១៨២០ នៅក្បែរ​ផ្ទះ​របស់​លោក​នៅ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវ​យ៉ក ។

ខ្ញុំ​បាន​គិត​អំពី​រឿង​ដ៏អស្ចារ្យ​ទាំងអស់​ដែល​យើង​ដឹង និង​អ្វីៗ​ទាំងអស់​ដែល​យើង​មាន ។ បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ ទីបន្ទាល់​របស់​ខ្ញុំ​ទៅកាន់​បងប្អូន​នា​ព្រឹកនេះ​គឺថា ឱ យើង​មាន​ពរជ័យ​យ៉ាងច្រើន​ក្រៃលែង ដើម្បី​ដឹង​អ្វីៗ​ទាំងអស់​ដែល​យើង​ដឹង ដោយសារ​យើង​មាន យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។

យើង​មាន​ការយល់ដឹង​អំពី​គោលបំណង​នៃ​ជីវិត​នេះ ដឹង​ថា​យើង​ជា​នរណា ។

យើង​ដឹង​ថា ព្រះ​ជា​នរណា យើង​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជា​នរណា ព្រោះ​យើង​មាន យ៉ូសែប ដែល​បាន​ចូល​ទៅក្នុង​ព្រៃ​នោះ​កាលនៅ​ជា​ក្មេងប្រុស​ម្នាក់ ដើម្បី​ស្វែងរក​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​លោក ។

ខ្ញុំ​គិត​ថា វា​គឺជា​រឿង​ដ៏​រុងរឿង និង​អស្ចារ្យ​បំផុត​មួយ ដែល​នរណាម្នាក់​នៅក្នុង​ពិភពលោក​នេះ​អាច​ដឹង​បាន—ថា​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បើក​សម្ដែង​អង្គ​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ហើយ​ថា យ៉ូសែប បាន​ធំ​ឡើង​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​មាន​ព្រះគម្ពីរ​មរមន ។ ឱ ព្រះគម្ពីរ​មរមន​គឺជា​អំណោយ​ដ៏អស្ចារ្យ និង​មហិមា​អ្វី​ម្ល៉េះ សម្រាប់​សមាជិកភាព​នៅក្នុង​សាសនាចក្រ​នេះ ។ វា​គឺជា​សាក្សី​មួយ​ទៀត ជា​សក្ខីបទ​មួយ​ទៀត​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ យើង​មាន​ព្រះគម្ពីរ​នេះ ដោយសារ យ៉ូសែប មាន​ភាពស័ក្ដិសម​នឹង​យក​ផ្ទាំង​ចំណារ​ទាំងនោះ ត្រូវបាន​បំផុស​គំនិត​ពី​ស្ថានសួគ៌​ឲ្យ​បកប្រែ​ព្រះគម្ពីរ​នេះ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ជូន​គម្ពីរ​នេះ​ដល់​ពិភពលោក ។

បងប្អូន​ប្រុស​ស្រី ទោះបីជា​សារលិខិត​របស់​ខ្ញុំ​នៅ​ព្រឹកនេះ​សាមញ្ញ​ក៏​ដោយ ក៏​វា​ជ្រាលជ្រៅ​ដែរ ហើយ​វា​ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ចំពោះ​អ្នក​ទាំងអស់​ដែល​បាន​គាំទ្រ​លោក ហើយ​ស្ម័គ្រចិត្ត​គាំទ្រ​លោក​នៅក្នុង​យុវវ័យ​របស់​លោក ។

ខ្ញុំ​សូម​សរសើរ​ដល់​ម្តាយ​របស់​លោក​នៅ​ព្រឹក​នេះ ។ ខ្ញុំ​តែងតែ​គិត​ថា តើ​វា​អស្ចារ្យ​ប៉ុណ្ណា​ទៅ នៅពេល​ដែល យ៉ូសែប ត្រឡប់​មកផ្ទះ​វិញ​ពី​បទពិសោធន៍​នៅក្នុង​ព្រៃ​ពិសិដ្ឋ​នោះ ហើយ​បាន​ប្រាប់​ម្តាយ​លោក​នូវ​អ្វី​ដែល​បាន​កើតឡើង ហើយ លូស៊ី ម៉ាក ស្ម៊ីធ បាន​ជឿ​លោក ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឪពុក និង​បងប្អូន​ប្រុស​ស្រី និង​គ្រួសារ​របស់​លោក ដែល​បាន​គាំទ្រ​លោក​ក្នុង​ការទទួល​ខុសត្រូវ​ដ៏​សែន​ធំ​នេះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក​ឲ្យ​ក្លាយជា​ព្យាការី ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​មាន​ម្ដងទៀត​នៅលើ​ផែនដី​នេះ ។

ដូច្នេះ ទីបន្ទាល់​របស់​ខ្ញុំ​នៅ​ព្រឹក​នេះ​គឺ​ថា ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។ ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយទ្រង់​មក ហើយ​បាន​មាន​បន្ទូល​ទៅកាន់ យ៉ូសែប ហើយ​បាន​រៀបចំ​លោក​ឲ្យ​ក្លាយជា​ព្យាការី ។

ខ្ញុំ​រំភើប ហើយ​ខ្ញុំ​ប្រាកដ​ថា បងប្អូន​ទាំងអស់​គ្នា​ជាច្រើន​ក៏​រំភើប​ដែរ ថា​យើង​មាន​ពរជ័យ​យ៉ាងណា ដោយ​ដឹង​អ្វី​ដែល​យើង​ដឹង​អំពី​គោលបំណង​របស់​យើង​ក្នុង​ជីវិត​នេះ ហេតុអ្វី​យើង​នៅ​ទីនេះ អ្វី​ដែល​យើង​គួរតែ​ព្យាយាម​ធ្វើ និង​សម្រេច​ឲ្យ​បាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ យើង​កំពុង​តែ​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​ខ្លួន​យើង ម្ដង​បន្ដិចៗ​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​ល្អ​ជាងមុន​បន្តិច មាន​ចិត្ត​សប្បុរស​ជាងមុន​បន្តិច បាន​ត្រៀមខ្លួន​ច្រើន​ជាងមុន​បន្ដិច​សម្រាប់​ថ្ងៃ​នោះ ដែល​ប្រាកដ​ជា​នឹង​មក​ដល់ នៅពេល​ដែល​យើង​នឹង​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​យើង​វិញ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​នោះ​កាន់តែ​ខិត​ជិត​ដល់​ហើយ​សម្រាប់​ខ្ញុំ ។ ឆាប់ៗ​នេះ ខ្ញុំ​នឹង​មាន​អាយុ ៩៥ ឆ្នាំ ។ កូនៗ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ចាស់​ជាង​អាយុ​នេះ​ទៅទៀត​នៅ​ថ្ងៃ​ខ្លះ ប៉ុន្តែ​វា​មិន​អី​ទេ ។ ខ្ញុំ​កំពុង​ធ្វើឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ហើយ ។

ប៉ុន្តែ​អស់​រយៈពេល​ជិត ៥០ ឆ្នាំ​មក​ហើយ បងប្អូន​ប្រុស​ស្រី​អើយ ខ្ញុំ​បាន​មាន​អភ័យ​ឯកសិទ្ធិ​ដើរ​សឹង​គ្រប់​ប្រទេស​ក្នុង​ពិភពលោក​នេះ ក្នុង​ការចាត់តាំង​របស់​ខ្ញុំ​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ ។ វា​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ទៅ​ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ពិភពលោក​នេះ ។ ខ្ញុំ​បាន​ជួប​ជាមួយ​សមាជិក​ជាច្រើន​ក្នុង​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

ឱ ខ្ញុំ​ពិតជា​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់ ។ ឱ នោះ​ជា​បទពិសោធន៍​ដ៏រុងរឿង​អ្វី​ម្ល៉េះ—ដើម្បី​បាន​មើល​មុខ​បងប្អូន នៅក្នុង​វត្តមាន​របស់​បងប្អូន ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​បងប្អូន​មាន​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ឲ្យ​ព្រះវរបិតា​សួគ៌​របស់​យើង​តាម​ថែរក្សា​យើង​នាពេល​នេះ ហើយ​ប្រទាន​ពរជ័យ​ដល់​ដំណើរការ​ទាំងអស់​នៃ​សន្និសីទ​នេះ ។ សូម​ឲ្យ​យើង​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យ៉ាង​ពេញលេញ​នៅក្នុង​ចិត្ត​យើង ហើយ​សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ព្រះអង្គ​សង្រ្គោះ​ជាទី​ស្រឡាញ់​របស់​យើង ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ—កើនឡើង កាល​យើង​ខិតខំ​បម្រើ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ជា​លទ្ធផល​នៃ​ការចូលរួម​ក្នុង​សន្និសីទ​ទូទៅ​របស់​យើង​នេះ ។ មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​នៅក្នុង​ពិភពលោក​នេះ សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​បងប្អូន ។ សូម​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ។ សូម​ឲ្យ​យើង​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ស្ថានសួគ៌ កាល​យើង​ថ្វាយ​បង្គំ​ជាមួយ​គ្នា​នៅក្នុង​សម័យ​ប្រជុំ​នៃ​សន្និសីទ​នេះ ។

ខ្ញុំ​សូម​បន្សល់ទុកនូវ​សាក្សី និង​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​បងប្អូន​ថា ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ទ្រង់​គឺជា​មិត្ត​ដ៏ល្អ​បំផុត​របស់​យើង ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕