សន្និសីទទូទៅ
លើសពី​វីរបុរស​ធម្មតា
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


លើសពី​វីរបុរស​ធម្មតា

ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​ជា​វីរបុរស​របស់​យើង​ប៉ុណ្ណោះ​ទេ ទ្រង់​ជា​ព្រះអម្ចាស់ និង​ជា​ស្តេច​របស់​យើង ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​នៃ​មនុស្សជាតិ ។

ចាប់​តាំង​ពី​ឆ្នាំ ១៨៥៦ ដល់​ឆ្នាំ ១៨៦០ មាន​អ្នក​ត្រួសត្រាយ​ផ្លូវ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់​ពាន់​នាក់ បាន​ទាញ​គ្រឿងសម្ភារ​ពួកគេ​ក្នុង​រទេះរុញ ដើរ​ជាង ១០០០ ម៉ែល ( ១៦០០ គ.ម ) ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​កាន់​ជ្រលង​ភ្នំ​សលត៍ ឡេក ។ មួយរយ​ហុកសិបប្រាំពីរ​ឆ្នាំ​កន្លង​ទៅ ក្នុង​សប្ដាហ៍នេះ នៅ​ថ្ងៃទី ៤ ខែ​តុលា ឆ្នាំ ១៨៥៦ ប្រធាន ព្រិកហាំ យ៉ង់ បាន​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ក្រុម​រទេះ​រុញ​ចំនួន​ពីរ ដែល​ដឹកនាំ​ដោយ អ៊ែតវឺត ម៉ាទីន និង ចេមស៍ លីវី នៅ​ឆ្ងាយរាប់រយម៉ែល​ទៀត​ពី​ទីក្រុង​សលត៍ ឡេក ដែល​រដូវ​ត្រជាក់​បាន​មក​ដល់​ឆាប់ៗ​ហើយ ។ នៅថ្ងៃបន្ទាប់ មិនឆ្ងាយពីកន្លែងដែលយើងជួបគ្នាពេលនេះ ប្រធាន យ៉ង់ បានឈរ​នៅចំពោះ​មុខ​ពួកបរិសុទ្ធ ហើយ​បាន​ប្រកាសថា « បងប្អូន​ប្រុស​ស្រី​របស់​យើង​ជាច្រើន​កំពុង​ស្ថិត​នៅ​ទីវាល​ជាមួយ​រទេះរុញ ហើយ​យើងត្រូវ​នាំពួកគេ​មកទីនេះ … ចូរទៅ​នាំអ្នកទាំងនោះ​មកពី​វាលទំនាប​ឥឡូវនេះ​ចុះ » ។

ពីរថ្ងៃ​ក្រោយមក ក្រុម​ជំនួយ​សង្គ្រោះ​ដំបូង​បានចេញ​ដំណើរ​ស្វែងរក​អ្នកត្រួស​ត្រាយផ្លូវ​ក្រុម​រទេះរុញ​ទាំងនោះ ។

សមាជិក​ម្នាក់​នៃ​ក្រុម​វិលី បានរៀបរាប់​អំពីស្ថានភាព​អស់សង្ឃឹម មុន​ពេល​ក្រុមសង្គ្រោះ​ដ៏សំខាន់​នេះ​មកដល់ ។ លោក​បាន​ចែកចាយ​ថា « [ គ្រាន់តែ ]​ពេល​គ្រប់គ្នា​ហៀប​នឹងស្លាប់ ហើយ​នៅសល់​តិចតួច​សម្រាប់​បន្តរជីវិត​… ចម្លើយ​មកពី​ព្រះ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង ហាក់​ដូចជា​ផ្គរលាន់​ចេញពី​ផ្ទៃមេឃ​ស្រឡះ ។ ក្រុម​ជួយ​សង្គ្រោះ នាំ​យក​អាហារ និង​សម្ភារ​មក… ឲ្យ​ឃើញ ។ … តើ​យើង​អាចអរគុណ​ព្រះ​សម្រាប់​ការ​ជួយ​សង្គ្រោះ​យើង​ដោយ​របៀប​ណា » ។

ក្រុម​សង្គ្រោះ​ទាំងនោះ គឺជាវីរបុរស​សម្រាប់​ពួកអ្នក​ត្រួសត្រាយ​ផ្លូវ ដោយ​ហ៊ានប្រថុយ​ជីវិត​ផ្សងគ្រោះថ្នាក់​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ដ៏កាចសាហាវ ដើម្បីនាំ​មនុស្ស​ទាំងអស់​ទៅផ្ទះ​ដោយ​សុវត្ថិភាព​តាមដែល​អាចធ្វើបាន ។ វីរបុរស​ម្នាក់​ក្នុងចំណោម​នោះគឺ លោក អេប្រាអិម ហាងស៍ ។

នៅពាក់​កណ្តាល​ខែតុលា លោក ហាងស៍ បានត្រឡប់​ទៅផ្ទះ​គាត់​នៅ​សលត៍លេក​វិញ បន្ទាប់ពី​ការធ្វើ​ដំណើរ​ទាំងយប់ ហើយ​លោក​មិនបាន​ដឹង​ពីទុក្ខ​លំបាក​របស់​ក្រុម​រទេះរុញ​ទេ លោក​បានភ្ញាក់​ដោយ​ឮសម្លេង​និយាយថា « មនុស្ស​នៅក្នុង​ក្រុម​រទេះរុញ​កំពុង​ជួប​ឧបសគ្គ ហើយ​ពួកគេ​ត្រូវការ​លោក តើ​លោកចង់​ទៅជួយ​ពួកគេ​ទេ ? »

សំណួរ​នោះ​ដិត​ជាប់​គំនិតគាត់ ហើយ​គាត់​បាន​ប្រញាប់​ត្រឡប់​ទៅ​ទីក្រុង​សលត៍ លេក​វិញ ។ ពេល​ស្ដាប់​ឮ​ប្រធាន ហ៊ីប៊ឺ ស៊ី ឃីមបឹល ហៅ​រក​អ្នក​ស្ម័គ្រចិត្ត​បន្ថែម នោះ​លោក ហាងស៍ បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ស្អែកឡើង ។ គាត់​ធ្វើដំណើរ​យ៉ាង​លឿន​ទៅមុន​អ្នកជួយ​សង្គ្រោះ​ផ្សេង​ទៀត​នៅតាម​ផ្លូវ ហើយ​ពេល​ទៅ​ដល់ក្រុម ម៉ាទិន លោក ហាងស៍ បានចាំ​ថា ៖ « កែវភ្នែក​ដែល​មើល​មក​ខ្ញុំ កាល​ខ្ញុំចូល​ទៅដល់​ជំរុំ​របស់​ពួកគេ​មិនអាច​រលុប​ពីការ​ចងចាំ​ខ្ញុំ​ទេ … [ ហើយ​ ]គ្រប់គ្រាន់​នឹង​ដក​ជាប់​ក្នុង​បេះដូង​ដ៏​មុត​មាំ​បំផុត ។

អេប្រាអិម ហាងស៍ បាន​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ​ចេញពី​តង់​មួយ​ទៅតង់​មួយទៀត​ប្រសិទ្ធពរ​អ្នកឈឺ ។ គាត់​បាន​រៀបរាប់​ថា « ​ភ្លាមៗ​នោះ នៅពេល​យើង​ព្យាបាល​អ្នកឈឺ ហើយ​បណ្តេញ​ជំងឺទាំងនោះ ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អ្នក​រងទុក្ខក៏​បាន​រួម​គ្នា​តែមួយ ពួកគេ​បាន​ជាសះស្បើយ​មួយ​រំពេច ។ អេប្រាអិម ហាងស៍ នឹង​ជា​វីរបុរស​របស់​អ្នកត្រួសត្រាយ​ផ្លូវ​ក្រុមរទេះរុញ​ទាំងនោះ​ជារៀងរហូត ។

ស្រដៀងគ្នា​នឹង​ក្រុមជួយសង្គ្រោះ​ដ៏​អស្ចារ្យនោះដែរ ព្រឹត្តការណ៍​ដែល​មានឥទ្ធិពល​លើ​ជីវិត​យើង និង​ប្រវត្តិសាស្ត្រ គឺ​ជាញឹកញាប់​កើត​មកពី​ការសម្រេចចិត្ត និង​ជោគជ័យ​របស់​បុរសស្ត្រី​ម្នាក់ៗ—វិចិត្រករ​ដ៏អស្ចារ្យ អ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំ​អាជីវកម្ម និង​អ្នក​នយោបាយ ។ បុគ្គល​ដ៏វិសេស​ទាំងនេះ ជារឿយៗ​ត្រូវបាន​ផ្តល់​កិត្តិយស​ជា វីរបុរស ដោយ​សាងសង់​វិមាន​អនុស្សាវរីយ៍ ដើម្បី​រំឭកដល់វីរភាព​អង់អាច​របស់​ពួកគេ ។

កាលខ្ញុំ​នៅក្មេង វីរបុរស​ដំបូង​របស់ខ្ញុំ​គឺ​ក្រុម​អត្តពលិក ។ ខ្ញុំ​ចងចាំ​កាលពី​ក្មេង ខ្ញុំ​ប្រមូល​កាត​កីឡាវាយ​កូនបាល់​ជាមួយ​នឹង​រូបភាព និង​ស្ថិតិ​របស់​ក្រុម​កីឡាករ​វាយកូលបាល់ មេជ័រ លីក ។ « ការគោរព​បូជាវីរបុរស » កាលជាកុមារភាព​អាច​ជារឿង​សប្បាយ និង​ស្លូតត្រង់ ដូចជាពេល​កុមារ​ស្លៀកពាក់​តាម​វីរបុរស​ដែលពួក​គេចូល​ចិត្ត ក្នុង​ពិធីបុណ្យ​ហាឡូវិន​ជាដើម ។ ទោះជា​យើង​កោតសរសើរ និង​គោរព​ដល់​វីរភាព​របស់​បុរស និង​ស្ត្រី​ដែលមាន​ទេព​កោសល្យ និង​មាន​សមត្ថភាព និង​ការរួមចំណែក​ដ៏​អស្ចារ្យ​ក្តី ក៏​កម្រិត​នៃការ « ការសាទរ » នោះ​បើ​​ជ្រុល​ហួស​ហេតុពេក​វា​អាច​ប្រៀបដូចជា កូនចៅ​អ៊ីស្រាអែល ថ្វាយបង្គំ​រូបគោមាស នៅវាល​ខ្សាច់​នៃភ្នំ​ស៊ីណាយ​អ៊ីចឹងដែរ ។

ពេលពេញវ័យ អ្វីដែល​ធ្លាប់ជា​ភាពរីករាយ​ត្រង់ៗ​ក្នុងកុមារភាព​ក្លាយជា​ថ្មជំពប់ នៅពេល « ការគោរព​បូជា​វីរបុរស » ដែល​ជា​អ្នក​នយោបាយ អ្នកសរសេរប្លុក អ្នកមានឥទ្ធិពល អត្តពលិក ឬ តន្ត្រីករ​ធ្វើឲ្យ​យើង​ខ្វល់​ខ្វាយ « ហួស​ទិសដៅ » ​ហើយ​បាត់បង់​ទស្សនៈវិស័យ​នៃ​អ្វីដែល​ចាំបាច់​ពិតប្រាកដ ។

សម្រាប់​កូន​ចៅ​អ៊ីស្រាអែល ឧបសគ្គ​ពួកគេ​ពុំមែន​ជាមាស​ដែល​ពួកគេ​នាំ​ទៅជាមួយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា​នោះទេ ប៉ុន្តែ​ឧបសគ្គ​របស់​ពួកគេ គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​មាស​ក្លាយ​ទៅជា​​រូបសំណាក ហើយ​បន្ទាប់មក​បានក្លាយ​ជាកម្មវត្ថុ​នៃការថ្វាយ​បង្គំ​របស់​ពួកគេ ដែលបង្វែរ​ការយក​ចិត្ដទុកដាក់​ចេញ​ពី​ព្រះយេហូវ៉ា ដែល​បាន​ញែក​សមុទ្រ​ក្រហម ហើយ​បាន​រំដោះ​ពួកគេ​ចេញពី​សេវកភាព​នោះ ។ ការផ្តោត​អារម្មណ៍​របស់​ពួកគេ​លើ​រូបសំណាក​គោ​បាន​ជះឥទ្ធិពល​លើ​សមត្ថភាព​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​ពិត​របស់​ពួកគេ ។

វីរបុរស អង់អាចរបស់យើង​ក្នុង​ពេលបច្ចុប្បន្ន និង​ជារៀង​រហូត​គឺជា ព្រះយេស៊ូវគ្រីស្ទ ហើយ​អ្វីមួយ ឬ​នរណាម្នាក់ ដែល​បង្វែរ​យើងចេញ​ពីការបង្រៀន​របស់​ទ្រង់ ដូច​មាន​ក្នុង​ព្រះគម្ពីរ និង​តាមរយៈ​ពាក្យសម្ដី​របស់ព្យាការី​នៅរស់ វា​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់ការ​រីកចម្រើន​របស់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ មុនពេល​បង្កើត​ផែនដី​នេះ​យើង​សម្លឹង​ទៅ​ព្រះយេស៊ូវគ្រីស្ទ នៅពេលផែនការ​ដែល​បាន​ដាក់ស្នើ​ដោយ​ព្រះវរបិតាសួគ៌​ត្រូវ​បាន​ដឹង​ច្បាស់ រួមបញ្ចូល​ទាំង​ឱកាស​ដើម្បី​យើង​រីកចម្រើន និង​ប្រែក្លាយ​ដូចជាទ្រង់ ពេលនោះហើយ​គឺ​ជាការ​ចាប់​ផ្តើម​សាកល្បង ។

ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​ជាអ្នកដឹកនាំ​ការពារ​ផែនការ​របស់​ព្រះវរបិតា​យើង​ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់បំផុត​នៅក្នុង​ការអនុវត្ត​ផែនការ​នោះ​ផងដែរ ។ ទ្រង់​បាន​ឆ្លើយ​តប​នឹង​ព្រះវរបិតា ហើយ​បាន​ស្ម័គ្រ​ព្រះទ័យ​ថ្វាយ​អង្គទ្រង់ « ជាថ្លៃ​លោះ​មនុស្ស​ទាំង​អស់ » ដើម្បី​សងបំណុល​ដែលយើង​ម្នាក់ៗ​ជំពាក់​ព្រោះ​អំពើបាប ប៉ុន្តែ​មិនអាច​បង់សង​ដោយ​ខ្លួនឯង​បាន ។

ប្រធាន ដាល្លិន អេក អូកស៍ មាន​បង្រៀន​ថា « [ ព្រះយេស៊ូវគ្រីស្ទ ]​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ចាំបាច់​សម្រាប់ការធ្វើ​ដំណើរ​នៅក្នុង​ជីវិត​រមែង​ស្លាប់របស់​យើង ឆ្ពោះ​ទៅ​កាន់​ជោគវាសនា​ដែល​បាន​គ្រោងទុកនៅ​ក្នុង​ផែនការ​របស់​ព្រះវបិតា​សួគ៌​យើង » ។

នៅឯ​សួនច្បារ​គែតសេម៉ានី ពេល​ប្រឈម​មុខ​នឹង​កិច្ចការ​ដ៏​ច្រើន​លើសលប់ ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​យ៉ាង​អង់អាច​ថា « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ហើយ​បាន​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់ ជំងឺ និង​ការ​រងទុក្ខ​សម្រាប់​អំពើ​បាប​នៃ​អស់អ្នក​ដែល​រស់នៅ​លើផែនដី​ទាំងអស់ ។១០ ទាំងទង្វើ​នៃការ​ស្តាប់បង្គាប់ និង​ការប្តេជ្ញា​ចិត្ត​ដ៏ល្អឥតខ្ចោះ ព្រះយេស៊ូវគ្រីស្ទ បាន បំពេញ​កិច្ចការ​បង្កបង្កើត​ដ៏មហិមា​ទាំងអស់ ប្រកបដោយ​វីរភាព ហើយ​បញ្ចប់​ដោយ​ការមាន​ព្រះ​ជន្មរស់​ឡើងវិញ​ដ៏​រុងរឿង ។

នៅក្នុង​សន្និសី​ទទូទៅ​ថ្មីៗរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានរំឭក​យើង​ថា ៖ « មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជានិច្ច ។ ចូរ​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា គោលលទ្ធិ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃ​ការព្យាបាល​ដែល​បាន​ស្តារ​ឡើង​វិញ និង​ការរីកចម្រើន ។ ចូរ​ងាក​ទៅ​រក​ទ្រង់ ! ចូរ​ដើរ​តាម​ទ្រង់ ! » ។១១ ហើយ​ខ្ញុំ​សូម​បន្ថែម​ថា « ចូរជ្រើសរើសទ្រង៉ » ។

នៅក្នុង​ពិភពលោក​ដ៏ស្មុគស្មាញ​របស់យើង វាអាច​ជាការល្បួង​ឲ្យ​ងាកទៅរក « វីរបុរស » របស់​សង្គម ដែល​ប្រឹងប្រែង​ផ្តល់ភាព​ច្បាស់លាស់​ដល់ជីវិត នៅពេល​ដែល​វា​ហាក់ដូចជា​ច្របូក​ច្របល់ ឬ លើសលប់​នោះ ។ យើង​ទិញ​សម្លៀកបំពាក់​ដែល​ពួក​គេ​ឧបត្ថម្ភ យើងប្រកាន់​យក​នយោបាយ​ដែលគេ​ឃោសនា ហើយយើង​ធ្វើ​តាម​យោបល់​ដែល​ពួកគេ​បាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ រឿង​នេះអាចមិន​អីសម្រាប់​ការ​កម្សាន្ដ​បណ្តោះអាសន្ន ប៉ុន្តែ​យើង​ត្រូវ​ប្រុងប្រយត្ន័ ថាទម្រង់​នៃការគោរព​វីរបុរស​នេះ​នឹង​មិន​ក្លាយទៅជា​រូបចម្លាក់​គោមាស​របស់យើងទេ ។ ការជ្រើស​រើស​វីរបុរស « ត្រឹមត្រូវ » មាន​លទ្ធផល​អស់កល្ប​ជានិច្ច ។

នៅពេល​គ្រួសារ​យើងទៅដល់​ប្រទេស អេស្ប៉ាញ ដើម្បី​ចាប់ផ្តើម​ការបម្រើ​របស់យើង​ក្នុង​នាម​ជាអ្នកដឹកនាំ​បេសកកម្ម យើងបានរកឃើញ​ពាក្យ​សម្រង់​ក្នុងស៊ុមរូបថត​មួយ ចែកចាយដោយ អែលឌើរ ណែល អេ ម៉ាកស្វែល ពាក់ព័ន្ធ​ទៅនឹង​វីរបុរស​ដែលយើង​ជ្រើសរើស​ធ្វើតាម ។ « បើអ្នក​មិន​ជ្រើសរើស​នគរព្រះ​ជាមុនទេ នោះវា​នឹង​គ្មានអ្វី​ខុស​ប្លែក​ចំពោះ​អ្វី​ដែល​អ្នក​បានជ្រើសរើស​នៅ​ទីបញ្ចប់​នោះទេ » ។១២ បងប្អូន​ប្រុស​ស្រី គឺ​ដោយ​សារយើង​ជ្រើស​រើស​ព្រះយេស៊ូវ​គ្រីស្ទ ជា​ស្តេច​លើស​អស់​ទាំង​ស្តេច នោះ​គឺ​យើង​ជ្រើសរើស​នគរ​នៃ​ព្រះ ។ ជម្រើស​ផ្សេងទៀត ​គឺ​ប្រៀប​ដូច​យើង​ជ្រើសរើស ស្នាដៃ​មនុស្ស ឬ ចម្លាក់​គោមាស ហើយ​ទីបំផុត​យើង​នឹង​បរាជ័យ ។

នៅក្នុង​ព្រះគម្ពីរសញ្ញាចាស់​អំពីដានីយ៉ែល យើងបាន​អាន​ដំណើររឿង​របស់ សាដ្រាក់. មែសាក់ និង អ័បេឌនេកោ ដែល​ពួកគេ​ដឹង​យ៉ាងច្បាស់ថា​វីរបុរស​មួយណា​ដែលត្រូវ​ជ្រើសរើស … ដែល​ពុំមែន​ជា​ព្រះ​ណាមួយ​របស់​ស្តេច​នេប៊ូក្នេសា​ទេ ។ ពួកគេ​បាន​ប្រកាស​ដោយ​ទំនុកចិត្ត​ថា ៖

« ព្រះ​ដែលយើងបម្រើ​ ទ្រង់​អាច​នឹង​ជួយ​ឲ្យខ្ញុំ​រួច​ពីគុកភ្លើង ។…

« តែបើ​មិនជួយ​ទេ នោះ សូម​ទ្រង់ព្រះករុណា​ជ្រាបថា យើងខ្ញុំ​មិនព្រម​គោរពតាម​ព្រះ​របស់ទ្រង់​ឡើយ ក៏មិនព្រម​ថ្វាយបង្គំ​ដល់​រូបមាស​ដែល​ទ្រង់​បាន​តាំង​ឡើង​នោះដែរ »។១៣

នៅពេល​សាវក​ប៉ុល​បាន​បង្រៀន​ថា « មាន​មនុស្ស​ល្អ​ជាច្រើន »១៤ ហើយ​ខ្ញុំ​អាច​បន្ថែម​វីរបុរស​ជាច្រើន ដែល​យើងអញ្ជើញ​ឲ្យ​ឱនក្បាល ឲ្យ​ថ្វាយបង្គំ និង​ឱប​ក្រសោប ។ ប៉ុន្តែ​ដូចជា​មិត្ត​បីនាក់​របស់​ដានីយ៉ែល​បាន​ដឹងថា ​មាន​តែ​អង្គ​មួយ​ប៉ុណ្ណោះ​ដែល​ធានា​ថា​នឹងជួយ​សង្គ្រោះ— ព្រោះ​ទ្រង់​បាន​និង​តែងតែ​ជួយ​សង្គ្រោះ​ជានិច្ច ។

សម្រាប់​យើង​ក្នុងដំណើរ​ត្រឡប់​ទៅ​ទីវត្តមាន​របស់ព្រះ ទៅកាន់​ដែនដីសន្យា​របស់យើង វាពុំ​អាស្រ័យ​ទៅលើ​អ្នកនយោបាយ តន្ត្រីករ អត្តពលិក ឬ វីឡកហ្គឺ នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺជា ការជ្រើសរើស​របស់​យើង ដែល​អនុញ្ញាត​ឲ្យពួកគេ​ក្លាយជា​របស់សំខាន់​ជំនួសឲ្យ ការយក​ចិត្ត​ទុកដាក់ និង​ការផ្តោតទៅ​លើ​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោស​លោះ​របស់យើង ។

យើង​ជ្រើសរើស​ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ពេល​យើង​ជ្រើសរើស​គោរព​ពេលវេលា​ទ្រង់ មិនថាយើងនៅផ្ទះ ឬ​ធ្វើដំណើរ​ទៅ​វិស្សម​កាលក្តី ។ យើង​ជ្រើសរើស​ទ្រង់​នៅពេល​យើង​ជ្រើសរើស​ព្រះបន្ទូល​ទ្រង់​តាមរយៈ​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដែល​នៅរស់ ។ យើង​ជ្រើសរើស​ទ្រង់ នៅពេល​យើង​ជ្រើសរើស​កាន់​បណ្ណ​ព្រះវិហារបរិសុទ្ធ ហើយ​រស់នៅ​ស័ក្ដិសម​នឹង​ប្រើ​បណ្ណ​នោះ ។ យើង​ជ្រើសរើស​ទ្រង់​នៅពេល​យើង​ជា​អ្នក​ផ្សះផ្សា​គេ ហើយ​បដិសេធ​ការ​ឈ្លោះប្រកែកគ្នា « ជាពិសេស ​នៅពេល​យើង​មាន​ទស្សនៈ​ខុសគ្នា » ។១៥

គ្មាន​អ្នកដឹកនាំណាធ្លាប់​ក្លាហាន​ជាងទ្រង់ គ្មាន​អ្នក​ណា​មាន​មនុស្សធម៌​ មាន​សប្បុស​ជាងទ្រង់​ដែរ គ្មាន​គ្រូពេទ្យ​ណាអាច​ព្យាបាល​ជម្ងឺ​បានល្អ​ជាង​ទ្រង់ ហើយក៏​គ្មាន​វិចិត្រករណា​ចេះ​ច្នៃប្រឌិត​ល្អជាង​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

នៅក្នុង​ពិភពលោក​នៃ​វីរបុរស ត្រូវមាន​វិមាន​អនុស្សាវរីយ៍ និង​សារមន្ទីរ​ដែល​ឧទ្ទិស​ដល់​វីរភាព​អង់អាច របស់​បុរស​ស្រី្ត ខាង​សាច់ឈាម​ទាំងនោះ តែ​មាន​អង្គ​មួយ​ឈរ​ពីលើ​អស់មនុស្ស​ទាំងពួង ។ ខ្ញុំសូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​ជា​វីរបុរស​យើង​ប៉ុណ្ណោះ​ទេ ទ្រង់ជា​ព្រះអម្ចាស់ និង​ជា​ស្តេច​របស់​យើង ទ្រង់ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​នៃ​មនុស្សជាតិ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។